ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិ​​​រូប​វិទូ និង ​គីមី​វិទូ​ជន​ជាតិ​ប៉ូឡូញ​-បារាំង​ដ៏​​ល្បី​ល្បាញ​​ គឺលោកស្រី ម៉ារី ស្កូដូស្កា គុយរី

ម៉ារី ស្កូដូស្កា គុយរី (Maria Salomea Skłodowska Curie) បានកើតនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៨៦៧ នឹងបានទទួលមរណភានៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១៩៣៤ ហើយលោកស្រី គឺជារូបវិទូ និង គីមីវិទូជនជាតិប៉ូឡូញ-បារាំងដ៏ល្បីល្បាញដែលបានត្រួសត្រាយការស្រាវជ្រាវអំពីវិទ្យុសកម្មដំបូងគេ។

គាត់គឺជាមនុស្សដំបូងគេដែលទទួលបានរង្វាន់ណូបែលពីរគឺ ផ្នែករូបវិទ្យា និង ផ្នែកគីមីវិទ្យា។ គាត់គឺជាស្ត្រីទីមួយដែលបានក្លាយជាសាស្ដ្រាចារ្យនៅឯសាកលវិទ្យាល័យប៉ារីស។ ហើយគាត់ក៏ជាស្ត្រីដំបូងដែលត្រូវបានគេបញ្ចុះសពនៅក្នុងវិមានប៉ារីសប៉ង់តេអុង នៅឆ្នាំ១៩៩៥ ដោយសារគុណសម្បត្តិរបស់គាត់។

គាត់ត្រូវបានគេដាក់ឈ្មោះថា ម៉ារីយ៉ា សាឡូមៀ ស្កូដូស្កា នៅពេលនាងបានកើតក្នុងទីក្រុងវ៉ារស្សាវ៉ា ដែលពេលនោះជាដែនដីប៉ូឡូញ ដោយកាន់កាប់ដោយរុស្ស៊ី ហើយគាត់បានរស់នៅទីនោះរហូតដល់អាយុ២៤ឆ្នាំ។

ក្នុងឆ្នាំ ១៨៩១ គាត់បានតាមបងស្រីរបស់នាងឈ្មោះ ប្រូនីស្វាវ៉ា ទៅសិក្សានៅទីក្រុងប៉ារីស ដែលជាកន្លែងគាត់បានបញ្ចប់ការសិក្សាថ្នាក់ឧត្ដមសិក្សា និង សម្រេចកិច្ចការវិទ្យាសាស្ត្រជាបន្តបន្ទាប់។

See the source image

គាត់បានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យារួមគ្នាជាមួយប្ដីឈ្មោះ ព្យែរ គុយរី និង លោក អង់រី បិកកឺរ៉ែល។ ហើយគាត់បានឈ្នះរង្វាន់ណូបែលមួយទៀតក្នុងផ្នែកគីមីវិទ្យាតែម្នាក់ឯង នឹងជាស្ត្រីដំបូងគេដែលបានទទួលរង្វាន់ណូបែល និង បានដល់ទៅពីរក្នុងផ្នែកផ្សេងគ្នា។
ស្កូដូស្កា ម៉ារី មិនដែលបាត់បង់មនោសញ្ចេតនាពីអត្តសញ្ញាណដើមជាជនជាតិប៉ូឡូញទេ ខណៈពេលដែលគាត់ក៏ជាពលរដ្ឋបារាំងដ៏ស្មោះត្រង់ដែរនោះ។ គាត់បង្រៀនភាសាប៉ូឡូញដល់កូនស្រីទាំងអស់របស់គាត់ និង បាននាំពួកគេទៅលេងប្រទេសប៉ូឡូញផងដែរ។

គាត់បានដាក់ឈ្មោះអោយធាតុគីមីដំបូងគេដែលគាត់រកឃើញថា ប៉ូឡូញ៉ូម នៅឆ្នាំ១៨៩៨ ដើម្បីជាកិត្តិយសដល់មាតុប្រទេសរបស់គាត់។ ក្នុងកំឡូងសង្គ្រាមលោកលើកទី១ គាត់បានក្លាយជាសមាជិការរបស់គណកម្មាធិការនៃប៉ូឡូញសេរី (Komitet Wolnej Polski)។ នៅឆ្នាំ១៩៣២ គាត់បានស្ថាបនាវិទ្យាស្ថានរ៉ាដ្យូម (សព្វថ្ងៃជា វិទ្យាស្ថានជំងឺមហារីក ម៉ារីយ៉ា ស្កូដូស្កា គុយរី) នៅទីក្រុងកំណើតរបស់គាត់គឺនៅ វ៉ារស្សាវ៉ា

