
២. អំណាចត្រួតត្រារបស់បារាំង
អាសនៈអគ្គទេសាភិបាលសម្រាប់សហភាពឥណ្ឌូចិនទាំងមូលត្រូវតាំងនៅសៃហ្គនរហូតដល់រដ្ឋធានីនេះត្រូវបានរើទៅកាន់ហាណូយនៅឆ្នាំ ១៩០២។ កម្ពុជា ក្លាយជាដែនអាណាព្យាបាលសំខាន់មួយនៃសហភាពឥណ្ឌូចិន ដែលត្រូវបានអភិបាលដោយ Résident Supérieur (ឯកាធិបតី) សម្រាប់កម្ពុជា រេស៊ីដង់ស៊ុបពែរីយ៉េត្រូវបានតែងតាំងដោយផ្ទាល់ពីក្រសួងជើងសមុទ្រនិងអាណានិគមនៅប៉ារីស។ ឯកាធិបតីត្រូវបានជួយជាលំដាប់លំដោយដោយពួកឯកាភិបាល រឺ ពួកអ្នកអភិបាលដែនដី ដែលឈរជើងនៅគ្រប់មជ្ឈមណ្ឌលខេត្តទាំងអស់ដូចជា បាត់ដំបង ពោធិ៍សាត់ ឧដុង្គ និង សៀមរាប។ ភ្នំពេញ គឺជាធានី ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនៃរដ្ឋបាលរបស់ឯកាធិបតីដោយផ្ទាល់។
ក) ការរៀបចំរដ្ឋបាលខ្មែរឡើងវិញរបស់បារាំង
នៅឆ្នាំ ១៨៩៦ បារាំងនិងចក្រភពប៊្រិតថេនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលទទួលស្គាល់មណ្ឌលឥទ្ធិពលទាំងសងខាងលើឥណ្ឌូចិន ជាពិសេសលើសៀម។ ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ សៀមត្រូវប្រគល់ខេត្តនៅតំបន់អង្គរត្រឡប់ទៅកម្ពុជាដែលកាលណោះគ្រប់គ្រងដោយបារាំង។ កិច្ចព្រមព្រៀងនេះបានទទួលស្គាល់អំណាចគ្រប់គ្រងរបស់បារាំងលើវៀតណាម (រួមមានអាណានិគមកូសាំងស៊ីន និងអាណាព្យាបាលអណ្ណាមនិងតុងកឹង) កម្ពុជា ដូចគ្នានេះដែរ លាវ ដែលត្រូវបានបញ្ចូលនៅឆ្នាំ ១៨៩៣ បន្តបន្ទាប់ពីជ័យជម្នះបារាំងនៅក្នុងសង្គ្រាមបារាំង-សៀម និងដោយសារឥទ្ធិពលបារាំងលើសៀមភាគខាងកើត។ រដ្ឋាភិបាលបារាំងក្រោយមកក៏បានដាក់ទីតាំងរដ្ឋបាលថ្មីនៅក្នុងដែនអាណានិគមនេះ និងបានចាប់ផ្ដើមអភិវឌ្ឍខាងសេដ្ឋកិច្ចដែលនាំចូលវប្បធម៌និងភាសាបារាំងទៅជាផ្នែកនៃកម្មវិធីសមានកម្ម។
នៅឆ្នាំ ១៨៩៧ ឯកាភិបាលដែលកំពុងកាន់អំណាចបានប្ដឹងទៅកាន់ប៉ារីសថា ព្រះមហាក្សត្រខ្មែរដែលកំពុងតែសោយរាជ្យ ព្រះបាទនរោត្តមលែងសាកសមគ្រងរាជ្យ និងស្នើសុំការអនុញ្ញាតដើម្បីក្ដាប់អំណាចប្រមូលពន្ធដាររបស់ព្រះអង្គ ចេញរាជក្រឹត្យ និងថែមទាំងចង់បានអំណាចតែងតាំងមន្ត្រីរាជការ ហើយនិងជ្រើសរើសព្រះរាជបុត្រស្នងរាជ្យទៀតផង។ ចាប់តាំងពីពេលនោះមក ព្រះបាទនរោត្តម និងពួកស្ដេចនៃកម្ពុជាបន្តបន្ទាប់មកទៀតត្រូវបានក្លាយជាតួអង្គមានតែនាម និងគ្រាន់តែជាអ្នកឧបត្ថាកពុទ្ធសាសនានៅកម្ពុជាតែប៉ុណ្ណោះ បើទោះណាពួកទ្រង់ក៏នៅតែមើលឃើញថាជាស្ដេចទេវរាជដដែលដោយប្រជាជនស្រុកស្រែចម្ការសាមញ្ញ។
