ប្រវត្តិសាស្រ្តខ្មែរ

ប្រវត្តិសាស្ត្រប្រទេសកម្ពុជាក្រោមអាណានិគមប្រទេសបារាំង ភាគ ០១

អាណាព្យាបាលបារាំងនៃកម្ពុជាបានបង្កើតប៉ែកនៃចក្រភពអាណានិគមបារាំងនៅកម្ពុជា។ ដែនអាណាព្យាបាលនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦៧ នៅពេសស្ដេចខ្មែរ ព្រះបាទនរោត្តមបានសុំឱ្យមានការបង្កើតអាណាព្យាបាលបារាំងលើប្រទេសរបស់ទ្រង់ ខណៈនោះ សៀម (ថៃទំនើប) បានលះបង់អធិរាជភាពលើកម្ពុជា និងទទួលស្គាល់អាណាព្យាបាលបារាំងនៅកម្ពុជាជាផ្លូវការ។

កម្ពុជាត្រូវបានធ្វើសមាហរណកម្មទៅជាសហភាពឥណ្ឌូចិននៅឆ្នាំ ១៨៨៧ រួមគ្នាជាមួយដែនអាណានិគម និងអាណាព្យាបាលបារាំងនៅវៀតណាម (កូសាំងស៊ីន អណ្ណាម និង តុងកឹង)។ នៅឆ្នាំ ១៩៤៦ កម្ពុជាទទួលបានសិទ្ធិគ្រប់គ្រងដោយខ្លួនឯង ក្នុងសហភាពបារាំង និងស្ថានភាពអាណាព្យាបាលត្រូវបានលុបបំបាត់នៅឆ្នាំ ១៩៤៩។ កម្ពុជាក្រោយមកបានទទួលបានឯករាជ្យ និងថ្ងៃឯករាជ្យត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ៩ វិច្ឆិកា ១៩៥៣។ ប្រទេស​កម្ពុជា បាន​ស្ថិត​នៅ​ក្រោម​អាណានិគម​និយម​បារាំង អស់​ជិត​មួយ​សតវត្ស​ដោយ​គិត​ចាប់ពី​ឆ្នាំ ១៨៦៣ រហូត​ដល់​ពេល​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៥៣​។

នៅឆ្នាំ ១៨៦៣ កម្ពុជាក្រោមរជ្ជកាលរបស់ព្រះបាទនរោត្តមបានប្រែក្លាយប្រទេសរបស់ទ្រង់​ឱ្យស្ថិតនៅក្រោមអាណាព្យាបាលបារាំង។ នៅខែ តុលា ១៨៨៧ ពួកបារាំង បានប្រកាសការបង្កើត សហភាពឥណ្ឌូចិន (Union Indochinoise) ដែលនៅពេលនោះក៏បានបញ្ចូលកម្ពុជាផងដែរ សិទ្ធិជាម្ចាស់របស់បារាំងមានជាស្វ័យតរួចរាល់ទៅហើយ ជាមួយនិងតំបន់ទាំងបីនៃប្រទេសវៀតណាម (តុងកឹង អណ្ណាម និង កូសាំងស៊ីន)។ នៅឆ្នាំ ១៨៩៣ លាវ ត្រូវបានរាប់បញ្ចូលបន្ទាប់ពីពួកបារាំងបានគំរាមកំហែង ដល់ព្រះបាទចុល្លាង្ករណ៍សៀមថានឹងអាចមានសង្គ្រាម ដោយហេតុនោះហើយក៏បង្ខំអោយទ្រង់បោះបង់ចោលទឹកដីនោះទៅ។

១. ដំណើរមកដល់នៃអំណាចត្រួតត្រារបស់បារាំង

កំឡុងសតវត្សទី១៩ ព្រះរាជាណាចក្រកម្ពុជាបានដោះខ្លួនពីរដ្ឋចំណុះនៃនគរសៀមដែលបានដាក់បញ្ចូលខេត្តភាគខាងលិច​របស់ប្រទេសនេះ រួមមានអង្គរ ដែលកាលណោះឥទ្ធិពលអំណាចរបស់រាជវង្សង្វៀនយួនបានធំធាត់ឡើងដែលជាការគំរាមកំហែងដល់​ប៉ែកខាងកើតនៃប្រទេស។ បន្ទាប់ពីការបង្កើតអាណានិគមបារាំងនៅកូសាំងស៊ីន (វៀតណាមខាងត្បូងសម័យបច្ចុប្បន្ន) នៅឆ្នាំ ១៨៦៧ ព្រះបាទនរោត្តមកម្ពុជាបានស្នើសុំឱ្យបារាំងដាក់អាណាព្យាបាលលើនគររបស់ទ្រង់។

