
នៅក្នុងអំឡុងសតវត្សរ៍ទី១៣ ចក្រភពម៉ុងហ្គោល ក្រោមការដឹកនាំរបស់អធិរាជ ជិនហ្គីស ខាន់ គឺជាមហាអំណាចពិភពលោក ដែលត្រួតត្រាដែនដីដ៏ធំបំផុតមិនធ្លាប់មាន ក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ គិតត្រឹមឆ្នាំ១២២៧ ដែលអធិរាជ ជិនហ្គីស ខាន់ ចូលទិវង្គត ដែនដីដែលស្ថិតក្រោមការត្រួតត្រារបស់ចក្រភពម៉ុងហ្គោល លាតសន្ធឹងចាប់តាំងពីមហាសមុទ្រប៉ាស៊ីហ្វិក រហូតទៅដល់អឺរ៉ុបខាងកើត។ បើគិតជាទំហំផ្ទៃដី ចក្រភពម៉ុងហ្គោលមានទំហំធំជាងចក្រភពម៉ាសេដ្វាន់របស់អាឡិចសង់ ឡឺក្រង់ (Alexandre le Grand) រហូតដល់ទៅ ៤ដង ហើយធំជាងចក្រភពរ៉ូម រហូតដល់ទៅ ២ដង។
បើទោះបីជាយ៉ាងនេះក៏ដោយ ការវាតទីពង្រីកទឹកដីនៃចក្រភពម៉ុងហ្គោល មិនបានបញ្ចប់ត្រឹមការចូលទិវង្គតរបស់អធិរាជ ជិនហ្គីស ខាន់ នោះទេ។ អហ្កឺដី ខាន់ (Ögedei Khan) កូនប្រុសទី៣របស់ ជិនហ្គីស ខាន់ ដែលឡើងស្នងតំណែងជាអធិរាជបន្តពីឪពុក បានបន្តធ្វើសង្រ្គាមវាតទីពង្រីកទឹកដីរបស់ខ្លួនតទៅទៀត។ កងទ័ពម៉ុងហ្គោលបានវាយដណ្តើមកាន់កាប់នគរសៀ (Xia) នៅប៉ែកខាងលិចប្រទេសចិន ហើយបានបន្តឈ្លានពានចូលទៅក្នុងនគរសុង (Song) នៅប៉ែកខាងត្បូង។
ទៅទិសខាងលិច កងទ័ពម៉ុងហ្គោលបានចូលឈ្លានពានរុស្ស៊ី រួចហើយបន្តដំណើរទៅប៉ូឡូញ មុននឹងវាយលុកចូលឈ្លានពានទៅដល់ហុងគ្រី និងក្រូអាស៊ី។ ក៏ប៉ុន្តែ ការឈ្លានពានរបស់កងទ័ពម៉ុងហ្គោលបានបញ្ឈប់ត្រឹមនោះ ដោយពួកគេមិនបានវាយលុកចូលទៅដល់អឺរ៉ុបខាងលិចនោះទេ។ អឺរ៉ុបខាងលិច រួមមាន អាល្លឺម៉ង់ បារាំង និងអង់គ្លេស ជាដើម បានរួចផុតពីការត្រួតត្រារបស់ចក្រភពម៉ុងហ្គោល មិនមែនដោយសារតែប្រទេសទាំងអស់នេះមានយុទ្ធសាស្រ្ត ឬមានទ័ពខ្លាំងពូកែនោះទេ។
ក៏ប៉ុន្តែ គឺដោយសារតែអធិរាជម៉ុងហ្គោល អហ្កឺដី ខាន់ បានចូលទិវង្គត នៅឆ្នាំ១២៤១ ហើយមេទ័ពម៉ុងហ្គោលបានបញ្ឈប់រាល់ប្រតិបត្តិការទ័ព ដោយនាំគ្នាប្រញាប់ប្រញាល់ធ្វើដំណើរចេញពីអឺរ៉ុប ត្រឡប់ទៅម៉ុងហ្គោលវិញ ដើម្បីចូលរួមក្នុងដំណើរការជ្រើសរើសអធិរាជថ្មី។
