
មហាត្មៈគន្ធី ដែលមានឈ្មោះពេញថា Mohandas Karamchand Gandhi ជាមេដឹកនាំ និង ជាអ្នកនយោបាយដែលមានឈ្មោះបោះសំលេងជនជាតិឥណ្ឌាគោរពសាសនាហិណ្ឌូ(ព្រាហ្មណ៍)។ មហាត្មៈគន្ធីមានឈ្មោះពេញថា មោហន្តាសការាមច័ន្ទគន្ធី (តែគេចូលចិត្តហៅគាត់ថាមហាត្មៈគន្ធី ) កើតនៅថ្ងៃទី២ ខែ តុលា ឆ្នាំ១៨៦៩ក្នុងរដ្ឋគុជរាតភាគខាងលិចនៃប្រទេសឥណ្ឌា។
ដោយមានឪពុករបស់គាត់មានប្រពន្ធច្រើននាក់ ហើយគាត់ជាកូនប្រពន្ធទី៤។ ក្នុង ខែ ឧសភា ឆ្នាំ១៨៨៣ មហាម៉ាត់គន្ធីមានអាយុ១៣ឆ្នាំ ក៏បានរៀបអាពាហ៍ពិពាហ៍ជាមួយក្មេងស្រីម្នាក់ឈ្មោះ កស្រ្តូបា ដែលមានអាយុច្រើនជាងគាត់ប្រហែលត្រឹមតែ៦ខែប៉ុណ្ណោះ ហេតុផលដែលធ្វើឲ្យគន្ធីរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេងដូច្នេះ មកពីប្រពៃណីប្រចាំតំបន់របស់គាត់និយមឲ្យក្មេងៗឆាប់រៀបការនិងគ្នា។

គន្ធីមានសេចក្តីសុខនិងជីវិតអាពាហ៍ពិពាហ៍របស់គាត់យ៉ាងខ្លាំង រហូតដល់ទទួលបានបុត្រធីតារួមទាំងអស់ចំនួន៥នាក់ តែកូនម្នាក់ក្នុងចំណោមនោះក៏បានបាត់បង់ជីវិត តាំងតែនៅជាទារក ដូច្នេះហើយគាត់នៅសល់កូនតែ៤នាក់ប៉ុណ្ណោះ។
ក្នុងឆ្នាំ១៨៨៨ ជាឆ្នាំដែលកូនច្បង(មិនរាប់បញ្ចូលកូនដែលស្លាប់កាលពីនៅទារកផងទេ)របស់គាត់បានចាប់កំណើតឡើង និង ជាឆ្នាំដែលគ្រួសាររបស់គាត់បានបញ្ជូនគាត់ទៅសិក្សាវិជ្ជាច្បាប់នៅប្រទេសអង់គ្លេស ដោយមុននឹងធ្វើដំណើរទៅគាត់បានសន្យានឹងម្តាយគាត់ថានឹងមិនទទួលទានសាច់សត្វ សុរា និង មិនទាក់ទងដោយស្រ្តីភេទផងដែរ ដើម្បីឲ្យមាតាបានកក់ក្តៅនៅក្នុងចិត្ត ហើយក៏ធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស។
ពេលទៅដល់ប្រទេសអង់គ្លេសគន្ធីជួបនឹងបញ្ហាធំក្នុងជីវភាពរស់នៅនៅទីនោះ នោះគឺវប្បធម៌ មារយាទ និង សំណង់ផ្សេងៗ ព្រោះនៅទីនោះមិនដូចនៅឥណ្ឌាទេ គន្ធីត្រូវមានការប្រុងប្រយ័ត្នខ្លួនទាក់ទងទៅនឹងមារយាទដែលខ្លួនធ្លាប់ប្រព្រឹត្តកាលនៅឥណ្ឌា ដូច្នេះគាត់ត្រូវសំរបខ្លួន និង បុគ្គលិកលក្ខណៈឲ្យសមស្របទៅនឹងជនជាតិអង់គ្លេស។