នៅពេលនោះ លោកព្យាំរប៉ូល-ដឺ-ឡា-ហ្គ្រង់ឌ្យែរ ទេសាភិបាលអាណានិគមកូសាំងស៊ីន កំពុងបន្តផែនការដើម្បីពង្រីកអំណាចបារាំងលើវៀតណាមទាំងមូលហើយបានប្រមើល​ឃើញកម្ពុជាជាប្រទេសទ្រនាប់រវាងដែនកម្មសិទ្ធិបារាំងនៅវៀតណាមនិងសៀម។ នៅថ្ងៃ ១១ សីហា ១៨៦៣ ព្រះបាទនរោត្តមបានចុះព្រះហស្ថលេខាលើសន្ធិសញ្ញាមួួយដែលទទួលស្គាល់​អាណាព្យាបាលបារាំងលើព្រះរាជាណាចក្ររបស់ទ្រង់។

ស្ថិតនៅក្រោមសន្ធិសញ្ញានេះ របបរាជានិយមនៅកម្ពុជាត្រូវបានបន្សល់ឱ្យនៅមានដដែល ក៏ប៉ុន្តែអំណាចត្រូវបានស្ថិតក្នុងដៃនៃឯកាធិបតីដ៏ច្រើនសម្បើមដែលមានទីតាំងនៅភ្នំពេញ។ បារាំងក៏ទទួលបន្ទុកលើទំនាក់ទំនងការបរទេសនិងពាណិជ្ជកម្មរបស់កម្ពុជាផងដែរ ដូចគ្នាបារាំងក៏ផ្ដល់នូវការការពារខាងយោធា។ សៀមក្រោយមកបានទទួលស្គាល់អាណាព្យាបាលរបស់បារាំងបន្ទាប់ពីបារាំងបាន​ប្រគល់ខេត្តបាត់ដំបង​របស់កម្ពុជា និងទទួលស្គាល់ការគ្រប់គ្រងរបស់ថៃនៅអង្គរ។

នៅ​ឆ្នាំ ១៨៦២ បន្ទាប់​ពី​ដំណើរ​របស់​ឧត្ដមនាវី​បូណា (ទេសាភិបាល​បារាំង​ប្រចាំ​ក្រុងព្រៃនគរ) មក​កម្ពុជា បារាំង​យល់ថា ភូមិសាស្ត្រ​អាច​ឱ្យ​បារាំង​បង្កើត​មូលដ្ឋាន​បន្ត​ដំណើរ​ទៅ​កាន់កាប់​ទិស​ឧត្ដរ និង​បស្ចិម​នៃ​ឥណ្ឌូចិន ព្រមទាំង​អាច​បង្កើត​របាំង​ខណ្ឌ​ដែនដី ដែល​កាន់កាប់​ដោយ​បារាំង និង​អង់គ្លេស​នៅ​ឥណ្ឌូចិន​។ បារាំង​ឱ្យ​លោក ឡាក្រង់ឌីយែ មក​ចរចា​បញ្ចុះបញ្ចូល ព្រះបាទនរោត្ដម (១៨៦១-១៩០៤) ឱ្យ​យល់ព្រម​ចុះ​ព្រះហស្ថលេខា​លើ​សន្ធិសញ្ញា​ស្ដីពី​អាណាព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា ថ្ងៃ ១១ សីហា ១៨៦៣​។

ប្រទេស​សៀម ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សន្ធិសញ្ញា​នេះ ហើយ​ធ្វើការ​គំរាមកំហែង ព្រះបាទនរោត្ដម​ដោយ​មិន​ព្រម​ប្រគល់​ម្កុដរាជ និង​គ្រឿង​រាជកកុធភណ្ឌ​មក​ថ្វាយ​ព្រះអង្គ​វិញ​ទេ​។ ពួក​មន្ត្រី​ខ្មែរ​ដែល​មាន​និន្នាការ​លំអៀង​ទៅ​ខាង​សៀម​បាន​ទាក់ទាញ ព្រះបាទនរោត្ដម ឱ្យ​វិល​មក​រក​សៀម​វិញ​។ ប៉ុន្តែ បារាំង​បាន​ប្រឆាំង​តប​វិញ ដោយ​បញ្ជូន​កប៉ាល់​ប្រាំ​គ្រឿង និង​ទាហានជើងទឹក ១០០ ​នាក់ ឡើង​មក​កាន់​រាជធានីឧត្ដុង្គ និង​ ទីក្រុងភ្នំពេញ​។