នៅការ៉ាកូរុំ (Karakorum) រាជធានីម៉ុងហ្គោល ជម្លោះដណ្តើមរាជបល្ល័ង្កបានផ្ទុះឡើង នៅក្រោយការចូលទិវង្គតរបស់អធិរាជអហ្កឺដី ខាន់។ នៅចុងបំផុត តំណែងជាអធិរាជម៉ុងហ្គោល ត្រូវបានគេប្រគល់ទៅឲ្យកូនប្រុសរបស់អហ្កឺដី ខាន់។ ក៏ប៉ុន្តែ នៅពេលក្រោយៗមកទៀត ជម្លោះដណ្តើមរាជបល្ល័ង្ក តែងតែបានកើតឡើងជារឿយៗ នៅពេលណាដែលអធិរាជចាស់ចូលទិវង្គត។
ទោះជាយ៉ាងនេះក៏ដោយ កងទ័ពម៉ុងហ្គោលនៅតែបន្តធ្វើសង្រ្គាមវាតទីពង្រីកទឹកដីរបស់ខ្លួនតទៅទៀត គឺយុទ្ធនាការវាតទីទឹកដីចុះទៅខាងត្បូងប្រទេសចិន និងទៅក្នុងតំបន់មជ្ឈិមបូព៌ា។ ទីក្រុងបាកដាដ ដែលជាក្រុងដ៏សំខាន់មួយរបស់ចក្រភពអ៊ីស្លាមត្រូវបានទាហានម៉ុងហ្គោលវាយដណ្តើមកាន់កាប់ នៅឆ្នាំ១២៥៨។ បន្ទាប់មកទៀត ស៊ីរី ដែលជាទីតាំងដ៏សំខាន់មួយទៀតរបស់ចក្រភពអ៊ីស្លាម ក៏ត្រូវធ្លាក់ក្រោមការត្រួតត្រារបស់ចក្រភពម៉ុងហ្គោលដែរ។
នៅឯទិសខាងត្បូងឯណោះវិញ សង្រ្គាមជាមួយនគរសុង នៅចុងខាងត្បូងប្រទេសចិននៅតែបន្តធ្វើ។ រហូតដល់ឆ្នាំ១២៧៩ កងទ័ពម៉ុងហ្គោលបានវាយផ្តួលរំលំនគរសុងបានជាស្ថាពរ។ ប្រទេសចិនត្រូវធ្លាក់ក្រោមការគ្រប់គ្រងរបស់អធិរាជម៉ុងហ្គោល ឈ្មោះ គូប៊ីឡៃ ខាន់ (Kubilai Khan)។
ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងប្រជាជនចិន ដែលមានចំនួនច្រើនរាប់លាននាក់ គូប៊ីឡៃ ខាន់ បានប្រកាសតាំងខ្លួនថាជាអធិរាជចិន ហើយបានរៀបចំរចនាសម្ព័ន្ធ និងរបៀបដឹកនាំ ដែលមានលក្ខណៈស្រដៀងគ្នានឹងរាជវង្សចិនពីពេលមុន ដោយបង្កើតជាសែរាជវង្សថ្មីមួយទៀត គឺរាជវង្សយ័ន។
បន្ទាប់ពីបានពង្រឹងអំណាចពេញដៃ នៅក្នុងប្រទេសចិនរួចហើយ គូប៊ីឡៃ ខាន់ ក៏បានពង្រីកទឹកដីរបស់ខ្លួន ចុះមកទិសខាងត្បូងបន្តទៀត។ ក៏ប៉ុន្តែ យុទ្ធនាការវាតទីពង្រីកទឹកដី នៅអាស៊ីអាគ្នេយ៍ ដោយកងទ័ពរបស់គូប៊ីឡៃ ខាន់ មិនសូវជាទទួលបានជោគជ័យប៉ុន្មានទេ។ កងទ័ពម៉ុងហ្គោលត្រូវទទួលបរាជ័យ នៅកោះជ្វា នៅឆ្នាំ១២៩៣។
នៅអាណ្ណាមវិញ កងទ័ពរបស់គូប៊ីឡៃ ខាន់ ត្រូវទទួលបរាជ័យជាច្រើនលើក និងទទួលរងនូវការខាតបង់ច្រើន ទម្រាំតែអាចគ្រប់គ្រងទឹកដីអាណ្ណាមបាន នៅអំឡុងឆ្នាំ១២៨៨។
