
ចក្រភពអូទ្រីស-ហុងគ្រី(Austro-Hungarian Empire) ត្រូវបានគេស្គាល់ថា “អូទ្រីស-ហុងគ្រី ឬ “ចក្រភពរាជានិយមក្បាលពីរ” គឺជាសហភាពមួយដែលកើតឡើងដោយរាជាណាចក្រពីររួមបញ្ចូលគ្នារវាងអូទ្រីស និង ហុងគ្រី ដែលមានអាយុកាល៥១ ឆ្នាំ ពីចន្លោះឆ្នាំ១៨៦៧ ដល់ឆ្នាំ ១៩១៨។ នៅអឺរ៉ុបកណ្ដាល រហូតដល់ការរលំរលាយនៅពេលដែលចប់សង្គ្រាមលោកលើកទី១។
ចក្រភពរាជានិយមក្បាលពីរនេះ បានបន្តពី “ចក្រភពអូទ្រីស” (១៨០៤-១៨៦៧) ទឹកដីរបស់ចក្រភពអូទ្រីស-ហុងគ្រីដែលបង្កើតឡើងនៅឆ្នាំ១៨៦៧ ស្ថិតនៅលើទឹកដីតែមួយ ដែលគ្រប់គ្រងដោយរាជវង្សហាបស៍ប៊ឺក និង រាជាណាចក្រហុងគ្រី។
ក្នងនាមជាចក្រភពពហុជាតិ និង ជាមហាអំណាចមួយ ស្ថិតនៅក្នុងដំណាក់កាលនៃចលនាជាតិនិយម បានធ្វើឲ្យចក្រភពអូទ្រីស-ហុងគ្រី ជួបប្រទះនឹងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ ដោយចលនាទាមទារផ្ដាច់ទឹកដី ក្នុងចំណោមជាតិសាសន៍ធំៗទាំង១១នៅក្នងចក្រភពមួយនេះ។ រាជវង្សហាបស៍ប៊ឺក មានតួនាទីជាអធិរាជនៃចក្រភពអូទ្រីស គ្រប់គ្រងលើពាក់កណ្ដាលប្រទេស នៅភាគខាងលិច និង ខាងជើង ចំណែកព្រះរាជាហុងគ្រី និង ក្រូអាត មានសិទ្ធិគ្រប់គ្រងលើរាជាណាចក្រហុងគ្រី ដែលពេញចិត្តក្នុងការដឹកនាំរដ្ឋាភិបាលផ្ទាល់ខ្លួន និង មានតំណាងនៅក្នុងស្ថាប័នរួម ទំនាក់ទំនងការបរទេស និង ការពារជាតិ ដែលដឹកនាំដោយព្រះចៅអធិរាជ។

រាជធានីនៃចក្រភពនេះ គឺក្រុងវ្យែន។ ហើយចក្រភពអូទ្រីស-ហុងគ្រី ជាអាណាចក្រធំជាងគេទី២ នៅអឺរ៉ុប បន្ទាប់ពីចក្រភពរុស្ស៊ី និង មានចំនួនប្រជាជនច្រើនជាងគេទី៣ បន្ទាប់ពីចក្រភពរុស្ស៊ី និង ចក្រភពអាល្លឺម៉ង់។ បច្ចុប្បន្ន តំបន់នេះមានប្រជាជនសរុបប្រមាណជា ៦៩លាននាក់។
ប្រវត្តិនៃការបង្កើតចក្រភពអូទ្រីស-ហុងគ្រី
ការចាប់បដិសន្ធិនៃចក្រភពអូទ្រីស-ហុងគ្រី នៅឆ្នាំ១៨៦៧ បានដាក់ចេញនូវរចនាសម្ព័ន្ធនៃចក្រភពរាជានិយមក្បាលពីរ ដើម្បីជំនួសចក្រភពអូទ្រីស ដ៏មានអំណាច បានចាប់ផ្ដើមចុះដុនដាបជាខ្លាំង ទាំងនៅឧបទ្វីបអ៊ីតាលី ដោយសារសង្គ្រាមអូទ្រីស-សារឌីនី ឆ្នាំ១៨៥៩ និង បណ្ដារដ្ឋនៃសម្ព័ន្ធអាល្លឺម៉ង់ ទីនោះត្រូវបានជំនួសដោយរាជាណាចក្រព្រុស ជាអ្នកគ្រប់គ្រងលើបណ្ដារដ្ឋនិយាយភាសាអាល្លឺម៉ង់ ដោយសង្គ្រាមអូទ្រីស-ព្រុស ឆ្នាំ១៨៦៦។
កត្តាផ្សេងទៀត នៅក្នុងវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ រួមមានការមិនសប្បាយចិត្តរបស់ហុងគ្រីចំពោះរដ្ឋអំណាចក្រុងវ្យែននៅតែបន្តមាន ហើយនិង ការកើនឡើងនូវស្មារតីជាតិនិយមរបស់ប្រជាជាតិដទៃ នៅលើចក្រភពអូទ្រីស។ ការមិនសប្បាយចិត្តរបស់ហុងគ្រី បានរីកធំឡើងដោយអន្លើ បណ្ដាលមកអំពីការសង្កត់សង្កិនរបស់អូទ្រីស ពីសំណាក់បដិវត្តន៍រំដោះហុងគ្រី ចន្លោះឆ្នាំ១៨៤៨-១៨៤៩ ដែលមានការគាំទ្រពីរុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ការមិនសប្បាយចិត្តជាមួយនឹងការគ្រប់គ្រងរបស់ចក្រភពអូទ្រីស បានរីកធំធាត់អស់ជាច្រើនឆ្នាំ ពីសំណាក់ហុងគ្រី និង មានបុព្វហេតុជាច្រើនទៀត។

នៅក្នុងកិច្ចប្រឹងប្រែងស្ដារការគាំទ្ររាជានិយមឡើងវិញ ព្រះចៅអធិរាជ “ហ្វ្រង់ ហ្សូសែហ្វ” បានចាប់ផ្ដើមចរចាស្រុះស្រួលគ្នាជាមួយអភិជនហុងគ្រី ដើម្បីធានាបានការគាំទ្រពីពួកគេ។ ដោយឡែក ប្រមុខដឹកនាំជនជាតិហុងគ្រី បានទាមទារ និងទទួលបានការអភិសេកពីព្រះចៅអធិរាជ ក្នុងឋានៈជាព្រះមហាក្សត្រនៃអាណាចក្រហុងគ្រី និង ការបង្កើតសភានៅប៊ុនដាប៉េស្ត ដែលមានអំណាចអនុម័តច្បាប់នៅលើអាណាចក្រហុងគ្រី ដែលនឹងការពារអំណាចរបស់អភិជនហុងគ្រី៕