ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិបិតាអេឡិចត្រូនិចលោក ម៉ៃឃើល ហ្វារ៉ាដេ (Michael Faraday)

ម៉ៃឃើល ហ្វារ៉ាដេ (Michael Faraday) បានកើតនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៧៩១ និងបានទទួលមរណភាពនៅថ្ងៃទី ២៥ សីហា ១៨៦៧ ដែលលោកគឺជារូបវិទូ និង គីមីវិទូ ជនជាតិអង់គ្លេស ដែលបានរួមចំណែកក្នុងការស្រាវជ្រាវផ្នែកអេឡិចត្រូម៉ាញ៉េទិច និង អេឡិចត្រូគីមី។ ការងារមួយចំនួនដែលគាត់បានរូមចំណែកមានដូចជា៖

  • ហ្វារ៉ាដេបានសិក្សាអំពីដែនម៉ាញ៉េទិចនៅជុំវិញអង្គធាតុចម្លងដែលមានចរន្តជាប់ឆ្លងកាត់។
  • គាត់បានបង្កើតគំនិតគ្រឹះអំពីដែនម៉ាញ៉េទិចនៅក្នុងរូបវិទ្យា។
  • គាត់បានរកឃើញបាតុភូតអាំងឌុចស្យុងអេឡិចត្រូម៉ាញ៉េទិច ដ្យាម៉ាញ៉េទិច និង ច្បាប់អគ្គីសនីវិភាគ។
  • គាត់បានរកឃើញថាម៉ាញ៉េទិចអាចមានឥទ្ធិពលលើកាំពន្លឺនិងបានពោលថា មានទំនាក់ទំនងពិសេស១នៅពីក្រោយបាតុភូតទាំង២នេះ។
  • គាត់បានរកឃើញគោលការណ៍ដែលគេប្រើក្នុងម៉ាស៊ីនអគ្គីសនី។

ក្នុងផ្នែកគីមីវិទ្យា ហ្វារ៉ាដេបានរកឃើញបង់សែន បង្កើតចំពុះប៊ុនសិន និង ប្រព័ន្ធចំនួនអុកស៊ីតកម្ម និងបំផុសបំផុលការប្រើប្រាស់ពាក្យ អាណូត កាតូត អេឡិចត្រូត និង អ៊ីយ៉ុង ជាដើម។

ទោះបីជាហ្វារ៉ាដេមិនបានទទួលការអប់រំជាផ្លូវការឲ្យបានច្រើន និងមានចំនេះដឹងតិចតួចពីគណិតវិទ្យាថ្នាក់ខ្ពស់ ក៏ដោយ ក៏គាត់បានក្លាយជាអ្នកវិទ្យាសាស្ត្រដ៏មានឥទ្ធិពលនៅក្នុងប្រវត្តិសាស្ត្រ។ ហ្វារ៉ាដ ដែលជាខ្នាតរបស់កាប៉ាស៊ីតេនៅក្នុងប្រព័ន្ធខ្នាតអន្តរជាតិ ត្រូវបានដាក់ឈ្មោះតាមគាត់។ ដូចគ្នាផងដែរថេរហ្វារ៉ាដេ ជាបន្ទុកអគ្គីសនីរបស់អេឡិចត្រុងមួយម៉ូល (ប្រហែល 96 485 គូឡុំ)។ ច្បាប់អាំងឌុចស្យុងរបស់ហ្វារ៉ាដេ បានចែងថាដែនម៉ាញ៉េទិចដែលប្រែប្រួលទៅតាមពេលវេលាបង្កើតជាកំលាំងអគ្គីសនីចលករដែលសមាមាត្រនឹងបម្រែបម្រួលនោះ។

See the source image

ម៉ៃឃើល ហ្វារ៉ាដេ ចាប់កំណើតនៅ ញូវីងតុន បាត់ស៍ (Newington Butts) ផ្នែកមួយរបស់ឡិនដិនខាងត្បូង ប្រទេសអង់គ្លេស។ គ្រួសាររបស់គាត់មិនជាធូរធារប៉ុន្មានទេ។ ឪពុករបស់លោកឈ្មោះ ចេមស៍ ហ្វារ៉ាដេ (James Faraday) ជាជាងដែក។ ក្នុងគ្រួសារមួយដែលមានកូន៤នាក់ ម៉ៃឃើល ហ្វារ៉ាដេមានលទ្ធភាពរៀនសូត្រកម្រិតមូលដ្ឋានប៉ុណ្ណោះនៅសាលា ហើយក្រៅពីនេះគាត់ត្រូវរៀនសូត្រដោយខ្លួនឯង។

