ប្រវត្តិសាស្រ្តពិភពលោក

មូលហេតុ និង ការដួលរបបរាជានិយមរបស់ប្រទេសចិន ដែលជារាជវង្សចុងក្រោយគេ ( ភាគ៣)

៤ ព្រះអាទិត្យនាពេលថ្ងៃកន្លងផុត

ថ្វីបើហង់តេឆៀនឡុងមានសេចក្ដីព្យាយាមក្នុងរាជកិច្ចគ្រប់គ្រងប្រទេស តែសម័យរុងរឿងរបស់ឆៀនឡុងក៏ប្រដូចនឹងព្រះអាទិត្យនាពេលថ្ងៃ ពេលរះរួចហើយក៏ឈានចូលមកដល់សម័យកាលធ្លាក់ចុះ។ ក្នុងកំឡុងពេលក្រោយរជ្ជកាលស្ដេចឆៀនឡុង មានការលេចឡើងមន្ដ្រីពុករលួយមានឈ្មោះល្បីក្នុងប្រវត្ដិសាស្ដ្រគឺមន្ដ្រីឈ្មោះ ហឺសឺន មាននាមដើមសានប៉ៅ ចេះ ៤ ភាសាគឺ ភាសាម៉ានជូ ហាន ម៉ុងកូល និងទីបេ។

英王喬治三世稱乾隆為兄弟?惹他生氣!(圖) - 天朝風雲- 看中國網- (移動版)

ពេលចូលបម្រើរាជការដំបូង ហឺសឺនជាកូនទាហានធម្មតាម្នាក់ ទទួលតួនាទីកាន់ទង់ជ័យ។ ក្រោយមកបានសម្ដែងសមត្ថភាពចំពោះព្រះភ័ក្ត្រស្ដេចឆៀនឡុង ទើបស្ដេចឆៀនឡុងប្រោសប្រណីនិងតម្លើងតំណែងជាបន្ដបន្ទាប់ ដោយតម្លើងតំណែងជារាជអង្គរក្ស។ ក្រោយមកតម្លើងជាមេបញ្ជាការរងកងពលទង់ខៀវ ដោយក្នុងកំឡុងពេលនៃការចូលបម្រើរាជការ ២០ ឆ្នាំ បានទទួលការតម្លើងតំណែងដល់ទៅ ៤៧ ដង។ ធ្លាប់កាន់តួនាទីជាជំនួយការប្រមូលប្រាក់នៅច្រកទ្វារក្រុងឆុងវ៉ើន គ្រប់គ្រងឃ្លាំងសម្បត្ដិផ្ទាល់របស់ព្រះរាជា និងឃ្លាំងហ្លួង។ ដំបូងឡើយហឺសឺនជាមន្ដ្រីសុច្ចរិតស្មោះត្រង់ និងមានសមត្ថភាព ចេះរកវិធីរកប្រាក់ចូលឃ្លាំងហ្លួងដែលស្រុតស្រកឲ្យមានច្រើនឡើងវិញល្មមអាចទប់ទល់នឹងគ្រោងការធំៗ ក្នុងប្រទេសដូចជា គ្រោងការយោធា គ្រោងការជួសជុលប្រព័ន្ធធារាសាស្ដ្រ គ្រោងការសាងសង់ផ្នូរស្ដេចជាដើម។

មិនរាប់បញ្ចូលស្នាដៃផ្សេងៗ ជាច្រើនទៀតដូចជាការសម្របសម្រួសរឿងក្ដីនៅយុនណាន ការពិនិត្យបញ្ជីនៅសានទុង និងការបង្កើតឆ្នាំងភ្លើងដាក់អាហារ ដែលធ្វើឲ្យពិធីជប់លៀងដែលមានភ្ញៀវជាង ៥៣០ តុរបស់ស្ដេចឆៀនឡុងអាចមានអាហារក្ដៅគ្រប់ពេលវេលា។ ដោយសារជាមន្រ្តីសំណប់របស់ស្ដេចឆៀងឡុង ហឺសឺនធ្លាប់ទទួលការគ្រប់គ្រងមុខតំណែងដល់ទៅជាង ៦០ មុខតំណែងក្នុងពេលតែមួយ ថែមទាំងបានទទួលព្រះរាជទានព្រះធីតាពៅឲ្យអភិសេកជាមួយកូនប្រុសរបស់ហឺសឺន ធ្វើឲ្យហឺសឺនដែលជាមន្ដ្រីធំស្រាប់បានក្លាយជាញាតិវង្សមានអំណាចយ៉ាងលឿនរហ័ស។

