
ចំពោះថ្នាក់ដឹកនាំចិន អូសទាញតៃវ៉ាន់មកដាក់នៅក្រោមការគ្រប់គ្រងរបស់ខ្លួន ជាការមួយចាំបាច់បំផុត។ ពីព្រោះចិននឹងមិនអាចមានឈ្មោះជាមហាអំណាចតំបន់ ឬជាមហាអំណាចពិភពលោកពិតប្រាកដបានទេ ប្រសិនបើនៅតែមានដូចអ៊ីចឹងតទៅទៀត ចិនដីគោក និងចិនតៃវ៉ាន់ ចិនកុម្មុយនិស្ត និងចិនប្រជាធិបតេយ្យ នៅលើឆាកអន្តរជាតិ។
វត្តមាននៃប្រទេសចិនពីរបានផ្តើមឡើង តាំងពីឆ្នាំ១៩៤៩មកម្ល៉េះ។ កាលណោះ កងទ័ពអ្នកជាតិនិយមចិនដែលដឹកនាំដោយ ជាង កាយជាក (Chiang Kai-Shek) បានច្បាំងចាញ់កងកម្លាំងកុម្មុយនិស្តរបស់ ម៉ៅ សេទុង (Mao Tsé-Toung) ហើយបានមកប្រកាសបង្កើតសាធារណរដ្ឋចិន នៅលើកោះតៃវ៉ាន់។ រីឯ ម៉ៅ សេទុង វិញ បានប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅឆ្នាំ១៩៤៩ នោះដែរ។
ក្រោយមក ចិនដីគោកបែរទៅខាងពិភពកុម្មុយនិស្ត ចំណែកតៃវ៉ាន់វិញ ចុះចូលជាមួយលោកសេរី ជាហេតុធ្វើឲ្យដែនដីទាំងពីរឃ្លាតឆ្ងាយពីគ្នា និងប្រឆាំងគ្នា ទាំងនៅលើវិស័យរបបនយោបាយ ទាំងនៅលើវិស័យនយោបាយសេដ្ឋកិច្ច។ នៅខាងចិនដីគោក គឺជាអំណាចផ្តាច់ការ និងសេដ្ឋកិច្ចផែនការ។ នៅខាងចិនតៃវ៉ាន់វិញ គឺជារបបពហុបក្ស និងសេដ្ឋកិច្ចផ្សារសេរី។
តាមការពិត គ្មានឡើយវប្បធម៌នយោបាយរួមរវាងចិនដីគោក និងចិនតៃវ៉ាន់ ហើយក៏គ្មានដែរប្រវត្តិសាស្ត្ររួម។ ពីព្រោះកាលពីដើម តៃវ៉ាន់បានឋិតនៅក្រោមការកាន់កាប់របស់ចក្រភពចិនតែដប់ឆ្នាំប៉ុណ្ណោះ គឺពីឆ្នាំ១៨៨៥ដល់ឆ្នាំ១៨៩៥។ នៅឆ្នាំ១៨៩៥ សន្ធិសញ្ញាមួយដែលមានឈ្មោះថាសន្ធិសញ្ញាShimonoseki បានផ្ទេរតៃវ៉ាន់ទៅឲ្យជប៉ុន ហើយជប៉ុនបានបាត់បង់កោះនេះទៅវិញនៅឆ្នាំ១៩៤៥ នៅពេលដែលបានចាញ់សង្គ្រាមលោកលើកទីពីរ។ និយាយរួម ក្រៅពីភាសា គ្មានឡើយអត្តសញ្ញាណរួមនិងព្រហ្មលិខិតរួម រវាងចិនដីគោកនិងចិនតៃវ៉ាន់។
