ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិសាស្ត្រនយោបាយ ចិន និង ជប៉ុន៖ «តើប្រទេសទាំងពីរអាចមានទំនាក់ទំនងសេដ្ឋកិច្ចល្អលើសពេលណាៗទាំងអស់បានទេ?»

ទោះជាមិនត្រូវគ្នាក៏ដោយ ទោះជាភាពតានតឹងចេះតែកើតឡើងមិនស្វាងរវាងគ្នាក៏ដោយ ក៏ចិន និង ជប៉ុនកំពុងក្លាយទៅជាដៃគូដ៏សែនសំខាន់ នៅលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

ប៉ុន្មានឆ្នាំចុងក្រោយនេះ គេនាំគ្នាឆ្ងល់ ឆ្ងល់ថាហេតុអ្វីបានជាចិន និង ជប៉ុនដែលនៅលើវិស័យសេដ្ឋកិច្ចនិង ពាណិជ្ជកម្មត្រូវការគ្នាទៅវិញទៅមកកាន់តែខ្លាំង នៅតែមិនត្រូវគ្នា ធ្វើឲ្យភាពតានតឹងរវាងប្រទេសទាំងពីរកើតឡើងជាញឹកញយ។

តាំងពីឆ្នាំ២០០២មកម្ល៉េះ ចិនជាប្រទេសដែលទិញផលិតផលជប៉ុនច្រើនជាងគេ។ នៅឆ្នាំ២០០៩ ផលិតផលជប៉ុនតំណាងរហូតដល់ទៅ២២ភាគរយនៃផលិតផលបរទេសទាំងស្រុង ដែលចិននាំចូលមកក្នុងប្រទេសខ្លួន។ ទន្ទឹមនេះ នៅឆ្នាំ២០០៩ដដែលនោះ ចិនក្លាយជាដៃគូពាណិជ្ជកម្មទីមួយរបស់ជប៉ុន សំខាន់ជាងសហរដ្ឋអាមេរិក និង សហភាពអឺរ៉ុបទៅទៀត ដោយបានលក់ទៅឲ្យប្រទេសជប៉ុន១៩ភាគរយនៃទំនិញទាំងស្រុង ដែលខ្លួននាំចេញទៅបរទេស។

ប្រទេសចិនជាទីដែលសម្បូណ៌ទៅដោយរោងចក្រជប៉ុន ដែលក្រោយពីបានបង្កើតផលិតផលហើយ នាំទំនិញទាំងនោះយកទៅលក់នៅប្រទេសជប៉ុនវិញ។ ម្ល៉ោះហើយ បានជាថ្នាក់ដឹកនាំជប៉ុនតែងតែអះអាងថាជប៉ុនជាដង្ហើមនៃកំណើន សេដ្ឋកិច្ចចិន។ រីឯនៅខាងថ្នាក់ដឹកនាំចិនវិញ គេនិយាយផ្សេង គេថាចិនជាមហាទីផ្សារមួយសំរាប់ផលិតផលជប៉ុន ដូច្នេះគឺចិនទៅវិញទេដែលជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចជប៉ុន។

ម្ល៉ោះហើយ ជាការពិតណាស់ដែលថា ចិន និង ជប៉ុនត្រូវការគ្នាកាន់តែខ្លាំង នៅលើវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្ម។ ក៏ប៉ុន្តែ សេដ្ឋកិច្ចក៏ជាប្រភពមួយធំនៃភាពតានតឹងរវាងប្រទេសទាំងពីរដែរ។ ថ្នាក់ដឹកនាំចិនចូលចិត្តនិយាយថាប្រទេសខ្លួន ជាសេដ្ឋកិច្ចមួយនៅក្មេង និង ប្រកបទៅដោយថាមពល ខុសផ្ទុយពីជប៉ុនដែលជាសេដ្ឋកិច្ចមួយចាស់ជរាកំពុងទន់ខ្សោយទៅវិញ បន្តិចម្តងៗ។

ការនិយាយឃោសនាបែបនេះ មានមូលហេតុជាក់ច្បាស់ ពីព្រោះនៅឆ្នាំ២០០៥ ចិនបានក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចទីបួន នៅឆ្នាំ២០០៧ ចិនបានក្លាយជាមហាអំណាចសេដ្ឋកិច្ចទីបី ដែលដេញប្រកៀកជាប់ពីក្រោយ ជប៉ុន មុននឹងក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីរ ដោយបានវ៉ាឈ្នះជប៉ុននៅឆ្នាំ២០១០។

