ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិសាស្ត្រនយោបាយ ចិន និង ជប៉ុន៖ «ទស្សនវិស័យនៃទំនាក់ទំនងរវាងចិន និងជប៉ុន»

ទោះបីជាត្រូវការគ្នាកាន់តែខ្លាំង នៅលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មក៏ដោយ ក៏ចិន និង ជប៉ុនមិនអាចត្រូវគ្នាបានទេ នៅពេលបច្ចុប្បន្ន និង នៅអនាគតកាល។ បើទោះបីជាប្រទេសទាំងពីរមានទំនាក់ទំនងផ្នែកពានិជ្ជកម្ម និង ឧស្សាកម្មល្អយ៉ាងណាក៏ដោយចុះ ដូចដែលលោកអ្នកបានតាមដានសារពត៌មានមួយចំនួន ដែលបង្ហាញពីភាពរកាំរកូស និង ជម្លោះពាក្យសម្ដីជាញឹកញាប់រាប់មិនអស់នោះទេ។

«ភ្នំមួយមិនអាចមានខ្លាពីរបានទេ»។ ពាក្យមួយឃ្លានេះបំភ្លឺស្ថានភាពនៃទំនាក់ទំនងដ៏តានតឹងរវាងចិន និង ជប៉ុន នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំពោះថ្នាក់ដឹកនាំចិន គេមិនត្រូវបំភ្លេចអនុស្សាវរីយ៍ដ៏ល្វីងជូរចត់នៃអតីតកាលបានឡើយ អនុស្សាវរីយ៍នៃសម័យមួយដែលកងទ័ពជប៉ុនបានចូលឈ្លានពានប្រទេសចិន កាន់កាប់ប្រទេសចិន និង កាប់សម្លាប់ប្រជាជនចិន ដោយជនជាតិចិននៅចិញ្ចឹមចិត្តគុំគួននឹងប្រទេសជប៉ុននាសម័យកាលនោះ ដោយបានធ្វើអំពើអសិលធម៌ជាច្រើនមកលើជនជាតិចិន។

ម៉្លោះហើយបានជាថ្នាក់ដឹកនាំចិន មិនព្រមឲ្យជប៉ុនសើរើប្រវត្តិសាស្រ្ត លុបបំបាត់អំពើសាហាវយង់ឃ្នងដែលខ្លួនបានប្រព្រឹត្តនៅក្នុងអតីតកាល មិនព្រមឲ្យប្រមុខរដ្ឋាភិបាលជប៉ុនទៅធ្វើគារវកិច្ចគោរព វិញ្ញាណក្ខន្ធទាហានជប៉ុន នៅវិហារយ៉ាស៊ុយគុយនី(Yasukuni)បានទេ។ ព្រោះថាកាលដែលថ្នាក់ដឹកនាំជប៉ុនទៅគោរពវិញ្ញាណខ័ណ្ឌទាហាន ពលទាហានដែលបានស្លាប់ក្នុងសង្គ្រាម និង ការគ្រប់គ្រងលើប្រទេសចិន វាប្រៀបបាននឹងការប្រមាថមកលើប្រជាជនចិនយ៉ាងដូច្នោះដែរ។

ប៉ុន្តែ អតីតកាលតែមួយមុខមិនគ្រប់គ្រាន់ទេ ដើម្បីពន្យល់បំភ្លឺការមើលមុខគ្នាមិនចំ ការប្រឈមមុខដាក់គ្នា និងការមិនត្រូវគ្នារវាងចិន និង ជប៉ុនសព្វថ្ងៃ។ តាមពិតទៅ ប្រភពនៃភាពតានតឹងខ្លាំងនេះរវាងមហាយក្សអាស៊ីទាំងពីរ ទាក់ទងនឹងបច្ចុប្បនកាល និង អនាគតកាលជាងអតីតកាល។

ថ្នាក់ដឹកនាំចិនចិញ្ចឹមមនោសញ្ចេតនាជាតិនិយមរបស់ប្រជាជនដែលស្អប់ ជប៉ុនស្រាប់ ឲ្យប្រយ័ត្នកុំទុកចិត្តប្រទេសសត្រូវសួពូជមួយនេះឲ្យសោះ។ នៅក្នុងន័យនេះ ទីក្រុងប៉េកាំងតែងតែបញ្ជាក់ហើយបញ្ជាក់ទៀតថា ទីប្រជុំកោះសេនកាគុយ(Senkaku) ជាទឹកដីចិនដែលជប៉ុនបានឈ្លានពានយកនៅឆ្នាំ១៨៩៥ និងថា ត្រូវតែទាមទារយកវាមកធ្វើការគ្រប់គ្រងវិញ។

