ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិកូនសិស្សរបស់សូក្រាត និង ទស្សនះមួយចំនួននៃលោក ផ្លាតុង

ផ្លាតុង បានកើតក្នុងឆ្នាំ ៤២៧ មុន គ.ស. ដែលលោកគឺជាទស្សនវិទូក្រិចបុរាណ ដែលបានរួមចំណែកបង្កើតនូវមូលដ្ឋាន​សម្រាប់ទស្សនវិជ្ជាលោកខាងលិច​ ជាមួយគ្រូរបស់គាត់ សូក្រាត និង សិស្សរបស់គាត់ អារីស្តូត​។ ផ្លាតុង ក៏ជាគណិតវិទូ អ្នកនិពន្ធនៃទស្សនវិជ្ជាបែបសន្ទនា​ និងជាអ្នកបង្កើតសាលាទស្សនវិជ្ជាជាន់ខ្ពស់​អាកាដឺមី(Academi) នៅក្រុង អាតែនដែលជាវិទ្យាស្ថានគរុវិជ្ជាជាន់ខ្ពស់ដំបូងបង្អស់​នៅ​លោកខាងលិច​ ។ ផ្លាតុង​គឺជាសិស្សរបស់សូក្រាត និងបានទទួលឥទ្ធិពលយ៉ាងខ្លាំង​ពីការត្រិះរិះ​របស់សូក្រាត ។ មរណៈភាពរបស់គាត់ក្នុងឆ្នាំ ៣៤៧ មុន គ.ស​ ។

ផ្លាតុង ​ ក៏ជាអ្នកនយោបាយម្នាក់ដែរ​ ក្នុងចំណោមអ្នកនយោបាយទាំងឡាយ​​។ ​ចំណង់ចំណូលចិត្តរបស់គាត់​ គឺផ្តោតទៅលើរដ្ឋ​នយោបាយ ​និងច្បាប់ ​។ ធាតុទាំងនេះ​ ជាកត្តាជុំរុញឲ្យគាត់ចាប់អារម្មណ៍ទៅលើប្រជាជន​​​ ចង់ឲ្យប្រជាជនមានភាពប្រសើរសំបូរសប្បាយ​ និងសុភមង្គល​ ព្រមទាំងធ្វើឲ្យសង្គមទាំងមូល ស្ថិតក្នុងស្ថេរភាព​ទាំងផ្នែកសេដ្ឋកិច្ច​ទាំងផ្នែក​នយោបាយ​ ។

See the source image

ផ្លាតុង ​ព្យាយាមដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលគេតែងតែជួបប្រទះ​ក្នុងរដ្ឋក្នុងសង្គម ក៏ដូចជាក្នុងជីវភាពរស់នៅផងដែរ​ ដោយប្រើវីធីមួយ គឺ​បង្កើតរដ្ឋគំរូ ដែលមាន​មេដឹកនាំប្រកបដោយគំនិតស្នេហាជាតិ​ ​មានសុភវិនិច្ឆ័យ ​។ ​រដ្ឋគំរូនោះ ​លោកផ្លាតុង បានធ្វើ​ការប្រៀបធៀបរវាងទំរង់គ្រប់គ្រងនយោបាយ ​ដែលមានលក្ខណៈមិនគ្រប់គ្រាន់ជាច្រើន​ ដូចជាទំរង់​សក្តិភូមិ (Timocracy)គណាធិបតេយ្យ (Oligarchy) និងប្រជាធិបតេយ្យ (Democracy) ទំរង់ទាំង​ ៣ ​នេះ គាត់ឲ្យឈ្មោះថា​ជាទំរង់អាក្រក់​ គ្មានសេ្ថរភាពហើយទីបំផុតក្លាយទៅជា​ទុជនាធិបតេយ្យ​(Tyranny) ។​​

អត្ថន័យរដ្ឋគំរូរបស់លោក ​ផ្លាតុង បានបង្ហាញឲ្យឃើញនូវភាពយុត្តិធម៌​​ ក្នុងការដឹកនាំដោយជ្រើស​រើសយកអ្នកទស្សនវីទូដ៏វៃឆ្លាត​ ពីព្រោះចំណេះដឹងពិតប្រាកដ ​និងចិត្តសាងកុសលចំពោះអ្នកដទៃ​ មានតែនៅក្នុងជំពូកមនុស្សប្រភេទនេះទេ ដែលបានធ្វើ​សម្បទាន ។ តួរអង្គដែលតំណាងឲ្យរដ្ឋគំរូរបស់លោកផ្លាតុង​ គឺអ្នកធ្វើការក្នុង Polis (ក្រុងក្រិចបុរាណ) ។​ នៅក្នុងគំនិតនយោបាយផ្ទាល់របស់ផ្លាតុង​ ពាក្យសង្គម​ ​និងរដ្ឋ​ គឺរលាយចូលគ្នាក្នុងបូរី​ ។ ​​ផ្លាតុងមានជំនឿថា «គ្រប់បុគ្គលទាំងអស់ ពុំមានចំណេះដឹងពិតប្រាដកទេ​ ហេតុដូច្នេះហើយ បាន​​ជាពួកគេយកចិត្តទុកដាក់គោរពតាមបុគ្គលតែមួយអ្នកក្តី ​ឬរដ្ឋ​ » ។​

វណ្ណៈខ្ពស់បំផុត ​ដែលកំពុងកាន់អំណាច ​ពុំត្រូវអនុញ្ញាតឲ្យមាននូវករណីលើកលែង ​ឬករណីចាំបាច់ឡើយ​ គឺត្រូវធ្វីការបូជាជីវិតដើម្បីរដ្ឋ​ដើម្បីវឌ្ឍនភាពរបស់រដ្ឋ ​ ។ ​ពលរដ្ឋទាំងអស់​ ត្រូវផ្សារសាច់ឈាមរលាយចូលទៅក្នុងរដ្ឋ​ហើយរដ្ឋ​ ក៏កើតឡើងដោយសារ​តែពលរដ្ឋដែរ ​។ ​ដូច្នេះ​ពុំអាចអ្នកណាម្នាក់​​ ក្នុងរដ្ឋាភិបាលមានសុភមង្គលតែឯកឯងបានទេ ហើយអ្នកដទៃទៀត​រស់លើគំនរទុក្ខ​ និង ស្ទឹងទឹកភ្នែក​ បានន័យថា​ ពលរដ្ឋទាំងអស់ ក្នុងប្រទេសត្រូវតែមានសុភមង្គលដូចៗ ​គ្នា ។ ​

នៅក្នុងទ្រឹស្តីនយោបាយរបស់លោកផ្លាតុង គឺបង្ហា​ញឲ្យឃើញនូវគំនិតផ្តាច់ការទាំងឡាយ ​ដែលពុំអាចធ្វើការបិទបាំង នៃជំរៅអត្ថន័យរបស់វា​​ ហើយមិនមានការពិបាកយល់ទេ​ ព្រោះវាជាមូលដ្ឋានសុខមាលភាពរបស់រដ្ឋ​។

