
បញ្ហាទ័ពព្រៃនៃជនជាតិភាគតិចនៅប្រទេសភូមាវិញម្តង។ តាំងពីឆ្នាំ១៩៤៨មកម្ល៉េះ កងទ័ពភូមាវាយបង្ក្រាបឥតត្រាប្រណីទៅលើពួកជនជាតិភាគតិចដែលទាមទារផ្តាច់ដែនដីរបស់ពួកគេចេញពីការត្រួតត្រារបស់រដ្ឋាភិបាល។ ប៉ុន្តែ ប៉ុន្មានខែចុងក្រោយនេះ របបថ្មីនៅទីក្រុងណៃពីដ៏(Naypidav) ដែលជារដ្ឋាភិបាលស៊ីវិលទីមួយបង្អស់នៅក្នុងប្រវត្តិសាស្រ្តភូមា បានផ្តើមបើកការចរចាជាមួយពួកជនជាតិភាគតិច។ តើអ្វីទៅឫសគល់នៃសង្គ្រាមទ័ពព្រៃនៅភូមា?
ជនជាតិភាគតិចនៅប្រទេសភូមាមានមិនតិចជាង១៣០សហគមន៍ទេ ដូចជាពួកShan ពួកKaren ពួកMon និងពួកKachin។ល។និង។ល។ ពួកគេនិយាយភាសាជាង១០០ខុសៗគ្នា។ ជាទូទៅ ពួកគេកាន់ព្រះពុទ្ធសាសនា តែក៏មានដែរអ្នកកាន់សាសនាអ៊ីស្លាម ដូចជាពួកRohingya ដែលរស់នៅតាមបណ្តោយព្រំដែនជាមួយប្រទេសបង់ក្លាដែស និងអ្នកកាន់គ្រិស្តសាសនា ដូចជាពួកKaren ជាដើម។ បើនិយាយពីចំនួនវិញ ពួកជនជាតិភាគតិចទាំងនោះតំណាងមួយភាគបីនៃប្រជាជនទាំង៥២លាននាក់នៃប្រទេស ពោលគឺប្រមាណជាង១៧លាននាក់។
នៅឆ្នាំ១៩៤៧ ឧត្តមសេនីយ៍អុង សាន់ដែលប្រជាជាតិភូមាទាំងមូលចាត់ទុកជាបិតានៃឯករាជ្យ បានយល់ព្រមប្រគល់ស្វ័យភាពរដ្ឋបាលដ៏ធំទូលំទូលាយនៅក្នុងក្របខ័ណ្ឌនៃប្រទេសសហពន្ធន៍មួយទៅឱ្យជនជាតិភាគតិច តាមរយៈកិច្ចព្រមព្រៀងមួយ ឈ្មោះកិច្ចព្រមព្រៀងPanglong ចុះថ្ងៃទី១២កុម្ភៈឆ្នាំ១៩៤៧។
ក៏ប៉ុន្តែ នៅឆ្នាំ១៩៤៧ដដែលនោះ ស្រាប់តែវីរបុរសជាតិអុង សាន់ត្រូវបានគេធ្វើឃាត។ ក្រោយមក ក្រុមឧត្តមសេនីយ៍ដែលបានឡើងមកក្តាប់អំណាចរដ្ឋបានសម្រេចចិត្តមិនអនុវត្តកិច្ចព្រមព្រៀងPanglongទៅវិញ។ អ៊ីចឹងហើយបានជានៅឆ្នាំ១៩៤៨ ពោលគឺក្រោយពីភូមាបានទទួលឯករាជ្យពីប្រទេសអង់គ្លេសជាផ្លូវការហើយ ពួកជនជាតិភាគតិចសំខាន់ៗ រួមមានជាអាទិ៍ពួកKaren ពួកShan និង ពួកMon បានចាប់អាវុធប្រយុទ្ធនឹងរដ្ឋាភិបាលទីក្រុងរ៉ង់ហ្គូន(Rangoon)។
គោលដៅ គឺផ្តាច់រដ្ឋរបស់ពួកគេនៅតាមបណ្តោយព្រំដែនជាមួយប្រទេសចិន ឬនៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃចេញពីការត្រួតត្រារបស់រដ្ឋអំណាចភូមា។ ឧទាហរណ៍ជាក់ស្តែង ពួកKarenបានបង្កើតចលនាសហភាពជាតិKaren និងបានផ្តើមសង្គ្រាមទ័ពព្រៃប្រឆាំងនឹងរដ្ឋាភិបាលនៅរ៉ង់ហ្គូន សង្គ្រាមទ័ពព្រៃដែលមានបន្តរហូតមកទល់សព្វថ្ងៃនេះ។
នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ និងនៅក្នុងពិភពលោកសព្វថ្ងៃ ពួកKaren ជាទ័ពព្រៃចាស់ជាងគេបង្អស់ដែលទាមទារផ្តាច់ផ្ទៃដីប្រមាណប្រាំមួយរយគីឡូម៉ែត្រក្រឡានៅជាប់នឹងព្រំដែនថៃ ចេញពីការត្រួតត្រារបស់ប្រទេសភូមា។ តំបន់នោះ ជាភាសាKarenមានឈ្មោះថា Kawthoolei ប្រែថាប្រទេសសម្បូណ៌ផ្កា។
មកទល់សព្វថ្ងៃ រដ្ឋាភិបាលភូមាដែលប្រើមធ្យោបាយវាយបង្ក្រាបយ៉ាងសាហាវព្រៃផ្សៃជាទីបំផុត នៅតែយកជ័យជំនះទៅលើកងទ័ពសហភាពជាតិKaren មិនបាន បានត្រឹមរុញច្រានទ័ពព្រៃនេះ និងប្រជាជនKarens ចូលកាន់តែជ្រៅទៅក្នុងព្រៃ និងចូលទៅក្នុងទឹកដីថៃ ជាទីដែលពួកគេរស់នៅយ៉ាងវេទនាតាមជំរំនានា។
មានទឡ្ហីករណ៍បីដែលអាចពន្យល់ការប្រឹងប្រែងតស៊ូស្លាប់រស់របស់ពួកទ័ពព្រៃKarens។ ទីមួយ ពួកKarens គ្មានជម្រើសអ្វីផ្សេងក្រៅពីប្រយុទ្ធស្លាប់រស់ ពីព្រោះរហូតមកទល់ពេលថ្មីៗនេះ របបសឹកភូមាគ្មានបំណងចរចាជាមួយពួកជនជាតិភាគតិចឡើយ ហើយបានអនុវត្តនយោបាយមួយដែលគេអាចវាយតម្លៃថា ជាអំពើប្រល័យពូជសាសន៍។ កងទ័ពភូមាតែងតែបានដុតបំផ្លាញគ្មានសល់ភូមិស្រុក និងស្រូវអង្ករបស់ពួកKarens បានកាប់សម្លាប់បុរស និងរំលោភស្រ្តី។
ទីពីរ ពួកKarens មានវិន័យ មានសីលធម៌ មិនធ្វើភេរវកម្ម មិនរត់ពន្ធ និងមិនជក់អាភៀន។ ទីបី ពួកKarens ដែលមានគ្នាប្រមាណប្រាំពីរលាននាក់ ជាជាតិសាសន៍មួយស្រេចទៅហើយ ទោះជាគ្មានប្រទេស និងគ្មានស្ថាប័នគ្រប់គ្រងមាំមួនក៏ដោយ ពីព្រោះពួកគេមានប្រវត្តិសាស្រ្ត ភាសា និងវប្បធម៌ច្បាស់លាស់ ខុសពីជនជាតិភាគតិចដទៃផ្សេងនៅភូមា ដូចជាពួកChan ជាដើម។
មិនតែប៉ុណ្ណោះ ប្រទេសថៃដែលបានគាំទ្រពួកទ័ពព្រៃKaren អស់ជាច្រើនឆ្នាំ បានបែរមកត្រូវរ៉ូវជាមួយរបបភូមាវិញ ពីព្រោះថៃក៏ដូចភូមាដែរជាសមាជិករបស់អាស៊ាន ហើយពីព្រោះថៃឥឡូវ ត្រូវការប្រយោជន៍សេដ្ឋកិច្ច ចៀសមិនរួចពីរកស៊ីជាមួយប្រទេសភូមា។ និយាយបែបផ្សេង រដ្ឋាភិបាលទីក្រុងបាងកកលែងត្រូវការពួកទ័ពព្រៃKaren ដើម្បីបង្កើតឲ្យមានតំបន់ទ្រនាប់មួយនៅចន្លោះប្រទេសខ្លួននិងប្រទេសភូមាទៀតហើយ តែត្រូវការអភិវឌ្ឍន៍តំបន់បណ្តោយព្រំដែនដោយទាក់ទងផ្ទាល់ជាមួយរបបភូមា។
