
៦. ចលនាបះបោរប្រឆាំងនឹងបារាំងក្រោយសន្ធិសញ្ញាឆ្នាំ ១៨៦៣ និង ១៨៨៤
ទោះបីសន្ធិសញ្ញាថ្ងៃទី ១១ សីហា ឆ្នាំ ១៨៦៣ ស្ថិតនៅក្នុងការផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកក៏ដោយ ក៏អ្នកស្នេហាជាតិបានក្រោកឈរកាន់អាវុធប្រឆាំងនឹងការប៉ុនប៉ងរបស់បារាំងក្នុងការត្រួតត្រាប្រទេសខ្មែរដែរ។ បន្ថែមលើនេះសន្ធិសញ្ញាថ្ងៃទី ១៧ មិថុនា ១៨៨៤ រឹតតែបង្កភាពក្ដៅក្រហាយទ្វេឡើងគ្រប់ស្រទាប់ប្រជាជនខ្មែរ ដែលនាំឲ្យកើតមានចលនាតស៊ូជាហូរហែ៖
ចលនាតស៊ូរបស់អាចារ្យស្វា (១៨៦៤ – ១៨៦៦)
តាមពាក្យតំណាលតៗមក លោកអាចារ្យស្វាជាខ្ញុំបម្រើរបស់នាម៉ឺនម្នាក់ (ឧកញ៉ាវិជ្ជោសុខ) នៅរាជធានីឧដុង្គ។ ពេលបារាំងមកតាំងអាណាព្យាបាលលើប្រទេសខ្មែរនៅគ.ស ១៨៦៤ លោកអាចារ្យស្វាបានភៀសទៅកទ័ពវាយយកបានខេត្តទ្រាំង (កំពត – តាកែវ) ហើយលើកឆ្ពោះមកក្រុងភ្នំពេញទៀត។ ក្រោយមកកងទ័ពព្រះបាទនរោត្តម ដោយមានជំនួយពីកងទ័ពបារាំង បានធ្វើប្រតិបត្តិការសឹកដេញតាមចាប់លោកបាននៅថ្ងៃទី ១៩ សីហា ១៨៦៦។ លោកត្រូវបារាំងនិរទេសយកទៅដាក់នៅកោះត្រឡាច រួចបញ្ជូនទៅកោះរេអុយនីញុង(Réunion) ហើយទីបំផុតបញ្ជូនទៅកោះអង់ទី៊។
ចលនាបះបោររបស់ពោធិកំបោរ (១៨៦៥ – ១៨៦៧)
លោកពោធិកំបោរជាព្រះសង្ឃមួយអង្គ មានដើមកំណើតនៅខេត្តរោងដំរី។ នៅគ.ស ១៨៦៥ បារាំងបានផ្ដល់មធ្យោបាយជាលុយកាក់ឲ្យលោករស់នៅព្រៃនគរ ដើម្បីឃ្លាំមើលសកម្មភាពលោកតែប៉ុណ្ណោះ។ ខែ ឧសភា ១៨៦៦ លោកបានភៀសខ្លួនចូលទៅខេត្តរោងដំរី ហើយកទ័ពនៅទីនោះ។ នៅខែក្រោយមកមានមេទាហានបារាំងពីរនាក់ ត្រូវអ្នកស្នេហាជាតិខ្មែរសម្លាប់។ ទ័ពបារាំងនៅព្រៃនគរ បានលើកទៅបម្រុងនឹងកម្ចាត់លោក។
នៅខែ ធ្នូ ១៨៦៦ កងកម្លាំងពោធិកំបោរមានអ្នកចូលរួមប្រហែលមួយម៉ឺននាក់។ ចលនានេះធ្វើសកម្មភាពនៅព្រំដែនលាវ តាមតំបន់សងខាងទន្លេមេគង្គ និងនៅតំបន់ចន្លោះទីក្រុងឧដុង្គ និងភ្នំពេញ។ លោកបានឆ្លងចូលក្នុងប្រទេសខ្មែរ ហើយលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ និងភ្នំពេញ។ ប៉ុន្តែនៅខែមករា ១៨៦៧ ស្ថានភាពសឹក និងនយោបាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង រាស្ត្រក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។ កងទ័ពលោកពោធិកំបោរបានបរាជ័យនៅជាយភ្នំពេញ។ ពោធិកំបោររត់ទៅពួននៅកំពង់ស្វាយ រួចត្រូវកងទ័ពបារាំងចាប់ ហើយសម្លាប់យកក្បាលមកដោតនៅក្រុងឧដុង្គនៅខែ ធ្នូ ១៨៦៧។
ការបះបោរនៅឆ្នាំ១៨៨៥–១៨៨៦
ប៉ុន្មានទសវត្សដំបូងៗនៃការគ្រប់គ្រងបារាំងនៅកម្ពុជារួមមានកំណែទម្រង់មួយចំនួនក្នុងនយោបាយកម្ពុជា ដូចជាការកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រនិង លុបចោលទាសភាព។ នៅឆ្នាំ ១៨៨៤ ទេសាភិបាលឥណ្ឌូចិន លោកឝាល-អង់ថ្វាន-ផ្វ្រង់ស្វាស-ធមសុន មានបំណងរំលំព្រះមហាក្សត្រ និងធ្វើការគ្រប់គ្រងពេញទីលើកម្ពុជាដោយការបញ្ជូនកងកម្លាំងតូចមួយក្រុមចូលទៅកាន់ព្រះបរមរាជវាំងនៅភ្នំពេញ។ ការបង្កចលាចលនេះទទួលបានជោគជ័យតិចតួច ដូចនោះហើយអគ្គទេសាភិបាលសហភាពឥណ្ឌូចិនបានបង្អាក់ការធ្វើអាណានិគមកិច្ចពេញលេញដោយសារតែអាចនឹងមានការប៉ះទង្គិចគ្នាជាមួយប្រជាជនខ្មែរ ហើយអំណាចព្រះមហាក្សត្រត្រូវបានកាត់បន្ថយនៅត្រឹមតែជាស្ដេចមានតែឈ្មោះប៉ុណ្ណោះ។
នៅឆ្នាំ ១៨៨៥ ព្រះអង្គម្ចាស់ស៊ីវុត្ថា ព្រះអនុជបិតាតែមួយរបស់ព្រះនរោត្តម និិងក៏ជាគូប្រជែងរាជបល្ល័ង្កផងនោះ បានដឹកនាំការបះបោរដើម្បីទម្លាក់ព្រះបាទនរោត្តមដែលមានបារាំងនៅពីក្រោយខ្នង បន្ទាប់ពីទ្រង់ត្រឡប់ពីការនិរទេសនៅស្រុកសៀម។ ដោយប្រមែប្រមួលបានការគាំទ្រពីសំណាក់ពួកអ្នកប្រឆាំងនឹងព្រះនរោត្តម និងពួកបារាំង ទ្រង់ស៊ីវុត្ថាបានដឹកនាំការបះបោរមួយដែលដើមឡើយបានប្រមូលផ្ដុំគ្នានៅក្នុងព្រៃ នៅក្រុងកំពត។ កងកម្លាំងបារាំងក្រោយមកបានជួយដល់ព្រះនរោត្តមដើម្បីបង្ក្រាបស៊ីវុត្ថាស្ថិតក្រោមកិច្ចព្រមព្រៀមដែលប្រជាជនកម្ពុជាត្រូវទម្លាក់អាវុធចុះ និង ទទួលស្គាល់ឯកាភិបាលជាអំណាចកំពូលលើសគេក្នុងដែនអាណាព្យាបាលនេះ។
