ប្រវត្តិសាស្រ្តពិភពលោក

គម្រោងការក្នងការវាយអាគារពានិជ្ជកម្មពិភពលោកប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១

គម្រោងការក្នងការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១

នៅថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០០១ សហរដ្ឋ​អាមេរិក ដែល​ជា​មហាអំណាច​ផុតលេខ​លើ​ពិភពលោក​ត្រូវ​ទទួលរងនូវការ​វាយប្រហារ​ដល់​ក្នុងទឹកដី​របស់ខ្លួន គឺ​ការ​វាយប្រហារ​ភេរវកម្ម​ទៅលើ​ទីក្រុង​ញូវយ៉ក និង​រដ្ឋធានីវ៉ាស៊ីងតោន ដែល​សុទ្ធសឹង​ជា​និមិត្តរូប​សំខាន់ៗ​​របស់​អាមេរិក ទាំង​ខាង​សេដ្ឋកិច្ច យោធា និង​នយោបាយ​។ ក៏ប៉ុន្តែ ការប៉ុនប៉ង​វាយប្រហារ​ក្នុងទឹកដី​អាមេរិក​នេះ​ត្រូវ​បាន​ក្រុម​អាល់កៃដា​រៀបចំ​ធ្វើឡើង​តាំង​ពី​ជិត១០ឆ្នាំមុន​មកម៉្លេះ ហើយ​មេគំនិត​ធំបំផុត ដែល​ជា​អ្នក​រៀបចំផែនការ និង​សម្របសម្រួល​ប្រតិបត្តិការ​ភេរវកម្ម​នេះ មាន​ឈ្មោះ​ថា ខាលីត មហាម៉េដ។

ខាលីត មហាម៉េដ កើតនៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន តែ​ធំដឹងក្តី និង​រស់នៅ​ក្នុង​ប្រទេស​កូវ៉ែត ហើយ​បាន​ទៅ​រៀនសូត្រ​នៅ​សហរដ្ឋអាមេរិក​ រហូត​បាន​សញ្ញាប័ត្រ​ផ្នែក​វិស្វករ​ខាងម៉េកានិច នៅ​ឆ្នាំ​១៩៨៦។ បន្ទាប់​ពី​បាន​បញ្ចប់​ការសិក្សា ខាលីត មហាម៉េដ បាន​ចាកចេញ​ពី​អាមេរិក ធ្វើដំណើរ​ទៅកាន់​ខេត្ត​ប៉េស្ហាវ៉ា​ ប្រទេស​ប៉ាគីស្ថាន ដើម្បី​ចូលរួម​ជាមួយ​នឹង​ក្រុម​មូចាហ៊ីឌីន ធ្វើ​សង្រ្គាម​ទល់​នឹង​កងទ័ព​សូវៀត​នៅ​អាហ្វហ្កានីស្ថាន។ នៅទីនោះហើយ ដែល​ខាលីត មហាម៉េត បាន​​ធ្វើការ​ជាមួយ​ អាប់ដាឡា អាហ្សាំ និង​អូសាម៉ា ប៊ិនឡាដិន។

ខាលីត មហាម៉េដ បាន​រៀបចំ​ផែនការ​វាយប្រហារ​លើ​អគារ World Trade Center ក្នុង​​ទីក្រុង​ញូវយ៉ក​ជាលើកដំបូង តាំង​ពី​ឆ្នាំ​១៩៩៣។ នៅពេលនោះ ក្មួយប្រុស​របស់ ខាលីត មហាម៉េដ មានឈ្មោះថា រ៉ាមស៊ី យូស៊ែហ្វ គឺ​ជា​ជនដៃដល់ ដែល​បាន​បើកឡាន​ផ្ទុកពេញ​ទៅ​ដោយ​គ្រឿងផ្ទុះ យក​ទៅចតចោល​នៅ​ក្នុង​ចំណត​រថយន្តក្រោម​ដី នៃ​អគារ​ World Trade Center រួចហើយ​បញ្ជា​ឲ្យ​ផ្ទុះ​ពីចម្ងាយ។

ការវាយប្រហារ​ភេរវកម្ម​នេះ​បាន​បណ្តាល​ឲ្យ​​​មនុស្ស ៦នាក់​ត្រូវ​បាត់បង់ជីវិត និង​ជាង​១ពាន់នាក់​ផ្សេងទៀត​ត្រូវ​រងរបួស ក៏ប៉ុន្តែ ត្រូវបរាជ័យ​​ដោយ​មិន​អាច​រំលំ​អគារ​ World Trade Center បាន។ ក្រោយ​ការ​វាយប្រហារ​នេះ ក្រុម​អាល់កៃដា​បាន​ចេញមុខ​ប្រកាស​ទទួលខុសត្រូវ ដោយ​បាន​លើកឡើង​ថា ថ្ងៃនេះ​ពួកគេ​មិន​បាន​ទទួល​ជោគជ័យ ក៏ប៉ុន្តែ គង់តែ​មាន​ថ្ងៃ​ណាមួយ​ ការប៉ុនប៉ង​របស់​ពួកគេ​ប្រាកដជា​​នឹង​បាន​សម្រេច។