នៅអាយុ១៤ឆ្នាំ គាត់បានទៅធ្វើជាកូនជាងរបស់អ្នកធ្វើនិងលក់សៀវភៅម្នាក់ឈ្មោះ ចច រីបៅ (George Riebau)។ ក្នុងរយៈពេល៧ឆ្នាំនៅទីនោះ ហ្វារ៉ាដេបានអានសៀវភៅជាច្រើន និងបានបណ្ដុះចំនាប់អារម្មណ៍យ៉ាងពិសេសលើផ្នែកអគ្គីសនី។ ជាពិសេសទៅទៀត គាត់មានការកោតសរសើរយ៉ាងខ្លាំងចំពោះសៀវភៅឈ្មោះ ”Conversations in Chemistry” (បទសន្ទនាក្នុងគីមីវិទ្យា) សរសេរដោយ ចេន ម៉ារសិត (Jane Marcet)។

នៅអាយុ២០ឆ្នាំ គឺក្នុងឆ្នាំ១៨១២ គាត់បានបញ្ចប់ការងារជាកូនជាង ហើយបានចូលរៀនក្នុងថ្នាក់រៀនរបស់គីមីវិទូអង់គ្លេសដ៏ឧត្តមឈ្មោះ ហាំហ្វ្រី ដាវី (Humphry Davy) របស់ Royal Institution និង Royal Society និង ចន តាធូម (John Tatum)។ ហ្វារ៉ាដេបានទទួលសំបុត្រចូលរៀនពី វិល្លៀម ដាន់ស៍ (William Dance)។ ក្រោយមកទៀត ហ្វារ៉ាដេ បានផ្ញើសៀវភៅមួយក្បាលដែលមានកំរាស់ ៣០០ទំព័រ ដែលគាត់សរសេរក្នុងពេលរៀនក្នុងថ្នាក់នោះ ទៅឲ្យដាវី។

ដាវីបានឆ្លើយតបទៅវិញភ្លាមៗ ប្រកបដោយសប្បុរស និងអនុគ្រោះ។ នៅពេលដែលដាវីបានបាត់បង់ចក្ខុវិញ្ញាណក្នុងឧប្បត្តិហេតុពិសោធន៍នីត្រូសែនទ្រីក្លរីត គាត់បានសម្រេចចិត្តជួលហ្វារ៉ាដេឲ្យធ្វើជាលេខារបស់គាត់។ នៅពេលដែលជំនួយការនៅ Royal Institution ឈ្មោះចន ផេយនី (John Payne) ត្រូវបានគេដេញចេញពីការងារ ហាំហ្វ្រី ដាវី ត្រូវបានគេស្នើសុំឲ្យជួយរកមនុស្សមកធ្វើការជំនួស។ ដាវីបានជ្រើសតាំងហ្វារ៉ាដេឲ្យធ្វើជាជំនួយការគីមីវិទ្យានៅទីនោះ នៅថ្ងៃទី១ មីនា។

ហ្វារ៉ាដេបានរៀបអាពាហ៍ពិពាហ៍ជាមួយនាង សារ៉ា បារណាត (១៨០០-១៨៧៩) នៅថ្ងៃទី២ មិថុនា ១៨២១។ ពួកគេគ្មានកូនចៅទេ។ ពួកគេទាំង២ជួបស្គាល់គ្នានៅវិហារសាសនាគ្រឹស្តនិកាយសេនដឺម៉ានីមួយ។ គាត់បានជាប់ឆ្នោតជាសមាជិក Royal Society នៅឆ្នាំ១៨២៤ ត្រូវគេតែងតាំងជានាយកមន្ទីរពិសោធន៍នៅឆ្នាំ១៨២៥ និងនៅឆ្នាំ១៨៣៣ ត្រូវគេតែងតាំងជា Fullerian professor of chemistry ពេញមួយជីវិត ដោយមិនចាំបាច់បង្រៀនទេ។