ទស្សនវិជ្ជារបស់ផ្លាតុង

តាមទស្សនៈរបស់ផ្លាតុងថា​​ «ពិភពលោក កើតឡើងដោយធាតុ​ ២ ​យ៉ាង ​គឺពិភពទស្សនៈ ​​និង រូប​ធាតុ​ ។​ ពិភពទស្សនៈ​ មិនសំដៅទៅលើរចនាសម្ព័ន្ធ​គំនិតនោះទេ​​ ប៉ុន្តែ​​​ជាពិភពសច្ចៈ​​ដែលសម្តែងបង្ហាញនូវភាពជាក់ស្តែង ​។ ​ចំណែករូបធាតុនិយម​​នៅក្នុងដំណើរវិវត្តន៍របស់​ខ្លួន គ្មានភាពសច្ចៈទេ​»​ ។​

ផ្លាតុង​បានបង្ហាញថា​ ​«​គ្មានរូបធាតុណាមួយ​ មិនប្រែប្រួល​បាត់បង់នូវស្ថានភាពរបស់វាទេ គឺមានតែការប្រែប្រួលប៉ុណ្ណោះ​ ដែលមិនប្រែប្រួល​»​។ ​បានន័យថា​ គឺមានតែពិភពទស្សនៈទេ​ ​ដែលមានភាពសច្ចៈ​ និងមិនប្រែប្រួល​​​ ចំណែកឯរូបធាតុវិញ​ មានលក្ខណៈស្រពិចស្រពិល​មិនមានភាពសច្ចៈ​​ គឺវាមិនឆ្លើយតបទៅ នឹងសភាពលក្ខណៈខាងក្រៅ​ខ្លួនរបស់វា​ គ្រប់ពេលវេលានោះទេ​ ផ្លាតុងបានរិះរកទស្សនៈរបស់មេដឹកនាំដ៏ល្បីល្បាញជាងគេ​ ​ដែលមាននៅក្នុងស្នាដៃរបស់គាត់ស្តីអំ​ពី ​«​ពលកម្ម​ និង ពេលវេលា​»​ ដែលត្រូវបានគេទទួលស្គាល់ ​ និង ចាត់ទុកថា​ជាទេវកថា​ ​​ឬ ជាសតវត្សមាសដ៏ល្អ​ អាចយកធ្វើជាគំរូបាន​ហើយជាស្នាដៃដែលប្រកាន់ភ្ជាប់នូវ​របបនយោបាយល្អប្រសើរ​។ ​

See the source image

នៅអតីតកាល ប្រវត្តិសាស្រ្ត ធ្វើដំណើរលើផ្លូវដែលមិនត្រូវដើរចេញ​ពីសតវត្សមាស​ទៅកាន់សតវត្សដែក ​គឺថារចនាសម្ព័ន្ធរបស់រដ្ឋគំរូ​ មានតែនៅក្នុងសតវត្សមាសទេ ​។​តើរដ្ឋគំរូ​របស់ផ្លាតុង មានសញ្ញាណយ៉ាងដូចម្តេច​ ? ​​បើតាមទស្សនៈរបស់ផ្លាតុង ដែលបាន​និយាយនៅក្នុងស្នាដៃរដ្ឋសញ្ញាណ​ដ៏សំខាន់របស់រដ្ឋជាគំរូ​​​ គឺភាពយុត្តិធម៌​ ។ ភាពយុត្តិធម៌​​បើតាមទស្សនៈរបស់ផ្លាតុងគឺស្ថិតនៅត្រង់ថាពលរដ្ឋម្នាក់ ត្រូវតែមានការងារធ្វើ ហើយអាស្រ័យទៅតាម​ឧបនិស្ស័យរបស់គេ ​ដូច្នេះភាពយុត្តិធម៌របស់រដ្ឋគឺពលរដ្ឋត្រូវមានការងារធ្វើ​​​ ហើយធ្វើសកម្មភាពស្របទៅតាមសមត្ថភាព​ ​និង អត្ថិភាពរបស់ខ្លួនផ្ទាល់​​។ ​

លោកផ្លាតុង​បាន​ធ្វើការបែងចែកយ៉ាងច្បាស់នូវឋានានុក្រម​ស្រទាប់របស់មនុស្ស ក្នុងសង្គមថា​ ពួកទស្សនៈ​វិទូ ដែលដឹកនាំប្រទេស​ (​វណ្ណៈជាន់ខ្បស់​) ​អ្នកយាម​ និងទាហាន​មន្រ្តីរាជការ​ (​វណ្ណៈ​កណ្ណាល​) ​អ្នកសិប្បករ​ និងកសិករ ​(​វណ្ណៈក្រោម​) ​។​ មិនតែប៉ុណ្ណោះ ប្លាតូបានពិនិត្យ​យ៉ាងហ្មត់ច​ត់​ លើបញ្ហាការ​សិក្សា​ និងការអប់រំ​​ ។

ផ្លាតុងបានធ្វើការបែងចែកដូច្នេះ​​ «​អាស្រ័យលើឧបនិស្ស័យរបស់មនុស្ស​​ គឺភាពវៃឆ្លាត​ ភាពម៉ឺងម៉ាត់​ និងការទទួលខុសត្រូវក្នុងភាពជាអ្នកដឹកនាំ​»​ ។ ​សម្រាប់លោកផ្លាតុង​ រចនាសម្ព័ន្ធល្អ​​ គឺនៅកន្លែងណា​ដែលពលរដ្ឋម្នាក់ៗ ​ធ្វើការដើម្បីប្រយោជន៍របស់ខ្លួន​នៅក្នុងទិសដៅអភិវឌ្ឍន៍សង្គម​ ។​ រដ្ឋ​ និង សង្គមពលរដ្ឋរបស់ផ្លាតុង​ គឺមានលក្ខណៈតែមួយ​។ តាមការពិនិត្យវណ្ណៈទាំងឡាយ ដូចជាមេដឹកនាំ (​ក្សត្រ​) ​កងទ័ព ​(​អាមាត្យ​)​ ឈ្មួញ សិប្បករ​ និងម្ចាស់ដី​​​ លោក​ផ្លាតុង បានបង្ហាញថា​ «​វណ្ណៈ ​ដែលមានតួរនាទីសំខាន់ជាង​គេក្នុងរដ្ឋ​ គឺមេដឹកនាំ (​ក្សត្រ​) ​និងកងទ័ព (​អាមាត្យ​)។ ​

រីឯឈ្មួញ​កសិករ ​និងដែល​មានជីវិតផ្សារភ្ជាប់នឹងផលិតផលសម្ភារៈនោះ​ ពួកគេមិនអាចជៀសផុតពីការអាស្រ័យនូវរដ្ឋនោះទេ​ ទីបំផុតពួកវណ្ណៈទាំងពីរនេះ​ប្រឹងប្រែងសន្សំទ្រព្យសម្បត្តិ​ ដែលជាហេតុនាំឲ្យកើតមានឡើង​នូវអ្នកមានពេក​និងអ្នកក្រពេក​»​ ។ ​ ដើម្បីរក្សាស្ថានភាពនេះ ​ផ្លាតុងទាមទារឲ្យមានការបង្កើត​ ប្រព័ន្ធអប់រំពិសេសមួយសម្រាប់ក្រុមអ្នកដឹកនាំ​ និងអ្នកការពារ។​