ខាលីត មហាម៉េដ បាន​រៀបចំគម្រោងការណ៍​ ដើម្បី​វាយប្រហារ​លើ​អាមេរិក​សាជាថ្មី​ម្តងទៀត ដោយ​លើកនេះ ប្តូរ​ពីការ​បំផ្ទុះ​រថយន្ត​ ទៅ​ជា​ការ​ចាប់ពង្រត់យន្តហោះ​ដឹកអ្នកដំណើរ ដើម្បី​​ហោះ​ទៅបុក​ចំណុចស៊ីបវិញ​ម្តង។ ខាលីត មហាម៉េដ បាន​យក​គម្រោងការណ៍​នេះ​ទៅ​បង្ហាញ​ប៊ិនឡាដិន នៅ​ឆ្នាំ​១៩៩៦ ក៏ប៉ុន្តែ នៅ​ពេលនោះ ប៊ិនឡាដិន​មិន​អើពើ ដោយសារ​តែ​ក្រុមអាល់កៃដា​កំពុងតែ​ឆ្លងកាត់​ដំណាក់កាល​អន្តរកាល​មួយ​​ ដោយ​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ស៊ូដង់ ហើយ​ត្រូវ​មក​បង្កើត​ទីតាំង​ថ្មី នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។

ពីរឆ្នាំក្រោយមក នៅឆ្នាំ​១៩៩៨ អូសាម៉ា ប៊ិនឡាដិន បាន​ចេញមុខ​ជា​សាធារណៈ​​ប្រកាស​សង្រ្គាម​លើ​សហរដ្ឋ​អាមេរិក ព្រមទាំង​​ចាប់ផ្តើម​បើក​ការ​​វាយប្រហារ​លើ​ស្ថានទូត​អាមេរិក​ចំនួន​ពីរ​កន្លែង នៅ​ក្នុងប្រទេស​កេនយ៉ា និង​តង់សានី។ នៅពេលនោះ​ហើយ ដែល​អូសាម៉ា ប៊ិនឡាដិន បាន​ផ្តល់​ភ្លើងខៀវ​ ឲ្យ​ខាលីត មហាម៉េដ ចាប់ផ្តើម​អនុវត្ត​ផែនការ​វាយប្រហារ​ភេរវកម្ម​ក្នុង​ទឹកដី​អាមេរិក។

See the source image

ទទួល​បាន​ការ​ឯកភាព​ពី​ប៊ិនឡាដិន ខាលីត មហាម៉េដ ក៏​បាន​ចាប់ផ្តើម​ជ្រើសរើស​ក្រុម​អ្នក​ស្ម័គ្រចិត្ត​ធ្វើ​ជា​ភេរវជន​អត្តឃាត ដើម្បី​អនុវត្ត​ផែនការ​របស់ខ្លួន។ ក្រុម​ដែល​ត្រូវ​បាន​ជ្រើសរើស​ គឺ​បណ្តាញ​ភេរវជន ដែល​ជា​និស្សិត​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ហើយ​ដែល​មាន​មេខ្លោងឈ្មោះ​ថា មហាម៉េដ អាតា។

មហាម៉េដ អាតា ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប ​​បាន​ទៅ​បន្ត​ការ​សិក្សា​ខាងផ្នែក​នគរូបនីយកម្ម នៅ​ក្នុង​ទីក្រុង​ហ៊ែមបឺក ប្រទេស​អាល្លឺម៉ង់ នៅ​ឆ្នាំ​១៩៩២។ នៅក្នុង​ទីក្រុង​ហ៊ែមបឺក​នោះហើយ ដែល​មហាម៉េដ អាតា បាន​ប្រែក្លាយ​ខ្លួន​ជា​អ្នក​កាន់សាសនា​អ៊ីស្លាម​ប្រកាន់តឹង ក្រោយ​ពី​បាន​ទទួល​ការ​បង្រៀន​ពី​វិហារសាសនា​អ៊ីស្លាម​ ដែល​ល្បីឈ្មើ​ខាង​សេចក្តីបង្រៀន​តាមបែបជ្រុលនិយម។

