ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិ​របស់​តេងស៊ាវភីង​បិតា​កំណែទម្រង់​សេដ្ឋកិច្ច​ចិន

តេង ស៊ាវភីង កើត​នៅ​ឆ្នាំ១៩០៤ នៅ​ក្នុង​ត្រកូល​អ្នក​មាន​មធ្យម​មួយ នៅ​ស្រុក​គ័ងអាន ខេត្ត​ស៊ីឈ័ន។ នៅពេលនោះ​ចិន​ស្ថិត​ក្រោម​ការ​ដឹកនាំ​នៃ​រាជវង្សឆេង ហើយ​សែស្រឡាយ​នៃ​ត្រកូល​តេង ធ្លាប់​ជា​អ្នក​មាន​កូនចៅ​ធ្វើ​ជា​មន្រ្តី ហេតុដូច្នេះហើយ​បាន​ជា​ឪពុក​របស់​តេង ស៊ាវភីង បាន​ខិតខំ​ផ្ចុងផ្តើម​កូន​ឲ្យ​បាន​រៀនសូត្រ ក្នុងក្តីស្រមៃ​ចង់​ឃើញ​កូនប្រុស​ក្នុង​ត្រកូល​បាន​ក្លាយ​ជា​មន្រ្តី​ខ្ពស់។

ក៏ប៉ុន្តែ នៅ​ពេល​ដែល​តេង ស៊ាវភីង ទើប​នឹង​ចាប់ផ្តើម​ចូលរៀន​នៅ​សាលាបាន​មួយឆ្នាំ រាជវង្សឆេង​ត្រូវ​ដួលរលំ នៅ​ក្នុង​បដិវត្តន៍​ឆ្នាំ​១៩១១។ របបរាជានិយម​ត្រូវ​គេ​រំលាយ​ចោល ជំនួស​មកវិញ​ដោយ​របបសាធារណរដ្ឋ ហើយមុខងារ​ជា​មន្រ្តី​ក៏​ត្រូវ​គេលុបចោល។ តែទោះជាយ៉ាងណា ឪពុក​របស់​តេង ស៊ាវភីង មិនបាន​បោះបង់​ចោល​គំនិត​ចង់​ឲ្យ​កូន​ទទួល​បាន​ការ​រៀនសូត្រ​ខ្ពង់ខ្ពស់​នោះដែរ។

See the source image

ដោយ​ការ​ប្រឹងប្រែង ភាពឆ្លាតវៃ ព្រមទាំង​ការ​ទំនុកបម្រុង​ពី​ឪពុក តេង ស៊ាវភីង បាន​ប្រឡង​ជាប់ជាបន្តបន្ទាប់ រហូត​ដល់​ថ្នាក់​វិទ្យាល័យ ហើយ​នៅ​ឆ្នាំ​១៩១៩ តេង ស៊ាវភីង មាន​ឱកាស​ថ្មីមួយទៀត គឺ​ការ​បន្តការសិក្សា​នៅ​បរទេស។ នៅពេលនោះ អ្នកមាន​ម្នាក់​នៅ​ខេត្ត​ស៊ីឈ័ន ដែល​ធ្លាប់​បាន​ទៅ​រៀន​នៅ​ប្រទេស​បារាំង បាន​បង្កើត​អាហារូបករណ៍​ពិសេសមួយ ដើម្បី​ជួយ​អ្នក​ស៊ីឈ័ន​ឲ្យ​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​បារាំង​ដូចខ្លួន។ អ្នក​ចង់​ទទួល​អាហារូបករណ៍​ត្រូវ​ប្រឡង​ចូល​ថ្នាក់​ត្រៀម ដែល​មាន​រយៈពេល​មួយឆ្នាំ មុននឹង​ប្រឡងយក​អាហារូបករណ៍។