ជីវិតក្នុងវ័យកុមារភាព

ម៉ារីយ៉ា ស្កូដូស្កា ចាប់កំណើតនៅទីក្រុង វ៉ារស្សាវ៉ា ប្រទេសប៉ូឡូញ នៅថ្ងៃទី៧ វិច្ឆិកា ១៨៦៧ ជាកូនស្រីពៅក្នុងចំណោមកូនទាំង៥របស់គ្រួសារគ្រូបង្រៀនដ៏ល្បីឈ្មោះមួយ។ ឪពុកនាងឈ្មោះ វ៉ាឌីស្វាវ ស្កូដូស្គី និង ម្ដាយឈ្មោះ ប្រូនីស្វាវ៉ា។ ក្នុងចំណោមបងប្អូនទាំងអស់ ម៉ារីយ៉ា ជាកូនដែលមានប្រាជ្ញា និង ខួរក្បាលចងចាំបានល្អជាងគេតាំងពីក្មេង។ នៅអាយុ៤ឆ្នាំ ម៉ារីយ៉ាអាចអានសៀវភៅរបស់បងស្រីរបស់នាងបានទៅហើយ។

See the source image

គ្រួសាររបស់ម៉ារីយ៉ាជាពូជពង្សគ្រូបង្រៀន។ ជីតាខាងឪពុកឈ្មោះ យ៉ូហ្សេហ្វ ស្កូដូស្គី ធ្លាប់ជាគ្រូដែលគេគោរពនៅលូប៊្លីន, ដែលនៅទីនោះគាត់ធ្លាប់បង្រៀនកុមារ ប៊ុលឡឺស្វាវ ព្រុស (អ្នកអក្សរសាស្ត្រដ៏ល្បីរបស់ប៉ូឡូញ)។ ឪពុករបស់ម៉ារីយ៉ា ជាគ្រូបង្រៀនគណិតវិទ្យានិង រូបវិទ្យា និង ជានាយកសាលាហ្គីមណាសៀម ហើយលោកក៏បានទទួលសិស្សប្រុសអោយស្នាក់នៅ និង សិក្សានៅផ្ទះរបស់លោកផងដែរ។ ម្ដាយរបស់ម៉ារីយ៉ាបើកសាលាមានអន្តេរវិសិកដ្ឋានសំរាប់សិស្សនារីដ៏ប្រណិតមួយនៅវ៉ារស្សាវ៉ា។

ពេលដែលម៉ារីយ៉ាមានអាយុទើប៦ឆ្នាំ គ្រួសារទាំងខាងឪពុក និង ខាងម្ដាយបានបាត់បង់ផ្ទះសម្បែង និង ទ្រព្យសម្បត្តិទាំងអស់ ដោយសារមានជាប់ពាក់ព័ន្ធនឹងចលនាបះបោររបស់ជាតិប៉ូឡូញ។ កាលណោះប្រទេសប៉ូឡូញត្រូវបានចែកជាចំនែកៗដោយសភានៅទីក្រុងវីន។

ប្រទេសវ៉ារស្សាវ៉ាជារាជាណាចក្រប្រកាន់ធម្មនុញ្ញមួយ ប៉ុន្តែភាពជាក់ស្ថែងត្រូវគ្រប់គ្រងដោយចក្រភពរុស្ស៊ី និងមិនមានឯករាជ្យទេ។ ចក្រភពរុស្ស៊ីបានធ្វើការឃ្លាំមើលនិងដាក់កំហិតសកម្មភាពរបស់បញ្ញវ័នប៉ូឡូញ។ ឪពុករបស់ម៉ារីយ៉ាត្រូវគេរកឃើញថាលួចបង្រៀនដោយសំងាត់ ក៏ត្រូវគេដកហូតតួនាទី និង ផ្ទះសម្បែងទាំងអស់។

គ្រួសារមួយនេះក៏ធ្លាក់ខ្លួនក្រ ហើយបានរើទៅនៅផ្ទះតូចមួយរួចបើកសាលានៅទីនោះ។ នៅឆ្នាំ១៨៧៦ គ្រួសារនេះបានឆ្លងជំងឺគ្រុនសន្ធំរោល (typhus) ពីសិស្សដែលមករៀន ហើយបងស្រីធំហ្សូហ្វីយ៉ាក៏បានបាត់បង់ជីវិតទៅ។ នៅឆ្នាំ១៨៧៨ គឺពេលដែលម៉ារីយ៉ាទើបមានអាយុ១២ឆ្នាំ ម្ដាយម៉ារីយ៉ាក៏បានទទួលមរណភាពដោយជំងឺរបេង។

ឪពុករបស់ម៉ារីយ៉ាជាអ្នកមិនជឿសាសនា ចំណែកឯម្ដាយម៉ារីយ៉ាវិញជាអ្នកកាន់សាសនាកាតូលិកយ៉ាងខ្ជាប់ខ្ជួន។ មរណភាពបន្តបន្ទាប់គ្នារបស់ម្ដាយ និង បងស្រីបានធ្វើអោយម៉ារីយ៉ាងាកពីអ្នកកាន់សាសនាកាតូលិកមកជា Agnostic (នៅក្នុងសាសនាគ្រឹស្ត អ្នកដែលអះអាងថាខ្លួនឯងគ្មានចំណោះដឹងគ្រប់គ្រាន់អំពីអត្ថិភាពរបស់ព្រះ ក៏ប៉ុន្តែក៏មិនបដិសេដថាលើលោកនេះគ្មានព្រះដែរ) វិញ។