នៅក្នុងមូលនៃប្រព័ន្ធអប់រំ​​នេះ​ ត្រូវមានសិល្បៈ​​​តូរ្យតន្រ្តី​ និងអត្តពលកម្មចូលរួមផងដែរ​។​ តូរ្យតន្រ្តីពង្រឹងដួងប្រលឹង​អប់រំឲ្យស្រលាញ់ជាតិ​មាតុភូមិ​ ចំណែកឯអត្តពលកម្ម​ពង្រឹងរាង្គកាយឲ្យរឹងមាំរៀបចំពលរដ្ឋ​ដើម្បីរដ្ឋរបស់ខ្លួន​ ។ ​តាមទស្សនៈរបស់ផ្លាតុង ការសិក្សាវិទ្យាសាស្រ្ត​ជាការស្វែងរកពិភពសច្ចភាព​ហើយមិនភូតភរ ​ដូចជាលក្ខណៈរូបធាតុទេ​។ ​

បន្ទាប់ពីបានបញ្ចប់នូវមុខវីជ្ជាទាំងអស់នេះ​ យុវវ័យ​មានការចេះដឹង​និងប្រកបដោយសីលធម៌នោះ​ អាចរៀបចំខ្លួន​ដើម្បីដើរតួរជាមេដឹកនាំ​។ ​ពេលនេះ​គេសិក្សាវិភាគអំពីសិល្បៈ​ និង ដឹកនាំជជែកពិភាក្សា​ បន្ទាប់មកសិក្សាទស្សនវិជ្ជា​ ដែលជាប្រភពដើមនៃរាល់ប្រព័ន្ធចំណេះដឹង​​​ ។ ​នៅចុងកម្មវិធីសិក្សា​ពួកគេត្រូវតែងតាំងឱ្យមាន​មុខងារជាបុគ្គលិករដ្ឋ​ ប៉ុន្តែមិនទាន់មានមុខងារដឹកនាំរដ្ឋទេ​ លុះត្រាតែមានវ័យចាប់ពី​ ៥០ ​ឆ្នាំឡើងទៅ​ ស្គាល់នូវទិសដៅនៃជីវិតច្បាស់លាស់​ ។​ ចេះធ្វើការអង្កេតពិនិត្យ​ទទួលយកនូវទស្សនៈ​ដែលជឿនលឿន​ និងមានការសម្របសម្រួលទទួលយកបទពិសោធន៍​ជាច្រើនអំពីរដ្ឋ​។ ​

គេនៅពេលនោះ​គេមានលក្ខណសម្បត្តិពេញលេញ​ ក្លាយជាមេដឹកនាំរដ្ឋ​ពិតប្រាកដ​ ។ ​បើតាមទស្សនៈរបស់ផ្លាតុង ទិសដៅរបស់រដ្ឋ​ដែលផ្លាតុង គិតថា​ជារដ្ឋគំរូ​ គឺត្រូវ​ជួយផ្គត់ផ្គង់អតិបរមាដល់ដល់កង្វះខាតក្នុងជីវិតប្រជាពលរដ្ឋ​ ទាំងសម្ភារៈ​ ទាំងស្មារតី​ ។​ ស្ថានភាពនៃជីវិតនេះហើយ ​ដែលគេបានគិតទទួលយក​នៅក្នុងសម័យបុរេក្រិច​ និងរូម ​។​ ដូច្នេះ​រដ្ឋគំរូរបស់ផ្លាតុង​ត្រូវតែអាស្រ័យនឹងការបែងចែកជាក្រុម ដែលប្រកបដោយគុណធម៌ទាំងឡាយ​ បួនយ៉ាងគឺ

  • ចំណេះដឹងជ្រៅជ្រះ
  • សេចក្តីក្លាហាន​
  • វិចារណញ្ញាណ​
  • យុត្តិធម៌

ចំណេះដឹងជ្រៅជ្រះ ​ ក្នុងនាមជាអ្នកបំពេញតួនាទី​ ជាអ្នកដឹកនាំរដ្ឋ​ ។ សេចក្តីក្លាហាន​ ជាគុណសម្បត្តិរបស់ទាហានមានតួនាទី ​ជាអ្នកការពារ ​។ ទីបី​ និងទីបួន​ គឺវិចារណញ្ញាណ​ និងយុត្តិធម៌​ជាគុណធម៌ដែលមានគ្រប់ពលរដ្ឋទាំងអស់នៅក្នុងរដ្ឋគំរូ​។

ទន្ទឹមនឹងនេះ ​ គួរតែធ្វើការកត់សំគាល់ផងដែរ ​នៅក្នុងសំណេរស្នាដៃរដ្ឋគំរូរបស់ផ្លាតុង​ គេសង្កេតឃើញមានការផ្សព្វផ្សាយ​នូវទេវកថាបុរេក្រិច​ ស្តីអំពីមនុស្សប្រាំជំនាន់​ ដែលបានផ្លាស់ប្តូរ​ដែលស្ថិតនៅក្នុងកំណាព្យរបស់កវី​Gesioda ថា​ «​ពលកម្ម​ និងពេលវេលា​»​។ ​

ទីមួយ​ ឬសតវត្សមាស ​គឺជាជំនាន់មនុស្សដែលទទួលបាននូវអ្វីជាគំរូ ​។​នៅក្នុងជំនាន់នោះ ​គេមានគុណធម៌គ្រប់បែបយ៉ាងទាំងអស់​ ហើយឋិតក្រោមការដឹកនាំរបបរាជានិយម​។ ជំនាន់ក្រោយមក​ បានចប់ផ្តើមឃ្លាតចេញ ពីតំណាក់កាលសតវត្សមាស​ ។ ​កើតឡើង នូវតំណាក់កាល ដែលបានកាត់ផ្តាច់នូវគុណធម៌ទាំអស់​ ។ ​គឺនៅក្នុងទេវកថានេះ​ ​ត្រូវនឹងស្នាដៃរបស់ផ្លាតុង ​ ដែលនិយាយអំពីរបបនយោបាយ​ និងរចនាសម្ព័ន្ធដឹកនាំ​ ដែលរបបរាជានិយម ​និងអភិជនាធិបតេយ្យ​ បានកាត់បង់នូវស្ថានសួគ៌របស់ខ្លួន​ រីឯរចនាសម្ព័ន្ធនយោបាយសង្គមបួនទៀត ​កំណត់ភាពទន់ខ្សោយរបស់ប្រជាពលរដ្ឋ​​ ក្នុងការប្រឹងប្រែង ​ដើម្បីគុណធម៌​ និងសីលធម៌នៅក្នុងជីវិត​ ។​ ទស្សនៈរបស់ផ្លាតុង​ មានគោលការណ៍ នៅក្នុងអតីតកាល ​ដែលអ្នកទស្សនវិទូ មើលឃើញគំរូនយោបាយរបស់ខ្លួន​ ៕​