ក្រៅពីនេះអាហារនៅប្រទេសអង់គ្លេសដែលគ្មានជាតិសាច់ក្នុងសម័យនោះរសជាតិច្រើនតែសាប នឹង ទទួលទានសាច់សត្វក៏មិនគួរ ព្រោះបានសន្យានឹងម្តាយរួចទៅហើយ។ បញ្ហាអាហារក៏ចាប់ផ្តើមសាំនៅពេលដែលគាត់បានស្គាល់រសជាតិម្ហូបបួស និង បានទិញសៀវភៅមួយក្បាលសំរាប់ពន្យល់ដល់អ្នកមិនទទួលទានម្ហូបមានសាច់នៅប្រទេសអង់គ្លេសយ៉ាងមានក្តីសុខ។
ចំណែកទំនៀមទំលាប់ និង វប្បធម៌ប្រែប្រួលទៅសន្សឹមៗ និង នៅទីបំផុតបានបញ្ចប់ការសិក្សា និង ប្រលងជាប់ជានីតិបណ្ឌិត(បណ្ឌិតច្បាប់) លុះបានជានីតិបណ្ឌិត ហើយគាត់ក៏ធ្វើដំណើរត្រលប់មកកាន់ប្រទេសឥណ្ឌាវិញក្នុងឆ្នាំ១៨៩២ ដើម្បីប្រកបអាជីព។
ដំណើរដ៏លំបាកក្នុងការធ្វើដំណើរទៅកាន់អាហ្រ្វិកខាងត្បូង
នៅក្នុងឆ្នាំដែលគន្ធីត្រលប់មកវិញនោះ ប្រពន្ធរបស់គាត់ក៏បានសំរាលកូនទី២ ទោះបីជាគន្ធីបានបញ្ចប់ការសិក្សាខ្ពង់ខ្ពស់ក៏ដោយ ក៏ការប្រកបអាជីពលើកដំបូងរបស់គាត់ជួបប្រទះតែនឹងភាពលំបាកតោកយ៉ាកវេទនា លុះក្រោយមកមិនយូរប៉ុន្មាន គន្ធីបានទទួលការងារមួយដែលជាកត្តាដ៏សំខាន់ធ្វើឲ្យគាត់ក្លាយជាអ្នកនយោបាយដ៏ដ៏ល្បីល្បាញក្នុងពេលក្រោយមកទៀត។

ការងារដែលគាត់ធ្វើនោះគឺមេធាវីប្រចាំប្រទេសអាហ្រ្វិចខាងត្បូង ព្រោះហេតុនោះហើយបានជាក្នុងឆ្នាំ១៨៩៣ គាត់បានធ្វើដំណើរទៅកាន់ប្រទេសអាហ្រ្វិចខាងត្បូង។ ពេលទៅដល់ទីនោះ គាត់ក៏ទិញសំបុត្ររថភ្លើងជាន់ទី១ ដែលជាជាន់ដែលមានផាសុកភាពបំផុត ហើយក៏ថ្លៃបំផុតដែរ ទៅកាន់ក្រុងដែលកូនក្តីត្រូវការ។
តែអ្នកដំណើរនៅជាន់ទី១ជាមួយគ្នាដែលជាជនជាតិស្បែកសមិនពេញចិត្តជនជាតិស្បែកខ្មៅដូចជារូបគាត់ដែលមកជិះជាមួយពួកគេ។ ពួកជនជាតិស្បែកសទាំងនោះក៏ទៅតវ៉ាប្រាប់សន្តិសុខរក្សាសណ្តាប់ធ្នាប់ឲ្យដេញគន្ធីចេញពីជាន់ទី១។ សន្តិសុខក៏ដើរមកប្រាប់គាត់ ឲ្យប្តូរកន្លែងទៅជាន់ទី៣(ជាន់មិនមានផាសុកភាព តម្លៃក៏ថោកបំផុតទោះជាគន្ធីបានទិញសំបុត្រសំរាប់ជាន់ទី១ដោយត្រឹមត្រូវក៏ដោយ គន្ធីបានបដិសេធចំពោះរឿងនេះ ធ្វើឲ្យជម្លោះនៅក្នុងរថភ្លើងជាន់ទី១កាន់តែតានតឹងឡើងៗ។
នៅទីបំផុតគាត់ក៏ត្រូវសន្តិសុខនោះធ្វើបាប និង ត្រូវបានដេញឲ្យចុះចេញពីរថភ្លើងដោយអ្នកដំណើរជនជាតិស្បែកស ដែលសន្តិសុខរថភ្លើងសំអាងថាទូរថភ្លើងជាន់ទី១ធ្វើឡើងសំរាប់អ្នកដំណើរជនជាតិស្បែកសតែប៉ុណ្ណោះ។
ការជួយជនជាតិអាហ្វ្រិកខាងត្បូង
