ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិនៃការចាប់ផ្តើមធ្វើបដិវត្តន៍ពណ៌ក្នុងប្រទេស លីប៊ី កាលពី ១០ឆ្នាំមុន និងលទ្ធផលបន្ទុកធ្ងន់ ធ្លាក់លើប្រជាពលរដ្ឋស៊ីវិលលីប៊ី

កាលពីឆ្នាំ២០១១​ ដោយផ្អែកលើការរំលោភ​សិទ្ធិមនុស្ស បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក បានធ្វើអន្តរាគមន៍​យោធាផ្ដួលរំលំ​របបដឹកនាំ​របស់ លោក កាដាហ្វី។ ប៉ុន្តែ​ក្រោយរបប កាដាហ្វី ដួលរលំ លីប៊ីមិនបាន​ទទួលសន្តិភាព​សូម្បីតែបន្តិច ផ្ទុយទៅវិញបែរ​ជាប់ផុងនៅក្នុង​ជម្លោះរុំារ៉ៃ រហូតដល់ប្រទេសជាតិ​ត្រូវបែកចេញជាពីរ ខណៈប្រជាជនលីប៊ី​មួយចំនួនចាប់ផ្ដើម​នឹក​ស្រណោះដល់លីប៊ី ក្រោមការគ្រប់គ្រង​របស់លោក កាដាហ្វី ដែលនៅកាល​ណោះលីប៊ី ជាប្រទេស​មាន GDP និងសេដ្ឋកិច្ចរីកចំរើន​ជាងគេបំផុត នៅ​អាហ្រ្វិក​ខាងជើង។

ការចាប់ផ្តើមចលនាបះបោរ និង សង្គ្រាមស៊ីវិល

ចលនាបះបោរដ៏ពេញនិយមប្រឆាំងនឹងរដ្ឋាភិបាល ហ្គាដាហ្វី ចាប់ផ្តើមនៅក្នុងខែមករា ឆ្នាំ២០១១ តែការចាប់ផ្តើមនៅពេលនោះ វាគ្រាន់តែជាបាតុកម្ម បែបអហិង្សានៅឡើយ ស្របពេលដែលបដិវត្តន៍ពណ៌ កំពុងកើតឡើងនៅរដ្ឋផ្សេងទៀតផងដែរ។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍នោះ អំពើហិង្សាបានផ្ទុះឡើង រហូតបង្កការប៉ះទង្គិចគ្នារវាងប៉ូលីស និង អ្នកបាតុករ។ ឈានដល់ខែកុម្ភៈ ក្រុមប្រឹក្សាអន្តរកាលជាតិ (NTC) ត្រូវបានបង្កើតឡើងនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹង និងផ្លាស់ប្តូរច្បាប់ក្នុងប្រទេសលីប៊ី។

See the source image

កងកម្លាំងរបស់លោក ហ្គាដាហ្វី បានបាត់បង់អំណាចត្រួតត្រាលើទីក្រុងមួយចំនួននៅភាគខាងកើតប្រទេស លីប៊ី ស្របពេលដែលមន្រ្តីមួយចំនួន បានលាលែងពីតំណែង ឬលាលែងពីរដ្ឋាភិបាលរបស់លោកតែម្តង។

ក្នុងខែមីនា កងកម្លាំងរបស់លោក ហ្គាដាហ្វី បានផ្ដើមវាយប្រហារតបត ដោយដណ្តើមមកវិញនូវទីក្រុងជាច្រើនដែលបានធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ពួកប្រឆាំង។ បន្ទាប់ពីភាពជាប់គាំងមួយរយៈ ទីបំផុតនៅខែសីហា នៅពេលដែលក្រុមប្រឆាំងបានវាយលុកទៅមុខ នៅតាមទីក្រុងនានាជុំវិញក្រុងទ្រីប៉ូលី។ រហូតដល់ចុងខែសីហា ពួកប្រឆាំងវាយកាន់កាប់បានទីក្រុងទ្រីប៉ូលី ដែលរងការប្រឆាំងតបតពីកម្លាំងរដ្ឋាភិបាលតិចតួចប៉ុណ្ណោះ។