See the source image

ការងារផ្នែកគីមីវិទ្យារបស់ហ្វារ៉ាដេ ចាប់ផ្ដើមពេលដែលគាត់នៅធ្វើជាជំនួយការរបស់ហាំហ្វ្រី ដារី។ ហ្វារ៉ាដេបានសិក្សាពិសេសអំពីក្លរ និងបានរកឃើញកាបូនក្លរីត២ប្រភេទ។ គាត់ក៏បានធ្វើការពិសោធន៍ត្រួសៗជាលើកដំបូងអំពីសំនាយឧស្ម័ន។ បាតុភូតនេះត្រូវបានកត់សម្គាល់មុនគេដោយ ចន ដាល់តុន និងត្រូវបានពន្យល់បកស្រាយក្បោះក្បាយដោយ ថូម៉ាស់ ហ្គ្រាហាម (Thomas Graham) និង ចូសេហ្វ ឡូស្មីត (Joseph Loschmidt)។ ហ្វារ៉ាដេបានសម្រេចធ្វើកំណរជាអង្គធាតុរាវនូវឧស្ម័នជាច្រើន ដូចជាក្លរជាដើម។ គាត់បានសង្កេតពីសំលោហៈដែកថែប និងបានបង្កើតកែវជាច្រើនប្រភេទសម្រាប់ប្រើក្នុងអុបទិច។

ហ្វារ៉ាដេបានបង្កើតរបស់មួយដែលក្រោយមកប្លែងជាចំពុះប៊ុនសិន ដែលត្រូវបានគេប្រើប្រាស់ជាសាកលនៅក្នុងបន្ទប់ពិសោធវិទ្យាសាស្ត្រ សម្រាប់ជាប្រភពកម្ដៅដែលងាយប្រើ។ ហ្វារ៉ាដេធ្វើការយ៉ាងទូលំទូលាយលើផ្នែកគីមីវិទ្យា ដោយបានរកឃើញបង់សែន និងបង្កើតប្រព័ន្ធចំនួនអុកស៊ីតកម្ម។ នៅឆ្នាំ១៨២៩ ហ្វារ៉ាដេបានធ្វើរបាយការណ៍អំពីការធ្វើសំយោគអង្គធាតុសមាសជាលើកដំបូងពីកាបូន និងក្លរ គឺ C2C6 (អិចសាក្លរ៉ូអេតាន) និង C2Cl4 (តេត្រាក្លរ៉ូអេតាន) និងបានបោះពុម្ពលទ្ធផលនេះនៅឆ្នាំបន្ទាប់។

ហ្វារ៉ាដេក៏បានរកឃើញច្បាប់នានាទាក់ទងនឹងអគ្គីសនីវិភាគ និងបានបំផុសបំផុលការប្រើប្រាស់ពាក្យ អាណូត កាតូត អេឡិចត្រូត និង អ៊ីយ៉ុង ដែលជាវាក្យស័ព្ទបង្កើតដោយ វិល្លៀម វីវ៉ែល (William Whewell)។

ស្នាដៃដ៏អស្ចារ្យជាងគេរបស់ហ្វារ៉ាដេ ប្រហែលជាស្ថិតក្នុងផ្នែកអគ្គីសនីនិងម៉ាញ៉េទិច។ ពិសោធន៍ដំបូងគេដែលគាត់ធ្វើគឺ ការផលិតថ្មពិលវ៉ុលតា ដោយតម្រៀបសន្លឹកស័ង្កសី៧ឆ្លាស់គ្នាជាមួយក្រដាសជ្រលក់ទឹកអំបិល៦សន្លឹក។ ដោយប្រើថ្មពិលនេះ គាត់បានបំបែកម៉ាញ៉េស្យូមស៊ុលផាត។

