
ប្រវត្តិនៃដំណាលរឿងព្រេងនៃភ្នំសំពៅ
ភ្នំសំពៅ ជារមណីយដ្ឋានធម្មជាតិមួយស្ថិតនៅតាមដងផ្លូវ ជាតិលេខ៥៧ ដែលជាអតីតផ្លូវជាតិលេខ១០ ស្ថិតក្នុងឃុំ ភ្នំសំពៅ ស្រុកបាណន់ នៃខេត្ត បាត់ដំបង។ ភ្នំនេះមានកំពស់ប្រមាណ ១០០ ម៉ែត្រ កាំជណ្តើរឡើងចំនួន ១០៣០ កាំ នៅខាងលិចទីរួមខេត្តបាត់ដំបងចម្ងាយប្រហែលជា១២គីឡូម៉ែត្រមានភ្នំជាច្រើនដែលនៅជិតៗគ្នាដូចជា ភ្នំសំពៅ ភ្នំទ្រុងមាន់ ភ្នំទ្រុងទា និង ភ្នំរំសាយសក់ជាដើម។

កាលណោះមានដំណាលតៗគ្នាមកថា មានស្តេចមួយអង្គមាន ព្រះរាជបុត្រព្រះនាម រាជកុល ទ្រង់បានតាំងព្រះរាជវាំងនៅលើជួរភ្នំដងរែក។ មាននារីម្នាក់ឈ្មោះ សុវណ្ណមសា នាងរើសបានពងមួយដែល មិនស្គាល់ថាជាពងអ្វីឡើយ។ លុះដល់ថ្ងៃខែញាស់ស្រាប់តែចេញកូនក្រពើដ៏តូចមួយនាងឃើញល្អអស្ចារ្យក៏ស្រឡាញ់ពេញចិត្ត និងខំចិញ្ចឹមថែរក្សាកូនក្រពើនោះរហូតដល់ធំ។
វាជាសត្វក្រពើដែលឆ្លាតមានរូបរាងធំសម្បើមណាស់ដែលម្ចាស់វាដាក់ឈ្មោះឲថា ក្រពើអាធន់។ព្រះបាទ រាជកុល ទ្រង់បានសព្វព្រះរាជហឬទ័យនឹងនាងសុវណ្ណមសាគឺជាកូនអ្នកក្រីក្រម្នាក់ដែលមានរូបឆោម សក្តិសមល្អឥតខ្ចោះ។ ក្រពើរបស់នាងមានបហិទ្ធិឬទ្ធិខ្លាំងពូកែណាស់វាជាសត្វក្រពើដែលក្លាហានមានប្រាជ្ញាឈ្លាសវៃ ទៀតផង។
បន្ទាប់ពីព្រះអង្គមានទំនាក់ទំនងជាមួយនាងហើយ ក៏ទ្រង់មានព្រះទ័យពុំសូវល្អទៅវិញ ដោយទ្រង់មាន ព្រះតម្រិះយល់ឃើញថា មិនអាចរៀបអភិសេកជាមួយនាងបានឡើយព្រោះនាងជាកូនរាស្រ្តសាមញ្ញធម្មតាតែប៉ុណ្ណោះ។ ទ្រង់គិតច្បាស់លាស់ហើយ ក៏យាងទៅទូលព្រះវររាជមាតា-បិតា។ ស្តេចទាំងពីរអង្គក៏យល់ព្រមហើយចាត់មនុស្សក្នុងរាជវាំង ស៊ើបសួររកស្រីណាដែលមានពូជពង្សវង្សត្រកូលខ្ពង់ខ្ពស់ដើម្បីមករៀបអភិសេកជាមួយព្រះរាជបុត្ររបស់ព្រះអង្គ។

ក្រោយមកឮដំណឹងចា នៅស្រុកចន្ទបុរីមានស្តេចមួយអង្គមានព្រះរាជបុត្រីព្រះមាន នាងរំសាយសក់ដែលមានសក់ទិព្វ ចង់បានអ្វីអាចធ្វើបានទាំងអស់ គ្រាន់តែព្រះនាងច្បូតសក់ ដីគោកក្លាយជាទឹក ពីទឹកក្លាយជាដីគោកបាន។ ព្រះវរមាតា-បិតានៃ ព្រះបាទរាជកុល បញ្ជាសេនានាំព្រះរាជសារទៅថ្វាយស្តេចក្រុងចន្ទបុរីដើម្បីស្តីដណ្តឹងព្រះរាជបុត្រី តាមប្រពៃណី។