តេង ស៊ាវភីង បាន​ប្រឡង់​ជាប់ចូល​ថ្នាក់​ត្រៀម ក៏ប៉ុន្តែ ដោយ​មិនសូវ​ពូកែ​​ខាង​ភាសា​បរទេស តេង ស៊ាវភីង ប្រឡង​មិនជាប់​ខាង​ភាសា​បារាំង ហើយ​ក៏​ត្រូវ​ទទួល​បរាជ័យ​ក្នុង​ការ​ប្រឡង​យក​អាហារូបករណ៍។ ក៏ប៉ុន្តែ ឪពុក​របស់​តេង ស៊ាវភីង សុខចិត្តចំណាយលុយ​ផ្ទាល់ខ្លួន ធ្វើ​ម៉េច​ឲ្យតែ​កូន​អាច​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​បារាំង។

នៅ​ឆ្នាំ​១៩២០ ក្នុងវ័យត្រឹមតែ ១៦ឆ្នាំ តេង ស៊ាវភីង រួមជាមួយ​កូនសិស្ស​ប្រមាណ​ជា ៨០នាក់ផ្សេងទៀត បានឡើង​កប៉ាល់ ធ្វើ​ដំណើរ​​ចាកចេញ​ពី​ប្រទេសកំណើត ឆ្ពោះទៅ​កាន់ប្រទេស​បារាំង។ នៅ​ពេលនោះ ការ​ធ្វើ​ដំណើរ​ពី​ចិន​ទៅ​បារាំង ត្រូវ​ចំណាយ​ពេល​រហូតដល់​រាប់ខែ ហើយ​ត្រូវ​ឈប់សំចត​តាមផ្លូវ​ជាច្រើន​កន្លែង ដោយ​កន្លែង​ឈប់សំចត​ទីមួយ គឹ​នៅ​ក្រុង​សៀងហៃ ដែល​ជា​សម្បុក​នៃ​ជនបរទេស​ស្បែក ស។

See the source image

នៅសៀងហៃ តេង ស៊ាវភីង បាន​សង្កេតឃើញ​ជនជាតិចិន ដែល​ជា​ម្ចាស់ស្រុក ត្រូវ​ពួក​បរទេស​មើលងាយមើលថោក​ដូចទាសករ ហើយ​ទិដ្ឋភាព​បែបនេះក៏​កើតមាន​ដែរ នៅ​តាម​ទីកន្លែងផ្សេងទៀត​ ដូចជា ហុងកុង វៀតណាម សិង្ហបុរី និង​ស្រីលង្កា ដែល​កប៉ាល់​របស់​តេង ស៊ាវភីង​ត្រូវ​ឈប់សំចត។ រូបភាព​​នៃ​ភាព​អយុត្តិធម៌​អស់ទាំងនេះ​បាន​ដក់ជាប់​នឹង​ផ្នត់គំនិត​របស់​តេង ស៊ាវភីង ក៏ដូចជា​កូនសិស្ស​ចិន​ផ្សេងទៀត ហើយ​វាជា​ឫសគល់​មួយ នៃ​ផ្នត់គំនិត​បដិវត្តន៍​របស់​តេង ស៊ាវភីង នៅពេល​ក្រោយមកទៀត។

ទៅដល់​បារាំង តេង ស៊ាវភីង បាន​ទៅ​រៀន​នៅ​ឯ​តំបន់​ណរម៉ង់ឌី (ខាងជើង​ប្រទេស​បារាំង) ហើយ​ដូចជា​កូនសិស្ស​ចិន​ភាគច្រើន​ផ្សេងទៀត តេង ស៊ាវភីង ត្រូវ​រៀន​បណ្ដើ និង​ធ្វើការ​បណ្ដើ ដើម្បី​យក​លុយ​ចិញ្ចឹមជីវិត។ នៅពេលនោះ បារាំង​ទើប​នឹង​ងើប​ចេញ​ពី​សង្រ្គាម​លោក​លើកទី១ ហើយ​​សេដ្ឋកិច្ច​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប​ខ្លាំង។