乾隆給英國下聖旨!英王看到假牙笑噴現展示大英博物館| FuHouse.SETN富房網

ក្រោយមកហឺសឺនចាប់ផ្ដើមពង្រីកអំណាច ប្រើតំណែងតួនាទីរបស់ខ្លួនក្នុងការរកមាសប្រាក់ ដូចជា ការបើកហាងបញ្ជាំ បើកហាងប្ដូរប្រាក់ អណ្ដូងរ៉ែ និងការងារលក់ដូរជាច្រើនផ្សេងទៀត នៅមិនទាន់រាប់អំពើពុករលួយ បែងចែកបក្សពួក ប្រើអំណាច រហូតមានសសេរក្នុងកំណត់ត្រាសម័យក្រោយមកថា “រជ្ជកាលស្ដេចឆៀនឡុងនៃរាជវង្សតាឈិង ហឺសឺនធំលើសផែនដី មានអំណាចលើសរាជសំណាក់ បណ្ដាមន្ដ្រីអែបអប កៀបសង្កត់ ពុករលួយដោយចំហ បោះបង់មន្ដ្រីបក្សពួកផ្សេង ធ្វើឲ្យប្រព័ន្ធគ្រប់គ្រងធូរលុង មន្ដ្រីប្រព្រឹត្ដិអំពើពាល”។

ក្រោយមកក្នុងខែតុលា ឆ្នាំគ.ស ១៧៩៥ ហង់តេឆៀនឡុងបានប្រកាសថានឹងផ្ទេររាជសម្បត្ដិឲ្យព្រះរាជបុត្រក្នុងរដូវស្លឹកឈើលាស់នាឆ្នាំបន្ទាប់ ដោយសារពុំចង់គ្រងរាជ្យយូរជាងព្រះអយ្យកោខាំងស៊ី ធ្វើឲ្យឆៀនឡុងហង់តេប្រកាសដាក់រាជសម្បត្ដិក្នុងឆ្នាំគ.ស ១៧៩៦ ដើម្បីឲ្យខ្លួននៅក្រោមតំណែងខាំងស៊ីមួយឆ្នាំ។

តែក្រោយពេលផ្ទេររាជ្យសម្បត្ដិឲ្យហង់តេចៀឈិងហើយ ព្រះអង់នៅតែជាអ្នកក្ដោបអំណាចពិតដោយអាស្រ័យតំណែង “ថៃសួហួង” ឬព្រះរាជបិតាហ្លួង ជាបន្ដរហូតដល់ ៣ ឆ្នាំក្រោយមកទៀតទើបស្ដេចចូលទីវង្គត់។

ថ្ងៃទី ១៣ ខែមគសិរ ឆ្នាំ១៧៩៩ ឬក្រោយពេលស្ដេចឆៀនឡុងសុគត់បានមួយថ្ងៃ ហង់តេចៀឈិងក៏ចេញព្រះរាជឱង្ការប្រកាសកំហុសរបស់ហឺសឺន ២០ ចំណុច និងចេញបញ្ជាឲ្យចាប់ដាក់ឃុំឃាំង ដកហូតតំណែង និង រឹបអូសទ្រព្យសម្បត្ដិទាំងអស់ចូលឃ្លាំងហ្លួង។

