ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិអ្នកប្រាជ្ញរូបវិទ្យាដ៏ល្បីល្បាញ លោក ស្ទីវិន ហកឃីង (Stephen Hawking) ដែលរស់នៅក្នុងពិការភាព

ប្រវត្តិ​អ្នក​ប្រាជ្ញ​ដ៏​ល្បីឈ្មោះ​មួយ​រូប​គឺ​លោក ស្ទីវិន ហកឃីង (Stephen Hawking) ដែល​ជា​អ្នក​ប្រាជ្ញ​ខាង​រូបវិទ្យា​ដ៏ល្បីឈ្មោះ​ម្នាក់ ហើយ​ដែល​ទើប​នឹង​ទទួល​មរណភាព កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨​កន្លងទៅ។

លោក​ស្ទីវិន ហកឃីង រស់នៅ​ក្នុង​ពិការភាព​ចាប់តាំង​ក្បាល​រហូត​ដល់​ចុងជើង អង្គុយ​តែ​លើ​កៅអីរុញ ហើយ​កុំថាឡើយ​ដល់​ទៅ​កម្រើកដៃជើង សូម្បីតែ​កម្រើក​មាត់​និយាយ​ក៏​មិន​អាច​ធ្វើ​ទៅរួចផង ដោយ​ត្រូវ​ពឹងលើ​ម៉ាស៊ីន​កុំព្យូទ័រ​​ឲ្យ​និយាយ​ជំនួស។ ក៏ប៉ុន្តែ លោក​ពិការ​តែ​ខាង​រូបកាយ​តែប៉ុណ្ណោះ រីឯ​ខាង​គំនិត​ប្រាជ្ញា​វិញ​គឺ​មិន​ពិការ​នោះទេ។

ផ្ទុយ​ទៅវិញ លោក​បាន​សិក្សា​ស្រាវជ្រាវ និង​រកឃើញ​នូវ​ទ្រឹស្តី​សំខាន់ៗ​ជាច្រើន​ ចាប់តាំង​ពី​ទ្រឹស្តី​ទាក់ទង​នឹង​ប្រហោងខ្មៅ (Black Hole) រហូត​ទៅដល់​ទ្រឹស្តី​ទាក់ទង​នឹង​ការ​ចាប់កំណើត​នៃ​ចក្រវាល (Big Bang Theory)។ នេះ​គឺ​ជា​ប្រវត្តិ​នៃ​​ដំណើរ​ជីវិត​របស់​អ្នក​ប្រាជ្ញ​សម័យ​ទំនើប​ដ៏​សំខាន់​មួយ ដែល​គេ​ចាត់បញ្ចូល​ក្នុង​ចំណោម​អ្នក​ប្រាជ្ញ​ខាង​វិទ្យាសាស្រ្ត​ល្បីៗ ក្នុង​ប្រវត្តិសាស្រ្ត រួមជាមួយ​នឹង អាល់ប៊ែរ អាញ់ស្តាញ់, អ៊ីសាក់ ញូតុន និង​កាលីលេអូ កាលីលេ។

See the source image

លោក​ស្ទីវិន ហកឃីង កើត​នៅថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ១៩៤២ នៅ​ក្នុង​ទីក្រុង​អកស្វឺត ប្រទេស​អង់គ្លេស។ ថ្ងៃ​ដែល​លោក​កើត គឺ​ចំ​នឹង​ថ្ងៃ​ខួប​គម្រប់ ៣០០ឆ្នាំ​គត់ នៃ​មរណភាព​របស់​លោក​កាលីលេអូ កាលីលេ ហើយ​ឆ្នាំដែល​លោក​កើត គឺ​ចំពេល​ដែល​ពិភពលោក​ទាំងមូល​កំពុង​ស្ថិត​ក្នុង​ភ្នក់ភ្លើង​សង្រ្គាម គឺ​សង្រ្គាម​លោកលើកទី២ ដែល​អង់គ្លេស គឺ​ជា​តួអង្គ​ដ៏សំខាន់​មួយ​នៃ​សង្រ្គាម។

ស្ទីវិន ហកឃីង កើតមក​ជា​ក្មេងប្រុស​ធម្មតា​ម្នាក់ ដែល​មិនទាន់​ធ្លាក់​ខ្លួន​ពិការ​នៅឡើយទេ ហើយ​លោក​​គឺ​ជា​កូនប្រុស​ច្បង នៅ​ក្នុង​ចំណោម​បងប្អូន ៣នាក់ ក្នុង​ត្រកូល ដែល​មាន​ឪពុកម្តាយ​សុទ្ធតែ​ជា​អ្នក​រៀន​សូត្រ​បាន​ខ្ពង់ខ្ពស់ នៅ​ឯ​សកលវិទ្យា​អកស្វឺត ដែល​ជា​សកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​​នៅ​អង់គ្លេស ក៏ដូចជា​នៅ​ទូទាំង​ពិភពលោក។