តម្លៃ​ទំនិញ​សព្វសារពើ​ក៏​ខ្ពស់ ហើយ​ការងារ​ក៏​ពិបាករក។ ការងារ​ដែល​កូនសិស្ស​ចិន​អាច​រក​បាន​ធ្វើ​ គឺ​សុទ្ធសឹង​ជា​ការងារ​ប្រើ​កម្លាំង ទទួល​បាន​ប្រាក់ឈ្នួល​តិច ហើយ​គ្មាន​ភាព​ថ្លៃថ្នូរ ដែល​ជនជាតិ​បារាំង​មិនចង់​ធ្វើ។

ប្រឈមមុខ​នឹង​បញ្ហា​នេះ និស្សិតចិន​ជាច្រើន​នាក់​បាន​នាំគ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានតំណាង​ចិន ក្នុងក្រុង​ប៉ារីស ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយគិតគូរ​ដល់​ជីវភាព​របស់​ពួកគេ ក្នុងហេតុផល​ថា អ្វី​ដែល​ពួកគេ​កំពុងធ្វើនៅបារាំង គឺ​រៀនសូត្រ​យក​ចំណេះដឹង​ទៅ​ជួយ​អភិវឌ្ឍ​ប្រទេស។ ក៏ប៉ុន្តែ ការទាមទារ​របស់​ពួកគេ​ត្រូវ​បាន​តំណាង​រដ្ឋាភិបាល​ចិន​ធ្វើ​មិនដឹងមិនឮ ហើយ​លើសពីនេះ​ទៅទៀត មេដឹកនាំ​បាតុកម្ម​ខ្លះ​ត្រូវ​បាន​ប៉ូលិស​បារាំង​ចាប់ខ្លួន ដោយខ្លះ​ត្រូវ​បាន​បណ្តេញ​​ឲ្យ​ទៅ​កាន់​ប្រទេស​ចិនវិញ។

See the source image

កំហឹង​នឹង​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​និស្សិត​ចិន​ខ្លះ​កើត​​គំនិត​ចង់​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ចិន​នៅពេលនោះ ដែល​ពួកគេ​គិត​ថា ជា​រដ្ឋាភិបាល​ដែល​កំសាក គ្មាន​សមត្ថភាព និង​មិនគិតគូរ​ពី​ធនធាន​មនុស្ស ដែល​ជា​ទំពាំង​ស្នងឫស្សី។ នៅ​ក្នុង​បរិបទ​នោះ​ហើយ ដែល​និស្សិតចិន​មួយ​ចំនួន​ធំ ក្នុងនោះ ក៏​រួមមាន​ទាំង តេង ស៊ាវភីង​ផង ចាប់ផ្តើម​មាន​ទំនោរទៅរក​មនោគមន៍​វិជ្ជា​កុម្មុយនិស្ត ដែល​ជា​មនោគមន៍​វិជ្ជា​កំពុងតែ​រីកដុះដាល​ខ្លាំង នៅ​ក្នុង​​ប្រទេស​បារាំង ក៏ដូចជា នៅ​ក្នុង​ប្រទេស​ផ្សេងទៀត​នៅ​អឺរ៉ុប។

នៅ​ឆ្នាំ​១៩២១ តេង ស៊ាវភីង បាន​ចូល​ជាសមាជិក​ចលនា​យុវជន​ចិនកុម្មុយនិស្ត​ប្រចាំ​តំបន់​អឺរ៉ុប ហើយ​បាន​ជួប និង​ស្គាល់​និស្សិត​ចិនមួយរូប ដែល​ក្រោយ​មក​ក្លាយ​ជា​ឥស្សរជន​ដ៏សំខាន់​មួយ​រូប នៃ​បដិវត្តន៍​កុម្មុយនិស្ត​ចិន គឺ​ ជូ អេនឡាយ។