តាមកំណត់ត្រាបានសសេរថា ការរឹមអូសទ្រព្យសម្បត្ដិរបស់ហឺសឺនក្នុងគ្រានោះមានប្រាក់ទាំងអស់ ៨០០ លានតម្លឹង ក្នុងខណៈដែលប្រាក់ទូទាំងប្រទេសដែលបានមកពីភាស៊ីក្នុងខណៈនោះមានត្រឹមតែ ៧០ លានតម្លឹងក្នុងមួយឆ្នាំ ពោលគឺគ្រាន់តែប្រាក់របស់ហឺសឺនដែលបានមកពីអំពើពុករលួយគឺស្មើនឹងប្រាក់ទូទាំងប្រទេសដល់ទៅជាង ១០ ឆ្នាំទៅហើយ នៅមិនទាន់បូករួមភស្ដុតាងផ្សេងដែលរកឃើញមានដូចជាចានគោមធ្វើអំពីមាសសុទ្ធ ៤ ២៨៨ ថូប្រាក់ ៦០០ ចានមាស ១១៩ មាសសុទ្ធ ៥ ៨០០ ០០០ តម្លឹង ប្រាក់ស្នូក ៥០ ០០០ ដុំ និងពេជ្រនិលចិន្ដា ក្រណាត់សូត្រ របស់មានតម្លៃផ្សេងៗ ជាច្រើនទៀត។ ដូច្នេះក្រោយពេលរឹបអូសទ្រព្យសម្បត្ដិហើយ នាពេលក្រោយមកទៀតកើតមានពុំនោលនិយាយថា “ហឺសឺនដួលភីង ចៀឈិងឆ្អែតពោះ”។

ក្រោយពេលឃុំខ្លួនហឺសឺនបាន ១០ ថ្ងៃ ហង់តេចៀឈិងបានព្រះរាជទានក្រណាត់សឲ្យទៅហឺសឺន ដើម្បីជានិមិត្ដរូបជំនួសការប្រហារជីវិតដោយការពន្លះសាច់ទាំងរស់។ ចំណែកបុត្រច្បងហឺសឺន ដោយសារបានរៀបអភិសេកជាមួយអង្គម្ចាស់ស្រីហឺសៀវ ធ្វើឲ្យរួចផុតពីការដាក់ឃុំឃាំង។ ចំណែកកូនចៅហឺសឺនដែលនៅសេសសល់ត្រូវនិរទេសទៅនៅភូមិដែលនៅភាគខាងត្បូងនៃក្រុងហាប៊ិន ចម្ងាយ ៦០ គីឡូម៉ែត្រនៃខេត្ដហាប៊ិន។ ក្នុងដំណាក់កាលចុងក្រោយ មុនពេលរឹតកខ្លួនឯងធ្វើអត្ដឃាតនោះ ហឺសឺនបានសសេរកំណាព្យចុងក្រោយថា “ហាសិបឆ្នាំយប់ថ្ងៃដូចសុបិន ឥឡូវលើកដៃលាលោកា ថ្ងៃក្រោយពេលវារីលិចនាគ តាមពពកអ័ព្ទកើតថ្មី” បង្ហាញពីក្ដីរន្ធត់និងគំនុំដែលខ្លួនមាន មានន័យថា ថ្ងៃណាមួយមានអ្នកត្រឡប់មកគ្រប់គ្រងហង់តេ អ្នកនោះគឺជាហឺសឺនដែលចាប់ជាតិ។ ការនេះមានគេជឿថា ជាស៊ូស៊ីថៃហៅ ដែលកើតក្នុងឆ្នាំគ.ស ១៨៣៥ នៅទន្លេហួងហូដែលកើតគ្រោះទុរ្ភឹក។

ភាពមានបានរបស់ហឺសឺននេះ ត្រូវបានកាសែតវើលស្ទ្រីតចួណល កាលពីខែមេសា ឆ្នាំគ.ស ២០០៧ ចាត់តំណាត់ថ្នាក់ជាបុគ្គលអ្នកមានម្នាក់ក្នុងចំណោមបុគ្គល ៥០ នាក់ដែលមានទ្រព្យសម្បត្ដិច្រើនបំផុតក្នុងពិភពលោកក្នុងសហសវត្ស ដោយកាលពីមុននេះបានចាត់ចំណាត់ថ្នាក់ជាអ្នកមានបំផុតក្នុងសតវត្សទី ១៨។