នៅឆ្នាំ១៨២១ មិនយូរប៉ុន្មានបន្ទាប់ពីរូបវិទូនិងគីមីវិទូដាណឺម៉ាក ហាន់ គ្រីស្ទៀន អឺស្តែដ (Hans Christian Ørsted) បានរកឃើញបាតុភូតអេឡិចត្រូម៉ាញ៉េទិច ដាវីនិងវិល្លៀម ហាយ វុល្លាស្តុន (William Hyde Wollaston) បានព្យាយាមទាំងមិនបានសម្រេចក្នុងការគូរប្លង់ម៉ូទ័រអគ្គីសនី។ ហ្វារ៉ាដេបានពិភាក្សាជាមួយអ្នកទាំង២នោះ និងបានបន្តផលិតឧបករណ៍២ដែលបង្កើតចលនាដែលគាត់ហៅថាចលនារង្វិលម៉ាញ៉េទិច (ចលនាវង់ដែលកើតពីកំលាំងម៉ាញ៉េទិចវង់ជុំវិញខ្សែចម្លង)។ ខ្សែចម្លងដែលជ្រលក់ចូលក្នុងផើងបារ៉តដែលមានដាក់មេដែកនៅខាងក្នុង នឹងវិលជុំវិញមេដែកនោះ ប្រសិនបើគេផ្ដល់ចរន្តពីថ្មពិលទៅឲ្យវានោះ។ ឧបករណ៍នេះគេឲ្យឈ្មោះថា ម៉ូទ័រអូម៉ូប៉ូល។

ពិសោធន៍ និងរបកគំហើញនេះបានក្លាយជាគ្រឹះរបស់បច្ចេកវិទ្យាអេឡិចត្រូម៉ាញ៉េទិចបច្ចុប្បន្ន។ ហ្វារ៉ាដេបានបោះផ្សាយលទ្ធផលទាំងនេះដោយមិនបានបញ្ជាក់ថាជាការងារបន្តពី ដាវី និង វុល្លាស្តុន ហើយដែលភាពចម្រូងចម្រាស់នេះបានធ្វើឲ្យហ្វារ៉ាដេដកខ្លួនពីការស្រាវជ្រាវអេឡិចត្រូម៉ាញ៉េទិច ជាច្រើនឆ្នាំ។

នៅក្នុងដំណាក់កាលនេះ គេមានភស្ដុតាងដែលថាដាវីអាចព្យាយាមបង្អាក់ដំនើររបស់ហ្វារ៉ាដេក្នុងការក្លាយខ្លួនជាអ្នកវិទ្យាសាស្ត្រ។ ឧទាហរណ៍នៅ ឆ្នាំ១៨២៥ ដាវីបានឲ្យហ្វារ៉ាដេធ្វើពិសោធពីកែវអុបទិច ដែលមិនបានហុចលទ្ធផលធំដុំឡើយក្នុងរយៈពេល៦ឆ្នាំ។ បន្ទាប់ពីមរណភាពរបស់ដាវីនៅឆ្នាំ១៨២៩ ទើបហ្វារ៉ាដេឈប់ធ្វើការងារគ្មានបានការបែបនេះ និងងាកមកធ្វើការប្រឹងប្រែងលើអ្វីដែលមានតម្លៃឲ្យធ្វើជាង។

នៅឆ្នាំ១៨៣១ គាត់បានផ្ដើមធ្វើពិសោធជាស៊េរីដ៏អស្ចារ្យរបស់គាត់ ដែលក្នុងនោះគាត់បានរកឃើញបាតុភូត អាំងឌុចស្យុងអេឡិចម៉ាញ៉េទិច ។ ចូសេហ្វ ហិនរី ទំនងជារកឃើញបាតុភូតអូតូអាំងឌុចស្យុង រយៈពេលពីរបីខែមុននេះ។

នៅពេលដែលហ្វារ៉ាដេរុំខ្សែរបុំខ្សែចម្លងដែលមានអ៊ីសូឡង់ពីគ្នា ជុំវិញកងដែកមួយ គាត់បានរកឃើញថាមានចរន្តអគ្គីសនីមួយប៉ប្រិចកើតឡើងក្នុងរបុំមួយទៀត។ គាត់ហៅបាតុភូតនេះថា អាំងឌុចស្យុងមុយទុយអែល ។ នៅក្នុងពិសោធន៍បន្ទាប់ទៀត គាត់បានរកឃើញចរន្តអគ្គីសនីឆ្លងកាត់ខ្សែចម្លងប្រសិនបើគាត់ផ្លាស់ទីមេដែកមួយក្នុងរបុំខ្សែចម្លង ឬពេលរបុំផ្លាស់ទីលើមេដែកនៅនឹងថ្កល់។