បន្ទាប់មកក្រុមប្រឆាំងបានចាប់ផ្តើមយុទ្ធនាការប្រឆាំងជាបន្តបន្ទាប់ ទល់នឹងអ្នកគាំទ្រចុងក្រោយរបស់លោក កាដាហ្វី ដែលនៅសេសសល់តិចតួច។ ទីបំផុតនៅខែតុលា លោក ហ្គាដាហ្វី និងតួអង្គនយោបាយសំខាន់ជាច្រើនរូបផ្សេងទៀតក្នុងជួររដ្ឋាភិបាលរបស់លោក ហ្គាដាហ្វី ត្រូវបានចាប់ខ្លួន និងសម្លាប់នៅក្នុងទីក្រុង Sirte ដែលជាស្រុកកំណើតរបស់លោកកាដាហ្វីផ្ទាល់។

ព្រឹត្តិការណ៍សំខាន់ បន្ទាប់ពីការស្លាប់របស់មេដឹកនាំហ្គាដាហ្វី

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១១ ក្រុមប្រឹក្សាជាតិអន្តរកាល បានប្រកាសជាផ្លូវការថា ប្រទេសលីប៊ីត្រូវបានរំដោះ និងធ្លាក់ក្នុងដៃពួកប្រឆាំងទាំងស្រុង។ លោក Mahmoud Jibril បានប្រកាសថា ការប្រឹក្សាយោបល់ត្រូវបានរៀបចំឡើង ដើម្បីបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ ក្នុងរយៈពេលមួយខែ។ ក្នុងរយៈពេលប្រាំបីខែ ក្រោយមក ការបោះឆ្នោតសភាធម្មនុញ្ញត្រូវបានរៀបចំឡើង។ ដោយឡែកសម្រាប់ការបោះឆ្នោតសភា និងជ្រើសរើសប្រធានាធិបតី ត្រូវប្រារព្ធឡើងនៅឆ្នាំបន្ទាប់។

លោក Abdurrahim El-Keib បានជាប់ឆ្នោតនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ លោក Abdurrahim El-Keib ត្រូវបានសមាជិកក្រុមប្រឹក្សាអន្តរកាលជាតិ បោះឆ្នោតជ្រើសរើសដោយទទួលបានការគាំទ្រ២៦សម្លេង ក្នុងចំណោម៥១សម្លេង។ ខណៈដែលស្ថានភាពក្នុងប្រទេស កំពុងមានភាពច្របូកច្របល់ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១ សកម្មភាពយោធាអន្ដរជាតិរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសលីប៊ីត្រូវដល់ពេលបញ្ចប់ ចំណែកកងកម្លាំងការពាររបស់អង្គការណាតូ ក៏ត្រូវបានដល់ពេលបញ្ចប់ ព្រមទាំងដកចេញដូចគ្នា បើទោះបីជាទទួលបានសំណើពីសំណាក់ក្រុមប្រឹក្សាអន្តរកាលជាតិឱ្យបន្តក្តី។

ការបង្កើតរដ្ឋាភិបាលស៊ីវិលថ្មី

នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ ក្រុមប្រឹក្សាអន្តរកាលជាតិ បានដាក់ឈ្មោះខ្លួនឯងថា ជារដ្ឋាភិបាលបណ្តោះអាសន្ន។ លោក Osama al-Juwaili មេបញ្ជាការនៃ ក្រុមប្រឹក្សាយោធាប្រចាំ Zintani ដែលជាអ្នកចាប់ខ្លួនលោក Saif al-Islam Gaddafi ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិ។

ដោយឡែកលោក Fawzi Abdelali មេដឹកនាំក្រុមសកម្មប្រយុទ្ធមកពី Misrata ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ចំណែកលោក Ashour Bin Hayal ជាមន្ត្រីទូតម្នាក់ដែលមានដើមកំណើតពី Derna ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស។

ការបោះឆ្នោតជាសាធារណៈលើកដំបូង

នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១២ ក្រុមប្រឹក្សាអន្តរកាលជាតិ បានចេញផ្សាយសេចក្តីព្រាងច្បាប់ចំនួន១៥ទំព័រ ដែលច្បាប់នេះនឹងគ្រប់គ្រងការបោះឆ្នោតសភាជាតិ ព្រមទាំងបង្កើតរដ្ឋាភិបាលទីពីរ។ ច្បាប់ថ្មីនេះបានស្នើហាមឃាត់មនុស្សជាង២០ក្រុម មិនឱ្យឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោត ក្នុងនោះរួមមានប្រជាជនលីប៊ី ដែលមានទំនាក់ទំនងជាមួយលោក មូម៉ាហ្គាដាហ្វ៊ី អតីតមន្ត្រីដែលត្រូវបានចោទប្រកាន់ពីបទធ្វើទារុណកម្ម ទៅលើប្រជាជន លីប៊ី និងកេងបន្លំប្រាក់មូលនិធិសាធារណៈ សកម្មជនប្រឆាំងការធ្វើបដិវត្តន៍ សមាជិកគណបក្សប្រឆាំងដែលរួមដៃជាមួយលោក ហ្កាដាហ្វី និងអ្នកសិក្សាដែលបានសរសេរពាក់ព័ន្ធនឹងលោកហ្កាដាហ្វីផងដែរ។

