
លោក វេជ្ជបណ្ឌិត Beat Richner ជនជាតិស្វីស ដោយលោកបានកើតនៅថ្ងៃទី១៣ ខែមិនា ឆ្នាំ ១៩៤៧ និងបានទទួលមរណភាពនៅថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៨ ហើយលោកគឺជាវេជ្ជបណ្ឌិតកុមារ និង ជាអ្នកលេងឧបករណ៍សេឡូ ។ លោកបានបង្កើតមន្ទីពេទ្យកុមារ ជាច្រើននៅព្រះរាជាណាចក្រកម្ពុជា គាត់ជាអ្នកបង្កើតមូលនិធិគន្ធបុប្ផា និង ជាប្រធានមូលនិធិនេះទៀតផង។
បន្ទាប់ពីទទួលបានសញ្ញាប័ត្រវេជ្ជសាស្ត្រ ជំនាញវេជ្ជវិជ្ជាខាងកុមារ ក្នុងឆ្នាំ១៩៧៣ លោកវេជ្ជបណ្ឌិត Beat Richner ធ្វើជាពេទ្យកុមារ នៅឯមន្ទីពេទ្យកុមារនៅទីក្រុងហ្សូរិច។ ក្រោយមកនៅពេលធ្វើការជាមួយកាកក្របាទក្រហមស្វីស លោកត្រូវបានបញ្ជូនមកកម្ពុជា និង បានធ្វើការនៅមន្ទីពេទ្យគន្ធបុប្ផានៅទីក្រុងភ្នំពេញក្នុងចន្លោះឆ្នាំ១៩៧៤ ។
មន្ទីពេទ្យនេះត្រូវបានប្រសិទ្ធនាម ដើម្បីជាការចងចាំដល់សម្ដេច ព្រះអង្គម្ចាស់នរោត្តម គន្ធបុប្ផា (១៩៤៨-១៩៥២) ដែលជាព្រះរាជបុត្រីនៃព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តមសីហនុ ដែលបានសោយវិលាល័យក្នុងព្រះជនក្មេងវស្សា។ នៅពេលដែលខ្មែរក្រហមបានកាន់កាប់ប្រទេសកម្ពុជា លោកត្រូវបានបង្ខំចិត្តចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសស្វីសវិញ និង បន្តការងារនៅមន្ទីពេទ្យកុមារនៅទីក្រុងហ្សូរិច។
ក្នុងដំណើរអាជីពជាវេជ្ជបណ្ឌិត និង ដោយមានចំណាប់អារម្មណ៍ខាងតន្ត្រីផងដែរនោះ លោកវេជ្ជបណ្ឌិត រិចន័រ បានបង្កើតតួអង្គមួយហៅថា Beatocello (Beat គឺជាឈ្មោះរបស់លោក និង Cello ជាឧបករណ៍តន្ត្រីសេឡូ) ដែលជាការួមបញ្ចូលគ្នារវាងសិល្បៈ និង តួអង្គត្លុកកំប្លែងកំពុងលេងសូឡូ។ លោកបានដើរតួនាទីជាតួអង្គ Beatcello នេះដើម្បីស្វែងរកមូលនិធីជូនគន្ធបុប្ផា ព្រមទាំងបានបោះពុម្ភសៀវភៅកុមារជាច្រើនដែលផ្អែកលើ Beatcello នេះផងដែរ។
នៅខែធ្នូ ១៩៩១ រិចន័របានត្រលប់មកប្រទេសកម្ពុជា និង បានឃើញការបំផ្លិចបំផ្លាញបានកើតឡើងជាបន្តបន្ទាប់ ដែលជាលទ្ធផលពីសង្គ្រាម។ លោកត្រូវបានស្នើសុំអោយបើក និង សាងសង់មន្ទីពេទ្យនេះឡើងវិញដោយរដ្ឋាភិបាលកម្ពុជា។ លោករិចន័រ បានត្រលប់មកកម្ពុជាជាផ្លូវការវិញ និង បង្កើតមូលនិធីគន្ធបុប្ផានៅខែមិនា ១៩៩២ ហើយមន្ទីពេទ្យគន្ធបុប្ផាត្រូវបានបើកទ្វារឡើងវិញនៅខែវិច្ឆិកា ឆ្នាំ ១៩៩២ រហូតដល់សព្វថ្ងៃនេះ មន្ទីពេទ្យបានពង្រីកមានសាខាចំនួន៦ផងដែរ។