អំពើទុច្ចរិតរបស់មនុស្សឆ្លាតនិងមានសមត្ថភាពដូចហឺសឺន មិនត្រឹមតែធ្វើឲ្យព្រះរាជឃ្លាំងបាត់បង់ប្រាក់ចំណូលប៉ុណ្ណោះទេ តែក៏ជាហេតុធ្វើឲ្យកើតអំពោះពុករលួយជាទូទៅក្នុងរង្វង់អ្នករាជការ ស្មើនឹងការបំផ្លាញប្រព័ន្ធការគ្រប់គ្រងដ៏តឹងរឹង ដែលបានចាក់គ្រឹះដោយព្រះរាជានិងមន្ដ្រីសុច្ចរិតពីជំនាន់មុន។

៥ ការប្រឈមនឹងសង្គ្រាមអាភៀនលើកទី ១

ទោះបីជារាជវង្សឈិងមានអំណាចខ្លាំងក្លាយយ៉ាងណាក៏ដោយ កន្លងមកធ្លាប់ប្រកាសបិទប្រទេសមិនធ្វើពានិជ្ជកម្មជាមួយប្រទេសផ្សេង។ រហូតដល់ឆ្នាំ ១៧៥៧ ឬ ក្នុងរជ្ជកាលស្ដេចឆៀនឡុងឆ្នាំទី ២២ បានកំណត់ឲ្យក្រុងក្វាងចូវជាក្រុងកំពង់ផែតែមួយដែលអនុញ្ញាតឲ្យទាក់ទងជាមួយបរទេស ដែលរាប់ចាប់តាំងពីចុងសតវត្សទី​១៨ ជាដើមមក អង់គ្លេសបាននាំចូលស្លឹងតែ ចាន គ្រឿងជ្រលក់ពណ៌ និងក្រណាត់សូត្រពីចិនចំនួនយ៉ាងច្រើន ក្នុងខណៈពេលដែលទំនិញនាំចេញមកចិនមានត្រឹមតែតិចតួចប៉ុណ្ណោះ ធ្វើឲ្យអង់គ្លេសចាញ់ប្រៀបតុល្យការទំនិញជាមួយចិនយ៉ាងមហាសាលស។

第一次鸦片战争,清朝军队是否有战胜英军的可能

រហូតដល់រជ្ជកាលស្ដេចឆៀនឡុងឆ្នាំទី ២៨ ឬឆ្នាំគ.ស ១៧៧៣ ដើម្បីមានប្រៀបលើការនំាចូលទំនិញ។ អង់គ្លេសបានចាប់ផ្ដើមនាំចេញអាភៀនមកលក់នៅចិន ដែលដើមឡើយសម្រាប់ជនជាតិចិន ចាប់តាំងពីសតវត្សទី ៨ ជាដើមមក អាភៀនត្រូវបានប្រើត្រឹមជាឱសថរុក្ខជាតិមួយប្រភេទប៉ុណ្ណោះ។ តែក្រោយពេលដែលអង់គ្លេសចូលគ្រប់គ្រងឥណ្ឌា និងបានប្រគល់សិទ្ធផ្ដាច់មុខលក់ឲ្យទៅក្រុមហ៊ុនអ៊ីសឥណ្ឌា អាភៀនត្រូវបាននាំចូលមកចិនយ៉ាងច្រើន។ ក្រៅពីនេះពួកជនជាតិអាមេរិក បារំាង និងរុស្សីក៏បានយកអាភៀនពីទួគី និងអាស៊ីកណ្ដាលមកលក់នៅចិនដូចគ្នាដែរ។

ក្នុងកំឡុងពេលនោះ តម្លៃអាភៀនមួយខាំស្មើនឹង ៥ តម្លឹងមាស។ ក្នុងកំឡុង ៤០ ឆ្នាំមុនពេលសង្គ្រាមអាភៀនបានផ្ទុះឡើង អង់គ្លេសបានជញ្ជូនអាភៀនចូលមកលក់នៅចិនដល់ទៅ ៤០០ ០០០ ឡាំង អាចប្រមូលប្រាក់ពីចិនប្រមាណ ៣០០ ទៅ ៤០០ លានប្រាក់ស្នូក រហូតធ្វើឲ្យខ្វះប្រាក់ស្នូកចាយក្នុងប្រទេស និងធ្វើឲ្យតម្លៃប្រាក់ស្នូកឡើងថ្លៃមួយជាពីរ ធ្វើឲ្យប្រជាជននិងប្រទេសជាតិធ្លាក់ចុះក្រ។ ជាសន្សឹមៗ អ្នកជក់អាភៀនកាន់តែកើនចំនួន មិនត្រឹមតែមន្ដ្រីប៉ុណ្ណោះទេ សូម្បីបណ្ដាពួកម្ចាស់ដី អ្នកជំនួញ បណ្ឌិត និងអ្នកស្រែចម្ការ កម្មករ ទាហានក៏គេចមិនផុតដែរ។

