
ព្រះបាទអង្គឌួង ប្រសូត្រនៅឆ្នាំ១៧៩៦។ ព្រះអង្គជាព្រះរាជបុត្រពៅរបស់ស្ដេចអង្គអេង (១៧៩៤-១៧៩៧) ហើយបានភៀសព្រះអង្គទៅគង់នៅប្រទេសថៃជាង១ទសវត្ស។ ព្រះអង្គឌួង ត្រលប់មកស្រុកខ្មែរវិញនៅឆ្នាំ១៨៤១ ដែលយើងអាចទុកថាព្រះអង្គសោយរាជ្យសម្បត្តិចាប់តាំងពីពេលនោះមកពិតមែន តែ ម្ចាស់ក្សត្រីអង្គម៉ី មិនទាន់ចូលទីវង្គត់នៅឡើយ។ដោយសទ្ធិសញ្ញារវាង សៀម និង យួន នៅខែធ្នូ ១៨៤៥ បានស្រុះស្រួលប្រគល់រាជបល្ល័ង្កខ្មែរមក ព្រះអង្គឌួងវិញ។
ព្រះអង្គឌួង បានទទួលពិធីរាជាភិសេក នៅឧត្តុង នាថ្ងៃ៧ ខែមិនា ១៨៤៨ ក្នុងជន្មាយុ៥២ព្រះវស្សា ហើយទ្រង់ព្រះនាមភិធេយ្យ “ព្រះបាទ សម្ដេចព្រះ ហរិរក្ស រាមាឥស្សរាធិបតី ព្រះស្រីសុរិយោពណ៍ បរមសុរេន្ទ្រា មហាចក្រពត្រាធិរាជ បរមរាជ”។
បន្ទាប់ពីឡើងសោយរាជ្យភ្លាម ព្រះអង្គចាប់ផ្ដើមកសាងប្រទេសឡើងវិញ ដោយថវិកាពីឃ្លាំងរាជវាំងបង្កើតស្ថាប័នផ្នែកសង្គមកិច្ច ពោលគឺប្រជារាស្ត្រក្រីក្រនិង ព្រះសង្ឃ អាចមកទទួលអាហារស្រស់ស្រូប និង ឆាន់ប្រចាំថ្ងៃ។ ព្រះអង្គបានបន្ថយពន្ធដារនានា ហើយសុវត្ថិភាពក៏បានកើតឡើងវិញក្នុងប្រទេសដោយព្រះអង្គបានបង្កើតរចនាសម្ព័ន្ធនានសម្រាប់បង្ក្រាបចោរកម្ម និង បទឧក្រិដ្ឋផ្សេងៗ។
នៅឆ្នាំ១៨៤៨ ព្រះអង្គឌួង បានបង្កើតតុលាការ សាលាឧទ្ទរណ៍ ហើយព្រះអង្គផ្ទាល់ជាអធិបតីលើតុលាការទី២នេះ។ ចាប់ពីឆ្នាំ១៨៥២ បានចាប់ផ្ដើមសើរើជាទូទៅ នូវមាត្រាច្បាប់នានា ដោយព្រះអង្គបានចូលរួមជាយ៉ាងសកម្ម។ព្រះអង្គបានអោយបោះប្រាក់រូបហង្ស នៅឆ្នាំ១៨៤៨ ហើយនិងបានកែប្រែរាជកិច្ចជាទូទៅ។
ព្រះអង្គចាប់ផ្ដើមអោយសង់កំពែង និង ផ្លូវគមនាគមណ៍ ហើយរវាងឆ្នាំ១៨៥០ ព្រះអង្គបញ្ជាអោយមន្ត្រីធ្វើកេណ្ឌប្រជាជន អោយធ្វើកំពែងដី ដើម្បីការពារប៉ែកខាងកើតរាជធានី ហើយបានយកថវិការពីឃ្លាំងរាជវាំងអោយកសាងផ្លូវថ្នល់ ដើម្បីអោយរាស្ត្រធ្វើស្រែ ចំការដឹកជញ្ជូនភោគផលទៅដល់កំពង់ផែភ្នំពេញ។