តាមរយៈតួអង្គ Beatcello លោកវេជ្ជបណ្ឌិត រិចន័រ បានសម្ដែងស្វែងរកមូលនិធីដោយមិនគិតថ្លៃ ក្នុងការប្រគុំតន្ត្រីនៅ មន្ទីពេទ្យជ័យវរ្ម័នទី៧ នៅខេត្តសៀមរាប។ ការសម្ដែងរួមមានការលេងសូឡូ និង ថ្លែងសុន្ទរកថាពីបញ្ហាសុខភាពនៅកម្ពុជា។ គាត់បានសុំភ្ញៀវទេសចរណ៍ក្មេងៗឲ្យបរិច្ចាគឈាម និង សុំថវិការពីភ្ញៀវទេសចរណ៍ចំណាស់ៗ និង សុំទាំងពីចំពោះភ្ញៀវទេសចរណ៍ដែលមានអាយុចន្លោះនេះ។ ការងារមនុស្សធម៌របស់លោកត្រូវបានគេផលិតជាឯកសារភាពយន្តចំនួន ៦ គឺ
- Beat at the Pagoda (1997)
- The beat Goes On (1999)
- Depardieu goes for Beatocello (2002)
- Money or blood (2004)
- 15 years of Kantha Bopha(2007)
- Beatocello’s Umbrlla (2012) និងក្នុងឆ្នាំ2006 Dr.Beat and Passive Genocie of Children
មន្ទីពេទ្យគន្ធបុប្ផា១ (មន្ទីពេទ្យដំបូង)
នៅខែធ្នូ ឆ្នាំ ១៩៩១ លោកវេជ្ជបណ្ឌិតរីចណឺរ ត្រូវបានស្នើដោយព្រះមហាក្សត្រនរោត្តមសីហនុ និង រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាង និង គ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផាដែលត្រូវបានបំផ្លាញក្នុងសម័យសង្គ្រាម។ ជាថ្មីម្តងទៀតជីវិតរបស់គាត់បានផ្លាស់ប្តូរមួយរំពេច ហើយលោកវេជ្ជបណ្ឌិតបានទទួលយកការងារនេះ។
នៅខែមិនា ឆ្នាំ១៩៩២ គាត់បានបង្កើតមូលនិធិមួយនៅទីក្រុង Zurich ហើយបានផ្លាស់មកទីភ្នំពេញ ដោយបានចាប់ផ្តើមការងារសាងសង់ឡើងវិញ។
នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ១៩៩២ មន្ទីរពេទ្យគន្ធបុប្ផាបានដំណើរការឡើងវិញហើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់មន្ទីរពេទ្យត្រូវបានពង្រីក និង កែប្រែជាបន្តបន្ទាប់ដើម្បីឆ្លើយតបនឹងតម្រូវការបន្ទាន់បំផុតរបស់អ្នកជំងឺ។ ដោយឡែកពាក្យថា «គន្ធបុប្ផា» គឺជាឈ្មោះរបស់មនុស្សជាទីស្រឡាញ់របស់សម្តេចសីហនុដែលបានសោយទីវង្គត់ដោយរោគឈាមក្នុងឆ្នាំ ១៩៥២ នៅក្នុងព្រជន្មាយុ ៣ ព្រះវស្សា។

