
តើមានមូលហេតុផ្សេងៗអ្វីខ្លះដែលធ្វើឲ្យប្រទេសមហាអំណាចអាស៊ីទាំងពីរនេះមិនត្រូវរ៉ូវគ្នា?
ទំនាក់ទំនងរវាងចិននិងជប៉ុនសព្វថ្ងៃ បង្កប់ទៅដោយការមិនទុកចិត្តគ្នាទៅវិញទៅមក។ ចិនមិនទុកចិត្តជប៉ុន និងមិនអាចទុកចិត្តជប៉ុនបាន ដោយហេតុតែអតីតកាលយោធានិយមនៃប្រទេសជប៉ុន ដោយហេតុតែអំពើសាហាវយង់ឃ្នងដែលកងទ័ពជប៉ុនបានប្រព្រឹត្តទៅលើ ប្រជាជនចិន ដូចយ៉ាងការកាប់សម្លាប់រង្គាលនៅណង់កាំង(Nankin) ក្នុងឆ្នាំ១៩៣៧ជា ដើម។

ចិនមិនទុកចិត្តជប៉ុន ដោយហេតុតែគំនិតសើរើនិយមរបស់ថ្នាក់ដឹកនាំជប៉ុនសព្វថ្ងៃដែលចង់ លុបបំបាត់ទង្វើអមនុស្សធម៌ទាំងនេះឲ្យបាត់អស់រលីងពីសៀវភៅ ប្រវត្តិសាស្ត្រ។ ចិនក៏មិនទុកចិត្តប្រទេសជប៉ុន ដោយហេតុតែសម្ពន្ធភាពរវាងជប៉ុន និង សហរដ្ឋអាមេរិក ដោយហេតុតែវត្តមានមកទល់ឥឡូវនៃកងទ័ពអាមេរិកនៅលើទឹកដីជប៉ុន។
ទន្ទឹមនឹងនេះ ក៏មានច្រើនដែរ នូវមូលហេតុដែលធ្វើឲ្យជប៉ុនមិនទុកចិត្តចិន ដូចជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃប្រជាជនចិន របបកុម្មុយនិស្តផ្តាច់ការ នយោបាយសម្លុតកំញើញរបស់ថ្នាក់ដឹកនាំចិនទៅលើតៃវ៉ាន់ និង សេដ្ឋកិច្ចស្ទុះលឿនជ្រុលរបស់ប្រទេសចិន។
នៅក្រោយព្រឹត្តិការណ៍មហាភេរវកម្មថ្ងៃទី១១ កញ្ញា ឆ្នាំ២០០១ ចិនតាមដានមើលទាំងក្តីព្រួយបារម្ភ ការតស៊ូមតិនៅប្រទេសជប៉ុន។ កាលណោះ អ្នកនយោបាយជប៉ុនមានគំនិតចង់សើរើមើលឡើងវិញតួនាទីរបស់កងទ័ព ចង់ឲ្យកងកម្លាំងជប៉ុនដែលជាទ័ពស្វ័យការពារតាំងពីចប់សង្គ្រាមលោក លើកទីពីរមក ប្តូរលក្ខន្តិកៈក្លាយជាទ័ពចម្បាំង ដូចប្រទេសដទៃផ្សេងៗក្នុងលោកដែរ។

