
នៅអាស៊ី សិង្ហបុរីជាប្រទេសគំរូមួយ គំរូនៃវឌ្ឍនភាពសេដ្ឋកិច្ច និងគំរូនៃសន្តិសុខ។ ក៏ប៉ុន្តែចំពោះបស្ចិមលោក រដ្ឋដ៏តូចមួយនេះកាន់អំណាចផ្តាច់ការ មិនគោរពសិទ្ធិមនុស្ស មានឈ្មោះជាលទ្ធិប្រជាធិបតេយ្យតែនៅលើក្រដាស។
តាមពិតទៅ តាំងពីឆ្នាំ១៩៦៥មក ឆ្នាំដែលសិង្ហបុរីផ្តាច់ខ្លួនចេញពីសហព័ន្ធរួមម៉ាឡេស៊ី លទ្ធិប្រជាធិបតេយ្យ និងសេរីកម្មនយោបាយ មិនដែលជាអាទិភាពចម្បងរបស់រដ្ឋាភិបាលឡើយ។ សម្រាប់ លី ខ្វាន់យូ (Lee Kuan Yew) ដែលជាបិតានៃវឌ្ឍនភាពសិង្ហបុរី និងជានាយករដ្ឋមន្ត្រីពីឆ្នាំ១៩៥៩ដល់ឆ្នាំ១៩៩០ អ្វីដែលសំខាន់ គឺការអភិវឌ្ឍន៍សេដ្ឋកិច្ច និង សណ្តាប់ធ្នាប់សាធារណៈ។
នៅក្នុងន័យនេះ លី ខ្វាន់យូ បានបង្កើត និង ពង្រឹងម៉ាស៊ីនសន្តិសុខមួយ ដើម្បីកាត់បន្ថយទាល់តែអស់រលីង ឥទ្ធិពលនៃពួកប្រឆាំង និងដើម្បីធ្វើឲ្យគណបក្សរបស់លោក គឺបក្សសកម្មភាពប្រជាជន មានអំណាចខ្លាំងផ្តាច់មុខតែឯង នៅលើឆាកនយោបាយនៃប្រទេស។
តាំងពីឆ្នាំ១៩៥៩មក បក្សសកម្មភាពប្រជាជនឈ្នះឆ្នោតរហូត ហើយកាន់កាប់អាសនៈទាំងស្រុងនៅក្នុងសភាពីឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៨១។ ដើម្បីឈ្នះឆ្នោត និងដើម្បីក្តាប់អំណាចទាំងស្រុងបាន រដ្ឋាភិបាលរបស់ លី ខ្វាន់យូ ប្រើស្នៀតនយោបាយបីយ៉ាង។
ម្យ៉ាងគឺការពុះចែកមណ្ឌលបោះឆ្នោតឡើងវិញ ដើម្បីរំសាយដែនអំណាចរបស់បក្សប្រឆាំង។ ម្យ៉ាងទៀត គឺការប្រើប្រាស់ធនធាននិងស្ថាប័នរដ្ឋ សម្រាប់ប្រយោជន៍នៃគណបក្ស។ ម្យ៉ាងចុងក្រោយបង្អស់ គឺការប្តឹងផ្តល់ឡើងតុលាការ ប្រឆាំងនឹងពួកអ្នកជំទាស់ ក្នុងបទបង្ខូចកេរ្តិ៍ឈ្មោះ។
លើសពីនេះទៅទៀត រដ្ឋាភិបាលរបស់ លី ខ្វាន់យូ ក៏ប្រើច្បាប់ ដើម្បីបិទមាត់អ្នកជំទាស់ដែរ នោះគឺច្បាប់ស្តីពីសន្តិសុខផ្ទៃក្នុង។ ច្បាប់នេះអនុញ្ញាត ដោយមិនចាំបាច់កាត់ទោស ឱ្យឃុំខ្លួនជនណាក៏ដោយដែលជាប់សង្ស័យថាបង្កវិទ្ធង្សនា និងសកម្មភាពកុម្មុយនិស្ត។