គឺនៅក្នុងក្របខ័ណ្ឌនៃប្រយោជន៍សេដ្ឋកិច្ចនេះហើយ ដែលនៅឆ្នាំ២០០៥ ភូមានិងថៃបានយល់ព្រមព្រៀងគ្នាថា នឹងសាងសង់ទំនប់វារីអគ្គិសនីចំនួនបួន នៅលើទន្លេSalouen។ ក្រៅពីប្រយោជន៍សេដ្ឋកិច្ចដែលបានមកពីទំនប់វារីអគ្គិសនីទាំងបួន ភូមាមានគោលដៅនយោបាយមួយច្បាស់ នោះគឺពន្លិចទៅក្នុងទឹក ស្រុកភូមិកំណើត លំនៅឋាន និងដំណាំដាំដុះរបស់ពួកKaren។
ពេលណាទំនប់ទាំងបួននេះត្រូវសាងសង់រួចរាល់ហើយ នោះទឹកទន្លេSalouen នឹងជន់ឡើងពីររយម៉ែត្រយ៉ាងតិច ដែលជាហេតុនឹងបណ្តាលឲ្យតំបន់ពួកKarenលិចលង់អស់គ្មានសល់។ នៅពេលនោះ មិនត្រឹមតែទ័ពព្រៃKaren ប៉ុណ្ណោះទេដែលនឹងត្រូវវិនាសសាបសូន្យ ពូជសាសន៍Karen ទាំងមូលនឹងអាចរលត់បាត់បង់។
យ៉ាងណាក៏ដោយ តាំងពីខែវិច្ឆិកាឆ្នាំ២០១១មក របបថ្មីភូមាដែលដឹកនាំដោយលោកប្រធានាធិបតីធេន សេន(Thein Sein) ចង់បញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃជាមួយពួកជនជាតិភាគតិច។ រដ្ឋអំណាចស៊ីវិលនៅរដ្ឋធានីថ្មីណៃពីដ៏(Naypidav) ដែលហាក់ដូចជាកំពុងបោះជំហានទៅរកលទ្ធិប្រជាធិបតេយ្យផ្តើមបើកការចរចាជាមួយពួកជនជាតិភាគតិច ដោយសម្រេចបានកិច្ចឈប់បាញ់គ្នាជាមួយពួកជនជាតិភាគតិចខ្លះ ដូចយ៉ាង ជាមួយពួកChan និងពួកMon។
ក៏ប៉ុន្តែ ដោះស្រាយបញ្ហាជនជាតិភាគតិច មិនមែនជារឿងងាយស្រួលទេ ពីព្រោះរដ្ឋាភិបាលភូមាមិនអាចបណ្តោយឲ្យដែនដីទាំងអម្បាលម៉ានរបស់ពួកជនជាតិភាគតិចរបូតចេញពីការគ្រប់គ្រងរបស់ខ្លួនបានឡើយ។ ទន្ទឹមនេះ ទីក្រុងណៃពីដ៏ក៏ដឹងច្បាស់ដែរថា សន្តិភាពនឹងមិនអាចកើតឡើងបានទេ បើសិនជានៅតែគ្មានទេនោះ ស្វ័យភាពធំទូលំទូលាយសម្រាប់ពួកជនជាតិភាគតិច។
នៅដើមខែមិនា ឆ្នាំ២០២១ កងទ័ពសហព័ន្ធដែលជាកងទ័ពជនជាតិភាគតិចបានធ្វើការប្រឆាំងជាមួយកងទ័ពរបបរដ្ឋប្រហារយោធា បន្ទាប់ពីមានការបាញ់សម្លាប់ក្រុមបាតុករអហឹង្សា ជាច្រើននាក់។ ក្រុមកងទ័ពជនជាតិភាគតិចនេះបានការពារជនភូមាក្នុងការធ្វើបាតុកម្មទាមទាសិទ្ធ និង លិទ្ធិប្រជាធិបតេយ្យឡើង និង អោយពួបយោធាផ្ដល់អំណាចអោយរដ្ឋាភិបាលលោកស្រី អង់សាន អ៊ូជីវិញ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ តែយើងក៏មិនទាន់ដឹងទេថា តើការទប់ទល់របស់ទាហានសហព័ន្ធនេះអាចទប់ទល់ជាមួយកងទ័ពរបបយោធាបានកម្រិតប៉ុណ្ណានោះទេ៊