ប្រវត្តិសាស្រ្តពិភពលោក

មូលហេតុ និង ការដួលរបបរាជានិយមរបស់ប្រទេសចិន ដែលជារាជវង្សចុងក្រោយគេ ( ភាគ១)


នៅឆ្នាំ១៦៤៤ អ៊ូសានគុយ បានបើកច្រកសាន់ហៃកួន ឲ្យកងទ័ពឈិងវាយគ្រប់គ្រងផែនដីប្រទេសចិន។ ស្ដេចមិងស៊ឺចុង ត្រូវបានធ្វើអត្ដឃាតខ្លួនឯង។ រាជវង្សមិង ជារាជវង្សចុងក្រោយរបស់ជនជាតិហាន ដែលឈានចូលដល់កាលអវសាននៃការដឹកនាំ។ ក្នុងឆ្នាំនេះដែរ តួអឺគុន មេទ័ពធំរបស់ ម៉ាន់ជូ បានលើក ស៊ុនជឺ ឲ្យឡើងគ្រងរាជ្យបង្កើតរាជវង្សឈិងនៅក្រុងប៉េកាំង។

តែកាលនោះ កងកម្លាំងតាមិង និងកងទ័ពប្រជាជនប្រឆាំងកងទ័ពម៉ាន់ជូមាននៅពាសពេញផ្ទៃប្រទេស ធ្វើឲ្យរាជសំណាក់ឈិង ត្រូវរួមដៃជាមួយអតីតមន្ដ្រីរាជវង្សមិង ដែលព្រមចុះចូល​ មានដូចជា អ៊ូសានគុយ កឺងចុងមិង សាំងខឺលី ខុងយ៉ូវតឺ ផ្ដុំកម្លាំងបង្ក្រាបកងកម្លាំងភាគខាងត្បូងមានដូចជា ហ្វូអង លូអង ថាងអង គុយអង និង កងកម្លាំងផ្សេងៗ ដែលនៅសេសសល់។

ឆ្នាំ១៦៤៥ ក្នុងពេលដែលកងទ័ពម៉ាន់ជូ វាយក្រុងយ៉ាងចូវ ស៊ឺខឺហ្វា មេទ័ពការពារក្រុងបាននាំទាហានចិនចំនួនតិចតួចប្រយុទ្ធតទល់ រយៈពេល៧ ថ្ងៃ ៧ យប់។ ពេលត្រូវវាយបែកក្រុង ស៊ឺខឺហ្វា ត្រូវបានប្រហារជីវិត ហើយ តួអឺគុន បានចេញបញ្ជាឲ្យសម្លាប់រង្គាលអ្នកស្រុកយ៉ាងចូវ ដោយក្នុង “កំណត់ត្រាដប់ថ្ងៃនៅយ៉ាងចូវ” របស់វ៉ាំងស៊ិនឈូ អ្នកដែលមានសំណាងល្អដោយបានរួចជីវិត បានសសេរថាការសម្លាប់អ្នកស្រុកយ៉ាងចូវប្រព្រឹត្ដិទៅក្នុងរយៈពេល ១០ ថ្ងៃដោយឥតឈប់។

ក្នុងពេលនោះដែរ ទាហានម៉ាន់ជូ វាយដណ្ដើមយកទីក្រុងណាន និង បន្ដទៅ ស៊ូចូវ ហាំងចូវ សុងចៀង ឆាងចូវ រហូតចុងក្រោយអាចបង្រាបក្រុមប្រឆាំងបានទាំងអស់ សល់តែក្រុមរបស់ ចឺងឆឺងកុង ដែលដឹកនាំអ្នកប្រឆាំងកងទ័ព ម៉ាន់ជូ ទៅតាំងមូលដ្ឋាននៅសៀម៉ឺន ជិនម៉ឺន។ ក្រោយមកបានបណ្ដេញជនជាតិហូឡង់ចេញពីតៃវ៉ាន់ វាយដណ្ដើមកោះតៃវ៉ាន់ជាមូលដ្ឋានទ័ពចាំធ្វើសង្គ្រាមដើម្បីសង្គ្រោះរាជវង្សមិងពីកណ្ដាប់ដៃរាជវង្សឈិង។