ហេតុការណ៍នេះធ្វើឲ្យគន្ធីមានការខូចចិត្តយ៉ាងខ្លាំង និង រឹតតែខូចចិត្តខ្លាំងជាងនេះទៅទៀត គឺនៅពេលគាត់បានដឹងថា ជនជាតិស្បែកខ្មៅគ្រប់គ្នាត្រូវបានជនជាតិស្បែកសនៅអាហ្រ្វចខាងត្បូងប្រមាថ មើលងាយ ចាប់តាំងពីពេលនោះមកគន្ធីបានក្រោកឈរដើម្បីទាមទារសិទ្ធិសេរីភាពឲ្យដល់ជនជាតិស្បែកខ្មៅនៅអាហ្រ្វិចខាងត្បូង។
គាត់ដឹងថាការតស៊ូលើកនេះនឹងមិនចប់ងាយៗទេ ដូច្នេះគាត់ក៏ធ្វើដំណើរទៅកាន់ឥណ្ឌាវិញនៅក្នុងឆ្នាំ ១៨៩៦ ដើម្បីនាំគ្រួសាររបស់គាត់មករស់នៅអាហ្រ្វិចខាងត្បូងនឹងគាត់។ បន្ទាប់មកក៏ត្រឡប់មករស់នៅជាមួយគ្រួសារនៅឥណ្ឌាវិញ ក្នុងឆ្នាំ១៨៩៧ រហូតដល់មានកូន២នាក់ទៀត។

ក្នុងឆ្នាំ១៩០១ គន្ធីបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាវិញដើម្បីប្រកបរបរចញ្ចិមជីវិត តែមានការអង្វរករសូមការជួយសង្រ្គោះពីប្រជាជនឥណ្ឌានៅអាហ្វ្រិចខាងត្បូង គាត់បានធ្វើដំណើរទៅកាន់អាហ្រ្វិច ខាងត្បូងវិញ ដើម្បីតស៊ូនឹងបញ្ហានេះនៅឆ្នាំ ១៩០២ តែការតស៊ូរបស់គាត់លើកមុនៗហាក់ដូចជាមិនសូវទទួលបានផលល្អប៉ុន្មានទេ។
គាត់បានធ្វើដំណើរចាកចេញពីអាហ្រ្វិចខាងត្បូង។ គាត់ត្រឡប់មកដល់ឥណ្ឌានាទីក្រុងបម់បៃ នៅឆ្នាំ ១៩១៥គាត់បានសំរេចចិត្តលះបង់ចោលនូវការស្លៀកពាក់តុបតែងកាយបែបលោកខាងលិច ដែលខ្លួនធ្លាប់អនុវត្តកន្លងមក ហើយត្រឡប់មកស្លៀកពាក់តុបតែងបែបដើមតាមរបៀបរបស់រដ្ឋជុគរាត និង ពេលធ្វើដំណើរត្រលឡប់មក ជនជាតិឥណ្ឌារាប់ពាន់អ្នកនាំគ្នាចេញទៅស្វាគមន៍យ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្មានថ្ងៃក្រោយមកគាត់បានទៅរកភិន្រ្ទនាថថាកុរ កវីឯកជាតិឥណ្ឌា ភិន្រ្ទនាថនេះហើយដែលបានដាក់ឈ្មោះឲ្យគន្ធីថា “មហាត្មៈ” ដែលមានន័យថាអ្នកមានចិត្តប្រសើរ ក្រោយពីនោះគន្ធីបានធ្វើទស្សនកិច្ចទូទាំងប្រទេសឥណ្ឌា ដើម្បីឲ្យឃើញភាពជាក់ស្តែងក្នុងប្រទេសអស់រយៈពេល១ឆ្នាំ។

ដូច្នេះហើយបានជានៅលើកនេះគាត់ផ្លាស់មកប្រើយុទ្ធសាស្រ្ត ថ្មីហៅថា”សត្យានុគ្រោះ”គឺការមិនរួមដៃ និង ច្បាប់ដែលមិនមានយុត្តិធម៌ ដោយគ្មានការប្រើកំលាំងយុទ្ទសាស្រ្តនេះបានទទួលផលយ៉ាងគាប់ប្រសើរ ធ្វើឲ្យគន្ធីដឹងថាការតស៊ូដោយអំពើអហឹង្សាបានផលល្អជានអ្វីដែលគាត់បានគិតទុកទៅទៀត។ យុទ្ធសាស្រ្តដ៏ជាក់លាក់នេះធ្វើឲ្យការទាមទាររកយុត្តិធម៌របស់គាត់ទទួលបានផលល្អ គាត់ក៏នៅអាហ្រ្វិចខាងត្បូងដើម្បីបន្តការទាមទារយុត្តិធម៌ រហូតដល់ឆ្នាំ១៩១៤។