ការបែងចែករបបអ្នកដឹកនាំរបស់ផ្លាតុ

ផ្លាតុងបានបែងចែកនូវទ្រង់ទ្រាយដឹកនាំដូចតទៅ៖

         – រាជាធិបតេយ្យ​(Monarchy)

         – អភិជនាធិបតេយ្យ​(Aristocracy)

         – សក្តិភូមិ​ (Timocracy)

         – គណាធិបតេយ្យ​( Oligrachy )

         – ប្រជាធិបតេយ្យ​( Democracy )

         – ទុជនាធិបតេយ្យ​( Tyranny )

ផ្លាតុង បានបែងចែក​ដូច្នេះ​ ភាពត្រឹមត្រូវ​ជាគូ នឹងវិចារណញ្ញាណ​ បន្ទាប់មកគុណធម៌​ និងភាពខ្វះខាត ​(​អគុណធម៌​)​បន្ទាប់មក​សុភមង្គល​ និងអពមង្គល​ ។ ​ផ្លាតុង បានចាត់ទុករបបរាជាធិបតេយ្យ​ និងអភិជនាធិបតេយ្យ​ជារបបនយោបាយដឹកនាំល្អប្រសើរជាងគេ​ ដែលមានយុត្តិធម៌ ជាកន្លែង​ដែលមានមេដឹកនាំទាំងអស់ ព្រួយបារម្ភអំពីភាពរុងរឿងរបស់រដ្ឋ​ ដែលជាលក្ខណៈត្រឹមត្រូវ​ និងជាគំ។

ទ្រង់ទ្រាយរចនាសម្ព័ន្ធដឹកនាំ​ ៤ ​ទៀត គឺ​សក្តិភូមិ​ (Timocracy) ​គណាធិបតេយ្យ (Oligrachy) ​ប្រជាធិបតេយ្យ ​( Democracy) និងទុជនាធិបតេយ្យ​ (Tyranny) ​បានឃ្លាតចាកពីរដ្ឋគំរូ ​ ។​ និយាយឲ្យខ្លីទៅ​ ទ្រង់ទ្រាយដឹកនាំរដ្ឋទាំង ​៤​ ខាងលើ​ គឺជាការដឹកនាំមួយ​ដែលមេដឹកនាំមានការស្រលាញ់អំណាចហួស ​។ ​របបអភិជនាធិបតេយ្យ​(Aristocracy) ​គឺជាការដឹកនាំមួយដ៏ល្អប្រសើរ ​ មានទំនុកទុកចិត្តពីប្រជាជន​ ។ ​អំណាចរបស់រដ្ឋនៅក្នុងដៃអ្នកដែលប្រសើរជាង​ ដែលបានផ្តល់ឲ្យដោយសុទ្ធចិត្តពីប្រជាជន​ ។ ​

អំណាចរបស់រដ្ឋ​ ដឹកនាំប្រកបទៅដោយគុណធម៌​ និងវ័យឆ្លាត​ ។ ​នៅលើគោលការណ៍​ និងទ្រង់ទ្រាយនៃរចនាសម្ព័ន្ធដឹកនាំបែបនេះ​ គឺមានសមភាពតាំងពីកំនើតម្លេះ​ ។​ផ្លាតុង​បានអះអាងថា ​«​សមភាពពីកំនើត ​ បង្ខំឲ្យមានច្បាប់​សមភាពសម្រាប់ទាំងអស់គ្នា​ ដែលបានសរសេរទុកនៅក្នុងច្បាប់​និងជាកាតព្វកិច្ចសម្រាប់ទាំងអស់គ្នា​ ធ្វើសកម្មភាពចំពោះគ្នាទៅវិញទៅមក ​ក្នុងលក្ខណ្ឌដ៏ប្រកបមួយ ​គឺពោរពេញទៅដោយកម្លាំង​កិត្យានុភាព ​វីរភាព​ និងវិចរណញ្ញាណ​»​ ។

ប៉ុន្តែទស្សនៈ របស់​ផ្លាតុង ​(Plato) ចំពោះតួនាទីរបស់មេដឹកនាំរដ្ឋគំរូ ​ គឺចំពោះអ្នកណាមួយដែលស្ម័គ្រចិត្ត​មិនចង់ធ្វើជាអ្នកដឹកនាំទាល់តែសោះ​ តែចង់ធ្វើការកែកំហុសរបស់អ្នកដទៃ​ ។​ អ្នកដែលមិនមែនជាអ្នកដឹកនាំគំរូ​ គឺសំដៅទៅលើអ្នកណា​ដែលស្រលាញ់ខ្លួនឯង​ស្រលាញ់លុយ​ និងស្រលាញ់បុណ្យសក្តិ​ ។​ ពីព្រោះអ្នកដឹកនាំណាមួយ​ដែលមានលក្ខណៈដឹកនាំល្អសុទ្ធសាធនោះ ​មិនមែនធ្វើសកម្មភាព​ដើម្បីតែខ្លួនឯងនោះទេ​ គឺដើម្បីភាពសំបូរសប្បាយរុងរឿង​ជូនអ្នកដែលនៅក្រោមបង្គាប់របស់ខ្លួន​។​

ផ្លាតុង ​(Plato) ​បានបង្ហាញថា ​បើនៅក្នុងរដ្ឋសុទ្ធតែមនុស្សល្អ​នោះលទ្ធភាពក្នុងការកាន់អំណាច​នឹងមានច្រើន ​។​ ប៉ុន្តែមេដឹកនាំពិតបា្រកដ​ ត្រូវមានគុណសម្បត្តិល្អ​ សម្រាប់ខ្លួនឯងផង​និងសម្រាប់អ្នកនៅក្រោមបញ្ជាផង ​។ ​ហេតុដូច្នេះ​ អ្នកដែលដឹកនាំល្អបំផុត​ មានលក្ខណៈវិសេសវិសាល​ឆ្លាតវៃជាងគេ​មានសមត្ថភាពខ្ពស់ជាងគេ​ មានវង្សត្រកូលប្រកបទៅដោយគុណធម៌​ ហើយលើសពីនេះទៅទៀត​ គឺត្រូវគិតគូរដល់អ្នកដទៃ​និងរដ្ឋ​ ។ ​មានន័យថា​ការងាររួម​ គឺជាការងាររបស់ខ្លួនផ្ទាល់​ជ័យជំនះទៅលើការងាររួម​ក៏ជាជ័យជំនះរបស់ខ្លួនឯងដែរ។ ​ត្រូវតែជ្រើសរើសមេដឹកនាំ​ដែលមានគុណសម្បត្តិដូច្នេះ​ ។​