នៅឆ្នាំ១៦៦២ ក្រោយពេលបិតា និង ប្អូនប្រុសជាច្រើននាក់របស់ ចឺងឆឺនកុង ត្រូវកងទ័ពខាង ម៉ាន់ជូ ប្រហារជីវិត ទើបពួកសម្ព័ន្ធមិត្ដនិងញាតិសន្ដានចាប់ផ្ដើមមិនយល់ស្របចំពោះការប្រឆាំងនេះ។ ដោយសារយល់ឃើញថាគ្មានផ្លូវទទួលជោគជ័យ ចុងក្រោយពេលទល់ច្រក ចឺនឆឺនកុង ក៏សម្រេចចិត្ដធ្វើអត្ដឃាតខ្លួនឯង។

ក្រោយមក ចឺងជិង បុត្រារបស់ចឺងឆឺងកុង បានស្នងតំណែងដឹកនាំក្រុមកងទ័ពប្រឆំាងនេះ ហើយពេល ចឺងជិង ស្លាប់ នៅឆ្នាំ១៦៨១ តំណែងនេះបានធ្លាក់មកលើ ចឺងខឺសួង។ ចឺងខឺសួង ប្រយុទ្ធចាញ់ទាហានឈិងក្នុងឆ្នាំ ១៦៨៣ ទើបកងទ័ពនេះធ្វើឲ្យតៃវ៉ាន់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនម្ដងទៀត។


ការចូលមកក្នុងផែនដីចិនរបស់ជនជាតិម៉ាន់ជូជាដានប្រវត្ដិសាស្ដ្រម្ដងទៀតបន្ទាប់ពីសម័យរាជវង្សយួន ដែលជនជាតិហានត្រូវគ្រប់គ្រងដោយជនជាតិផ្សេងដែលចូលមកលុកលុយ។ តាមរយៈមេរៀនរបស់រាជវង្សយួនដែលប្រើតែកងកម្លាំងនិងភាពរឹងកញ្ជ្រឹសក្នុងការគ្រប់គ្រង ធ្វើឲ្យរាជវង្សមានអាទិភាពមិនបានដល់មួយរយឆ្នាំ ទើបបណ្ដាមេដឹកនាំជនជាតិម៉ាន់ជូជ្រើសរើសវិធីគ្រប់គ្រងបែបប្រើអំណាចនិងគុណសម្បត្ដិ។

១ យុទ្ធសាស្ដ្រឈើទន់ ឈើរឹង

មុននឹងវាយដណ្ដើមគ្របគ្រងផែនដីចិនទាំងមូលបាន កងទ័ពឈិងបានប្រើយុទ្ធសាស្ដ្រឲ្យតម្លៃចំពោះមន្ដ្រីឬ មេទ័ពជនជាតិហាន មើលថែមន្រ្តីដោយភាពស្មោះត្រង់ និង ថែទាំបានយ៉ាងល្អ ថែមទាំងលើកសរសើរមន្ដ្រីរាជវង្សមិង ដែលមានភក្ដីភាព ហ៊ានបូជាជីវិត ទោះជាការបូជាជីវិតនោះដើម្បីរាជវង្សមិងក៏ដោយ។ ក្រោយមកពេលវាយរាជធានីប៉េកាំងបាន ជនជាតិម៉ាន់ជូបានរៀបចំពិធីសព និង សង់ផ្នូរថ្វាយមិងស៊ឺចុង។ ស្ដេចអង្គចុងក្រោយរបស់រាជវង្សមិង និង មហេសី និង មានការរៀបចំប្រឡងដើម្បីស្វែងរកបណ្ឌិតចូលបម្រើរាជការ និងកាត់បន្ថយភាស៊ីតាមតំបន់ផ្សេងៗ ដែរ។