បារាំង​បាន​យល់ព្រម​ប្រគល់​ខេត្តបាត់ដំបង និង​សៀមរាប​ឱ្យ​ទៅ​សៀម និង​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សៀម ស្ដីពី​ពិធី​រាជាភិសេក​ព្រះបាទនរោត្ដម​ជា​ព្រះមហាក្សត្រ​ពេញលក្ខណៈ​នៅ​រាជធានីឧដុង្គ នា​ថ្ងៃ ៣ មិថុនា ១៨៦៤​។ មកដល់​ឆ្នាំ ១៨៦៧ ទើប​សៀម​ព្រម​ទទួលស្គាល់​សិទ្ធិ​របស់​ប្រទេស​បារាំង ដើម្បីដាក់​របប​អាណាព្យាបាល​មក​លើ​កម្ពុជា​។

អាសនៈនៃអគ្គទេសាភិបាលសម្រាប់សហភាពឥណ្ឌូចិនទាំងមូលមានទីតាំងនៅហាណូយ ដែលស្ថិតនៅតុងកឹង (ឥឡូវគឺវៀតណាមខាងជើង)។ កម្ពុជា ក៏ជារដ្ឋអាណាព្យាបាលរួមផ្សំនៃសហភាពឥណ្ឌូចិនដែរ ដែលត្រូវបានគ្រប់គ្រងដោយ Résident Supérieur (រេស៊ីដង់ស៊ុពែរីយ៉េ) រឺ ឯកាធិបតី សម្រាប់កម្ពុជា ដែលត្រូវបានតែងតាំងដោយផ្ទាល់ដោយ ក្រសួងជើងទឹកនិងអាណានិគមនៅប៉ារីស។ ឯកាធិបតី (រេស៊ីដង់ស៊ុពែរីយ៉េ) គឺនៅពេលនោះត្រូវបានជួយដោយពួកឯកាភិបាល (រេស៊ីដង់) រឺ ពួកអភិបាលក្នុងតំបន់ (ចៅហ្វាយខេត្ត) ដែលត្រូវបានគេដាក់នៅតាមមជ្ឈមណ្ឌលខេត្តនានា (ទីរួមខេត្ត) ដូចជា បាត់ដំបង ពោធិ៍សាត់ ឧដុង្គ និង សៀមរាប។ ភ្នំពញ ជារាជធានី គឺត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ឯកាធិបតី (រេស៊ីដង់ស៊ុបពែរីយ៉េ)។

ឯកាធិបតីបានក្ដោបក្ដាប់អំណាចដ៏សន្ធឹកសន្ធាប់ ក៏ប៉ុន្តែបុគ្គលដែលនៅក្នុងតំណែងនេះជារឿយៗចង់បានអំណាចលើសពីនេះទៀត។ នៅឆ្នាំ ១៨៩៧ ឯកាធិបតីដែលកំពុងតែកាន់តំណែង បានត្អូញត្អែរទៅទីក្រុងប៉ារីសថាស្ដេចបច្ចុប្បន្ននៃកម្ពុជា ព្រះបាទនរោត្តមលែងសាកសមដើម្បីដឹកនាំ និងស្នើសុំកាន់អំណាចរបស់ស្ដេចដើម្បីប្រមូលពន្ធ ចេញរាជក្រិត្យ និងសូម្បីតែតែងតាំងមន្ត្រីរាជការ និងជ្រើសរើសពួកព្រះអង្គម្ចាស់ម្កុដរាជ្យ (ព្រះបុត្រាស្នងរាជ្យ)។

ចាប់ពីពេលនោះមក ព្រះបាទនរោត្តម និងពួកស្ដេចនាពេលអនាគតរបស់កម្ពុជាក្លាយជាស្ដេចដែលមានតែឈ្មោះ និងជាឧបត្ថាកសាសនាព្រះពុទ្ធនៅកម្ពុជា ទោះយ៉ាងណាក្ដីក៏ពួកទ្រង់នៅតែមើលឃើញថាជាស្ដេចទេវរាជតាមរយៈក្រសែភ្នែក​របស់ប្រជាជនស្រុកស្រែចម្ការដដែល។ អំណាចផ្សេងៗទាំងអស់គឺនៅក្នុងកណ្ដាប់ដៃនៃពួកឯកាធិបតី (រេស៊ីដង់ស៊ុបពែរីយ៉េរ) និងការិយាធិបតេយ្យអាណានិគម។ យ៉ាងណាក៏ដោយ ការិយាធិបតេយ្យនេះគឺត្រូវបានបង្កើតឡើង​ដោយពួកមន្ត្រីបារាំងភាគច្រើនបំផុត និងជនជាតិមួយទៀតដែលត្រូវបានគេអនុញ្ញាតដោយសេរីគឺពួកជនជាតិយួន ដែលគេឃើញថាជាពួកជនជាតិអាស៊ីដែលត្រួតត្រាគេនៅសហភាពឥណ្ឌូចិន។