តាមរយៈការចិញ្ចឹមមនោសញ្ចេតនាជាតិនិយមបែបនេះរបស់ប្រជាជនខ្លួន ថ្នាក់ដឹកនាំចិនសង្ឃឹមថា អាចបង្វែរកំហឹងរបស់មហាជនដែលអន់ចិត្តដោយហេតុតែវិបត្តិសង្គម និង កង្វះសេរីភាពនយោបាយនៅក្នុងប្រទេស ឲ្យផ្តោតទៅលើសត្រូវជប៉ុន ជាជាងទៅលើរដ្ឋាភិបាលនៅទីក្រុងប៉េកាំង។

ម្យ៉ាងវិញទៀត ថ្នាក់ដឹកនាំចិនមិនព្រមឲ្យជប៉ុនដែលជាបច្ចុប្បន្នមហាអំណាច សេដ្ឋកិច្ចក្លាយទៅជាមហាអំណាចនយោបាយ និង យោធា នាអនាគតកាលនោះទេ បើសូម្បីតរដ្ឋាភិបាលជប៉ុន បានធ្វើការស្នើរទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអោយលុបចោលនូវមាត្រាទី៥៣ ដែលហាមប្រាបជប៉ុនមិនអោយបង្កើតយោធាប្រយុទ្ធ នោះទេ តាំងពីជប៉ុនបានចាញ់សង្គ្រាមលើកលោកទី២ ដែលជប៉ុនត្រូវបានគេចោទថាជាអ្នកបង្ករសង្គ្រាមលោកនេះឡើង។ ដូច្នេះរដ្ឋាភិបាលបានធ្វើការបដិសេធទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះសំណើររបស់រដ្ឋាភិបាលជប៉ុននេះ។

មែនទែនទៅ ជប៉ុនពិតជាមានមហិច្ឆតាចង់ក្លាយទៅជាមហាអំណាចនយោបាយ និង យោធា ទោះបីជាផ្លូវការ មិនទាន់មានអ្នកដឹកនាំជាន់ខ្ពស់ណាម្នាក់នៅតូក្យូ ធ្លាប់បាន និយាយពីរឿងនេះក្តី។ ជប៉ុនមិនអាចបណ្តោយឲ្យចិនដែលជាសត្រូវរបស់ខ្លួនមានអំណាច ខ្លាំងក្លា និង ឥទ្ធិពលផ្តាច់មុខតែឯកឯងនៅអាស៊ីបានទេ។ គឺនៅក្នុងបរិបទនេះហើយ ដែលជប៉ុនទាមទារចង់បានអាសនៈអចិន្រ្តៃយ៍មួយ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ចំពោះថ្នាក់ដឹកនាំជប៉ុន ការបង្កើនអំណាចនយោបាយនិងយោធារបស់ប្រទេសខ្លួន ជាកត្តា មួយចាំបាច់ ពីព្រោះវាឆ្លើយតបទៅនឹងបុព្វហេតុសន្តិសុខជាតិ។

តាំងពីចុងឆ្នាំ២០០៦មក នាយករដ្ឋមន្ត្រីជប៉ុនជាបន្តបន្ទាប់បានផ្តើមខ្នះខ្នែងធ្វើឲ្យ ទំនាក់ទំនងរវាងចិន និង ជប៉ុនវិលមករកភាពធូរស្រាលវិញ ដោយមិនទៅវិហារយ៉ាស៊ុយគុយនី ដូចលោកអតីតប្រមុខរដ្ឋាភិបាលKoizumi ទេ។ មិនតែប៉ុណ្ណោះ នាយករដ្ឋមន្ត្រីជប៉ុនទាំងនេះបានប្រឹងប្រែងបង្ហាញថា ជប៉ុនក៏ចេះដកខ្លួនឃ្លាតចេញពីសហរដ្ឋអាមេរិកបន្តិចដែរ។

យ៉ាងណាមិញ ភាពតានតឹងនៅតែបន្តកើតឡើងជាញឹកញយដូចពេលមុនៗដដែល។ ជាក់ស្តែង នៅខែកញ្ញា ឆ្នាំ២០១០ ទូកនេសាទមួយរបស់ចិនដែលមានដឹកមនុស្ស១៥នាក់បានប៉ះទង្គិចជាមួយ នាវាល្បាតរបស់ជប៉ុន នៅត្រង់ទីប្រជុំកោះសេនកាគុយ ហើយកងល្បាតជប៉ុនក៏បានស្ទាក់ចាប់នាវានេះ ជាហេតុបានធ្វើឲ្យចិន និង ជប៉ុនតឹងសរសៃកដាក់គ្នាអស់ជាច្រើន ថ្ងៃ។

