ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិសាស្ត្រនយោបាយ ចិន និង ជប៉ុន៖ «ទស្សនៈមហាអំណាចអាស៊ី ភ្នំមួយខ្លាពីរ»

សព្វថ្ងៃនេះ នៅក្នុងទ្វីបអាស៊ី ចិន និង ជប៉ុនប្រៀបដូចជាភ្នំមួយខ្លាពីរអ៊ីចឹង ដោយសារតែប្រទេសពីរគឺជាមហាអំណាច់សេដ្ឋកិច្ចក្នុងអាស៊ី ក៏ដូចគ្នានឹងពិភពលោកដែរ។

ភ្នំមួយខ្លាពីរ នេះហើយជារូបភាពដែលស្តែងចេញពីវត្តមានរបស់ប្រទេសចិន និង របស់ ប្រទេសជប៉ុន នៅក្នុងទ្វីបអាស៊ីសព្វថ្ងៃ បានន័យថា ប្រទេសទាំងពីរចៀសមិនរួចពីមើលមុខគ្នាមិនចំ ប្រឈមមុខដាក់គ្នា និង ប្រជែងឥទ្ធិពលគ្នា។ ពីព្រោះចិន និង ជប៉ុន ថ្វីដ្បិតជាអាស៊ីដូចគ្នាមែនពិត តែជាគំរូពីរផ្ទុយខុសគ្នាស្រឡះ។ ជប៉ុនមានរូបភាពជាមហាអំណាចត្រជាក់ មិនធ្វើឲ្យគេភ័យ រីឯចិនវិញជាមហាអំណាចក្តៅ ជាប្រភពនៃក្តីព្រួយបារម្ភ។ ជប៉ុនជាប្រទេសទំនើបមិនចាញ់បស្ចិមលោក។

ជប៉ុនជាប្រទេសទាន់សម័យ តាំងពីចុងសតវត្សរ៍ទី១៩ម្ល៉េះ ហើយរហូតមកទល់ដើមទសវត្សរ៍ទី៣០ ជប៉ុនជាគំរូសេដ្ឋកិច្ច មនោគមវិជ្ជានិងនយោបាយ សម្រាប់បណ្តាបញ្ញវន្តអាស៊ីមួយចំនួនធំ។ ក្រោយមកទៀត ជប៉ុនបានបាត់បង់តួនាទីជាប្រទេសគំរូនាំមុខគេនៅអាស៊ី ដោយហេតុតែខ្លួនជាអ្នកនាំអាទិ៍បង្កសង្គ្រាមលោកលើកទីពីរ។ ក៏ប៉ុន្តែ ចាប់ពីទសវត្សរ៍ទី៥០ទៅ ជប៉ុនមានកិត្យានុភាពនិងស្គាល់ភាពរុងរឿងឡើងវិញ រហូតដល់ក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទីមួយនៅអាស៊ី និងជាប្រទេសប្រជាធិបតេយ្យគំរូមួយដ៏ល្អសម្រាប់ប្រទេសអាស៊ីដទៃ។

រីឯចិនវិញ ជាប្រទេសដែលមានអារ្យធម៌រុងរឿង និង ប្រវត្តិសាស្ត្រយូរលង់ ស្មើនឹងអារ្យធម៌ក្រិក(Grèce) ឬ អារ្យធម៌រ៉ូម(Rome) នៅអឺរ៉ុប កាលពីជំនាន់ដើមដែរ តែបានបាត់បង់កេរ្តិ៍ឈ្មោះ នៅពេលដែលរបបកុម្មុយនិស្តឆ្នាំ១៩៤៩ បានជាន់ឈ្លីខ្ទេចខ្ទីគ្មានសល់អតីតកាលដ៏ត្រចះត្រចង់នេះ។ ចិនទើបតែមានឈ្មោះល្បីល្បាញឡើងវិញ ជាមហាអំណាច នៅអាស៊ីនារយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយសារតែសន្ទុះសេដ្ឋកិច្ចដ៏ខ្លាំងក្លានៃប្រទេសខ្លួន។

