
លេនីន បានក្លាយជាមេធាវីអស់រយៈពេលប៉ុន្មានឆ្នាំ នៅក្រុងសាម៉ារ៉ា (Samara) ជាក្រុងកំពង់ផែមួយនៃទន្លេវ៉ុលហ្កា មុនពេលផ្លាស់ទៅនៅក្រុងសាំងពីទឺសប៊ឺស នៅឆ្នាំ១៨៩៣។ ជាជាងការប្រកបការងារជាអ្នកច្បាប់ គាត់បង្កើនសកម្មភាពក្នុងចលនាឃោសនាបដិវត្តន៍យ៉ាងខ្លាំងក្លា ដោយមានការចូលរួមពីក្រុមម៉ាក្សនិយមក្នុងស្រុក។
នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៨៩៥ លេនីនត្រូវបានចាប់ខ្លួនដោយអាជ្ញាធរ និងដាក់គុកអស់រយៈពេល ១៤ខែ ហើយបន្ទាប់មកគាត់ត្រូវបានគេកាត់ទោសនិរទេសគាត់រយៈពេល ០៣ឆ្នាំ ទៅកាន់ភូមិ Shushenskoye នៅស៊ីបេរី (Siberia) ជាកន្លែងដែលគាត់បានចូលរួមជាមួយជនម៉ាក្សនិយមជាច្រើនដូចជា Georgy Plekhanov ដែលបាននាំលទ្ធិសង្គមនិយមចូលមកប្រទេសរុស្ស៊ី។
នៅឆ្នាំ១៨៩៨ លេនីនបានរៀបអាពាហ៍ពិពាហ៍ជាមួយសកម្មជនសង្គមនិយមម្នាក់គឺនាងណាដេស្តា គ្រុបស្កាយ៉ា (Nadezhda Krupskaya) ដែលត្រូវបានគេនិរទេសដូចលេនីន និង មិត្តដទៃទៀតដែរ ហើយគាត់បានបោះពុម្ពនូវសៀវភៅមួយមានចំណងជើងថា “The Development of Capitalism in Russia” (“ការអភិវឌ្ឍនៃមូលធននិយមនៅប្រទេសរុស្ស៊ី”) នៅខែមេសា ឆ្នាំ១៨៩៩។

នៅឆ្នាំ១៩៩០ ការនិរទេសរបស់គាត់ បានឈានមកដល់ទីបញ្ចប់ ហើយបានចាប់ផ្ដើមធ្វើដំណើររបស់គាត់ឆ្លងកាត់ប្រទេសរុស្ស៊ី និងសម្រាកនៅអឺរ៉ុប។ លេនីនបានរស់នៅទីក្រុង ហ្ស៊ូរិច, ហ្សឺណែវ (ជាកន្លែងដែលគាត់បានបង្រៀន និងសិក្សានៅសាកលវិទ្យាល័យហ្សឺណែវ), មុយនិច, ប្រាក, វ្យែន, ម៉ែនឆែស្ទ័រ និងទីក្រុងឡុងដ៍ ហើយក្នុងកំលុងស្នាក់នៅក្រុងមុយនិច គាត់បានរួមបង្កើតកាសែតបដិវត្តន៍ថ្មីមួយឈ្មោះ អ៊ីស្ក្រា (Iskra មានន័យថា៖ ផ្កាភ្លើង) ជាមួយនឹង Julius Martov ដែលក្រោយមកបានក្លាយទៅជាអ្នកប្រឆាំងឈានមុខម្នាក់។

