ប្រវត្តិសាស្រ្តពិភពលោក

មូលហេតុ និង ការដួលរបបរាជានិយមរបស់ប្រទេសចិន ដែលជារាជវង្សចុងក្រោយគេ ( ភាគ២)

៣ សម័យរុងរឿងនៃរជ្ជកាលខាំង ឆៀន

សម័យរុងរឿងនៃរជ្ជកាលខាំង-ឆៀន ជាសម័យរុងរឿងចុងក្រោយក្នុងប្រវត្ដិសាស្ដ្ររាជវង្សចិន ដោយនិយាយអំពីរជ្ជកាលហង់តេខាំងស៊ី ហង់តេយ៉ុងចឺង និង ហង់តេឆៀនឡុង សរុបជារយៈពេលជាង ១៣០ ឆ្នាំ។ ក្នុងកំឡុងពេលខាងលើ ដោយសារការគ្រប់គ្រងប្រព្រឹត្ដទៅក្នុងលំនាំតែមួយ អាចកាត់បន្ថយទំនាស់រវាងជនជាតិផ្សេងៗ និង ជនជាតិហាន។ គោលនយោបាយប្រទេសមួយជនជាតិច្រើន ផ្ដោតលើវិស័យសេដ្ឋកិច្ច និង សង្គម ធ្វើឲ្យសង្គមមានសុខសន្ដិភាពអស់រយៈពេលរាប់រយឆ្នាំ។

ក្រោយពេលខាំងស៊ីទទួលបានអំណាចពេញលេញក្នុងការគ្រប់គ្រង ក្រៅពីបញ្ចប់អំពើរឹបអូសដីធ្លី បន្ធូរបន្ថយភាស៊ីហើយ ដើម្បីការពារកុំឲ្យមានមន្ដ្រីពុករលួយ អាវស៊ិនចៀឡឺស្វៀនយៀ ឬខាំងស៊ីតែងតែចេញត្រួតការងារដើម្បីស្វែងយល់ពីដំណើរជីវិតប្រចាំថ្ងៃរបស់ប្រជាជន និង តាមដានលទ្ធផលនយោបាយគ្រប់គ្រងក្នុងទម្រង់ផ្សេងៗ ដែលគេដឹងជាទូទៅគឺទ្រង់ចេញត្រួតការភាគខាងត្បូង ៦ ដង ភាគខាងកើត ៣ ដង ភាគខាងលិច ១ ដង ត្រួតការក្នុងរាជធានី និង ម៉ុងកូល រាប់រយដង។ ក្រៅពីនេះនៅមានការធ្វើដំណើរដើម្បីពិនិត្យផ្លូវទឹកនៃទន្លេហួងហូ និង ត្រួតពិនិត្យការងារសាងសង់ផងដែរ។

ខាំងស៊ីផ្ដល់ភាពសំខាន់លើបញ្ញាជនជនជាតិហានយ៉ាងខ្លាំង ផ្ដល់ការលើកតម្កើងចំណេះដឹងយូចៀ (លទ្ធិខុងជឺ) ជាពិសេស លីសៀវ របស់អ្នកប្រាជ្ញជូស៊ី។ ព្រះអង្គទ្រង់ធ្លាប់យាងទៅឈីហ៊្វូ ដើម្បីទៅសក្ការៈអារាមខុងជឺនាទីនោះដែរ។

ស្នាដៃមួយដែលចាប់កំណើតឡើងក្នុងយុគសម័យនេះគឺ “វចនានុក្រមខាំងស៊ី”។ មានរាជបណ្ឌិតចេញពីរាជតំណាក់វ៉ើនហួយ៉ាងចាងអ៊ីវស៊ូ ជាមួយរាជ្យបណ្ឌិតពីតំណាក់វ៉ើនយួន នាមឆឺនថឹងជិង ជាស្នូលក្នុងការរៀបរៀង ដោយបានធ្វើត្រួតពិនិត្យមើលអក្ខរវិធីអក្សរចិនដែលប្រើក្នុងសម័យរាជវង្សមិង និងជាតម្រាដែលត្រូវបានបោះពុម្ពយូរយារតាំងពីរជ្ជកាលខាំងស៊ីឆ្នាំទី ៥៥ ឬ ឆ្នាំ ១៧១៦ មករហូតដល់បច្ចុប្បន្ន។