ទោះជាយ៉ាងណាក៏ដោយ នៅលើក្រឡាអុកភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ចិនដីគោកប្រៀបបាននឹងសត្វឆ្មា រីឯចិនតៃវ៉ាន់វិញប្រៀបបាននឹងសត្វកណ្តុរ។ នៅចំពោះមុខមហាយក្សចិនកុម្មុយនិស្តដែលសហគមន៍អន្តរជាតិកោតខ្លាច តៃវ៉ាន់ដែលជាដីមួយកូនដុំព័ទ្ធជុំវិញទៅដោយសមុទ្រ ពឹងពាក់បានតែទៅលើប្រទេសសម្ព័ន្ធមិត្រពីរឬបីតែប៉ុណ្ណោះ ដែលនៅឆ្ងាយឬសែនឆ្ងាយពីខ្លួន។ សម្ព័ន្ធភាពនោះទៀតសោត មិនអាចជាសម្ពន្ធ័ភាពសម្រាប់យុទ្ធសាស្រ្តយោធាវាយលុកបានទេ គឺសម្រាប់តែយុទ្ធសាស្ត្រការពារមួយមុខប៉ុណ្ណោះក្នុងករណីណាដែលមានការឈ្លានពានពីសំណាក់ចិនដីគោក។
បើនិយាយពីចំនួនមនុស្សវិញ ប្រជាជនតៃវ៉ាន់ប្រមាណជាង២៣លាននាក់ គ្មានទម្ងន់ឡើយ នៅចំពោះមុខប្រជាជនចិនដីគោកប្រមាណជាង១ ៣០០លាននាក់។ ម្យ៉ាងវិញទៀត នៅពេលដែលចិនដីគោកកំពុងបង្កើនសមត្ថភាពយោធា ក្នុងគោលដៅបង្រួបបង្រួមចិនពីរឲ្យទៅជាចិនតែមួយ តៃវ៉ាន់គ្មានជម្រើសអ្វីក្រៅពីអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ច និងការទូតបន្តិចបន្តួចដើម្បីការពារអធិបតេយ្យរបស់ខ្លួន និងធ្វើយ៉ាងណាកុំឲ្យខ្លួនឋិតក្នុងភាពឯកា ខ្លាំងពេកនៅលើឆាកអន្តរជាតិ។
តាមការពិត ជោគវាសនារបស់តៃវ៉ាន់ អាស្រ័យសឹងទាំងស្រុងទៅលើទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ដូចមានប្រវត្តិសាស្ត្រឆ្នាំ១៩៧០ដល់ឆ្នាំ១៩៨០ ជាឧទាហរណ៍ជាក់ស្តែងស្រាប់។ កាលណោះ អាមេរិកដែលបានសម្រេចចិត្តសម្រួលទំនាក់ទំនងជាមួយចិនកុម្មុយនិស្តវិញ បានបំភ្លេចចោលទាំងស្រុងពាក្យសន្យារបស់ខ្លួនថាគាំទ្រនិងការពារតៃវ៉ាន់រៀងរហូត។ គឺការផ្លាស់ប្តូរនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកបែបនេះហើយ ដែលបានបើកលទ្ធភាពឲ្យចិនដីគោកឡើងមកអង្គុយអាសនៈអង្គការសហប្រជាជាតិ ជំនួសតៃវ៉ាន់ នៅឆ្នាំ១៩៧១។
ស្ថានភាពរឹងរឹតតែធ្ងន់ធ្ងរសម្រាប់តៃវ៉ាន់នៅឆ្នាំ១៩៧២ នាពេលដែលប្រធានាធិបតីអាមេរិក Nixon បានទៅធ្វើទស្សនកិច្ចនៅប្រទេសចិនកុម្មុយនិស្ត។ ពីព្រោះកាលនោះ សេចក្តីថ្លែងការណ៍រួមនៅសៀងហៃរវាងចិននិងអាមេរិកទទួលស្គាល់ជាលើកទីមួយបង្អស់គោលការណ៍នៃឯកភាពរបស់ចិន ដែលក្រោយមកក្លាយជាគោលការណ៍ប្រទេសចិនតែមួយគត់ នៅលើឆាកអន្តរជាតិ។ អ៊ីចឹងហើយបានជានៅឆ្នាំ១៩៧៩ អាមេរិកបានសម្រេចបិទជាស្ថាពរស្ថានទូតរបស់ខ្លួននៅតៃវ៉ាន់ ហើយបានបែរមកសម្រួលទំនាក់ទំនងទូតជាផ្លូវការជាមួយសាធារណរដ្ឋប្រជាមានិតចិនវិញ។