តែដើម្បីគ្រប់គ្រងឲ្យជនជាតិហានព្រមចំណុះក្រោមអំណាចគ្រប់គ្រងថ្មី រាជវង្សឈិងបានប្រើអំណាចដាច់ខាត និង សាហាវចំពោះក្រុមដែលប្រឆាំង ដូចជាក្នុងហេតុការណ៍សម្លាប់រង្គាលដប់ថ្ងៃនៅយ៉ាងចូវ។ ដោយចេញបញ្ជាហាមមានការរួមក្រុម ជាពិសេសចេញបញ្ជាឲ្យជនជាតិហានទូទាំងប្រទេសកោរសក់ពាក់កណ្ដាលក្បាលទុកសក់ក្រងតាមបែបជនជាតិម៉ាន់ជូ ដោយចេញសេចក្ដីប្រកាសថា “មានក្បាលមិនមានសក់ (ឲ្យកោរខាងមុខទុកសក់ក្រងខាងក្រោយ) មានសក់មិនមានក្បាល” ដែលធ្វើឲ្យជនជាតិហានត្រូវបង្ហូរឈាមប្ដូរជីវិតអស់រាប់សែននាក់។

២ សម័យដើមរាជវង្ស និង ការបង្ក្រាបពួកសក្ដិភូមិទាំងបី


ក្សត្ដំបូងនៃរាជវង្សឈិង អាយស៊ីនចៀឡឺ ហ្វូលិន ឬ ហង់តេស៊ុនជឺ ដែលជាបុត្រាអង្គទី ៩ របស់ហួថៃជី ក្រោយពេលហួងថៃជីសុគត់ ក្រោមការជួយគាំទ្រពី សៀវចួង វ៉ើនហងហៅ ធ្វើឲ្យ ហ្វូលិន បានឡើងគ្រងរាជ្យក្នុងព្រះជន្ម ៦​ វស្សា ហើយសៀវចួងក៏ឡើងឋានៈជាថៃហៅ ដោយមានតួអឺគុន ដែលមានឋានៈជាព្រះបិតុលាជាអ្នកសម្រេចរាជការ និង មាន ចឺងឈិនវ៉ាំង ជាជំនួយការ។ តួអឺគុនបានព្យាយាមក្ដោមអំណាចដែលមានស្រាប់ និង តែងតាំងខ្លួនជាព្រះរាជបិតា គ្រប់គ្រងកងទ័ព ៣ កងពល ក្នុងខណៈដែល ហង់តេ គ្រប់គ្រងកងទ័ពត្រឹមតែ ២ កងពល។

ឆ្នាំ១៦៥០ ពេលតួអឺគុនស្លាប់ ស៊ុនជឺ ចាប់ផ្ដើមរួមផុតពីភាពជាស្ដេចអាយ៉ង បានប្រកាសរាជឱង្ការបញ្ចប់តំណែង បណ្ដាសក្ដិ និង រឹបអូសទ្រព្យសម្បត្ដិទាំងអស់របស់តួអឺគុន ជាការដាក់ទោសក្នុងបទចោទប្រើអំណាចហួសព្រំដែនក្នុងពេលមានជីវិត។ ក្រៅពីនោះគេនិយាយតៗ គ្នាថាមានការជីកគាស់យកសពតួអឺគុនមកវាយដោយឈើ និងវាយដោយខ្សែតីទៀតផងតែទោះជាយ៉ាងណាវាគ្រាន់តែជាពាក្យចចាមមរាមតែប៉ុណ្ណោះ ដោយមិនមានភ័ស្តុតាងណាបញ្ជាក់ឡើយ។

ក្រោយមក ដើម្បីឲ្យ ហង់តេ មានអំណាចពិតប្រាកដវិញ ស៊ុនជឺ បានទម្លាក់តំណែងញាតិវង្សជាច្រើនអង្គដែលធ្លាប់កាន់កាប់តួនាទីក្រសួងផ្សេងៗ និង ដើម្បីកាត់បន្ថយការទាស់ទែងគ្នារវាងជនជាតិ ទ្រង់ចេញបញ្ជាឲ្យបញ្ឃប់ការរឹបអូសដីធ្លីប្រជារាស្ដ្រ កាត់បន្ថយច្បាប់ស្ដីអំពីជនគេចវេស ជម្រុញវប្បធម៌ហានដើម្បីឲ្យជនជាតិហាន និង ជនជាតិម៉ានជូអាចរស់នៅរួមគ្នាបាន។ តែការនេះបង្កឲ្យមានវិវាទជាមួយមន្ដ្រីមិនតិចឡើយ។