មន្ទីពេទ្យគន្ធបុប្ផា២ (មន្ទីពេទ្យសាខាទី២)
ក្នុងឆ្នាំ ១៩៩៥ មន្ទីរពេទ្យគន្ធបុប្ផាទី ១ មានសភាពចង្អៀតណែនណាន់តាន់តាប់ដោយមានអ្នកជម្ងឺជាង ១០០០ នាក់ជារៀងរាល់ថ្ងៃ និង មានអ្នកជម្ងឺសម្រាកក្នុងមន្ទីរពេទ្យជាង ៣៥០ កន្លែង។ បន្ទាប់ពីប្រមើលមើលក្នុងស្ថានភាពបែបនេះ សម្តេចព្រះនរោត្តមសីហនុបានផ្តល់ដីនៅព្រះបរមរាជវាំងរបស់ព្រះអង្គនៅភ្នំពេញដើម្បីសាងសង់មន្ទីរពេទ្យថ្មីមួយ។
នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ១៩៩៦ មន្ទីរពេទ្យកុមារទី ២ ត្រូវបានបើកសម្ពោធដោយមានវត្តមានរបស់សម្តេចព្រះនរោត្តមសីហនុ និង លោកហ្សង់ផាស្កាឡាឌីម៉ារ៉ាសប្រធានក្រុមប្រឹក្សាសហព័ន្ធស្វីស។

តែម្នាក់ឯងប្រឆាំងនឹងប្រព័ន្ធ និង ការរើសអើងនៃអ្នកក្រីក្រ
គោលនយោបាយ និង យុទ្ធសាស្ត្ររបស់អង្គការសុខភាពពិភពលោក និង អង្គការក្រោមឱវាទជាច្រើនទាក់ទងនឹងថ្នាំនៅក្នុងប្រទេសក្រីក្រ។ ក្នុងករណីរបស់យើងប្រទេសកម្ពុជាបណ្តាលឱ្យមានមនុស្សរាប់ពាន់នាក់បានស្លាប់ និង អ្នករងគ្រោះដោយសារខួរក្បាលជាច្រើនពាន់នាក់ផងដែរ។
គោលនយោបាយនេះដែលយើងសម្គាល់ថាជាថ្នាំព្យាបាលមិនល្អសម្រាប់ប្រជាជនក្រីក្ រនៅក្នុងប្រទេសក្រីក្រ មិនត្រឹមតែមិនមានប្រសិទ្ធភាពប៉ុណ្ណោះទេ វាពិតជាបង្កគ្រោះថ្នាក់ដល់ការខូចខាតនិងបំផ្លាញជីវិតមនុស្សរាប់ពាន់នាក់។
គោលការណ៍នេះសំដៅទៅលើការប្រល័យពូជសាសន៍អកម្ម។ អង្គការទាំងនេះនិងអ្នកគាំទ្ររបស់ពួកគេត្រូវបានអំពាវនាវឱ្យទទួលយកការទទួលខុសត្រូវរបស់ពួកគេហើយផ្លាស់ប្តូរគោលនយោបាយនិងយុទ្ធសាស្ត្ររបស់ពួកគេ។
មានចំណុចតិចតួចដែល ៣០ ឆ្នាំចាប់ពីពេលនេះតទៅក្នុងការត្អូញត្អែរអំពីសោកនាដកម្មនៃ ថ្ងៃនេះ និង ២០ ឆ្នាំកន្លងមកដែលបណ្តាលមកពីគោលនយោបាយមិនត្រឹមត្រូវរបស់អង្គការសុខភាពពិភពលោក។ យើងជំរុញសហគមន៍អន្តរជាតិឱ្យមានភាពក្លាហានក្នុងការទទួលស្គាល់ភាពសាហាវឃោរឃៅ និង ភាពភ័យរន្ធត់នៃស្ថានភាពនិងធ្វើសកម្មភាពសមរម្យ ដែលផ្ដល់ដល់ភាពស្មើរគ្នាក្នុងការព្យាបាល និង ផ្ដល់ថ្នាំព្យាបាលល្អ និង មានគុណភាពដោយមិនមានការរើសអើង ដោយលោកវេជ្ជបណ្ឌិត Beat Richner ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ១៩៩៨។