គាត់ក៏បានសរសេរអត្ថបទ និងសៀវភៅជាច្រើន ដែលពាក់ព័ន្ធនឹងចលនាបដិវត្តន៍ ដើម្បីសម្រេចឲ្យបាននូវអនាគតប្រជាធិបតេយ្យសង្គម។ គាត់បានចាប់ផ្ដើមប្រើឈ្មោះក្លែងក្លាយប្លែកៗជាច្រើន ជាចុងក្រោយបង្អស់គឺ លេនីន (Lenin) ឬ N. Lenin ជាសរសេរពេញ (អ្នកសារព័ត៌មានលោកខាងលិច ជារឿយៗបានហៅគាត់ថា “Nikolai Lenin” ប្រហែលមកពីពួកគេស្មានខុសថា N. តំណាង Nikolai) ។
លេនីន បានចូលរួមក្នុង”គណបក្សពលករប្រជាធិបតេយ្យសង្គមរុស្ស៊ី” (“the Russian Social Democratic Labour Party”) ហើយនៅឆ្នាំ១៩០៣ គាត់បានដឹកនាំក្រុមបុលសេវិក (Bolshevik) ក្រោយការផ្ដាច់ខ្លួនចេញពី ម៉ែនសេវិកស៍ (Mensheviks) ។ ឈ្មោះថា បុលសេវិក (Bolshevik) ឬ ពួកភាគច្រើន (Majority) និង ម៉ែនសេវិក (Menshevik) ឬ ពួកភាគតិច (Menshevik) ដោយសារតែ គោលជំហរតឹងរឹងរបស់លេនីនត្រូវបានអនុម័តដោយសំឡេងលើសតែបន្តិចប៉ុណ្ណោះ នៅក្នុងបក្ស ម៉ែនសេវិកស៍ (Mensheviks) លើពួកដែលចង់ឲ្យគណបក្សបើកទូលាយ ឲ្យអ្នកណាចង់ចូលក៏ចូលបាន។ ឯលេនីន ចង់កម្រិតការចូលជាសមាជិកបក្សសម្រាប់តែអ្នកដែលមានអាជីព ជាអ្នកបដិវត្តប៉ុណ្ណោះ។
ចាប់តាំងពីពេលនោះមក ក្រុមដែលដើរតាមលេនីន ត្រូវបានគេហៅថា បុលសេវិក ឯក្រុមដែលប្រឆាំងលេនីន ត្រូវបានគេហៅថា ម៉ែនសេវិក ។ ការបែងចែកនេះ ត្រូវបានបំផុសឲ្យចូលរួមដោយសារសៀវភៅរបស់លេនីន ដែលមានឈ្មោះថា “តើត្រូវធ្វើអ្វី?“ (១៩០១-១៩០២) ដែលសង្កត់ធ្ងន់ទៅលើយុទ្ធសាស្ត្របដិវត្តន៍។ វាត្រូវបានគេនិយាយថា គឺជាសារដ៏មានឥទ្ធិពលបំផុត មុនបដិវត្តន៍នៅរុស្ស៊ី ដែលលេនីនខ្លួនឯង បានអះអាងថា កម្មករ០៣នាក់ពីចំណោមកម្មករ០៥នាក់ បានអានវា ឬ ក៏បានអានឲ្យពួកគេស្ដាប់។

នៅខែវិច្ឆិកា ១៩០៥ លេនីនបានធ្វើមាតុភូមិនិវត្តន៍ ពីការនិរទេសចូលមកប្រទេសរុស្ស៊ីវិញ ដើម្បីគាំទ្រដល់បដិវត្តន៍រុស្ស៊ីឆ្នាំ១៩០៥។ នៅឆ្នាំ១៩០៦ លេនីនបានជាប់ឆ្នោតជាប្រមុខដឹកនាំ”គណបក្សពលករប្រជាធិបតេយ្យសង្គមរុស្ស៊ី”។ នៅពេលនោះ គាត់បានធ្វើសកម្មភាពទៅមករវាងប្រទេសហ្វាំងឡង់ និងរុស្ស៊ី ប៉ុន្តែនៅឆ្នាំ១៩០៧ បដិវត្តន៍របស់គាត់ត្រូវបានកម្ទេចដោយអាជ្ញាធររបស់ស្ដេចត្សារ ដូច្នេះគាត់ក៏បានធ្វើនិរទេសត្រឡប់ទៅ អឺរ៉ុបវិញ។
