ប្រវត្តិសាស្រ្តពិភពលោក

មកដឹងពីប្រវត្តិសាស្ត្រ និង ភូមិសាស្ត្រនៃទីក្រុងពានិជ្ជកម្ម សេអ៊ូល ប្រទេសកូរ៉េខាងត្បូង

សេអ៊ូលជារដ្ឋធានី និង ជាទីក្រុងធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង។ សេអ៊ូលមានប្រជាជនជាង១០លាននាក់ និង ស្ថិតក្នុងចំនោមទីក្រុង​ដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ តំបន់រដ្ឋធានីជាតិសេអ៊ូល (Seoul National Capital Area)​ ដែលក្ដោបរួមទាំងទីក្រុងកំពង់ផែដ៏ធំឈ្មោះអ៊ិនឆ័ន ​និង ទីក្រុងរណបនានា មានមនុស្សរស់នៅប្រមាណ២៣លាននាក់។

ស្ទើរពាក់កណ្ដាល​នៃប្រជាជនកូរ៉េខាងត្បូង​រស់នៅតំបន់រដ្ឋធានីជាតិសេអ៊ូលនេះ និង ប្រហែល១ភាគ៤ ​រស់នៅក្នុងសេអ៊ូលតែម្ដង។ កត្តានេះធ្វើអោយទីក្រុងសេអ៊ូល ក្លាយជា​មជ្ឈមណ្ឌលវប្បធម៌ នយោបាយ និង សេដ្ឋកិច្ចចំបង​របស់ប្រទេស។ ដោយវាមានឋានានុក្រមជាទីក្រុងពិសេស ហេតុនេះ​វាស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់ពីរដ្ឋាភិបាលជាតិ។ សេអ៊ូលស្ថិតនៅអាងទន្លេហាន់ នៅប៉ែកពាយ័ព្យនៃប្រទេស ចំងាយប្រហែល៥០គ.ម ពីព្រំដែនកូរ៉េទាំង២ គឺ កូរ៉េខាងជើង និង កូរ៉េខាងត្បូង។

សេអ៊ូលធ្លាប់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិករដូវក្ដៅឆ្នាំ១៩៨៨ និង ពានរង្វាន់បាល់ទាត់ពិភពលោកហ្វីហ្វាឆ្នាំ២០០២។ សេអ៊ូលតែងតែជាប់លំដាប់ថ្នាក់​១០ខាងលើក្នុងចំនោមទីក្រុងហិរញ្ញវត្ថុ និង ពាណិជ្ជកម្ម និង ជាទីស្នាក់ការកណ្ដាលរបស់​ក្រុមហ៊ុនពហុជាតិជាច្រើនដូចជា ក្រុមហ៊ុនសាំស៊ុង(Samsung) ក្រុមហ៊ុនអិលជី(LG) និង ក្រុមហ៊ុនហ្យុនដាយ(Hyundai)។ វាជាទីក្រុងថ្លៃជាងគេទី៥លើពិភពលោក និង ទី២នៅអាស៊ី និង ជាទីក្រុងមានជាងគេទី៤នៅអាស៊ី។

ប្រវត្តិសាស្ត្រ និង ភូមិសាស្ត្រនៃទីក្រុងសេអ៊ូល

ប្រវត្តិសាស្ត្ររបស់សេអ៊ូល​ចាប់គិតតាំងពីឆ្នាំ១៨មុនគ.ស​ នៅពេលដែលមានការបង្កើតរាជាណាចក្របែកចេ។ ក្រោយមកទៀតវាក្លាយជារាជធានីរបស់រាជវង្សចូសេអុន។ នៅក្នុងសម័យអាណានិគមជប៉ុននៅដើមស.វទី២០ កន្លែងជាប្រពៃណីនិងប្រវត្តិសាស្ត្ររបស់សេអ៊ូល​បានផ្លាស់ប្ដូរ។ ទីក្រុងនេះត្រូវបានបំផ្លាញស្ទើរទាំងស្រុងក្នុងសង្គ្រាមកូរ៉េ ប៉ុន្តែត្រូវបានសាងសង់ឡើយវិញយ៉ាងលឿននៅក្នុងគោលនយោបាយសេដ្ឋកិច្ច​នៅទសវត្សរ៍ឆ្នាំ៦០និង៧០។ សំនង់ប្រវត្តិសាស្ត្រសំខាន់ៗខ្លះៗ​ត្រូវបានជួសជុលស្ថាបនាឡើងវិញ រួមមានរាជវាំងហ្គ្យេអុងបុកហ្គុង (រាជវាំង១របស់រាជវង្សចូសេអុន)។