ស្តេចក្រុងចន្ទបុរី ពេលបានទទួលដំណឹងនេះហើយក៏យល់ព្រមហើយឆ្លើយតបព្រះរាជសារមកវិញថា “បើទ្រង់សព្វព្រះរាជហឬទ័យលើបុត្រីទូលព្រះបង្គំសូមព្រះអង្គលើកបណ្ណាការមកចុះ” ។ ព្រះបាទរាជកុល បានសណ្តាប់ដូច្នេះហើយក៏មានព្រះទ័យសោមនស្សរីករាយពន់ពេកទើបបញ្ជាឲពលសេនារៀបចំ គ្រឿងបណ្ណាការគ្រប់មុខយ៉ាងឧឡារិកផ្ទុកក្នុងសំពៅដើម្បីធ្វើព្រះរាជដំណើរចេញទៅកាន់ក្រុងចន្ទបុរី។ ចំណែក សុវណ្ណមសា វិញ ពេលជ្រាបពីដំណឹងនេះហើយក៏មានចិត្តមួម៉ៅក្តៅក្រហាយ ទើបប្រើ ក្រពើអាធន់ ឲទៅតាមកល់សំពៅ នោះឲលិចហិនហោចវិនាសអន្តរាយ ព្រោះនាងមិនចង់ឲព្រះអង្គទៅរៀបអភិសេកជាមួយព្រះនាងនោះឡើយ។

ចំណែក ក្រពើអាធន់ គ្រាន់តែឮម្ចាស់ប្រើដូច្នេះបោះពួយក្នុងទឹកលឿនដូចព្រួញសំដៅទៅរកសំពៅ ព្រះបាទរាជកុល។ ព្រះបាទរាជកុល ទ្រង់ក្រឡេកឃើញ ក្រពើអាធន់ ក៏មានព្រះបន្ទួលខ្លាំងៗថា”នែ៎ អាធន់ អញទេ! ឯងកុំធ្វើអីផ្តេសផ្តាស ឲសោះ” ក្រពើអាធន់ ទូលតបវិញថា “ស៊ីបាយអ្នកណាយកអាសាអ្នកនោះ” ពលសេនាឃើញក្រពើធំសំបើមយ៉ាងនេះក៏ភ័យ ស្រែកឆោឡោពេញសំពៅ ខ្លះបោះត្រឡាចល្ពៅ ខ្លះបោះទ្រុងមាន់-ទ្រុងទាទៅឲក្រពើស៊ី ដើម្បីកុំឲវាមកផ្អាកដំណើររបស់ ព្រះអង្គ។
ព្រះបាទរាជកុល ខំបួងសួងថា “សូមអស់លោកទេវតាដែលថែរក្សាទឹកដីនេះសូមជួយពួកយើងទាំងអស់គ្នាឲរួចផុតពី គ្រោះថ្នាក់នេះផង”។ ដោយបុណ្យបារមីរបស់ព្រះអង្គសេចក្តីបន់ស្រន់នេះក៏រំជួលទៅដល់ព្រះឥន្ទ្រាធិរាជ។ ព្រះឥន្ទ្រាធិរាជ ក៏ផ្តល់ដំណឹងនេះទៅ នាងរំសាយសក់ហើយព្រះនាងក៏ចាប់ផ្តើមច្បូតព្រះកេសីឲទឹកសមុទ្រខះរីងស្ងួតទៅជាដីគោក ទាំងអស់។ ក្រពើអាធន់ ក៏ជាប់ផុងស្ងួតស្រកាក្នុងដីរមួលខ្លួនប្រកាច់ប្រកិនយ៉ាងលំបាកមុននឹងដាច់ខ្យល់ស្លាប់។ លុះសមុទ្រក្លាយជាដីគោកហើយ ព្រះបាទរាជកុលបញ្ជាពលសេនាជញ្ជូនរបស់ទាំងអស់ធ្វើដំណើរទៅកាន់ក្រុងចន្ទបុរី ដើម្បីរៀបអភិសេកជាមួយព្រះនាងរំសាយសក់។ ត្រង់ខ្លួនក្រពើក៏កើតជាភ្នំមួយដែលសព្វថ្ងៃគេហៅថា “ភ្នំក្រពើ”។
កន្លែងដែលក្រពើនោះគោះកន្ទុយ និងត្រង់ច្រមុះក្រពើក៏កើតជាបឹងពីរហៅថា “បឹងកន្ទុយក្រពើ និងបឹងច្រមុះ ក្រពើ” ឯសំពៅក៏កើតជាភ្នំមួយមានរូបរាងដូចសំពៅសុទ្ធសាធឈ្មោះថា”ភ្នំសំពៅ”។ ចំណែកក្តោងសំពៅក៏ធ្លាក់ចូលទៅក្នុងទឹកបាន កើតជាភ្នំមួយហៅថា “ភ្នំក្តោងសំពៅ”។ ទ្រុងមាន់ ទ្រុងទាដែលពួកគេបោះឲក្រពើអាធន់ក៏កើតជាភ្នំហៅថា “ភ្នំទ្រុងមាន់-ភ្នំទ្រុងទា” នៅត្រង់កន្លែងដែលព្រះនាងរំសាយសក់ ច្បូតសក់នៅខាងត្បូងភ្នំសំពៅនោះក៏កើតជាភ្នំមួយទៀតគឺ “ភ្នំរំសាយសក់”។