សេចក្តីព្រាងច្បាប់នេះក៏ចែងផងដែរថា អាសនៈសភា១០ភាគរយនៃអាសនៈទាំង២០០នៅក្នុងសភាធម្មនុញ្ញ នឹងត្រូវទុកសម្រាប់ស្ត្រី។ ការបញ្ចប់ច្បាប់ស្តីពីការបោះឆ្នោត នឹងត្រូវធ្វើឡើង បន្ទាប់ពីការតែងតាំងគណៈកម្មការរៀបចំការបោះឆ្នោតមួយ ដើម្បីបែងចែកប្រទេសទៅជាមណ្ឌលបោះឆ្នោត ហើយការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅខែមិថុនា។

 វិបត្តិសភា និង ជម្លោះឆ្នាំ២០១៤

នៅក្នុងសេចក្តីប្រកាសរដ្ឋធម្មនុញ្ញបណ្តោះអាសន្នលីប៊ីឆ្នាំ២០១១ អាណត្តិរបស់មហាសន្និបាតជាតិ នឹងផុតកំណត់នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៤។ តែទោះជាយ៉ាងណានៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៣ មហាសន្និបាតជាតិ បានសម្រេចចិត្តឯកតោភាគី ដោយពន្យាពេលនៃអាណត្តិរបស់ខ្លួនរហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤។ ការប្រឆាំងតវ៉ាជាសាធារណៈបានផ្ទុះឡើង ទីបំផុតមហាសន្និបាតជាតិ ត្រូវបានបញ្ចប់នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤។

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ លោកឧត្ដមសេនីយ៍ Khalifa Haftar បានបង្ហាញខ្លួននៅក្នុងកញ្ចក់ទូរទស្សន៍រដ្ឋដោយប្រកាសរំលាយមហាសន្និបាតជាតិ និងការបង្កើតគណៈកម្មាធិការរដ្ឋាភិបាលចាំផ្ទះ ដើម្បីត្រួតពិនិត្យការបោះឆ្នោតថ្មី។ ជាការឆ្លើយតបនាយករដ្ឋមន្ត្រីលីប៊ីលោក Ali Zeidan បានលើកឡើងថា «មហាសន្និបាតជាតិ កំពុងបំពេញការងាររបស់ខ្លួន ហើយរដ្ឋាភិបាលក៏បំពេញការងាររបស់ខ្លួនដូចគ្នា។

លោកបន្តថា កងទ័ពកំពុងនៅទីស្នាក់ការរបស់ខ្លួន ហើយលោក Khalifa Haftar គ្មានសិទ្ធិអំណាចអ្វីដើម្បីប្រកាសរំលាយមហាសន្និបាតជាតិឡើយ»។ លោកបន្តផងដែរថា នីតិវិធីច្បាប់ស្ថិតក្រោមច្បាប់យោធា ហេតុនេះលោក Haftar នឹងត្រូវគេយកទៅកាត់ទោសសម្រាប់សេចក្តីថ្លែងខុសទំនងរបស់លោក។

ភាពអាណាធិបតេយ្យ ក្រោមការដឹកនាំនៃរដ្ឋាភិបាលបណ្តោះអាសន្ន

ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល កងកម្លាំងស្ម័គ្រចិត្តប្រដាប់ដោយអាវុធ ត្រូវបានដាក់ពង្រាយទូទាំងប្រទេស ហើយក្រុមប្រឹក្សាយោធាតាមតំបន់ ក្លាយជាថ្នាក់ដឹកនាំតាមតំបន់តែម្តង។ កងកម្លាំងធំៗ និងក្រុមប្រដាប់អាវុធ បានចងសម្ព័ន្ធជាមួយជាមួយក្រុមឥស្លាម បន្ទាប់មកបង្កើតគណបក្សនយោបាយ។

