ប្រវត្តិបុគ្គលល្បីៗ

កសាង​ខ្លួន​ពី​អ្នក​លក់​ស្ករគ្រាប់ក្លាយជាមហាសេដ្ឋី​ពិភពលោក​ Warren Buffett

លោក Warren Buffett ​មាន​ឈ្មោះ​ពេញ​ថា​​ Warren Edward​ Buffett ​បច្ចុប្បន្ន​លោក​អាយុ​៨៣​​ឆ្នាំ​ហើយ។ លោក​ ​គឺ​ជា​មហាសេដ្ឋី​ទី​២​របស់​អាមេរិក និង​ទី​៣​របស់​ពិភពលោក​បន្ទាប់​ពី​លោក​ Bill Gates និង លោក​Carlos Slim ជនជាតិ​ម៉ិកស៊ីកូ​​។ ប៉ុន្តែ​កាល​ពី​ឆ្នាំ​២០០៨​កន្លង​ទៅ​លោក​ធ្លាប់​ជា​មហាសេដ្ឋី​មួយ​របស់ពិភពលោក​។ លោក​ Buffett​ សព្វថ្ងៃ​មាន​មុខ​ដំណែង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ជា​នាយក​ប្រតិបត្តិ ​និង​ម្ចាស់​ភាគ​ហ៊ុន​នៃ​ក្រុមហ៊ុន​ប័ណ្ណ​ភាគ​ហ៊ុន​មួយ​ឈ្មោះ Berkshire Hathaway។

មិន​ត្រឹម​តែ​ជា​អ្នក​ជំនួញ​ដ៏​ជោគជ័យ​ដាច់​គេ​ម្នាក់​ លោក​ក៏​ជា​ជន​ល្បី​ល្បាញ​ផ្នែក​សប្បុរសធម៌​​ម្នាក់​ផង​ដែរ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្គាល់​ និង​​គោរព​ស្រលាញ់​លោក​ជា​ខ្លាំង​។ប៉ុន្តែ​អ្វី​ដែល​អស្ចារ្យ​ជាង​នេះ​ទៅ​ទៀត​​នោះ​ គឺ​ភាព​មាន​បាន​ និង​ល្បីល្បាញ​របស់​លោក​កើតពី​​ជីវិត​អតីតកាល​ដ៏​សាមញ្ញ​មួយ​ប៉ុណ្ណោះ​ ព្រោះ​​លោក​ Buffett ធ្លាប់​មាន​ប្រវត្តិ​ជា​អ្នក​​លក់​ស្ករគ្រាប់​​នៅ​សំយាប​ផ្ទះ​គេ​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​រក​លុយ​ផ្គត់ផ្គង់​ខ្លួន​​ឯង​។

ប្រវត្តិ​សង្ខេប​នៃ​ខ្សែ​ជីវិត​​របស់​លោក​ Warren Buffet

លោកWarren Buffett បាន​​កើត​នៅ​ថ្ងៃ​ទី​៣០ខែ​សីហា​​ឆ្នាំ​១៩៣០ ក្នុង​ក្រុង ​Omaha រដ្ឋ Nebraska សហរដ្ឋ​អាមេរិក។ លោក ជា​កូន​​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន​បី​នាក់ ដែល​មាន​ឪពុក​ជា​អ្នក​នយោបាយ​ព្រម​ទាំង​​ជា​អ្នក​ជំនួញ​លោក​ Howard Buffett និង​អ្នក​ស្រី Leila។ នៅ​ឆ្នាំ​១៩៤២ ក្រុម​គ្រួសារ​របស់​លោក​​បាន​ផ្លាស់​មក​រស់​នៅ​ក្រុង Washington D,C​ ពេល​នោះ​លោក​មាន​វ័យ​ទ្រើស​បន្តិច​ ហើយ​បាន​ចូល​រៀន​នៅ​អនុ​វិទ្យាល័យ​មួយ​ឈ្មោះ​​Alice Deal ហើយ​៥​ឆ្នាំ​​ក្រោយ​មក​លោក​បាន​រៀន​ចប់​វិទ្យាល័យ​​​មួយ​​ឈ្មោះ​Woodrow Wilson ​នៅ​ក្នុង​ក្រុង​ ហើយ​ចូល​រៀន​បន្ត​នៅ​មហាវិទ្យាល័យ​មួយ​ឈ្មោះ​​Wharton Business​ នៅ​អាយុ​១៦​ឆ្នាំ​។