ព្រោះទិសដៅនៅក្នុងជីវិត​គឺដើម្បីវឌ្ឍនភាពរដ្ឋ​ ។ គុណសម្បត្តិដ៏សំខាន់ សម្រាប់មេដឹកនាំ​តាមទស្សនៈរបស់​ផ្លាតុង (Plato) គឺសីលធម៌​ ភាពនឹងហ្ន៎​ និងមិនឆេវឆាវ​ ។ ​ផ្លាតុង (Plato) បានចង្អុលបង្ហាញគុណសម្បត្តិមេដឹកនាំ ​ ដើម្បីអាចបង្កឱកាស​ឲ្យអ្នកធ្វើការជុំវិញ​បណ្តុំទៅដោយមនុស្សស្ម័គ្រចិត្ត​ ធ្វើការដោយសុទ្ធចិត្ត ​ហើយសុទ្ធតែជាមនុស្ស​ មានគុណសម្បត្តិល្អប្រពៃ​ហើយក៏ជាសម្ព័ន្ធមិត្តដ៏ល្អប្រសើរ របស់ប្រជាពលរដ្ឋផងដែរ ​។ ​ទាំងអស់នេះ ​ត្រូវដឹកនាំដោយវិចារណញ្ញាណ​ ។​ភាពឆ្លាតវៃ​ គឺជាផ្លូវចង្អុលបង្ហាញគំនិតដ៏ល្អប្រសើរ​។

​អពមង្គល​ នឹងកើតឡើងមិនចេះចប់​ ទាំងចំពោះរដ្ឋ​ទាំងចំពោះពលរដ្ឋ​ ក្នុងខណៈណា​ ដែលអ្នកដឹកនាំមិនមែនជាទស្សនៈវិទូ​ ពីព្រោះទស្សនៈវិទូនេះហើយ ​គឺជាផលវិជ្ជមាននៃសច្ចធម៌​ និងអត្ថិភាព​ហើយក្រៅអំពីទស្សនៈវិទូនេះ​ គឺមិនដែលនាំមកនូវសមិទ្ធិផលអ្វីដ៏គាប់ប្រសើរធំធេងទេ​សម្រាប់បច្ចេកបុគ្គល (ខ្លួនឯង) ​ក៏ដូចជាសម្រាប់រដ្ឋ​ ឬពលរដ្ឋ​ ។ ​លក្ខណៈធម្មជាតិ​របស់ទស្សនៈវិទូ​ គឺជាលទ្ធភាពល្អ​លើកកម្ពស់គំរូទស្សនៈ ​និងភាពក្លាហាន ​។ ​លក្ខណៈធម្មជាតិ​របស់ទស្សនៈវិទូ​ ជាបងប្អូន នឹងការលើកកម្ពស់នូវភាពរុងរឿង​។ ​

មានតែនៅក្នុងរដ្ឋ​ប្រកបដោយយុត្តិធម៌ទេ ​ដែលជាកន្លែងអភិជន​ នឹងដឹកនាំពោរពេញទៅដោយ​ភាពសម្បូរសប្បាយ ​ប៉ុន្តែមិនមែនសម្បូរមាសបា្រក់ទេ ​គឺសម្បូរសប្បាយដោយសុភមង្គល​ប្រកបដោយសីលធម៌​និងវិចារណញ្ញាណ នៅក្នុងជីវិត ​។ ​ច្បាប់ បង្ខំឲ្យកំណត់ទិស​ មិនមែនដើម្បីភាពសម្បូរសប្បាយតែម្នាក់ឯងទេ ​គឺដើម្បីរដ្ឋទាំងមូល​ ។​ នៅក្នុងរដ្ឋបច្ចុប្បន្ន ​ត្រូវតែមាននូវភាពយុត្តិធម៌ ​ព្រោះអំណាចរបស់រាជា (អ្នកដឹកនាំ)​ តាមទស្សនៈរបស់​ផ្លាតុង (Plato) ​គឺឆ្លើយតបទៅនឹងគុណធម៌ពេញលេញ ​។ ​បើសិនជាមេដឹកនាំមួយចំនួននោះ​ គឺជាអភិជនពិត​ ប៉ុន្តែការដឹកនាំរបស់ពួកនោះ​ ពុំសូវគ្រប់លក្ខណៈគុណធម៌ ដែលចង់បានទេ ​នោះឯង គឺជាមូលហេតុ​ឲ្យកើតការស្រលាញ់អំណាចហួស ​ដូច្នេះ ការដឹកនាំបែបនោះ​ គឺជាបែបសក្តិភូមិ (Timocracy) ​៕

១. លក្ខណៈរបបសក្តិភូមិ (Timocracy)​​​​​​​​​​​​​​​

សម្រាប់របបសក្តិភូមិ (Timocracy) ​គឺមានលក្ខណៈ ​ ជាគូប្រកួតប្រជែង​ និងការប្រឹងប្រែងដើម្បី​អំណាច ​នៅក្នុងរចនាសម្ព័ន្ធរដ្ឋបែបនេះ​ ​គេមិនចង់ដាក់មនុស្សវ័យឆ្លាត នៅក្នុងតួនាទីទេ ​គឺគេមិនឲ្យតំលៃ ចំពោះមនុស្សមានគុណធម៌ ​និងភក្តីទេ​ ប៉ុន្តែឲ្យតំលៃចំពោះមនុស្ស ដែលមាន​លក្ខណៈធម្មជាតិកាចសាហាវ​ មានកំណើតមកសម្រាប់ធ្វើសឹកសង្រ្គាម​ មានការអប់រំឲ្យធ្វើអំពើ​ហឹង្សា ​ហើយមិនមែនឈរលើគោលការណ៍​ ជឿជាក់លើខ្លួនឯងនោះទេ​ ។ មនុស្សនៅក្នុង​សក្តិភូមិ​មានលក្ខណៈកាចសាហាវ​ និងមានការចេះដឹងទាប​ ប៉ុន្តែគេស្តាប់មេដឹកនាំអំណាច ដោយ​ឥតលក្ខ័ន្ត​ ។ ​ទ្រង់ទ្រាយដឹកនាំនេះ (សក្តិភូមិ) ​មានលក្ខណៈ ប្រហាក់ប្រហែល នឹងលក្ខណៈ​អភិជន។

