
លោកអាប្រាហាំ លីនកុន ត្រូវបានគេចារឈ្មោះថាជាមេដឹកនាំដ៏អស្ចារ្យបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក។ លោកគឺជាប្រធានាធិបតី ដែលបានដឹកនាំសហរដ្ឋអាមេរិកឆ្លងកាត់សង្រ្គាម និងវិបត្តិធម្មនុញ្ញដ៏ធំបំផុតមួយ ក្នុងប្រវត្តិរបស់អាមេរិក ក៏ប៉ុន្តែ រក្សាបាននូវភាពរួបរួមនៃបណ្តារដ្ឋអាមេរិក។ លោកក៏ត្រូវបានគេចារឈ្មោះទុកផងដែរថាជាប្រធានាធិបតី ដែលបានបិទបញ្ចប់ការប្រើមនុស្សជាទាសករ នៅក្នុងទឹកដីអាមេរិក។
អាប្រាហាំ លីនកុន កើតនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៨០៩ នៅក្នុងរដ្ឋ Kentucky។ ដោយសារត្រូវប្រឈមមុខនឹងជីវភាពលំបាកក្នុងគ្រួសារ និងការរើកញ្ជើពីកន្លែងមួយទៅកន្លែងមួយ កុមារលីនកុនមិនសូវជាបានចូលរៀននៅសាលាច្រើននឹងគេទេ ក៏ប៉ុន្តែ ជាក្មេងដែលមានការចេះដឹងច្រើន តាមរយៈការខិតខំរៀនសូត្រដោយខ្លួនឯង។
នៅឆ្នាំ១៨៣០ គ្រួសារលីនកុនផ្លាស់ទីលំនៅទៅនៅក្នុងរដ្ឋ Illinois ហើយអាប្រាហាំ លីនកុន បានចូលប្រឡូកក្នុងឆាកនយោបាយ រហូតបានជាប់ឆ្នោតជាសមាជិកសភាក្នុងរដ្ឋ Illinois នៅឆ្នាំ១៨៣៤ នៅក្នុងវ័យ ២៥ឆ្នាំ។ លោកអាប្រាហាំ លីនកុន ត្រូវបានគេស្គាល់ថាជាអ្នកនយោបាយ ដែលមានចក្ខុវិស័យចង់ឃើញសហរដ្ឋអាមេរិកពង្រឹងកម្លាំងសេដ្ឋកិច្ចរបស់ខ្លួនតាមរយៈវិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម ជាជាងវិស័យកសិកម្ម។ ជាអ្នកនយោបាយដែលមានគំនិតប្រឆាំងនឹងទាសភាព ក៏ប៉ុន្តែ ក៏មិនជំរុញឲ្យធ្វើច្បាប់លុបបំបាត់ទាសភាព នៅទូទាំងសហរដ្ឋអាមេរិកនោះដែរ។
នៅឆ្នាំ១៨៣៦ លោកអាប្រាហាំ លីនកុន ដែលមិនធ្លាប់ចូលសាលាច្បាប់ផងនោះ បានប្រឡងជាប់ជាមេធាវី ហើយក្រោយមក បានចាប់អាជីពជាមេធាវី (មេធាវីដែលល្បីឈ្មោះថាស្មោះត្រង់ជាមួយនឹងកូនក្តី) មុននឹងបានជាប់ឆ្នោតជាសមាជិកនៃសភាសហព័ន្ធ (House of Representatives) នៅឆ្នាំ១៨៤៦។ នៅពេលផុតអាណត្តិ នៅឆ្នាំ១៨៤៩ លោកអាប្រាហាំ លីនកុន ដែលបានសន្យាពីដំបូងថានឹងកាន់តំណែងតែមួយអាណត្តិ ក៏បានឈប់ពីតំណាងរាស្រ្ត ហើយវិលត្រឡប់ទៅរដ្ឋ Illinois របស់លោកវិញ។

ក៏ប៉ុន្ត មិនយូរប៉ុន្មានក្រោយមក ការតស៊ូមតិជុំវិញរឿងទាសករ ដែលបានផ្ទុះឡើងកាន់តែខ្លាំង ក៏បានទាញលោកអាប្រាហាំ លីនកុន ឲ្យវិលត្រឡប់ចូលមកក្នុងឆាកនយោបាយថ្នាក់ជាតិជាថ្មីម្តងទៀត។ លោកបានចាកចេញពីគណបក្សចាស់របស់លោក ហើយទៅចូលរួមក្នុងគណបក្សថ្មីមួយ ដែលទើបនឹងបង្កើតថ្មី ហើយដែលមាននិន្នាការប្រឆាំងនឹងទាសភាព គឺគណបក្សសាធារណរដ្ឋ ហើយបានឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាសហព័ន្ធ នៅឆ្នាំ១៨៥៨ ក៏ប៉ុន្តែ ត្រូវទទួលបរាជ័យ។