ជាក់ស្តែង នៅមុនពេលបោះឆ្នោតឆ្នាំ១៩៦៨ លី ខ្វាន់យូ បានប្រើច្បាប់សន្តិសុខផ្ទៃក្នុងនេះ ដើម្បីរុញច្រានអ្នកដឹកនាំបក្សប្រឆាំងពីរនាក់ចេញពីសង្វៀននយោបាយ។ មែនទែនទៅ ច្បាប់នេះ មិនមែនសំដៅ ទៅលើតែអ្នកនយោបាយប៉ុណ្ណោះទេ។ វាក៏ជាសម្ពាធមួយដ៏មានប្រសិទ្ធិភាព ដាក់ទៅលើអ្នកកាសែត អ្នកជំនួញ ឬជនណាក៏ដោយ ដែលហ៊ានរិះគន់រដ្ឋាភិបាល។
*
ទោះជាយ៉ាងណាក៏ដោយ មានគណបក្សនយោបាយរហូតទៅដល់ជាង៤០ នៅសិង្ហបុរី។ ក៏ប៉ុន្តែ តាំងពីឆ្នាំ១៩៦៥មក គ្មានបក្សណាមួយ អាចយកឈ្នះឬសង្ឃឹមយកឈ្នះបក្ស សកម្មភាពប្រជាជនរបស់ លី ខ្វាន់យូ ឡើយ។ មូលហេតុ គឺមកពីរដ្ឋាភិបាល លី គាន់យូ ក្នុងអតីតកាល និង រដ្ឋាភិបាលនៃកូនប្រុសរបស់គាត់ លី សៀនឡុង (Lee Hsien Long) ក្នុងបច្ចុប្បន្នកាល ក្តាប់សឹងទាំងស្រុង មធ្យោបាយឃោសនាមហាជន។ ទូរទស្សន៍ វិទ្យុ និងកាសែត សុទ្ធសឹងជាកម្មសិទ្ធិរបស់នាយករដ្ឋមន្រ្តី របស់រដ្ឋមន្រ្តី និងរបស់ញាតិមិត្តសន្តានរបស់អ្នកដឹកនាំប្រទេស។

ម៉្លោះហើយ ការនិយាយរិះគន់រដ្ឋាភិបាល អាចចេញមកពីសារពត៌មានបរទេសមួយគត់។ ដូចនេះ រដ្ឋាភិបាលសិង្ហបុរី ធ្វើទុក្ខបុកម្នេញសារពត៌មានបរទេសមិនស្វាងឡើយ។ រដ្ឋសិង្ហបុរីប្តឹងផ្តល់ឡើងតុលាការ ប្រឆាំងនឹងកាសែតឬទស្សនាវដ្តីបរទេសណាដែលហ៊ានរិះគន់ខ្លួន។
ជាក់ស្តែង សារពត៌មាន Time, Asian Wall Street Journal, Asiaweek, ឬ ក៏ Far Eastern Economic Review សុទ្ធតែធ្លាប់បានប្រឈមមុខនឹងតុលាការសិង្ហបុរី។ មិនតែប៉ុណ្ណោះ ដើម្បីត្រួតពិនិត្យអត្ថបទនៃអ្នកកាសែតបរទេសទាំងនេះបាន និងដើម្បីស្រួលធ្វើការគាបសង្កត់ រដ្ឋាភិបាលសិង្ហបុរី ទាមទារឲ្យមធ្យោបាយឃោសនាមហាជនបរទេស ដាក់ប្រចាំនៅលើទឹកដីសិង្ហបុរី តំណាងឬអ្នកឆ្លើយឆ្លងពត៌មានម្នាក់យ៉ាងតិច និងដាក់លុយ២០ម៉ឺនដុល្លារប្រចាំទុក នៅក្នុងធនាគារសិង្ហបុរី។ ធ្វើដូចនេះ រដ្ឋាភិបាលសិង្ហបុរីអាចដកហូតយកប្រាក់សងជម្ងឺចិត្តភ្លាមៗ នៅក្រោយការប្តឹងផ្តល់ឈ្នះសារពត៌មានបរទេសទាំងអស់នេះម្តងៗ។