បុរសម្នាក់នេះបានព្យាយាមលើកតម្កើងមនុស្សវណ្ណៈទាបបំផុតដែលហៅថាពួក “ប៉ះពាល់ខ្លួនមិនបាន”(untouchable) តែក៏ព្យាយាមកំចាត់ពួកនេះចេញពីសាសនាហិណ្ឌូ។ មហាត្មៈគន្ធីសម្តែងខ្លួនជាបដិបក្សចំពោះវិទ្យាសាស្ត្រសម័យថ្មី តែព្រមឲ្យពេទ្យធ្វើការវះកាត់ព្រមប្រើឆ្នាំងរក្សាកម្តៅហើយនឹងព្រមប្រើប្រាស់វែនតា។ បុរសម្នាក់នេះព្យាយាមផ្សារភ្ជាប់រវាងសាសនាហិណ្ឌូ ជាមួយនឹង សាសនាអ៊ីស្លាម ឲ្យចូលគ្នាជាធ្លុងមួយ តែក៏មិនព្រមឲ្យនរណាម្នាក់ក្នុងគ្រួសារគាត់ក្លាយជាអ៊ីស្លាម។
តែទោះជាយ៉ាងណាក៏ដោយមានសេចក្តីពិតដែលត្រូវទទួលរ៉ាប់រងទាំងអស់គ្នាថា មហាត្មៈគន្ធី ជារដ្ឋបុរសដ៏សំខាន់បំផុតរបស់ឥណ្ឌា។ ពាក្យថា “រដ្ឋបុរស” អាចមិនល្មមគ្រប់គ្រាន់ ឬ មិនត្រឹមត្រូវក្នុងការប្រើជាមួយបុរសម្នាក់នេះ ជួនកាលយើងអាចត្រូវប្រើពាក្យថា “God” ។
ជំនឿ និង ការគោរពរបស់ជនជាតិឥណ្ឌា
ក្នុងប្រវត្តិកាណ៍របស់ឥណ្ឌាបើលើកលែងព្រះពុទ្ធចេញហើយក៏មិនមាននរណាសំខាន់ស្មើនឹងមហាត្មៈគន្ធីអាសោកមហារាជក្តីអាក់បារ៍មហាម៉ូកុលក្តី បើប្រៀបជាមួយនឹងមហាត្មៈគន្ធី ហើយនោះឃើញថាឆ្ងាយគ្នាខ្លាំងណាស់ ឥទ្ធិពលរបស់បុរសម្នាក់នេះធ្វើឲ្យជនជាតិឥណ្ឌាគោរពស្រឡាញ់ហួស នឹងពណ៌នាបាន។ មានមនុស្សជាច្រើនម៉ឺននាក់អាចលុតជង្គង់ចុះថើបដីដែលមានស្នាមដានជើងមហាត្មៈគន្ធី ដើរឆ្លងកាត់ទៅ។

មនុស្សជាច្រើនពាន់នាក់អាចធ្វើដំណើរដោយជើងអស់ចម្ងាយផ្លូវ ២០ មៃល៍ ដើម្បីឲ្យបានឃើញរទេះភ្លើងដែលមហាត្មៈគន្ធីធ្វើដំណើរដោយមិនចាំបាច់ឃើញមហាត្មៈគន្ធីឡើយ ហើយមិនមែនព្រោះចង់ឃើញភាពស្រស់ស្អាតអ្វីរបស់រទេះភ្លើងនោះទ ព្រោះមហាត្មៈគន្ធីមិនដែលមានរថយន្តពិសេសផ្ទាល់ខ្លួន មហាត្មៈគន្ធីតាមធម្មតាធ្វើដំណើរតាមរទេះភ្លើងថ្នាក់ទី៣ លាយឡំជាមួយនឹងមនុស្សក្រីក្រ។