ភាពខកបំណងលើផ្នែកនយោបាយ ធ្វើឲ្យ ស៊ុនជឺ ងាកមកចាប់អារម្មណ៍ស្នេហាលើអ្នកម្នាងតុងអឺ ដោយគេនិយាយថា អ្នកម្នាងតុងអឺ ដើមឡើយជាប្អូនថ្លៃរបស់ ស៊ុនជឺ ជាភរិយារបស់ ប៉មូប៉កួអឺ តែជិនស្និទ្ធនឹង ស៊ុនជឺ ខ្លាំណាស់។ ក្រោយពេលប៉កួអឺស្លាប់ ក្នុងឆ្នាំទី​១៣ នៃរាជសម្បត្ដិ ស៊ុនជឺ តែងតាំងនាងជាអ្នកម្នាងរបស់ខ្លួន។ ក្រោយពេលបានក្លាយជាអ្នកម្នាងរបស់ស៊ុនជឺបានមួយឆ្នាំ អ្នកម្នាងតុងអឺបានផ្ដល់កំណើតបុត្រាមួយអង្គ ដែលបម្រុងតែងតាំងជារជ្ជទាយាទ តែបុត្រាអង្គនេះបានស្លាប់នៅអាយុ ៣ ខែ ធ្វើឲ្យអ្នកម្នាងតុងអឺគ្រំាចិត្ដអស់ព្រះជន្ម និងផ្ដល់យសតាមក្រោយពីសៀវចួងហងថៃហៅ មកជាសៀវសៀនហងហៅ។

ហង់តេ ស៊ុនជឺ គ្រងរាជដល់ឆ្នាំទី ១៨ នៅឆ្នាំ ១៦៦១ ក៏សុគត់ក្នុងព្រះជន្ម ២៤ វស្សា។ តែការសុគត់របស់ព្រះអង្គក្លាយជាប្រស្នាអាថ៌កំបាំង ដោយអ្នកខ្លះថាព្រះអង្គខូចព្រះទ័យបាត់បង់មហេសី និងព្រះរាជបុត្រ ធ្វើឲ្យប៉ះពាល់សុខភាពផ្លូវកាយ និង ផ្លូវចិត្ដ និង អ្នកខ្លះថាជាការសុគត់ដោយសារជំងឺបូស។ កំណត់ត្រាអ្នកស្រុកថា ព្រះអង្គមានសទ្ធាក្នុងព្រះពុទ្ធសាសនាក៏ចេញសាងផ្នួសនៅភ្នំអ៊ូថៃ។ ចំណែអ្នកប្រវត្ដិសាស្ដ្រខ្លះថា ព្រះអង្គត្រូវគ្រាប់សុគត់ពេលដឹកនាំទ័ពទៅបង្ក្រាបកងកម្លាំងចឺនឆឺងកុងនៅតៃវ៉ាន់។

ក្រោយពេលស៊ុនជឺ សុគត់ បុត្រាអង្គទីបីនាម អាយស៊ិនចៀវឡ ស្វៀនយៀ ដែលមានព្រះជន្មត្រឹម ៨ វស្សាឡើងគ្រងរាជ្យជា ហង់តេខាំងស៊ី។ តាមវិន័យកម្មរបស់ ស៊ុនជឺ បានឲ្យមន្ដ្រីធំបួននាក់ជួយបម្រើរាជកិច្ច។ ម្នាក់ក្នុងចំណោមបួនមានឈ្មោះអៅប៉ៃ កាន់កាប់អំណាចទាហាន និងតែងតែប្រើអំណាចកម្ចាត់មន្ដ្រីដែលប្រឆាំងនឹងខ្លួន។