ដោយឡែក ពេលបោះឆ្នោតម្តងៗ រដ្ឋាភិបាលទិញសំឡេងឆ្នោតដោយប្រយោល បានន័យថា រដ្ឋាភិបាលចែកចាយអំណោយឲ្យប្រជាពលរដ្ឋ។ ឧទាហរណ៍នៅឆ្នាំ២០០១ អាជ្ញាធរបានចែកភាគហ៊ុនទីផ្សារហាងឆេងឲ្យដល់ប្រជាពលរដ្ឋ ដែលបាននាំគ្នាទៅដកយកលុយអំណោយនេះ ពីធនាគារ មួយថ្ងៃមុនថ្ងៃបោះឆ្នោត។ លើសពីនេះទៅទៀត គ្មានទេស្ថាប័នឯករាជ្យដើម្បីចាត់ចែងនិងត្រួតពិនិត្យមើលការបោះឆ្នោត។ គឺរដ្ឋាភិបាលជាអ្នកចាត់ចែងទាំងអស់។
ម្យ៉ាងវិញទៀត នៅពីក្រោយរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតនេះ គឺក្រុមគ្រួសារ លី ខ្វាន់យូ តែម្តងដែលជាអ្នកក្តាប់អំណាច។ លី ខ្វាន់យូ ដែលជាផ្លូវការបានបោះបង់ចោលមុខតំណែងនាយករដ្ឋមន្ត្រី តាំងពីឆ្នាំ១៩៩០នៅបន្តទាញខ្សែបង្ហៀររដ្ឋាភិបាលតទៅទៀត។ លី សៀនឡុង កូនប្រុសគាត់វិញ ជានាយករដ្ឋមន្ត្រី។ សមាជិកខ្លះនៃក្រុមគ្រួសាររបស់ លី ខ្វាន់់យូ ជាប្រធានអគ្គនាយកនៃក្រុមហ៊ុនរដ្ឋធំៗមួយចំនួន ដូចជាក្រុមហ៊ុន Singapour Telecom ជាដើម។
និយាយរួម នៅលើក្រដាស សិង្ហបុរីជាលទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ ដោយយកគំរូតាមលទ្ធិប្រជាធិបតេយ្យនៃប្រទេសអង់គ្លេស។ ក៏ប៉ុន្តែ ការពិតជាក់ស្តែង រដ្ឋដ៏តូចតែមហារុងរឿងមួយនេះកាន់អំណាចផ្តាច់ការសោះ។
សួរថា ទោះជាគ្មានសេរីភាពនយោបាយ និង គ្មានសិទ្ធិបុគ្គលទូលំទូលាយ តើប្រជាជនសិង្ហបុរី មានសុភមង្គលដែរឬទេ? គេត្រូវដឹងថា ប្រជាពលរដ្ឋសិង្ហបុរីមានកំរិតជីវភាពខ្ពស់សឹងគ្រាន់បើជាងប្រជាជនបស្ចិមលោកទៅទៀត។ សិង្ហបុរីឲ្យតម្លៃទៅលើយុត្តិធម៌សង្គម ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសស្អាតស្អំគ្មានអំពើពុករលួយ ជាប្រទេសប្រកបដោយសន្តិសុខខ្ពស់។ ម៉្លោះហើយ កម្រមានណាស់អ្នកដែលចង់ចាកចេញពីសិង្ហបុរី ដើម្បីទៅរស់នៅប្រទេសផ្សេង។