ចលនាបះបោររបស់ស៊ីវុត្ថា (១៨៦១ – ១៨៩១)
ព្រះអង្គស៊ីវុត្ថាត្រូវជាបុត្រាទី៣ របស់ព្រះបាទអង្គឌួង។ ដោយសារការច្រណែននឹងព្រះរាមទាំងពីរ គឺនរោត្ដម និងស៊ីសុវត្ថិដែលមានសិទ្ធិឡើងសោយរាជ្យ ព្រះអង្គក៏គេចបាត់ពីរាជធានីតែម្ដង (គ.ស ១៨៦១)។
ពីឆ្នាំ ១៨៦១ – ១៨៦២ ទោះបីពុំមានវត្តមានព្រះអង្គស៊ីវុត្ថាក៏ដោយ ចលនាបះបោរដែលបង្កដោយបក្សពួកព្រះអង្គបានលើកទៅវាយបានក្រុងភ្នំពេញ រួចកាន់កាប់រាជធានីឧដុង្គទៀត។ ចលនាស៊ីវុត្ថា បានបង្កការលំបាកយ៉ាងច្រើនដល់ព្រះមហាក្សត្រ និងពួកអាណាព្យាបាលបារាំង។ ព្រះបាទនរោត្ដមភៀសខ្លួនទៅសៀម ហើយយាងត្រឡប់មកវិញនៅខែ មីនា ១៨៦២ បន្ទាប់ពីចលនាបះបោរត្រូវបានបង្ក្រាប។ ស៊ីវុត្ថារត់រួច ហើយទៅកទ័ពធ្វើការបះបោរបន្តទៀត។
នៅគ.ស ១៨៧៦ ព្រះអង្គស៊ីវុត្ថាបានប្រឡប់ចូលស្រុកវិញ ហើយបំបះបំបោររាស្ត្រម្ដងទៀតនៅត្រង់ បាភ្នំ រំដួល ព្រៃវែង។ តែលើកនេះ ព្រះមហាឧបរាជស៊ីសុវត្ថិ ត្រូវចាត់ឲ្យចេញបង្ក្រាបបានរាបទាបវិញ ដោយមានជំនួយពីទ័ពបារាំងផង។ ព្រះអង្គស៊ីវុត្ថាបានដកខ្លួនថយទៅប្រទេសលាវភាគខាងត្បូងនៅខែ កុម្ភៈ ១៨៧៧ ដើម្បីរង់ចាំឱកាសល្អ។ ឱកាសល្អបានកើតមានឡើង នៅពេលចុះហត្ថលេខាដោយបង្ខំលើសន្ធិសញ្ញា ព្រះបាទនរោត្ដម ថុំសុន។
នៅឆ្នាំ ១៨៨៥ ព្រះអង្គស៊ីសុវុត្ថាបានរៀបចំខ្លួនប្រុងវាយឧដុង្គ ប៉ុន្តែត្រូវអាក់ខានទៅវិញ ហើយបានដកខ្លួនទៅព្រំដែនសៀម។
ក្នុងខែ ឧសភា ១៨៨៦ បក្សពួករបស់ព្រះអង្គស៊ីវុត្ថាចំនួន ៥០០០ នាក់ ចូលវាយភ្នំពេញ តែត្រូវគេកម្ចាត់ចេញ។ បន្ទាប់ពីពេលនោះមករហូតដល់ឆ្នាំ ១៨៩០ ការរំជើបរំជួលជាច្រើនកន្លែងបានធ្វើឲ្យកងទ័ពបារាំង និងកងទ័ពព្រះមហាក្សត្រ ខូចខាតយ៉ាងដំណំ។
ក្នុងខែ មីនា ១៨៩០ ពួកអាណានិគមបារាំងបានស្នើសុំជួបជាមួយព្រះអង្គស៊ីវុត្ថាដើម្បីធ្វើកិច្ចចរចា តែកិច្ចចរចានេះគ្មានលទ្ធផលអ្វីសោះ។
ក្នុងឆ្នាំ ១៨៩១ ព្រះអង្គម្ចាស់ស៊ីវុត្ថាបានទទួលមរណភាពដោយជំងឺនៅភាគខាងជើងសម្បូរ។ ចលនាបះបោររបស់ព្រះអង្គក៏បែកខ្ញែកគ្នាបន្តិចម្ដងៗ។
ចលនាបះបោរផ្សេងៗទៀត
ក្នុងឆ្នាំ ១៨៨៥ ចលនាតស៊ូជាច្រើនបានផ្ទុះឡើងនៅខេត្តមួយចំនួន។ ពិសេសគឺ ចលនាតស៊ូដឹកនាំដោយ ពិស្ណុលោកឈូក និងក្រឡាហោមគង់។
- ក្រឡាហោមគង់ (១៨៨៥ – ១៨៨៦) ចលនាបះបោរនេះមានបំណងប្រយុទ្ធរំដោះខ្លួនពីអំពើជិះជាន់របស់ពួកអាណាព្យាបាល។ ក្រឡាហោមគង់បានទទួលការគាំទ្រពីប្រជាកសិករ ជនជាតិចិនមួយចំនួន និងព្រះសង្ឃ។ នៅឆ្នាំ ១៨៨៦ បារាំងបានប្រើល្បិចអញ្ជើញក្រឡាហោមគង់មកធ្វើការចរចា រួចចាប់លោកចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់រហូតបាត់បង់ជីវិត។
- វិស្ណុលោកឈូក (១៨៨៥ – ១៨៨៦) ចលនាបះបោរនេះចូលជាមួយក្រុមរបស់ក្រឡាហោមគង់យ៉ាងខ្លាំង។ នៅពេលធ្វើដំណើរមកចូលរួមកិច្ចចរចាតាមសំណើពួកបារាំង លោកត្រូវគេធ្វើឃាត។
ពួកមន្ត្រីបារាំងជាច្រើនបានយល់ថា គឺព្រះបាទនរោត្ដមនេះហើយជាអ្នកដឹកនាំចលនាតស៊ូប្រឆាំងបារាំងនេះឯង។ ព្រះអង្គយល់ថា ការបង្ខំឲ្យទទួលយកសន្ធិសញ្ញាថ្ងៃទី ១៧ មិថុនា ១៨៨៤ ជាបញ្ហាយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា ទ្រង់បានរកមធ្យោបាយរំដោះប្រទេសព្រះអង្គដើម្បីឲ្យរួចពីនឹមត្រួតត្រាផ្ទាល់របស់បរទេស។
ព្រឹត្តិការណ៍ថ្ងៃទី ១៨ មេសា ១៩២៥
នៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ១៩២៥ នាភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានចលនាបះបោរមួយបានកើតឡើងផងដែរ។ ចលនាបះបោរនេះបង្កឡើងដោយមេក្រុមពីរនាក់ ឈ្មោះ ជួន និង នៅ ដែលបានប្រមូលបក្សពួករបស់គេតាមវាយប្រហារបារាំងនៅទីនោះ។ ក្នុងពេលដែលលោករេស៊ីដង់មោនសៀឡាត់មីនីស្ត្រាទ័រ (បាដេស) បានចុះទៅទារពន្ធដោយផ្ទាល់នៅសាលាឃុំក្រាំងលាវ ប្រជាជនដែលមិនសប្បាយចិត្តនឹងការគាបសង្កត់ទារពន្ធដារគ្រប់បែបយ៉ាងរបស់បារាំងបាននាំគ្នាតវ៉ាប្រឆាំង។