មែនទែនទៅ សេដ្ឋកិច្ចចិនវ៉ាឈ្នះសេដ្ឋកិច្ចជប៉ុន ឆាប់ជាងការប្រមើលឃើញពីព្រោះកាល ពីជិត១០ឆ្នាំមុននេះ ពួកសេដ្ឋវិទូមួយចំនួនបាននាំគ្នាអះអាងថា គេនឹងត្រូវចាំដល់ឆ្នាំ ២០១៥ ឯណោះ ទើបអាចឃើញផលិតផលដុលក្នុងស្រុករបស់ចិនកើនស្មើផលិតផលដុលក្នុង ស្រុករបស់ជប៉ុន។

តាមពិតទៅ ស្ថានភាពប្រែប្រួលលឿនជាងការគ្រោងទុកនេះ ជាផលវិបាកដែលហូរចេញពីវិបត្តិសេដ្ឋកិច្ចសកលដែលបានកើតឡើងនៅចុង ឆ្នាំ២០០៨។ វិបត្តិសេដ្ឋកិច្ចសកលបានកាត់បន្ថយមិនតិចទេ សន្ទុះសេដ្ឋកិច្ចរបស់បណ្តាប្រទេសឧស្សាហកម្មជឿនលឿន ដូចជាសហរដ្ឋអាមេរិក អឺរ៉ុប និង ជប៉ុនជាដើម។

ទន្ទឹមនេះ វិបត្តិសេដ្ឋកិច្ចសកលមិនបានប៉ះពាល់ខ្លាំងឡើយដល់សេដ្ឋកិច្ចរបស់ ប្រទេសចិន ដោយសារតែថ្នាក់ដឹកនាំចិនបានសម្រេចចាត់វិធានការទាន់ពេលវេលា និង ដោយមិនសំច័យលុយឡើយ ដើម្បីសង្គ្រោះសេដ្ឋកិច្ចជាតិ។

យ៉ាងណាមិញ នៅម្ខាងអាជ្ញាធរចិនពិតជាមានមោទនភាព ដោយសេដ្ឋកិច្ចនៃប្រទេសខ្លួនបានវ៉ាឈ្នះសេដ្ឋកិច្ចរបស់ប្រទេស ជប៉ុន។ ក៏ប៉ុន្តែ នៅម្ខាងទៀត ទីក្រុងប៉េកាំងក៏ត្រូវចេះបន្តដាក់ខ្លួនតទៅទៀតដែរ ដោយហេតុតែប្រទេសចិនជាប្រទេសដែលកំពុងអភិវឌ្ឍនៅឡើយ បានន័យថា គុណភាពនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ នៅមានលក្ខណៈអន់ខ្សោយ បើប្រៀបធៀបទៅនឹងគុណភាពនៃកំណើនសេដ្ឋកិច្ចរបស់ជប៉ុន។

សូមជម្រាបថា ផលិតផលដុលក្នុងស្រុករបស់ប្រជាជនចិនម្នាក់ៗ មានប្រមាណតែ៣ ៦00 ដុល្លារតែប៉ុណ្ណោះ ទល់នឹង៣ ៧៨០០ ដុល្លារ សម្រាប់ប្រជាជនជប៉ុនម្នាក់ៗ។

ម្ល៉ោះហើយ បានជានៅពេលនេះ សេដ្ឋកិច្ចចិនកាន់តែទៅមុខ និង ទៅលឿន បើប្រៀបធៀបទៅនឹងសេដ្ឋកិច្ចធំៗដទៃទៀត។ គឺនៅក្នុងបរិបទនេះហើយ ដែលនៅចុងឆ្នាំ២០០៩ ចិនបានវ៉ាឈ្នះប្រទេសអាល្លឺម៉ង់ ដោយបានក្លាយជាប្រទេសជាប់ចំណាត់ថ្នាក់លេខ១ ខាងនាំទំនិញទៅក្រៅប្រទេស។ គឺនៅក្នុងបរិបទដូចគ្នានេះហើយដែរ ដែលចិនបានវ៉ាឈ្នះប្រទេសជប៉ុន ៥ឆ្នាំមុនការគ្រោងទុកដោយបានក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ច ពិភពលោកទី២ក្នុងឆ្នាំ២០១០។