គាត់បានស្រាយបញ្ជាក់ថា ដែនម៉ាញ៉េទិចប្រែប្រួល បង្កើតដែនអគ្គីសនី ដូចមានចែងនៅក្នុងច្បាប់ហ្វារ៉ាដេ។ ហ្វារ៉ាដេបានប្រើគោលការណ៍នេះក្នុងការផលិតឌីណាម៉ូអគ្គីសនី ដែលជាបុព្វបុរសរបស់ម៉ាស៊ីនភ្លើងសព្វថ្ងៃ។

នៅឆ្នាំ១៨៣៩ ហ្វារ៉ាដេបានសម្រេចស៊េរីពិសោធន៍ក្នុងគោលដៅស្វែងរកធម្មជាតិគ្រឹះរបស់អគ្គីសនី។ គាត់បានប្រើ អេឡិចត្រូស្តាទិច បាត់តឺរី និង អគ្គីសនីក្នុងសត្វ ដើម្បីបង្កើតបាតុភូតទំនាញអេឡិចត្រូស្តាទិច អគ្គីសនីវិភាគ ម៉ាញ៉េទិច ជាដើម។ គាត់បានធ្វើការសន្និដ្ឋានថា គំនិតនៅសម័យនោះដែលថាមានប្រភេទអគ្គីសនីច្រើនប្រភេទនោះ វាមិនពិតទេ។

ផ្ទុយទៅវិញគាត់បានស្នើឡើងថា មានអគ្គីសនីតែមួយប្រភេទប៉ុណ្ណោះ ហើយបម្រែលបម្រួលតម្លៃទំហំ និងអាំងតង់ស៊ីតេ អាចបង្កើតជាបាតុភូតច្រើនយ៉ាង។ នៅចុងអាជីពរបស់គាត់ ហ្វារ៉ាដេបានស្នើឡើងថាកម្លាំងអេឡិចត្រូម៉ាញ៉េទិចរីកចូលទៅក្នុងលំហទទេជុំវិញអង្គធាតុចម្លង។ គំនិតនេះត្រុវបានអ្នកវិទ្យសាស្ត្រស្នងគាត់បដិសេដ ហើយហ្វារ៉ាដេមិនអាចរស់នៅមើលឃើញពេលដែលគំនិតគាត់នេះត្រូវគេទទួលយកនៅពេលក្រោយមកទេ។ គំនិតរបស់ហ្វារ៉ាដេពីខ្សែភ្លុចចេញពីអង្គធាតុផ្ទុកបន្ទុកអគ្គីសនីនិងមេដែក ជួយឲ្យគេស្រមើមើលដែនអគ្គីសនីនិងម៉ាញ៉េទិច។

នៅឆ្នាំ១៨៤៥ ហ្វារ៉ាដេបានរកឃើញថារូបធាតុជាច្រើនទទួលរងកម្លាំងច្រានចេញយ៉ាងខ្សោយមួយពីដែនម៉ាញ៉េទិច។ គាត់បានហៅបាតុភូតនេះថា ដ្យាម៉ាញ៉េទិច ។
ហ្វារ៉ាដេក៏បានរកឃើញផងដែរថាប្លង់ប៉ូលកម្មរបស់ពន្លឺមានប៉ូលលីនេអ៊ែរ អាចបង្វិលបានដោយប្រើដែនម៉ាញ៉េទិចស្របនឹងទិសដៅរបស់ពន្លឺផ្លាស់ទី។ គេឲ្យឈ្មោះបាតុភូតនេះថា ផលហ្វារ៉ាដេ ។ បាតុភូតនេះបង្ហាញថាកម្លាំងម៉ាញ៉េទិចនិងពន្លឺមានទំនាក់ទំនងជាមួយគ្នា។