ហង់តេខាំងស៊ីបានចេញបញ្ជាឲ្យរៀបរៀងវចនានុក្រមខាងលើក្នុងខែ ៣ ឆ្នា១៧១០ ប្រើពេលរៀបរៀងដល់ទៅ ៦ ឆ្នាំ មានទាំងអស់​ ៤៧ ០៣៥ អក្សរ បែងជា ១២ ឈុត ឈុតនីមួយៗ មាន ៣ ផ្នត់ ដោយមានពាក្យអធិប្បាយអំពីអក្សរជាពាក្យសូរដូច តែន័យខុសគ្នា ឬអក្សររូបដូចគ្នាតែន័យខុសគ្នា ដែលក្រោយមកត្រូវបានយកមកប្រើជាមាត្រដ្ឋានដែលប្រើក្នុងការប្រឡងរាជការក្នុងរាជវង្សឈិង និងត្រូវបានផ្សព្វផ្សាយនាពេលក្រោយមកទៀត។

រជ្ជទាយាទអ៊ិនរ៉ឺង ចុះចេញពីតំណែងជាលើកដំបូង ដោយសារទ្រប់ដឹងថាមានប្រតិកម្មដែលនិយមភេទប្រុសដូចគ្នា និងចូលចិត្ដធ្វើបាបមន្ដ្រី ដោយក្នុងដំណើរការនៃការជ្រើសរើសរជ្ជទាយាទអង្គថ្មី អ៊ីនចឺន ឬ ហង់តេយ៉ុងចឺងក្នុងពេលក្រោយមកបានគាំទ្រឲ្យប្រគល់តំណែងទៅអ៊ិនរ៉ឺងវិញ រហូតដល់ឆ្នាំក្រោយមក ទើបមានការប្រគល់តំណែងឲ្យរជ្ជទាយាទដើម តែមកដល់ឆ្នាំ ១៧១២ ខាំងស៊ីទ្រង់បានទម្លាក់អ៊ិនរ៉ឺងចេញពីតំណែងរជ្ជទាយាទម្ដងទៀត និង មិនមានការតែងតាំង ឬ ជ្រើសរើសរជ្ជទាយាទបន្ដឡើយ ធ្វើឲ្យក្នុងចំណោមព្រះរាជបុត្រកើតការទាស់ទែងគ្នាជាអាថ៌កំបាំង និង បើកចំហយ៉ាងសាហាវ។

ក្នុងខណៈដែលអ៊ិនចឺន ខាងក្រៅបង្ហាញឲ្យឃើញថាខ្លួនមិនចាប់អារម្មណ៍ក្នុងការដណ្ដើមអំណាចជារជ្ជទាយាទ លះបង់គ្រប់យ៉ាងលើព្រះពុទ្ធសាសនា ដោយដាក់នាមខ្លួនឯងថា “អ្នកទំនេរលំដាប់ទីមួយនៃផែនដី” ព្យាយាមឲ្យមានសាមគ្គីភាពជាមួយព្រះរាជបុត្រអង្គផ្សេងៗ តែខាងក្រោយខ្នងបានផ្សំគំនិតជាមួយកឺងយ៉ៅ និងលូខឺតួបង្កើតកងកម្លាំងដ៏រឹងមាំរបស់ខ្លួនឡើង។ ក្រៅពីនោះ តាមរយៈការមានស្នាដៃក្នុងការដោះស្រាយបញ្ហាគ្រោះធម្មជាតិតាំងពីក្នុងកំឡុងចុងសម័យរាជវង្សមិងមក ធ្វើឲ្យមានការទុកព្រះទ័យពីស្ដេចខាំងស៊ីជាខ្លាំង។

តែក្នុងកំឡុងចុងរជ្ជកាល ហង់តេខាំងស៊ីសសើរបុត្រាទី​ ១៤ នាមអ៊ិនធី ថែមទាំងតែងតាំងជាមេទ័ពធំឲ្យធ្វើដំណើរទៅភូមិភាគខាងលិចឆៀងខាងជើង ធ្វើឲ្យពេលនោះមានការប៉ាន់ស្មានថា អ៊ិនធី អាចក្លាយជាទាយាទដែលខាំងស៊ីចង់ឲ្យបន្ដតំណែងរាជ្យបល្ល័ង្ក។

រហូតមកដល់រជ្ជកាលស្ដេចខាំងស៊ីឆ្នាំទី ៦១ ឬឆ្នាំគ.ស ១៧២២ ពេលខាំងស៊ីសុគត់ គួបជួនជាកំឡុងពេលដែលអ៊ិនចឺន បានទទួលព្រះរាជបញ្ជាឲ្យទៅធ្វើពីធីសក្ការៈមេឃា ធ្វើឲ្យត្រឡប់មកមិនទាន់ កំឡុងពេលដែលឡុងខឺតួកំពុងប្រកាសអ្នកបន្ដតំណែង ដែលក្នុងកំណត់ត្រាឲ្យអ៊ិនចឺនឡើងជាហង់តេតាឈិងបន្ដ។