ក្នុងនាមជាព្រះរាជាដែលគិតដល់ អាយុ ជីវិតជាតិ ព្រះអង្គមានព្រះទ័យសោកស្ដាយជាខ្លាំង នៅពេលទ្រង់ជ្រាបថា មានទឹកដីខ្មែរជាច្រើនបាត់ បង់ទៅសៀម និងយួន។ ប៉ុន្តែដោយប្រទេសខ្មែរស្ថិតនៅក្នុងស្ថានភាពសេដ្ឋកិច្ចទន់ខ្សោយនិងខ្ទេចខ្ទាំដោយសង្គ្រាមផ្ទៃក្នុងទើបព្រះអង្គមិនអាចរកកម្លាំងដើម្បីដណ្ដើមទឹកដីទាំងនោះមកវិញ។ ម្យ៉ាងទៀតដើម្បី រំដោះប្រទេសឲ្យរួចផុតពីការបែងចែករបស់យួននិងសៀម គឺមានតែមធ្យោបាយមួយ ត្រូវពឹងមហាអំណាចអឺរ៉ុបណាមួយ ដើម្បីបង្ក្រាបសត្រូវទាំងពីរឲ្យចេញផុតពីទឹកដីខ្មែរ។
នៅឆ្នាំ១៨៥៤ ព្រះអង្គបានចាត់ទូតខ្មែរម្នាក់ឱ្យទៅទាក់ទងជាមួយទូតបារាំងដែលតាំងនៅសិង្ហបុរី ក្នុងគោលបំណងឱ្យបារាំងជួយការពារខ្មែរ ប៉ុន្តែគម្រោងការនេះបានត្រូវបរាជយ័ ដោយសាររឿងនេះលេចឭដល់ស្តេចសៀម ហើយស្តេចសៀមក៏បានគម្រាមព្រះបាទអង្គឌួងថា បើព្រះអង្គហ៊ានចុះសន្ឋិសញ្ញាចងសម្ពន្ឋ័ភាពជាមួយបារាំង សៀមនឹងលើកទព័ចូលមកកំទិច ខ្មែរជាមិនខាន។ ពេលឃើញបែបនេះ ព្រះបាទអង្គឌួងក៏មិនហ៊ានឱ្យលោក ដឺមុងទីញ៉ី ( De Montingny) ដែលជាតំណាងរបស់បារាំងចូលគាល់ឡើយ។ ឃើញដូច្នេះបារាំងក៏ផ្អាកការចុះសន្ឋិសញ្ញាសម្ពន្ឋ័ភាពបារាំងខ្មែរនេះទៅ។
ព្រះអង្គបានកែទម្រង់ពុទ្ធសាសនាដោយបញ្ជូនគណប្រតិភូ មានមន្ត្រីសេនាបតីខ្មែរ២រូប ទៅគាលើស្ដេចសៀមនៅថ្ងៃអង្គារ ១២ មេសា ១៨៥៣ ដើម្បីសូមអោយស្ដេចសៀមបញ្ជូនមកកម្ពុជាវិញនូវព្រះសង្គមួយអង្គដែលមានចំណេះដឹងខ្ពង់ខ្ពស់ខាងព្រះពុទ្ធសាសនា ព្រនាម ព្រះមហាប៉ាន ព្រមទាំសូមអោយយកទាំងគម្ពីព្រះត្រៃបីដកមកផង។ បានសេចក្ដីថាពុទ្ធសាសនា គណៈធម្មយុត្តិកនិកាយ ចូលមកម្ពុជាចាប់ពីពេលនោះមក។
ជនជាតិបារាំងម្នាក់ឈ្មោះ ហង់រី មូហូត (Henria Mouhot) បានជួបស្ដេចអង្គឌួងរវាងឆ្នាំ ១៨៥៨ ហើយបានសរសើរពីរូបសម្បត្តិព្រះអង្គថា៖ ព្រះអង្គប្រមាណ៦០ព្រះវស្សា មានព្រះកាយ ទាប ធាត់ក្រអាញ ព្រះកេសារខ្លី។ ទឹកព្រះភ័ក្របង្ហាញប្រាជ្ញាវៀងវៃ និង មានសមានចិត្តល្អ។