មិនតែប៉ុណ្ណោះ ភាពតានតឹងរវាងចិន និង ជប៉ុន នឹងច្បាស់ជាបន្តកើតឡើងតទៅទៀត នាពេលខាងមុខ ពីព្រោះដូចដែលបានលើកឡើងរួចហើយថា ចិន និង ជប៉ុន ដណ្តើមឥទ្ធិពលគ្នានៅអាស៊ី សឹងថាដូចសហរដ្ឋអាមេរិក និង សហភាពសូវៀតបានប្រកួតប្រជែងគ្នា នៅអឺរ៉ុបកាលសម័យសង្គ្រាមត្រជាក់អ៊ីចឹង។

នៅក្នុងន័យនេះ ចិន និង ជប៉ុន នឹងច្បាស់ជាបន្តល្បែងសម្ពន្ធភាពយុទ្ធសាស្រ្តតទៅទៀត។ ចិននឹងបន្តខ្ទប់មិនឲ្យមហាអំណាចដែលមិនមែនអាស៊ីចូលមកលូកដៃក្នុង ដែនដីអាស៊ីបានទេ។ រីឯជប៉ុនវិញ នឹងបន្តអូសទាញអាមេរិក អូស្រ្តាលី ឬ ក៏នូវ៉ែលសេឡង់ចូលមកក្នុងទ្វីបអាស៊ី ដើម្បីសាកល្បងកាត់បន្ថយឥទ្ធិព លរបស់ចិន។

ក៏មានដែរ ល្បែងសម្ពន្ធភាពយុទ្ធសាស្ត្រជាមួយប្រទេសអាស៊ីដែលមានទម្ងន់។ ឧទាហរណ៍ជាក់ស្តែង ថ្វីដ្បិតតែខ្លួននៅតែមិនទាន់បោះបង់ចោលប៉ាគីស្ថាន និង ថ្វីដ្បិតតែខ្លួននៅបន្តគាំទ្រភូមា ដែលសុទ្ធសឹងជាកូនអុក សម្រាប់ទប់ទល់នឹងឥណ្ឌា ថ្នាក់ដឹកនាំចិនបានចាប់ផ្តើមចែចូវថ្នាក់ដឹកនាំឥណ្ឌា ពីព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនក៏ដូចសហរដ្ឋអាមេរិកបានពង្រឹងទំនាក់ទំនងជាមួយមហាយក្សអាស៊ីខាង ត្បូងមួយនេះ ដើម្បីសាកល្បងឡោមព័ទ្ធប្រទេសចិន។

ទោះបីជាទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលកាន់តែស្អិតល្មួត ឡើង កំពុងធ្វើឲ្យចិន និង ជប៉ុនកាន់តែត្រូវការគ្នាទៅវិញទៅមកក៏ដោយ ក៏ភាពតានតឹងរវាងប្រទេសទាំងពីរមិនអាចធូរស្រាលយូរលង់បានទេ។

ថ្នាក់ដឹកនាំចិនបន្តយុទ្ធសាស្ត្របង្កឲ្យមានភាពតានតឹង គាបសង្កត់ឲ្យជប៉ុនជ្រើសយកអាស៊ី ឬ បស្ចិមលោក។ រីឯនៅខាងជប៉ុនវិញ ថ្នាក់ដឹកនាំនឹងបន្តជំរុញតាមមធ្យោបាយដែលអាចធ្វើទៅបាន ឲ្យចិនធ្វើកំណែទម្រង់នយោបាយ ឲ្យចិនជ្រើសរើសយកលទ្ធិប្រជាធិបតេយ្យ។ ពីព្រោះចង់ ឬ មិនចង់ ទំនាក់ទំនងរវាងចិន និង ជប៉ុនអាចនឹងស្គាល់ប្រក្រតីភាពទៅបាន លុះត្រាតែចិនក្លាយជាប្រទេសប្រជាធិបតេយ្យ។ នេះហើយជាលក្ខខណ្ឌតែមួយគត់ដែលអាចធ្វើឲ្យជប៉ុនទុកចិត្តចិនបាន។

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.