
របបនយោបាយនៃប្រទេសព្រុយណេ ដែលជារាជានិយមផ្តាច់ការ ព្រុយណេមិនដែលស្គាល់អស្ថិរភាពនយោបាយម្តងណាឡើយ នារយៈពេលជាង៤០ឆ្នាំកន្លងមកនេះ។ មិនតែប៉ុណ្ណោះ ទាំងថ្នាក់ដឹកនាំទាំងប្រជាពលរដ្ឋ ដូចជាស្ពឹក មិនសូវខ្វល់ខ្វាយពីអនាគតកាល ដោយហេតុតែរាជាណាចក្រដ៏តូចមួយនេះរស់ក្នុងភាពរុងរឿង សម្បូរប្រាក់ចាយ បា្រក់ដែលបានមកពីការលក់ប្រេងកាតនិងឧស្ម័នធម្មជាតិ។ ក៏ប៉ុន្តែអនាគតនៃប្រទេសព្រុយណេ មិនច្បាស់ជាមានភាពត្រចះត្រចង់ទេ។

ព្រុយណេជារាជាណាចក្រដ៏តូចមួយ នៅប៉ែកខាងជើងនៃកោះប័រនេអូ(Bornéo)។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានទទួលឯករាជ្យពីប្រទេសអង់គ្លេសនៅឆ្នាំ១៩៨៤ និងឋិតនៅក្រោមការគ្រប់គ្រងជិត៥០ឆ្នាំកន្លងមកហើយរបស់ស៊ុលតង់អាស្សាណាល បូលក្ចា(Hassanal Bolkiah) ដែលជាព្រះប្រមុខរដ្ឋ ជានាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
ផលិតផលដុលក្នុងស្រុករបស់ប្រជាជនព្រុយណេម្នាក់ៗកើនរហូតដល់ទៅជិត៣៥០០០ដុល្លារក្នុងមួយឆ្នាំ រីឯប្រាក់ចំណូលមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋព្រុយណេ ម្នាក់ៗវិញមានរហូតដល់ទៅ២៧ ០០០ដុល្លារ។ ម្ល៉ោះហើយ ប្រជាជនព្រុយណេមានជីវភាពធូរធារ មិនចាញ់ប្រជាជនសិង្ហបុរីប៉ុន្មានទេ។

នេះក៏ដោយសារតែព្រុយណេមានប្រជាជនតិច គឺប្រមាណជា៤០ ០០០០នាក់ប៉ុណ្ណោះ និងដោយសារតែទឹកដីព្រុយណេ សម្បូរទៅដោយប្រេងកាតនិងឧស្ម័នធម្មជាតិដែលតំណាងរហូតដល់ទៅ៩៥%នៃប្រាក់ចំណូលប្រចាំឆ្នាំរបស់រដ្ឋនិងជាង៩០%នៃផលិតផលនាំចេញទាំងស្រុងរបស់ប្រទេស។ ព្រុយណេលក់ប្រេងកាតនិងឧស្ម័នធម្មជាតិជាពិសេសទៅឱ្យជប៉ុននិងកូរ៉េខាងត្បូង។
ក្រៅពីថាមពលដែលជាចន្ទល់សេដ្ឋកិច្ចនៃប្រទេស វិស័យដទៃផ្សេងមានលក្ខណៈតូចតាចឬផុយស្រួយ ដូចយ៉ាងឧស្សាហកម្មកាត់ដេរ កសិកម្ម សិប្បកម្ម។ យ៉ាងណាក៏ដោយ ប្រជាជនព្រុយណេរស់នៅក្នុងភាពរុងរឿងនិងក្នុងភាពសុខដុមរមនាពុំចាំបាច់បង់ពន្ធដារទេ ប្រើបា្រស់ឥណទានគ្មានការប្រាក់សម្រាប់ទិញឡានជិះ ចាក់សាំងដែលមានតម្លៃថោកមែនទែន ទៅរៀននិងព្យាបាលជម្ងឺដោយមិនចាំបាច់បង់ប្រាក់។
នៅក្នុងបរិបទបែបនេះហើយ ដែលស៊ុលតង់អាស្សាណាល បូលក្ចាអាចគ្រប់គ្រងប្រទេសបានជាងបួនទសវត្សរ៍កន្លងមកហើយ ដោយគ្មានបក្សជំទាស់ គ្មានសេរីភាពសារព័ត៌មានហើយក៏គ្មានដែរអ្នកទោសនយោបាយ។ មានតែគណបក្សនយោបាយមួយគត់ នោះគឺបក្សអភិវឌ្ឍន៍ជាតិ។

