ប្រវត្តិសាស្រ្តពិភពលោក

សកម្មភាពរបស់ទាហានជប៉ុននៅអាស៊ីអាគ្នេហ៍ក្នុងសម័យសង្គ្រាមលោកលើកទី២

គិតមក​ត្រឹម​សម័យសង្រ្គាម​លោក​លើកទី២ តំបន់​អាស៊ីអាគ្នេយ៍​ស្ទើរតែ​ទាំងមូល​​​កំពុង​ស្ថិត​នៅ​ក្រោម​អាណានិគម​របស់​មហាអំណាច​លោកខាងលិច គឺ​៖

  • តំបន់​ឥណ្ឌូចិន​ (កម្ពុជា វៀតណាម និង​ឡាវ) ស្ថិត​ក្រោម​អាណានិគម​បារាំង
  • ភូមា និង​ ម៉ាឡេស៊ី​ស្ថិត​ក្រោម​អាណានិគម​អង់គ្លេស
  • ឥណ្ឌូណេស៊ី​ស្ថិត​ក្រោម​អាណានិគម​ហូឡង់
  • និង​ ហ្វីលីពីន​ស្ថិត​នៅក្រោម​អាណាព្យាបាល​របស់​​សហរដ្ឋ​អាមេរិក
  • លើកលែង​តែ​ប្រទេស​ថៃ​មួយចេញ ដែល​បារាំង និង​អង់គ្លេស​បាន​ព្រមព្រៀង​គ្នា​មិនយក​មក​ដាក់​ជា​ដែន​អាណានិគម ដើម្បី​ទុក​ធ្វើ​ជា​តំបន់​ទ្រនាប់។

ចាប់ពី​ចុងឆ្នាំ​១៩៤០ នៅ​ក្រោយ​ពេល​ដែល​បារាំង​ចាញ់សង្រ្គាម​ទល់​នឹង​អាល្លឺម៉ង់ ហើយ​រដ្ឋាភិបាល​បារាំង​ដឹកនាំ​ដោយ​សេនាប្រមុខ Philippe Pétain ​ត្រូវ​ក្លាយ​ជារដ្ឋាភិបាល​​រណប​ហ៊ីត្លែរ ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អាល្លឺម៉ង់​ ក៏​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ឲ្យ​​ចូល​មក​ ក្នុង​តំបន់​ឥណ្ឌូចិន។ នៅពេលនោះ ថ្វីដ្បិត​តែ​ឥណ្ឌូចិន​​នៅមាន​ឈ្មោះ​ជា​ដែន​អាណានិគម​បារាំង ក៏ប៉ុន្តែ រដ្ឋាភិបាល​បារាំង​ដែល​ធ្លាក់​ចុះខ្សោយ​​ត្រូវ​​បង្ខំ​ចិត្ត​អនុញ្ញាត​​ឲ្យ​កងទ័ព​ជប៉ុន​បោះមូលដ្ឋាន​ទ័ព​នៅ​ក្នុង​ដែន​អាណានិគម​របស់​ខ្លួន។

ជប៉ុន​ចូល​ឈ្លានពាន​កាន់កាប់​តំបន់​ឥណ្ឌូចិន គឺ​ក្នុងគោលដៅ​សំខាន់​ពីរ៖ ទីមួយ ដើម្បី​​កាត់ផ្តាច់​ផ្លូវ​នាំចូល​គ្រឿងសព្វាវុធ​ទៅ​​​ចិន​ផង និង​ទីពីរ​ ​ដើម្បី​​ទុក​ធ្វើជា​មូលដ្ឋាន​ឈានទៅ​ឈ្លានពាន​​ដែន​អាណានិគម​​របស់​លោក​ខាងលិច​ផ្សេងទៀត​ នៅ​​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។