ក្រៅពីនេះ ចាប់តាំងពីទាហាន តាឈិង ចូលក្នុងផែនដីចិនមក បានធ្វើការរឹបអូសដីកសិកម្មចំនួនជាច្រើន ដើម្បីបែងចែកឲ្យមន្ដ្រីថ្នាក់ខ្ពស់មកពី ៨ កងពល។ ក្រោយពេលអៅប៉ៃបានក្ដោបអំណាច មិនត្រឹមតែរឹបអូសដីធ្លីមកធ្វើជាសម្បត្ដិរបស់ខ្លួនទេ ថែមទាំងប្រើអំណាចគម្រាមប្ដូរដីរបស់ខ្លួនយកដីមានជីរជាតិជាច្រើនកន្លែង និង ប្រហារជីវិតមន្ដ្រីដែលប្រឆាំងនឹងខ្លួន។

ពេលហង់តេខាំងស៊ី ព្រះជន្ម ១៤ វស្សា ទ្រង់ចាប់ផ្ដើមប្រើអំណាចគ្រប់គ្រងដោយព្រះអង្គឯង។ ក្នុងខណៈនោះជាកំឡុងពេលដែលមន្ដ្រីម្នាក់ក្នុងចំណោមមន្ដ្រីដែលជួយក្នុងរាជកិច្ចឈ្មោះ ស៊ូខឺសាហា មានវិវាទជាមួយអៅប៉ៃ និង ត្រូវអៅប៉ៃទម្លាក់កំហុសថ្វាយដីកាដល់ហង់តេ ដើម្បីដាក់ទោសប្រហារជីវិត តែខាំងស៊ី មិនព្រម។ អៅប៉ៃ ខឹងខ្លាំងដល់ថ្នាក់ប្រកែកតវ៉ាជាមួយខាំងស៊ី តែចុងក្រោយដោយសារពេលនោះអៅប៉ៃនៅមានឥទ្ធិពលខ្លាំង ទើបខាំងស៊ីស៊ូទ្រាំនិងប្រហារជីវិតស៊ូខឺសាហា។

រហូតដល់ថ្ងៃមួយ ខាំងស៊ីចេញបញ្ជាឲ្យអៅប៉ៃចូលគាល់តែម្នាក់ឯង ទ្រង់ប្រើមនុស្សជំនាន់ថ្មីដែលបានហ្វឹកហាត់រួមមកចាប់ខ្លួនអៅប៉ៃ រួចចេញបញ្ជាឲ្យយកទៅដាក់គុក និងឲ្យមន្ដ្រីផ្សេងៗ ពិនិត្យមើលកំហុស ឃើញថា អៅប៉ៃប្រឌិតបញ្ហាគម្រាមគេឯង សម្លាប់មនុស្សគ្មានកំហុស និងមានកំហុសធ្ងន់ធ្ងរជាច្រើន ទើបត្រូវដកបណ្ដាសក្ដិនិងប្រហារជីវិតចោល។

ក្រោយពេលកម្ចាត់អៅប៉ៃ មន្ដ្រីធំទំាងឡាយពុំមានអ្នកណាម៉ាក់ងាយ ឬ មិនខ្លាចហង់តេវ័យក្មេងនេះទៀតឡើយ។ ពេលខាំងស៊ី បានអំណាចគ្រប់គ្រង ទ្រង់ចាប់ផ្ដើមគាំទ្រការផលិត និង ការដំាដុះ ដាក់ទោសមន្ដ្រីពុករលួយ ធ្វើឲ្យរាជវង្សដែលទើបបង្កើតឡើងរឹងមាំឡើងជាសន្សឹមៗ ។