ត្បិត​ថា​មាន​ឪពុក​ជា​អ្នក​នយោបាយ​ មាន​ជីវភាព​បង្គួរ​ហើយ​ក៏​ដោយ​ Buffett ​ជា​ក្មេង​ដ៏​ឆ្លាត​ម្នាក់​​ និង​ចេះ​​លុយ​​តាំង​ពី​តូច​ ដូច​នេះ​តាំង​ពី​គេ​ចូល​រៀន​វិទ្យាល័យ​រហូត​មក​ដល់​មហាវិទ្យាល័យ​​គេ​មិន​ដែល​យក​លុយ​ពី​ផ្ទះ​ឡើយ​ ពោល​គឺ​គេ​ចេះ​ផ្ញើ​ខ្លួន​នឹង​ខ្លួន​ឯង​រហូត​មក ​ដោយ​មិន​ពឹង​ពាក់​​លើ​គ្រួសារ​ឡើយ​។​ កាល​ពី​នៅ​រៀន​អនុវិទ្យាល័យ​ ជាង​៣​ឆ្នាំ លោក​​​បាន​ដើរ​​លក់​​ស្ករ​គ្រាប់ កូកាកូឡា​ និង​ទស្សនាវដ្ដី​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ ដែល​អាច​សន្សំ​លុយ​បាន​យ៉ាង​ច្រើន​។

តែ​មួយ​រយៈ​ក្រោយ​មក​ ពេល​លោក​មក​ដល់​វិទ្យាល័យ​បាន​បែក​គំនិត​ ចូល​លុយ​គ្នា​ជា​មួយ​មិត្ត​ម្នាក់​ទៀត​បាន​ប្រាក់​២៥​ដុល្លារ​ទិញ​ធុង​ម៉ាស៊ីន​ Game ដាក់​តាម​ហាង​កាត់​សក់​ក្នុង​តំបន់​ ដោយ​រំពឹង​ថា​ នឹង​បាន​ចំណូល​​ច្រើន​ជាង​មុន​។ពិត​ជា​ដូច​ការ​រំពឹង​ទុក​មែន​ តែ​ប៉ុន្មាន​ខែ​សោះ​ ម៉ាស៊ីន​Game របស់​លោក​មាន​គេ​ចូល​លេង​យ៉ាង​ច្រើន​ ហើយ​លោក​ក៏​បាន​​ទិញ​វា​ដាក់​បន្ថែម​នៅ​តាម​បណ្ដា​ហាង​កាត់​សក់​ជា​ច្រើន​ទៀត​។ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​នៅ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​​មក​លោក​បាន​សម្រេច​បោះ​បង់​មុខ​របរ​Game ព្រោះ​​លោក​ចាប់​អារម្មណ៍​ខ្លាំង​ពី​ផ្សារភាគហ៊ុន។ 

នៅ​ពេល​ជិត​បញ្ចប់​មហាវិទ្យាល័យ​ទៅ​ហើយ នៅ​ឆ្នាំ​១៩៥០ លោក​បាន​ប្ដូរ​ទៅ​រៀន​ក្នុង​សាកល​វិទ្យាល័យ Nebraska-Lincoln និង​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​គ្រប់គ្រង​ជំនួញ​​នៅ​ទី​នោះ​ នៅ​វ័យ​១៩​ឆ្នាំ។ ២​ឆ្នាំ​ក្រោយ​មក​ លោក​Buffett ត្រូវ​បាន​កូន​ស្រី​មហាសេដ្ឋី​ទី​១៥៣​ក្នុង​លោក នាង​ Susan Thompson ស្រលាញ់​ជា​ខ្លាំង​ពួក​គេ​បាន​រៀប​ការ​នៅ​ឆ្នាំ​ក្នុង​ឆ្នាំ​១៩៥២​ហើយ​​បច្ចុប្បន្ន​​ពួក​គេ​មាន​កូន​បី​នាក់​។