សេចក្តីរាយការណ៍ បានលើកឡើងពីការប៉ះទង្គិចគ្នារវាងក្រុមសកម្មប្រយុទ្ធ និងក្រុមផ្សេងទៀត។ ប្រជាពលរដ្ឋស៊ីវិល បានរាយការណ៍ថា ពួកគេត្រូវរងការលួចប្លន់ ដោយពួកខ្មាន់កាំភ្លើង។ នៅក្នុងខែធ្នូ ឆ្នាំ២០១១ ក្រុមប្រដាប់អាវុធមួយក្រុម បានអូសអគ្គមេធាវី លោក Abdul-Aziz al-Hassady ពីរថយន្តយ៉ាងពេញទំហឹងទាំងកណ្តាលថ្ងៃក្នុងទីក្រុងទ្រីប៉ូលី ដោយគំរាមសម្លាប់។

ប្រសិនបើលោកមិនបានដោះលែងមិត្តភក្តិខ្លួន ដែលត្រូវបានចាប់ខ្លួនពីបទសង្ស័យឃាតកម្ម។ ប៉ុន្មានថ្ងៃក្រោយមកក្រុមខ្មាន់កាំភ្លើងក្រុម Zintani មួយក្រុម បានវាយប្រហារទៅលើក្បួនទ័ព របស់ឧត្ដមសេនីយ៍កំពូលលោក Khalifa Haftar នៅពេលវាកំពុងបើកបរឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យមួយ។

អ្នកជាប់ពន្ធធនាគារកើនឡើងច្រើនហួសប្រមាណ

មនុស្សរាប់រយនាក់ ដែលសង្ស័យថា ជាអ្នកគាំទ្រ ហ្គាដាហ្វី ត្រូវបានចាប់ខ្លួនដោយកងកម្លាំងបដិវត្ត តែការពិតពួកគេត្រូវបានចាប់ខ្លួន ដោយផ្អែកលើពាក្យចចាមអារ៉ាម និងការចោទប្រកាន់តែប៉ុណ្ណោះ។ យោងតាមរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានឱ្យដឹងថា មនុស្សដល់ទៅ៧,០០០នាក់ រួមទាំងស្ត្រី និងកុមារត្រូវបានឃុំខ្លួននៅក្នុងគុកឯកជន ក្រៅការគ្រប់គ្រងរបស់រដ្ឋាភិបាលអន្តរកាលជាតិ។

អ្នកទោសជាច្រើនត្រូវបានទទួលរងនូវការធ្វើទារុណកម្ម និងការរំលោភបំពាន ចំណែកស្ត្រីត្រូវឃុំខ្លួនដោយគ្មានវត្តមានឆ្មាំស្ត្រីនៅជាមួយ ព្រមទាំងស្ថិតក្រោមការត្រួតពិនិត្យ ពីអ្នកយាមជាបុរស។ ចំណែកកុមារត្រូវបានឃុំខ្លួនរួមគ្នាជាមួយមនុស្សពេញវ័យ។ ភាពអយុត្តិធម៌បានកើតឡើង ចំពោះអ្នកទោសទាំងនោះ។

ដោយឡែកហេតុការណ៍បាញ់ប្រហារមួយទៀតបានផ្ទុះឡើង រវាងកងទ័ព និងកងពលZintan នៅអាកាសយាន្តដ្ឋានអន្តរជាតិទ្រីប៉ូលី។ ក្រោយមកនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១១ លោក Haftar បាននិយាយថា ក្រុមប្រដាប់អាវុធ បានចាប់ពង្រត់កូនប្រុសរបស់លោក ហើយបានឃុំខ្លួននៅអាកាសយាន្តដ្ឋានតែម្តង។ ភាពអសន្តិសុខផ្សេងៗទៀតជាច្រើនបានបន្តកើតឡើងជាបន្តបន្ទាប់ ហើយបង្កឱ្យមនុស្សស្លាប់ និងខូចខូតហេដ្ឋារចនាសម្ព័ន្ធជាច្រើនសន្ធឹកសន្ធាប់។