តាមការពិត​ទៅ នៅ​ក្នុង​ប្រទេស​បារាំង តេង ស៊ាវភីង មិនបាន​រៀន​សូត្រ​ជាប់លាប់​នោះទេ ដោយសារ​តែ​រវល់​ធ្វើការ។ ការងារ​ភាគច្រើន តម្រូវ​ឲ្យ​តេង ស៊ាវភីង ត្រូវ​ផ្អាក​ការ​សិក្សា។ រហូតទាល់តែ​ដល់​ពេល​ធ្វើការ​សន្សំ​លុយ​បាន​ខ្លះហើយ ទើប​ត្រឡប់​ទៅ​រៀនវិញ។ ក៏ប៉ុន្តែ ក្រោយ​ពី​​​រត់ចុះរត់ឡើងជាច្រើន​ដង សាលារៀន​ក៏​​លែងទទួល​​ឲ្យចូលរៀន ចំណែក​ឯ​រោងចក្រ​ធ្លាប់​ធ្វើការ​ក៏​លែង​ទទួល​ឲ្យ​ធ្វើការ។ នៅទីបំផុត​ទៅ តេង ស៊ាវភីង ត្រូវ​ដើរទាត់ខ្យល់ នៅ​ស្រុកបារាំង។ នៅពេលនោះហើយ ដែល​តេង ស៊ាវភីង ចាប់ផ្តើម​ចំណាយពេល​ច្រើន​ ទៅលើ​ការ​សិក្សា​មនោគមន៍វិជ្ជា​កុម្មុយនិស្ត ព្រមទាំង​មាន​ពេល​ចូលរួម​ក្នុង​ចលនា​យុវជន​កុម្មុយនិស្ត​អឺរ៉ុប។

នៅ​ខែ​មិថុនា​ឆ្នាំ​១៩២៣ តេង ស៊ាវភីង បាន​ចូល​ធ្វើការ​នៅ​ការិយាល័យ​កុម្មុយនិស្ត​អឺរ៉ុប ប្រចាំ​ក្រុង​ប៉ារីស។ នៅទីនោះ តេង ស៊ាវភីង ធ្វើការ​ក្រោម​បង្គាប់​របស់ ជូ អេនឡាយ ហើយ​ការងារ​ដ៏សំខាន់​មួយ ក្នុង​​ក្នុង​ចំណោម​កិច្ចការ​ដែល តេង ស៊ាវភីង គឺ​ការ​បោះពុម្ព​កាសែត​ជាភាសា​ចិន ដែល​គេ​ដាក់​ឈ្មោះ​ថា “ជីគ័ង” (មានន័យថា “ពន្លឺក្រហម”)។

ធ្វើការ​បាន​មួយ​ឆ្នាំ នៅ​ខែ​កក្កដា ឆ្នាំ​១៩២៤ តេង ស៊ាវភីង ដែល​មាន​វ័យ​ត្រឹមតែ ២០ឆ្នាំ ត្រូវ​បាន​បក្ស​កុម្មុយនិស្ត​ចិន​ទទួល​ឲ្យ​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ ព្រមទាំង​ទទួល​បាន​នូវ​ការ​តែងតាំង​ឲ្យ​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ​នៃ​ចលនា​យុវជន​កុម្មុយនិស្ត​ចិន​ប្រចាំ​តំបន់​អឺរ៉ុប។ តេង ស៊ាវភីង បាន​ចាកចេញ​ពី​ប្រទេស​បារាំង​ទៅ​ម៉ូស្គូ នៅ​ឆ្នាំ​១៩២៥ មុននឹង​វិលត្រឡប់​ទៅកាន់​ប្រទេសចិន​វិញ នៅ​ចុងឆ្នាំ​១៩២៧។