ជីវិតនៅក្នុងមុខ​ជំនួញ​

ដំបូង​ឡើយ​នៅ​​ឆ្នាំ​១៩៥១ ដល់ឆ្នាំ១៩៥៤បន្ទាប់​ពី​បាន​បញ្ចប់​មហាវិទ្យាល័យ​លោក​Buffett​ បែក​ពី​ឪពុកម្ដាយ​ទាំង​ស្រុង​ហើយ​បាន​ចូល​ធ្វើ​ការ​ជា​អ្នក​លក់​ប័ណ្ណ​ភាគ​ហ៊ុន​​នៅ​ក្រុម​ហ៊ុន​​មួយ​ឈ្មោះ​ថា​Buffett-Falk & Co.,និង​​ធ្វើ​ជា​គ្រូ​បង្រៀន​​​សាកលវិទ្យាល័យ​មួយ​ផង​ដែរ​។នៅ​ឆ្នាំ​១៩៥៤ លោក​បាន​ចេញ​ពី​ក្រុមហ៊ុន​នោះដោយ​គ្មាន​លុយ​ច្រើន​ទេប៉ុន្តែ​ដោយ​លោក​មាន​សមត្ថភាព​និង​បទពិសោធន៍​ច្រើន​ លោក​​ត្រូវ​បាន​គេ​ហៅ​​មក​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​Graham-NewmanCorp ជា​អ្នក​វិភាគ​មូលបត្រ​វិញ​ម្ដង​​។លោក​បាន​ធ្វើ​ការ​នៅ​ទី​នោះ​អស់​រយៈពេល​២​ឆ្នាំ​ទៀត ពីឆ្នាំ១៩៥៤ ដល់ឆ្នាំ១៩៥៦ សរុប​ទៅ​លោក​ធ្វើ​ការ​ឲ្យ​គេ​អស់​ជាង​៦​ឆ្នាំ​។

យ៉ាង​ណា​ក៏​ដោយ​នៅ​ឆ្នាំ​១៩៥៦​ ដោយ​សារ​លោក​ចេះ​​សន្សំ​លុយ ​និង ​ចាយ​​យ៉ាង​ត្បិតត្បៀត​អំឡុង​ពេល​ដែល​លោក​ធ្វើ​ការ​ឲ្យ​គេ​នោះ លោក​បាន​សល់​លុយ​​​ច្រើន​គួរសម​ដែរ។ ​​​ពេល​នោះ​ហើយ​ដែល​លោក​បាន​បែក​គំនិត​មក​បើក​ក្រុមហ៊ុន​ខ្លួន​ឯង​​ដ៏​តូច​មួយ​​ទទួល​ប្រឹក្សា​ផ្នែក​ភាគហ៊ុន​។ ក្រុមហ៊ុន​នោះ​ ឈ្មោះ​​Buffett Partnership, Ltd.,។

រហូត​ដល់​ឆ្នាំ​១៩៦០ ក្រុមហ៊ុន​​របស់​លោក​ Buffett មាន​ការ​រីក​ចម្រើន​ជា​ខ្លាំង​ និង​ មាន​ដៃគូ​ជំនួញ​ដល់​ទៅ​៧ ប្រតិបត្តិការ​រួម​មាន​៖ Buffett Associates, Buffett fund, Dacee, Emdee, Glenoff, Mo-Buff និង Underwood។​ ហើយ​ក្រោម​នៅ​ឆ្នាំ​១៩៧០ ​លោក​បាន​រំលាយ​​​ក្រុមហ៊ុន​​នោះ​ ហើយ​បើក​ក្រុមហ៊ុន​ផ្សារភាគហ៊ុន​ថ្មី​មួយ​ទៀត ​គឺ​ក្រុមហ៊ុន ​Berkshire Hathaway Inc, ដែល​​មកដល់​បច្ចុប្បន្ននេះ​ វា​ជា​ក្រុមហ៊ុន​ផ្សារភាគហ៊ុន​ធំ​ជាង​គេ​នៅ​អាមេរិក​ ហើយ​លោក​ជា​​ក្រុមប្រឹក្សាភិបាល ​និង ជា​នាយក​ប្រតិបត្តិ​ និង ​ជា​ម្ចាស់​ភាគ​ហ៊ុន​ផ្ទាល់ខ្លួន​។