ប្រទេសព្រុយណេគ្មានឡើយ សិទ្ធិបោះឆ្នោត គ្មានឡើយការបោះឆ្នោតប្រជាធិបតេយ្យ។ តាំងពីបានឯករាជ្យនៅឆ្នាំ១៩៨៤មក សមាសភាពរបស់រដ្ឋាភិបាលត្រូវបានរុះរើតែម្តងគត់ គឺនៅខែឧសភាឆ្នាំ២០០៥។ កាលណោះ បុត្រស្នងរាជរបស់ស៊ុលតង់អាស្សាណាល បូលក្ចា បានទទួលតំណែងជាSenior Minister”ឧត្តមរដ្ឋមន្រ្តី”មានឋានៈលំដាប់ទី២នៅក្នុងជួររដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ ព្រះអនុជរបស់ស៊ុលតង់ព្រុយណេ គឺម៉ូហាម៉េដ បូលក្ចា(Mohamed Bolkiah) ជារដ្ឋមន្រ្តីក្រសួងការបរទេស និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មទៀតផង។
ប៉ុន្តែប្រជាជនព្រុយណេ មិនអាចបន្តរស់អ៊ីចឹង ក្នុងភាពសម្បូរសប្បាយយូរលង់តទៅមុខបានទៀតទេ ពីព្រោះយ៉ាងយូរ២០ឆ្នាំទៀតខាងមុខនេះ អណ្តូងប្រេងកាតទាំងប៉ុន្មាននឹងត្រូវរីងស្ងួត រីឯឧស្ម័នធម្មជាតិវិញក៏នឹងត្រូវអស់រលីង នៅ៣០ឆ្នាំទៀតខាងមុខនេះដែរ។
ដើម្បីត្រៀមខ្លួនប្រឈមមុខនឹងទស្សនវិស័យនៃការអស់ប្រេងកាតនិងអស់ឧស័្មនធម្មជាតិនេះ ការិយាល័យរបស់ស៊ុលតង់ដែលជាស្ថាប័នក្តាប់អំណាចសឹងទាំងស្រុង បានផ្សព្វផ្សាយជាសាធារណៈ នៅខែមករាឆ្នាំ២០០៨ ផែនការមួយដែលគេប្រសិទ្ធិនាមឲ្យថា«ចក្ខុនិមិត្តសម្រាប់ព្រុយណេ នៅឆ្នាំ២០៣៥»។
ផែនការនេះគ្រោងបង្កើតនៅគ្រប់ទីកន្លែងក្នុងប្រទេស សកម្មភាពសេដ្ឋកិច្ចថ្មី ដែលមិនទាក់ទងសោះឡើយទៅនឹងវិស័យថាមពល រួមមានជាអាទិ៍ បច្ចេកវិជា្ជខាងព័ត៌មានវិទ្យា និងធនាគារ។ ទន្ទឹមនេះ ស៊ុលតង់អាស្សាណាល បូលក្ចា ក៏គ្រោងបង្កើនគុណភាពនៃប្រព័ន្ធអប់រំជាតិដែរ ដោយចង់ពង្រីកចំណេះដឹងរបស់អនាគតប្រជាជនសកម្ម ឲ្យចេះបង្កើតនិងដឹកនាំក្រុមហ៊ុនខ្នាតតូចនិងខ្នាតមធ្យម។

ក្រៅពីនេះ ផែនការ«ចក្ខុនិមិត្តសម្រាប់ឆ្នាំ២០៣៥» ក៏គ្រោងថានឹងលើកស្ទួយវិស័យឧស្សាហកម្មទេសចរណ៍ ឧស្សាហកម្មផលិតAluminium និងឧស្សាហកម្មផលិតMéthanol ។ល។និង។ល។ ការិយាល័យរបស់ស៊ុលតង់ អាស្សាណាល បូលក្ចា ថែមទាំងបានអះអាងថា ផែនការនេះនឹងធ្វើឲ្យព្រុយណេ អាចចូលទៅក្នុងក្រុមបណ្តាប្រទេសអ្នកមានជាងគេទាំង១០ នៅក្នុងពិភពលោក នៅឆ្នាំ២០៣៥ទៀតផង។
ក៏ប៉ុន្តែ មានតែគំនិតមិនគ្រប់គ្រាន់ទេ ត្រូវចេះអនុវត្តវាថែមទៀត។ ហើយការអនុវត្តន៍ជាក់ស្តែងនឹងច្បាស់ជាប្រទះនឹងបញ្ហាមួយចំនួនសែនស្មុគស្មាញ។ បញ្ហាទីមួយ គឺរចនាសម្ព័ន្ធនៃសេដ្ឋកិច្ចព្រុយណេបច្ចុប្បន្ន រចនាសម្ព័ន្ធសេដ្ឋកិច្ចដែលស្ពឹក គ្មានថាមភាព និងគ្មានប្រសិទ្ធិភាព។
ដោយហេតុតែព្រុយណេជាប្រទេសអ្នកមានស្តុកស្តម្ភ រស់ដោយសារកម្រៃបានមកពីការលក់ប្រេងកាតនិងឧស្ម័ន ៧៥%នៃប្រជាជនសកម្មរបស់ប្រទេសនេះ ជាមន្ត្រីរាជការមិនសូវរហ័សរហួនក្នុងការងារ។ មិនតែប៉ុណ្ណោះ រាល់សំណុំរឿងនយោបាយ សេដ្ឋកិច្ចនិងយោធា និង សូម្បីតែការចំណាយរបស់រដ្ឋដែលមានកម្រិតលើសពី២ ៥០០០ដុល្លារឡើងទៅ ត្រូវតែឆ្លងកាត់តាមស៊ុលតង់អាស្សាណាល បូលក្ចា ទាំងអស់ ជាហេតុធ្វើឲ្យអភិក្រមនៃសេចក្តីសម្រេចចិត្តប្រើពេលវែងឆ្ងាយនិង អូសបន្លាយយូរ។
ម៉្លោះហើយ ដើម្បីប្រឈមមុខនឹងអនាគតកាល ដែលមិនច្បាស់ជាមានភាពត្រចះត្រចង់ ដូចពេលនេះទេ ថ្នាក់ដឹកនាំព្រុយណេ និយាយឲ្យចំស៊ុលតង់ អាស្សាណាល បូលក្ចា ត្រូវតែចេះបណ្តុះបណ្តាលពីឥឡូវទៅឲ្យហើយគំនិតផ្តួចផ្តើមនៅក្នុងស្មារតីរបស់ប្រជាជន និងជាពិសេសចេះចែករំលែកអំណាច ពីការិយាល័យរបស់ស៊ុលតង់ទៅឲ្យស្ថាប័ននេះ ឬស្ថាប័ននោះកាន់កាប់ខ្លះ។