តែក្នុងពេលនោះ ថ្វីបើអ្នកប្រឆាំងពីភាគខាងត្បូងត្រូវបង្ក្រាបអស់ហើយ តែក៏នៅមានមេសក្ដិភូមិបីនាក់ទៀតដែលបានទទួលព្រះរាជទានឲ្យគ្រប់គ្រងតំបន់សំខាន់ៗ នៅសម័យដែលតាឈិង ទើបតែស្ថាបនារាជវង្សក្នុងប្រទេសចិន។ ដោយសារបុគ្គលទំាងនោះជាអ្នកមានគុណសម្បត្ដិក្នុងការចូលដៃជាមួយតាឈិង និង បង្ក្រាបទាហានតាមិងចាស់ដែលងើបបះបោរ មានដូចជា អ៊ូសានគុយ ដែលគ្រប់គ្រងខេត្ដយុនណានជាមួយ គុយចូវ បូកជាមួយដែនដីមួយផ្នែកខ្លះរបស់ខេត្ដហ៊ូណាន និង សេឆួន សាំងខឺស៊ី គ្រប់គ្រងដែនដីខេត្ដក្វាងទុង និង ផ្នែកខ្លះនៃខេត្ដក្វាងស៊ី និង កឺងចុងមិង ដែលគ្រប់គ្រងនៅខេត្ដហ្វូចៀន (ហុកកៀន) ដោយទំាងបីនាក់នេះមានអំណាចស្មើនឹងស្ដេចនៃនគរមួយ គឺមានអំណាចបញ្ជាកងយោធា ប្រជារាស្ដ្រ និង មានអំណាចប្រមូលភាស៊ីព្រមទាំងគ្រប់គ្រងពានិជ្ជកម្មផ្ដាច់មុខទាំងអស់។

ថ្វីបើដូ​ច្នេះក្ដី ស្ដេចចក្រព័ត្ដិទាំងបីនាក់នៅតែទារប្រាក់ពីរាជសំណាក់ ដោយសំអាងលេសចំណាយលើវិស័យយោធា ជាពិសេសអ៊ូសានគុយ ដែលបានតែងតាំងជាភិងស៊ីអង បានទារប្រាក់ចំនួនដល់ទៅ ៩ លានតម្លឹង។

ខាំងស៊ី ទ្រង់ជ្រាបយ៉ាងច្បាស់ថា មេសក្ដិភូមិទាំងបីនេះជាឧបសគ្គក្នុងការគ្រប់គ្រងប្រទេសឲ្យមានឯកភាព ទើបមានតម្រិះចង់កាត់បន្ថយអំណាច ឬ បញ្ចប់អំណាចរបស់មេសក្ដិភូមិទំាងនេះចោល។ ជួនជាពេលនោះជាពេលដែលសាំងខឺស៊ី មានអាយុកាន់តែច្រើនត្រូវការត្រឡប់ទៅស្រុកកំណើតនៅលៀវតុង ទើបបានធ្វើដីកាដើម្បីសុំឲ្យបុត្រាសាំងជឺស៊ិនបន្ដតំណែងអងនៅក្វាងស៊ី។ ខាំងស៊ីបានអនុញ្ញាតឲ្យសាំងខឺស៊ីត្រឡប់ទៅស្រុក តែបែរជាពុំព្រមឲ្យបុត្រាសាមងជឺស៊ិនបន្ដតំណែងឡើយ។ ហេតុការណ៍នេះធ្វើឲ្យអ៊ូសានគុយ និងកឺងជិងចុងចៅរបស់កឺងចុងមិងនៅពុំសុខ ចង់ស្ទង់ទឹកព្រះទ័យស្ដេចខាំងស៊ី ដោយការក្លែងសុំអង្វរឲ្យខាំងស៊ីដកបណ្ដាសក្ដិ និងសុំត្រឡប់ទៅភូមិភាគខាងជើងវិញ។

ពេលសំណើរខាងលើបញ្ជូនមកដល់រាជសំណាក់ ខាំងស៊ី ទ្រង់កោះប្រជុំពួកមន្ដ្រី ដែលមន្ដ្រីភាគច្រើនយល់ឃើញថា សំណើរខាងលើនេះគ្រាន់ជាល្បិចសាកចិត្ដបុណ្ណោះ និង ពេលណាដែល ខាំងស៊ីអនុញ្ញាត អ៊ូសានគុយ នឹងបង្កើតចលនាក្បត់ភ្លាម។ តែខាំងស៊ី បែរជាសម្រេចព្រះទ័យយ៉ាងដាច់ខាត ដោយត្រាស់ថា “អ៊ូសានគុយ មានចិត្ដក្អេងក្អាង បើទម្លាក់គាត់នឹងកើតចលនាក្បត់ បើមិនទម្លាក់មុននឹងក្រោយគង់តែក្បត់ បើមិនចាត់ការមុនទេយើងនឹងចាញ់ប្រៀប”។