ក្រុមអ្នកវិភាគជាតិនិយមចិនខ្លះចាប់ផ្តើមដំឡើងសំឡេងអះអាងថាចិន មិនត្រូវនៅបន្តធ្វើជាប្រទេសរោងចក្របង្កើតផលិតផលកំប៉ិកកំប៉ុកឲ្យ ជប៉ុនអ៊ីចឹងតទៅទៀតទេ ពីព្រោះធ្វើបែបនេះ វាខូចកិត្តិយសជាតិ។ ក្រុមអ្នកវិភាគជាតិនិយមចិនដដែលនេះ ថែមទាំងនិយាយទៀតផងថា បើសិនជាសព្វថ្ងៃ សេដ្ឋកិច្ចជប៉ុននៅគ្រាន់បើ ក៏ដោយសារតែជប៉ុនបានកាន់កាប់ប្រទេសចិនច្រើនឆ្នាំ និង បានរឹបអូសយកទ្រព្យសម្បត្តិចិនមិនតិចទេ។

នៅក្នុងន័យនេះ របាយការណ៍មួយរបស់បណ្ឌិតសភាផ្នែកសង្គមសាស្ត្រនៅទីក្រុងប៉េកាំងបាន គូសបញ្ជាក់ប៉ុន្មានឆ្នាំមុននេះថា ពីព្រោះតែសង្គ្រាមជាមួយជប៉ុន និង ការកាន់កាប់ប្រទេសចិនដោយកងទ័ព ជប៉ុន ចិនបានបាត់បង់មនុស្ស៥០លាននាក់ និងបានខាតបង់ប្រាក់អស់រាប់រយលានដុល្លារ។

ដោយឡែក ខ្លាំងឡើងៗ ចិន និង ជប៉ុនប្រឈមមុខដាក់គ្នា នៅក្នុងការស្វែងរកធនធានថាមពល ដើម្បីយកមកបំប៉នម៉ាស៊ីនសេដ្ឋកិច្ចនៃប្រទេសគេរៀងៗខ្លួន។ គឺនៅក្នុងបរិបទនេះហើយ ដែលគេអាចស្វែងយល់បាននូវមូលហេតុនៃវិវាទជុំវិញទីប្រជុំកោះ Spratly និង Paracel នៅប៉ែកខាងត្បូងនៃសមុទ្រចិន។ ប្រទេសចំនួនប្រាំបី គឺចិន ជប៉ុន តៃវ៉ាន់ វៀតណាម ហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី និង ឥណ្ឌូណេស៊ី ដណ្តើមគ្នាចង់បានកូនកោះទាំងអស់នេះដែលសម្បូណ៌ទៅដោយប្រេងកាត និង ឧស្ម័នធម្មជាតិ។

ដូចគ្នាអ៊ីចឹងដែរ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន និង ជប៉ុន ទាស់ទែងគ្នាកាន់តែខ្លាំងជុំវិញព្រំដែនសមុទ្រម្តុំ កោះMiyako ដែលប្រហែលជាមានផ្ទុកទៅដោយឧស្ម័នធម្មជាតិ។ មូលហេតុគឺមកពីចិនបានចូលមកជីករកឧស្ម័ននៅជិតកោះMiyako នេះ នៅត្រង់កន្លែងមួយដែលឋិតនៅក្រៅព្រំដែនទឹកផ្តាច់មុខរបស់ខ្លួន។

ឃើញដូច្នេះ រដ្ឋាភិបាលជប៉ុនក៏បានអនុញ្ញាតនៅខែមេសា ឆ្នាំ២០០៥ ឲ្យក្រុមហ៊ុនជប៉ុនមួយចូលទៅជីករកឧស្ម័ននៅទីនោះដែរ។ តាំងពីពេលនោះមក ការដណ្តើមគ្នារុករកឧស្ម័ននៅម្តុំកោះMiyako នៅតែជារឿងរ៉ាវមួយដែលទីក្រុងប៉េកាំង និង ទីក្រុងតូក្យូដោះស្រាយមិនទាន់រួចនៅឡើយ៕

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.