រូបថត និង រូបបោះពុម្ភរបស់មហាត្មៈគន្ធី បិទនៅតាមគេហដ្ឋានតាមផ្ទះសម្បែង តាមខ្ទមជាច្រើនលានកន្លែង មនុស្សដែលឈឺចាប់គ្រុនរងារ ព្យាយាមយកដៃ ទៅស្ទាបរូបមហាត្មៈគន្ធី ដើម្បីសុំឲ្យជាសះស្បើយ។ មនុស្សជាច្រើនលានងើយមុខឡើងមើលទៅលើផ្ទៃមេឃពេលគេពោល ឬ បានឮនរណានិយាយឈ្មោះមហាត្មៈគន្ធី។ នឹងរកនរណាម្នាក់ នាសម័យថ្មីដែលមានឥទ្ធិពលលើបេះដូងមនុស្សស្មើនឹងបុរសម្នាក់នេះមិនអាចរកបានឡើយដោយសម្តីត្រឹមមួយម៉ាត់ ឬ ដោយការលើកម្រាមដៃត្រឹមតែមួយ មហាត្មៈគន្ធីអាចធ្វើឲ្យជនជាតិឥណ្ឌាច្រើនលាននាក់ ចលាចលទូទាំងប្រទេសឥណ្ឌាបាន។
រំលឹកសង្ខេបពីមហាត្មៈគន្ធី
រឿងរ៉ាវរបស់បុរសម្នាក់នេះ យើងអាចរកបានដោយមានប្រវត្តិដែលគាត់សរសេរទុកខ្លួនឯង ហើយសម្រាប់អ្នកមានសីលសត្យដូចមហាត្មៈគន្ធីនេះ ប្រវត្តិដែលគាត់សរសេរខ្លួនឯងរមែងមានភាពគួរជឿបាន។ គាត់បានសរសេរទុកថាកាលពីក្មេង មានមិត្តភក្តិណែនាំថាជនជាតិឥណ្ឌាជា ជនជាតិទន់ខ្សោយព្រោះមិនទទួលទានសាច់សត្វចំណែកជនជាតិអង់គ្លេសរឹងមាំរហូតអាចគ្រប់គ្រងឥណ្ឌាបានព្រោះពួកអង់គ្លេសទទួលទានសាច់សត្វ។
ពេលបានស្តាប់ដូច្នោះគន្ធីក៏សាកល្បងទទួលទានសាច់ពពែបន្តិចលមើល៍ ដោយសារគាត់មិនដែលទទួលទានសាច់សត្វសោះ ទើបធ្វើឲ្យរាកមួល លុះដល់ពាក់កណ្តាលយប់ក៏សុបិនថា ពពែទាំងមូលចូលទៅរើបម្រាស់នៅក្នុងពោះតាំងពីពេលនោះមកក៏លែងទទួលទានសាច់សត្វទៀតជារៀងរហូត។
រឿងរ៉ាវរបស់មហាត្មៈគន្ធីនៅអាហ្វ្រិកខាងត្បូងជារឿងល្វីងជូរចត់បំផុតក្នុងជីវិតត្រូវគេទាត់ធាក់វាយតប់គប់ក្រវេង ត្រូវគេប្រទុស្តរ៉ាយ ប្រមាថមើលងាយមើលថោកគ្រប់បែបគ្រប់យ៉ាង តែតមកក៏អាចសាងខ្លួនបានហើយក្លាយជាមេធាវីដែលមានកេរ្តិ៍ឈ្មោះ បានទទួលការនិយមចូលចិត្ត មានចំណូលពីការធ្វើជាមេធាវី គិតជាប្រាក់ខ្មែរមួយឆ្នាំប្រហែល ៥ លានរៀល ដែលចាត់បានថាជាចំនួនច្រើនណាស់ហើយក្នុងពេលនោះ។
តែព្រឹត្តិការណ៍ដែលត្រូវគេប្រមាថមើលងាយមកនោះធ្វើឲ្យគន្ធីចាប់ផ្តើមមានគំនិតថ្មី។ ជីវិតនៅអាហ្វ្រិកាខាងត្បូងជាការចាប់ផ្តើមជីវិតថ្មីរបស់ មហាត្មៈគន្ធី ដែលធ្វើឲ្យគន្ធីក្លាយជាទីគោរពបូជារបស់ជនជាតិឥណ្ឌា ហើយជាមូលហេតុឲ្យកើតរហស្សនាមថា”មហាត្មៈ” ឡើងតាំងពីពេលនោះមក។ គន្ធីឈប់ធ្វើជាមេធាវីយកប្រាក់ដែលរកបានទាំងអស់មកតាំងនិគមក្សេត្រករឲ្យដល់ជនជាតិឥណ្ឌាដែលក្រីក្រសាងរោងពុម្ពកាសែត