ចាប់​ពី​ពេល​ដែល​លោក​បាន​បើក​ក្រុមហ៊ុន​ថ្មីនៅ​ឆ្នាំ​១៩៧០​នោះ​មក បាន​​ធ្វើ​ឲ្យ​ជោគជតារាសី​របស់​លោក ​Buffett ​មាន​ការ​កើន​ឡើង​ឥត​ឈប់ឈរ​។ លោក​អាចចំណេញ​​បាន​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ទាំង​មិន​ដឹង​ខ្លួន​ ដែល​នេះ​កាន់​តែ​​ធ្វើ​ឲ្យ​មហាជន​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​។ ការ​វិវត្តន៍​នៃ​ជំនួញ​របស់​លោក​កាន់​តែ​កើន​ឡើង​​ពី​មួយ​ឆ្នាំ ​ទៅ​មួយ​ឆ្នាំ​​ បាន​ធ្វើ​ឲ្យ​លោក​ Buffett​​បាន​សម្រេច​បំណង​ដ៏​​ធំ​ គឺ​លោក​អាច​ក្លាយ​ជា​អ្នកជំនួញ​ឈាន​មុខ​គេ​បង្អស់​ទាំង​អ្នក​ជំនួញ​ចាស់ និង​ អ្នក​ជំនួញ​ថ្មី​។

រហូត​ឆ្នាំ​២០០៨​​ជា​រឿង​មួយ​ដែល​មិន​គួរ​ឲ្យ​ជឿ​លោក​ត្រូវ​បាន​ទស្សនាវដ្ដី​ពិភពលោក ​Forbes បាន​ចុះផ្សាយ​ថាជា​បុរស​ដ៏​មាន​ទ្រព្យ​ជាង​គេ​បំផុត​នៅ​ក្នុង​ពិភពលោក ​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ជាង​​៥០​ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤​នេះលោក​បាន​រំកិល​ទៅ​លេខ​៣ ​វិញ​បន្ទាប់​ពី​លោក​ BillGates និង​ លោក​ CarlosSlim ដោយ​មាន​លុយ​ ៦៧​ពាន់​លាន​ដុល្លារ​។

លោក​ក៏​ជា​ជន​ល្បី​ល្បាញ​ផ្នែក​សប្បុរសធម៌​​ម្នាក់​ផង​ដែរ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្គាល់​ និង ​​គោរព​ស្រលាញ់​លោក​ជា​ខ្លាំង ហើយ​ លោក​បាន​ធ្លាប់​សន្យា​ថា​នឹង​បរិច្ចាគ​ទ្រព្យ​៩៩%​របស់​ខ្លួន​ទៅ​ឲ្យ​បុព្វហេតុ​សប្បុរសធម៌។ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៩ លោក Buffett បាន​​ទទួល​​​ងារ​ជា​កំពូល​អ្នក​គ្រប់គ្រង​ហិរញ្ញវត្ថុ​ប្រចាំ​សតវត្ស​ទី​២០ ដោយក្រុម​អ្នក​ជំនួញ​ពិភពលោក​ ហើយ​ឆ្នាំ​ ២០០៧គាត់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​មនុស្ស​ដែល​មាន​សក្ដានុពល​បំផុត​​ក្នុង​ពិភពលោក​របស់​ទស្សនាវដ្ដី The Time។ លោក​ក៏​ធ្លាប់​បាន​ទទួល​​រង្វាន់​មេដាយ​សេរីភាព​​​​មួយ​​ ពី​ប្រធានាធិបតី​អាមេរិក​អូបាម៉ា ផង​ដែរ​កាល​ពី​ឆ្នាំ​​២០១១​។

ដំបូន្មានដ៏ល្អៗរបស់លោកសម្រាប់មនុស្សជំនានក្រោយ

លោក Warren Buffett មិនត្រឹមតែជាមនុស្សដ៏អស្ចារ្យ និង ជាសប្បុរសជននោះទេ តែគាត់ក៏បានចែករំលែកពីទស្សនះ ពីភាពជោគជ័យរបស់គាត់ទៅកាន់មនុស្សជំនាន់នៅទូទាំពិភពលោកដើម្បីក៏សាងខ្លួនជាមនុសសជោគជ័យដូចជារូបលោក។ តែវាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលមនុស្សជាច្រើនចង់ក្លាយជាអ្នកមានដូចលោក Warren Buffett តែយ៉ាងណាមិញក៏អរគុណដល់គាត់ដែលបានផ្តល់ដំបូន្មានល្អៗសម្រាប់ក្មេងៗជំនាន់ក្រោយដែលដើរតាមគន្លងរបស់គាត់ជាច្រើនឆ្នាំមកនេះ។ ខាងក្រោមនេះជាដំបូន្មានដ៏ល្អបំផុតទាំងប្រាំបួនរបស់លោកមហាសេដ្ឋី Warren Buffett ៖