ក៏ប៉ុន្តែ បើទោះជាយ៉ាងនេះក៏ដោយ លោកអាប្រាហាំ លីនកុន នៅតែបន្តសកម្មភាពប្រឆាំងនឹងទាសភាព តាមរយៈការធ្វើសេចក្តីថ្លែងការណ៍ សុន្ទរកថា និងការចូលរួមក្នុងការជជែកតស៊ូមតិជាសាធារណៈ។ បន្តិចម្តងៗ កេរ្តិ៍ឈ្មោះរបស់លោកអាប្រាហាំ លីនកុន កាន់តែល្បីរន្ទឺឡើង នៅទូទាំងសហរដ្ឋអាមេរិក គឺល្បីទាំងគោលគំនិតប្រឆាំងនឹងទាសភាព ល្បីទាំងទេពកោសល្យក្នុងការនិយាយ។
នៅខែឧសភា ឆ្នាំ១៨៦០ លោកអាប្រាហាំ លីនកុន ត្រូវបានគណបក្សសាធារណរដ្ឋជ្រើសរើសជាបេក្ខជន សម្រាប់ការបោះឆ្នោតប្រធានាធិបតី។ ការបោះឆ្នោត ដែលលោកបានទទួលជោគជ័យ ដោយយកឈ្នះបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ។
នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ១៨៦០ លោកអាប្រាហាំ លីនកុន បានជាប់ឆ្នោតជាប្រធានាធិបតីទី១៦ នៃសហរដ្ឋអាមេរិក និងជាប្រធានាធិបតីដំបូងបង្អស់ ដែលមកពីគណបក្សសាធារណរដ្ឋ។ ក៏ប៉ុន្ត នៅមិនទាន់បានស្បថចូលកាន់តំណែងផង វិបត្តិនយោបាយនិងធម្មនុញ្ញដ៏ធំមិនធ្លាប់មាន កំពុងរង់ចាំលោកអាប្រាហាំ លីនកុន រួចជាស្រេច។
រដ្ឋប៉ែកខាងត្បូង ដែលសម្បូរទាសករ បាននាំគ្នាប្រកាសផ្តាច់ខ្លួនម្តងមួយៗ ទៅបង្កើតជារដ្ឋសហព័ន្ធថ្មី ដាច់ចេញពីសហរដ្ឋអាមេរិក។ នៅខែមេសា ឆ្នាំ១៨៦១ លោកអាប្រាហាំ លីនកុន ដែលទើបនឹងចូលកាន់តំណែងបានត្រឹមតែមួយខែ ហើយដែលពីមុនមកមិនធ្លាប់មានបទពិសោធន៍ក្នុងអំណាចនីតិប្រតិបត្តិទាល់តែសោះ ត្រូវប្រឈមមុខនឹងសង្រ្គាមដ៏ធំមួយក្នុងប្រវត្តិសាស្រ្តអាមេរិក គឺសង្រ្គាមស៊ីវិល រវាងរដ្ឋអាមេរិកគ្នាឯង។
នៅឆ្នាំ១៨៦៣ នៅក្នុងពេលដែលសង្រ្គាមស៊ីវិលកំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅ លោកអាប្រាហាំ លីនកុន បានចេញក្រឹត្យមួយ ដោយសម្រេចរំដោះទាសករទាំងអស់ នៅក្នុងរដ្ឋខាងត្បូង ឲ្យមានសេរីភាព។
ការរំដោះទាសករត្រូវធ្វើឡើងតែនៅក្នុងរដ្ឋខាងត្បូង ដោយសារតែលោកអាប្រាហាំ លីនកុន មិនចង់ប៉ះពាល់ទៅដល់រដ្ឋមួយចំនួន ដែលសម្បូរទាសករដែរ ក៏ប៉ុន្តែ នៅស្មោះស្ម័គ្រជាមួយនឹងសហរដ្ឋអាមេរិក ហើយមិនបានផ្តាច់ខ្លួនទៅចុះចូលជាមួយរដ្ឋខាងត្បូង។
ម្យ៉ាងទៀត លោកអាប្រាហាំ លីនកុន បានព្យាយាមពន្យល់ដល់បណ្តារដ្ឋខាងជើងថា សេចក្តីសម្រេចរំដោះទាសករនេះ គឺធ្វើឡើងក្នុងគោលដៅធ្វើយ៉ាងណាឲ្យបានឈ្នះសង្រ្គាមលើរដ្ឋខាងត្បូង ពីព្រោះថា នៅពេលនោះ សេដ្ឋកិច្ចរបស់បណ្តារដ្ឋខាងត្បូងពឹងផ្អែកខ្លាំងទៅលើកម្លាំងទាសករ។ ដូច្នេះ បើគ្មានទាសករ សេដ្ឋកិច្ច និងកម្លាំងទ័ពរបស់ពួកគេប្រាកដជានឹងត្រូវធ្លាក់ចុះទន់ខ្សោយ។

ក្រៅពីការសម្រេចរំដោះទាសករ លោកអាប្រាហាំ លីនកុន ក៏បានអនុញ្ញាតផងដែរឲ្យជនជាតិអាមេរិកស្បែកខ្មៅអាចចូលបម្រើក្នុងជួរកងទ័ព។ ប្រជាជនស្បែកខ្មៅក៏បាននាំគ្នាពពាក់ពពូនស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធតទល់នឹងរដ្ឋខាងត្បូង ដោយពួកគេយល់ថា នេះគឺជាសង្រ្គាម ដើម្បីរំដោះជនជាតិស្បែកខ្មៅពីទាសភាព។