អ៊ិនចឺនឡើងគ្រងរាជ្យជាហង់តេយ៉ុងចឺនក្នុងព្រះជន្ម ៤៥ ព្រះវស្សា ដំណើរការការឡើងគ្រងរាជរបស់ព្រះអង្គនៅជាប្រស្នារហូតមកដល់បច្ចុប្បន្ននេះ ដោយមានការនិយាយតគ្នាច្រើនបែបយ៉ាង ដោយកំណត់ត្រាប្រវត្ដិសាស្ដ្ររាជវង្សឈិងបានសរសេរថា ក្នុងឆ្នាំគ.ស ១៧២២ ហង់តេខាំងស៊ីទ្រង់ប្រឈួនរហូតសុគត់នាក្រុងប៉េកាំង ដោយមុនពេលសុគត់បានត្រាស់បញ្ជាឲ្យព្រះរាជ្យបុត្រា ៧ អង្គចូលគាស់ ក្រោយមកក៏ចេញរាជបញ្ជាឲ្យមេទ័ពជើងគោកលូខឺតួជាអ្នកផ្សព្វផ្សាយរាជសារ ឲ្យបុត្រាអង្គទី ៤ នាមអ៊ិនចឺន ដែលមានគុណសម្បត្ដិល្អ សមស្របក្នុងការបន្ដរាជបល្ល័ង្ក។

តែក្នុងកំណត់ត្រារបស់អ្នកស្រុក បានសសេរថា ដើមឡើងព្រះរាជសារច្បាប់ខាងលើនេះសសេរថាបន្ដតំណែងឲ្យព្រះរាជបុត្រអង្គទី ១៤ តែដោយសារមានការដែអក្សរលេខដប់ (十) ឲ្យទៅជាអក្សរពាក្យថា “ឲ្យទៅ” (于) ទើបចេញជាពាក្យថាផ្ទេរតំណែងឲ្យទៅព្រះរាជបុត្រទី ៤ ជំនួសវិញ។ ទោះជាយ៉ាងណាក៏ដោយ នាពេលក្រោយមកមានកំណត់សំណេរថា ព្រះពិន័យកម្មរបស់ខាំងស៊ី ត្រូវមានច្បាប់ដែលសសេរជាភាសាម៉ាន់ជូអមជាមួយ ដូច្នេះទោះជាអាចកែអក្សរហានក៏ដោយ ក៏ពុំអាចកែអក្សរក្នុងច្បាប់អក្សរម៉ាន់ជូដោយរបៀបខាងលើនេះបានដែរ គួបផ្សំនឹងសម័យនោះនៅពុំទាន់មានអក្សរកាត់ ដូច្នេះពាក្យថា “ឲ្យទៅ” ដែលត្រឹមត្រូវទើបគួរជាអក្សរ (於) ពុំមែនអក្សរ (于) ទេ។ ក្រៅពីនេះនៅមានពាក្យនិយាយតៗ គ្នាទៀតថា តាមពិតការដែលហង់តេខាំងស៊ីលើកឲ្យយ៉ុងចឺងជាអ្នកបន្ដរាជបល្ល័ង្ក គឺដោយសារព្រះអង្គមានចេតនាចង់ឲ្យរាជបល្ល័ង្គនាពេលអនាគតធ្លាក់ក្នុងដៃបុត្រារបស់យ៉ុងចឺងព្រះនាមហុងលី ឬហង់តេឆៀនឡុង ក្នុងរជ្ជកាលក្រោយមកទៀតនោះឯង។

ក្នុងកំឡុងរជ្ជកាលស្ដេចយ៉ុងចឺង ថ្វីបើទ្រង់ធ្វើទង្វើសាហាវលើបណ្ដាបងប្អូនរបស់ខ្លួន តែក៏ជាហង់តេដែលយកចិត្ដទុកដាក់ក្នុងកិច្ចការរាជកិច្ចយ៉ាងខ្លាំង។ ទ្រង់តែងភ្នាក់ពីបន្ទំមុនពេលព្រឹក និងត្រួតកិច្ចការរាជកិច្ចរហូតដល់យប់ជ្រៅ ទ្រង់រួមអំណាច រៀបចំប្រព័ន្ធប្រមូលភាស៊ី ហិរញ្ញវត្ថុរាជការ និងកម្ចាត់មន្ដ្រីពុករលួយរហូតឈានទៅរកសម័យរុងរឿងដល់ដំណាក់កាលកំពូលក្នុងរជ្ជកាលហង់តេឆៀនឡុង។