ជីវិតជាគ្រូបង្រៀនតាមផ្ទះនិងការបែកបាក់ស្នេហា

ម៉ារីយ៉ាបានចូលរៀននិងស្នាក់នៅសាលាដែលមានអន្តេរវិសិកដ្ឋាន ដែលម្ដាយខ្លួនជាអ្នកបើក តាំងពីអាយុ១០ឆ្នាំ។ ប៉ុន្តែ បន្ទាប់ពីម្ដាយស្លាប់ទៅ ម៉ារីយ៉ាបានចូលសាលាហ្គីមណាសៀមសំរាប់សិស្សនារី ដែលនៅទីនោះគាត់បានបញ្ចប់ការសិក្សាដោយនិទ្ទេសខ្ពស់នៅថ្ងៃទី១២ មិថុនា ១៨៨៣។ គាត់បានចំណាយពេលមួយឆ្នាំបន្ទាប់រស់នៅឯជនបទជាមួយញាតិសណ្ដានខាងឪពុក និងបន្ទាប់មកជាមួយឪពុកនៅវ៉ារស្សាវ៉ា។ នៅទីនោះគាត់បានធ្វើជាអ្នកគ្រូបង្រៀនតាមផ្ទះ។

ម៉ារីយ៉ាបានធ្វើការសន្សាជាមួយបងស្រីប្រូនីស្វាវ៉ាថា គាត់នឹងរកប្រាក់ដើម្បីផ្គត់ផ្គង់ប្រូនីស្វាវ៉ាអោយបានសិក្សាឱសថសាស្ត្រនៅប៉ារីស ក្នុងលក្ខខណ្ឌថា ប្រូនីស្វាវ៉ាក៏ត្រូវធ្វើបែបនេះសងមកវិញដែរនៅ២ឆ្នាំក្រោយ។ គាត់បានចាប់ផ្ដើមធ្វើជា «ហ្គាវើណេស» (ស្ត្រីស្នាក់នៅជួយបង្រៀនកូនចៅផ្ទះអ្នកមាន) ដំបូងនៅក្នុងគ្រួសារមេធាវីម្នាក់នៅក្រាកូវ(Kraków) បន្ទាប់មករយៈពេល២ឆ្នាំនៅក្នុងគ្រួសារអភិជនដីធ្លីមួយដែលត្រូវជាសាច់ញាតិរបស់ឪពុក នៅឯឆេហានូវ(Ciechanów)។

See the source image

ពេលនៅធ្វើការនៅទីនោះ គាត់បានស្រលាញ់គ្នាជាមួយកូនប្រុសច្បងរបស់ម្ចាស់ផ្ទះឈ្មោះ ខាហ្ស៊ីមៀស ហ្សូរ៉ាវស្គី(Kazimierz Żorawski) ក្រោយមកក្លាយជាគណិតវិទូប៉ូឡូញម្នាក់ដ៏ល្បីម្នាក់។ កាហ្ស៊ីមៀសបានប្រាប់ពីបំណងរៀបការ តែត្រូវឪពុកម្ដាយបដិសេដដោយសារតែវណ្ណៈ និង ទ្រព្យធនខុសគ្នាខ្លាំងពេក។ ម៉ារីយ៉ាក្រោយចប់កិច្ចសន្យារយៈពេល២ឆ្នាំមក ក៏ទៅធ្វើជាគ្រូបង្រៀននៅក្នុងគ្រួសារមួយទៀតនៅខាងឆ្នេរសមុទ្របាល់ទិច។

នៅដើមឆ្នាំ១៨៩០ ប្រូនីស្វាវ៉ាដែលទើបនឹងរៀបការហើយ បានសរសេរសំបុត្របបួលម៉ារីយ៉ាអោយមករស់នៅប៉ារីសជាមួយគ្នា។ ប៉ុន្តែម៉ារីយ៉ាបានបដិសេដដោយសារនាងគ្មានប្រាក់គ្រប់គ្រាន់សំរាប់បង់ថ្លៃសាលា និង នៅមិនទាន់ដាច់ចិត្តពីខាហ្ស៊ីមៀស។

គាត់បានត្រលប់ទៅនៅជាមួយឪពុកនៅវ៉ារស្សាវ៉ាវិញ និងស្នា ក់នៅទីនោះនៅឆ្នាំ១៨៩១។ គាត់នៅទីនោះធ្វើជាគ្រូបង្រៀនតាមផ្ទះផង និងរៀននៅ«សាកលវិទ្យាល័យហោះ» (គ្មានច្បាប់អនុញ្ញាត)មួយ និងបានចាប់ផ្ដើមធ្វើការហ្វឹកហាត់ផ្នែកវិទ្យាសាស្ត្រអនុវត្តនៅក្នុងមន្ទីរពិសោធន៍មួយនៅក្នុងសារមន្ទីរឧស្សាហកម្ម និង កសិកម្មក្បែរទីក្រុងចាស់នៅវ៉ារស្សាវ៉ា។ មន្ទីរពិសោធន៍នេះគ្រប់គ្រងដោយបងជីដូនមួយឈ្មោះយ៉ូសេហ្វ បូហ្គុស្គី ដែលធ្លាប់ជាជំនួយការរបស់មហាគីមីវិទូ ដ្មីទ្រី មិនដេឡេអេវ (Dmitri Mendeleev)។