តេងស៊ាវពីង ​និង​ កំណែទម្រង់​សេដ្ឋកិច្ច​ចិន

គិត​ត្រឹម​ឆ្នាំ​១៩៧១ ម៉ៅសេទុង​បាន​កម្ចាត់​គូប្រជែង​របស់​ខ្លួន​ស្ទើរតែ​ទាំងអស់ នៅ​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ​បក្ស​កុម្មុយនិស្ត​ចិន។ តេង ស៊ាវពីង ត្រូវ​បាន​គេ​ដកតំណែង និង​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ស្រែ​​ដើម្បី​លត់ដំខ្លួន។ ចំណែក​ឯ​មេដឹកនាំ​កងទ័ព​ដ៏​មាន​អំណាច គឺ លីន ពៀវ ក៏​ត្រូវ​ស្លាប់​ក្នុង​ការ​ធ្លាក់​យន្តហោះ ពេល​រត់គេចខ្លួន​ ក្រោយ​ពី​រងការ​ចោទប្រកាន់​ថា​បាន​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ម៉ៅសេទុង។

See the source image

ក៏ប៉ុន្តែ ការប្រជែង​ដណ្តើម​អំណាច​គ្នា ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនោះ បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​ត្រូវ​ធ្លាក់​​ក្នុង​សភាព​យ៉ាងសែន​ដុនដាប​ងើបមុខ​មិនរួច។

តាមការពិត នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៅនេះ ​ថ្វីដ្បិត​តែ​ម៉ៅសេទុង​​គិតគូរ​ខ្លាំង​តែ​ពី​រឿង​នយោបាយ ជាពិសេស ពី​ការ​បោស​សម្អាត​ផ្ទៃក្នុងបក្ស ដើម្បី​ពង្រឹង​អំណាច​ផ្ទាល់ខ្លួន ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ម៉ៅសេទុង​ក៏​បន្ត​ចិញ្ចឹមចិត្ត​ចង់​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ឲ្យ​បាន​រីកចម្រើន​ផងដែរ។

នៅ​ក្រោយ​ពី​បាន​កម្ចាត់​គូប្រជែង និង​ពង្រឹង​អំណាច​យ៉ាងរឹងមាំ​ក្នុងដៃ​ហើយ ម៉ៅសេទុង​ក៏​បាន​ចាប់ផ្តើម​​ងាក​មក​គិតគូរ​ស្តារ​សេដ្ឋកិច្ច​វិញម្តង តែ​នៅពេលនោះ ម៉ៅសេទុង​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ដ៏ធំមួយ គឺ​ការ​ខ្វះខាត​ធនធាន​មនុស្ស ដោយសារ​តែ​​​បដិវត្តន៍​វប្បធម៌​បាន​ធ្វើ​ឲ្យ​​មន្រ្តី​មាន​សមត្ថភាព​ល្អៗ​មួយ​ផ្នែក​ធំ​ត្រូវ​បាន​គេ​កម្ចាត់ចោល​ ដោយខ្លះ​ត្រូវ​ស្លាប់ ហើយ​ខ្លះ​ទៀត​ត្រូវ​បាន​ដកតំណែង ឬ​បញ្ជូន​ឲ្យ​ទៅធ្វើការ​នៅតាម​ជំរំ​លត់ដំ។

ដើម្បី​ចាត់ចែង​បញ្ហា​សេដ្ឋកិច្ច ម៉ៅសេទុង​រំពឹង​លើ​មនុស្ស​ជំនិត​ចុងក្រោយ គឺ​ជូ អេនឡាយ ដែល​ពេលនោះ​ មាន​តំណែង​ជា​នាយករដ្ឋមន្រ្តី​។ ក៏ប៉ុន្តែ ជូ អេនឡាយ ដឹង​ច្បាស់​ថា ដើម្បី​អាច​ស្តារ​សេដ្ឋកិច្ច​ឲ្យ​ងើប​ចេញ​ពី​វិបត្តិ​វិញ​បាន គឺ​ចាំបាច់​ត្រូវ​តែ​ហៅ​មន្រ្តីមានសមត្ថភាព​ឲ្យ​ចូល​មក​ធ្វើ​ការ​វិញ។

See the source image

ហេតុដូច្នេះហើយ​បាន​ជា​ នៅខែ​មីនា ឆ្នាំ​១៩៧២ ជូ អេនឡាយ បាន​បញ្ជូន​បញ្ជីឈ្មោះ​មន្រ្តី​ជាន់ខ្ពស់​​ជាង ៤រយនាក់ ទៅ​សុំ​ការ​ឯកភាព​ពី​ម៉ៅសេទុង ដើម្បី​ឲ្យ​ពួកគេ​វិលត្រឡប់​ចូល​មក​បម្រើ​ការងារ​វិញ។ សំណើ​របស់​ជូ អេនឡាយ បានទទួល​ការ​ឯកភាព​ភ្លាមៗ​ពី​សំណាក់​ម៉ៅសេទុង។ ក៏ប៉ុន្តែ នៅ​ពេលនោះ មាន​ឥស្សរជន​ដ៏​មាន​សមត្ថភាព​ម្នាក់ ដែល​ជូ អេនឡាយ ចង់​ឲ្យ​វិលត្រឡប់​មក​ធ្វើ​ការ​វិញ​ដែរ តែ​ម៉ៅសេទុង​​​នៅ​មិនទាន់​ទុកចិត្ត គឺ តេង ស៊ាវពីង។

រហូត​ទាល់តែ​ប្រមាណ​ជា​ជិត​១ឆ្នាំ​ក្រោយ​មក គឺ​នៅ​ខែ​​កុម្ភៈ​ឆ្នាំ​១៩៧៣ ទើប​ម៉ៅសេទុង​អនុញ្ញាត​ឲ្យ​តេង ស៊ាវពីង បញ្ចប់​​កិច្ចការ​លត់ដំខ្លួន​នៅ​ស្រុកស្រែ ហើយ​វិលត្រឡប់​មក​ក្រុង​ប៉េកាំង​វិញ។ ក៏ប៉ុន្តែ នៅពេលនោះ តេង ស៊ាវពីង ក៏​នៅមិនទាន់​ត្រូវ​បាន​តែងតាំង​ឲ្យ​កាន់មុខតំណែង​ណាមួយ​នោះដែរ។

អ្នកដែល​ជំទាស់​នឹង​ការ​វិលត្រឡប់​មក​កាន់តំណែង​របស់ តេង ស៊ាវពីង នៅពេលនោះ គឺ​លោកស្រី ជាំង ឈីង ភរិយា​របស់​ម៉ៅសេទុង និង​គូកន ៣នាក់​ទៀត ដែល​សុទ្ធសឹង​ជា​សមាជិក​ដ៏​មាន​ឥទ្ធិពល​នៅ​ក្នុងគណៈអចិន្រ្តៃយ៍​បក្ស។ ក៏ប៉ុន្តែ ដោយសារ​តែ​មាន​អន្តរាគមន៍​របស់​ជូ អេនឡាយ ម៉ៅសេទុង​ចាប់ផ្តើម​ដាក់ទំនុកចិត្ត​ និង​ប្រគល់​កិច្ចការ​ឲ្យ​​តេង ស៊ាវពីង​ធ្វើ​​ឡើងវិញ​បន្តិចម្តងៗ ហើយ​​នៅ​ឆ្នាំ​១៩៧៤ ក្រោយ​ពី ជូ អេនឡាយ ​ត្រូវ​ធ្លាក់​ខ្លួន​ឈឺធ្ងន់​​ដោយ​ជំងឺ​មហារីក តេង ស៊ាវពីង ត្រូវ​បាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្រ្តី ទទួល​បន្ទុក​​ចាត់ចែង​កិច្ចការ​រដ្ឋ​​ជា​ប្រចាំថ្ងៃ​​ជំនួសមុខ​ឲ្យ​​ ជូ អេនឡាយ។ ទោះជាយ៉ាងណា ការវិលត្រឡប់​មកកាន់អំណាច​​របស់ តេង ស៊ាវពីង មាន​រយៈពេល​ត្រឹមតែ ២ឆ្នាំ​ប៉ុណ្ណោះ។