ស្ទីវិន ហកឃីង បាន​ដើរតាម​គន្លង​ម្តាយ និង​ឪពុក ដោយ​បាន​ប្រឡង​ជាប់​ទទួល​​អាហារូបករណ៍​ចូល​រៀន នៅ​សកលវិទ្យាល័យ​អកស្វឺត នៅ​ឆ្នាំ១៩៥៩ ដោយ​នៅពេលនោះ លោក​មាន​អាយុ ១៧ឆ្នាំ។

កាលពី​ដំបូងឡើយ ឪពុក​របស់​ស្ទីវិន ហកឃីង ចង់​ឲ្យ​លោក​រៀន​ខាង​វេជ្ជសាស្រ្ត ហើយ​ចាប់​យក​អាជីព​ជា​គ្រូពេទ្យ​ដូច​ឪពុក។ ក៏ប៉ុន្តែ ស្ទីវិន ហកឃីង មិនចូលចិត្ត​មុខវិជ្ជាពេទ្យ​នោះទេ ដោយ​ដក់​ចិត្ត​តែ​លើ​ផ្នែក​វិទ្យាសាស្រ្ត។ លោក​ក៏​បាន​ជ្រើសរើស​យក​ផ្នែក​ ​គណិតវិទ្យា និង​រូបវិទ្យា។

និយាយ​ពី​ការ​សិក្សា​នេះ តាំង​ពី​ក្មេង​រៀងមក ស្ទីវិន ហកឃីង រៀន​មិនអន់​នោះទេ តែ​ក៏​មិនមែន​ជា​សិស្ស​ដែល​ពូកែ​ឆ្នើម​លេចធ្លោ​លើសគេឯងនោះដែរ។ តាមពិត ស្ទីវិន ហកឃីង គឺ​ជា​កូនសិស្ស​ដែល​មាន​ប្រាជ្ញា​ឆ្លាតវៃ តែ​មិន​ចូល​ចិត្ត​ចំណាយ​ពេល​រៀន​សូត្រ​ច្រើន។

See the source image

លោក​ខ្លួនឯង​ផ្ទាល់ បាន​ធ្វើការ​ប៉ាន់​ស្មាន​ថា នៅ​ក្នុង​រយៈពេល ៣ឆ្នាំ នៅ​សកលវិទ្យាល័យ​អកស្វឺត លោក​ចំណាយ​ពេល​រៀន​គិតជា​មធ្យម​តែ​ប្រមាណ​ជា ១ម៉ោង តែ​ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ការ​ចំណាយ​ពេល​តិចតួច​ក្នុងការ​រៀនសូត្រ​ខ្លួនឯង​បែបនេះ បាន​ធ្វើ​ឲ្យ​លោក​ទទួល​បាន​ពិន្ទុ​មិន​សូវ​ល្អ នៅ​ពេល​ប្រឡង​បញ្ចប់​ការ​សិក្សា​នៅ​អកស្វឺត ហើយ​ស្ទើរតែ​មិន​អាច​បន្ត​ការ​សិក្សា​ខាង​ផ្នែក​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​ទៅតាម​បំណង​របស់​លោក​បាន។

ទោះជា​យ៉ាងណា លោក​បាន​ប្រឡង​ជាប់​ទាំង​ប្រផិតប្រផើយ​បាន​បន្ត​ការ​សិក្សា​ខាង​ផ្នែក​រូបវិទ្យា នៅ​ឯ​សកលវិទ្យាល័យ​ដ៏ល្បីល្បាញ​មួយ​ទៀត​របស់​អង់គ្លេស គឺ​សកលវិទ្យាល័យ​ខេម​ប្រ៊ិច។

នៅសកលវិទ្យាល័យ​ខេមប្រ៊ិច លោក​ស្ទីវិន ហកឃីង បាន​ផ្តោត​ការ​សិក្សា​របស់​លោក​ទៅ​លើ​ទ្រឹស្តី​រូបវិទ្យា​ដែល​ទាក់ទង​នឹង​លោកធាតុ (Cosmologie) ជាពិសេស ទ្រឹស្តី​ទាក់ទង​នឹង​កម្លាំងទំនាញ និង​ទ្រឹស្តី General Relativity របស់​លោក​អាល់ប៊ែរ អាញ់ស្តាញ់។