អំណាចផ្សេងៗទាំងអស់ត្រូវស្ថិតនៅក្នុងដៃនៃឯកាធិបតី និងការិយាធិបតេយ្យអាណានិគម។ មិនទៅតិចអ្វីទេ ការិយាធិបតេយ្យនេះត្រូវបានបង្កើតឡើងភាគច្រើនបំផុតដោយពួកអ្នករដ្ឋការបារាំង និងមានតែជនជាតិអាស៊ីមួយចំនួនដែលអនុញ្ញាតដោយសេរីដើម្បីចូលរួមក្នុងរដ្ឋាភិបាលគឺជនជាតិយួន ដែលត្រូវគេមើលឃើញថាជាជនជាតិអាស៊ីដែលគ្រប់គ្រងគេនៅក្នុងសហភាពឥណ្ឌូចិន។
នៅឆ្នាំ ១៩០៤ ព្រះបាទនរោត្តមបានសោយទិវង្គត និង ផ្ទុយពីការផ្ទេររាជបល្ល័ង្កបន្តទៅឱ្យព្រះរាជបុត្ររបស់ទ្រង់ ពួកបារាំងក៏បានផ្ទេរបន្តទៅឱ្យព្រះអនុជរបស់ព្រះបាទនរោត្តម គឺព្រះបាទស៊ីសុវត្ថិ ដែលខ្សែរាជវង្សរបស់ទ្រង់មិនសូវរឹងទទឹង និងមិនជាតិនិយមជ្រុល ចំពោះការគ្រប់គ្រងរបស់បារាំងជាងខ្សែរាជវង្សព្រះនរោត្តម។ ទន្ទឹមនឹងនោះ ព្រះនរោត្តមត្រូវបានគេឃើញថាទទួលខុសត្រូវចំពោះការបះបោរខ្មែរឥតឈប់ឈរប្រឆាំងនឹងការគ្រប់គ្រងរបស់បារាំង។ ហេតុផលមួយទៀតនោះគឺព្រះរាជបុត្រសំណព្វព្រះហឫទ័យរបស់ព្រះបាទនរោត្តម ដែលទ្រង់ចង់ឱ្យសោយរាជ្យបន្តព្រះអង្គជាព្រះមហាក្សត្រ គឺព្រះអង្គម្ចាស់យុគន្ធរ ធ្លាប់បានធ្វើដំណើរទៅកាន់អឺរ៉ុប បានបើកឡើងជាសាធារណៈនូវភាពព្រៃផ្សៃនៃអាណានិគមបារាំងនៅកម្ពុជា។ បារាំងក្រោយមកបានរឹតបន្តឹងអំណាចគ្រប់គ្រងរបស់ខ្លួនលើកម្ពុជាគ្រាដែលកំពុងពង្រីកទឹកដីអាណាព្យាបាលរបស់ខ្លួននៅឆ្នាំ ១៩០២ និង ១៩០៤ តាមរយៈសន្ធិសញ្ញាមួយចំនួនជាមួយសៀម ដែលបានបញ្ចូលខេត្តព្រះវិហារមកកម្ពុជា និង ផ្ដល់ឱ្យបារាំងគ្រប់គ្រងលើទន្លេបាសាក់ជាបន្តបន្ទាប់រៀងមក។
ទំនាស់ទឹកដីក្រោយមកទៀតរវាងបារាំង និង សៀមមកលើខេត្តបាត់ដំបង និង សៀមរាប បានឈានទៅដល់ការកាន់កាប់ខេត្តត្រាច (ត្រាត) ដោយបារាំងរហូតដល់សៀមប្រគល់មកវិញដោយសារការគាបសង្កត់របស់បារាំង ដូច្នេះហើយសៀមក៏បានប្រគល់ខេត្តទាំងប៉ុន្មាននោះមកវិញ នៅឆ្នាំ ១៩០៧ ដើមឡើយវាជាទឹកដីកម្ពុជារហូតមកដល់ចុងសតវត្សទី១៨ ដែលត្រូវប្រគល់រួមគ្នានឹងខេត្តបន្ទាយមានជ័យ។ ការទទួលបាននៃខេត្តទាំងនេះបានក្លាយជាដំណាក់កាលចុងក្រោយនៃការពង្រីកទឹកដីរបស់បារាំងនៅឥណ្ឌូចិនជាពេលដែលសៀមក្រោយមកបានសហការជាមួយពួកប៊្រិតថេនក្នុងតំបន់ ដោយភ័យខ្លាចចំពោះការពង្រីកទឹកដីរបស់បារាំងដែលមិនអាចគ្រប់គ្រងបាន និង ការគ្រប់គ្រងសៀមនឹងអាចធ្វើឱ្យក្រឡាប់ចាក់តុល្យភាពនៃពួកមហាអំណាចនៅឥណ្ឌូចិន។
ខ) ដំណាក់កាលទី១
ដំបូងបារាំងប្រើវិធីត្រជាក់ក្នុងការអនុវត្តការត្រួតត្រាខ្មែរ។ ក្រោយពីត្រឡប់ទៅព្រៃនគរវិញ បារាំងបានកំណត់គោលការណ៍ពីរយ៉ាងគឺ៖
- ដើម្បីបានបញ្ចូលដែនដីកូសាំងស៊ីនជាកម្មសិទ្ធិរបស់ខ្លួន បារាំងបានយកលេសមួយសមស្របមកកំណត់។ ពោលគឺបារាំងមានសិទ្ធិលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ព្រោះប្រទេសខ្មែរពីមុនមកធ្លាប់ជាសាមាន្តរដ្ឋរបស់យួន។
- លោកទេសាភិបាល បូណាសង្កត់ធ្ងន់លើសេចក្ដីប្រាថ្នារបស់សៀមមកលើប្រទេសខ្មែរ ដែលប្រទេសបារាំងត្រូវតែការពារឯករាជ្យនៃប្រទេសនេះ ដែលមានការទំនាក់ទំនងទៅនឹងសន្តិភាពនៃដែនដីកូសាំងស៊ីន។
ក្រោយពីបានទូលថ្វាយហេតុផលសព្វគ្រប់ និងសូមព្រះអង្គព្រមដាក់ប្រទេសខ្មែរឲ្យបារាំងជួយការពារ បព្វជិតមីស (Miche) ទ្រង់បានថ្វាយគម្រោងសន្ធិសញ្ញាមួយ ហើយទ្រង់បានធ្វើការពិភាក្សាជាមួយព្រះរាជាខ្មែរ។ លុះដល់ថ្ងៃទី ១១ សីហា ១៨៦៣ លោកឡាក្រង់ឌីយ៊ែ (La Grandière) បានចុះហត្ថលេខាលើសន្ធិសញ្ញាក្នុងនាមលោកផ្ទាល់ ជាមួយនិងសម្ដេចនរោត្ដមដែលបានយល់ព្រមទាំងញញើតញញើម។ នេះជាសន្ធិសញ្ញាលើកទី១ ដែលខ្មែរយល់ព្រមឲ្យបារាំងធ្វើអាណាព្យាបាល។
ខ្លឹមសារសន្ធិសញ្ញាថ្ងៃទី ១១ សីហា ១៨៦៣
- ផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ព្រះចៅអធិរាជបារាំងបានសន្យាថានឹងរៀបចំប្រទេសកម្ពុជាឲ្យស្ថិតក្នុងសន្តិភាព និងរបៀបរៀបរយ ការពារចំពោះការវាយលុកទាំងឡាយមកពីខាងក្រៅ និងជួយខ្មែរក្នុងការហូតពន្ធគយ ផ្ដល់ភាពងាយស្រួល ក្នុងការធ្វើគមនាគមន៍តាមផ្លូវសមុទ្រ។
- ជាថ្នូរវិញ ប្រទេសកម្ពុជាព្រមធ្វើសម្បទានដល់ប្រទេសបារាំងនូវដីម្ដុំជ្រោយចង្វារ និងបើកសិទ្ធិឲ្យបារាំងកាប់ឈើក្នុងព្រៃនៃព្រះរាជាណាចក្រកម្ពុជាដើម្បីយកទៅស្ថាបនាកប៉ាល់។