ម្យ៉ាងវិញទៀត ចាប់ពីឆ្នាំ២០០២មក ក៏មានដែរការតស៊ូមតិយ៉ាងផុសផុលជុំវិញសំណួរដែលថា តើជប៉ុនគួរ ឬ មិនគួរផលិតអាវុធនុយក្លេអ៊ែរ? ទាំងនេះ ពីព្រោះកូរ៉េខាងជើងចេះតែចចេសបន្តកម្មវិធីនុយក្លេអ៊ែរ ដែលថ្នាក់ដឹកនាំជប៉ុនយល់ឃើញថា ជាគ្រោះថ្នាក់មួយធំសម្រាប់ប្រទេសគេ។ ចំពោះថ្នាក់ដឹកនាំចិន ការតស៊ូមតិទាំងនេះ ស្តែងឲ្យឃើញថា ប្រទេសជប៉ុនមានមហិច្ឆតាចង់វិលទៅរកអតីតកាលយោធានិយមវិញរបស់ខ្លួន វិលទៅរកសម័យមួយ ដែលកាលណោះ កងទ័ពជប៉ុនមានកម្លាំងខ្លាំងពូកែជាងគេបង្អស់នៅអាស៊ី។
ប្រទេសជប៉ុនវិញ ក៏តាមមើលសភាពការណ៍នៃប្រទេសចិន ទាំងក្តីព្រួយបារម្ភដូចគ្នាដែរ។ សំណួរទាំងអម្បាលម៉ានដែលថ្នាក់ដឹកនាំជប៉ុនតែងលើកឡើង រួមមានជាអាទិ៍ ៖
«តើការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិន អាចនាំប្រទេសអាស៊ីដ៏ធំមួយនេះទៅរកសេរីកម្មនយោបាយ នៅទីបំផុតបានដែរឬទេ? តើមហិច្ឆតានៃថ្នាក់ដឹកនាំចិនមានព្រំដែនដែរឬទេ? »
«តើចិនហ៊ានរហូតដល់ទៅប្រើកម្លាំងទ័ព ដើម្បីដោះស្រាយបញ្ហាតៃវ៉ាន់ដែរឬទេ?»
ទោះជាយ៉ាងណាក៏ដោយ នៅក្នុងរយៈកាលខ្លីថ្នាក់ដឹកនាំចិន និងថ្នាក់ដឹកនាំជប៉ុនមិនជាបារម្ភខ្លាំងពេកទេ។ ក៏ប៉ុន្តែ ទាំងសងខាងមើលឃើញថា គ្រោះថ្នាក់យោធានឹងអាចកើតឡើងនារយៈកាលវែង បើសិនជាពុំមានពីឥឡូវនេះទៅទេ កិច្ចសន្ទនាយុទ្ធសាស្ត្រស្តីពីបញ្ហាសន្តិសុខរវាងប្រទេសទាំងពីរ។ តែកិច្ចសន្ទនាបែបនេះ ពិបាកនឹងប្រព្រឹត្តទៅបាន ព្រោះតែមូលហេតុពីរយ៉ាង។
ទីមួយ គឺមកពីប្រទេសអាស៊ីទាំងពីរនេះគ្មានព្រំដែនដីគោកជាប់គ្នា ហើយសព្វថ្ងៃនេះ ថ្នាក់ដឹកនាំចិនឲ្យអាទិភាពទៅលើតែដំណោះស្រាយបញ្ហារវាងចិននិង ប្រទេសជិតខាងរបងតែមួយ ដូចជាឥណ្ឌា និង រុស្ស៊ីជាដើម។
ទីពីរ គឺមកពីថ្នាក់ដឹកនាំចិនហាមាត់និយាយផ្ទាល់អំពីបញ្ហាសន្តិសុខ ជាមួយថ្នាក់ដឹកនាំជប៉ុនមិនកើត ដោយហេតុតែ សម្ពន្ធភាពជាប្រវត្តិសាស្ត្រ និង ស្អិតល្មួតខ្លាំងពេករវាងជប៉ុន និង សហរដ្ឋអាមេរិក។ បានន័យថា ចំពោះថ្នាក់ដឹកនាំចិន អាមេរិកជាមេខ្លោងធំរបស់ជប៉ុន ម្ល៉ោះហើយចិនមិនព្រមអង្គុយទល់មុខជប៉ុនទេ តែចង់អង្គុយទល់មុខសហរដ្ឋអាមេរិកតែម្តង ដើម្បីជជែកអំពីរាល់បញ្ហាសន្តិសុខដែលទាក់ទងនឹងប្រទេសជប៉ុន។
ក្រៅពីមហិច្ឆតាយោធារៀងៗខ្លួនដែលធ្វើឲ្យចិន និង ជប៉ុនមិនទុក ចិត្តគ្នា និង សង្ស័យគ្នាទៅវិញទៅមក ក៏មានដែរសំណុំរឿងរសើបៗផ្សេងទៀតដែលបាននិងកំពុងបន្តបំពុលទំនាក់ ទំនងរវាងប្រទេសទាំងពីរ។
សំណុំរឿងទីមួយ៖ គឺសង្គ្រាមប៉ាកកាជុំវិញវិហារយ៉ាស៊ុយគុយនី(Yasukuni)។ វិហារយ៉ាស៊ុយគុយនី ជាទីកន្លែងតម្កល់ឈ្មោះទាហានជប៉ុនដែលបានពលីជីវិតដើម្បីមាតុភូមិ។ ប៉ុន្តែ នៅទីនោះក៏មានដាក់តម្កល់ដែរ ឈ្មោះរបស់ក្រុមនាយទាហាន ដែលជាឧក្រិដ្ឋជនសង្គ្រាមលោកលើកទីពីរ ដូចយ៉ាងឧត្តមសេនីយ៍Tojo Hideki ដែលជានាយករដ្ឋមន្ត្រីជប៉ុនពីឆ្នាំ១៩៤១ដល់ឆ្នាំ១៩៤៤។