ព្រះអង្គឌួង បានកសាងរាជាណាចក្រឡើងវិញ ទាំងផ្នែកវប្បធម៌ ទាំងផ្នែកសេដ្ឋកិច្ច។ ព្រះអង្គបានរើបម្រាស់ចេញពីការត្រួតពិនិត្យ សៀម និង យួន ហើយងាកមករកបញ្ចឹមប្រទេសវិញ។ ព្រះអង្គបានចូលទីវង្គត់នៅឆ្នាំ១៨៦០។ ព្រះអង្គមានបុត្រពីរអង្គបានឡើងគ្រង់រាជ្យបន្តបន្ទាប់ស្នងព្រះអង្គ។
ព្រះបាទអង្គឌួង ជារាជឳរសសិលធម៌ និង ជាពុទ្ធសាសនិកជនយ៉ាងខ្លាំងខ្លា។ តាមការស្រាវជ្រាវដែលមានមកហើយ ស្នាព្រះហស្ដព្រះអង្គមាន រឿង កាកីនិពន្ធនៅឆ្នាំ១៨១៥ ច្បាប់ស្រី នៅឆ្នាម១៨៣៧។
ទាក់ទងនឹងរឿងកាកី
ចំពោះរឿងកាកី អ្នកសិក្សាអក្សរសិល្បិ៍ខ្មែរបានអោយតម្លៃយ៉ាងខ្ពស់ ជាពិសេសក្នុងសិល្បវិជ្ជា នៃការនិពន្ធកំណាព្យ។ កាកី ជាពាក្យបាលី មានន័យកា ក្អែកញី ហើយកាកីនេះទៀតផង ជាពាក្យសំគាល់តួអង្គឯកស្រីក្នុងរឿង ហើយនិង ជាចំណងជើងនៃរឿងទៀតផង។
រឿងកាកី ជនានុជនខ្មែរយើងស្គាល់សឹងតែរាល់រូប។ រឿងកាកីនេះទៀតសោត ក្រសួងសិក្សាធិការជាតិ បានបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី១ ទំនើប ចាប់តាំងពីស្រុកខ្មែរយើងបានរួចពីនឹមអាណានិគមបារាំងមក។ ពាក្យកាកី ក្នុងផ្នត់គំនិងខ្មែរយើង មានន័យជាអត្ថាបដិរូប សំគាល់ស្រីមានរូបល្អឆើតឆាយ តែចិត្តចើត រេដូចចុងស្រល់ ក្បត់ប្ដី ឬ សង្សារជានិរន្តរិ៍។
យើងសង្កេតឃើញសេចក្ដីប្រៀបធៀប ស្រីរូបល្អក្បត់ចិត្តប្ដីនេះ ទៅនឹងនាងកាកី ក្នុងចម្រៀងទំនើប ក្នុងប្រលោមលោក និង ក្នុងសំដីប្រជាជនទូទៅ។ ទាំងនេះបានសេចក្ដីថា រឿងកាកី មិនមែនស្គាល់តែនៅក្នុងមជ្ឈដ្ឋាន បញ្ញាវន្ត សិស្ស និស្សិត ឬ វណ្ណៈអ្នកដឹកនាំនោះទេ ពោលគឺរៀងនេះបានជ្រួតជ្រាបគ្រប់ស្រទាប់វណ្ណៈប្រជារាសស្ត្រ។ ដូចនេះរឿងកាកីមានប្រជាប្រិយភាព ជាទំហំជាតិទាំងឡាយ។
ការប្រមូលឯកសាររឿងកាកី
សាស្ត្រា និង ឯកសារ ដែលយើងរកឃើញនៅបណ្ដាល័យនានា ស្ដីពីរឿងកាកីនេះគឺ៖
- កាកី ជាសាស្ត្រាស្លឹករឹតមាន១ខ្សែរចប់ បានមកពីវត្តសិរីបទុម ខេត្តកំពង់ចាម តម្កល់ទុកនៅពុទ្ធសានបណ្ឌិត រហូតមកដល់ឆ្នាំ១៩៧៥ ចុះលេខ ៦៨១។
- កាកី ជាសាស្ត្រស្លឹករឹត១ ខ្សែ តម្កល់ទុកនៅសាលាបារាំងចុងបូព៌ាប្រទេស ក្រុងបារីស ចុះលេខ៧៨។