ការកើនឡើងការប្រើប្រាស់អាវុធដោយភាពអាណាធិបតេយ្យ

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនូវឃ្លាំងស្តុកអាវុធរបស់លោក ហ្កាដាហ្វី ដោយបារម្ភថា អាវុធទាំងនោះអាចធ្លាក់ចូលទៅក្នុងដៃក្រុមអាល់កៃដា និងក្រុមសកម្មប្រយុទ្ធដទៃទៀត។ ក្រុមមន្រ្តីនៃក្រុមប្រឹក្សាអន្តរកាលជាតិ មិនអាចបញ្ជាក់បានទេថា តើមានអាវុធប៉ុន្មានគ្រឿងនៅតែបន្តចរាចរ។

របាយការណ៍ចេញផ្សាយដោយបេសកកម្មគាំទ្រអង្គការសហប្រជាជាតិប្រចាំនៅលីប៊ី បានឱ្យដឹងថា រដ្ឋាភិបាលហ្កាដាហ្វី បានប្រមូលនូវផ្តុំនូវឃ្លាំងស្តុកទុកអាវុធ MANPAD ដ៏ធំមួយ។ ប្រភពដដែលបានបញ្ជាក់ថា បើទោះបីជាអាវុធរាប់ពាន់គ្រឿង ត្រូវបានបំផ្លាញក្នុងអំឡុងពេលការឈ្លានពានកាលពីឆ្នាំ២០១១ក្តី ក៏នៅតែមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះការ លួចយកអាវុធទៅប្រើប្រាស់ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ដែលមានដូចជា គ្រាប់បែក និងគ្រាប់មីន ដែលបង្កហានិភ័យដល់ស្ថិរភាពក្នុងស្រុក និងក្នុងតំបន់ទាំងមូល។

ឥទ្ធិពលពួកឥស្លាម និង មហាអំណាចបរទេស

លោក អាលី អាល សាលលាប៊ី (Ali al-Sallabi) ជាស្មៀនឥស្លាមដែលរស់នៅក្នុងទីក្រុងដូហា អស់រយៈពេលបួនឆ្នាំ បានក្លាយជាបុគ្គលដ៏មានអំណាច ដែលបើកផ្លូវសម្រាប់នាំចូលអាវុធ និងថវិកាពីកាតាទៅឧបត្ថម្ភពួកបះបោរនៅលីប៊ី ក្នុងអំឡុងនៃសង្គ្រាមស៊ីវិល។ ដោយឡែកមេបញ្ជាការក្រុមបះបោរ ដែលមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោក Sallabi បានត្អូញត្អែរពីកង្វះគ្រឿងសព្វាវុធ និងថ្នាំពេទ្យ ដែលនាំឱ្យប្រមុខរដ្ឋាភិបាលអន្តរកាល លោក ម៉ាហ៍ មួដ ជីប្រ៊ីល (Mahmoud Jibril) បញ្ជូនបេសកជនទៅកាន់ទីក្រុងដូហា ដើម្បីបញ្ចុះបញ្ចូលធ្វើយ៉ាងណាឱ្យគេអនុញ្ញាតិឱ្យនាំចូលគ្រឿងសព្វាវុធ និងថ្នាំពេទ្យតាមរយៈលោកផ្ទាល់។

បន្ទាប់ពីការបញ្ចប់ការកាន់អំណាចរបស់លោក ហ្កាដាហ្វី ក៏ចាប់ផ្តើមមានហេតុការណ៍វាយប្រហារទៅលើទីតាំងរបស់ពួកឥស្លាម សាហ្វី (Sufi) ជាច្រើនលើកច្រើនសារ។ បន្ទាប់មកនៅចុងឆ្នាំ២០១១ នៅសាលា Sufi ក្នុងទីក្រុងទ្រីប៉ូលី មានហេតុការណ៍ផ្ទុះអាវុធ ដែលបង្កឡើងដោយខ្មាន់កាំភ្លើងម្នាក់។ នៅខែសីហា ឆ្នាំ២០១២ ទីតាំង Sufi មួយចំនួន ត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

ចលនាឥស្លាម

លោក Ali al-Sallabi ដែលជាស្មៀនម៉ូស្លីមដ៏ល្បីល្បាញ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលអាវុធ ពីប្រទេសកាតា ដើម្បីផ្គត់ផ្គងសកម្មជនប្រឆាំងលោកហ្កាដាហ្វីក្នុងអំឡុង ពេលសង្រ្គាមស៊ីវិល បានប្រកាសបង្កើតគណបក្សមួយ ដែលមានឈ្មោះជាបណ្តោះអាសន្នថា «គណបក្សប្រមូលផ្តុំជាតិ ដើម្បីសេរីភាព យុត្តិធម៌ និងការអភិវឌ្ឍន៍»។ បើយោងតាមការលើកឡើងរបស់លោក Sallabi បានឱ្យដឹងថាគណបក្សនេះមិនមែនសម្រាប់តែពួកឥស្លាមនោះទេ។