See the source image

សេអ៊ូលស្ថិតនៅផ្នែកពាយ័ព្យនៃកូរ៉េខាងត្បូង។ វាមានផ្ទៃដីប្រហែល ៦០៥,៣៩គ.ម២ និង ពុះជា២ផ្នែក ជើង និង ត្បូងដោយទន្លេហាន់។ ទន្លេហាន់ និងតំបន់ជុំវិញនោះ​ដើរតួនាទីសំខាន់ណាស់ក្នុងប្រវត្តិសាស្ត្រកូរ៉េ។ រាជាណាចក្រកូរ៉េទាំង២ ធ្លាប់ប្រកួតប្រជែងគ្នាកាន់កាប់ដែនដីនេះ ព្រោះវាមានទន្លេហាន់​ដែលជាផ្លូវជំនួញទៅកាន់ចិន ឆ្លងកាត់តាមសមុទ្រលឿង។ ប៉ុន្តែ​បច្ចុប្បន្ន ទន្លេនេះមិនត្រូវបានគេប្រើសកម្មក្នុងការធ្វើចរាចរណ៍ទេ​ ដោយសារតែកន្លែងដែលវាហូរចាក់ចូលទៅក្នុងសមុទ្រនៅក្បែរព្រំដែនកូរ៉េទាំង២ពេក​ ហើយដែលតំបន់នោះ​ត្រូវគេហាមប្រាមមិនអោយជនស៊ីវិលចូល។ សេអ៊ូលហ៊ុំព័ទ្ធដោយភ្នំ៨ ខ្ពង់រាបទន្លេហាន់។

See the source image

ទិដ្ឋភាពនៃទីក្រុងសេអ៊ូល

បេះដូងប្រពៃណីរបស់សេអ៊ូលគឺ ក្រុងរាជវង្សចូសេអុនចាស់ ដែលឥលូវជាមណ្ឌលក្រុង ដែលប្រជុំដោយរាជវាំង អាគាររដ្ឋាភិបាល ទីស្នាក់ការកណ្ដាលរបស់សហគ្រាសនានា សណ្ឋាគារ និង ផ្សារបែបប្រពៃណី។ តំបន់នេះគ្របដណ្ដប់លើជ្រលងឆេអុងហ្គ្យេឆេអុន ដែលជាកូនអូរមួយហូរពីលិចទៅកើតចូលទន្លេហាន់។ អស់រយៈពេលជាច្រើនឆ្នាំ អូរនេះត្រូវបានគ្របដោយបេតុង ប៉ុន្តែត្រូវបានគេស្ដារឡើងវិញ​ក្នុងគំរោងសង្គ្រោះទីក្រុងមួយ។

See the source image

នៅខាងជើងមណ្ឌលក្រុងគឺភ្នំបុកហាន់ និង នៅខាងត្បូងគឺភ្នំណាំសាន់។ ទៅខាងត្បូងទៀត​ជាក្រុងចាស់ យ៉ុងសាន់-ហ្គុ និង ម៉ាប៉ូ-ហ្គុ និង ទន្លេហាន់។ ឆ្លងរំលងទន្លេហាន់ទៅគឺតំបន់អ្នកមានថ្មីៗ ឈ្មោះហ្គាងណាំ-ហ្គុ និង សេអុចូ-ហ្គុ។ ហ្គាងណាំ-ហ្គុ ជាកន្លែងតាំងនៅរបស់អាគារពាណិជ្ជកម្មពិភពលោករបស់កូរ៉េ និង ជាកន្លែងធ្វើការតាំងពិពណ៌ និង សន្និសិតនានា។ ចុះទៅក្រោមតាមដងទន្លេគឺ យ៉េអ៊ូអ៊ីដូ ជាកោះធំមួយដែលមានអាគាររដ្ឋសភាជាតិ ស្ទុឌីយ៉ូផ្សាយធំៗ និង អាគារការិយាល័យខ្ពស់ៗ ក៏ដូចជាអាគារហិរញ្ញវត្ថុកូរ៉េ។ នៅក្បែរយ៉េអូអ៊ីដូ គឺ កោះបាំសេអុម ជាកោះគ្មានមនុស្សនៅ ស្ថិតនៅកណ្ដាលទន្លេ។ ពហុកីឡាដ្ឋានអូឡាំពិក សួនច្បារអូឡាំពិក និងWorld Lotte World ស្ថិតនៅ សុងប៉ា-ហ្គុ នៅខាងត្បូងទន្លេហាន់។

See the source image

កន្លែងទំនើបៗសំខាន់ៗមាន អាគារហិរញ្ញវត្ថុកូរ៉េ ប៉មសេអ៊ូល អាគារពាណិជ្ជកម្មពិភពលោក អាគារ៦៣ និងអាគារស្នាក់នៅកប់ពពកទាំង៦ ឈ្មោះថូវើរ ផាលេស។ ដោយសារតែមានដង់ស៊ីតេប្រជាជនខ្ពស់ សេអ៊ូលមានការស្ថាបនាអាគារកប់ពពក​ជាច្រើន ហើយក្រុមប្រឹក្សាក្រុងកំពុង​រៀបចំផែនការសាងសង់អាគារខ្ពស់១ស៊េរី ដែលក្នុងនោះមាន មជ្ឍមណ្ឌលពាណិជ្ជកម្មកំពស់៥៨០ម៉ែត្រនៅ Sangam Digital Media City និង ប៉មឡុតតេវើល២ កំពស់៨០០ម៉ែត្រ នៅ Jamsil។

See the source image
Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.