ឆ្នាំ១៨២១ ហង់តេចៀឈិង ស្ដេចសុគត់ ព្រះរាជបុត្រអង្គទី ២ ឡើងគ្រងរាជ្យមានព្រះនាមថា ហង់តេតៅកួង។ ក្នុងពេលនោះជាកំឡុងពេលដែលរាជសំណាក់ឈិងធ្លាក់ចុះ កម្លាំងទាហានចុះទន់ខ្សោយ កើតមានចលនាបះបោរជាច្រើន និងអ្វីដែលសំខាន់នោះគឺការជក់អាភៀនត្រូវបានរីករាលដាលពាសពេញប្រទេស។

លុះដល់ឆ្នាំ១៨៣៨ មានប្រជាជនចំនួន ២ ០០០ ០០០ នាក់ញៀនអាភៀន។ អាភៀនបានធ្វើឲ្យប្រាក់ស្នូករបស់ចិនត្រូវបាត់បង់ និងបានបំផ្លាញសុខភាពផ្លូវកាយផ្លូវចិត្ដជនជាតិចិនយ៉ាងខ្លាំង។ ក្នុងឆ្នាំជាមួយគ្នានេះ មានក្រុមមន្ដ្រីសុច្ចរិតថ្វាយដីកាបង្ហាញមុនមន្ដ្រីជួញដូរអាភៀន និងជម្រុញឲ្យបញ្ឈប់ការប្រើប្រាស់អាភៀន ដាក់ទោសអ្នកជក់អាភៀនយ៉ាងធ្ងន់ធ្ងរ។ ក្រោយមកលិនចឺស៊ី អ្នកត្រួតការហ៊ូក្វាងបានថ្វាដីកា ៣ ដងទៅហង់តេតៅកួង ដោយសសេរថាបើមិនបំបាត់អាភៀនក្នុងប្រទេសចិនទេ ក្នុងរយៈពេលដប់ឆ្នាំខាងមុខទៀតនឹងមិនសល់ទាហានសម្រាប់ធ្វើចម្បាំង មិនមានសល់ប្រាក់ប្រើទៀតឡើយ រហូតធ្វើឲ្យហង់តេតៅកួងមានព្រះរាជតម្រិះចង់បង្ក្រាបអាភៀនយ៉ាងពិតប្រាកដ។

ឆ្នាំ១៨៣៩ លិនចឺស៊ីបានត្រៀមមនុស្ស និងទាហាន ធ្វើដំណើរចេញពីប៉េកាំងយ៉ាងមិនអធិកអធម្ម។ ពេលជួបអ្នកធ្វើខុសច្បាប់ចាប់ដាក់ទោសភ្លាមៗ និងពេលធ្វើដំណើរដល់ក្វាងចូវបានស៊ើបការយ៉ាងសម្ងាត់ ដឹងពីចរន្ដនៃការជួញដូរអាភៀន ចេញបញ្ជាឲ្យក្រុមឈ្មួញអន្ដរជាតិប្រគល់អាភៀនមករាជការទាំងអស់ ធ្វើកិច្ចសន្យាមិននាំអាភៀនចូលប្រទេសចិន បើពុំអនុវត្ដតាមនឹងត្រូវរឹបអូសនិងចាប់ខ្លួនអនុវត្ដតាមច្បាប់។

លិនចឺស៊ី បោសសម្អាតអាភៀន​ដោយការបង្កើតច្បាប់ចាប់ដាក់គុកអ្នកពាក់ព័ន្ធនឹងអាភៀន។ អ្នកជួញដូរអាភៀនត្រូវកាត់ក្បាលដោតឆ្កាង។ អ្នកញៀនអាភៀនត្រូវបញ្ជូនទៅមណ្ឌលកែប្រែ។ អ្នកផ្ដាច់អាភៀនបាននឹងត្រូវប្រកាសលើកតម្កើងជាជនគំរូ។ លិនចឺស៊ីកំណត់ពេល ៣ ថ្ងៃឲ្យអ្នកដែលមានអាភៀនប្រគល់អាភៀនទាំងអស់ជូនរាជការ។ ដល់ពេលកំណត់ រាជការទទួលបានអាភៀន ១ ០៣៧ ឡាំង។