ក៏ប៉ុន្តែ អ្នកប្រវត្តិសាស្រ្តជាច្រើនយល់ថា គោលដៅសំខាន់របស់អធិរាជ គូប៊ីឡៃ ខាន់ គឺគ្រាន់តែចង់ឲ្យនគរនៅអាស៊ីអាគ្នេយ៍សុខចិត្តរណបចក្រភពម៉ុងហ្គោល ហើយយកសួយសារអាករទៅថ្វាយស្តេចម៉ុងហ្គោលតែប៉ុណ្ណោះ ដោយមិនចង់វាយដណ្តើមយកទឹកដីនគរទាំងអស់នេះទៅគ្រប់គ្រងទាំងស្រុងនោះទេ។ ហេតុដូច្នេះហើយបានជាភាគច្រើន ម៉ុងហ្គោលច្រើនតែបញ្ជូនកងទ័ពក្នុងទ្រង់ទ្រាយតូច ឬក៏ត្រឹមរាជទូតឲ្យទៅកាន់នគរនៅអាស៊ីអាគ្នេយ៍។
នៅឆ្នាំ១២៨៣ ម៉ុងហ្គោលបានបញ្ជូនកងទ័ពមួយក្រុមតូច កាត់តាមនគរចម្ប៉ា ដែលបានក្លាយជានគរចំណុះអធិរាជម៉ុងហ្គោលរួចទៅហើយ ឲ្យឆ្លងចូលទៅនគរខ្មែរ។ គេមិនឃើញមានឯកសារច្បាស់លាស់ដែលរៀបរាប់អំពីការវាយប្រយុទ្ធគ្នា រវាងកងទ័ពម៉ុងហ្គោល ជាមួយនឹងកងទ័ពខ្មែរនោះទេ។
ក៏ប៉ុន្តែ ពីរឆ្នាំក្រោយមក គឺនៅឆ្នាំ១២៨៥ ស្តេចនគរខ្មែរ គឺព្រះបាទជ័យវរ្ម័នទី៨ បានផ្ញើសួយសារអាករទៅថ្វាយអធិរាជម៉ុងហ្គោល គូប៊ីឡៃ ខាន់ ហើយនៅឆ្នាំ១២៩៦ រាជទូតចិន ឈ្មោះ ជីវ តាក្វាន់ ត្រូវបានបញ្ជូនឲ្យមកបំពេញបេសកកម្ម នៅក្នុងនគរខ្មែរ រហូតដល់ពាក់កណ្តាលឆ្នាំ១២៩៧។
គឺ ជីវ តាក្វាន់នេះហើយដែលបានបន្សល់ទុកនូវកំណត់ត្រាជាច្រើន អំពីជីវភាពប្រចាំថ្ងៃរបស់ខ្មែរ នៅសម័យអង្គរ។ ជីវ តាក្វាន់ ថ្វីដ្បិតតែត្រូវបានបញ្ជូនពីចិន ហើយត្រូវបានគេហៅថាជារាជទូតចិន ក៏ប៉ុន្តែ តាមពិត គឺជារាជទូតរបស់អធិរាជម៉ុងហ្គោល ពីព្រោះថា នៅពេលនោះ ចិន ស្ថិតក្រោមការគ្រប់គ្រងរបស់ម៉ុងហ្គោល ហើយរាជបល្ល័ង្ករបស់ចិន ត្រូវកាន់កាប់ដោយអធិរាជម៉ុងហ្គោល។
ចក្រភពម៉ុងហ្គោល ចាប់តាំងពីសម័យកាលអធិរាជ ជិនហ្គីស ខាន់ មក គឺជាមហាអំណាចដ៏ធំសម្បើមមួយ ដែលមានកងទ័ពខ្លាំងក្លា ច្បាំងឈ្នះស្ទើរតែគ្រប់ទិសទី ហើយពង្រីកទឹកដីរហូតស្ទើរតែពាក់កណ្តាលពិភពលោក។ ក៏ប៉ុន្តែ ចក្រភពដ៏ខ្លាំងក្លានេះមានសត្រូវដ៏ធំមួយ គឺជម្លោះផ្ទៃក្នុង។
ដើម្បីគ្រប់គ្រងទឹកដីដ៏ធំមហិមា ចក្រភពម៉ុងហ្គោលបានបែងចែកទឹកដីរបស់ខ្លួនជាចំណែកៗ ដោយផ្នែកនីមួយៗ មានស្តេចសោយរាជ្យផ្សេងៗគ្នា។ គិតត្រឹមឆ្នាំ ១២៦០ ចក្រភពម៉ុងហ្គោលត្រូវបានបែងចែកជា ៤ផ្នែកធំៗ។ ផ្នែកទីមួយ គឺនៅម៉ុងហ្គោល ទីបេ កូរ៉េ និងចិន។