- កាកី ជាឯកសារសេរសេរដៃលើក្រដាសសៀវភៅ តម្កល់ទុកនៅសាលាបារាំងចុងបូព៌ាប្រទេសចុះលេខ១០២ ឬ ៣៧១ មាន៣១ទំព័រ។
- នាងកែវ កាក្យី ជាសាស្ត្រស្លឹតរឹត១ខ្សែ តម្កល់នៅបណ្ដាល័យជាតិ ក្រុងបារីសចុះលេខ ឥណ្ឌូចិន ១៣៧ បេ។
- នាងកាក្យី បោះពុម្ភនៅបារីស ដោយបណ្ណាគារ ប្លុងនួរី ក្នុង ឆ្នាំ១៩០១ មាន៧៦ទំព័រ។
- ប៉ាវី បោះពុម្ភផ្សាយរឿង នាងកាកី ក្នុងសៀវភៅលោក ដែលមានចំណងជើងថា ការស្រាវជ្រាវពីអក្សសិល្បិ៍នៅស្រុកខ្មែរ ស្រុកលាវ និង ស្រុកសៀម។ តែអត្ថបទនេះជាសេចក្ដីសង្ខេបខ្លីជាងឯកសារនានា។
ព្រះរាជនិពន្ធរបស់ព្រះអង្គឌួង ក្នុងអក្សរសិល្ប៍ខ្មែរមាន៖
១. រឿងចម្ប៉ាថោង និពន្ឋនៅឆ្នាំ១៨១០
២. រឿងព្រះវេស្សន្តរកម្រងកែវ (មិនចាំឆ្នាំ)
៣. រឿងកាកី និពន្ឋនៅឆ្នាំ១៨១៥
៤. ច្បាប់ស្រី និពន្ឋនៅឆ្នាំ១៨៣៧
តាមការសង្កេតក្នុងអារម្ភកថារឿង ពុំមានឃើញបញ្ជាក់ឈ្មោះកវីនិពន្ធអោយច្បាស់លាស់ទេ គ្រាន់តែមានសេចក្ដីបង្ហាញដូចពាក្យខាងដើមថា៖
“អង្គអញ ត្រកូលជាតិកំពូលកម្ពោជធានី…..” បានសេចក្ដីថាមវីនិពន្ធនៅក្នងត្រកូលស្ដេចផែនដី ជាកំពូលលើកម្ពុជាហើយបានចាកចេញពីស្រុកខ្មែរ ទៅស្រុកសៀមដូចសេចក្ដីស្រង់ថា៖ ចរចារបូរី បុរាណវេណី ទៅស្ថិតនៅនា ស្រទេពនគរ……។
ដូចនេះយើងពុំឃើញនាមកវីនិពន្ធអោយច្បាស់នោះទេ តែតាមការសិក្សា និង ការសង្កេតអោយលំអិតទៅ យើងពុំឃើញស្ដេចខ្មែរឯណាទៀតនៅសតវត្សទី១៩ ជាអ្នកប្រាជ្ញចិន្តកវីនោះទេ គឺមានតែព្រអង្គឌួងនេះឯង ដូចមានសេចក្ដីអះអាងរបស់សាស្ត្រាចារ្យ ឃួន សុខម្ភូ ថា៖ ប៉ុន្តែ ដូចជាអារម្ភបទរឿងកាកី ឬ ច្បាប់ស្រី ព្រះអង្គឌួង ដែលគ្មានប្រាប់ឈ្មោះព្រះអង្គក៏ពិតមែន តែទ្រង់ប្រាប់ថា ជាស្ដេចនៃកម្ពុជា។
អ្នកស្រាវជ្រាវជាតផ្នែកអក្សរសិល្បិ៍ខ្មែរទាំងអស់ ទាំងក្នុងប្រទេស និង ក្រៅប្រទេស បានមូលមាត់គ្នាថា រឿងកាកីនេះជា ស្នាព្រហស្ដព្រះអង្កឌួង គឺមាន អ្នកស្រី ពៅ សាវសេ លោក លាងហាប់អាន លោក លី ធាមតេង ហេង យ៉ាន់ និង ឃួន សុខម្ភូ ជាដើម។