គាត់បានចំណាយពេលវេលារបស់គាត់ភាគច្រើនក្នុងកំលុងពេលនិរទេសនៅអឺរ៉ុប បន្តសរសេរបញ្ហានយោបាយតទៅទៀត ថ្វីបើគាត់បានប្រឈមនឹងការខ្វះខាតក៏ដោយ រហូតដល់បដិវត្តន៍ឆ្នាំ១៩១៧។
ដើម្បីឆ្លើយតបទៅនឹងការពិភាក្សាបែបទស្សនវិជ្ជាស្ដីពីទិសដៅត្រឹមត្រូវ នៃបដិវត្តន៍សង្គមនិយមមួយ លេនីនសម្រេចជាស្ថាពរនូវទស្សនៈ Materialism (រូបធាតុនិយម) និង Empirio-criticism នៅឆ្នាំ ១៩០៩ ជាការងារមួយ ដែលបានក្លាយទៅជាមូលដ្ឋាននៃលទ្ធិម៉ាក្ស-លេនីន។ លេនីន បានបន្តដំណើរទៅអឺរ៉ុប និងបានចូលរួមក្នុងការប្រជុំ និងសកម្មភាពសង្គមនិយមជាច្រើន រួមទាំងសន្និសីទគណបក្សទីក្រុងប្រាកឆ្នាំ១៩១២ផងដែរ។

នៅពេលដែលនាង Inessa Armand ចាកចេញពីរុស្ស៊ី ទៅរស់នៅទីក្រុងប៉ារីស នាងបានជួបជាមួយលេនីន និងជនបុលសេវិកដទៃទៀត ដែលរស់នៅដោយនិរទេសខ្លួននៅទីនោះ ហើយគេបានជឿថានាងគឺជាមនុស្សដែលលេនីនស្រឡាញ់នាពេលនោះ។
នៅពេលដែល សង្គ្រាមលោកលើកទី១ បានចាប់ផ្ដើមនៅឆ្នាំ១៩១៤ ហើយគណបក្សប្រជាធិបតេយ្យសង្គម (ដែលពេលនោះបានហៅខ្លួនឯងថាជាជនម៉ាក្សនិយម ក្នុងនោះក៏មានបណ្ដាអ្នកប្រាជ្ញជាច្រើនដូចជា Karl Kautsky ផងដែរ) ជាច្រើនបានគាំទ្រដល់ការធ្វើសង្គ្រាមរបស់ប្រទេសពួកគេរៀងៗខ្លួន ដោយមោទនភាពទៀតផង ជាហេតុធ្វើឲ្យលេនីន មានការស្រងាកចិត្តជាខ្លាំង ដោយដំបូងឡើយគាត់បានបដិសេធថាគាត់មិនជឿថា ជនប្រជាធិបតេយ្យសង្គមអាល្លឺម៉ង់ បានបោះឆ្នោតគាំទ្រសង្គ្រាមនោះទេ។
លេនីន បានជ្រើសយកជំហរដែលគាត់និយាយថាគួរតែប្រក្លាយសង្គ្រាមចក្រពត្តិ ទៅជាសង្គ្រាមស៊ីវិលរវាងវណ្ណៈវិញ។ លេនីនបានប្រឆាំងសង្គ្រាម គាត់មានជំនឿថា កសិករ និងកម្មការកំពុងតែបានប្រយុទ្ធនៅលើសមរភូមិរបស់ពួកគហបតី (ពួកនាយទុន) ដើម្បីតែផលប្រយោជន៍របស់ពួកគេ (នាយទុន) ប៉ុណ្ណោះ។