ទោះបីខាងភាគីខ្មែរចាញ់ប្រៀបខាងភាគីបារាំងខ្លះក៏ដោយ ក៏មតិខ្មែរខ្លះយល់ថា ខ្មែរអាចទទួលយកសន្ធិសញ្ញាថ្ងៃទី ១១ ខែ សីហា ១៨៦៣ ព្រោះបារាំងពុំបានទាន់ដកហូតអំណាចពីព្រះរាជាខ្មែរនៅឡើយ។ តែក៏មានអ្នកស្នេហាជាតិបានក្រោកឈរកាន់អាវុធប្រឆាំងដែរ។ ចាប់តាំងពីឆ្នាំ ១៨៦៣ មក ព្រះមហាក្សត្រខ្មែរ បានចុះព្រះហស្ថលេខាលើក្រឹត្យ ឬ សេចក្ដីប្រកាសជាច្រើន ដែលសុទ្ធតែផ្ដល់ចំណេញដល់បារាំងទាំងអស់។ ឃើញយ៉ាងនេះ ព្រះមហាក្សត្របានឱ្យមនុស្សជំនិតរបស់ព្រះអង្គបង្កការបះបោរដើម្បីការពារព្រះមហាក្សត្រ។
គ) ដំណាក់កាលទី២
នៅទសវត្សទី៩នៃសតវត្សទី១៩ សាធារណរដ្ឋទី៣នៃប្រទេសបារាំងមានស្ថេរភាពឡើងវិញហើយ។ អ្នកដែលឡើងកាន់អំណាចសុទ្ធជាបក្សពួកនិយមខាងពង្វាតអាណានិគមដូចជាលោកកំបែតាជាដើម។ ពួកនេះសម្រេចចិត្តថាត្រូវតែវាយដណ្ដើមយកតំបន់សេសសល់នៅឥណ្ឌូចិនមកកាន់កាប់ទៀត ហើយពង្រីកការត្រួតត្រានៅទីនោះឲ្យកាន់តែរឹងមាំឡើង
ទន្ទឹមនឹងការវាយប្រហារទៅលើតុងកឹងជាលើកទី២ និង ការវាយប្រហារទៅលើបន្ទាយនៅវ៉េ (១៨៨៣ – ១៨៨៥)។
នៅថ្ងៃទី ១៧ មិថុនា ១៨៨៤ សាលថុំសុន (Charles Thomson) ទេសាភិបាលដែនដីកូសាំងស៊ីន បានបញ្ជូនទាហានជើងទឹកមួយក្រុមឲ្យចូលទៅក្នុងវាំងទាំងកណ្ដាលអធ្រាត្រវេលាម៉ោង២២។ ពេលនោះប្រតិភូបារាំងម្នាក់បានបញ្ជាឲ្យដាស់ព្រះមហាក្សត្រដែលកំពុងផ្ទំលក់ ហើយបង្ខំឲ្យចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយទៀត។
សន្ធិសញ្ញានេះបានដកសិទ្ធិពីព្រះមហាក្សត្រ ដើម្បីឲ្យបារាំងធ្វើជាអ្នកអាណាព្យាបាលលើប្រទេសកម្ពុជាទាំងមូល។ ចាប់ពីពេលនោះ ប្រទេសកម្ពុជាក៏ក្លាយជាអាណានិគមពិតប្រាកដរបស់បារាំង។
មាត្រាខ្លះក្នុងចំណោមមាត្រាទាំងអស់លើកកិច្ចព្រមព្រៀងនេះ មានខ្លឹមសារដូចជា៖
- ព្រះមហាក្សត្រត្រូវទទួលស្គាល់ជាមុន នូវកំណែទម្រង់ផ្នែករដ្ឋបាល តុលាការ ហិរញ្ញវត្ថុ និងពាណិជ្ជកម្មដែលសាធារណរដ្ឋបារាំងយល់ថាគួរតែធ្វើក្នុងអនាគតកាល។
- ក្នុងការគ្រប់គ្រងខេត្ត និងក្រសួងនានា មន្ត្រីខ្មែរត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរបារាំង។ ឯក្រសួងគយ ពន្ធដារ ក្រសួងសាធារណការ និងក្រសួងឯទៀតដែលប្រើវិស្វករ បានត្រូវបារាំងកាន់កាប់ដោយផ្ទាល់។