តាំងពីពេលនោះមក ចិនកុម្មុយនិស្តឈប់ប្រើពាក្យរំដោះតៃវ៉ាន់នៅក្នុងសុន្ទរកថាជាផ្លូវការហើយស្នើនៅឆ្នាំ១៩៨៣ឲ្យតៃវ៉ាន់ទទួលយកលក្ខន្តិកៈជាតំបន់រដ្ឋបាលពិសេស ពោលគឺតៃវ៉ាន់អាចបន្តរក្សាស្វ័យភាពនិងប្រព័ន្ធគ្រប់គ្រងដាច់ដោយឡែករបស់ខ្លួនតទៅទៀតបន្ទាប់ពីបង្រួបបង្រួមជាមួយចិនដីគោកហើយ។ តែកាលណោះ តៃវ៉ាន់ច្រានចោលមិនព្រមទទួលសំណើនេះ។ ម៉្លោះហើយ តាំងពីពេលនោះមក តំបន់ដៃសមុទ្រFormose ក្លាយជាចំណុចក្តៅគគុកជាងគេបង្អស់មួយនៅក្នុងលោក ដោយហេតុតែជម្លោះកាន់ខ្លាំងឡើង រវាងចិនដីគោកនិងចិនតៃវ៉ាន់។
ម្តងហើយម្តងទៀត ចិនដីគោកគំរាមថានឹងប្រើកម្លាំងទ័ពវាយយកតៃវ៉ាន់។ ថ្នាក់ដឹកនាំចិនអះអាងថា នឹងមានអន្តរាគមន៍យោធាភ្លាមមួយរំពេច បើសិនជាទីមួយ តៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ ទីពីរបើសិនជាតៃវ៉ាន់ហ៊ានបង្កើតកម្មវិធីនុយក្លេអ៊ែរ ក្នុងគោលដៅផលិតគ្រាប់បែកបរមាណូ និងទីបីបើសិនជាតៃវ៉ាន់នៅតែចចេសមិនព្រមចរចា ដើម្បីបង្រួបបង្រួមចិនទាំងពីរឲ្យទៅជាចិនតែមួយទេនោះ។
សហរដ្ឋអាមេរិកវិញ បន្តលាក់បាំងបំណងពិតប្រាកដរបស់ខ្លួន។ នៅម្ខាង អាមេរិកទទួលស្គាល់ជាផ្លូវការគោលការណ៍ប្រទេសចិនតែមួយ។ នៅម្ខាងទៀត អាមេរិកប្រឆាំងមិនឲ្យចិនកុម្មុយនិស្តប្រើកម្លាំងយោធាវាយយកតៃវ៉ាន់ទាំងកម្រោល។ និយាយបែបផ្សេង អាមេរិកចង់ឲ្យចិនដីគោកនិងចិនតៃវ៉ាន់អង្គុយចរចារកដំណោះស្រាយដោយសន្តិវិធី។ នៅក្នុងបរិបទបែបនេះ អាមេរិកចាំបាច់ត្រូវតែលាក់បាំងជំហរពិតប្រាកដរបស់ខ្លួន ធ្វើយ៉ាងណាកុំឲ្យតៃវ៉ាន់បានចិត្តហ៊ានប្រកាសឯករាជ្យ និងធ្វើយ៉ាងណាកុំឲ្យចិនកុម្មុយនិស្តឡើងដៃ ហ៊ានប្រើទ័ពវាយយកតៃវ៉ាន់។