ពេលឃើញដូច្នោះ បានចេញបញ្ជាឲ្យឡោមព័ទ្ធហាងលក់អាភៀន បញ្ចប់ជំនួញរវាងចិននិងអង់គ្លេស មិនអនុញ្ញាតឲ្យហាងទំនិញផ្សេងៗ ទាក់ទងជាមួយនាវាជួញដូរអាភៀន ដាក់ទោសនិងទម្លាក់តំណែងជនជាតិចិនណាដែលធ្វើការជាមួយមេឈ្មួញអន្ដរជាតិ និងនាំកងកម្លាំងឡោមព័ទ្ធឃ្លាំងទំនិញ ដោយមានតំណាងអ្នកត្រួតពិនិត្យទំនិញពានិជ្ជកម្មអង់គ្លេស ឆាលអេលៀត នៅជាមួយផង។ ក្នុងពេលនោះ ឆាលអេលៀតមិនមានកម្លាំងក្នុងដៃ និងខ្លាចអ្នកជំនួញអង់គ្លេសរបស់ខ្លួនត្រូវគេសម្លាប់ ក៏យល់ព្រមប្រគល់អាភៀនជាង ២០ ២៨៣ ឡាំងចេញពីទូកចំនួន ២០ គ្រឿងជូនរាជការចិន។

ក្នុងថ្ងៃដែលធ្វើការបំផ្លាញអាភៀន មានប្រជាជនចំនួនជាច្រើនមកតាមដាននិងសង្កេតមើល។ លិនចឺស៊ីបានឲ្យគេជីករណ្ដៅធំ ២ នៅបរិវេណមាត់ឆ្នេរហ៊ូម៉ើន និងដុតបំផ្លាញអាភៀនចំនួន ២ ០០០ ០០០ ជញ្ជីង និងប្រើពេលដុតបំផ្លាញដល់ទៅ ៣ សប្ដាហ៍។

ក្រោយមកសភាតំណាងរាស្ដ្រអង់គ្លេសបានប្រគល់អំណាចឲ្យ ឆាលអេលៀត នាំទូកជាង ៤០ គ្រឿង ទាហានជាង ៤០០០ នាក់មកនៅតំបន់ម៉ាកាវ និងធ្វើសង្គ្រាមជាមួយចិនដែលបានត្រៀមខ្លួនរួចជាស្រេច ធ្វើឲ្យមានការស្លាប់ទាំងសងខាង ជាចំណុចចាប់ផ្ដើមនៃសង្គ្រាមអាភៀន។

在鸦片战争时,清朝拥有80万大军,为何打不过不及十分之一的英军- 历史- 爆资讯新媒体平台

ជួនជាពេលនោះគូលីទូកជនជាតិអង់គ្លេសមួយក្រុមស្រវឹងស្រាអួទីណួសម្លាប់ជនជាតិចិននៅកៅលូន ស្លាប់ម្នាក់ ឆាលអេលៀត ពុំព្រមប្រគល់ឃាតករឲ្យទៅរាជការចិន ធ្វើឲ្យអារម្មណ៍ជាសត្រូវជាមួយជនជាតិអឺរ៉ុបមានការកើនឡើង។ ឆ្នាំគ.ស ១៨៤០ កងនាវាចម្បាំងអង់គ្លេសក្រោមបញ្ជាការរបស់ឧត្ដមសេនីយឯកចចអេលៀត ធ្វើដំណើរមកដល់ប្រទេសចិន ប្រើកងកម្លាំងមួយផ្នែកបិទកំពង់ផែ។ ក្រោយមកបញ្ជូនកងកម្លាំងមួយចំនួនធំឡើងទៅជើងវាយដណ្ដើមក្រុងទិងហៃ យកធ្វើជាមជ្ឈមណ្ឌលបញ្ជាការ។ ខែសីហាឆ្នាំដដែល អង់គ្លេសបើកនាវាទៅក្បែរបរិវេណប៉មតាគូ នៅធៀនជិន កៀកក្បែរទីក្រុងប៉េកាំងជាលំដាប់។