ការណ៍នេះបានផ្ដល់ឱកាសឲ្យចលនារបស់ជួន និងនៅ ដែលបង្កប់ខ្លួននៅទីនោះងើបឡើងបំបះបំបោរប្រជាជន រួចក៏បានសម្លាប់លោករេស៊ីដង់បាដេស អ្នកបកប្រែភាសាបារាំងម្នាក់ និងកងរក្សាស្រុកម្នាក់។ ចលនានេះបានធ្វើឲ្យបារាំងខឹងសម្បារយ៉ាងខ្លាំង រួចបានបង្គាប់ឲ្យព្រះបាទស៊ីសុវត្ថិចេញនូវព្រះរាជប្រកាសមួយប្ដូរឈ្មោះភូមិនេះ ពី ភូមិក្រាំងលាវ ទៅ ភូមិតិរិច្ឆាន នាថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩២៥។
៧. ប្រទេសកម្ពុជាចុងសម័យអាណានិគម
សង្គមសេដ្ឋកិច្ច
ព្រះបាទនរោត្ដម-សីហនុ បានឡើងសោយរាជ្យ នៅឆ្នាំ ១៩៤១ គឺចំពេលដែលភ្លើងសង្គ្រាមលោកលើកទី២ កំពុងឆាបឆេះ។ នៅពេលដែល ពួកយោធានិយមជប៉ុនកំពុងមានជ័យជម្នះនៅចុងបូព៌ា និងអាស៊ីអាគ្នេយ៍។ បារាំងចុះចាញ់សង្គ្រាម ហើយបានព្រមព្រៀងស្ដីពីកិច្ចការពាររួមលើដែនដីឥណ្ឌូចិន។ ម្ដងនេះកម្ពុជា បានឆ្លាក់ទៅនៅក្រោមរបបត្រួតត្រាពីរត្រួតគឺ អាណានិគមបារាំង និងរបបយោធាជប៉ុន។ ជប៉ុនបានយកកម្ពុជាធ្វើជាមូលដ្ឋានទ័ព និងគាបយកវត្ថុធាតុដើម ខាងកសិកម្មដោយតម្លៃថោកបំផុត។ តាមការទាមទារ របស់ជប៉ុន រដ្ឋាភិបាលបារាំងបង្ខំឱ្យកសិករខ្មែរលក់ផលដំណាំបំពេញតម្រូវការសេដ្ឋកិច្ចជប៉ុន។ នៅឆ្នាំ ១៩៤១ ដល់ ១៩៤៨ ផលិតផលកសិកម្មនៅកម្ពុជាបានថយចុះ។
ការផុសឡើងនៃខ្មែរជាតិនិយម
មិនដូចនៅក្នុងប្រទេសវៀតណាម ចលនាជាតិនិយមខ្មែរនៅតែស្ងៀមស្ងាត់បើប្រៀបធៀបក្នុងកំឡុងសម័យការគ្រប់គ្រងរបស់បារាំង ភាគច្រើនដោយសារតែឥទ្ធិពលការអប់រំទន់ខ្សោយ ដែលធ្វើឱ្យអត្រាចេះអក្សរនៅទាប ហើយបានបន្តុចបង្អាក់ចលនាជាតិនិយមមិនអាចឱ្យមានដូចចលនាដែលធ្វើនៅប្រទេសវៀតណាមឡើយ។ យ៉ាងណាមិញ ចំណោមឥស្សរជនខ្មែរដែលរៀនសូត្រនៅបារាំង ដែលមានគំនិតប្រជាធិបតេយ្យបែបលោកខាងលិច និងការចង់គ្រប់គ្រងខ្លួនឯង ក៏ដូចជាការស្ដារឡើងវិញនូវបូជនីយដ្ឋាននានារបស់បារាំងដូចជាអង្គរវត្តបានបង្កើតឱ្យមានអារម្មណ៍មានមោទនភាព និង ធ្វើឱ្យយល់ដឹងអំពីឋានៈជាមហាអំណាចមួយរបស់កម្ពុជាក្នុងអតីតកាល។
ក្នុងការអប់រំរៀនសូត្រ ក៏ធ្លាប់មានការអាក់អន់ចិត្តធំឡើងៗចំណោមពួកនិស្សិតខ្មែរដោយសារតែពួកជនជាតិភាគតិចយួនបានកាន់តំណែងកាន់តែធំៗឡើង។ នៅពេលនោះ ការអាក់អន់ចិត្តដោយសារតែពួកសិស្សនិសិត្សយួនត្រូវបានគេអនុគ្រោះដែលជាហេតុនៅក្នុងញ្ញត្តិមួយថ្វាយទៅព្រះបាទមុនីវង្សនៅទសវត្សឆ្នាំ ១៩៣០។ ពួកឥស្សរជនចេះដឹងថ្មីៗជាច្រើនបានបញ្ចប់ការសិក្សាផ្នែកប្រវត្តិសាស្ត្រខ្មែរនៅវិទ្យាល័យស៊ីសុវត្ថិឯភ្នំពេញ។ សំខាន់ ពួកអ្នកជាតិនិយមភាគច្រើនដំបូងឡើយ ជាពួកសមាជិកខ្មែរក្រោម ក៏ជាសមាជិកនៃជនជាតិភាគតិចខ្មែរដែលរស់នៅវៀតណាមដែរ។
នៅឆ្នាំ ១៩៣៦ សឺន-ង៉ុកថាញ់ និង ប៉ាច-ឈឿន បានចាប់ផ្ដើមចេញផ្សាយ នគរវត្ត (Notre cité) ដែលជាសារព័ត៌មានប្រឆាំងអាណានិគមជាភាសាបារាំង ហើយនៅពេលនោះក៏ជាសារព័ត៌មានមួយប្រឆាំងយួនដែរ។ វាបានបន្ទោសនយោបាយអាណានិគមបារាំងដោយឥរិយាបថព្រងើយកន្តើយ ចំពោះអំពើពុករលួយ ព្រឹទ្ធិកម្មរបស់ខ្លួន (ការចងការអាករ) នៅតាមតំបន់ជនបទនានា ការត្រួតត្រារបស់បរទេសខាងសេដ្ឋកិច្ច ហើយនិងក៏បានរិះគន់ផងដែរ ពួកយួនចំពោះចក្រពត្តិនិយមពីអតីតកាលរបស់ខ្លួន និងតំណែងឯកសិទ្ធិនៅឥណ្ឌូចិន។ ចលនាទាមទារឯករាជ្យតូចៗ ជាពិសេសខ្មែរឥស្សរៈ បានចាប់ផ្ដើមរីកធំធាត់ឡើងក្នុងឆ្នាំ ១៩៤០ ចំណោមពួកខ្មែរនៅប្រទេសសៀម ដែលពួកគេខ្លាចបារម្ភថាសកម្មភាពរបស់ខ្លួននឹងនាំឱ្យមានការដាក់ទោសទណ្ឌ បើសិនជាពួកគេប្រព្រឹត្តធ្វើនៅក្នុងប្រទេសកំណើតរបស់ខ្លួន។
ខ្មែរមានសំណាងរួចខ្លួនពីការរងទុក្ខវេទនាដែលត្រូវបានតស៊ូដោយប្រជាជនអាស៊ីអាគ្នេយ៍ដទៃផ្សេងទៀតកំឡុងសង្គ្រាមលោកលើកទី២។ បន្ទាប់ពីការបង្កើតឡើងនៃរបបវិចឈីនៅបារាំងនៅឆ្នាំ ១៩៤០ កងទ័ពជប៉ុនបានធ្វើដំណើរឆ្ពោះមកកាន់វៀតណាមនិងបានជំនួសកន្លែងអាជ្ញាធរបារាំង។