ម្ល៉ោះហើយបើនិយាយជាសាមញ្ញ សព្វថ្ងៃចិន និង ជប៉ុនដណ្តើមគ្នាធ្វើស្តេចនៅអាស៊ី ដោយប្រើមធ្យោបាយ យុទ្ធសាស្រ្ត និង នយោបាយ ខុសគ្នា។ ជប៉ុនអះអាងប្រាប់អាស៊ីថា ខ្លួនជាប្រទេសប្រជាធិបតេយ្យ។ រីឯចិនវិញ ចៀសវាងមិននិយាយពីនយោបាយ លើកតម្កើងគោលការណ៍មិនជ្រៀតជ្រែកបញ្ហាផ្ទៃក្នុងនៃប្រទេសផ្សេង ឲ្យអាទិភាពទៅលើតែសេដ្ឋកិច្ច។

នៅចំពោះមុខបណ្តាប្រទេសដែលខ្លួនជួយ ជប៉ុនឲ្យតម្លៃទៅលើគម្រោងការអភិវឌ្ឍន៍យឺនយូរ មីក្រូគំរោងការ សង្គមស៊ីវិល និង អភិបាលកិច្ចល្អ។ រីឯចិនវិញអនុវត្តនយោបាយជំនួយគ្មានលក្ខខណ្ឌ ដូចជានៅភូមា ឬ នៅកម្ពុជាជាដើម។

ការដណ្តើមឥទ្ធិពលគ្នារវាងចិន និង ជប៉ុននៅអាស៊ី ស្តែងឡើងជាពិសេស តាមរយៈអភិក្រមនៃសមាហរ័ណកម្មតំបន់។ ថ្នាក់ដឹកនាំចិនចង់បានសមាហរ័ណកម្មមួយ ដែលប្រមូលយកតែបណ្តាប្រទេសអាស៊ីសុទ្ធសាធមកដាក់ជុំវិញប្រទេសខ្លួន ដោយមិនឲ្យមានការចូលរួម ឬ ការជ្រៀតជ្រែកពីសំណាក់មហាអំណាចណាដែល មិនមែនជាអាស៊ី ដូចយ៉ាងសហរដ្ឋអាមេរិក ជាដើម។

រីឯជប៉ុនវិញចង់បើកចំហលំហដែនដីអាស៊ីដល់ប្រទេសផ្សេង ដូចជាអូស្រ្តាលី នូវែលសេឡង់ និង អាមេរិក។ គោលដៅ គឺរក្សាតុល្យភាពនៅអាស៊ី កុំឲ្យចិនមានប្រៀបខ្លាំងពេក។ ត្រង់ចំណុចនេះ បណ្តាប្រទេសអាស៊ានភាគច្រើនយល់ឃើញដូចជប៉ុនដែរ មិនចង់ឲ្យអាស៊ីក្លាយជាប៉ូលមួយដែលឋិតនៅក្រោមឥទ្ធិពលផ្តាច់មុខ របស់ចិន។

ការប្រជែងឥទ្ធិពលគ្នារវាងចិន និង ជប៉ុនប្រព្រឹត្តទៅជាពិសេសនៅ អាស៊ីអាគ្នេយ៍។ ជាក់ស្តែង នៅខែមករា ឆ្នាំ១៩៩៧ ជាលើកទីមួយបង្អស់ នាយករដ្ឋមន្ត្រីជប៉ុនសម័យនោះ គឺ Ryutaro Hashimoto ស្នើរអោយអាស៊ានឲ្យបង្កើតជំនួបកំពូលមួយឆ្នាំម្តងរវាងអាស៊ាន និង ជប៉ុន។ ប៉ុន្តែ កាលណោះអាស៊ានរារែក បារម្ភខ្លាចចិនអាក់អន់ចិត្ត។