ក៏ប៉ុន្តែ សកម្មភាព​ឈ្លានពាន​របស់​ជប៉ុន​នៅ​ឥណ្ឌូចិន​ត្រូវ​​ប្រឈមមុខ​នឹង​ឧបសគ្គ​ដ៏​ធំមួយ គឺ​ការ​​ការ​តវ៉ា​ជំទាស់​ពី​សំណាក់​សហរដ្ឋ​អាមេរិក។ ក្រោយ​ពី​​បាន​ចរចា​ជាមួយ​អាមេរិក​​ស្វែងរក​​ដំណោះស្រាយ​មិនបាន ជប៉ុន​ក៏​បានសម្រេច​បើក​ការ​វាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក គឺ​មូលដ្ឋានទ័ព Pearl Harbor ​នៅ​កោះហាវ៉ៃ។

គោលដៅ​របស់​ជប៉ុន គឺ​ចង់​ត្រួតត្រា​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដើម្បី​រារាំង​អាមេរិក​កុំ​ឲ្យ​ចូល​មក​រំខាន​សកម្មភាព​ឈ្លានពាន​របស់​ជប៉ុន នៅ​ក្នុង​តំបន់​អាស៊ី ជាពិសេស តំបន់​អាស៊ី​អាគ្នេយ៍។

តាមគម្រោងការណ៍របស់​ជប៉ុន ក្រោយ​ពី​វាយប្រហារ​លើ​​ Pearl Harbor បាន​សម្រេច​ហើយ កងទ័ព​ជប៉ុន​នឹង​បើក​ការ​វាយប្រហារ​ភ្លាមៗ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​ឲ្យ​កងទ័ព​ជប៉ុន​ប្រចាំ​នៅ​តំបន់​ឥណ្ឌូចិន​ បើក​ការ​វាយប្រហារ​​ទៅលើ​ប្រទេស​ថៃ ដើម្បី​យក​ទឹកដី​​ថៃ​ធ្វើ​ជា​មូលដ្ឋាន​ទ័ពក្នុងការ​ឈ្លានពាន​​បន្ត​ទៅទិស​ខាង​លិច សំដៅ​ទៅ​​ភូមា និង​បន្ទាប់​មក​ទៅឥណ្ឌា និង​ទៅទិស​ខាង​ត្បូង សំដៅ​ទៅ​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។

See the source image

​នៅ​ថ្ងៃ​ទី៧ ​ខែ​ធ្នូ ឆ្នាំ​១៩៤១ កងទ័ព​ជប៉ុន​បាន​បើក​ការ​វាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក នៅ​​ Pearl Harbor ​នៅ​កោះហាវ៉ៃ ហើយ​មួយថ្ងៃ​ក្រោយ​មក ជប៉ុន​ក៏​​​បាន​បញ្ជូន​ទ័ព​ចូល​ឈ្លានពាន​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ ទៅតាម​ការ​គ្រោង​ទុក។ រដ្ឋាភិបាល​ថៃ ដោយ​ដឹង​ថា​ខ្លួន​មិន​មាន​កម្លាំង​អាច​ទប់ទល់​នឹង​កងទ័ព​ជប៉ុន​ ​ក៏​បាន​​សុំចរចា​ឈប់បាញ់​​ភ្លាមៗ ដោយ​សុខចិត្ត​​ដាក់​ខ្លួន​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ជប៉ុន ហើយ​បើក​ឲ្យ​​កងទ័ព​ជប៉ុន​ប្រើប្រាស់​ទឹកដី​ថៃ ដើម្បី​​ធ្វើការ​វាយប្រហារ​ទៅលើ​ដែន​អាណានិគម​លោក​ខាងលិច។

នៅថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ​១៩៤១ ​ជប៉ុន​បាន​ប្រើ​មូលដ្ឋាន​ទ័ព​នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​ថៃ បើក​ការ​វាយប្រហារ​ទៅលើ​ម៉ាឡេស៊ី ហើយ​ក្នុងពេល​ជាមួយគ្នា បញ្ជូន​ទ័ព​ជើងទឹក​​មួយ​ក្រុមផ្សេងទៀត​ឲ្យ​ចូល​ឈ្លានពាន​​ហ្វីលីពីន។