ពេលឃើញស្ថានការណ៍ដូច្នេះ ហង់តេតៅកួងខ្លាចរអាអានុភាពកងទ័ពអង់គ្លេស គួបផ្សំនឹងមានពាក្យញុះញង់ឲ្យព្រមចរចាសន្ដិភាព ទើបប្ដូរព្រះទ័យបញ្ជូនមន្ដ្រីត្រួតការឈ្មោះឈីសានទៅក្រុងធៀនជិន ដើម្បីសុំចរចា ដោយឈីសានបានស្នើលក្ខខណ្ឌមុនចរចាថានឹងមានការទម្លាក់និងដាក់ទោសលិនចឺស៊ី និងប្ដូរមន្ដ្រីថ្មីទៅក្វាងចូវ និងទទួលស្ដាប់ការតវ៉ារបស់អ្នកជំនួញជនជាតិអង់គ្លេស។

ខណៈនោះជាកំឡុងពេលឈានចូលទៅរដូវស្លឹកឈើជ្រុះ ជំងឺរាតត្បាតកើតឡើង ធ្វើឲ្យទាហានអង់គ្លេសបោះបង់ចោលទីក្រុងទិងហៃ និងងាកទៅចរចាគ្នានៅក្វាងចូវក្នុង។ “សេចក្ដីព្រាងសន្ធិសញ្ញាឆួនពី” នេះមានខ្លឹមសារថាចិនត្រូវប្រគល់កោះហុងកុង និងកំពង់ផែឲ្យអង់គ្លេស សងប្រាក់ខូចខាតឲ្យរដ្ឋាភិបាលអង់គ្លេសចំនួន ៦ ០០០ ០០០ តម្លឹងប្រាក់ បើកកំពង់ផែក្វាងចូវជាកំពង់ផែពានិជ្ជកម្ម ដោយអង់គ្លេសព្រមដកកងកម្លាំងចេញពីសាចៀវ ប៉មកំាភ្លើងតាចៀវត្រឡប់ទៅទិងហៃវិញ។

第一次鸦片战争的主要原因究竟是什么-鸦片对国家有哪些影响- 全文-历史趣闻-历史大全

សន្ធិសញ្ញាខាងលើ ជាលទ្ធផលការងាររបស់ឈីសាន បណ្ដាលឲ្យហង់តេតៅកួងខឹងយ៉ាងខ្លាំង ទើបចេញបញ្ជាឲ្យទម្លាក់តំណែងនិងដាក់ទោសឈីសាន។ ក្រោយមកបញ្ជូនអ៊ីសាន ដែលជាមន្ដ្រីរាជអង្គរក្ស នាំកងកម្លាំងជាងមួយម៉ឺននាក់ទៅខេត្ដក្វាងទុងដើម្បីប្រឆាំងនឹងអង់គ្លេស ដែលពេលនោះកំពុងគ្រប់គ្រងកោះហុងកុងនិងទិងហៃ។

ទាហានអង់គ្លេស ក្រោយពេលដណ្ដើមបានប៉មកំាភ្លើងធំជាច្រើនកន្លែងហើយ បាននាំកងកម្លាំងវាយយកក្វាងចូវ ធ្វើឲ្យទាហានចិនត្រូវគេចចូលបន្ទាយក្រុងទាំងអស់។ មេទ័ពអ៊ីសានបានស្នើឲ្យមានការចរចាសន្ដិភាព។ សន្ធិសញ្ញាក្វាងចូវតម្រូវឲ្យស្ដេចតួកួងសងថ្ងៃខូចខាតជាទឹកប្រាក់ ៦ ០០០ ០០០ តម្លឹងនិងអនុញ្ញាតឲ្យទ័ពអង់គ្លេសចេញពីក្រុង តែប្រជាជនមួយចំនួនមិនសុខចិត្ដទើបចាប់អាវុធប្រឆាំងនឹងអង់គ្លេសនៅក្វាងចូវ បណ្ដាលឲ្យទ័ពអង់គ្លេងរាប់សិបនាក់ត្រូវស្លាប់។

រដ្ឋាភិបាលអង់គ្លេសមិនពេញចិត្ដនឹងសន្ធិសញ្ញារបស់ឆាលអេលៀត បានទម្លាក់តំណែងឆាលអេលៀត ដាក់សឺហេនរីប៉ត់ទិងចឺជំនួស។ ឆ្នាំគ.ស ១៨៤១ ប៉ត់ទិងចឺនាំទូក ៣៧ គ្រឿង​និងទាហាន ២ ៥០០ នាក់ចេញពីហុងកុង វាយយកសៀម៉ើន។ មួយខែក្រោយមកវាយបានទិងហៃ។ កឺយុនហ្វើយមេទ័ពការពារក្រុងត្រូវបាត់បង់ជីវិត។ ក្រោយមកវាយយកចឺនហៃ និងប៉ និងវាយលុកបន្ដដោយមិនចាប់អារម្មណ៍នឹងការសុំចរចាពីភាគីចិន រហូតវាយយកបានប៉ៅសាន សៀងហៃ និងទៅដល់ច្រកខាងត្បូងក្រុងណានជិង (ណាងគិង) ធ្វើឲ្យចិនត្រូវព្រមចរចាក្រោមលក្ខខណ្ឌមិនយុត្ដិធម៌ ហៅថា “សន្ធិសញ្ញាណានគិង” ជាសន្ធិសញ្ញាអាប់យសរបស់ចិន ដោយមានលក្ខខណ្ឌដោយរួមគឺ៖

១. រដ្ឋាភិបាលតាឈិងត្រូវសងប្រាក់សរុប ២១ លានតម្លឹង ដោយបែងជាថ្លៃខូចខាតក្នុងសង្គ្រាម ១២ លានតម្លឹង ថ្លៃខូចខាតរបស់ឈ្មួញអង់គ្លេស ៣ លានតម្លឹង និងថ្លៃខូចខាតអាភៀន ៦ លានតម្លឹងទៀត ដោយចំនួននេះមិនរាប់រួមជាមួយ ៦ លានតម្លឹងដែលចាយពីមុនឡើយ។

២. ត្រូវប្រគល់កោះហុងកុងឲ្យអង់គ្លេស

៣. បើកក្រុងកំពង់ផែទាំង ៥ ដូចជា ក្វាងចូវ សៀម៉ើន ហ៊្វូចូវ និងសៀងហៃជាក្រុងកំពង់ផែពានិជ្ជកម្ម។

៤. ភាស៊ីនាំចេញនាំចូលរបស់ឈ្មួញអង់គ្លេសត្រូវធ្វើតាមការចរចាទ្វេភាគី ដែលក្រោយមកមួយឆ្នាំទៀតចិនបានចុះសន្ធិសញ្ញាថ្មីបន្ថែមទៀតដោយកំណត់ឲ្យអង់គ្លេសមានសិទ្ធិចេញក្រៅអាណាខេត្ដ គឺជនជាតិអង់គ្លេសមិននៅក្រោមច្បាប់ប្រទេសចិន ពេលធ្វើខុសឬត្រូវប្ដឹង ត្រូវកាត់ទោសរកខុសត្រូវដោយកុងស៊ុលប្រទេសរបស់ខ្លួន។ អង់គ្លេសត្រូវតែជាប្រទេសដែលទទួលផលប្រយោជន៍ច្រើនបំផុត ពោលគឺមានសិទ្ធិពិសេសខាងពានិជ្ជកម្ម ដំណើរនាវាចរ ភាស៊ី ឬការគ្រប់គ្រងផ្នែកច្បាប់ក្នុងប្រទេសណា អង់គ្លេលទទួលសិទ្ធិនោះជាមួយគ្នា។ សន្ធិសញ្ញាណានគិងនេះ ជាការបញ្ជាប់សង្រ្គាមអាភៀនលើកទី១ ។

鸦片战争以前,清朝一直很强势,英国其实很受伤- 每日头条

សូមតាមដានភាគ៤បន្ត សូមអរគុណ!…………………………………………

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.