នៅឆ្នាំ ១៩០៤ ព្រះបាទនរោត្តមបានសោយទិវង្គត។ ផ្ទុយពីផ្ទេររាជបល្ល័ង្កបន្តអោយទៅរាជបុត្រារបស់ព្រះនរោត្តម ពួកបារាំងបានផ្ទេររាជ្យសម្បត្តិទៅព្រះភាតារបស់ព្រះនរោត្តម គឺព្រះបាទស៊ីសុវត្ថិ ដែលខ្សែរាជវង្សរបស់ទ្រង់មិនរឹងរូស និងជាតិនិយមតិចចំពោះការគ្រប់គ្រងរបស់បារាំងជាងខាងព្រះនរោត្តម ដែលបានបង្ហាញថាជាខ្សែរាជវង្សជាតិនិយមខ្លាំង។ ដូចដែរ គេបានឃើញថាព្រះនរោត្តម ជាអ្នកទទួលខុសត្រូវចំពោះការបះបោរខ្មែរឥតឈប់ឈរប្រឆាំង នឹង ការគ្រប់គ្រងរបស់បារាំង។ ហេតុផលផ្សេងមួយទៀតគឺថារាជបុត្រជាទីសព្វព្រះរាជហឫទ័យរបស់ព្រះនរោត្តម ដែលទ្រង់ចង់អោយសោយរាជ្យបន្តព្រះអង្គ ជាព្រះមហាក្សត្រ គឺព្រះអង្គម្ចាស់យុគន្ធរ បានធ្វើដំណើរទៅកាន់អឺរ៉ុប បង្កភាពវឹកវរដោយលើកឡើងជាសាធារណៈ​អំពីភាពឃោរឃៅព្រៃផ្សៃនៃអាណានិគមបារាំងនៅកម្ពុជា ដែលពួកគេកំពុងតែបានគ្រប់គ្រងកាន់កាប់។

នៅគ្រានោះដែរ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ និងបុត្ររបស់ទ្រង់ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស ប្រទេសមានសន្តិភាព ទោះបីជាក្សត្រទាំងពីរអង្គគ្មានអំណាចអ្វីសោះឡើយ ដោយហេតុតែពួកទ្រង់ជាតុក្កតា និងឧបករណ៍ដែលអាចបត់បែនបានដោយពួកបារាំង។ កំឡុងរជ្ជកាលរបស់ព្រះស៊ីសុវត្ថិ ពួកបារាំងបានសម្រេចជោគជ័យក្នុងការធ្វើឱ្យ​ស្ដេចកំណែទម្រង់របស់ប្រទេសថៃ ព្រះបាទចុល្លាង្ករណ៍ចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយនៅឆ្នាំ ១៩០៧ ដែលនាំត្រឡប់មកវិញនូវខេត្តភាគពាយព្យ បាត់ដំបង និងសៀមរាបត្រលប់មកក្រោមការគ្រប់គ្រងរបស់កម្ពុជាវិញ។ ក្នុងន័យនេះ ខ្សែរាជវង្សខាងព្រះស៊ីសុវត្ថិត្រូវបានគេមើលឃើញ​ថាបាននាំយកទឹកដីមកឱ្យប្រទេសខ្មែរវិញ ត្បិត កម្ពុជាស្ថិត​នៅក្រោមការគ្រប់គ្រងនៃអាណានិគមបារាំងយ៉ាងសង្កត់សង្កិតយ៉ាងណាក៏ដោយ។