ចក្រភព​អង់គ្លេស ដែល​ជាប់ដៃ​ក្នុងការ​ច្បាំង​ទប់ទល់​នឹង​ហ៊ីត្លែរ​នៅ​អឺរ៉ុប​ផង ហើយ​ខ្ជីខ្ជា និង​មើលស្រាល​កម្លាំង​ទ័ព​ជប៉ុន​ផង បាន​បញ្ជូន​ទ័ព​តិចតួច​ប៉ុណ្ណោះ ឲ្យ​​មក​ពង្រឹង​កម្លាំង នៅ​តាម​ដែន​អាណានិគម​នៅ​អាស៊ី​អាគ្នេយ៍​។ ជាលទ្ធផល នៅ​ក្នុង​សមរភូមិ​នៅ​ម៉ាឡេស៊ី កងទ័ព​អង់គ្លេស​​មាន​ចំនួន​តិច​ជាង​​​​កងទ័ព​ជប៉ុន​ដល់​ទៅ​ពីរដង ហើយ​គ្រឿងសព្វាវុធ​ក៏​ចាញ់​ប្រៀប​ជប៉ុន​យ៉ាង​ឆ្ងាយ​ផងដែរ។

ហេតុដូច្នេះហើយ​បាន​ជា​ក្នុងរយៈពេល​មិនដល់​មួយសប្តាហ៍​ផង កងទ័ព​ជប៉ុន​បាន​វាយ​បំបាក់​កងទ័ព​អង់គ្លេស​និង​សម្ព័ន្ធមិត្ត ដោយ​ដណ្តើម​កាន់កាប់​​បាន​ទាំងស្រុង​នូវ​តំបន់​ប៉ែក​ខាងជើង​ប្រទេស​ម៉ាឡេស៊ី ហើយ​ព្រមទាំង​បាន​ចាប់ផ្តើម​​បើក​ការ​ឈ្លានពាន​ក្នុង​មុខព្រួញ​​ថ្មីផ្សេងទៀត គឺ​វាយប្រហារ​លើ​ឥណ្ឌូណេស៊ី និង​ភូមា។

គិត​ត្រឹម​ពាក់កណ្តាល​ខែ​កុម្ភៈ ឆ្នាំ​១៩៤២ ប្រទេស​ម៉ាឡេស៊ី​ទាំងមូល​​ត្រូវ​ធ្លាក់​​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន ហើយ​ចក្រភព​អង់គ្លេស​ត្រូវ​បាត់បង់​មូលដ្ឋាន​ទ័ព​ជើងទឹក​ដ៏​សំខាន់​មួយ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​មូលដ្ឋាន​ទ័ព​ជើងទឹក​នៅ​សិង្ហបុរី។ ប៉ុន្មាន​ខែ​ក្រោយ​មក ភូមា ដែល​ជា​ដែន​អាណានិគម​មួយ​ទៀត​របស់​​​អង់គ្លេស​ ​ក៏​ត្រូវ​​ធ្លាក់​ក្នុង​ដៃ​ជប៉ុន ហើយ​សូម្បីតែ​ឥណ្ឌា ដែល​ជា​ដែន​អាណានិគម​ដ៏ធំបំផុត​របស់​អង់គ្លេស​នៅ​អាស៊ី ហើយ​ដែល​មាន​ព្រំដែន​ជាប់​នឹង​ភូមា​ ក៏​ត្រូវ​ប្រឈមមុខ​នឹង​​ការ​ឈ្លានពាន​របស់​ជប៉ុន​ផងដែរ។

នៅ​ឥណ្ឌូណេស៊ី​វិញ កងទ័ព​ហូឡង់​​ត្រូវ​ទទួល​បរាជ័យ ហើយ​សុខចិត្ត​​​​ប្រគល់​ដែន​អាណានិគម​​ឥណ្ឌូណេស៊ី​ទៅ​ឲ្យ​ជប៉ុន​កាន់កាប់​ នៅ​ខែ​មីនា ឆ្នាំ​១៩៤២។ ចំណែក​កងទ័ព​អាមេរិក​វិញ​ត្រូវ​បាន​កងទ័ព​ជប៉ុន​វាយ​ឲ្យ​ដកថយ​​ចេញ​ពី​ហ្វីលីពីន នៅ​ខែ​ឧសភា។