នៅពេលដែលសង្គ្រាមបានផ្ទុះ លេនីនត្រូវបានចាប់ខ្លួនមួយរយៈពេលខ្លីដោយអាជ្ញាធរអូទ្រីស នៅក្នុងទីក្រុងប៉ូរ៉ូនីន (Poronin) ជាកន្លែងដែលគាត់បានស្នាក់នៅនាពេលនោះ។ នៅថ្ងៃទី០៥ កញ្ញា ១៩១៤ គាត់បានចាកចេញទៅកាន់ប្រទេសអព្យាក្រឹតស្វីស ជាដំបូងគាត់បានស្នាក់នៅទីក្រុង Berne ហើយបន្ទាប់មកស្នាក់នៅទីក្រុង Zurich។
នៅឆ្នាំ១៩១៥ លេនីនបានចូលរួមក្នុងសន្និសីទក្រុងហ្ស៊ីមម័រវ៉ាលដ៍ (Zimmerwald Conference) ដើម្បីប្រឆាំងសង្គ្រាម ដែលបានប្រារព្ធឡើងនៅក្រុងហ្ស៊ីមម័រវ៉ាលដ៍ ប្រទេសស្វីស។ លេនីន គឺជាមេដឹកនាំនៃក្រុមភាគតិច Zimmerwald Left ដែលបានទទួលបរាជ័យក្នុងការបញ្ចុះបញ្ចូលពួកសន្តិភាពនិយម ដែលមានភាគច្រើននៅក្នុងសន្និសីទ ឲ្យធ្វើការជ្រើសយកគោលជំហររបស់លេនីន ដែលចង់ប្រែក្លាយសង្គ្រាមចក្រពត្តិនិយម ឲ្យទៅជាសង្គ្រាមវណ្ណៈ។
លេនីន និងក្រុម Zimmerwald Left បានបញ្ចុះបញ្ចូលនូវដំណោះស្រាយស្រដៀងគ្នានេះដែរ នៅក្នុងសន្និសីទប្រឆាំងសង្គ្រាមលើកក្រោយ ដែលនៅក្រុង Kienthal ប្រទេសស្វីសដដែល ចាប់ពីថ្ងៃទី ២៤-៣០ មេសា ១៩១៦ ប៉ុន្តែនៅទីបញ្ចប់ក៏មានការព្រមព្រៀងគ្នាមួយបានកើតឡើង។
នានិទាឃៈរដូវ ឆ្នាំ១៩១៦ នៅទីក្រុងហ្ស៊ូរិច (Zurich) លេនីនបានសរសេរសៀវភៅមួយមានចំណងជើងថា “ចក្រពត្តិនិយមគឺជាកំពូលខ្ពស់បំផុត នៃមូលធននិយម” (“Imperialism, the Highest Stage of Capitalism”) ដែលជាទ្រឹស្ដីមួយដ៏សំខាន់។ នៅក្នុងសៀវភៅនេះ លេនីនបានជំទាស់ចំពោះការរួមបញ្ចូលគ្នារវាងធនាគារ និងសហគ្រាស ដើម្បីបង្កើនដើមទុន។
បើតាមលេនីន ដំណាក់កាលចុងក្រោយ នៃមូលធននិយម ដោយសារការស្វែងរកប្រាក់ចំណេញច្រើនជាងទីផ្សារក្នុងស្រុកអាចផ្ដល់ឲ្យបាន ពេលនោះដើមទុននឹងត្រូវនាំចេញទៅខាងក្រៅ។ ទ្រឹស្ដីនេះ បានធ្វើឲ្យមានការបែងចែកពិភពលោករវាងក្រុមហ៊ុនម៉ូណូប៉ូលអន្តរជាតិ និងបណ្ដាប្រទេសអឺរ៉ុប ដែលមានទឹកដីអាណានិគមមួយផ្នែកធំនៃពិភពលោក ដែលគាំទ្រមុខជំនួញរបស់ពួកគេ។ ចក្រពត្តិនិយម គឺជាដំណាក់ដ៏ខ្ពស់ នៃមូលធននិយម ដែលផ្អែកទៅលើការកើនឡើងនូវភាពផ្ដាច់មុខ និងការនាំចេញដើមទុន (ជាជាងទំនិញ) និងអាណានិគមនិយម គឺជាលក្ខណៈមួយ៕