បន្ទាប់ពីបានរៀបអភិសេករួចរាល់ហើយ ព្រះបាទរាជកុលគង់លើដំរីនាំព្រះមហេសីព្រមទាំងពលសេនាហែហមយាងត្រឡប់ មកព្រះរាជវាំង វិញ។ នៅពេលកំពុងធ្វើដំនើរមកដល់ពាក់កណ្តាលផ្លូវទ្រង់ទតឃើញភ្នំទាំងអស់មានព្រះទ័យខ្ញាល់នឹង សុវណ្ណមសា ជាអនេក ព្រោះតែនាងចិត្តអាក្រក់បានជាវិនាសអន្តរាយយ៉ាងនេះ។
ដោយសារតែ សុវណ្ណមសា ចេះតែមានគំនុំលើព្រះបាទរាជកុល ព្រះអង្គក៏បញ្ជាពេជ្ឃឃាឌឲទៅចាប់នាងដើម្បីកាត់ទោសប្រហារជីវិត ទ្រង់ធ្វើយ៉ាងនេះព្រោះមិនចង់ឃើញនាងបង្ករបញ្ហាតទៅទៀត។ ត្រង់ក្បាលនាងក៏កើតជាភ្នំមួយហៅថា “ភ្នំសងក្បាល” ដែលសព្វថ្ងៃក្លាយជា “ភ្នំសងក្បាន” ទៅវិញ។ ចំណែកព្រះបាទរាជកុល និង ព្រះនាងរំសាយសក់ រស់នៅស្រឡាញ់គ្នាលុះអវសានជីវិត។
ទេសភាពដ៏ស្រស់ត្រកាល នៅតំបន់ភ្នំសំពៅ
នៅលើកំពូលភ្នំ មានវត្តមួយ ឈ្មោះថា វត្តគិរីរម្យ និងមានល្អាង រូងភ្នំជាច្រើន សរុបទាំងអស់ចំនួន ១២ រួមមាន ៖
១. ល្អាងផ្កាស្លា
២. ល្អាងគក់ទ្រូង
៣. ល្អាងខ្យល់
៤. ល្អាង តែងខ្លួន
៥. ល្អាងល្ខោន
៦. ល្អាងជ្រៃ
៧. ល្អាងពេជ្រ
៨. ល្អាងខ្វែង
៩. ល្អាងប្រេង
១០. ល្អាងស្ថានីយ ឬ ល្អាងធំ
១១. ល្អាងក្បាលខ្មោច
១២. ល្អាងប្រចៀវ ប៉ុន្តែល្អាងដែលភ្ញៀវនិយមចូលទស្សនាមាន តែល្អាងផ្កាស្លា និងល្អាងល្ខោន។
នៅក្បែរភ្នំសំពៅមានចម្កោមភ្នំសំខាន់ៗ មួយចំនួនទៀត ដែលមានជាប់ទាក់ទងនឹងរឿង ព្រេងនិទានខ្មែរ គឺរឿងព្រះបាទរាជកុល នាងរំសាយសក់។ ភ្នំទាំងនោះមាន ភ្នំក្តោង ភ្នំក្រពើ ភ្នំអណ្តើក ភ្នំទ្រុងមាន់ ទ្រុងទា ភ្នំនាងរំសាយសក់ ភ្នំតាគ្រាម និងភ្នំសងក្បាល់ ។ អ្វីដែលពិសេសជាងនេះទៅទៀត ភ្នំសំពៅ មិនត្រឹមតែ ជារមណីយដ្ឋានធម្មជាតិ ដ៍មានប្រជាប្រិយភាពប៉ុណ្ណោះទេ ប៉ុន្តែវាជាកន្លែងកម្សាន្តមួយ ដ៍ទាក់ទាញ ក្នុងចំណោម រមណីយដ្ឋានជាច្រើនក្នុងខេត្តបាត់ដំបង ។ ទស្សនីយភាពហ្វូងសត្វប្រជៀវរាប់លានក្បាល ដែលហោះ ចេញពីល្អាង ។
អ្នកស្រុកតែងតែហៅហ្វូងប្រជៀវទាំងនោះថា “កងទ័ពប្រជៀវដ៍ក្លាហាន” ពីព្រោះការហោះហើរ របស់ហ្វូងសត្វប្រជៀវទាំងនោះ ប្រៀបបានទៅនឹងចរន្តទឹកហូរលើផ្ទៃអាកាស ។ ជារៀងរាល់ថ្ងៃ នៅមុនពេល សូរិយារៀបអស្តង្គត់ នៅចន្លោះម៉ោង ៥៖៣០ នាទី ដល់ម៉ោង ៦៖ ១៥ នាទីល្ងាច គឺជាពេលវេលាដ៍ជាក់លាក់ ដែល ហ្វូងសត្វប្រជៀវចាប់ផ្តើមហោះហើរបណ្តែតខ្លួនចេញពីរូង ខ្មៅដាស់ពេញមេឃ និងតម្រង់ជួរគ្នាចេញពីរូង ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីភ្ញៀវជាតិ និងអន្តរជាតិ មកពីគ្រប់ទិសទី មកទស្សនាកម្សាន្តអារម្មណ៍ នៅរមណីយដ្ឋានភ្នំសំពៅ។