ទឹកដីម៉ុងហ្គោលមួយចំណែកនេះ គ្រប់គ្រងដោយ គូប៊ីឡៃ ខាន់ ដែលមានឋានៈជាអធិរាជចិនផង និងជាអធិរាជនៃចក្រភពម៉ុងហ្គោលទាំងមូលផង។ ម៉ុងហ្គោលផ្នែកទី២ ស្ថិតនៅអាស៊ីកណ្តាល។ ផ្នែកទី៣ នៅរុស្ស៊ី។ ផ្នែកទី៤ នៅមជ្ឈិមបូព៌ា ត្រង់ម្តុំចក្រភពពែរស៍។
ដោយសារតែចក្រភពម៉ុងហ្គោល មានសារជាតិដើមជាក្រុមកុលសម្ព័ន្ថដាច់ៗពីគ្នា ប្រជាជនម៉ុងហ្គោលមានការពិបាកក្នុងការរួបរួមគ្នាជាប្រជាជាតិតែមួយ។ ជម្លោះផ្ទៃក្នុងនៃចក្រភពម៉ុងហ្គោល កើតមានក្នុងពីររូបភាព។
ទីមួយ គឺជម្លោះ រវាងទឹកដីម៉ុងហ្គោលទាំង ៤ផ្នែក ដោយស្តេចនីមួយៗប្រជែងគ្នាធ្វើជាអធិរាជធំនៃចក្រភពម៉ុងហ្គោល។
ជម្លោះទីពីរ គឺជាជម្លោះដណ្តើមរាជបល្ល័ង្ក នៅខាងក្នុងផ្នែកនីមួយៗ។ ស្របជាមួយនឹងជម្លោះផ្ទៃក្នុងនេះ ប្រជាជនដែលមិនមែនជាជនជាតិម៉ុងហ្គោល ហើយដែលត្រូវម៉ុងហ្គោលឈ្លានពានយកមកកាន់កាប់ ក៏ចាប់ផ្តើមឆ្លៀតពេលងើបឡើងបះបោរប្រឆាំងនឹងអំណាចរបស់ចក្រភពម៉ុងហ្គោល។
ជម្លោះផ្ទៃក្នុងអស់ទាំងនេះបានធ្វើឲ្យចក្រភពម៉ុងហ្គោលធ្លាក់ចុះខ្សោយបន្តិចម្តងៗ រហូតដល់អំឡុងឆ្នាំ១៣៣៥ ចក្រភពម៉ុងហ្គោល នៅមជ្ឈិមបូព៌ា ត្រូវដួលរលំ ហើយបំបែកទៅជានគរតូចៗផ្សេងៗពីគ្នា។ ចាប់ពីពេលនោះមកដែនដីម៉ុងហ្គោលផ្សេងៗក៏ចាប់ផ្តើមរង្គោះរង្គើ ហើយត្រូវដួលរលំម្តងមួយៗជាបន្តបន្ទាប់។
នៅឆ្នាំ១៣៦៨ រាជវង្សយ័នរបស់ម៉ុងហ្គោល ដែលគ្រប់គ្រងប្រទេសចិន ត្រូវក្រុមបះបោរចិនផ្តួលរំលំ ហើយពួកម៉ុងហ្គោលក៏បានរត់ភៀសខ្លួនត្រឡប់ទៅម៉ុងហ្គោល ដែលជាទឹកដីកំណើតវិញ។ ចិនរួចផុតពីការត្រួតត្រារបស់ម៉ុងហ្គោល ហើយបង្កើតជារបបដឹកនាំថ្មីមួយទៀត គឺរាជវង្សមីង (Ming)។ គឺឆ្នាំ១៣៦៨នេះហើយ ដែលអ្នកប្រវត្តិសាស្រ្តជាទូទៅកំណត់ថាជាឆ្នាំចុងក្រោយនៃសករាជរបស់ចក្រភពម៉ុងហ្គោល។
គិតជាសរុបទៅ ចក្រភពម៉ុងហ្គោលបានស្គាល់ភាពរុងរឿងជាមហាអំណាចពិភពលោក ក្នុងរយៈពេល ១៦២ឆ្នាំ (ពីឆ្នាំ១២០៦ ដល់ឆ្នាំ១៣៦៨)។ ដូច្នេះ បើប្រៀបធៀបនឹងចក្រភពរ៉ូម ចក្រភពម៉ុងហ្គោលមានផ្ទៃដីធំជាងចក្រភពរ៉ូមឆ្ងាយ ក៏ប៉ុន្តែ ម៉ុងហ្គោលត្រួតត្រាពិភពលោកបានតិចឆ្នាំជាងរ៉ូម។ ចក្រភពរ៉ូមបានស្គាល់ភាពរុងរឿងជាមហាអំណាចពិភពលោក រហូតដល់ទៅ ជាង ៥០០ឆ្នាំ (ឆ្នាំ២៧មុនគ.ស រហូតដល់ឆ្នាំ៤៧៦គ.ស)៕