មន្ទីពេទ្យ ព្រះបាទជ័យវរ្ម័នទី ៧ (មន្ទីរពេទ្យសាខាទី ៣)
នៅថ្ងៃទី ៩ ខែមីនា ឆ្នាំ១៩៩៨ ដីត្រូវបានផ្តល់ដោយសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ចម ប្រសិទ្ធរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនាពេលនោះ ដើម្បីសាងសង់មន្ទីរពេទ្យកុមារទី ៣ នៅខេត្តសៀមរាប ដែលមានទីតាំងក្បែរប្រាសាទអង្គរវត្ត។
មន្ទីរពេទ្យកុមារទីបីរបស់លោកវេជ្ជបណ្ឌិត Beat Richner បានបើកដំណើរការនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ១៩៩៩ ជាឧបសម្ព័ន្ធនៃមន្ទីរពេទ្យគន្ធបុប្ផាទី ១ និង ទី ២។ ដូចនៅមន្ទីរពេទ្យដទៃទៀតដែរ ការព្យាបាលនៅតែមិនគិតថ្លៃសម្រាប់កុមារគ្រប់រូប។ វាមានមជ្ឈមណ្ឌលបង្ការ និង អប់រំសុខភាពធំ មានបន្ទប់ សម្រាកព្យាបាលធំទូលាយ និង កន្លែងធំទូលាយសម្រាប់ការថែទាំសុខភាព និង ការព្យាបាលឱ្យបានត្រឹមត្រូវចំពោះកុមារដែលមានបញ្ហាធ្ងន់ធ្ងរ ដែលជីវិតរបស់ពួកគេកំពុងស្ថិតក្នុងគ្រោះថ្នាក់។
ការរចនានៃមន្ទីរពេទ្យនេះគឺជាលទ្ធផលនៃបទពិសោធន៍រយៈពេល ៧ ឆ្នាំដំណើរការមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ។ វាដើរតួជាគំរូសកលនៃរបៀបសាងសង់និង រៀបចំមន្ទីរពេទ្យដែលប្រឈមមុខទៅនឹងស្ថានភាពស្រដៀងគ្នាផងដែរ។

មណ្ឌលសម្ភពសម្រាប់ម្តាយដែលមានផ្ទុកមេរោគអេដស៍
ក្នុងពិធីសម្ពោធមន្ទីរពេទ្យកុមារជ័យវរ្ម័នទី ៧ នៅខេត្តសៀមរាប សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសនៅចំពោះមុខសម្តេចព្រះនរោត្តមសីហនុថា រដ្ឋាភិបាលនឹងផ្តល់ដីបន្ថែមសម្រាប់មន្ទីរពេទ្យ។ លោក Beat Richner អាចសាងសង់និងបញ្ចប់អាគារសម្ភពសំរាប់ម្តាយដែលមានផ្ទុកមេរោគអេដស៍នៅជិតមន្ទីរពេទ្យជ័យវរ្ម័នទី ៧ នៅខេត្តសៀមរាបអង្គរ។
កម្មវិធីពិសេសមួយត្រូវបានបង្កើតឡើងដើម្បីការពារទារកទើបនឹងកើតពីការឆ្លងមេរោគអេដស៍ពីម្តាយ។ ពិធីសម្ពោធនេះបានធ្វើឡើងនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០០១។ នៅខែមីនា ឆ្នាំ២០០៥ ផ្នែកបន្ថែមដល់មន្ទីពេទ្យព្រះបាទជ័យវរ្ម័នទី ៧ ត្រូវបានបើកដោយផ្តល់គ្រែចំនួន ៣៥០ បន្ថែមទៀត។