នៅទីបំផុត អាស៊ានសម្រេចចិត្តអញ្ជើញជប៉ុន ចិន និង កូរ៉េខាងត្បូង មកចូលរួមជាលើកទីមួយបង្អស់ក្នុងជំនួបកំពូលរបស់គេ នៅខែធ្នូ ឆ្នាំ១៩៩៧។ គឺជាការផ្តើមចាប់បដិសន្ធិឡើងនៃអ្វី ដែលគេឲ្យឈ្មោះថា«អាស៊ាន+៣»។ អាស៊ាន+៣ ត្រូវបានបង្កើតឡើងជាផ្លូវការ មួយឆ្នាំក្រោយមក គឺនាឱកាសជំនួបកំពូលនៅហាណូយប្រទេសវៀតណាមក្នុងឆ្នាំ១៩៩៨។ ពីព្រោះនៅឆ្នាំ១៩៩៨នោះ ប្រទេសអាស៊ីមួយចំនួនជួបនឹងការប្រែប្រួលនយោបាយ។

នៅឥណ្ឌូណេស៊ី របបផ្តាច់ការរបស់Suharto ដួលរលំ នៅម៉ាឡេស៊ី នាយករដ្ឋមន្ត្រីMahathir ដកឧបនាយករដ្ឋមន្រ្តីAnwar ដែលក្លាយជាគូប្រជែងចេញពីតំណែង នៅកូរ៉េខាងត្បូង Kim Dae Jung ជាប់ឆ្នោតជាប្រធានាធិបតី នៅជប៉ុនRyutaro Hashimoto ត្រូវបង្ខំចិត្តលាលែងពីតំណែងនាយករដ្ឋមន្រ្តី។ ការប្រែប្រួលនយោបាយទាំងអស់នេះ និង វិបត្តិហិរញ្ញវត្ថុអាស៊ីផងដែរនោះ បានតម្រូវឲ្យបង្កើតឡើងយ៉ាងលឿនរហ័ស ជំនួបកំពូលអាស៊ានបូក+៣ នេះឡើង ដើម្បីជាឱកាសឲ្យថ្នាក់ដឹកនាំអាស៊ីផ្តោះប្តូរយោបល់ និង សាកល្បងរកដំណោះស្រាយ។

ការប្រជែងឥទ្ធិពលគ្នារវាងចិន និង ជប៉ុនបានធ្លាយចេញហួសពីព្រំដែន នៃទ្វីបអាស៊ី ហើយចូលទៅដល់វេទិកានៃអង្គការសហប្រជាជាតិ។ ជប៉ុនទាមទារចង់បានដូចចិនដែរ អាសនៈអចិន្ត្រៃយ៍មួយ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ហើយសុំឲ្យលុបបំបាត់ចោលមាត្រាទី៥៣នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ។ មាត្រាទី៥៣នេះ ចាត់ទុកជប៉ុន និង អាល្លឺម៉ង់ដែលជាអ្នកបានបង្កសង្រ្គាមលោកលើកទីពីរ ថាជាប្រទេស«សត្រូវ»។

ក៏ប៉ុន្តែ ចិនដែលមានសិទ្ធិវេតូ មិនព្រមឲ្យលុបមាត្រានេះចោល។ ចិនអះអាងថា ជប៉ុនចង់សើរើប្រវត្តិសាស្រ្ត ចង់វិលទៅរកអតីតកាលយោធានិយមរបស់ខ្លួនវិញ។ ដូចគ្នាអ៊ីចឹងដែរ ចិនមិនព្រមឲ្យជប៉ុនក្លាយជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។ នេះគឺមកពីចិនចង់រក្សាលក្ខន្តិកៈរបស់ខ្លួន ជាមហាអំណាចនយោបាយតែមួយគត់នៅអាស៊ី៕

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ហេតុអ្វីបានជាតេង ស៊ាវភីង ពី​មនុស្សជំនិត​ទៅជា​គូសត្រូវ​របស់​ម៉ៅសេទុង?

ប្រវត្តិសាស្រ្តពិភពលោក

មូលហេតុអ្វីបានជាជប៉ុនសុំចុះចាញ់អាមេរិកក្នុងសង្គ្រាមលោកលើកទី២?

ប្រវត្តិសាស្រ្តពិភពលោក

តើ​ក្រុម​ឧទ្ទាម​តាលីបង់​នេះ​ជា​នរណា ហើយ​មាន​ដើម​កំណើត​មក​ពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ហេតុអ្វី​បាន​ជា​អៀរ៉ង់​ចង់​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរពិភពលោក?

Leave a Reply

Your email address will not be published. Required fields are marked *