ចាប់ពីពាក់កណ្តាលឆ្នាំ១៨៦៣ កងទ័ពរដ្ឋខាងជើងបានយកជ័យជម្នះលើរដ្ឋខាងត្បូង នៅតាមសមរភូមិធំៗជាច្រើន។ នៅក្នុងអំឡុងពេលនោះ លោកអាប្រាហាំ លីនកុន ចង់ជំរុញឲ្យការលុបបំបាត់ទាសភាព ដែលគ្រាន់តែជាក្រឹត្យរបស់ប្រធានាធិបតី ក្លាយទៅជាគោលការណ៍ ដែលមានតម្លៃជាច្បាប់ធម្មនុញ្ញ។
លោកក៏បានជំរុញឲ្យសភាអាមេរិករៀបចំធ្វើច្បាប់ ដើម្បីបញ្ចូលការលុបបំបាត់ទាសភាព ទៅក្នុងរដ្ឋធម្មនុញ្ញ។ ក៏ប៉ុន្តែ ការប៉ុនប៉ងអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវទទួលបរាជ័យជាច្រើនលើក ដោយសារតែមានការជំទាស់ពីសំណាក់គណបក្សប្រជាធិបតេយ្យ។
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីលុបបំបាត់ទាសភាព បានក្លាយជាគោលនយោបាយចម្បងមួយរបស់លោកអាប្រាហាំ លីនកុន និងគណបក្សសាធារណរដ្ឋ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ១៨៦៤។ លោកអាប្រាហាំ លីនកុន បានជាប់ឆ្នោតជាប្រធានាធិបតី សម្រាប់អាណត្តិទី២ ហើយនៅខែធ្នូ ឆ្នាំ១៨៦៤ វិសោធនកម្មរដ្ឋធម្មនុញ្ញត្រូវបានសភាសហព័ន្ធអនុម័ត រួចហើយបញ្ជូនទៅឲ្យសភានៃបណ្តារដ្ឋសមាជិកផ្តល់សច្ចាប័ន។
វិសោធនកម្មនេះបានចូលជាធរមាន នៅខែធ្នូ ឆ្នាំ១៨៦៥ ក្រោយពីទទួលសច្ចាប័នពីសំណាក់រដ្ឋចំនួន ៣ភាគ៤។ ក៏ប៉ុន្តែ លោកអាប្រាហាំ លីនកុន មិនបានឃើញការចូលជាធរមាននៃវិសោធនកម្មរដ្ឋធម្មនុញ្ញនេះទេ។
កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ១៨៦៥ ប៉ុន្មានថ្ងៃក្រោយពីកងទ័ពរដ្ឋខាងត្បូងត្រូវទទួលបរាជ័យ និងប្រកាសចុះចាញ់សង្រ្គាម លោកអាប្រាហាំ លីនកុន ត្រូវបានអ្នកគាំទ្ររដ្ឋខាងត្បូងម្នាក់លបធ្វើឃាត នៅក្នុងពេលដែលលោកកំពុងអង្គុយមើលល្ខោន នៅក្នុងរោងល្ខោនមួយ ក្នុងរដ្ឋធានីវ៉ាស៊ីងតោន។
លោកអាប្រាហាំ លីនកុន បានទទួលមរណភាព ដោយបន្សល់ទុកនូវកេរ្តិ៍ឈ្មោះជាប្រធានាធិបតី ដែលបានដឹកនាំសហរដ្ឋអាមេរិកឆ្លងកាត់សង្រ្គាមផ្ទៃក្នុងហែកហួរគ្នាមិនធ្លាប់មាន ក៏ប៉ុន្តែ រក្សាបាននូវបូរណភាពទឹកដី និងការរួបរួមគ្នាឡើងវិញនៃរដ្ឋសហព័ន្ធ។
លោកអាប្រាហាំក៏ជាប្រធានាធិបតី ដែលបានរំដោះទាសករស្បែកខ្មៅឲ្យមានសេរីភាព ស្របទៅតាមសេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក ដែលចែងថា “មនុស្សកើតមកមានសិទ្ធិសេរីភាពស្មើៗគ្នា”។ កាន់អំណាចត្រឹមតែមួយអាណត្តិ ដែលមាន ៤ឆ្នាំ ប៉ុន្តែ លោកអាប្រាហាំ លីនកុន ត្រូវបានអ្នកប្រវត្តិសាស្រ្តអាមេរិកចាត់ទុកជាប្រធានាធិបតីដ៏ល្អបំផុត ដែលអាមេរិកមិនធ្លាប់មាន ចាប់តាំងពីទទួលឯករាជ្យ រហូតមកទល់នឹងសព្វថ្ងៃនេះ។