ក្រោយពេលស្ដេចយ៉ុងចឺនសុគត់ដោយសារការបំពេញរាជកិច្ចហួសពេក អាយស៊ិនចៀវឡហុងលី ឡើងគ្រងរាជជា ឆៀនឡុងហង់តេ។ ការគ្រប់គ្រង់រាជសម្បត្ដិរបស់ឆៀនឡុង ដំណើរការទៅដោយរលូន​ ដោយសារស្ដេចយ៉ុងចឺនខ្លាចកើតមានការដណ្ដើមរាជសម្បត្ដិរវាងព្រះរាជបុត្រដូចសម័យរបស់ខ្លួន ទើបប្រើសសេរឈ្មោះរជ្ជទាយាទហើយប្រថាបត្រា ក្រោយមកបែងជា ២ ឈុត មួយឈុតទុកក្នុងហិបដែកបោះត្រា និងមួយឈុតទៀតទុកដោយព្រះអង្គឯង ដោយចេញបញ្ជាឲ្យយកមកអានតំណាលគ្នាក្រោយពេលទ្រង់សុគត់។

ក្នុងរជ្ជកាលរបស់ឆៀនឡុងជាយុគមាសរបស់រាជវង្សឈិង តាមរយៈការធ្វើបដិវត្ដន៍នយោបាយប្រមូលពន្ធចំណូល ចំណាយ នយោបាយហិរញ្ញវត្ថុរបស់យ៉ុងចឺង បានធ្វើឲ្យសល់មាសប្រាក់ក្នុងរាជឃ្លាំងមកដល់រជ្ជកាលស្ដេចឆៀនឡុងយ៉ាងច្រើន។ គួបផ្សំនឹងប្រទេសជាតិគ្មានសង្រ្គាមក្នុងរយៈពេលយ៉ាងយូរ ការផលិតកើនឡើង ធ្វើឲ្យរាជការមានសម្បត្ដិច្រើន និងមានការរីកចម្រើនលើវិស័យផ្សេងៗ យ៉ាងច្រើន។

ព្រះអង្គបានចេញបញ្ជាឲ្យសើរើរឿងក្ដីទាមទារភាពស្អាតស្អំដល់មន្ដ្រីតាមិងឈ្មោះ យួនឆុងហួន ជាថ្មី។ ទ្រង់ខិតខំយកគំរូតាមព្រះអយ្យកោខាំងស៊ី ដោយការចេញត្រួតការរាជការនៅភាគខាងត្បូង ៦ ដង និងអភិវឌ្ឍន៍ប្រព័ន្ធធារាសស្ដ្រការពារគ្រោះធម្មជាតិ។ ការត្រួតការរាជការនេះ ជាយុទ្ធសាស្ដ្ររក្សាស្ថេរភាពនយោបាយក្នុងប្រទេស និងជាការបង្កើនសម្ព័ន្ធភាពរវាងជនជាតិម៉ាន់ជូនិងជនជាតិហានផងដែរ។

ឆុងចឺនបានដាក់ទោសប្រហារជីវិតយួនឆុងហួនដោយការព្រលះសាច់ទំាងរស់ក្នុងបទចោទផ្សំគំនិតជាមួយជនជាតិម៉ាន់ជូបង្កចលនាក្បត់ ដោយក្នុងកំណត់ត្រាហង់តេឈិងកៅចុង ឬហង់តេឆៀនឡុងបានសសេរថា “ថ្វីបើយួនឆុងហួនជាមេទ័ពតាមិង រារាំងទ័ពតាឈិងឲ្យពិបាកយកជ័យជម្នះ តែគាត់ជាបុគ្គលមានភក្ដីភាពចំពោះតួនាទីរបស់ខ្លួន។ គាត់មានម្ចាស់គ្មានសតិបញ្ញា មិនត្រឹមតែមិនសងគុណ តែបែរជាដាក់ទោសប្រហារជីវិតទៅវិញ ជារឿងគួរឲ្យសង្វេកខ្លាំងណាស់”។