នៅឆ្នាំ១៨៦២ ហ្វារ៉ាដេបានប្រើស្ពិចត្រូទស្សន៍ក្នុងការស្រាវជ្រាវពីទម្រង់ផ្សេងៗរបស់ពន្លឺ ក្រោមឥទ្ធិពលដែនម៉ាញ៉េទិច។ ប៉ុន្តែឧបករណ៍ដែលគាត់ប្រើមិនគ្រប់គ្រាន់ក្នុងការកំណត់បម្រែបម្រួលស្ពិចច្បាស់លាស់មួយទេ។

See the source image

ភីធើរ ហ្ស៊ីម៉ាន់ (Pieter Zeeman) ក្រោយមកបានប្រើឧបករណ៍ទំនើបជាងដើម្បីសិក្សាពីបាតុភូតដដែលនេះ និងបានបោះផ្សាយលទ្ធផលនៅឆ្នាំ១៨៩៧ និងទទួលបានរង្វាន់ណូបែលផ្នែករូបវិទ្យានៅឆ្នាំ១៩០២សម្រាប់ស្នាដៃនេះ។ នៅក្នុងផ្នែកអេឡិចត្រូស្តាទិច ហ្វារ៉ាដេបានបង្ហាញថាបន្ទុកអគ្គីសនីដែលមាននៅលើផ្ទៃខាងក្រៅ ឬនៅក្រៅអង្គធាតុចម្លងអគ្គីសនីមួយ គ្មានឥទ្ធិពលទៅលើអ្វីៗដែលនៅក្នុងអង្គធាតុចម្លងនោះទេ។ នេះបណ្ដាលមកពីបន្ទុកដែលនៅផ្ទៃខាងក្រៅរាយប៉ាយក្នុងរបៀបមួយដែលដែនរបស់វាក្នុងអង្គធាតុនោះទូទាត់គ្នា។ បាតុភូតនេះត្រូវបានគេអោយឈ្មោះថា ខែលហ្វារ៉ាដេ។

ហ្វារ៉ាដេជាអ្នកពិសោធដ៏ពូកែដែលពន្យល់គំនិតនានារបស់គាត់បានច្បាស់ដោយប្រើភាសាសមញ្ញៗ។ ប៉ុន្តែសមត្ថភាពគណិតវិទ្យារបស់គាត់បានត្រឹមតែពិជគណិតងាយៗ មិនដល់ត្រីកោណមាត្រផង។ គឺ ចេម ឃ្លើក ម៉ាកស្វែល (James Clerk Maxwell) ដែលបានយកស្នាដៃរបស់ហ្វារ៉ាដេ និងអ្នកដទៃទៀត ទៅចងក្រងបញ្ចូលគ្នាដើម្បីបង្កើតជាសំណុំសមីការដែលគេស្គាល់ថាជាសមីការម៉ាកស្វែល សម្រាប់ពន្យល់រាល់ទ្រឹស្ដីបទទំនើបៗក្នុងអេឡិចត្រូម៉ាញ៉េទិច។

នៅខែមិថុនា ១៨៣២ សាកលវិទ្យាអក់ហ្វដបានផ្ដល់សញ្ញាប័ត្របណ្ឌិតផ្នែកច្បាប់ស៊ីវិល (សញ្ញាប័ត្រកិត្តិយស) ដល់ហ្វារ៉ាដេ។ ក្នុងជីវីតរបស់ហ្វារ៉ាដេ គាត់បានបដិសេដងារ knighthood (អគ្គមហាសេនា) ម្ដងនិង តំណែងជាប្រធាន Royal Society ២ដង។

ហ្វារ៉ាដេបានបដិសេដមិនចូលរួមផលិតអាវុធគីមីសម្រាប់ប្រើក្នុងសង្គ្រាមគ្រីមៀ ក្រោមមូលហេតុក្រមសីលធម៌។ ហ្វារ៉ាដេបានទទួលមរណភាពនៅក្នុងផ្ទះរបស់លោក នៅ Hampton Court នៅថ្ងៃទី២៥ សីហា ១៨៦៧ នៅអាយុ៧៦ឆ្នាំ។

See the source image
    

    
    

    

    

    

    

    

    

    
    

    

    

    

    

    

    
    

    

    

    

    

    

    

    

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.