តើទ្រង់ទ្រាយដឹកនាំទាំងពីរនេះ​ មានលក្ខណៈខុសគ្នាយ៉ាងណា ?​ ដូចម្តេច ដែលហៅថាសក្តិភូមិ(Timocracy) ?​ ដើម្បីដោះស្រាយបញ្ហាឲ្យបានទូលំទូលាយ​ត្រូវយល់ថា ​ហេតុដូចម្តេចត្រូវបាត់បង់រចនាសម្ព័ន្ធរដ្ឋ​គំរូ ?​ មូលហេតុនៃការបាត់បង់រចនាសម្ព័ន្ធគំរូ​ផ្លាតុង (Plato) គិតថា​ មកពីមិនអាចថែរក្សា​ និងបន្តនូ​វគុណសម្បត្តិនៃសីលធម៌ដ៏ខ្ពង់ខ្ពស់ពីជំនាន់មួយទៅជំនាន់មួយ ​ហេតុដូច្នេះហើយ​ បានជាកើតឡើងលើលោកនេះ​ នូវសីលធម៌មួយ ដែលមានគុណធម៌តិចជាង ​ហើយមនុស្សដែលមានសីលធម៌ច្រើន ក៏កាន់តែតិច​មនុស្សដែលមានសីលធម៌តិចជាងមុន​កាន់តែកើនឡើង​ ពួកគេមានទិសដៅប្រឹងប្រែងដើម្បីក្លាយជាអ្នកមាន ​។ ​ក្នុងលក្ខណៈនេះហើយ​ ដែលធ្វើឲ្យខូចបង់នូវរចនាសម្ព័ន្ធរបបអភិជន​។

តែទោះជាយ៉ាងណាក៏ដោយ ​ក៏ផ្លាតុង (Plato) ពុំបានអះអាងថា​ ទ្រព្យសម្បត្តិជាប្រភពនៃសភាវៈអាក្រក់នោះទេ​ ។​ សម្រាប់ផ្លាតុង (Plato) ការប្រឹងបែ្រងដើម្បីទ្រព្យសម្បត្តិ ​ គឺជាការសន្សំសម្ភារៈ​ដែលនៅក្នុងទស្សនៈវិជ្ជារបស់លោកបានកំណត់ថា ជាកាយវិការមួយនាំឲ្យទស្សនៈសច្ចធម៌​ ប្រែក្លាយជាស្រអាប់ស្រពិចស្រពិល ​។ ​ក្រៅពីនេះ​ ​ គឺភាពមាន​ និងក្ររបស់ប្រជាពលរដ្ឋ​ នាំឲ្យមានការខូចខាតនូវទំនាក់ទំនងនយោបាយធម្មតានៅក្នុងសង្គម​ ។​ នៅលើគោលការណ៍នេះ ​បើនិយាយពីរដ្ឋគំរូ​ផ្លាតុង (Plato) បានគិតថា​ «​ទ្រព្យសម្បត្តិ​ប្រពន្ធ​និងកូនរបស់ពីរក្រុមដ៏សំខាន់​ គឺអ្នកដឹកនាំ​ និងអ្នកការពារ ​ត្រូវតែស្ថិតនៅជាកម្មសិទ្ធិរួម​»​។ ​

នៅក្នុងខណៈណា​ដែលធ្វើឲ្យខូចនូវលក្ខណៈគោលការណ៍នេះ​ ទោះរចនាសម្ព័ន្ធអភិជនក៏ដោយ​ វានឹងបាត់បង់នូវស្ថានភាពពិតរបស់ខ្លួន​ហើយទន្ទឹមនឹងនេះ​រចនាសម្ព័ន្ធរដ្ឋគំរូ ​ក៏បាត់បង់ដែរ​ ។ ​ការប្រឹងប្រែងដើម្បីទទួលបាននូវស្ថានភាពពត៌មានអំពីសំភារៈ​ឬ​រូបធាតុនេះ ​ដែលធ្វើឲ្យមនុស្ស​កាន់តែការងឿងឆ្ងល់ថា ​ហេតុអ្វីបានជា​ស្ថានភាពពិតរបស់រូបធាតុ​ មិនស៊ីគ្នា​និងពិភពគំនិត​ ។​ ទន្ទឹមនឹងនេះ ​ពលរដ្ឋដែលមានលក្ខណៈវិសេសជាងគេពេលនេះ ​ជាជោគជ័យមួយមិនគ្រប់គ្រាន់ទេ​គេប្រឹងប្រែងថែមទៀត ​ដើម្បីពង្រឹង​ និងពង្រីកតួនាទីរបស់គេ ​នៅក្នុងសង្គម។ ​

ក្នុងខណៈនេះ​ គឺមានតែទ្រព្យសម្បត្តិទេ ​ដែលគេត្រូវការ​ ហេតុដូច្នេះហើយ ​នៅក្នុងសង្គម​ នឹងនាំឲ្យមានការលើកកម្ពស់ទ្រព្យសម្បត្តិពីលើសីលធម៌​ ។​ ដូច្នេះហើយ ​ផ្លាតុង (Plato) បានបង្ហាញថា​ «សេចក្តីស្រេកឃ្លានអំណាច នៅក្នុងរបបសក្តិភូមិ(Timocracy) ​ធ្វើឲ្យខូចខាត​ប្រព័ន្ធគ្រប់គ្រងអំណាចដោយខ្លួនឯងផ្ទាល់តែម្តង» ​៕

២. លក្ខណៈរបបគណាធិបតេយ្យ(Oligarchy)

បន្ទាប់ពីរបបសក្តិភូមិ (Timocracy)​ ផ្លាតុង (Plato) បានហៅរបបថ្មីមួយទៀត​ គឺរបបគណាធិបតេយ្យ​ (Oligarchy) ដែលកើតចេញអំពីសក្តិភូមិ (Timocracy) នៅក្នុងលទ្ធផលនៃការដឹកនាំនៅក្នុងសង្គម​ ។ ​នៅក្នុងរបបគណាធិបតេយ្យ (Oligarchy) ចូលរួមក្នុងការដឹកនាំប្រទេស ​មានតែពួកអ្នកមាន​ទ្រព្យសម្បតិ្តខ្ពង់ខ្ពស់​ រីឯពួកក្រីក្របានកាត់ផ្តាច់ស្រលះ​ ។ ​បើសិនជានៅក្នុងរបបសក្តិភូមិ (Timocracy) ​សារៈសំខាន់មានតែកេរ្តិ៍ឈ្មោះនោះ នៅក្នុងរបបគណាធិបតេយ្យ (Oligarchy) ទិសដៅសំខាន់​គឺទ្រព្យសម្បត្តិ​បើសិនជាប្រៀបធៀបរបបគណាធិបតេយ្យ (Oligarchy)​ ទៅនឹងរបបសក្តិភូមិ (Tomocracy) ​គឺទី ១ ​អាក្រក់ជាងទី ២ ​ទៅទៀត ​។ ​

ការប្រមូលសន្សំមាស​របស់មនុស្ស​បានធ្វើឲ្យខូចខាតដល់ប្រព័ន្ធសក្តិភូមិ (Timocracy) ជាបឋម ​ ពួកគេបានបោះបង់នូវ​ប្រព័ន្ធដែលគេកំពុងប្រើប្រាស់​ហើយដើម្បីបំពេញនូវទិសដៅនេះ ​ គេត្រូវបង្កើតច្បាប់ ដែលគិតគូរ​តិចតួចណាស់ជាមួយនឹងមនុស្ស​ ។ ​នៅពេលណា​ដែលពួកគេឲ្យតំលៃមធ្យោបាយគាបសង្កត់កាន់​តែខ្លាំងឡើងនោះ​ គេនឹងឲ្យគុណធម៌កាន់តែតិចដែរ​។ ​