- រដ្ឋាភិបាលបារាំងអាចតែងតាំងរេស៊ីដង់ (résident ប្រែថាអ្នកតំណាង រឺ ឯកាភិបាល) និងរេស៊ីដង់រងឲ្យត្រួតពិនិត្យមន្ត្រីខ្មែរនៅតាមទីរួមខេត្ត។
- ខេត្តដែលពីមុនមកមានចំនួន ៥៧ ត្រូវបង្រួមមកត្រឹម ៥០ ហើយមានចែកជាស្រុក និងឃុំ។
- ចំណាយទាំងឡាយរបស់រាជការខ្មែរ និងរបស់រដ្ឋការអាណាព្យាបាលបារាំងជាបន្ទុករបស់ប្រទេសកម្ពុជា។
- ព្រះរាជាត្រូវទទួលប្រាក់បៀវត្សដែលមានកម្រិតជាក់លាក់ ហើយមិនអាចខ្ចីប្រាក់ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលបារាំងឡើយ។
- ដីធ្លីក្នុងព្រះរាជាណាចក្រទាំងមូល ពីដើមជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រ ឥឡូវពួកអាជ្ញាធរបារាំង និងខ្មែរអាចរៀបចំឲ្យមានកម្មសិទ្ធិឯកជនខាងដីធ្លី។
- ក្រុងភ្នំពេញ ត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់ទេសាភិបាលជាន់ខ្ពស់របស់បារាំង។ ទេសាភិបាលជាប្រធានក្រុមប្រឹក្សារាជធានី ដែលមានសមាសភាព ១២ រូប ក្នុងនោះជនជាតិបារាំង ៦ រូប ខ្មែរ ៣ រូប យួន ១ រូប ចិន ១ រូប និង ចាម ១ រូប។
មកដល់ឆ្នាំ ១៨៨៧ បារាំងទាមទារឱ្យព្រះមហាក្សត្រចុះព្រះហស្ថលេខាលើរាជក្រឹត្យមួយ មានន័យថា ព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែមិនត្រួតត្រាទេ។
ឃ) ដំណាក់កាលទី៣
នៅខែ តុលា ឆ្នាំ ១៨៨៧ មុនវាយដណ្ដើមប្រទេសលាវ បារាំងមានគម្រោងបង្កើតសហព័ន្ធមួយនៅលើទឹកដីទាំងឡាយដែលខ្លួនកាន់កាប់ហៅថា សហព័ន្ធឥណ្ឌូចិន មានន័យថា កម្ពុជា ជាដែនដីមួយចំណែករបស់បារាំង គឺជាប្រទេសមួយដែលផ្គត់ផ្គង់ផលិតផលកសិកម្ម និង វត្ថុធាតុដើមសម្រាប់ប្រទេសបារាំង។ ដប់ឆ្នាំក្រោយមក ឆ្នាំ១៨៩៧ ទើបសហព័ន្ធឥណ្ឌូចិនបានត្រូវបង្កើតឡើង ដោយមានការតែងតាំងអគ្គទេសាភិបាលមួយសម្រាប់ឥណ្ឌូចិនទាំងមូល។
សន្ធិសញ្ញាបារាំង-សៀមនាឆ្នាំ ១៩០៤ បានធ្វើឱ្យកម្ពុជាបាត់បង់ដែនដី ម្លូព្រៃ ទន្លេរពៅ និង ព្រះវិហារ។ ប៉ុន្តែសន្ធិសញ្ញាឆ្នាំ ១៩០៧ គឺក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ប្រទេសកម្ពុជាបានទទួលខេត្តបាត់ដំបង និងសៀមរាបមកវិញ។
ត្រលប់ទៅភាគ០១<>សូមរង់ចាំអានភាគ០៣ ជាបន្តសូមអរគុណ………………………..