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១១ ក្រុមភាតរភាពមូស្លីម បានប្រារព្ធសន្និសីទសាធារណៈលើកដំបូងរបស់ខ្លួននៅលើទឹកដីលីប៊ី បន្ទាប់ពីត្រូវបានហាមឃាត់អស់ជាច្រើន ទសវត្សរ៍ក្រោមការដឹកនាំរបស់រដ្ឋាភិបាលរបស់លោក ហ្កាដាហ្វី។ នៅមានចលនារបស់ពួកឥស្លាមជាច្រើនទៀត ដែលបានកើតឡើង បន្ទាប់ពីការស្លាប់របស់លោក ហ្កាដាហ្វី។

បាតុកម្ម

នៅខែធ្នូ ឆ្នាំ២០១១ ក្រុមប្រឹក្សាអន្តរកាលជាតិ បានប្រឈមមុខនឹងការតវ៉ានៅ Benghazi ប្រឆាំងការធ្វើកែទម្រង់ និងកង្វះតម្លាភាពនៅក្នុងការបង្កើតរដ្ឋាភិបាលលីប៊ីថ្មី។ បាតុករ បានរិះគន់ទៅលើក្រុមប្រឹក្សាអន្តរកាលជាតិ និងប្រធានរបស់ក្រុមប្រឹក្សាអន្តរកាលជាតិ គឺលោក មូស្តាហ្វ អាប់ឌុល ចាលីល (Mustafa Abdul Jalil) ព្រមទាំងបានទាមទារឱ្យ អតីតអ្នកគាំទ្រលោក ហ្កាដាហ្វី ត្រូវដកចេញពីតំណែងនៅក្នុងរដ្ឋាភិបាលលីប៊ីថ្មីនេះ។

លោក Jalil បានអំពាវនាវឱ្យមានការអត់ធ្មត់ និងបានសន្យាថា រាល់ពត៌មានផ្ទាល់ខ្លួន និងព័ត៌មានផ្លូវការរបស់មន្រ្តីរដ្ឋាភិបាលទាំងអស់ នឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅលើប្រព័ន្ធអ៊ីនធឺណិត។

ដោយឡែកនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១២ ក្រុមបាតុកររាប់រយនាក់រួមទាំងបុរសពេញកម្លាំងជាច្រើន ដែលធ្លាប់រងរបួសពីសង្គ្រាមស៊ីវិលបានវាយលុក ចូលការិយាល័យកណ្តាលនៃក្រុមប្រឹក្សាអន្តរកាលជាតិ នៅក្នុងទីក្រុង Benghazi ដោយប្រឆាំងការធ្វើទម្រង់ និងខ្វះតម្លាភាពរបស់រដ្ឋាភិបាលបណ្តោះអាសន្ន។

ខណៈដែលមេដឹកនាំក្រុមប្រឹក្សាជាតិអន្តកាល លោក Mustafa Abdul Jalil បានបង្ហាញខ្លួនជាសាធារណៈ ដើម្បីថ្លែងទៅកាន់ហ្វូងបាតុករ ស្រាប់តែក្រុមបាតុករគប់ដបប្លាស្ទិចដាក់លោក រហូតជំរុញឱ្យកងកម្លាំងសន្ដិសុខបាញ់ឧស្ម័នបង្ហូរទឹកភ្នែកបកមកវិញ។ នៅពេលវាយប្រហារទីស្នាក់ការកណ្តាល ក្រុមបាតុករ ក៏បានគប់ដុំថ្ម និងរបារដែកទៅលើអាគារ ព្រមទាំងវាយបំបែកបង្អួចផងដែរ។ លោក Jalil ត្រូវបានគេជម្លៀសចេញដោយសុវត្ថិភាព ចេញពីហ្វូងបាតុករ។

ការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច

កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១១ សាជីវកម្មប្រេងជាតិរបស់លីប៊ី (NOC) បានប្រកាសថា ទិន្នផលប្រេងឆៅរបស់ប្រទេសនេះបានធ្លាក់មកចំនួន១លានបារ៉ែលក្នុងមួយថ្ងៃ បើប្រៀបធៀបទៅនឹងចំនួន១.៦ លានបារ៉ែលក្នុងមួយថ្ងៃ មុនការបះបោរកើតឡើង។ ស្ថានីយ៍ប្រេងធំបំផុតរបស់ប្រទេសលីប៊ី ដែលមានឈ្មោះថា អ៊ែ សាយដឺ (Es Sider) អាចបន្តប្រតិបត្តិការឡើងវិញនៅខែមករា ឆ្នាំ២០១២ ប៉ុន្តែបានចំណាយពេលយ៉ាងហោចណាស់ជាងមួយឆ្នាំ ដើម្បីជួសជុលឡើងវិញ បន្ទាប់រងការខូចខាត។

នៅខែកញ្ញា ឆ្នាំ២០១៣ ក្រុមប្រដាប់អាវុធ បានបិទទ្វារោងចក្រចម្រាញ់ប្រេង បណ្តាលឱ្យការផលិតប្រេង ត្រូវធ្លាក់ចុះទៅត្រឹម១០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ហើយបង្កជាបញ្ហាខ្វះខាត។

See the source image

កម្មករនៅរោងចក្រចម្រាញ់ប្រេង ដែលស្ថិតក្នុងដៃរបស់ក្រុមប្រដាប់អាវុធ ត្រូវបញ្ជាឱ្យការពារសន្តិសុខនៅទីនោះ អំពើពុករលួយបានកើតឡើង កម្មករទទួលបានប្រាក់បៀវត្សរ៍ទាប វិបត្តិសង្គមក៏បានកើតឡើង។ ដោយឡែកនៅខែកញ្ញា ឆ្នាំ២០១៤ មានការប្រឈមមុខដាក់គ្នាបានកើតឡើងជាថ្មីនៅក្បែរទីតាំងចម្រាញ់ប្រេង អ៊ែល ហ្សារ៉ារ៉ា (El Sharara) និង ហ្សាវីយ៉ា (Zawiya)។

រហូតមកទល់បច្ចុប្បន្ន ប្រទេស លីប៊ី មិនទាន់អាចស្វែងរកស្ថិរភាពឡើងវិញបាននៅឡើយ ការបង្ហូរឈាមនៅតែបន្តកើតមានជាបន្តបន្ទាប់រហូតមកទល់បច្ចុប្បន្ន ដែលជាលទ្ធផលនៃបដិវត្តន៍ពណ៌។ នៅក្នុងឆ្នាំ២០២០ នេះប្រទេសលីប៊ី នៅតែមានតំបន់គ្រប់គ្រងពីរនោះគឺ លីប៊ីខាងកើតដឹកនាំដោយមេទ័ព ខាលីហ្វា ហាហ្វថា (khalifa haftar) មានមូលដ្ឋានៅទីក្រុងប៊ែងហ្គាស៊ី ដែលមានរុស្ស៊ីជាខ្នងបង្អែក និង រដ្ឋាភិបាលលីប៊ីខាងលិច មានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលី ដែលមាន UN និងអាមេរិកគាំទ្រ។

ទោះបីជាសហគមន៍អន្តរជាតិ បានអំពាវនាវហើយអំពាវនាវទៀត ឲ្យលីប៊ីឈប់ឈ្លោះគ្នាដើម្បីទប់ស្កាត់ជំងឺ COVID-19 ដែលជាសត្រូវរួមក៏ដោយ ក៏ភាគីទាំងសងខាង មិនព្រមបញ្ឈប់ការប្រយុទ្ធគ្នានោះដែរ៕

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ហេតុអ្វីបានជាតេង ស៊ាវភីង ពី​មនុស្សជំនិត​ទៅជា​គូសត្រូវ​របស់​ម៉ៅសេទុង?

ប្រវត្តិសាស្រ្តពិភពលោក

មូលហេតុអ្វីបានជាជប៉ុនសុំចុះចាញ់អាមេរិកក្នុងសង្គ្រាមលោកលើកទី២?

ប្រវត្តិសាស្រ្តពិភពលោក

តើ​ក្រុម​ឧទ្ទាម​តាលីបង់​នេះ​ជា​នរណា ហើយ​មាន​ដើម​កំណើត​មក​ពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ហេតុអ្វី​បាន​ជា​អៀរ៉ង់​ចង់​ក្លាយ​ជា​មហាអំណាច​នុយក្លេអ៊ែរពិភពលោក?

Leave a Reply

Your email address will not be published. Required fields are marked *