See the source image

គិត​មក​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​១៩៤២ តំបន់​អាស៊ី​អាគ្នេយ៍​ស្ទើរតែ​ទាំងមូល​ គឺ​កម្ពុជា វៀតណាម ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ភូមា ត្រូវ​ធ្លាក់​​ក្រោម​ការ​កាន់កាប់​របស់​​​កងទ័ព​ជប៉ុន។ ចំណែក​ប្រទេស​ថៃ​វិញ ថ្វីដ្បិត​តែ​មាន​ឈ្មោះ​ជា​ប្រទេស​ឯករាជ ក៏ប៉ុន្តែ ក៏​ត្រូវ​ដាក់​ខ្លួន​ជា​ប្រទេស​រណប​ជប៉ុន​​ផងដែរ។ បូកបន្ថែម​ជាមួយ​នឹង​ប្រទេស​កូរ៉េ និង​មួយ​ផ្នែក​នៃ​ប្រទេស​ចិន គឺ​ជាងពាក់កណ្តាល​តំបន់​អាស៊ី ដែល​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចក្រភព​ជប៉ុន។

ជាងពីរឆ្នាំ ក្រោយ​ពី​សង្រ្គាម​លោកលើកទី២​បាន​ផ្ទុះឡើង សហរដ្ឋ​អាមេរិក​បានព្យាយាម​រក្សា​នយោបាយ​ឯកោ​និយម​របស់ខ្លួន ដោយ​ព្យាយាម​មិនប្រឡូក​ខ្លួន​ចូល​ទៅ​ក្នុង​សង្រ្គាម។ ក៏ប៉ុន្តែ ការប្រឈមមុខដាក់គ្នា​ជាមួយ​ជប៉ុន នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស នៅ​ចិន និង​អាស៊ី​អាគ្នេយ៍ បាន​រុញ​សហរដ្ឋ​អាមេរិក​ឲ្យ​ខិត​កាន់តែ​​ជិតមាត់ជ្រោះ​សង្រ្គាម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

នៅពាក់កណ្តាល​ឆ្នាំ​១៩៤១ នៅ​ក្រោយ​ពេល​ដែល​ជប៉ុន​ចូល​ឈ្លានពានកាន់កាប់​ឥណ្ឌូចិន ដែល​ពេលនោះ គឺ​ជា​ដែន​ដី​អាណានិគម​របស់​បារាំង សហរដ្ឋ​អាមេរិក​បាន​​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ជប៉ុន ដែល​ធ្វើ​ឲ្យ​ជប៉ុន​​បាត់បង់​ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ ព្រមទាំង​បាត់បង់​ប្រភព​ផ្គត់ផ្គង់​ប្រេង​ស្ទើរតែ​ទាំងស្រុង។

ក្រោយ​ពី​បាន​ចរចា​ជាមួយ​អាមេរិក​រាប់ខែ​តែ​គ្មាន​ដំណោះស្រាយ នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៤១ ហ៊ីដេគី តូចូ នាយករដ្ឋមន្រ្តី​​ជប៉ុន​ក៏​បាន​សម្រេច​ធ្វើសង្រ្គាម​ជាមួយ​អាមេរិក។ នៅថ្ងៃ​ទី២៥ វិច្ឆិកា កងទ័ព​ជើងទឹកជប៉ុន​បាន​ចេញ​ដំណើរ​ពី​បន្ទាយ ដើម្បី​ឆ្ពោះ​​ទៅបើក​ការ​វាយប្រហារ​លើ​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​ដែល​​​អាច​បំបែក​កូដ​លួច​​អាន​សារ​សម្ងាត់​របស់​ជប៉ុន​បាន​តាំង​ពី​យូរមកហើយ​នោះ បានដឹង​តាំង​ពី​ដើមខែ​វិច្ឆិកា​ថា ជប៉ុន​កំពុងរៀបចំ​​សកម្មភាព​ធ្វើសង្រ្គាម​មកលើ​អាមេរិក​ ក៏ប៉ុន្តែ ​មិន​ដឹង​ទេ​ថា តើ​ជប៉ុន​គ្រោង​បើក​ការ​វាយប្រហារ​ទៅលើ​ទីតាំង​ណាមួយ​​ពិតប្រាកដ។ ជប៉ុនវិញ​បាន​ព្យាយាម​លាក់ការណ៍​យ៉ាង​ជិតបំផុត ពីព្រោះ​មេទ័ព​ជប៉ុន​ដឹងថា គន្លឹះ​នៃ​ជោគជ័យ គឺ​ការ​លួច​វាយឆ្មក់​ដោយ​មិន​ឲ្យ​អាមេរិក​ដឹង​ខ្លួនមុន។​