ផ្លាតុង(Plato) បានបង្ហាញថា ​ ដោយនៅក្នុងរដ្ឋ ​គេឲ្យតំលៃទៅលើភាពមានស្តុកស្តម្ភ​ទ្រព្យសម្បត្តិ​ មានន័យថា​ គេនឹងមានការចុះថយចំពោះតំលៃទៅលើគុណធម៌ដែរ ។ ​ការឲ្យតំលៃទៅលើទ្រព្យសម្បត្តិកាន់តែកើនឡើង ​​ការលើកកម្ពស់អ្នកមាន​នាំឲ្យមានការតែងតាំងពួកនេះ​ នៅក្នុងម៉ាស៊ីនដឹកនាំ​នៅពេលនោះ​ អ្នកក្រពុំមានលទ្ធភាពចូលកាន់តំណែងបានឡើយ​ ។ ដូច្នេះ ផ្លាតុង (Plato) បានបង្ហាញថា​ ការកំណត់​ស្ថានភាពទ្រព្យសម្បត្តិ បានក្លាយជាច្បាប់​ និងឋានានុក្រម នៃរបបគណាធិបតេយ្យ (Oligarchy) ។​ យ៉ាងណាមិញ​ នៅពេលណា របបគណាធិបតេយ្យ(Oligarchy) កាន់តែរឹងមាំនោះ ​ការឲ្យតំលៃទៅលើទ្រព្យសម្បត្តិ​ ក៏កាន់តែខ្លាំងដែរ​ ។

​ដូច្នេះយើងឃើញយ៉ាងច្បាស់ថា​របបនេះ អាចថែរក្សាគង់វង្សបាន​មានតែប្រើមធ្យាបាយហឹង្សាទេ​ ។​ ផ្លាតុង (Plato) បានបង្ហាញថា​របបគណាធិបតេយ្យ (Oligarchy) ​នឹងត្រូវបែកបាក់ជារដ្ឋពីរ ​គឺរដ្ឋសម្រាប់អ្នកមាន​ និងរដ្ឋសម្រាប់អ្នកក្រ​ ។​ រដ្ឋទាំងពីរ​ប្រឈមមុខនឹងគ្នាជានិរន្តន៍​ ។ ឧក្រិដ្ឋកម្ម​ នឹងកើតមានឡើងជាញឹកញាប់​នៅក្នុងរបបនេះ ​ដោយសារតែគំនិតឆ្កួតលីលា ​។ ​ភាពកំណាញ់​ និងភាពកេងចំណេញ​ បានក្លាយជាគុណសម្បត្តិមួយសម្រាប់មនុស្ស ​ហើយប្រសិនបើមនុស្សប្រភេទនេះ ​​មានទីតាំងរបស់ខ្លួនក្នុងរបបសក្តិភូមិ (Timocracy) សេចក្តីស្នេហា នឹងយសស័ក្តិ​ នឹងក្លាយជាសេចក្តីស្នេហាមាសប្រាក់ ​៕

៣. លក្ខ​ណៈរបបប្រជាធិបតេយ្យ(Democracy)

បន្តទៅនេះ​ ជារចនាសម្ព័ន្ធ ឬរបបនយោបាយ ដឹកនាំរដ្ឋ​តាមទស្សនៈរបស់ផ្លាតុងថា ​របបប្រជាធិបតេយ្យ(Democracy) ​ជារបបកើតចេញអំពីប្រព័ន្ធគណាធិបតេយ្យ (Oligarchy) ។ ​ លទ្ធិ​ប្រជាធិបតេយ្យ​ បានកើតឡើងនៅពេលណា ដែលអ្នកក្របានទទួលជ័យជំនះ​ នៅពេលនោះ​ ពួកសត្រូវរបស់គេ​មួយចំនួនត្រូវបានសម្លាប់​ហើយមួយចំនួនទៀត ត្រូវបានបណ្តេញចេញ​ រីឯអ្នក​ដែលនៅសល់​បានបន្តការរស់នៅក្នុងគោលការណ៍សមភាព ក្នុងឋានៈជាពលរដ្ឋ។ ​

នៅក្នុងរដ្ឋ​ដែលមានសិទ្ធិសេរីភាពពេលលេញ​ឥតលាក់លៀម​ និងមានសទ្ធិធ្វើអ្វីដែលខ្លួនចង់ធ្វើ​ មិនចាំបាច់ត្រូវឱនលំទោនចំពោះអ្នកណានោះទេ​ បើខ្លួនមិនចង់ធ្ធើ​ (ព្រោះជាសទ្ធិរបស់ខ្លួន) ​។ ​ដូច្នេះ មើលទៅ​ហាក់ដូចជារបបនយោបាយមួយនេះ ​ល្អប្រសើរបំផុតជាងគេ​ ។​ ប៉ុន្តែ នៅក្នុងរបបនេះ​ ពុំមានអ្នកណាមួយមានទួនាទី​ត្រូវតែដឹកនាំនោះទេ​ ។​ នៅក្នុងរបបប្រជាធិបតេយ្យ​ មនុស្សមានអំណាច​ កេរ្តិ៍ឈ្មោះ​ យសស័ក្តិ​ គឺអាស្រ័យពួកមហាជន​មើលឃើញ​ ជ្រើសរើសយក​ ។​

យ៉ាងណាមិញ​ នៅក្នុងរបបប្រជាធិបតេយ្យ​ ក៏មិនមែនអាស្រ័យទៅលើបុគ្គលណា​ ដែលចូលរួមក្នុងសកម្មភាពដឹកនាំរដ្ឋ​ ។​ ដូច្នេះ តាមទស្សនៈរបស់ផ្លាតុង (Plato) ​នៅក្នុងរបបប្រជាធិបតេយ្យ ​ នឹងកើតឡើងនូវភាពអួតអាង ​ការឲ្យមានសេរីភាពហួសហេតុ​ ការមិនមានទំទួលខុសត្រូវ ចំពោះពាក្យសម្តី​និងភាពឥតខ្មាសទាំងនេះ​ គឺជាវីរភាពរបស់គេ​ ។ ​នៅក្នុងរដ្ឋប្រជាធិបតេយ្យ​ អ្នកឭសូរតែពាក្យសរសើរ ​ដោយឥតព្រំដែនតែអំពីសទ្ធិសេរីភាពប៉ុណ្ណោះ​ ។ ​នៅពេលដែលអ្នកមិនស្តាប់បង្គាប់បះបោរឡើង ​ធម្មតាពេលនោះ ​ឪពុកតែងតែមានទំលាប់គំរាមគំហែងកូន របស់ខ្លួន​បើសិនជាគ្រូវិញ​ គឺតែងតែប្រតិកម្មចំពោះកូនសិស្សរបស់ខ្លួន។