នៅខែតុលា ១៨៩១ ដោយការទទូចរបស់បងស្រីនិងដោយសារសំបុត្រផ្ដាច់ស្នេហ៍របស់ខាហ្ស៊ីមៀស ម៉ារីយ៉ាក៏បានសម្រេចចិត្តទៅប្រទេសបារាំង។ ការផ្ដាច់ទំនាក់ទំនងនេះជាសោកនាដកម្មសំរាប់អ្នកទាំងពីរ។ ខាហ្ស៊ីមៀសក្រោយពីរៀនចប់បណ្ឌិត និង បន្តអាជីពជាគណិតវិទូរួចក្លាយជាសាស្ត្រាចារ្យ និង ជានាយកសាកលវិទ្យាល័យក្រាកូវ (សព្វថ្ងៃប្ដូរឈ្មោះជាសាកលវិទ្យាល័យយ៉ាហ្គីយ៉េឡូនៀន) និង ជាប្រធានសហគមអ្នកសិក្សាវ៉ារស្សាវ៉ា(Warsaw Society of Learning)។

ពេលដែលគាត់ចាស់ទៅ គេធ្លាប់ឃើញគាត់អង្គុយគិតសញ្ជប់សញ្ជឹងនៅពីមុខរូបសំណាកទង់ដែងរបស់ម៉ារីយ៉ា ដែលបានដាក់តាំងពីឆ្នាំ១៩៣៥នៅក្រោយវិទ្យស្ថានរ៉ាដ្យូមដែលអ្នកស្រីបង្កើតក្នុងឆ្នាំ១៩៣៥។

ការតស៊ូរៀនសូត្រនៅប៉ារីស

ខែតុលា ឆ្នាំ១៨៩១ ក្រោយពីធ្វើដំណើរតាមរថភ្លើងរយៈពេល៣ថ្ងៃមក ម៉ារីយ៉ាបានមកដល់ប៉ារីស។ ពេលនោះគាត់បានចុះឈ្មោះចូលរៀននៅសកបូន (សាកលវិទ្យាល័យប៉ារីស) ដែលពេលនោះជាសាលាដ៏តួចដែលទទួលសិស្សស្រីអោយរៀនផ្នែកវិទ្យាសាស្ត្រ។ នៅលើសំណុំបែបបទចូលរៀន គាត់បានកែឈ្មោះពី«ម៉ារីយ៉ា» មកសរសេរជា «ម៉ារី» តាមរបៀបបារាំងវិញ។

នៅទីនោះគាត់បានចូលរៀន រូបវិទ្យា គីមីវិទ្យា និង គណិតវិទ្យា។ នៅប៉ារីស ម៉ារីបានស្វែករកជំរកស្នាក់នៅជាមួយបងស្រី និង បងថ្លៃមួយរយៈខ្លី បន្ទាប់មកនៅបន្ទប់ជួលក្រោមដំបូលផ្ទះល្វែងមួយ។

ម៉ារី សិក្សានៅពេលថ្ងៃ និង បង្រៀនគេនៅពេលល្ងាចដើម្បីរកប្រាក់បន្តិចបន្តួចចិញ្ចឹមជីវិត។ ជីវិតគាត់ពេលនោះគឺខ្វះប្រាក់ចាយ ម្ហូបអាហារក៏មិនសូវមានគ្រប់គ្រាន់សំរាប់ហូបចុក ហើយពេលខែរងារគាត់ត្រូវយកសំលៀកបំពាក់ទាំងអស់មកពាក់ដេក ដោយហេតុតែគ្មានម៉ាស៊ីនកំដៅ រហូតដល់ពេលមួយគាត់ធ្លាក់ខ្លួនឈឺ ហើយត្រូវបងថ្លៃដែលជាពេទ្យមកជួយព្យាបាលអោយ។

See the source image

ក្រោយពីការតស៊ូជាច្រើនឆ្នាំ គាត់បានបញ្ចប់បរិញ្ញាផ្នែករូបវិទ្យានៅឆ្នាំ១៨៩៣ និង ចាប់ផ្ដើមធ្វើការនៅមន្ទីរពិសោធន៍ឧស្សាហកម្ម។ ព្រមជាមួយគ្នានោះ គាត់បានបន្តរៀននៅសកបូន(Sorbonne) និង បានបរិញ្ញាប័ត្រផ្នែកគណិតវិទ្យានៅឆ្នាំ១៨៩៤។

នៅឆ្នាំដដែលនោះ ព្យែរ គុយរីក៏ចូលមកក្នុងឆាកជីវិតរបស់គាត់។ ម៉ារីបានចាប់ផ្ដើមអាជីពផ្នែកវិទ្យាសាស្ត្រ ដោយធ្វើការស្រាវជ្រាវលើលក្ខណៈម៉ាញ៉េទិចរបស់ដែកថែបច្រើនប្រភេទ។ បន្ទប់ពិសោធន៍នៅសាកលវិទ្យាល័យ និង នៅមន្ទីរពិសោធន៍ដែលម៉ារីធ្វើការ ខ្វះខាតឧបករណ៍សំរាប់ធ្វើការស្រាវជ្រាវនេះ ជាហេតុធ្វើអោយម៉ារីមានការលំបាកចិត្តយ៉ាងខ្លាំង។