គំនិតជ្រុលនិយម​របស់​មហាម៉េដ អាតា បាន​ចាប់ផ្តើម​រីកដុះដាល់​កាន់តែ​ខ្លាំង នៅ​ក្រោយ​ពី​មាន​សង្រ្គាម​នៅ​ឈូងសមុទ្រ​ពែក្ស និង​ជាពិសេស ក្រោយ​ពីមាន​ការ​ចុះកិច្ចព្រមព្រៀង​នៅ​ទីក្រុង​អូស្លូ ប្រទេស​ន័រវែស​ ស្តីពី​ជម្លោះ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន។ គំនិតជ្រុលនិយម​នេះ​បាន​ទាញ​មហាម៉េដ អាតា ឲ្យចាកចេញ​ពី​ការសិក្សា​ ហើយ​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩៩ និង​គូកន ក៏​បាននាំគ្នា​ចាកចេញ​ពី​អាល្លឺម៉ង់ ធ្វើ​ដំណើរទៅអាហ្វហ្កានីស្ថាន ដើម្បី​ទទួល​ការ​ហ្វឹកហ្វឺន​ពី​ក្រុម​អាល់កៃដា។ នៅទីនោះហើយ ដែល​ក្រុម​របស់​មហាម៉េដ អាតា បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ប៊ិនឡាដិន និង​ខាលីត មហាម៉េដ នៅ​ក្នុង​គម្រោងការណ៍​វាយប្រហារ​ភេរវកម្ម​នៅ​អាមេរិក។

ប៊ិនឡាដិន​បាន​សម្រេច​ជ្រើសរើស​យក​ក្រុម​របស់​មហាម៉េដ អាតា ដោយសារ​តែ​យល់ឃើញ​ថា ពួកគេ​សុទ្ធតែ​ជា​អ្នក​ដែល​ទទួល​បាន​ការ​អប់រំ ស្គាល់​វប្បធម៌​ និង​របៀបរស់​នៅ​របស់​លោក​ខាងលិច, ​ចេះនិយាយ​ភាសា​អង់គ្លេស​ច្បាស់លាស់ និង​​ជាពិសេស​ជាងនេះ​ទៅទៀត ពួកគេ​ជា​និស្សិត ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​លោកខាងលិច​ស្រាប់ ដែល​ងាយស្រួល​ក្នុងការ​សុំ​ទិដ្ឋាការ​ទៅ​អាមេរិក។

នៅ​ដើមឆ្នាំ​២០០០ ក្រុម​របស់​មហាម៉េដ អាតា ដែល​មានគ្នា ១៩នាក់ ​ភាគច្រើន​ជា​ពលរដ្ឋ​អារ៉ាប៊ីសាអ៊ូឌីត បាន​ចាប់ផ្តើម​ធ្វើ​ដំណើរ​​ជាក្រុមតូចៗ ចូល​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ជា​បន្តបន្ទាប់ ហើយ​ក្នុង​ចំណោម​នោះ មាន ៤នាក់ បាន​ចុះឈ្មោះ​ចូល​​រៀន​បើកបរ​យន្តហោះ​ នៅ​រដ្ឋ​​ Florida និង California។

នៅ​ខែ​ធ្នូ ឆ្នាំ​២០០០ ក្រុមភេរវជន​ទាំង ៤រូប បាន​បញ្ចប់​វគ្គសិក្សា ហើយ​នៅ​ខែ​សីហា ឆ្នាំ​២០០១ ប្រមាណ​ជា ៣សប្តាហ៍​មុន​ថ្ងៃ​១១កញ្ញា មហាម៉េដ អាតា ទទួលបាន​បទបញ្ជា​ស្តីពី​គោលដៅ​នៃ​ការ​វាយប្រហារ គឺ​ World Trade Center ដែល​ជា​និមិត្តរូប​នៃ​សេដ្ឋកិច្ច​អាមេរិក, មន្ទីរប៉ង់តាហ្គោន​ ដែល​ជា​និមិត្តរូប​នៃ​អំណាច​យោធា និង​​វិមាន​កាពីតូល ដែល​ជា​និមិត្តរូប​នៃ​អំណាច​នយោបាយ។

ក្រុមភេរវជន​ទាំង ១៩នាក់ ត្រូវ​បាន​បែងចែក​ចេញ​ជា ៤ក្រុម ដោយ​ក្នុងក្រុម​នីមួយៗ មានអ្នក​ចេះបើក​យន្តហោះ​ម្នាក់ ហើយ​មាន​ចំណុចស៊ីបរៀងៗខ្លួន គឺ​ពីរក្រុម​ត្រូវ​វាយប្រហារ​ទៅលើ​អគារ​ភ្លោះ​នៃ World Trade Center, មួយក្រុម​វាយប្រហារ​លើ​មន្ទីរប៉ង់តាហ្គោន និង​មួយក្រុម​ទៀត​ត្រូវ​វាយប្រហារ​ទៅលើ​វិមាន​កាពីតូល។

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.