មន្ទីរពេទ្យគន្ធបុប្ផាទី៤ (មន្ទីរពេទ្យទី៤)
នៅឆ្នាំ ២០០៤ មន្ទីរពេទ្យគន្ធបុប្ផាទី១ ក្នុងរាជធានីភ្នំពេញមានទំហំតូចហើយអគារ ២ ក្នុងចំណោមអគារទាំង ៣ ស្ថិតក្នុងស្ថានភាពចាស់ និង គ្រោះថ្នាក់។ បើគ្មានអគារថ្មីទេគន្ធបុប្ផា មិនអាចដំណើរការបានតទៅទៀតទេ។ ការសាងសង់មន្ទីរពេទ្យថ្មីបានចាប់ផ្តើមនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ២០០៤ បន្ទាប់ពីដីមួយចំនួននៅជាប់នឹងវត្តភ្នំត្រូវបានទិញ។
មន្ទីរពេទ្យគន្ធបុប្ផាទី ៤ ថ្មីត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០០៥ ដោយព្រះវត្តមានព្រះបាននរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ អគារមួយនៃអគារគន្ធបុប្ផា ១ បានបន្តប្រើប្រាស់ហើយអគារផ្សេងទៀតត្រូវបានជម្លៀសចេញហើយក្រោយមកត្រូវបានជួសជុលឡើងវិញ។ គន្ធបុប្ផាទី ៤ មានទំនាក់ទំនងជាមួយគន្ធបុប្ផាចាស់ ១។

មន្ទីរពេទ្យគន្ធបុប្ផាទី ៤ (មន្ទីរពេទ្យចុងក្រោយក្នុងរាជធានីភ្នំពេញ)
មិនយូរប៉ុន្មានបន្ទាប់ពីការសម្ពោធមន្ទីរពេទ្យគន្ធបុប្ផាទី៤ មន្ទីរពេទ្យនេះមានសភាពចង្អៀតណែនណាន់តាន់តាប់។ ហើយនៅឆ្នាំ ២០០៦ ចំនួនអ្នកជម្ងឺនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញបានកើនឡើង ៥០% ។ វាត្រូវបានគេសម្រេចចិត្តសាងសង់គន្ធបុប្ផាទី៥ ដែលត្រូវបានសម្ពោធនៅថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០០៧ ក្រោមវត្តមានរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី រួមជាមួយសម្តេច ហ៊ុន សែន និង សមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា។
មន្ទីរពេទ្យគន្ធបុប្ផាទី៥ មានស្ថានីយ៍បង្ការ កាំរស្មីអ៊ិច fluoroscopy អ៊ុលត្រាសោន មន្ទីរពិសោធន៍ និង ៩ បន្ទប់មាន ៣៤ គ្រែ នៅក្នុងបន្ទប់នីមួយៗ (សរុបប្រមាណជា ៣០០ គ្រែ) ។ បន្ថែមពីលើនេះមានបន្ទប់សន្និសីទ និង បណ្ណាល័យវេជ្ជសាស្ត្រ។ ការចំណាយមានចំនួនប្រមាណជា ៩ លានដុល្លារ។

បច្ចុប្បន្ននេះ មន្ទីពេទ្យគន្ធបុប្ផាមានបុគ្គលិកចំនួន ២៤០០នាក់ ដោយមានតែលោកវេជ្ជបណ្ឌិត រិចន័ និង លោក វេជ្ជបណ្ឌិត ដេនិស ឡូរ៉ង ដែលជាប្រធានរោគសាស្ត្រតែប៉ុណ្ណោះ ដែលជាជនបរទេសធ្វើការក្នុងមន្ទីពេទ្យ។