នៅពាក់កណ្ដាលឆ្នាំ ១៩៤១ ពួកគេបានចូលកម្ពុជា ក៏ប៉ុន្តែបានអនុញ្ញាតអោយពួកមន្ត្រីរដ្ឋការបារាំងវិចឈីអោយនៅមានប៉ុស្ត៍រដ្ឋបាល។ របបគាំទ្រជប៉ុននៅប្រទេសសៀម ដែលនាំមុខដោយសេនាប្រមុខ (ចមពល) វិបុលសង្គ្រាម បានស្នើសុំឱ្យមានការធានាអះអាងពីរបបវិចឈី នៅក្នុងព្រឹត្តិការណ៍ការកាត់ផ្ដាច់អធិបតេយ្យភាពរបស់បារាំង ចំពោះទឹកដីខ្មែរនិងលាវដែលដើមឡើយជាកម្មសិទ្ធិរបស់ប្រទេសសៀមនឹងត្រូវប្រគល់ត្រឡប់ទៅអោយរដ្ឋអំណាចបាងកកវិញ។ ការស្នើសុំនេះត្រូវបានច្រានចោល។ នៅខែ ធ្នូ ១៩៤០ សង្គ្រាមបារាំង-សៀមបានផ្ទុះឡើង និងពួកកងទ័ពថៃបូព៌ាបានលុកលុយកម្ពុជានូវខែបន្តបន្ទាប់។
ពួកបារាំងបានទាល់ច្រកក្នុងការតស៊ូប្រឆាំងនឹងកងទ័ពសៀមដែលប្រដាប់ដោយអាវុធល្អៗជាងទាំងលើគោកនិងអាកាស ក៏ប៉ុន្តែយ៉ាងណាក៏ដោយក៏បានគ្រប់គ្រងពិន្ទុបានដោយសារតែជ័យជំនះជើងទឹករបស់ខ្លួននៅឈូងសមុទ្រថៃ ។ នៅចំណុចនេះ តូក្យូបានធ្វើអន្តរាគមន៍ និង បានបង្ខិតបង្ខំរដ្ឋអំណាចបារាំងឱ្យទទួលយកសន្ធិសញ្ញាដែលនាំឱ្យមានការប្រគល់ខេត្តបាត់ដំបង និងប៉ែកនៃខេត្តសៀមរាបទៅឱ្យប្រទេសសៀមក្នុងការដោះដូរមកវិញជាមួយនឹងថ្នូរដែលមិនសាកសមនឹងតម្លៃ។ ខ្មែរត្រូវបានគេអនុញ្ញាតឱ្យនៅថែរក្សាអង្គរ។ ការឈ្លានពានរបស់ថៃ យ៉ាងណាៗ វាគ្រាន់តែប៉ះទង្គិចតិចតួចទៅលើជីវភាពប្រជាជនខ្មែរភាគច្រើន ដែលរស់នៅខាងក្រៅតំបន់ពាយព្យប៉ុណ្ណោះ។
ព្រះបាទមុនីវង្សបានសោយទិវង្គតនៅខែ មេសា ១៩៤១។ ទោះបីជាព្រះរាជបុត្ររបស់ទ្រង់ ព្រះអង្គម្ចាស់មុនីចៅត្រូវបានគេចាត់ទុកថាជាទាយាទពិតប្រាកដយ៉ាងណាក្ដី ក៏ប៉ុន្តែពួកបារាំងបានដាក់ជំនួសព្រះនរោត្តម-សីហនុវិញ ជាមហានត្តា (ម្ចាស់ចៅទួត) នៃព្រះបាទនរោត្តមមកឡើងសោយរាជ្យជំនួសវិញ។ ព្រះសីហនុគឺជាបេក្ខជនដែលប្រកបដោយឧត្តមភាពដោយសារតែការប្រមើលឃើញរបស់ពួកបារាំងព្រោះតែភាពក្មេងវ័យរបស់ទ្រង់ (ព្រះអង្គមានព្រះជន្មដប់ប្រាំបួនព្រះវស្សា) កង្វះបទពិសោធន៍ និងភាពងាយបង្វិលបានតាមចិត្ត។
ជប៉ុនប្រកាសថា “អាស៊ីជារបស់ជនជាតិអាស៊ី” រកបានប្រជាប្រិយភាពពីចំណោមពួកអ្នកជាតិនិយមខ្មែរ ទោះបីយ៉ាងណា នយោបាយទីក្រុងតូក្យូនៅឥណ្ឌូចិនបានទុកឱ្យមានរដ្ឋាភិបាលអាណានិគមទទួលបន្ទុកត្រឹមតែឈ្មោះប៉ុណ្ណោះ។ នៅពេលនោះ ព្រះសង្ឃដែលលេចធ្លោហើយសកម្មខាងនយោបាយ គឺព្រះអាចារ្យហែម-ចៀវ ត្រូវបានចាប់ខ្លួននិងដោះស្បង់ចីវរ ដោយមិនសមរម្យដោយពួករដ្ឋអំណាចបារាំងនៅខែ កក្កដា ១៩៤២ ពួកអ្នករៀបរៀង សារព័ត៌មាន “នគរវត្ត” បានដឹកនាំបាតុកម្មមួយទាមទារអោយមានការដោះលែងព្រះអង្គ។
ពួកគេ ដូចគ្នានឹងពួកអ្នកជាតិនិយមដទៃទៀតដែរ ជាក់ស្ដែងបានប៉ាន់ស្មានជ្រុលពេកទៅលើឆន្ទៈរបស់ជប៉ុនថានឹងជួយពួកគេមកវិញ រីឯរដ្ឋអំណាចវិឈីភ្លាមៗបានចាប់ខ្លួនពួកបាតុករនិងបានដាក់ទោសប្រហារជីវិតដល់លោកប៉ាច-ឈឿន ដែលជាមនុស្សម្នាក់ក្នុងចំណោមពួកអ្នករៀបរៀងសារព័ត៌មាន “នគរវត្ត”។ ។ អ្នករៀបរៀងផ្សេងទៀត លោកសឺន-ង៉ុកថាញ់ បានរត់គេចខ្លួនពីភ្នំពេញ ទៅកាន់ជប៉ុននៅឆ្នាំបន្ទាប់។
ក្នុងកិច្ចប្រឹងប្រែងអស់សង្ឃឹមដើម្បីឱ្យទទួលបានការគាំទ្រក្នុងស្រុកនៅប៉ុន្មានខែចុងក្រោយនៃសង្គ្រាម ពួកជប៉ុនបានរំលាយរដ្ឋបាលអាណានិគមបារាំងនៅថ្ងៃ ៩ មីនា ១៩៤៥ និងបានជំរុញអោយកម្ពុជាប្រកាសឯករាជ្យរបស់ខ្លួននៅក្នុងមណ្ឌលវិបុលភាពរួមអាស៊ីខាងកើតធំជាងគេ។ បួនថ្ងៃក្រោយមក ព្រះបាទសីហនុបានចេញរាជក្រឹត្យថាកម្ពុជាបានឯករាជ្យ។ លោកសឺន-ង៉ុកថាញ់បានត្រឡប់មកពីតូក្យូនៅខែ ឧសភា ហើយលោកត្រូវបានគេតែងតាំងជារដ្ឋមន្ត្រីការបរទេស។