រជ្ជកាលរបស់ស្ដេច ឆៀនឡុង ឆ្នាំទី ៤៩ ឆ្នាំ១៧៧២

ស្នាដៃមួយទៀតដែលគេទទួលស្គាលមកទល់បច្ចុប្បន្នគឺ “ស៊ឺឃូឆ្វៀនស៊ូ” ឬចតុឃ្លាំងគម្ពីរ ជាសៀវភៅឈុតធំជាងគេបំផុតក្នុងពិភពលោក បន្ទាប់គឺបទានុក្រមយ៉ុងឡឺក្នុងសម័យរាជវង្សមិង។ ដោយប្រើពេលសម្អាតគម្ពីរ និងតម្រាផ្សេងៗ យូរដល់ទី ៩ ឆ្នាំ រួបរួមតម្រាបានទាំងអស់ ៣ ៥០៣ ប្រភេទ រៀបរៀងជា ៣៦ ៣០៤ ក្បាល ៧៩ ៣៣៧ មាត្រា មានចំនួនជិត ២​ ៣០០ ០០០ ទំព័រ មានអក្សរប្រមាណ ៨០០​ លានតួអក្សរ ដោយជាការរួបរួមគម្ពីរសំខាន់តាំងពីសម័យបុរាណ ដែលសៀវភៅខ្លះធ្លាប់ត្រូវកត់ចំណាំជាគម្ពីរត្រូវហាមក្នុងសម័យរាជវង្សឈិន គ្របដណ្ដប់លើវិជ្ជាច្រើនផ្នែកស្ទើរគ្រប់ប្រភេទក្នុងប្រទេសចិន។

ក្រៅពីសមត្ថភាពដ៏ប៉ិនប្រសប់លើច្រើនផ្នែកហើយ ហង់តេឆៀនឡុងជាប់ឈ្មោះជាហង់តេស្រឡាញ់ប្រជាជន និងមានសេចក្ដីព្យាយាមក្នុងការប្រតិបត្ដិរាជកិច្ចយ៉ាងខ្លាំង ធ្វើឲ្យមានមន្ដ្រីស្មោះត្រង់ជួយការងារគ្រប់គ្រងប្រទេសជាតិយ៉ាងច្រើន ដោយព្រះអង្គប្រឆាំងនឹងពួកមន្ដ្រីទារពន្ធយកទៅធ្វើមានបានផ្ទាល់ខ្លួន។

ក្នុងសម័យរជ្ជកាលខាំងឆៀន ជាសម័យរុងរឿងបំផុតក្នុងប្រវត្ដិសាស្ដ្រជិត ៣០០ ឆ្នាំនៃរាជវង្សឈិង ជាកំឡុងពេលរុងរឿងជាងគេរបស់ចិន មានផ្ទៃដីកសិកម្ម ចំនួនការផលិត ចំនួនប្រជាជនអ្នកមានមានច្រើនពិបាននឹងរកសម័យកាលណាមកប្រៀបបាន។ តាមរយៈកំណត់ត្រាស្ថិតិក្នុងរជ្ជកាលស្ដេចខាំងស៊ីឆ្នាំទី ២៤ ទូទាំងប្រទេសចិនមានផ្ទៃដីកសិកម្មដល់ទៅ ៦០០ លានរ៉ៃចិន។

មកដល់ចុងរជ្ជកាលស្ដេចឆៀនឡុងចិនមានផ្ទៃដាំដុះសរុប ១ ០៥០ លានរ៉ៃចិន។ ផលិតផលកសិកម្មទូទាំងប្រទេសកើនឡើងយ៉ាងលឿនដល់ទៅ ២០៤ ០០០ លានជញ្ជីង រហូតក្លាយជាប្រទេសដែលមានផលិតផលខ្ពស់បំផុតក្នុងពិភពលោកនាសម័យនោះ។ ចំនួនប្រជាជនកើនឡើងពី ១៥០ លាននាក់ (ឆ្នាំគ.ស ១៧០០) កើនឡើងដល់ ៣១៣ លាននាក់ (ឆ្នាំគ.ស ១៧៩៤) ស្មើនឹង ១ ភាគ ៣ នៃប្រជាជនពិភពលោកនាពេលនោះ។

ក្រោយរាជវង្សឈិងបានឆ្លងកាត់យុគសម័យរុងរឿងដល់ចំណុចកំពូលហើយ អ្វីគ្រប់យ៉ាងក៏ត្រូវប្រព្រឹត្ដិទៅតាមកង់ប្រវត្ដិសាស្ដ្រ ពីចម្រើនរុងរឿងទៅចុះអន់ថយ។ មិនថាយុគសម័យណា ប្រទេសជាតិចម្រើនរុងរឿងដោយសារបុគ្គល ចុះខ្សោយទៅវិញក៏ដោយសារបុគ្គលដូចគ្នាដែរ។ ពេលណាដែលប្រទេសជាតិចាប់ផ្ដើមចុះថយ ក៏ជាចំណុចចាប់ផ្ដើមនៃការឆ្លៀតឱកាសញាំញីពីសំណាក់បរទេសដែរ។

សូមតាមដានអានភាគ៣ជាបន្តទៀត សូមអរគុណ!…………………………..

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.