ម៉ារីបានរៀបរាប់កង្វល់នេះទៅកាន់មិត្តភក្តិម្នាក់ដែលមានស្វាមីជាសាស្ត្រាចារ្យរូបវិទ្យា ហើយស្វាមីមិត្តភក្ដិម្នាក់នោះក៏បានណែនាំព្យែរអោយម៉ារី។ ព្យែរជាគ្រូបង្រៀននៅ ESPCI ដែលជាសាលាជាន់ខ្ពស់ផ្នែករូបវិទ្យា និង គីមីវិទ្យាឧស្សហកម្មនៃទីក្រុងប៉ារីស។ កាលនោះ ព្យែរជាអ្នកវិទ្យាសាស្ត្រគ្មានឈ្មោះល្បីប៉ុន្មានទេនៅប្រទេសបារាំង ប៉ុន្តែគាត់បានទទួលជោគជ័យក្នុងការស្រាវជ្រាវពីប៉ូលកម្មឌីអេឡិចទ្រិចរបស់គ្រីសស្តាល់អ៊ីយ៉ុង និង អេឡិចត្រូម៉ាញ៉េទិច។ គេនិយាយថា គឺកំលាំងម៉ាញ៉េទិច (ដែកឆក់) ដែលបានទាញពួកគេទាំង២អោយជួបគ្នា។

ព្យែរជាមនុស្សដែលមិនទុកដាក់ការមានមុខមានមាត់ និង ទំនាក់ទំនងជាមួយមនុស្សនៅក្នុងខួរក្បាលទេ។ គាត់ធ្លាប់បដិសេដមិនទទួលមេដាយកិត្តិយស ស៊ូទ្រាំចំណាយពេលវេលាមួយថ្ងៃៗក្នុងបន្ទប់ពិសោធន៍តូចចង្អៀត ធ្វើការស្រាវជ្រាវដោយទទួលប្រាក់ខែតិចតួច។ អំពីមនុស្សស្រីវិញ គាត់ធ្លាប់បានសរសេរក្នុងសៀវភៅកំណត់ហេតុប្រចាំថ្ងៃថា «មនុស្សស្រីដែលមានទេពកោសល្យក្នុងវិទ្យាសាស្ត្រគឺកំរមានណាស់»។

ពេលជួបម៉ារី អ្នកទាំងពីរបាននិយាយគ្នាពីបញ្ហាវិទ្យាសាស្ត្រ និង បញ្ហាសង្គម ហើយយល់ឃើញថាអ្នកទាំងពីរមានចំនុចរួមគ្នាជាច្រើន។ គេទាំង២នាក់ក៏ចាប់ផ្ដើមមានចិត្តលើគ្នាទៅវិញទៅមក។ អ្នកទាំង២គោរព និងទុកចិត្តគ្នាទៅវិញទៅមក។

ឆ្នាំ១៨៩៤ ពេលដែលម៉ារីបានបរិញ្ញាប័ត្រគណិតវិទ្យា ហើយឆ្លៀតពេលវិស្សមកាលរដូវក្ដៅត្រលប់ទៅលេងវ៉ារស្សាវ៉ាវិញ ម៉ារីពិបាកចិត្តមិនដឹងគួរត្រលប់ទៅប៉ារីសវិញឬអត់។ ម៉ារីដែលនៅមានក្ដីស្រមៃចង់ធ្វើការផ្នែកដែលខ្លួនបានរៀននៅប៉ូឡូញបាន ប៉ុន្តែត្រូវបានសាកលវិទ្យាល័យក្រាកូវបដិសេដមិនទទួលអោយធ្វើការ ដោយសារតែម៉ារីជាស្ត្រី។

ក្នុងកំឡុងពេលដែលម៉ារីនៅរកការងារធ្វើនៅប៉ូឡូញ ព្យែរបានផ្ញើសំបុត្រសុំម៉ារីរៀបការជាច្រើនដង ហើយនៅខែតុលា ម៉ារីក៏ត្រលប់មកប៉ារីសវិញ។ ព្យែរបានរៀបរាប់ពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ខ្លួនប្រាប់ម៉ារី ហើយថាបើទោះបីជាត្រូវត្រលប់ទៅប៉ូឡូញវិញក៏ខ្លួនសុខចិត្តតាមទៅដែរ។ ការស្នើសុំរៀបការនេះបានជោគជ័យ ហើយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៨៩៥ ពិធីមង្គលការដ៏សមញ្ញមួយរបស់អ្នកទាំង២បានរៀបចំឡើង។

See the source image

ចាប់ពីពេលនោះមករូបវិទូទាំង២ធ្វើការជាមួយគ្នាក្នុងបន្ទប់ពិសោធន៍តែមួយ។ ពួកគេមានការកំសាន្តដូចគ្នា២គឺដំណើរកំសាន្តផ្លូវឆ្ងាយដោយជិះកង់ និង ការធ្វើដំណើរទៅក្រៅប្រទេស។ ទីបំផុតម៉ារីបានរកឃើញដៃគូស្នេហា និង សហសេវិកផ្នែកវិទ្យាសាស្ត្រដែលខ្លួនអាចពឹងពាក់បាន។