ថ្នាក់ដឹកនាំចិនទប់កំហឹងខ្លួនមិនជាប់ឡើយ ពេលដែលឃើញនាយករដ្ឋមន្រ្តីជប៉ុនសម័យទសវត្សរ៍ទី៨០ Nakasone និង នាយករដ្ឋមន្ត្រីជប៉ុនKoizumi ដែលចប់អាណត្តិកាលពីឆ្នាំ២០០៦ ទៅវិហារយ៉ាស៊ុយគុយនីម្តងៗ។ ចំពោះថ្នាក់ដឹកនាំចិន ទង្វើបែបនេះ ជាការមាក់ងាយជេរប្រមាថព្រលឹងជនជាតិចិនរាប់សែននាក់ដែលត្រូវបាន កងទ័ពជប៉ុនកាប់សម្លាប់។
សំណុំរឿងទីពីរ៖ ដែលបង្កឲ្យមានជម្លោះរវាងចិន និង ជប៉ុន គឺទីប្រជុំកោះសេនកាគុយ(Senkaku) ដែលជប៉ុនបានឈ្លានពានយកពីចិននៅឆ្នាំ១៨៩៥។ ថ្នាក់ដឹកនាំចិនចេះតែទាមទារចង់បានសេនកាគុយមកវិញ។ ក៏ប៉ុន្តែ ជប៉ុនមិនព្រម ហើយគ្មានបំណងចង់ដោះស្រាយបញ្ហានេះទេ ពីព្រោះទីប្រជុំកោះសេនកាគុយ អាចមានប្រេងកាតនិងឧស្ម័នធម្មជាតិ។

នៅក្នុងបរិបទបែបនេះ ក្រុមអ្នកជាតិនិយមចិនតែងតែជិះកប៉ាល់ចូលទៅបង្កសកម្មភាពនៅ ក្បែរទីប្រជុំកោះសេនកាគុយ មុននឹងត្រូវកងឆ្មាំជប៉ុនចាប់ខ្លួនហើយដោះលែងមកវិញនៅទីបំផុត។ នៅខែកញ្ញាឆ្នាំ២០១០ ឧប្បត្តិហេតុទូតយ៉ាងធ្ងន់ធ្ងរមួយ កើតឡើងរវាងប្រទេសទាំងពីរ ក្រោយពីទូកនេសាទមួយរបស់ចិនដែលមានដឹកមនុស្ស១៥នាក់បានប៉ះទង្គិច ជាមួយនាវាល្បាតរបស់ជប៉ុន នៅក្បែរទីប្រជុំកោះសេនកាគុយ។ កាលណោះ កងល្បាតជប៉ុនបានស្ទាក់ចាប់នាវានេះ ជាហេតុបានធ្វើឲ្យថ្នាក់ដឹកនាំចិនខឹងសម្បាជាខ្លាំង។
សំណុំរឿងទីបី៖ ដែលកំពុងបន្តធ្វើឲ្យល្អក់កករទំនាក់ទំនងរវាងចិន និង ជប៉ុន គឺបញ្ហាតៃវ៉ាន់។ តាំងពីឆ្នាំ២០០១មក ឆ្នាំដែលលោក George Bush ឡើងធ្វើជាប្រធានាធិបតីអាមេរិក ជប៉ុនបានបណ្តោយខ្លួនឲ្យអាមេរិកទាញចូលបន្តិចម្តងៗក្នុងអធិករណ៍ កោះតៃវ៉ាន់។ វិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង តាំងពីឆ្នាំ២០០២មកនិង ក្រោយមកទៀតសង្គ្រាមអាមេរិកនៅអ៊ីរ៉ាក់នៅ ឆ្នាំ២០០៣ បានជម្រុញឲ្យប្រទេសជប៉ុនពង្រឹងសម្ពន្ធភាពជាមួយអាមេរិក។

ម្យ៉ាងវិញទៀតGeorge Bush បានចេញមុខការពារតៃវ៉ាន់ ក្នុងករណីណាដែលចិនហ៊ានប្រើកម្លាំងទ័ពវាយយកកោះនេះ។ ការពារ តៃវ៉ាន់បើសិនជាមានការវាយប្រហារពីសំណាក់ចិន គឺនៅតែជានយោបាយរបស់សហរដ្ឋអាមេរិកមកទល់សព្វថ្ងៃ ពីព្រោះអាមេរិកចង់ឃើញចិនកុម្មុយនិស្ត និង ចិនតៃវ៉ាន់បង្រួបបង្រួម គ្នាតាមផ្លូវចរចា ជាជាងតាមមធ្យោបាយសឹក។
ម៉្លោះហើយ ថ្នាក់ដឹកនាំចិនជឿជាក់ថា ក្នុងនាមជាសម្ពន្ធមិត្តចាក់ទឹកមិនលិចរបស់អាមេរិក ជប៉ុននឹងច្បាស់ជាចូលរួមក្នុងប្រតិបត្តិការយោធា ដើម្បីការពារតៃវ៉ាន់ដែរ បើសិនជាសង្គ្រាមផ្ទុះឡើងនៅថ្ងៃណាមួយមែននោះ។ ត្រង់ចំណុចនេះ ថ្នាក់ដឹកនាំចិនប្រហែលជាមិនភាន់ច្រឡំទេ ពីព្រោះនៅឆ្នាំ២០០៥ ជប៉ុន និង អាមេរិកបានប្រកាសរួមគ្នាជាសំឡេងតែមួយថា «ដៃសមុទ្រហ្វូ័រម៉ូស(Formose) ជាតំបន់យុទ្ធសាស្ត្ររួមរបស់សហរដ្ឋអាមេរិក និង របស់ប្រទេសជប៉ុន»។