ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិដ៏កំសត់របស់អ្នកប្រាជ្ញចាប៉ីដងវែងខ្មែរដ៏ល្បីល្បាញលោកតាប្រាជ្ញ ឈួន

ជា​ច្រើន​ទសវត្សរ៍មក​ហើយ​ដែល​លោក​ប្រាជ្ញ ឈួន​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ក្នុង​អាជីព​អ្នក​ច្រៀងចាប៉ី។​ ទោះបី​ជា​សព្វ​ថ្ងៃ​លោក​បាន​សម្រាក​ពី​ការ​ច្រៀង​ ហើយ​សុខភាពរបស់​លោក​ក៏​ចុះ​ទ្រុឌទ្រោម​ ប៉ុន្តែ​ឈ្មោះ​របស់​លោក​នៅ​តែ​នៅ​ជាប់​លើ​ទំព័រ​ប្រវត្តិសាស្រ្ត​សិល្បៈ​ភ្លេង​ខ្មែរ​ដដែល។​ ក្នុង​ទឹក​មុខ​ញញឹម​ញញែម​ លោក​ប្រាជ្ញ ឈួន ​បាន​បង្ហាញ​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​អ្នក​យក​ព័ត៌មាន​វីអូអេ​ ដោយ​សំនៀង​ចាប៉ី​អម​នឹង​ការ​ច្រៀង​ឥត​ព្រៀង​ទុក។​

នេះ​គឺ​ជា​ចម្រៀង​ដែល​មិន​បាន​គ្រោង​ទុក ​ក៏​ប៉ុន្តែ​លោក​ប្រាជ្ញ ឈួន​បាន​ចាប់​យក​ពាក្យ​មក​តម្រៀបជា​ចុង​ជួនស្ទើរ​តែ​ងាយ​ស្រួល​ជាង​លើក​ដុំ​ឥដ្ឋ​តម្រៀប​លើ​គ្នា​ទៅ​ទៀត។ ​ទេព​កោសល្យ​នេះ​បាន​ចារឹក​យ៉ាង​ច្បាស់​ក្នុង​អាជីព​របស់​លោក​ជា​អ្នក​ចម្រៀងចាប៉ី​រយៈ​ពេល​ជាង​៥០​ឆ្នាំ។​

ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បាញល្បីរបស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពហើយ នៅម៉ោងប្រមាណជាង ១ រំលងរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ បន្ទាប់ពីក្រុមគ្រួសារបានយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអស់ជាច្រើនថ្ងៃមក។

ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតី សពលោកតា ប្រាជ្ញ ឈួន ត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី ។

លោកតាប្រាជ្ញ ឈួន បានកើតនៅក្នុងគ្រូសារមួយ នៅខែតុលា ឆ្នាំ១៩៣៦ នៅភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុក ទ្រាំង ខេត្តតាកែវ។ ដោយសារតែមាននិស្ស័យខាងការច្រៀងចាប៉ីដងវែង នៅអាយុ១២ ឆ្នាំគាត់អាចច្រៀងចាបីបានយ៉ាងល្អគ្រាន់បើ ដោយមានការបង្ហាត់ និង ការជម្រុញពីបងប្រុស និង ឪពុកមារខាងឪពុករបស់គាត់ដែលជាអ្នកច្រៀងចាប៉ីដ៏ល្បីល្បាញមួយរូបផងដែរនៅក្នុងសម័យសង្គមរាស្ត្រនិយមគឺលោក ប៉ែន ឌុក ដែលប្រជាជនខ្មែរជាទូទៅ តែងស្គាល់ថា លោកតា ចង្កូម៨។

កាលដែលគាត់កាន់ចេះដេញចាប៉ី ហើយយល់ពីសំលេងរបស់ចាប៉ីកាន់តែច្បាស់ ជាហេតុធ្វើអោយគាត់កាន់តែមានចំណូលចិត្តកាន់តែខ្លាំងទៅលើវិស័យចាប៉ីដងវែង និង ធ្វើអោយគាត់កាន់តែប្រឹងប្រែងទ្វេរដង ព្រោះគាត់មើលពីភាពល្បីល្បាញរបស់សិល្បករចាប៉ីដងវែងនាសម័យនោះដូចជាលោក ប៉ែន ឌុក និង ស្មៀន ឈិន……។

ដោយសារតែជម្ងឺកញ្ជ្រិលបានធ្វើអោយគាត់ពិការភ្នែក តែអាចមើលឃើញព្រិលៗទាំងមិនច្បាស់ហើយ លោកតា ក៏ជាកូនសិស្សរបស់ព្រះសង្ឃព្រះនាម អេត សែន នៅវត្តប្រមរ។ ព្រះសង្ឃបានបង្ហាត់បង្រៀនបាលី ចម្រៀង កំណាព្យ និងរឿងនិទានអក្សរសិល្ប៍ផ្សេងៗដល់រូបលោកដែលជាហេតុធ្វើឲ្យលោកតាសម្បូរវោហារ និងចេះដឹងផ្នែកអក្សរសាស្ដ្របានច្រើន។

បន្ទាប់ធ្វើការហាត់រៀន ចេះ នូវចាប៉ីដវែង ទស្សនិកជនដំបូងគេរបស់គាត់គឺ អ្នកស្រុក អ្នកភូមិ ជាពិសេសនៅពេលមានបុណ្យនៅភូមិដូចជាបុណ្យដារលានភូមិ និង បុណ្យផ្សេងៗ ដោយ លោកតា ប្រាជ្ញ ឈួន ជាអ្នកចម្រៀងចាប៉ីដែលមានសំឡេងធំមូលក្រអួនប្រកបដោយទឹកដមនិងភាពប៉ិនប្រសព្វ។

កិត្តនាមរបស់គាត់កាន់តែមានភាពល្បីល្បាញពីភូមិមួយទៅ ភូមិមួយ ហើយ នៅឆ្នាំ ១៩៦២ លោកបានចូលរួម «ការប្រឡងប្រជែងដើម្បីជ្រើសរើសអ្នកចេះដឹងផ្នែកចាប៉ីដងវែង» របស់វិទ្យុជាតិ ហើយក៏បានឈ្នះការប្រកួតដោយទទួលបានចំណាត់ថ្នាក់លេខ១ក្នុងចំណោមអ្នកចូលរួមទាំង២០នាក់។

ចាប់តាំងពីពេលនោះមក លោកតា ក៏ចាប់ផ្តើមច្រៀងដាក់វិទ្យុជាតិនៅឯភ្នំពេញ។ ខ្លឹមសារនៃចម្រៀង គឺត្រូវបានកំណត់ដោយចាងហ្វាងវិទ្យុ ដែលក្នុងនោះច្រើនតែទាក់ទងនឹងប្រវត្តិសាស្រ្ត នយោបាយ និងអ្នកល្បីៗជាច្រើននៅក្នុងសហប្រជាជាតិ។

ភាពល្បីល្បាញរបស់លោកតា មិនបានយូរប៉ុន្មានផងក៏ត្រូវបានជួបនៅរបបដ៏ជូរចត់ដូចទៅនិងប្រជាជនដ៏ទៃដែរ គឺ របបកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) នៅថ្ងទី១៧ មេសា ១៩៧៥។​នៅក្នុង​របប​ដ៏​ខ្មៅ​ងងឹត​នេះដែរ​ លោក​ស្ទើរតែនឹង​បាត់បង់​ជីវិត​លែង​បាន​កាន់​ដង​ចាប៉ី​ច្រៀង​ទៀត​នៅពេលនោះ​។

ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមបានដួលរលំទៅ នៅថ្ងៃទី៧មករាឆ្នាំ១៩៧៩ លោកតា ប្រាជ្ញ ឈួន បានចាប់ផ្តើមអាជីពជាអ្នកច្រៀងចាប៉ីឡើងវិញ ដើម្បី​ចិញ្ចឹមជីវិត និង ​គ្រួសារ។ លោកតា បានត្រឡប់មកភ្នំពេញ និង បានច្រៀងនៅកម្មវិធីវិទ្យុជាតិកម្ពុជា។ក្រៅពីនោះ លោកក៏បានទទួលការអញ្ជើញឲ្យទៅច្រៀងក្នុងកម្មវិធីផ្សេងៗទៀតដែរតាមកម្លាំងចិត្តដែលគាត់មាន រហូតដល់គាត់លែមានកម្លាំងក្នុងការច្រៀងបាន។

បច្ចុប្បន្នលោកតា ប្រាជ្ញ ឈួន មានកូនចំនួន ៥នាក់ ក្នុងនោះមាន ៣នាក់ដែលរស់នៅជាមួយគាត់ និង រស់់នៅជាមួយប្រពន្ធទី២របស់គាត់ដែលអ្នកនៅមើលថែគាត់ ក្រោយពីប្រពន្ធទីមួយរបស់គាត់បានស្លាប់។ មួយជីវិតរបស់លោកកាន់ដងចាប៉ីជាប្រចាំ។ ដោយសារភាពល្បីល្បាញរបស់លោកតា លោកតាត្រូវបានគេអញ្ជើញទៅច្រៀងនៅតាមខេត្តនិងរាជធានីមួយចំនួន។

ទាក់​នឹង​ការ​ច្រៀង​របស់​អ្នក​ចាប៉ី​សព្វថ្ងៃ​វិញ អ្នកជំនាញ​ផ្នែក​ចា​ប៉ឺ​ដង​វែង​រូបនេះ ហាក់​មិន​ពេញចិត្ត​នឹង​អ្នក​ច្រៀង​ចាប៉ី​បច្ចុប្បន្ន​មួយចំនួន​ដែល​ចូលចិត្ត​តែ​ច្រៀង​បណ្តោយ តែ​មិនសូវ​ច្រៀង​ទទឹង​នោះទេ​។

យ៉ាងណាក៏ដោយ បើទោះបីជា​មហាជន​ខ្មែរ​ទទួលស្គាល់ថា អ្នក​ចាប៉ីដងវែង​លោកតា ប្រាជ្ញ ឈួន ជា​អ្នក​ចាប៉ី​ដ៏​មាន​ទេពកោសល្យ​កម្រ​មាន​ក្តី ក៏​អ្នក​ចាប៉ី​ដ៏​មាន​កិត្តិនាម​រូបនេះ មានប្រសាសន៍ថា អ្នក​ចាប៉ី​ជំនាន់​ក្រោយៗ​នេះ មិនសូវមាន​អ្នកណា​យក​គំរូ​តាម​លោក​នោះទេ ពីព្រោះ​តែ​របៀប​នៃ​ការដេញ និង​ច្រៀង​ចាប៉ី​របស់លោក​ពិបាក​ជាងគេ​។​

លោក​ព្រឹទ្ធ​ភិរម្យ ប្រាជ្ញ ឈួន ជា​អ្នក​ចាប៉ី​ដ៏​ល្បីល្បាញ ដ៏​ពូកែ តែ​គួរ​ឲ្យ​សោកស្តាយ​ណាស់​សម្រាប់​អ្នក​ចាប៉ី​រូបនេះ​នោះ គឺ​កូនៗ​របស់លោក​ទាំង ៥ នាក់​របស់លោក គ្មាន​នរណាម្នាក់​ចេះ​ច្រៀង​ចាប៉ី​ដូច​ខ្លួន​នោះដែរ​។ កូនៗ​របស់លោក​ទាំង ៥ នាក់​នោះ អ្នកខ្លះ​ធ្វើជា​ទាហាន និង​កសិករ​ជាដើម​។

លោក​ថា ជីវិត​ជា​អ្នក​ចាប៉ី​ពិបាក​នឹង​រក​ថវិកា​ចិញ្ចឹមជីវិត ហើយ​ម្យ៉ាង​កូនៗ​របស់លោក​ទាំងនោះ ហាក់​មិនសូវមាន​ចំណូល​ចិត្តនឹង​ចាប៉ី​ប៉ុន្មាន​នោះទេ​។​
លើសពីនេះទៅទៀត លោកតាក៏ធ្លាប់ទៅបញ្ចេញសំនៀងនៅឯបរទេសផងដែរ ដូចជានៅសហរដ្ឋអាមេរិក២ដង ប្រទេសបារាំងបាន៣ដង និងទៅប្រទេសសឹង្ហបុរីបានម្តង។

ចម្រៀងរបស់លោកតា មានជាកំប្លែងខ្លះ(ល្បោយចាប៉ី) ហើយភាគច្រើនគឺផ្តល់ជាការអប់រំ។ លោកតា ចូលចិត្តច្រៀងរៀបរាប់ពីច្បាប់ប្រុស ច្បាប់ស្រី ហើយលោកតាចេះច្រៀងច្បាប់ក្រមង៉ុយដល់ទៅ៤ច្បាប់។ មិនតែប៉ុណ្ណោះ លោកតា នៅចេះតែងបទចម្រៀងភ្លាមៗស្របពេលនឹងកំពុងច្រៀងទៀតផង ហើយឃ្លាឃ្លោងក៏ជួនគ្នាបានល្អទៀត។

សូមបញ្ជាក់ផងដែរថា លោកតាភារម្យចាប៉ីដងវែង លោកតា ប្រាជ្ញ ឈួន គឺបានទទួលមរណភាពនៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ ២០១៨ នៅជន្មាយុ៨២ឆ្នាំ ដោយរោគាពាទ្យ។ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្របានប៉ុន្មានថ្ងៃ ហើយត្រូវបានគ្រួសារបានតម្កល់នៅវត្តបទុមវត្តីទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត។

Related posts
ប្រវត្តិបុគ្គលល្បីៗ

ជីវប្រវត្តិរបស់ សាស្រ្តាចារ្យរូបវិទូអាឡឺម៉ង់ដ៏ល្បីល្បាញ ម៉ាក្ស ផ្លែងក៍ (Max Planck)

ប្រវត្តិបុគ្គលល្បីៗ

លោកដ្វាយ អៃសិនហូវ័រ អតីតនាយឧត្តមសេនីយនិ៍ និង ប្រធានាធិបតីអាមេរិកទី៣៤

ប្រវត្តិបុគ្គលល្បីៗ

តើម្ដាយរបស់អាឌុល ហ៊ីត្លែរជាអ្នកណា?

ប្រវត្តិបុគ្គលល្បីៗ

លោក កូហ្វី អាណាន់ ជាជនជាតិស្បែកខ្មៅអាហ្រ្វិកដំបូងគេ ដែលបានកាន់តំណែងអង្គការកំពូលពិភពលោក

Leave a Reply

Your email address will not be published. Required fields are marked *