ក) ស្ថានភាពនយោបាយខ្មែរ

រហូតមកដល់ស.វ. ទី១៩ គឺក្នុងរាជ្យព្រះបាទអង្គឌួង (១៨៤១ – ១៨៦០) ប្រទេសខ្មែរនៅតែស្ថិតក្រោមអំណាចសៀម និងយួននៅឡើយ។ ពួកនេះនៅប្រចាំការអមព្រះអង្គ ដើម្បីសម្រេចកិច្ចការរបស់ខ្មែរ។ ចាប់តាំងពីបានឡើងសោយរាជ្យមក ព្រះបាទអង្គឌួងទ្រង់តូចព្រះទ័យយ៉ាងខ្លាំងចំពោះការបាត់បង់ទឹកដីយ៉ាងច្រើន ដែលពួកយួន និងសៀមប្រវ័ញ្ចយកទៅដោយខុសច្បាប់។ ព្រះអង្គបានខិតខំរកគ្រប់មធ្យោបាយដើម្បីរំដោះទឹកដី និងគេចឲ្យផុតពីភាពចំណុះគេនេះ។

នៅឆ្នាំ ១៨៥៤ បព្វជិតបារាំងម្នាក់ឈ្មោះមីស (Miche) ដែលស្និទ្ធនឹងព្រះអង្គឌួង បានថ្វាយយោបល់ដល់ព្រះអង្គឲ្យធ្វើទំនាក់ទំនងជាមួយព្រះចៅអធិរាជបារាំងណាប៉ូលេអុងទី៣ ដើម្បីឲ្យបារាំងជួយការពារប្រទេសកម្ពុជា។ ក្រោយពីទទួលលិខិតនិងដង្វាយ ណាប៉ូលេអុងទី៣បានបញ្ជូនគណៈប្រតិភូរបស់ខ្លួនគឺលោកដឺម៉ុងទីញី ឲ្យមកកម្ពុជាយ៉ាងរួសរាន់ (១៨៥៥) ដើម្បីពិនិត្យស្ទាបស្ទង់ស្ថានភាព។ គ្រាន់តែលោកដឺម៉ុងទីញីមកដល់កំពតភ្លាម សៀមបានដឹងកិច្ចការនេះ ហើយបានប្រឆាំងយ៉ាងខ្លាំងក្លា។

សៀមបានកំហែងព្រះបាទអង្គឌួងថា បើព្រះអង្គចុះសន្ធិសញ្ញាសម្ព័ន្ធភាពនឹងបារាំងដែលមានដឺម៉ុងទីញីជាតំណាងនោះ សៀមនឹងលើកទ័ពចូលមកកម្ទេចខ្មែរមិនខាន ហើយពុំព្រមប្រគល់គ្រឿងរាជកកុធភ័ណ្ឌថ្វាយមកព្រះអង្គឡើយ។ ដូចនេះសៀមពុំបានធ្វើឲ្យព្រះបាទអង្គឌួងសម្រេចព្រះបំណងឡើយ។ នៅថ្ងៃទី១៩ តុលា ឆ្នាំ១៩៦០ ព្រះបាទអង្គឌួងបានចូលទិវង្គត។ រាជបុត្រច្បងរបស់ព្រះអង្គ គឺសត្ថាច្រឡឹងឡើងគ្រងរាជសម្បត្តិស្នង ដោយមាននាមសម្រាប់រាជ្យថាព្រះបាទនរោត្ដម។

ខ) ស្ថានភាពនយោបាយបារាំង

នៅគ្រប់ទីកន្លែង បារាំងបានប៉ះទង្គិចនឹងមហិច្ឆតារបស់អង់គ្លេសរហូតដល់ឆ្នាំ ១៨៣០។ បារាំងមានបំណងបង្កើតអាណានិគមដ៏ធំទូលាយមួយនៅ អាហ៊្វ្រិក និងនៅអាស៊ីជាថ្នូរ នឹងអាណានិគមរបស់ខ្លួនដែលបានបាត់បង់នៅអាមេរិក (រដ្ឋល្វីស្យ៉ាណាត្រូវលក់ទៅឲ្យអាមេរិក ឯរដ្ឋកាណាដាត្រូវអង់គ្លេសដណ្ដើមយក)។

នៅអាស៊ីបារាំងបានតម្រង់ទិសដៅមករកប្រទេសចិនភាគខាងត្បូង និងបណ្ដាប្រទេសនៅឥណ្ឌូចិនមាន កម្ពុជា វៀតណាម លាវ សៀម។ នៅក្នុងប្រទេសទាំងនេះ មានបេសកបព្វជិតកាតូលិកចូលមកផ្សព្វផ្សាយសាសនាជាយូរមកហើយ និងយ៉ាងស្ងាត់កំបាំងតាមរយៈប្រជាជនដែលកាន់សាសនាយេស៊ូ។