រង្វាន់ណូបែល

នៅឆ្នាំ១៩០៣ រាជបណ្ឌិតសភាវិទ្យាសាស្ត្រស៊ុយអែដ បានផ្ដល់រង្វាន់ណូបែលផ្នែករូបវិទ្យាទៅអោយលោកព្យែរ គុយរី, អ្នកស្រីម៉ារី គុយរី និង លោកអង់រី បិកកឺរ៉ែល «ដោយទទួលស្គាល់ស្នាដៃដ៏វិសេសវិសាលក្នុងការស្រាវជ្រាវរួមគ្នាស្ដីអំពីបាតុភូតបន្សាយវិទ្យុសកម្មដែលរកឃើញដំបូងដោយលោកសាស្ត្រាចារ្យអង់រី បិកកឺរ៉ែល។»

ម៉ារី និង ស្វាមីមិនអាចទៅទទួលរង្វាន់ដោយផ្ទាល់នៅទីក្រុងស្តុកហូមបានទេ។ ពួកគេបានចែករំលែកប្រាក់រង្វាន់ជាមួយនិស្សិតនិងមិត្តភក្ដិជិតដិតដែលត្រូវការប្រាក់។

គ្រាន់តែទទួលរង្វាន់ណូបែលភ្លាម ម៉ារី និង ព្យែរក៏ក្លាយជាមនុស្សល្បីឈ្មោះ។ សាលាសកបូន បានផ្ដល់ដំណែងជាសាស្ត្រាចារ្យដល់ព្យែរ និង អនុញ្ញាតអោយព្យែរមានបន្ទប់ស្រាវជ្រាវផ្ទាល់ខ្លួន ដែលនៅទីនោះម៉ារីធ្វើជានាយកដឹកនាំការស្រាវជ្រាវ។

See the source image

នៅឆ្នាំ១៨៩៧ និង ១៩០៤ ម៉ារី បានផ្ដល់កំណើតដល់កូនស្រី២រូបគឺ អ៊ីរ៉ែន និង អែវ។ គាត់បានជួលហ្គាវើណេស ជនជាតិប៉ូឡូញដើម្បីជួយបង្រៀនភាសាប៉ូឡូញដល់កូនស្រីទាំង២។ គាត់ក៏ធ្លាប់នាំកូនស្រីទៅលេងប៉ូឡូញផងដែរ។

សញ្ញាប័ត្ររង្វាន់ណូបែលផ្នែកគីមីវិទ្យាឆ្នាំ១៩១១របស់ម៉ារី។ ម៉ារីជាស្ត្រីទីមួយដែលបានទទួលរង្វាន់ណូបែល។ ៨ឆ្នាំក្រោយមកគឺនៅឆ្នាំ១៩១១ គាត់បានទទួលរង្វាន់ណូបែលផ្នែកគីមីវិទ្យា «ដោយស្នាដៃក្នុងការជំរុញវិស័យគីមីវិទ្យាតាមរយៈការរកឃើញធាតុគីមីថ្មីគឺរ៉ាដ្យូម និង ប៉ូឡូញ៉ូមដោយការចំរាញ់រ៉ាដ្យូម និង ដោយការស្រាវជ្រាវពីធម្មជាតិនិងធាតុផ្សំរបស់ធាតុគីមីនេះ។»

មួយខែក្រោយមក គាត់ត្រូវចូលពេទ្យដោយសារបញ្ហាផ្លូវចិត្តនិងជំងឺតំរងនោម។ ម៉ារីជាមនុស្សទីមួយហើយដែលបានទទួលរង្វាន់ណូបែល២។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ១៩១១ បណ្ឌិតសភាវិទ្យាសាស្ត្របារាំង ដែលមិនព្រមបោះបង់ចោលការរើសអើងចំពោះស្ត្រីនោះ មិនបានជ្រើសរើសអ្នកស្រីអោយចូលជាសមាជិកទេ។ អ្នកស្រីខ្វះ២សំលេងឆ្នោតក្នុងការបោះឆ្នោតនោះ។

មរណភាពរបស់ព្យែរ

នៅថ្ងៃទី១៩ មេសា ១៩០៦ ព្យែរបានបាត់បង់ជីវីតក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ។ ពេលកំពុងឆ្លងផ្លូវដូហ្វីន ពេលភ្លៀងធ្លាក់ខ្លាំង គាត់ត្រូវរទេះសេះបុកដួលចូលក្រោមកង់ និង ត្រូវកិនបែកលលាដក្បាល

ម៉ារីទទួលរងនូវការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងដោយសារមរណភាពស្វាមី។ នាពេលនោះគាត់បានក្លាយជា«មនុស្សដែលឯកោយ៉ាងខ្ទេចខ្ទំនិងដែលមិនអាចព្យាបាលបាន»។ នៅថ្ងៃទី១៣ ឧសភា ១៩០៦ ដេប៉ាតឺម៉ង់រូបវិទ្យារបស់សកបូនបានសំរេចចិត្តរក្សាកៅអីដែលបង្កើតសំរាប់ព្យែរ និង ផ្ដល់ជូនបន្តអោយម៉ារី រួមទាំងសិទ្ធិអំណាចពេញលេញលើបន្ទប់ស្រាវជ្រាវនោះ។