ទិសដៅ​​ដែល​ជប៉ុន​គ្រោង​ធ្វើ​ការវាយប្រហារ គឺ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ដែល​មាន​ទីតាំង​នៅ Pearl Harbor រដ្ឋ​ហាវ៉ៃ ចម្ងាយ​ប្រមាណ​ជាង ៦០០០គីឡូម៉ែត្រ​ពី​ប្រទេសជប៉ុន។

នៅ​ក្នុង​យុទ្ធសាស្រ្ត​ទ័ព​របស់​ជប៉ុន ការ​កម្ទេច​មូលដ្ឋាន​ទ័ព​ Pearl Harbor គឺ​ជា​ចំណុច​គន្លឹះ ក្នុងការ​​ឈានទៅ​ត្រួតត្រា​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដើម្បី​រារាំង​អាមេរិក​កុំ​ឲ្យ​ចូល​មក​រំខាន​សកម្មភាព​ឈ្លានពាន​របស់​ជប៉ុន នៅ​ក្នុង​តំបន់​អាស៊ី។ តាមគម្រោងការណ៍របស់​ជប៉ុន ក្រោយ​ពី​បើក​ការ​វាយប្រហារ​លើ​ Pearl Harbor បាន​សម្រេច​ហើយ កងទ័ព​ជប៉ុន​នឹង​បើក​ការ​វាយប្រហារ​ភ្លាមៗ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​ឲ្យ​កងទ័ព​ជប៉ុន​ប្រចាំ​នៅ​តំបន់​ឥណ្ឌូចិន​ បើក​ការ​វាយប្រហារ​ចាក់ចូល​តាម​ប្រទេស​ថៃ ដើម្ប​ចូល​ឈ្លានពាន​ដែនដី​អាណានិគម​របស់​អង់គ្លេស នៅ​ភូមា និង​ម៉ាឡេស៊ី ដែនដី​អាណានិគម​របស់​ហូឡង់ នៅ​ឥណ្ឌូណេស៊ី និង​ប្រទេស​ហ្វីលីពីន ដែល​នៅពេលនោះ​ស្ថិត​នៅក្រោម​អាណាព្យាបាល​របស់​អាមេរិក។

មូលដ្ឋានទ័ព​ជើងទឹក​ Pearl Harbor ព្រឹកថ្ងៃ​​ទី៧ ខែ​ធ្នូ ឆ្នាំ​១៩៤១ ត្រូវ​ជា​ថ្ងៃ​អាទិត្យ។ ​ដោយសារតែ​នៅពេលនោះ អាមេរិក​មិនស្ថិត​ក្នុង​ស្ថានភាព​សង្រ្គាម ទាហាន​នៅ​​ Pearl Harbor ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក នៅថ្ងៃ​អាទិត្យ ដោយ​ទុក​តែ​មួយចំនួន​តូច​ឲ្យ​នៅ​យាម​ប្រចាំការ។

ម៉ោង ៧ព្រឹក ទាហាន​ដែល​​ប្រចាំការ​នៅ​មុខ​រ៉ាដា​ការពារ​ដែន​អាកាស​ហាវ៉ៃ​បាន​កត់សម្គាល់​ឃើញ​យន្តហោះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហោះក្នុងល្បឿន​យ៉ាងលឿន ពី​ទីសមុទ្រ សំដៅ​មក​ Pearl Harbor។ ​ក៏ប៉ុន្តែ មេបញ្ជាការ​ទទួលបន្ទុក​រ៉ាដា​បាន​ប្រាប់​ថា​កុំ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ ដោយ​គិត​ថា យន្តហោះ​ដែល​រ៉ាដា​ចាប់បាន​នេះ គឺ​ជា​​យន្តហោះ​ចម្បាំង​ ​​ដែល​គេ​បញ្ជូន​ពី​​អាមេរិក​ដីគោក​ ហើយ​​ដែល​តាម​គម្រោង​នឹង​ត្រូវ​មក​ដល់​ Pearl Harbor នៅថ្ងៃ​អាទិត្យ​នោះ។