ឈ្មោះថា “Indian Opinion” ហើយនឹងតែងសៀវភៅរឿង“ឥស្សរភាពរបស់ជនជាតិឥណ្ឌា” ផ្សព្វផ្សាយលទ្ធិជាតិនិយម និងចាប់ផ្តើមប្រើវិធី “Non -Violence” តាំងតែពីពេលនោះរៀងមកក្នុងរវាងនេះ គន្ធី ត្រូវបានចាប់បីដង។ គន្ធីរស់នៅអាហ្វ្រិកខាងត្បូងដល់ទៅ ២១ ឆ្នាំហើយត្រឡប់មកឥណ្ឌាវិញនៅឆ្នាំ ព.ស ២៤៥៧ ដែលជាឆ្នាំដំបូងនៃសង្រ្គាមពិភពលោកលើកទី ១ គន្ធី មានអាយុ ៤៥ ឆ្នាំ។
តាមបកតិមហាត្មៈគន្ធីភ្ញាក់ពីដំណេកម៉ោង ០៤.៣០ នាទី ពេលសូត្រមន្តរួចហើយក៏ចេញដើរ។ ការធ្វើដំនើររបស់មហាត្មៈគន្ធីជាការដើរយ៉ាងរួសរាន់ លឿនរហូតអ្នកដែលទៅជាមួយត្រូវរត់តាម។ ការដើរយ៉ាងលឿននៅពេលព្រឹកព្រហាមដូច្នេះជាកិច្ចវត្តដែលមិនអាចខាតបានទោះភ្លៀងធ្លាក់ខ្លាំងប៉ុណ្ណាក៏ត្រូវចេញដើរ។
ក្នុងពេលដែលមហាត្មៈគន្ធីទៅទីក្រុងឡុងដ៍ក្នុងពេលដែលមានឥទ្ទិពលខ្លាំងហើយនោះ ក៏ចេញដើរនៅព្រឹកព្រហាមដូចគ្នាដែររហូតខាងប្រទេសអង់គ្លេសឲ្យអ្នកស៊ើបអង្កេតពីរនាក់ចាំរត់តាមទៅការពារ។ ការសូត្រមន្តក៏ជាកិច្ចវត្តសំខាន់ដែលត្រូវសូត្រពីរពេល គឺពេលព្រះអាទិត្យអរុណោទ័យ និងពេលព្រះអាទិត្យអាទិត្យអស្តង្គត។ ក្នុងគ្រាដែលទៅទីក្រុងឡុងដ៍នោះ កំពុងអង្គុយប្រជុំនៅជាមួយនឹងបុគ្គលសំខាន់របស់អង់គ្លេស ក្នុងបន្ទប់ប្រជុំកម្មការ សភាតំណាងរាស្ត្រនៅឡើយលុះវេលាព្រះអាទិត្យអស្តង្គព្រលប់សន្ធយាមហាត្មៈគន្ធីក៏លុតជង្គង់ចុះហើយសូត្រមន្ត ការប្រឹក្សាក្នុងទីប្រជុំត្រូវបានបញ្ឈប់ គ្រប់គ្នាអង្គុយយ៉ាងស្ងៀមស្ងាត់ ពេលមហាត្មៈគន្ធីសូត្រមន្តរួចត្រឡប់មកអង្គុយលើកៅអីជាថ្មី ទើបដំណើរការប្រជុំតទៅទៀត។
ការសូត្រមន្តពេលល្ងាចក្នុងខណៈដែលមហាត្មៈគន្ធីនៅឥណ្ឌានោះជាពិធីដ៏ធំមួយ ព្រោះមនុស្សដែលនៅជាមួយមហាត្មៈគន្ធីគ្រប់គ្នាចូលរួមសូត្រផងដែរអ្នកស្រុក ទោះនៅទីឆ្ងាយក៏មកសូត្រព្រមជាមួយនឹងគន្ធី។ ការសូត្រមន្តក្នុងព្រឹត្តិការណ៍ដូច្នេះ មានអានុភាពណាស់ ដល់ថ្នាក់ថាមានមនុស្សបរទេសផ្សេងជាតិផ្សេងសាសនានៅក្នុងទីនោះក៏តែងចូលរួមធ្វើការគោរពផងដែរ។ ជនជាតិជប៉ុន ហើយនឹងសូម្បីតែជនជាតិអង់គ្លេសក៏ធ្លាប់ត្រូវចូលរួមធ្វើពិធីសូត្រមន្តព្រមគ្នាជាមួយ មហាត្មៈគន្ធីនេះដែរ។