See the source image

ការណ៍នេះបានជួយអោយម៉ារីចេញពីស្រមោលរបស់ព្យែរ។ គាត់បានក្លាយជាសាស្ត្រាចារ្យស្ត្រីដំបូងគេនៅសកបូន។ គាត់បានរកឃើញអត្ថន័យជីវិតថ្មីមួយក្នុងការងារដ៏នឿយហត់មួយនេះ។

ពីឆ្នាំ១៩១០ ដល់ ១៩១១ ស្កូដូស្កា គុយរីមានទំនាក់ទំនងស្នេហាជាមួយរូបវិទូ ប៉ូល ឡង់ហ្សឺវ៉ាំង (Paul Langevin) ដែលជាអតីតកូនសិស្សរបស់ព្យែរ។ ម៉ារីមានអាយុច្រើនជាងប៉ូល៥ឆ្នាំ។ ប៉ូលជាបុរសរៀបការហើយ តែរស់នៅបែកពីភរិយា។

រឿងនេះបែកការនៅឆ្នាំ១៩១១ ពេលដែលគូប្រជែងផ្នែកសិក្សាបានយករឿងនេះទៅផ្សព្វផ្យាយជារឿងអាស្រូវនៅលើសារព័ត៌មាន។ ទោះបីជាគាត់មានកិត្តិយសជាអ្នកវិទ្យាសាស្ត្រដែលបំរើការដល់បារាំងក៏ដោយ ទស្សនៈរបស់សាធារណជនមានទំនោរទៅរក «សញ្ចេតនារើសអើងជនបរទេស» (xenophobia) និង បានរាលដាលដល់ការប៉ាន់ប្រមាណទាំងខុសឆ្គងថាម៉ារីជាជនជាតិជ្វីហ្វ។ ទំព័រកាសែតបានលើកឡើងពីម៉ារីយ៉ាងគគ្រឹកគគ្រើងដោយបានចោទអ្នកស្រីថាជាអ្នកបំបែកបំបាក់គ្រួសារគេ។

រង្វាន់ណូបែលលើកទី២របស់ម៉ារី បានធ្វើអោយអ្នកស្រីមានសិទ្ធិបញ្ចុះបញ្ចូលរដ្ឋាភិបាលបារាំងអោយផ្ដល់ថវិកាក្នុងការកសាងវិទ្យាស្ថានរ៉ាដ្យូមឯកជនមួយឈ្មោះ Institut du radium សព្វថ្ងៃជាវិទ្យាស្ថានគុយរី នៅឆ្នាំ១៩១៤។ វិទ្យាស្ថាននេះដឹកនាំការស្រាវជ្រាវផ្នែកគីមីវិទ្យា រូបវិទ្យា និង វេជ្ជសាស្ត្រ។

វិទ្យាស្ថាននេះជាថ្នាលបណ្ដុះជ័យលាភីរង្វាន់ណូបែល៤រូបទៀត ដែលក្នុងនោះក៏មានកូនស្រីរបស់គាត់គឺអ៊ីរ៉ែន ហ្សូល្យុត គុយរី និង កូនប្រសារប្រុស ហ្វ្រេដេរីក ហ្សូល្យុត គុយរី។

មរណភាពរបស់គុយរី

ស្កូដូស្កា គុយរីធ្វើទស្សនកិច្ចទៅប៉ូឡូញជាលើកចុងក្រោយនៅនិទាឃរដូវឆ្នាំ១៩៣៤។ ៣ខែក្រោយមកគឺនៅថ្ងៃទី៤ កក្កដា ១៩៣៤ គាត់បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យសង់សែលឺម៉ូ ក្នុងស្រុកប៉ាស់ស៊ី ខេត្តអូតសាវ័រ នៅភាគខាងកើតប្រទេសបារាំង ដោយសារជំងឺខ្វះគ្រាប់ឈាមក្រហម (aplastic anemia) ដែលបណ្ដាលមកពីត្រូវកាំរស្មីវិទ្យុសកម្មច្រើនពេក។

See the source image

នាពេលនោះគេមិនបានដឹងពីផលប៉ះពាល់របស់កាំរស្មីវិទ្យុសកម្មទេ។ ការងារពិសោធន៍របស់គាត់ធ្វើឡើងដោយគ្មានវិធានការការពារសុវត្ថិភាពបានត្រឹមត្រូវ។ គាត់ដាក់បំពង់ពិសោធន៍ដែលមានអ៊ីសូតូបវិទ្យុសកម្មនៅតាមហោប៉ៅ និង រក្សាធាតុទាំងនោះក្នុងថតតុរបស់គាត់ និង សប្បាយនឹងមើលពន្លឺភ្លើងពណ៌បៃតងខៀវដែលសារធាតុទាំងនោះបញ្ចេញនៅពេលងងឹត។