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ រាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលនាំគ្នាអង្គុយរង់ចាំ ទស្សនាហ្វូងសត្វប្រជៀវរាប់លានក្បាលហើរចេញពីល្អាង សុទ្ធតែបានបង្ហាញពីទឹកមុខរីករាយចំពោះទិដ្ឋភាពដ៍ អស្ចារ្យនេះ ។ ម្យ៉ាងវិញទៀតហ្វូងសត្វប្រជៀវទាំងអស់នោះត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយអាជ្ញាធរមូលដ្ឋាន ។
ប្រជាពលរដ្ឋនៅតំបន់នោះ ឈ្មោះ អ្នកស្រី ញឹង ភាព ជាអ្នកទទួលខុសត្រូវយាមល្អាង សត្វប្រជៀវ និងជាអ្នកប្រមូលអាចន៍ប្រជៀវលក់ បានអោយដឹងថា ការអភិរក្សសត្វប្រជៀវគឺពិបាកមែនទែន ដោយសារតែមានជនឆ្លៀតឱកាសមកលួចបាញ់ តែមកទល់ពេលបច្ចុប្បន្ននេះ គ្រាន់បើជាងមុន ហើយដោយ សារតែប្រជាពលរដ្ឋមានការយល់ដឹងពីសារប្រយោជន៍របស់វា និង យល់ដឹងអំពីការប្រឈមនឹងផ្លូវច្បាប់។
បើនិយាយពីអត្ថប្រយោជន៍នៃសត្វប្រ ជៀវទាំងនេះ វាពិតជាមានសារសំខាន់ខ្លាំងណាស់ គឺវាជួយបំផ្លាញសត្វល្អិតចង្រៃដែលបំផ្លាញដំណាំ របស់កសិករ និង អាចម៍របស់របស់គេយកធ្វើជាជីទៀតផង ហើយអ្វីដែលពិសេសបំផុតនោះ គឺហ្វូងសត្វប្រជៀវទាំងក្លាយជាផលិតផលទេសចរណ៍ដ៍ទាក់ទាញក្នុងអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្តជារៀងរាល់ថ្ងៃ ។
ដោយសារវត្តមានភ្ញៀវទេសចរនេះ ហើយ ធ្វើអោយបង្កើនសេដ្ឋកិច្ច ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការលក់ដូរ ចំណី អាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ជាដើម ។ បើនិយាយពីសេវាដឹកជញ្ជូន វិញ នៅភ្នំសំពៅមានឡានសម្រាប់ដឹងភ្ញៀវឡើងភ្នំចំនួន ០៨ គ្រឿង ដែលសុទ្ធតែបានមកធ្វើអាជ្ញាបណ្ណនៅមន្ទីរ ទេសចរណ៍ខេត្តបាត់ដំបង។ ចំពោះកត្តាសន្តិសុខវិញ នៅរមណីយដ្ឋានភ្នំសំពៅមានកម្លាំងនគរបាលទេសចរណ៍ចំ នួន ០២ រូប និង កម្លាំងប្រជាការពារឃុំចំនួន ០៦ រូប នៅប្រចាំការជារៀងរាល់ថ្ងៃ ដើម្បី រៀបចំ ថែរក្សា ការពារ សុវត្ថិភាពជូនភ្ញៀវទេសចរ ដែលមកទស្សនាហ្វូងសត្វប្រជៀវ និង មកកម្សាន្តនៅរមណីយដ្ឋានភ្នំសំពៅនេះ៕