ខុសកាល​ពី​ពេល​នៅ​អកស្វឺត លោក​ស្ទីវិន ហកឃីង បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ច្រើន ទៅលើ​ការ​សិក្សាស្រាវជ្រាវ​របស់​លោក​នៅ​ខេមប្រ៊ិច ហើយចំណុច​របត់​ដ៏សំខាន់​នៅ​ក្នុង​ជីវិត​របស់​លោក​នៅ​ពេលនោះ គឺ​បញ្ហា​សុខភាព។

នៅ​ឆ្នាំ១៩៦៣ នៅ​ក្នុងវ័យ ២១ឆ្នាំ លោក​ស្ទីវិន ហកឃីង ត្រូវ​បាន​គ្រូពេទ្យ​រកឃើញ​ថា លោក​មាន​ជំងឺ​ផ្នែក​សរសៃ​និង​សាច់ដុំ​មួយ​ប្រភេទ ដែល​គេ​ឲ្យឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា ALS (ឬ Lou Gehrig​’s disease)។ ជា​ជំងឺ​ដែល​មិន​អាច​ព្យាបាល​បាន ​ដែល​នឹង​នាំ​ឲ្យ​លោក​ត្រូវ​ធ្លាក់​ខ្លួន​ពិការ​ទាំងស្រុង ហើយ​ជាងនេះ​ទៅទៀត គ្រូពេទ្យ​បាន​ព្យាករ​ថា លោក​អាច​មាន​ជីវិត​រស់​នៅ​បាន​យ៉ាងច្រើន​បំផុត​តែ​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។

See the source image

ការប្រឈមមុខ​នឹង​ជំងឺ​ដ៏​កាចសាហាវ និង​សេចក្តីស្លាប់​ដែល​នឹង​ត្រូវ​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​ដោយ​ចៀសមិនរួចបែបនេះ គឺ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​តក់​ស្លុត​បំផុត​មួយ សម្រាប់​លោក​ស្ទីវិន ហកឃីង។ មនុស្ស​ភាគច្រើនជាទូទៅ​ប្រហែល​ជា​នឹង​ត្រូវ​ធ្លាក់​ទឹកចិត្ត អស់សង្ឃឹម​ក្នុង​ជីវិត បោះបង់​ចោល​លែង​ធ្វើ​អ្វី​ទាំងអស់ ហើយ​បណ្តែតបណ្តោយ​ខ្លួន​ទៅតាម​ព្រេងវាសនា។

ក៏ប៉ុន្តែ លោក​ស្ទីវិន ហកឃីង គឺ​ផ្ទុយ​ពី​នេះ​ទាំងស្រុង។ ការប្រឈមមុខ​នឹង​សេចក្តីស្លាប់​ដែល​នឹង​ជិតមកដល់ ធ្វើ​ឲ្យ​លោក​មាន​គំនិត​ចង់​រស់​នៅ​ក្នុង​ជីវិតដ៏ខ្លី និង​ចំណាយ​ពេល​ដែល​នៅ​សេសសល់​ទាំងប៉ុន្មាន ដើម្បី​ធ្វើ​អ្វី​ដែល​មាន​ប្រយោជន៍។

លោក​បាន​វិលត្រឡប់​ទៅ​បន្ត​ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​វិញ ហើយ​ធ្វើ​ដោយ​យក​ចិត្ត​ទុកដាក់​។ នៅ​ពេល​ដែល​លោក​ចំ​ណាយ​ពេល​កាន់តែ​​ច្រើន​ទៅលើ​ការ​សិក្សា​ស្រាវជ្រាវ វា​ធ្វើ​ឲ្យ​លោក​កាន់តែជក់ចិត្ត ហើយលើសពីនេះ​ទៅទៀត ជីវិត​របស់​លោក​កាន់តែ​មាន​សុភមង្គល​ នៅ​ក្រោយ​ពេល​ដែល​លោក​បាន​ភ្ជាប់ពាក្យ​ជាមួយ​នឹង​គូស្នេហ៍​របស់​លោក ដែល​បាន​ស្គាល់​គ្នា តាំង​ពី​ពេល​លោក​ដឹង​ខ្លួន​ថា​មាន​ជំងឺ។

នៅ​ឆ្នាំ១៩៦៥ ពីរឆ្នាំ​ក្រោយ​ពី​គ្រូពេទ្យ​រកឃើញ​ថា​លោក​មាន​ជំងឺ​ ហើយ​អាច​រស់​នៅ​បាន​ត្រឹមតែ​ពីរឆ្នាំ លោក​ស្ទីវិន ហកឃីង នៅតែ​បន្ត​មាន​ជីវិត ហើយ​ថែម​ទាំង​បាន​រៀបការ សាង​គ្រួសារ​ដូចគេ​ដូចឯង។ នៅ​ឆ្នាំ​១៩៦៦ លោក​បាន​បញ្ចប់​ការ​សិក្សា​ទទួល​សញ្ញា​បត្រ​​ថ្នាក់​បណ្ឌិត​ពី​សកលវិទ្យាល័យ​ខេមប្រ៊ិច ហើយថែម​ទាំង​បាន​​ការងារ​ជា​អ្នក​ស្រាវជ្រាវ​ និង​បន្ទាប់​មក​ទៀត​ជា​សាស្រ្តាចារ្យ​នៅ​ទីនោះ។