ក្រោយមកទ្រង់ស្របតាមសំណើរសុំដកបណ្ដាសក្ដិ និងអំណាចការគ្រប់គ្រងដែនដីរបស់អ៊ូសានគុយ ធ្វើឲ្យ អ៊ូសានគុយ ដែលយល់ថាខ្លួនជាមន្ដ្រីដែលចូលរួមចំណែកកសាងផែនដីតាឈិន ត្រឡប់ជាត្រូវដកបណ្ដាសក្ដិដោយស្ដេចវ័យក្មេងមួយអង្គនេះ និង ចុងក្រោយក៏បានបង្កើតចលនាក្បត់មែន។

នៅឆ្នាំ១៦៧៣ អ៊ូសានគុយ បានបរទ័ពពីខេត្ដយុនណាន ប្ដូរមកពាក់ឯកសណ្ឋានទាហានរាជវង្សមិងវិញ ដោយសំអាងថាចង់សងសឹកឲ្យរាជវង្សមិងដែលដួលរលំទៅហើយ តែប្រជាជននៅចាំបានយ៉ាងច្បាស់ថា អ៊ូសានគុយ ជាអ្នកបើកច្រកសានហៃកួន បើកដៃឲ្យសត្រូវចូលស្រុក ទើបលេសនេះពុំមាននរណាជឿ។ អ៊ូសានគុយ បរទ័ពទៅយ៉ាងរលូន កងទ័ពក្បត់ឈ្នះជាបន្ដបន្ទាប់ វាយលុករហូតដល់ខេត្ដហ៊ូណាន។ ក្រោយមកបញ្ជូនមនុស្សឲ្យទៅទាក់ទងសាំងជឺស៊ិនជាមួយ កឺងជិង ចុងចូលរួមចលនាក្បត់របស់ខ្លួន។ អ្នកប្រវត្ដសាស្ដ្រហៅព្រឹត្ដិការណ៍នេះថា “ចលនាក្បត់ស្ដេចសក្ដិភូមិទាំងបី”។

ចលនាក្បត់ស្ដេចសក្ដិភូមិទាំងបី អាចវាយដណ្ដើមគ្រប់គ្រងតំបន់ភាគខាងត្បូងរបស់ចិនបាន តែខាំងស៊ី ក៏ពុំព្រមប្ដូរចិត្ដ បានជ្រើសរើសមេទ័ពនាយកងបន្ថែម ផ្ដុំកងទ័ពតបតវិញ និង បញ្ឈប់ការដកបណ្ដាសក្ដិរបស់សាំងជឺស៊ិន និងកឺងជិងចុងជាមុន រហូតធ្វើឲ្យ អ៊ូសានគុយ ក្លាយជាអ្នកចាញ់ប្រៀបវិញ។ ចុងក្រោយកម្លាំងរបស់កងកម្លាំងក្បត់ទាំងពីរព្រមចុះចាញ់រាជសំណាក់។

ថ្វីបើដំណាក់កាលដំបូង អ៊ូសានគុយ ទទួលបានជ័យជម្នះជារហូត តែទាហានឈិង បែរជាមានច្រើន និងរឹងមាំឡើងជាលំដាប់។ ក្នុងខណៈដែលកងកម្លាំងរបស់ អ៊ូសានគុយ ចេះតែធ្លាក់ចុះជាលំដាប់ អ៊ូសានគុយ ចាប់ផ្ដើមដឹងថាមិនអាចទប់ទល់បានតទៅទៀត និង ចុងក្រោយធ្លាក់ខ្លួនឈឺស្លាប់បាត់ទៅ។ នៅឆ្នាំ១៦៨១ កងទ័ពតាឈិនបានបែងចែកកងកម្លាំង ជា៣ មុខព្រួញវាយយកក្រុងគុនមិង នៅយុនណាន។ អ៊ូស៊ឺហ្វាន ចៅប្រុសរបស់ អ៊ូសានគុយ ធ្វើអត្ដឃាត ទើបកងទ័ពតាឈិនអាចវាយឈ្នះដណ្ដើមដែនដីភាគខាងត្បូងត្រឡប់មកវិញបាន។

សូមតាមដានភាគ២បន្តទៀត សូមអរគុណ!………………………..

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.