ថ្ងៃ ១៥ សីហា ១៩៤៥ ថ្ងៃដែលជប៉ុនបានចុះចាញ់ រដ្ឋាភិបាលថ្មីមួយត្រូវគេបង្កើតឡើងដែលមានលោក សឺន-ង៉ុកថាញ់ដើរតួជានាយករដ្ឋមន្ត្រី។ នៅពេលដែលកងកម្លាំងសម្ព័ន្ធមិត្តបានកាន់កាប់ភ្នំពេញនៅខែ តុលា លោកថាញ់ត្រូវបានគេចាប់ខ្លួនដោយសារសហការជាមួយពួកជប៉ុននិងត្រូវបញ្ជូននិរទេសទៅកាន់បារាំងដោយឃុំខ្លួនក្នុងផ្ទះ។ ពួកអ្នកគាំទ្រលោកមួយចំនួនបានរត់ទៅភាគខាងជើងឆៀងខាងលិចកម្ពុជា បន្ទាប់មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម ជាកន្លែងដែលពួកគេផ្ដុំគ្នារួមជាក្រុមបក្សពួកមួយក្នុងចលនាខ្មែរឥស្សរៈ ដំបូងឡើយបង្កើតឡើងជាមួយការលើកទឹកចិត្តរបស់ថៃនៅទសវត្សឆ្នាំ ១៩៤០។
ក្រុមដែលលំអៀងទៅខាងជប៉ុន
មេដឹកនាំក្រុមនេះគឺលោក សឺន-ង៉ុកថាញ់។ នៅឆ្នាំ ១៩៤៥ ជប៉ុនបានបណ្ដេញបារាំងចេញពីកម្ពុជា ហើយប្រកាសកម្ពុជាជារដ្ឋឯករាជ្យ ដោយលើក សឺន-ង៉ុកថាញ់ ឱ្យធ្វើជានាយករដ្ឋមន្ត្រី ដែលតាមការពិតរដ្ឋាភិបាលរបស់ សឺន-ង៉ុកថាញ់ គ្រាន់តែជារដ្ឋាភិបាលទីងមោងប៉ុណ្ណោះ នៃឯករាជ្យក្លែងក្លាយដែលផ្ដល់ដោយពួកយោធានិយមជប៉ុន។ ក្រោយពេលជប៉ុនចាញ់សង្គ្រាមលោកលើកទី២ បារាំងបានវិលមកកាន់កម្ពុជាជាថ្មី កងទ័ពរបស់ សឺន-ង៉ុកថាញ់ បានប្រឹងទប់ទល់នឹងបារាំងដែរ តែពុំអាចតស៊ូនឹងបារាំងបានឡើយ ហើយសឺន-ង៉ុកថាញ់ ត្រូវបានចាប់ខ្លួនយកទៅឃុំនៅប្រទេសបារាំង។ នៅឆ្នាំ ១៩៥១ បារាំងបានដោះលែង សឺន-ង៉ុកថាញ់ តាមសំណើរបស់ព្រះមហាក្សត្រខ្មែរ។ នៅដើមឆ្នាំ ១៩៥២ សឺន-ង៉ុកថាញ់ បានរត់ទៅប្រទេសថៃបង្កើតចលនាខ្មែរសេរី។
ក្រុមដែលមាននិន្នាការខាងកុម្មុយនិស្ត
នៅឆ្នាំ ១៩៣០ ចលនាប្រជារាស្ត្របានរួបរួមជាមួយក្រុមដែលមាននិន្នាការខាងកុម្មុយនិស្ត។ បន្ទាប់ពីការមកដល់នៃរបបយោធានិយមជប៉ុន ក្រុមនេះបានក្លាយទៅជារណសិរ្សអ្នកស្នេហាមាតុភូមិខ្មែរ ឬហៅខ្មែរឥស្សរៈ។ ស្ថានភាពរង្គោះរង្គើខាងសេដ្ឋកិច្ច និងសង្គមនៃប្រទេសផ្ដល់ឱ្យរណសិរ្សខ្មែរឥស្សរៈ ពង្រីកមូលដ្ឋាននយោបាយ និងពង្រីកចម្បាំងឈ្លបទៅលើពួកអាណានិគម។ ទោះបីមានប្រតិបត្តិការការបង្ក្រាបដ៏សាហាវអំពីកងទ័ពបារាំងក៏ដោយ ក៏កងកម្លាំងខ្មែរឥស្សរៈ បានវាយប្រហារតបវិញធ្វើឱ្យបារាំងមានការខូចខាតដែរ។
៨. ការតស៊ូដើម្បីការបង្រួបបង្រួមខ្មែរ
ស្ថានភាពរបស់កម្ពុជានៅក្នុងរយៈកាលបញ្ចប់សង្គ្រាមមានភាពច្របូកច្របល់នៅឡើយ។ ពួកបារាំងសេរី ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ហ្សាល-ដឺ-ហ៊្គោល បានប្ដេជ្ញាដើម្បីយកឥណ្ឌូចិនត្រឡប់មកវិញឱ្យបាន ថ្វីត្បិតតែពួកគេបានផ្ដល់អោយកម្ពុជា និងដែនអាណាព្យាបាលឥណ្ឌូចិនដទៃទៀតនូវទំហំនៃអភិបាលកិច្ចខ្លួនឯងក៏ដោយ ក៏ខ្លួនបានដាក់កំណត់ព្រំដែនដោយប្រុងប្រយ័ត្នដដែល។
ដោយបានធ្វើឱ្យជឿទុកចិត្តថាពួកគេមាន បេសកកម្មអារ្យធម៌ ពួកបារាំងបានមើលឃើញនូវការចូលរួមរបស់ឥណ្ឌូចិនក្នុងសហភាពបារាំងនៃអតីតដែនអាណានិគមដែលបានចែករំលែកបទពិសោធន៍ទូទៅនៃវប្បធម៌បារាំង។ មិនថាតែពួកឥស្សរជនដែលមានវិជ្ជាជីវៈនៅតាមទីក្រុង រឺ ក៏ប្រជាជនសាមញ្ញទេ យ៉ាងណាៗក៏ត្រូវបានទាក់ទាញដោយការរៀបចំនេះដែរ។ ចំពោះប្រជាជនខ្មែររស់នៅក្នុងដំណើរជីវិតឆ្លងកាត់ ក្នុងសម័យឯករាជ្យដ៏ខ្លីចាប់ពីខែ មីនា ដល់ ខែ តុលា ១៩៤៥ ទទួលបាននូវភាពសម្បូរសប្បាយរីករាយ។ ភាពជូរចត់របស់ខ្មែរគឺជារឿងអតីតកាល។
នៅភ្នំពេញ ព្រះសីហនុ កំពុងដើរតួជាព្រះប្រមុខរដ្ឋ ដែលជាតំណែងដ៏លំបាកក្នុងការចរចាជាមួយពួកបារាំងដើម្បីទាមទារឯករាជ្យពេញលេញ ក្នុងខណៈពេលនោះដែរ ទ្រង់ក៏ព្យាយាមដើម្បីធ្វើអព្យាក្រឹតកម្មពួកអ្នកនយោបាយនិងអ្នកគាំទ្រគណបក្សនៃពួកខ្មែរឥស្សរៈ និង វៀតមិញ ដែលពួកគេចាត់ទុកទ្រង់ថាជាអ្នកចូលដៃជាមួយពួកបារាំង។ កំឡុងសម័យកាលដ៏ជ្រួលច្របល់រវាងឆ្នាំ ១៩៤៦ និង ១៩៥៣ ព្រះសីហនុបានបង្ហាញនូវសម្បទានគួរអោយកត់សំគាល់នូវជីវិតនយោបាយ ដែលបានជម្រុញនាំឱ្យមានការគាំទ្រព្រះអង្គមុន និង ក្រោយធ្លាក់ពីអំណាចនៅ ខែ មីនា ១៩៧០។