ថ្ងៃច័ន្ទជាថ្ងៃស្ងៀមស្ងាត់ គឺមិននិយាយអ្វីសូម្បីមួយមាត់ក្នុងថ្ងៃនោះ ទោះបីមានហេតុការណ៍ សំខាន់ពុះក្តៅប៉ុណ្ណាក៏គ្មាននរណាអាចធ្វើឲ្យមហាត្មៈគន្ធីនិយាយក្នុងថ្ងៃច័ន្ទបាន។ ខណៈទៅរួមប្រជុំនៅទីក្រុងឡុងដ៍ម្តងនោះចៃដន្យមានការប្រជុំនៅថ្ងៃច័ន្ទ មហាត្មៈគន្ធីចូលទៅប្រជុំដែរ តែមិននិយាយអ្វីឡើយ ដល់ពេលចាំបាច់ខ្លាំងមែនទែនក៏សរសេរដាក់ក្រដាសឲ្យលេខាអានឲ្យទីប្រជុំស្តាប់ជំនួសពាក្យនិយាយ។
គន្ធីធ្វើការច្រើនណាស់ ដូចបុគ្គលសំខាន់ៗទាំងឡាយ ទទួលសិស្ស និងអ្នកចូលមករកបាន មិនឈប់ឈរ ពាក្យសម្តីក្នុងរឿងសំខាន់ៗ គ្រប់មាត់ៗ មានអ្នកចាំកត់យកទៅចុះការសែត រហូត អាចពោលបានថាគ្មានសម្តីមួយមាត់ណារបស់មហាត្មៈគន្ធីដែលជ្រុះចោលទទេ។ គាត់ឧស្សាហ៍សរសេរសំបុត្រទាក់ទងអ្នកនោះអ្នកនេះទូទាំងពិភពលោក។ វិធីឈប់សម្រាករបស់មហាត្មៈគន្ធីគឺយកខ្លួនទៅចុះត្រាំទឹកក្តៅប្រហែល ៤០ នាទី ហើយទឹកនោះគឺជាទឹកដែលក្តៅខ្លាំង ក្នុងពេលដែលត្រាំទឹកក្តៅនេះក៏អានសៀវភៅជាបណ្តើរផងដែរ។
ការងារដែលមហាត្មៈគន្ធី ចូលចិត្តបំផុតគឺមើលថែរទំនុកបម្រុងភូមិដែលនៅឆ្ងាយភាពជឿនលឿន ដោយគាំទ្រឲ្យធ្វើការរវៃកប្បាសត្បាញ សំពត់ដែលសូម្បីមហាត្មៈគន្ធីក៏ធ្វើដោយខ្លួនឯង ឲ្យមនុស្សក្នុងភូមិបានទទួលការសិក្សានៅពេលទំនេរ និងទំនុកបម្រុងសុខាភិបាល ព្រមទាំងបបួលឲ្យប្រកបឧស្សាហកម្មក្នុងគ្រួសារ។
ណាប៉ូលេអុង ជាមនុស្សដែលមានសមត្ថភាពក្នុងរឿងដេកលក់ គឺអាចលក់ក្នុងពេលដែលត្រូវការលក់ និងភ្ញាក់ពេលដែលត្រូវការភ្ញាក់ មហាត្មៈគន្ធីជួនកាលអាចមានសមត្ថភាពជាងនប៉ូលេអុង។ មហាត្មៈគន្ធីអាចនិយាយថាខ្ញុំត្រូវការដេកបាន ២០ នាទី រួចហើយមហាត្មៈគន្ធីក៏លក់ភ្លាមដោយមិនថាក្នុងទីណា ឬមានសំឡេងអ៊ឺងកងប៉ុណ្ណា ហើយលុះគ្រប់ ២០នាទីក៏ភ្ញាក់ឡើងបានពួកបរិវារដឹងច្បាស់ថាក្នុងការធ្វើដំណើរតាមរថភ្លើងនោះមហាត្មៈគន្ធីអាចលក់បានក្នុងរយៈវេលាមិនដល់មួយនាទីក្រោយពេលដែលឡើងទៅលើរទេះភ្លើងរួចហើយ។
ពេលបិតារបស់នេរូហ៍អនិច្ចកម្ម គន្ធីទៅចូលរួមបុណ្យសពដែរ តាមផ្លូវត្រឡប់មកវិញបានសម្រានលក់នៅក្នុងរថយន្ត កើតឧបត្តិហេតុ ក្រឡាប់ឡានខ្លួនមហាត្មៈគន្ធីខ្ទាតចេញពីឡាន អ្នកដែលមកជាមួយប្រញាប់ទៅមើល មហាត្មៈគន្ធីកំពុងសម្រានលក់នៅឡើយ។