នៅ​​ដើម​ឆ្នាំ​១៩៧៦ ក្រោយ​ពី​ ជូ អេនឡាយ ទទួល​មរណភាព និង​ដោយ​មាន​ការ​ចាក់ដោត​ពី​លោកស្រី ជាំង ឈីង ម៉ៅសេទុង​ក៏​បាន​ដកតំណែង តេង ស៊ាវពីង សាជាថ្មី​ម្តងទៀត។ ក៏ប៉ុន្តែ ប្រមាណ​ជា ៥ខែ​ក្រោយ​មក​ទៀត ម៉ៅសេទុង​ខ្លួនឯង​ផ្ទាល់​ក៏​បាន​ទទួល​មរណភាព នៅថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ​១៩៧៦។ មួយខែ​ក្រោយ​មរណភាព​របស់​ម៉ៅសេទុង លោកស្រី ជាំង ឈីង ព្រមទាំង​បក្សពួក​ត្រូវ​បាន​ចាប់ខ្លួន​យក​ទៅ​កាត់ទោស ចំណែក​ តេង ស៊ាវពីង ក៏​បាន​វិលត្រឡប់​មក​កាន់​តំណែង​ឡើងវិញ។

See the source image

ក្រោយ​ពី​បាន​ឡើងកាន់អំណាច តេង ស៊ាវពីង បាន​ប្រកាស​បិទបញ្ចប់​បដិវត្តន៍​វប្បធម៌​របស់​ម៉ៅសេទុង ហើយ​គ្រប់​អ្នក​ដែល​ត្រូវ​រងគ្រោះ​ក្នុង​បដិវត្តន៍​វប្បធម៌ ទោះបី​ជា​អ្នក​រស់រាន​មានជីវិត​ហើយ​កំពុង​ជាប់ទោស ឬ​ក៏​អ្នក​ដែល​បាន​ស្លាប់​ទៅហើយ​ក្តី ត្រូវ​បាន​លុបលាង​ទោសកំហុស​ចេញវិញ​ទាំងអស់។

ខាងផ្នែក​សេដ្ឋកិច្ច តេង ស៊ាវពីង បាន​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​ដ៏សំខាន់​មួយ ដែល​ជា​ដើមឫស​នៃ​ជោគជ័យ​នៃ​សេដ្ឋកិច្ចចិន​រហូត​មក​ទល់​នឹង​ពេល​សព្វថ្ងៃ។ របបកម្មសិទ្ធិឯកជន​ត្រូវ​បាន​បង្កើតឡើងវិញ​យ៉ាងពេញលេញ។ ប្រជាកសិករ​ចិន​មាន​សិទ្ធិ​ពេញលេញ​ក្នុងការ​​ធ្វើ​កសិកម្ម​ជាលក្ខណៈ​ជន ហើយ​អាច​យក​ផល​ដែល​ផលិតបាន​​​ទៅលក់​នៅលើ​ទីផ្សារ នៅ​ក្នុង​តម្លៃ​​ដែល​កំណត់​ដោយ​ការព្រមព្រៀង រវាង​អ្នក​ទិញ និង​អ្នកលក់ ស្របទៅតាម​យន្តការ​នៃ​ទីផ្សារ​សេរី។

លើសពីនេះ​ទៅទៀត ប្រជាជន​ចិន​ម្នាក់ៗ មាន​សិទ្ធិ​បោះទុន​រកស៊ី បង្កើត​ជា​​ក្រុមហ៊ុន​សហគ្រាស​ជាលក្ខណៈ​ឯកជនសុទ្ធសាធ ដែល​ជា​រឿង​មិន​ធ្លាប់​មាន ចាប់តាំង​ពី​បក្ស​កុម្មុយនិស្ត​ឡើងកាន់អំណាច កាល​ពី​ឆ្នាំ​១៩៤៩។ វិស័យ​វិនិយោគ​នេះ​មិនត្រឹមតែ​បើក​ចំហ សម្រាប់​ប្រជាជន​ចិន​ជា​លក្ខណៈ​បុគ្គលបែបនេះ​ទេ តែ​ក៏​បាន​បើក​ចំហ​យ៉ាងទូលំទូលាយ​ផងដែរ ទៅដល់​វិនិយោគិន​បរទេស ហើយ​​ដើម្បី​ទាក់ទាញ​វិនិយោគ​បរទេស តំបន់​សេដ្ឋកិច្ច​ពិសេស​ជាច្រើន​ត្រូវ​បាន​បង្កើតឡើង នៅ​តាម​តំបន់​ជាប់​នឹង​ឆ្នេរ​សមុទ្រ។