លោកវេជ្ជបណ្ឌិត រិចន័រ ត្រូវបានប្រសិទ្ធនាមជា ជនជាតិស្វីសប្រចាំឆ្នាំ ក្នុងឆ្នាំ ២០០២។ មន្ទីពេទ្យទាំង៥ដែលកសាងដោយលោកវេជ្ជបណ្ឌិត រិចន័រ និង មូលនិធិគន្ធបុប្ផាមានទីតាំងស្ថិតនៅទីក្រុងសំខាន់ៗនៃព្រះរាជាណាចក្រកម្ពុជា។ មន្ទីពេទ្យទាំងអស់ផ្ដល់ជូននូវសេវាសុខភាពដោយមិនគិតថ្លៃ។ គន្ធបុប្ផាទី១ ទី២ ទី៤ (បើកដំណើរនៅខែធ្នូ ឆ្នាំ២០០៥) ទី៥ (បើកដំណើរនៅខែធ្នូ ឆ្នាំ២០០៧) មានទីតាំងនៅទីក្រុងភ្នំពេញ និង មន្ទីពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ស្ថិតនៅខេត្តសៀមរាប។
មន្ទីពេទ្យគន្ធបុប្ផា ជួយព្យាបាលកុមារកន្លះលាននាក់ដោយមិនគិតថ្លៃក្នុងមួយឆ្នាំៗ ដោយមានកុមារឈឺធ្ងន់ធ្ងរប្រហែល ១០០.០០០នាក់។ ជំងឺភាគច្រើនរួមមានរលាកស្រោមខួរ គ្រុនចាញ់ គ្រុនឈាម និង គ្រុនពោះវៀន ហើយភាគច្រើនធ្វើអោយកាន់តែធ្ងន់ធ្ងរដោយជំងឺរបេង ដែលជាឃាតករលេខ១។ អត្រាការស្លាប់ក្នុងមន្ទីពេទ្យគឺទាបបំផុត១%។ លោកវេជ្ជបណ្ឌិត រិចន័រ បានបញ្ជាក់ថាលើសពី៨០% នៃជំងឺកុមារនៅកម្ពុជាត្រូវបានធ្វើការព្យាបាលនៅមន្ទីពេទ្យគន្ធបុប្ផា។
មូលនិធីរបស់មន្ទីពេទ្យជាអាទិ៍ត្រូវបានបរិច្ចាគដោយប្រជាជនស្វីស។ ការចំណាយប្រតិបត្តិការណ៍ក្នុងឆ្នាំ២០០៦ គឺមានចំនួន ១៧លានដុល្លាសហរដ្ឋអាមេរិក។ ចាប់តាំងពីចាប់ផ្ដើមមូលនិធិពីឆ្នាំ ១៩៩១មក ថវិកាទទួលបានពីការបរិច្ចាគគឺ ៣៧០លានដុល្លារសហរដ្ឋអាមេរិក។
នៅក្នុងរយះពេលជាង ២៦ឆ្នាំមកនេះ លោកវេជ្ជបណ្ឌិត រិចន័រ បានពង្រីកសាខាមន្ទីពេទ្យគន្ធបុប្ផារហូតដល់ទៅ៦កន្លែងទាំងនៅភ្នំពេញ និង ខេត្តសៀមរាប។ ស្ថាបនិកនៃមន្ទីពេទ្យគន្ធបុប្ផា បានទទួលមរណៈភាពនៅឯស្រុកកំណើតរបស់លោក មន្ទាប់ពីលោកទ្រាំទ្រនិងជំងឺ។
សេចក្ដីជូនដំណឹងដែលត្រូវបានផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករបស់លោកវេជ្ជបណ្ឌិត រិចន័រ បានឲ្យដឹងថា ស្ថាបនិកនៃមន្ទីពេទ្យសប្បុរសធម៌រូបនេះ បានទទួលមរណៈភាពនៅថ្ងៃទី០៩ ខែ កញ្ញា ឆ្នាំ២០១៨ម៉ោង ២ និង ៤៥នាទីព្រឹកម៉ោងនៅប្រទេសស្វីស ក្នុងជន្មាយុ៧១ឆ្នាំ បន្ទាប់ពីលោកបានចាកចេញពីប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧។