
ថ្ងៃនេះយើងសូមលើកឡើង អំពីដំណើររឿងនៃការបង្កើតមាត្រដ្ឋាននៃរង្វាស់សីតុណ្ហភាព ដែលគេប្រើជាទូទៅក្នុងពេលបច្ចុប្បន្ននេះ។
វិធីវាស់កម្តៅត្រូវបានគេបង្កើតឡើង តាំងពីក្រិកសម័យបុរាណ គឺតាំងពីឆ្នាំ១៧០គ.ស. ដោយអ្នកប្រាជ្ញក្រិកម្នាក់ឈ្មោះ ហ្កាលិន (Galen) និងក្រោយមកទៀត ត្រូវបានកែលម្អឲ្យកាន់តែប្រសើរឡើងនៅសតវត្សរ៍ទី១៦ ដោយអ្នកប្រាជ្ញអ៊ីតាលី កាលីឡេ។
ក៏ប៉ុន្តែ ឧបករណ៍វាស់កម្តៅ តាំងពីសម័យក្រិក រហូតដល់សម័យកាលីឡេនោះ មិនត្រូវបានគេចាត់ទុកថាជាទែរម៉ូម៉ែត្រនៅឡើយទេ ផ្ទុយទៅវិញ វាគ្រាន់តែជាទែរម៉ូស្កុបតែប៉ុណ្ណោះ ដោយសារតែវាគ្រាន់តែបង្ហាញថាអ្វីមួយក្តៅ ឬត្រជាក់ តែមិនមានមាត្រដ្ឋានបញ្ជាក់ច្បាស់លាស់ថា តើក្តៅ ឬត្រជាក់ប៉ុណ្ណា? មានសីតុណ្ហភាពប៉ុន្មានអង្សាពិតប្រាកដ។
រហូតទាល់តែដល់ដើមសតវត្សរ៍ទី១៨ ទើបទែរម៉ូម៉ែត្រប្រើបារ៉ត ហើយមានមាត្រដ្ឋានជារង្វាស់ជាក់លាក់ ត្រូវបានបង្កើតឡើង ដោយអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ ឈ្មោះ ដានីញែល ហ្កាប្រ៊ីយែល ហ្វារិនហៃត៍ (Daniel Gabriel Fahrenheit 1686-1736)។
នៅក្នុងមាត្រដ្ឋានរង្វាស់សីតុណ្ហភាពថ្មីរបស់ហ្វារិនហៃ (°F) ទឹក កកនៅ ៣២អង្សា កម្តៅខ្លួនរបស់មនុស្សមានសុខភាពធម្មតា ៩៦អង្សា ចំណែកសីតុណ្ហភាពទឹកពុះ គឺ ២១២អង្សា។
មកទល់នឹងសព្វថ្ងៃនេះ រង្វាស់សីតុណ្ហភាពហ្វារិនហៃន ត្រូវគេប្រើតែនៅសហរដ្ឋអាមេរិក និងប្រទេសតូចៗមួយចំនួន នៅក្នុងតំបន់អាមេរិកកណ្តាលតែប៉ុណ្ណោះ។ ចំណែកឯប្រទេសភាគច្រើនផ្សេងទៀត នៅស្ទើរតែទូទាំងពិភពលោកទាំងមូល គេប្រើរង្វាស់សីតុណ្ហភាពមួយផ្សេងទៀត ដែលត្រូវបានគេចាត់ទុកជាស្តង់ដាអន្តរជាតិ គឺអង្សាសេ ឬដឺក្រេស៊ែលស៊ុស (°C)។
អង្សាសេនេះ ថ្វីដ្បិតតែខុសគ្នាស្រឡះពីអង្សាហ្វារិនហៃ ក៏ប៉ុន្តែ វាមានចំណុចរួមគ្នាមួយ គឺ នៅក្នុងមាត្រដ្ឋានទាំងពីរនេះ សុទ្ធតែអាចមានរង្វាស់សីតុណ្ហភាពរហូតដល់ក្រោមសូន្យ ពោលគឺជាចំនួនអវិជ្ជមាន។ សម្រាប់ការរស់នៅប្រចាំថ្ងៃ វាអាចមិនចោទជាបញ្ហា ក៏ប៉ុន្តែ នេះវាផ្ទុយពីការពិតជាក់ស្តែងទៅតាមលក្ខណៈវិទ្យាសាស្ត្រ។
ហេតុដូច្នេះហើយបានជា គេបង្កើតមាត្រដ្ឋានរង្វាស់សីតុណ្ហភាពផ្សេងមួយទៀត គឺ កែលវិន (Kelvin) ដែលគេប្រើភាគច្រើននៅក្នុងការសិក្សាវិទ្យាសាស្ត្រ ជាពិសេសខាងរូបវិទ្យា។
Kelvin ដែលជាទូទៅត្រូវគេប្រើដោយមិនមានសញ្ញា “អង្សា °” នៅពីមុខ ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៨៤៨ ដោយអ្នកវិទ្យាសាស្ត្រអង់គ្លេសឈ្មោះ វីល្យ៉ាម ថមសុន (William Thomson) ហើយដែលមានងារថា « Lord Kelvin »។
ខុសពីហ្វារិនហៃ និងស៊ែលស៊ុស, Sir William Thomson មិនយកចំណុចទឹកពុះ ឬទឹកកកមកធ្វើជាគោលក្នុងការបង្កើតមាត្រដ្ឋាននៃរង្វាស់សីតុណ្ហភាពនោះទេ។
ផ្ទុយទៅវិញ គឺយកចំណុចដែលគ្មានថាមពលអ្វីសោះ ហើយម៉ូលេគុលត្រូវនៅទ្រឹងស្ងៀមគ្មានចលនាអ្វីទាំងអស់ មកធ្វើជាចំណុចគោល ហើយដែល Sir William Thomson បានកំណត់ថាជាចំណុចសូន្យដាច់ខាត ឬ តាមភាសាអង់គ្លេស “Absolute Zero” ពោលគឺ វាជាសីតុណ្ហភាពដ៏ត្រជាក់បំផុតដែលគ្មានអ្វីអាចចុះត្រជាក់ក្រោមនេះទៀតបាន។