នៅ​ក្នុង​វិស័យអប់រំ​វិញ សាលារៀន និង​សកលវិទ្យាល័យ​នៅ​ទូទាំង​ប្រទេស​​បាន​ចាប់ផ្តើម​បើក​ទ្វារទទួល​សិស្ស ព្រមទាំង​ពង្រីក​កម្មវិធី​សិក្សា ជាពិសេស នៅ​ក្នុង​វិស័យបច្ចេកទេស ហើយ​ការចុះឈ្មោះ​ទទួល​សិស្ស​នៅ​តាម​សកលវិទ្យាល័យ​ត្រូវ​បាន​ធ្វើឡើង ដោយ​ផ្អែក​ទៅលើ​សមត្ថភាព ជាជាង​ទៅតាម​មនោគមន៍វិជ្ជា​នយោបាយ ឬ​តាម​ខ្សែស្រឡាយ​ជាបក្ខជន ដូចដែល​គេ​ធ្លាប់​ធ្វើ​ពីមុន។ មិនត្រឹមតែ​ប៉ុណ្ណោះ និស្សិត​ចិន​រាប់​ម៉ឺននាក់​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​រៀន​នៅ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប ដែល​សុទ្ធសឹង​ជា​ប្រទេស​មូលធន​និយម ហើយ​មាន​មនោគមន៍វិជ្ជា​នយោបាយ​ផ្ទុយ​ពី​បក្ស​កុម្មុយនិស្ត​ចិន។

See the source image

នៅ​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​៨០ ដោយសារតែ​ការ​បើក​ចំហរ​ក្នុង​វិស័យ​វិនិយោគ, ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​​ដែល​មាន​អត្រា​ពន្ធ​ទាប ព្រមទាំង​ការ​អភិវឌ្ឍធនធាន​មនុស្ស វិនិយោគ​បរទេស​ក៏​ចាប់ផ្តើម​ហូរចូល​មក​ក្នុង​ប្រទេស​ចិន​ ហើយ​ចាប់ពី​ពេលនោះ​ហើយ ដែល​សេដ្ឋកិច្ច​ចិន​ចាប់ផ្តើម​មាន​កំណើន​ក្នុង​ល្បឿន​ដ៏​លឿន​បំផុត​មិន​ធ្លាប់មាន ហើយ​បន្ត​កើនឡើង​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

សព្វថ្ងៃ​នេះ ចិន​គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់ទីពីរ ហើយ​អាច​នឹង​ប្រជែង​យក​ឈ្នះ​អាមេរិក​នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។ ភាពរុងរឿង​របស់​ចិន​នៅពេលនេះ ត្រូវ​បាន​ប្រវត្តិសាស្រ្ត​ផ្លូវការ​របស់​ចិន​ចារទុក​ថា​ ជា​ស្នាដៃ​ដ៏ធំ​មហិមា​របស់​ម៉ៅសេទុង ក៏ប៉ុន្តែ ធាតុពិតជាក់ស្តែង អ្នកដែល​​បាន​នាំមក​នូវ​ការ​ផ្លាស់ប្តូរ​ពិតប្រាកដ ហើយ​ដែល​ជា​ដើមឫស​នៃ​ភាពរុងរឿង​នៃ​សេដ្ឋកិច្ច​​របស់​ចិន​នៅពេលនេះ គឺ តេង ស៊ាវពីង៕

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.