ក៏ប៉ុន្តែ តាមពិត​យន្តហោះ​អស់ទាំងនេះ គឺ​ជា​យន្តហោះ​ចម្បាំង​របស់​ជប៉ុន ដែល​មាន​សរុប​ទាំងអស់ ចំនួន ជាង ៤០០​គ្រឿង ចែកចេញ​ជា​បីក្រុម ដោយ​​ហោះចេញ​ពី​នាវាផ្ទុក​យន្តហោះចំនួន ៦គ្រឿង អមទៅដោយ​នាវាចម្បាំង​តូចធំ គិត​ជា​សរុប​ចំនួន ជិត ៥០គ្រឿង សំដៅ​ទៅធ្វើការ​វាយប្រហារ​លើ​ Pearl Harbor។ យន្តហោះ​ចម្បាំង​ក្រុម​ទីមួយ​របស់​ជប៉ុន បាន​​ចាប់បើក​ការ​វាយប្រហារ​ទៅលើ​ Pearl Harbor នៅ​ម៉ោង​ប្រមាណ​ជា​ជិត ៨ព្រឹក បន្ត​កន្ទុយ​ជាប់ៗគ្នា​​ដោយ​ក្រុម​ទី២ និង​ក្រុម​ទី៣ ដោយ​មិន​ឲ្យ​អាមេរិក​មាន​ពេល​​អាច​តដៃ​ទាន់។

៩០នាទី​ក្រោយមក ប្រតិបត្តិការ​វាយប្រហារ​លើ​ Pearl Harbor ត្រូវ​បញ្ចប់ ហើយ​កងទ័ព​ជប៉ុន​ក៏​បាន​ដក​ថយ​ចេញ​ទៅវិញ ដោយ​បន្សល់​ទុក​នូវ​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​​ដល់​កងទ័ព​អាមេរិក។ គិតជាសរុប ការ​វាយប្រហារ​របស់​ជប៉ុន​ទៅលើ Pearl Harbor បាន​បណ្តាល​ឲ្យ​អាមេរិក​បាត់បង់​​នាវាចម្បាំង​ចំនួន ១៨គ្រឿង យន្តហោះ​ច្បាំង​ជិត ៣០០គ្រឿង ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​​ជាច្រើន​ទៀត ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត គឺ​ការ​បាត់បង់​ជីវិត​​ទាហាន​ប្រមាណ​ជិត ២៥០០នាក់​ និង​ ១០០០នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ការវាយប្រហារ​ទៅលើ Pearl Harbor ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​បរាជ័យ​​ដ៏ធំមួយសម្រាប់​​ជប៉ុន។ បរាជ័យ នៅ​ក្នុងន័យថា ​ជប៉ុន​មិន​អាច​ កម្ទេច​ទ័ពជើងទឹក​អាមេរិក​​ប្រចាំ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បាន​ទាំងស្រុង​ដូចការ​ចង់បាន ដោយសារតែ​​ជប៉ុន​មិន​បាន​កម្ទេច​ឃ្លាំង​ស្តុក​ប្រេង និង​អាវុធ ព្រមទាំង​រោងជាង​សម្រាប់​ជួសជុល​នាវា​នៅ Pearl Harbor។ ចំណែក​​ឯនាវាចម្បាំង​សំខាន់ៗ​របស់​អាមេរិក ជាពិសេស នាវាផ្ទុកយន្តហោះ​ធំៗ​ជាច្រើន​គ្រឿង​ ក៏​មិនស្ថិត​នៅ​ក្នុង​បន្ទាយ នៅ​ព្រឹកថ្ងៃ​អាទិត្យ ទី៧​ធ្នូ​នោះ។

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.