ពួកខ្មែរឥស្សរៈជាចលនាទ័ពព្រៃមួយដែលកើតឡើងដោយឯកឯងយ៉ាងធំក្រៃលែង ដែលបានកំពុងតែប្រតិបត្តិការនៅតាមតំបន់ព្រំដែននានា។ ក្រុមនេះរួមមានពួកឆ្វេងនិយមក្នុងស្រុក ពួកឆ្វេងនិយមយួន ពួកជាតិនិយមប្រឆាំងរាជាធិបតេយ្យ (ខ្មែរសេរី) ដែលស្ម័គ្រស្មោះទៅខាងលោកសឺន-ង៉ុកថាញ់ ហើយពួកចោរប្លន់សាមញ្ញបានកំពុងទាញប្រយោជន៍ពីភាពវឹកវរនាំគ្នាបង្កភេរវកម្មលើពួកអ្នកស្រុកអ្នកភូមិ។ ទោះបីជាឱកាសរបស់ពួកគេមាន និងបាត់បង់ទៅវិញកំឡុងសម័យក្រោយសង្គ្រាមក៏ដោយ (គ្រោះកាចដ៏សំខាន់មួយគឺការដួលរលំនៃរដ្ឋាភិបាលជាមិត្តឆ្វេងនិយមនៅបាងកកនៅឆ្នាំ ១៩៤៧) ក៏នៅឆ្នាំ ១៩៥៤ ពួកខ្មែរឥស្សរៈកំពុងតែប្រតិបត្តិការជាមួយពួកវៀតមិញ បើតាមការប៉ាន់ស្មានខ្លះថាដូចជាបានគ្រប់គ្រង ៥០ ភាគរយជាងនៃទឹកដីរបស់កម្ពុជា។
នៅឆ្នាំ ១៩៤៦ បារាំងបានអនុញ្ញាតអោយប្រជាជនខ្មែរបង្កើតគណបក្សនយោបាយ និងប្រារព្ធការបោះឆ្នោតសម្រាប់សភាប្រឹក្សា ដែលនឹងផ្ដល់ប្រឹក្សាដល់ព្រះមហាក្សត្រលើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញរបស់ប្រទេស។ គណបក្សសំខាន់ៗពីរត្រូវបានដឹកនាំ ដោយព្រះអង្គម្ចាស់ក្នុងខ្សែរាជវង្ស។ គណបក្សប្រជាធិបតេយ្យដឹកនាំដោយព្រះអង្គម្ចាស់ (អ្នកអង្គម្ចាស់) ស៊ីសុវត្ថិ-យុត្តិវង្ស បានចូលទៅក្ដាប់បានឯករាជ្យភ្លាមៗ កំណែទម្រង់ប្រជាធិបតេយ្យ និង រដ្ឋាភិបាលអាស្រ័យសភា។
អ្នកគាំទ្រគណបក្សនេះគឺជាពួកគ្រូបង្រៀន ពួកមន្ត្រីរាជការក្នុងស្រុក ពួកសមាជិកនៃសមណភេទពុទ្ធសាសនាសកម្មៗខាងនយោបាយ និងអ្នកដទៃៗផ្សេងទៀត ដែលគោលគំនិតរបស់ពួកគេត្រូវរងឥទ្ធិពលយ៉ាងខ្លាំងដោយសារការអំពាវនាវជាតិនិយមនៃ សារព័ត៌មាន “នគរវត្ត” មុនពេលត្រូវបានបិទដោយពួកបារាំងនៅឆ្នាំ ១៩៤២។ ពួកអ្នកប្រជាធិបតេយ្យមួយចំនួនបានពេញចិត្តពេញថ្លើមជាមួយនឹងមធ្យោបាយហិង្សាមួយចំនួនរបស់ខ្មែរឥស្សរៈ។
គណបក្សសេរីនិយម ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម-នរិន្ទដេត (Norodom Norindeth) តំណាងអោយចំណាប់អារម្មណ៍នៃពួកឥស្សរជនចាស់ៗនៅតាមជនបទ រួមមានពួកម្ចាស់ដីធំៗជាដើម។ ពួកគេចូលចិត្តការបន្តទម្រង់ទំនាក់ទំនងអាណានិគមជាមួយបារាំងជាង ហើយគាំទ្រកំណែទម្រង់ប្រជាធិបតេយ្យសើៗ។ ការបោះឆ្នោតសភាប្រឹក្សាបានប្រារព្ធឡើងនៅខែ កញ្ញា ១៩៤៦ ពួកអ្នកប្រជាធិបតេយ្យបានឈ្នះ ៥០ ក្នុងចំណោម ៦៧ កៅអី។
ជាមួយចំនួនភាគច្រើនដែលមិនប្រែប្រួលក្នុងសភា ពួកអ្នកប្រជាធិបតេយ្យបានព្រាងរដ្ឋធម្មនុញ្ញយកគំរូតាមច្បាប់រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋបារាំងទីបួន។ អំណាចត្រូវបានប្រមូលផ្ដុំនៅក្នុងកណ្ដាប់ដៃនៃរដ្ឋសភាជាតិដែលបានបោះឆ្នោតដោយប្រជាជន។ ព្រះមហាក្សត្របានប្រកាសរដ្ឋធម្មនុញ្ញថ្មីដោយស្ទាក់ស្ទើរនៅថ្ងៃ ៦ ឧសភា ១៩៤៧។ កាលណោះបានទទួលស្គាល់ព្រះអង្គត្រឹមជា “ព្រះប្រមុខរដ្ឋក្នុងចិត្ត” បានកាត់បន្ថយទ្រង់ចេញពីលក្ខខណ្ឌនៃព្រះមហាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ ហើយដែលបានបន្សល់ទុកនូវភាពមិនច្បាស់លាស់នូវទំហំដែលព្រះអង្គអាចដើរតួនាទីសកម្មនៅក្នុងឆាកនយោបាយជាតិ។ ព្រះសីហនុអាចនឹងបានប្រែភាពមិនច្បាស់លាស់នេះទៅជាគុណសម្បត្តិរបស់ព្រះអង្គនៅប៉ុន្មានឆ្នាំក្រោយមកទៀត។
នៅក្នុងការបោះឆ្នោតសភាជាតិខែ ធ្នូ ឆ្នាំ ១៩៤៧ ពួកអ្នកប្រជាធិបតេយ្យបានឈ្នះឆ្នោតចំនួនភាគច្រើនក្រៃលែង។ ទោះបីដូច្នេះក៏ដោយ ក៏មានការខ្វែងគំនិតគ្នានៅខាងក្នុងគណបក្សដែលពុំអាចគ្រប់គ្រងបានឡើយ។ ស្ថាបនិករបស់បក្ស ទ្រង់ស៊ីសុវត្ថិ-យុត្តិវង្សបានសុគត និងមិនមានអ្នកដឹកនាំមួយណាច្បាស់លាស់ទេដែលលេចធ្លោដើម្បីស្នងតំណែងបន្តពីទ្រង់។ កំឡុងសម័យឆ្នាំ ១៩៤៨ ដល់ ១៩៤៩ ពួកអ្នកប្រជាធិបតេយ្យបានប្រែជារួបរួមគ្នាតែមួយនៅក្នុងការប្រឆាំងទៅនឹងការតែងច្បាប់ដែលបានគាំទ្រដោយព្រះមហាក្សត្រ រឺក៏ ពួកអ្នកត្រូវចាត់តាំង។