​នៅក្នុងជួរប្រជាជន នៃរបបប្រជាធិបតេយ្យ​ និងកើតឡើងនូវភាពមិនសុខ​ មានអារម្មណ៍ហាក់ដូចជាចង្អៀតចង្អល់​រហូតដូចជាមានអ្វីមករារាំងគេ​ជាប់ជានិច្ច​ ទីបំផុតពួកគេលែងគិតអំពីច្បាប់​សំខាន់ គេចង់បាន​មិនត្រូវឲ្យមានអំណាចណាមួយ​កមគ្របសង្កត់លើគេឡើយ​។​ ក្នុងលក្ខណៈនេះហើយ ​ដែលនាំឲ្យកើតមាននូវរបបផ្តាច់ការ ​។​ដូច្នេះ ចេញអំពីសេរីភាព​ នឹងកើតឡើងនូវរបបទាសភាពដ៏ព្រៃផ្សៃ​ និងកាចសាហាវបំផុត​ ៕

៤. លក្ខណៈរបបទុជនាធិបតេយ្យ(Tyranny)

ទុជនាធិបតេយ្យ (Tyranny) គឺជារបបផ្តាច់ការ ​ដែលមានទ្រង់ទ្រាយរចនាសម្ព័ន្ធរឹងមាំ​ ហើយក៏ជារបបកាចសាហាវ ​។ ​ពេលដែលពួកមហាជន ឱនលំទោនស្តាប់បង្គប់តាម​នៅពេលនោះ មេដឹកនាំ​ នឹងក្លាយជាមេដឹកនាំផ្តាច់ការ​ហើយមេដឹកនាំ ចាប់អារម្មណ៍ទៅនឹងសេចក្តីសម្រេចចិត្តរបស់តុលាការ​ ដែមានលក្ខណៈអយុត្តិធម៌​កាត់ផ្តាច់ពីមនុស្ស​ ដោយប្រើមធ្យោបាយដាក់ទណ្ឌកម្មយ៉ាងកាចសហាវ​ នៅពេលនេះ ​គេបានឈរនៅលើផ្លូវ នៃមេដឹកនាំរដ្ឋ​ដែលមិនមែនជាតំណាងរបស់ប្រជាជនទេ ​គឺជាមេដឹកនាំផ្តាច់ការ​។​

កម្មវិធីមួយ​របស់មេដឹកនាំផ្តាច់ការ ​គឺការទាក់អារម្មណ៍របស់ប្រជាជន ​ដើម្បីធ្វើសង្រ្គាម​ដើម្បីឲ្យប្រជាជនមានអារម្មណ៍ត្រូវគ្នា​ ជាមួយមេដឹកនាំជានិច្ច​ ។ ​ដើម្បីការពារអំណាច​មេដឹកនាំផ្តាច់ការ ​ត្រូវការតាមដានសកម្មភាពអ្នកណា ដែលក្លាហាន ​មានទឹកចិត្ត ទូលំទូលាយ​ប្រកបដោយវិចារណញ្ញាណ​ និងប្រាជ្ញាឈ្លាសវៃ​ ។ ​ភាពរឹងមាំរបស់អំណាចផ្តាច់ការ ​គឺធ្វើយ៉ាងណា​ដើម្បីបោលសំអាតពួកនេះចេញ ពីជួររដ្ឋាភិបាល​ ។ ​មធ្យោបាយរបស់មេដឹកនាំផ្តាច់ការ​ នៅពេលដែលគេធ្វើអំពើកាចសាហាវទៅលើប្រជាជន​ កាន់តែខ្លាំង​នោះ គេកាន់តែត្រូវការអ្នកការពារខ្លួនរបស់គេកាន់តែច្រើនថែមទៀត ​។ ​ដូច្នេះប្រជាជនដែលមានសេរីភាព ​ត្រូវធ្លាក់ចូលទៅក្នុងស្ថានភាពនូវអំណាចផ្តាច់ការ​សេរី របស់ពួកគេត្រូវបាត់បង់ទៅក្នុងរបបផ្តាច់ការ ​សេរីភាព ត្រូវបានប្រែក្លាយទៅជាទាសភាពយ៉ាងធ្ងន់ធ្ងរ ​និងជូរចត់ជាទីបំផុត ក្នុងភាពជាទាសករ​។​

បើនិយាយពីគុណសម្បត្តិ​របស់មេដឹកនាំផ្តាច់ការខ្សោយបំផុត​ ផ្លាតុង (Plato) បានបង្ហាញថា ​ ទោះបីគេមានទំនាក់ទំនងជាមួយអ្នកណាក៏ដោយ ​ក៏គេតែងតែចង់ទាមទារឲ្យអ្នកនោះ​ ក្លាយជាទាសកររបស់គេ​ ។ ​មេដឹកនាំផ្តាច់ការ​ប្រៀបដូចជាអំណាចគ្មានច្បាប់ របស់មនុស្សម្នាក់​ សម្រាប់ប្រជាជនទាំងអស់ នៅក្នុងសង្គម​ ហើយផលប្រយោជន៍របស់ពួកគេ បានកំណត់ខ្ពស់ជាងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់​ ។​ ផ្លាតុង (Plato) បានបង្ហាញទៀតថា ​«របបផ្តាច់ការ ​គឺជារបបកាចសាហាវជាទីបំផុតពីព្រោះ៖

     ទី១ ៖ ​ប្រជាពលរដ្ឋ នៅក្នុងរបបនេះ​ មិនមែនចាប់ផ្តើមគោរពឱនលំទោន ​ចំពោះមនោគមន៍វិជ្ជានោះទេ​ ចំពោះមនុស្សម្នាក់​។

     ទី២​ ៖ ចំណុចសំខាន់សម្រាប់រដ្ឋ ​ ត្រូវអាស្រ័យនឹងមនោគមន៍វិជ្ជា របស់ខ្លួន​ ។​ ផលប្រយោជន៍រដ្ឋ​ ត្រូវតែមានតំលៃខ្ពស់ជាងផលប្រយោជន៍របស់បុគ្គល ​ឬផលប្រយោជន៍ពលរដ្ឋក្នុងសង្គម ​។ ​មេអំណាចផ្តាច់ការ​ និងផលប្រយោជន៍ឯកជន របស់ខ្លួន​តែងតែត្រូវបានកំណត់ថា​ជាផលប្រយោជន៍របស់ប្រជាជនទូទៅ​ ហើយគោលបំណងរបស់រដ្ឋ​បានត្រូវគេយកមកប្រើជា​គោលបំណង របស់ប្រជាជន»​៕

Related posts
ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើលោក ដាញ់ ហុង អ្នក​បង្កើត​ហ្វុនអក្សរ​យូនីកូដជាអ្នកណា?

ប្រវត្តិបុគ្គលល្បីៗ

លោក Larry Tesler ដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ

ប្រវត្តិបុគ្គលល្បីៗ

មេដឹកនាំតាលីបង់សំខាន់៥រូបដែលបានដឹកនាំក្រុមសកម្មប្រយុទ្ធមួយនេះ​

Leave a Reply

Your email address will not be published. Required fields are marked *