រឿងដូច្នេះមិនចម្លែកអ្វី សម្រាប់អ្នកដែលជំនាញចិត្តវិទ្យា អ្នកចិត្តវិទ្យារមែងជ្រាបថាការដេកលក់របស់អ្នកដែលបានហ្វឹកហាត់ ខាងចិត្តវិទ្យានោះ មិនដូចការដេកលក់របស់មនុស្សធម្មតាតែ យ៉ាងណាក៏ដោយសមត្ថភាពក្នុងការដេកលក់ពេលណាក៏បាន ក្នុងការភ្ញាក់ពេលណាក៏បាននោះជាលក្ខណៈរបស់អ្នកដែលមានសមាធិខ្លាំងក្លាហើយជាលក្ខណៈរបស់ភាពរឹងមាំផ្នែកកំលាំងចិត្តផងដែរ។
មហាត្មៈគន្ធីមានកូនប្រុស ៤ នាក់ ហើយចាប់តាំងពីមហាត្មៈគន្ធីមានអាយុបាន ៣១ ឆ្នាំក៏ប្រព្រឹត្តព្រហ្មចារីយ៍មិនប៉ះពាល់ស្ត្រីភេទខាងផ្លូវកាមគុណទៀតឡើយ តែជាមនុស្សមានស្នេហ៍ក្នុងខ្លួនព្រោះមិនថាបុរសឬស្តី្រពេលបានឃើញគាត់ហើយក៏មិនអាចទប់ទល់មិនឲ្យស្រលាញ់គាត់បានទាំងដែលរូបរាង្គមុខមាត់របស់មហាត្មៈគន្ធីក៏មិនបានស្អាតបាតស្រស់សង្ហាអ្វី ស្នេហ៍ក្នុងខ្លួនបុរស ម្នាក់នេះធ្វើឲ្យបុរសស្ត្រីឈ្លក់វង្វេងស្រលាញ់បានជានិច្ច។
ក្នុងកាលដែលស៊ើរ៍ស៊ែមូអេលហរ៍ជារដ្ឋមន្ត្រីម្នាក់របស់ឥណ្ឌាដល់ថ្នាក់ប្រាប់ឲ្យឡរ៍តវិលលិងតាន់ដែលបានទទួលតំណែងមកជាឧបរាជថ្មីរបស់ឥណ្ឌាថាឲ្យព្យាយាមកុំជួបចចារជាមួយមហាត្មៈគន្ធី ព្រោះបើបានឃើញហើយនឹងទប់មិនឲ្យកើតសេចក្តីស្រលាញ់មិនបាន។
មូលហេតុសំខាន់ដែលឲ្យកើតអំនាចរបស់មហាត្មៈគន្ធីមានម្យ៉ាងទៀតគឺការមិននិយាយកុហក។ គន្ធីអះអាងថាទោះបីកាលនៅពីក្មេងក៏មិនធ្លាប់និយាយកុហក់ឡើយ។ ជាការចម្លែកម្យ៉ាង ទៀតដែលថាដោយលក្ខណៈរបស់មហាត្មៈគន្ធីជាមនុស្សចូលចិត្តថ្លុកកំប្លែងចូលចិត្ត សន្ទនារឿង ដែល ធ្វើឲ្យសើចក្អាកក្អាយជានិច្ច គន្ធីខ្លួនឯងក៏ពោលថា បើមិនបានអាស្រ័យលក្ខណៈថ្លុកកំប្លែងរបស់ខ្លួនឯងហើយគន្ធីអាចសម្លាប់ខ្លួនជាយូរមកហើយតែទោះគន្ធីជាមនុស្សមានលក្ខណៈដូច្នេះ តែគាត់មិនដែលនិយាយកុហកឡើយ។
កាលបើមហាត្មៈគន្ធីមិនដែលនិយាយកុហកអ្នកដទៃទៀត ក៏មិនហ៊ានមកនិយាយកុហកដាក់មហាត្មៈគន្ធី។ គ្រាមនុស្សរបស់គន្ធីធ្វើខុសក្នុងរឿងដែលនឹងធ្វើឲ្យកើតភាពអាមាស់មុខគន្ធីហៅខ្លួនមកហើយពោលថា“ថ្ងៃស្អែកនេះត្រូវប្រាប់ការពិតមកឲ្យអស់” មនុស្សម្នាក់នោះក៏ប្រាប់ការពិតចេញមកទាំងអស់ភ្លាម។