ស្នាដៃរបស់អ្នកស្រី គុយរី

ទិដ្ឋភាពរូបវិទ្យា និង សង្គមវិទ្យានៃស្នាដៃរបស់គ្រួសារគុយរី បានផ្ដល់វិភាគទានយ៉ាងសំខាន់ដល់ការកែទម្រង់ពិភពលោកនាសតវត្សរ៍ទី២០ និង ទី ២១។ លោកសាស្ត្រាចារ្យប្រចាំសកលវិទ្យាល័យ Cornell, L. Pearce Williams បានសង្កេតឃើញថា ៖

  • លទ្ធផលការងាររបស់ គ្រួសារគុយរី ជាស្នាដៃប្រចាំយុគសម័យមួយ។ វិទ្យុសកម្មរបស់រ៉ាដ្យូម វាសំបើមណាស់ រហូតដល់គេមិនអាចបំភ្លេចចោលបាន។ វាទំនងជាផ្ទុយនឹងគោលការណ៍រក្សាថាមពល ហើយដូច្នេះ បានធ្វើឱ្យគេពិចារណាមូលដ្ឋានគ្រឹះនៃរូបវិទ្យាឡើងវិញ។
  • នៅលើកម្រិតនៃពិសោធន៍ របកគំហើញរ៉ាដ្យូម បានផ្ដល់ដល់បុរសដូចជាលោក អឺណេស រូធើហ្វដ(Ernest Rutherford) នូវប្រភពវិទ្យុសកម្ម ដែលគាត់អាចយកទៅប្រើដើម្បីសិក្សាទម្រង់អាតូមបាន។ លទ្ធផលពិសោធន៍របស់ រូធើហ្វដ ក្រោម កាំរស្មីអាល់ហ្វា, អាតូមនុយក្លេអ៊ែរ ត្រូវបានគេស្នើឡើងជាលើកដំបូង។ ក្នុងវិស័យវេជ្ជសាស្ត្រ វិទ្យុសកម្មរបស់រ៉ាដ្យូម អាចឱ្យគេប្រើប្រាស់ជាមធ្យោបាយកំចាត់ដំបៅមហារីកបាន។
  • បើស្នាដៃរបស់ម៉ារីយ៉ា ស្កូដូស្កា គុយរី បានធ្វើឱ្យក្រឡាប់ចាក់ពិភពគីមីវិទ្យា និង រូបវិទ្យា នោះ វាក៏មានផលប៉ះពាល់យ៉ាងស៊ីជម្រៅដល់សង្គមវិទ្យាផងដែរ។ ដើម្បីសម្រេចបានស្នាដៃវិទ្យាសាស្ត្រដ៏សំបើមទាំងនេះ អ្នកស្រីបានជម្នះឧបសគ្គនៅលើវិថី ព្រោះគាត់ជាស្ត្រី ទាំងនៅក្នុងប្រទេសកំណើត និង ប្រទេសទីពីរ។
  • ទិដ្ឋភាពបែបនេះនៃជីវិត និង អាជីពរបស់គាត់ ត្រូវបានលើកឡើងនៅក្នុងសៀវភៅ Marie Curie: A Life សរសេរដោយ ហ្វ្រង់ស្វ័រ ហ្គីរ៉ូ (Françoise Giroud) ដែលបានបញ្ជាក់អំពីតួនាទីរបស់ ស្កូដូស្កា ក្នុងការលើកតម្កើងតួនាទីស្ត្រីភេទ។
  • អ្នកស្រីជាមនុស្សនាំមុខគេ ឯករាជ្យ ម្ចាស់ការ និង ជាពិសេស មិនចេះឈ្លក់វង្វេងនឹងកិត្តិយសដ៏សំបើមដែលខ្លួនបានទទួល។ គេបានឱ្យដឹងថា អាល់បឺត អែងស្តែង បានកត់សម្គាល់ថា ម៉ារីយ៉ា គុយរី ប្រហែលជាមនុស្សតែម្នាក់គត់ ដែលមិនឈ្លក់វង្វេងនឹងកិត្តិយសដែលខ្លួនបានទទួល។

គាត់ត្រូវគេបញ្ចុះនៅឈាបនដ្ឋាននៅស្រុកសូ ខេត្តអូដឺសែន (Sceaux, Hauts-de-Seine) នៅក្បែរស្វាមី។ ៦០ឆ្នាំក្រោយមកគឺនៅឆ្នាំ១៩៩៥ ដើម្បីជាកិត្តិយសដល់ស្នាដៃរបស់អ្នកទាំង២ គេក៏បានរើផ្នូររបស់អ្នកទាំង២ទៅ វិមានប៉ង់តេអុង (Panthéon) នៅប៉ារីសវិញ។

វិមានប៉ង់តេអុងនៅប៉ារីស

សៀវភៅនិងសារណារបស់គាត់តាំងពីឆ្នាំ១៨៩០ត្រូវគេចាត់ទុកថាមានគ្រោះថ្នាក់ខ្លាំងមិនអាចប៉ះពាល់បាន ដោយសារតែវាមានជាតិវិទ្យុសកម្មខ្លាំងពេក។ គេរក្សាទុកសៀវភៅទាំងនោះក្នុងប្រអប់សំណ ហើយអ្នកដែលចង់បើកមើលវាត្រូវតែពាក់សំលៀកបំពាក់ដែលការពារជាតិវិទ្យុសកម្ម។

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.