​នៅទីបំផុត​ទៅ ជីវិត​​របស់​លោក​នៅក្រោយ​ពី​ដឹង​ថា​មាន​ជំងឺ​ព្យាបាល​មិន​ជា​ ប្រែក្លាយ​ជា​ជីវិត​ដ៏​មាន​អត្ថន័យ និង​មាន​គោលដៅ​ជាង​ជីវិត​កាល​ពី​ពេល​មុន​ទៅទៀត។ ការ​សិក្សា​ស្រាវជ្រាវ​របស់​លោក​បាន​ឈាន​ទៅដល់​ការ​រកឃើញ​នូវ​ទ្រឹស្តី​សំខាន់ៗ​ជាច្រើន​ខាង​ផ្នែក​រូបវិទ្យា ដែល​ធ្វើ​ឲ្យ​រូបលោក​បាន​ក្លាយ​ជា​អ្នក​ប្រាជ្ញ​រូបវិទ្យា​ដ៏​មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មួយ នៅ​ទូទាំង​ពិភពលោក។

នៅ​ឆ្នាំ​១៩៧៤ លោក​ស្ទីវិន ហកឃីង ត្រូវ​បាន​គេតែងតាំង​ជា​សមាជិក​រាជបណ្ឌិតសភា​វិទ្យាសាស្រ្ត​អង់គ្លេស ហើយ​៥ឆ្នាំក្រោយ​មកទៀត ត្រូវ​បាន​តែងតាំង​ជា​ប្រធានសាស្រ្តាចារ្យ​ផ្នែក​គណិតវិទ្យា​នៅ​សកលវិទ្យាខេមប្រ៊ិច ដែល​ជា​មុខតំណែង​សាស្រ្តាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្រ្ត​ដ៏​ល្បីល្បាញ​បំផុតមួយ​នៅ​អង់គ្លេស ក៏ដូចជា នៅ​លើ​ឆាក​អន្តរជាតិ។

មុខតំណែង​ទាំងពីរ​នេះ​ធ្លាប់​ត្រូវ​បាន​កាន់កាប់​ដោយ​អ្នក​ប្រាជ្ញ​រូបវិទ្យា​ដ៏ល្បីល្បាញ​ក្នុង​ប្រវត្តិសាស្រ្ត គឺ​លោក​អ៊ីសាក់ ញូតុន កាល​ពី​ក្នុង​អំឡុង​សតវត្សរ៍​ទី១៧។

លោក​ស្ទីវិន ហកឃីង បាន​កាន់កាប់​តំណែង​ជា​ប្រធានសាស្រ្តចារ្យ​ផ្នែក​គណិតវិទ្យា​នៅ​ខេមប្រ៊ិច អស់រយៈពេល ៣០ឆ្នាំ គឺ​ចាប់​ពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​២០០៩។ លោក​ទទួល​មរណភាព នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ដែល​ត្រូវ​ចំ​ថ្ងៃ​កំណើត​របស់​លោក​អាល់ប៊ែរត៍ អាញ់ស្តាញ់។

See the source image
Related posts
ប្រវត្តិបុគ្គលល្បីៗ

ជីវប្រវត្តិរបស់ សាស្រ្តាចារ្យរូបវិទូអាឡឺម៉ង់ដ៏ល្បីល្បាញ ម៉ាក្ស ផ្លែងក៍ (Max Planck)

ប្រវត្តិបុគ្គលល្បីៗ

លោកដ្វាយ អៃសិនហូវ័រ អតីតនាយឧត្តមសេនីយនិ៍ និង ប្រធានាធិបតីអាមេរិកទី៣៤

ប្រវត្តិបុគ្គលល្បីៗ

តើម្ដាយរបស់អាឌុល ហ៊ីត្លែរជាអ្នកណា?

ប្រវត្តិបុគ្គលល្បីៗ

លោក កូហ្វី អាណាន់ ជាជនជាតិស្បែកខ្មៅអាហ្រ្វិកដំបូងគេ ដែលបានកាន់តំណែងអង្គការកំពូលពិភពលោក

Leave a Reply

Your email address will not be published. Required fields are marked *