បញ្ហាដ៏សំខាន់មួយគឺបដិសណ្ឋារកិច្ចដើម្បីឯករាជ្យរបស់ព្រះអង្គ នៅក្នុងសហភាពបារាំង ដែលបានស្នើសុំសន្ធិសញ្ញាពង្រាងដែលបានផ្ដល់ដោយពួកបារាំងនៅចុងឆ្នាំ ១៩៤៨។ បន្តបន្ទាប់ពីការរំលាយសភាជាតិនៅខែ កញ្ញា ១៩៤៩ កិច្ចព្រមព្រៀងលើកតិកាសញ្ញាបានរំកិលទៅមុខតាមរយៈការដោះដូរចុតហ្មាយរវាងព្រះបាទសីហនុ និង រដ្ឋាភិបាលបារាំង។ វាមានប្រសិទ្ធិភាពនៅប៉ុន្មានពីរខែក្រោយមកទៀត ទោះបីជាសច្ចាប័នរបស់សភាជាតិអំពីសន្ធិសញ្ញាមួយនេះមិនមានភាពរឹងមាំម្ដងណាក៏ដោយ។
សន្ធិសញ្ញាបានផ្ដល់អោយកម្ពុជានៅអ្វីដែលព្រះសីហនុមានព្រះបន្ទូលថា “ឯករាជ្យភាពហាសិបភាគរយ”: តាមនឹង ទំនាក់ទំនងអាណានិគមត្រូវបានបញ្ចប់ជាផ្លូវការ ហើយប្រជាជនខ្មែរត្រូវបានគេប្រគល់ការគ្រប់គ្រងខាងមុខងាររដ្ឋបាលមួយចំនួនភាគច្រើន។ កងកម្លាំងប្រដាប់អាវុធកម្ពុជាត្រូវបានផ្ដល់សេរីភាពឱ្យមានសកម្មភាពខាងក្នុងភូមិភាគស្វយ័តដែលគ្រប់គ្រងដោយខ្លួនឯងដែលរួមមាន ខេត្តបាត់ដំបង និង សៀមរាប ដែលត្រូវបានត្រឡប់ពីប្រទេសថៃមកវិញក្រោយសង្គ្រាមលោកលើកទី២ ក៏ប៉ុន្តែក្នុងនោះពួកបារាំងបានសង្កត់ធ្ងន់កន្លែងផ្សេងទៀតថា មិនមានធនធានច្រើនដើម្បីត្រួតត្រាឡើយ។
កម្ពុជានៅតែបានស្នើសុំធ្វើសហការបញ្ហានយោបាយការបរទេសជាមួយក្រុមប្រឹក្សាជាន់ខ្ពស់នៃសហភាពបារាំង ក៏ប៉ុន្តែយ៉ាងណាៗ បារាំងទទួលបានទំហំគ្រប់គ្រងសំខាន់ៗលើ ប្រព័ន្ធតុលាការ ហិរញ្ញវត្ថុ និង ទំនៀមទម្លាប់។ ការគ្រប់គ្រងប្រតិបត្តិការយោធាពេលសង្គ្រាមនៅខាងក្រៅភូមិភាគស្វយ័តដែលនៅសេសសល់ក្នុងកណ្ដាប់ដៃបារាំងនៅឡើយ។ បារាំងក៏ត្រូវបានអនុញ្ញាតផងដែរអោយរក្សាមូលដ្ឋានទ័ពលើទឹកដីកម្ពុជា។ នៅឆ្នាំ ១៩៥០ កម្ពុជាត្រូវបានព្រមព្រៀងទទួលស្គាល់ខាងការទូតដោយសហរដ្ឋ និងដោយពួកមហាអំណាចមិនមែនកុម្មុយនិស្តជាច្រើន ក៏ប៉ុន្តែនៅអាស៊ីមានតែប្រទេសថៃនិងកូរ៉េខាងត្បូងទេបានអូសបន្លាយការទទួលស្គាល់។
ពួកអ្នកប្រជាធិបតេយ្យបានឈ្នះសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតសភាជាតិនៅខែ កញ្ញា ១៩៥១ ហើយពួកគេក៏បានបន្តនយោបាយរបស់ពួកគេក្នុងការប្រឆាំងព្រះមហាក្សត្រចំមុខតាមដែលអាចធ្វើបាន។ នៅក្នុងកិច្ចប្រឹងប្រែងដើម្បីយកឱ្យបានចិត្តរបស់ប្រជាជនភាគច្រើន ព្រះសីហនុបានសុំអោយពួកបារាំងដោះលែងអ្នកជាតិនិយមលោកសឺន-ង៉ុកថាញ់ពីការនិរទេសខ្លួន ហើយអនុញ្ញាតអោយលោកត្រឡប់ចូលស្រុកវិញ។
លោកបានធ្វើនិវត្តន៍ដោយជោគជ័យមកកាន់ទីក្រុងភ្នំពេញនៅថ្ងៃ ២៩ តុលា ឆ្នាំ ១៩៥១។ វាមិនយូរប៉ុន្មានទេ យ៉ាងហោចណាស់ ក៏មុនពេលដែលលោកចាប់ផ្ដើមទាមទារអោយមានការដកទ័ពបារាំងចេញពីកម្ពុជាដែរ។ លោកក៏បានធ្វើការទាមទារដូចនេះម្ដងទៀតនៅដើមឆ្នាំ ១៩៥២ នៅក្នុង “ខ្មែរក្រោក” សារព័ត៌មានប្រចាំសប្ដាហ៍ដែលលោកបានបង្កើតឡើង។ សារព័ត៌មាននេះត្រូវបង្ខំអោយបញ្ឈប់ការបោះពុម្ពផ្សាយនៅខែ មីនា ហើយលោកសឺន-ង៉ុកថាញ់បានរត់ភៀសខ្លួនចេញពីរាជធានីទៅជាមួយពួកអ្នកដើរតាមលោកដែលប្រដាប់ដោយអាវុធពីរបីនាក់ ដើម្បីចូលរួមពួកខ្មែរឥស្សរៈ។ ដោយត្រូវបានលាបពណ៌ចុះឡើងថាជា ជនកុម្មុយនិស្តផង និងភ្នាក់ងារនៃទីភ្នាក់ងារសម្ងាត់កណ្ដាល (ភ.ស.ក. រឺ CIA) របស់សហរដ្ឋអាមេរិចដោយព្រះសីហនុផង លោកក៏បានរស់នៅនិរទេសខ្លួនរហូតដល់លោកលន់-ណុលបានបង្កើតរបបសាធារណរដ្ឋខ្មែរនៅឆ្នាំ ១៩៧០។
៩. យុទ្ធនាការដើម្បីឯករាជ្យ
នៅខែ មិថុនា ១៩៥២ ព្រះសីហនុបានប្រកាសវិស្ថានបនកម្មនូវគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គ ហើយបានព្យួររដ្ឋធម្មនុញ្ញ និងបានកាន់កាប់គ្រប់គ្រងរដ្ឋាភិបាលជានាយករដ្ឋមន្ត្រីដោយព្រះអង្គផ្ទាល់។ ក្រោយមកទៀត ដោយគ្មានសច្ចាប័នរដ្ឋធម្មនុញ្ញច្បាស់លាស់ ព្រះអង្គបានរំលាយសភាជាតិ ហើយបានប្រកាសច្បាប់អាជ្ញារសឹកនៅខែ មករា ឆ្នាំ ១៩៥៣។