១. វិនិយោគរយៈពេលវែង (Play the long Game)

Warren Buffett
Alex Getty Image

ដើម្បីរកលុយអ្នកវិនិយោគមិនគួរទិញភាគហ៊ុនដោយមានគោលបំណងដើម្បីតែលក់ចេញមួយមុខគត់នោះទេ។ លោក Warren Buffett ធ្លាប់បានលើកឡើងជាលើកដំបូងនៅក្នុងលិខិតរបស់ម្ចាស់ភាគហ៊ុន (shareholders’ letter) កាលពីឆ្នាំ១៩៨៨ ថា៖ ការកាន់ភាគហ៊ុនដែលយើងពេញចិត្តគឺ «ជារៀងរហូត»។ លោក Warren Buffett បានបន្តថាភាគហ៊ុនគួរតែលក់ចេញវិញនៅពេលដែលអ្នកត្រូវការលុយចំនេញទាំងនោះ មិនមែនលក់ចេញនៅពេលដែលអ្នកគិតថាជាយុទ្ធសាស្ត្រតបស់អ្នកនោះទេ។

២. រៀនអ្វីដែលថ្មីជានិច្ច និងត្រូវចេះបន្ទាបខ្លួន (Always learn new things and be humble)

Warren Buffett

ជាច្រើនឆ្នាំកន្លងទៅ Warren Buffett បានផ្តល់ដំបូន្មានដល់សហគ្រិនម្នាក់ដោយគាត់បានប្រាប់សហគ្រិនម្នាក់នោះឱ្យរៀនពីអ្វីថ្មីៗ ប្រឈមមុខនឹងឱកាស និងតែងតែបន្ទាបខ្លួនជានិច្ច។ ទោះបីជាវាមិនមែនជាដំបូន្មានលើការវិនិយោគក៏ដោយ តែវាគឺជាយុទ្ធសាស្រ្តរបស់សហគ្រិនម្នាក់ៗក្នុងអាជីវកម្មឆ្លាតវៃ។ លោក Warren Buffett តែងតែអានកាសែតជារៀងរាល់ព្រឹក និងអានសៀវភៅពេញមួយថ្ងៃ ព្រោះទាំងនេះគឺជារបៀបដែលយើងនឹងទទួលបានចំណេះដឹង។

៣. វិនិយោគលុយផ្ទាល់ខ្លួន (Invest your own money)

Warren Buffett

ការវិនិយោគដោយប្រើប្រាល់លុយកម្ចីនឹងធ្វើឱ្យមានហានិភ័យច្រើនជាងការវិនិយោគដោយប្រើប្រាស់លុយផ្ទាល់ខ្លួន ប្រសិនបើការវិនិយោគនោះបរាជ័យ។ លោកបាននិយាយថា៖ អ្នកនឹងសម្រេចចិត្តធ្វើរឿងមិនល្អនៅពេលដែលភាគហ៊ុនដែលអ្នកប្រើលុយកម្ចីយកមកវិនិយោគនោះធ្លាក់ចុះ មួយវិញទៀតបើអ្នកប្រើលុយផ្ទាល់ខ្លួន អ្នកនឹងមិនចាំបាច់ភ័យរឿងជំពាក់បំណុលគេនៅពេលដែលភាគហ៊ុនអ្នកធ្លាក់ចុះ។

៤. កសាងទំនាក់ទំនងឱ្យបានល្អ (Build relationships and treat people well)

warren buffett

លោក Warren Buffett ធ្លាប់បានទៅសាកលវិទ្យាល័យមួយនៅរដ្ឋ Iowa​ និងបានផ្តល់ដំបូន្មានពីភាពជោគជ័យនិស្សិតនៅទីនោះ។ ពួកគេពិតជាបានភ្ញាក់ផ្អើលជាមួយនិងពាក្យពេជ្យការនិយាយស្តីរបស់គាត់ ពួកគេនិយាយថាលោក Warren Buffett បានបង្រៀនពួកគេឱ្យយល់ថា «អ្នកមិនអាចជំនួសទំនាក់ទំនងនិងឥរិយាបថរបស់អ្នក ជាមួយនិងចំនេះដឹងលើអាជីវកម្មបានទេ» ។