បារាំងសម្លឹងឃើញផលប្រយោជន៍យ៉ាងច្រើន បន្ទាប់ពីបានចូលមកនៅជាអ្នកជិតខាងខ្មែរលើទឹកដីកូសាំងស៊ីន។ ទីមួយបារាំងយល់ថា ទន្លេមេគង្គជាផ្លូវទឹកមួយយ៉ាងសំខាន់អាចឲ្យគេជ្រៀតចូលទៅក្នុងប្រទេសចិនភាគខាងត្បូង។ ទី២ គេត្រូវកម្ចាត់គ្រោះថ្នាក់ទាំងឡាយដែលគំរាមកំហែងលើអាណានិគមថ្មីរបស់គេឲ្យអស់ ពិសេសបណ្ដាប្រទេសមកពីប្រទេសសៀម ដែលមានអធិរាជអង់គ្លេសនៅពីខាងក្រោយ។ក្រោយមកនៅគ.ស. ១៨៦២ លោកឧត្ដមសេនីយត្រីបូណា ទេសាភិបាលនៃដែនដីកូសាំងស៊ីនចូលមកស្រុកខ្មែរ ក្ដាប់សភាពការណ៍ម្ដងទៀត ដោយឆ្លៀតឱកាសចូលគាល់សម្ដេចនរោត្ដមផង។

នៅដើមឆ្នាំ ១៨៦៤ បារាំងបានគាបសង្កត់បាងកកតាមផ្លូវទូត និងផ្លូវយោធា ដើម្បីឲ្យបាងកកបញ្ជូនត្រា ព្រះខ័នរាជ្យ និងម្កុដរាជ្យ សម្រាប់ពិធីរាជាភិសេកព្រះបាទនរោត្ដម ជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧដុង្គនាថ្ងៃទី ៣ មិថុនា ១៨៦៤។

មកដល់ឆ្នាំ ១៨៦៧ បារាំង និងសៀមបានស្រុះស្រួលយល់ព្រមចំពោះបញ្ហាខ្មែរ ដែលពីមុនមកមានទំនាស់ដោយសារសៀមមានអង់គ្លេសនៅពីក្រោយ ឯបារាំងចង់ផ្ទេរការកាន់កាប់ខ្មែរពីសៀម។ ម្យ៉ាងទៀត បរិយាកាសធូរស្រាលខ្លះៗ បានកើតមានឡើងរវាងបារាំង និងអង់គ្លេស ព្រោះ ប្រទេសទាំងពីរបានក្លាយទៅសម្ព័ន្ធមិត្តក្នុងការប្រឆាំងនឹងចិន គឺចលនាថាយភិង (ឈ្មោះសមាគមសម្ងាត់នៅប្រទេសចិន ងើបឡើងប្រឆាំង នឹងអ្នកកាន់អំណាចជាតិផង និងពួកបរទេសផង)។

សន្ធិសញ្ញាថ្ងៃទី ១៥ កក្កដា ១៨៦៧ មានន័យថាបារាំងព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបទៅឲ្យសៀម។ ឯសៀមព្រមទទួលស្គាល់សិទ្ធិរបស់បារាំងក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជា។ ម្យ៉ាងទៀតបារាំងសន្យាថាមិនបញ្ចូលប្រទេសខ្មែរជាអាណានិគមដូចកម្ពុជាក្រោមឡើយ។

សូមអញ្ជើញរង់ចាំអានភាគ០២ ជាបន្តទៀត សូមអរគុណ…………………………………..

Related posts
ប្រវត្តិសាស្រ្តខ្មែរ

បើ​តាមកំណត់ត្រា​លោក ជីវ តាក្វាន់ ខ្មែរ​ប្រារព្ធពិធីចូលឆ្នាំយ៉ាង​ដូចម្ដេច?​

ប្រវត្តិសាស្រ្តខ្មែរ

មកដឹងពីប្រវត្តិរបាំព្រះរាជទ្រព្យដែលជាបេតិកភ័ណ្ឌមរតជាតិខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

រឿងដំណាលនៃរឿង «កូរសមុទ្រទឹកដោះ» ដែលជាទីពេញនិយមឆ្លាក់នៅលើជញ្ជាំងប្រសាទបុរាណខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

ហេតុអ្វីបានជាបញ្ហាព្រំដែន បានក្លាយជាទំនាស់ជាតិសាសន៍?

Leave a Reply

Your email address will not be published.