ព្រះសីហនុបានប្រើច្បាប់ផ្ទាល់ព្រះអង្គឯងអស់រយៈពេលជិតបីឆ្នាំចាប់ពីខែ មិថុនា ឆ្នាំ ១៩៥២ រហូតដល់ ខែ កុម្ភៈ ឆ្នាំ ១៩៥៥។ បន្ទាប់ពីការរំលាយសភាចោលហើយ ព្រះអង្គបានបង្កើតសភាប្រឹក្សាដើម្បីចូលជំនួសកន្លែងអង្គនីតិបញ្ញត្តិ ហើយបានតែងតាំងព្រះវរបិតាព្រះអង្គ ព្រះនរោត្តម-សុរាម្រិតជារាជានុសិទ្ធិ។
នៅខែ មីនា ឆ្នាំ ១៩៥៣ ព្រះសីហនុបានយាងទៅបារាំង។ ដោយបានប្រកាសក្ដែងៗថា ព្រះអង្គកំពុងតែធ្វើដំណើរដើម្បីព្រះរាជសុខភាពទ្រង់ តែព្រះអង្គកំពុងតែចាប់ផ្ដើមយុទ្ធនាការយ៉ាងខ្លាំងដើម្បីបញ្ចុះបញ្ចូលពួកបារាំងអោយប្រគល់ឯករាជ្យពេលលេញមកឱ្យកម្ពុជា។
បរិយាកាសនៃការយល់ឃើញនៅកម្ពុជានៅពេលនោះមានដូចតទៅថា បើសិនជាទ្រង់មិនបានសម្រេចឯករាជ្យភាពភ្លាមៗទេ ប្រជាជនប្រហែលជាបែរត្រលប់ទៅរក លោកសឺន-ង៉ុកថាញ់ និងពួកខ្មែរឥស្សរៈ ដែលពួកគេតាំងចិត្តពេញទីដើម្បីសម្រេចគោលដៅមួយនេះ។ នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង និងជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត ព្រះសីហនុបានធ្វើអោយពួកបារាំងក្លាយជា អ្នករងការភិតភ័យភ្ញាក់ផ្អើល ហួសហេតុអំពីស្ថានភាពនយោបាយនៅក្នុងប្រទេសរបស់ទ្រង់។
ពួកបារាំងក៏បានធ្វើការគំរាមកំហែងលាក់កំបាំងបន្តិចថា បើសិនព្រះអង្គបន្តមិនធ្វើសហប្រតិបត្តិការទេ ពួកគេអាចនឹងផ្លាស់ប្ដូរព្រះអង្គចេញពីតំណែង។ ព្រះរាជដំណើរនេះបានទទួលបរាជ័យ ក៏ប៉ុន្តែនៅតាមផ្លូវមកប្រទេសកំណើតវិញឆ្លងកាត់តាម សហរដ្ឋ កាណាដា និង ជប៉ុន ព្រះសីហនុបានផ្សព្វផ្សាយអំពីស្ថានភាពដ៏អាក្រក់របស់កម្ពុជានៅតាមប្រព័ន្ធផ្សព្វផ្សាយ។
ដើម្បីធ្វើវិនាដកម្មបន្ថែមទៀតនូវ រាជបូជនីយកិច្ចដើម្បីឯករាជ្យ របស់ព្រះអង្គ ព្រះសីហនុបានកំពុងតែប្រកាសថាព្រះអង្គនឹងមិនវិលត្រឡប់ទៅវិញដរាបដល់ពួកបារាំងផ្ដល់អោយនូវការធានាអះអាងថា ឯករាជ្យពេញលេញនឹងត្រូវផ្ដល់អោយកម្ពុជាវិញ។ ព្រះអង្គក្រោយមកទៀតបានយាងចាកចេញពីភ្នំពេញនៅខែ មិថុនា បាននិរទេសខ្លួនដោយព្រះអង្គឯងទៅកាន់ប្រទេសថៃ។ ដោយគ្មានការស្វាគមពីទីក្រុងបាងកក ព្រះអង្គក៏បានផ្លាស់មករាជដំណាក់របស់ព្រះអង្គ ក្បែរវិកិណ្ណដ្ឋានអង្គរនៅ ខេត្តសៀមរាប វិញ។
សៀមរាប ជាផ្នែកមួយនៃភូមិភាគកងទ័ពស្វយ័តដែលបានបង្កើតឡើងនៅឆ្នាំ ១៩៤៩ ដែលត្រូវបានបង្គាប់បញ្ជាការដោយលោកនាយវរសេនីយទោលន់-ណុល ដើមឡើយជាអ្នកនយោបាយស្ដាំ ដែលនឹងក្លាយជាជនលេចធ្លោម្នាក់ ហើយនៅពេលនោះជាសម្ព័ន្ធមិត្តរបស់ព្រះសីហនុដែលមិនអាចខ្វះបានខាងយោធា។ ចាប់ផ្ដើមពីមូលដា្ឋនទ័ពឯសៀមរាបរបស់ទ្រង់ ព្រះមហាក្សត្រ និងលោកលន់-ណុលបានរិះរកផែនការជាច្រើនដើម្បីធ្វើការតស៊ូ បើសិនជាពួកបារាំងមិនព្រមទទួលកិច្ចសន្យាតាមលក្ខខណ្ឌរបស់ពួកទ្រង់។
ព្រះសីហនុកំពុងបង្កើតល្បែងភ្នាល់ធំមួយ ចំពោះពួកបារាំងវិញអាចដកព្រះអង្គចេញដោយដាក់ជំនួសស្ដេចមួយទៀតដែលងាយបង្វិលបានតាមចិត្ត ក៏ពិតមែន តែស្ថានភាពកងទ័ពនៅពេលនោះនឹងអាចធ្វើអោយខ្ទេចខ្ទាំឥណ្ឌូចិនទាំងមូល ក្រោយមកទៀតរដ្ឋាភិបាលបារាំងនៅថ្ងៃ ៣ កក្កដា ឆ្នាំ ១៩៥៣ បានប្រកាសខ្លួនរួចរាល់ដើម្បើប្រគល់ឯករាជ្យភាពពេញលេញដល់រដ្ឋទាំងបីមាន កម្ពុជា វៀតណាម លាវ។ ព្រះសីហនុបានទទូចលើលក្ខខណ្ឌផ្ទាល់របស់ព្រះអង្គ ដែលរួមមានការគ្រប់គ្រងពេញទីខាង ការពារជាតិ នគរបាល តុលាការ និង បញ្ហាហិរញ្ញវត្ថុ។
ពួកបារាំងបានប្រគល់អោយ: នគរបាល និងតុលាការត្រូវបានផ្ទេរមកនៅក្រោមការគ្រប់គ្រងរបស់កម្ពុជានៅចុងខែ សីហា ហើយនៅក្នុងខែ តុលា ប្រទេសនេះបានក្ដោបក្ដាប់ការបញ្ជាកងកម្លាំងទ័ពរបស់ខ្លួនពេញទី។ ព្រះបាទសីហនុ កាលណោះបានក្លាយជាវីរបុរសនៅក្នុងកែវភ្នែកនៃប្រជាជនរបស់ព្រះអង្គ និងបានត្រឡប់មកភ្នំពេញវិញដោយជ័យជម្នះ ហើយថ្ងៃឯករាជ្យគឺត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃ ៩ វិច្ឆិកា ឆ្នាំ ១៩៥៣។ ការគ្រប់គ្រងបញ្ហានានាដែលសេសសល់កំពុងតែជះឥទ្ធិពលដល់អធិបតេយ្យភាព ដូចជាកិច្ចការហិរញ្ញវត្ថុ និង ថវិកា ត្រូវបានហុចបន្តដល់រដ្ឋកម្ពុជាថ្មីនៅឆ្នាំ ១៩៥៤។