៥. សម្លឹងមើលទៅអនាគត មិនមែនពីអតីតកាល (Look to the future, not the past)

Warren Buffett

លោក Warren Buffett បានសរសេរកាលពីឆ្នាំ ១៩៥១ ថា៖ «ជាការពិតអ្នកវិនិយោគិននៅថ្ងៃនេះមិនទទួលបានប្រាក់ចំណេញពីកំណើនសេដ្ឋកិច្ចកាលពីម្សិលមិញនោះទេ» ហើយប្រយោគនេះគឺនៅតែជាការពិតដល់សព្វថ្ងៃ។ គាត់និយាយថា អ្នកវិនិយោគគួរតែសម្លឹងមើលពីអនាគត និងមិនគួរចាញ់បោកអតីតកាលដែលគ្មាននិរន្តរភាពនោះទេ។

៦. កុំសន្មតថាការចំណាយខ្ពស់គឺមានន័យថាសេវាកម្មល្អ (Don’t assume a higher cost equals superior service)

warren buffett

លោក Warren Buffett បាននិយាយថា អ្នកមានមួយចំនួនចូលចិត្តវិនិយោគលើអ្វីដែលថ្លៃ ដោយគិតថាការចំណាយច្រើនគឺស្មើនឹងមានគុណភាពល្អ។ គាត់បន្តថា៖ «ទាំងអ្នកវិនិយោគខ្នាតធំ និងអ្នកវិនិយោគខ្នាតតូចគួរតែប្រកាន់យកនូវមូលនិធិលិបិក្រមដែលមានតម្លៃទាប» ។

៧. ជៀសវាងតាមការនឹកឃើញរបស់ខ្លួន (Avoid herd mentality)

Warren Buffet Bill Gates

កាលពីឆ្នាំ២០០៤​ គាត់បាននិយាយថា «ត្រូវមានចិត្តលោភលន់នៅពេលអ្នកផ្សេងកំពុងតែខ្លាច ហើយខ្លាចនៅពេលដេលអ្នកផ្សេងកំពុងតែលោភលន់»។ យុទ្ធសាស្ត្ររបស់លោក Warren Buffett គឺទិញពេលដែលវាចុះថោក ហើយលកវិញនៅពេលដែលវាឡើងថ្លៃ។

៨. ដឹងថាពេលណាដែលត្រូវដកខ្លួន (Know when to cut your losses)

warren buffett

គាត់បានលើកជាឧទាហរណ៍ពីប្រវត្តិកាលពីកាត់នៅក្មេង ដោយពេលនោះគាត់ភ្នាល់ចាញ់ការប្រណាំងសេះមួយ គាត់មិនអស់ចិត្តក៏ទៅចាក់ម្តងទៀត ហើយលទ្ធផលគឺគាត់នៅតែចាញ់ម្តងទៀត។ គាត់បន្តថាពេលខ្លះ នៅពេលដែលអ្នកបន្តធ្វើរឿងបរាជ័យដដែលៗ វានឹងធ្វើឱ្យអ្នកកាន់តែលង់ខ្លួនជ្រៅទៅៗ ជាការដែលល្អអ្នកគួរតែដឹងថាពេលណាដែលអ្នកត្រូវដកខ្លួន។

៩. កុំផ្តោតសំខាន់លើប្រាក់ខ្លាំងពេក (Don’t focus too much on the money)

Warren Buffett Astrid Buffett

លោក Warren Buffett បានឱ្យដំបូន្មានថា៖ កុំគិតពីរឿងលុយខ្លាំងពេក ពិតណាស់ថាមានលុយគឺល្អ តែអ្នកដែលជួយជំរុញនិងគាំទ្រអ្នករហូតដល់មានថ្ងៃនេះគឺសំខាន់ជាង។ គាត់បានប្រាប់ទៅកាន់និស្សិតម្នាក់ថា «នៅពេលដែលអ្នកមានអាយុស្មើខ្ញុំ អ្នកនឹងដឹងថាជោគជ័យពិតគឺមនុស្សដែលអ្នកគិតថាតែងតែស្រឡាញ់អ្នក ពិតជាស្រឡាញ់អ្នក» ៕

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.