ប្រវត្តិសាស្រ្តខ្មែរ

តើប្រាសាទភ្នំជីសូរ កសាងឡើងដោយព្រះមហាក្សត្រអង្គណា ក្នុងការឧទ្ទិសថ្វាយទៅលើអ្វី?

ប្រាសាទភ្នំជីសូរត្រូវបានកសាងឡើងដោយ ព្រះបាទសូរ្យវរ្ម័នទី១ នៅដើមសតវត្សរ៍ទី១១ ពីឆ្នាំ១០០២ ដល់ ឆ្នាំ១០៥០ ដើម្បីឧទ្ទិសថ្វាយព្រហ្មមញ្ញសាសនា ជាស្ថាបត្យកម្មខ្មែរ មានទីតាំងភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ។

សូមបញ្ជាក់ថា៖ ចង់ស្គាល់«ភ្នំជឺសូរ »បើធ្វើដំណើរតាមរថយន្ត ពីភ្នំពេញតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និងប្រាសាទនាងខ្មៅ មានចំងាយ៦២គ.ម ដោយប្រើរយៈពេលប្រហែលមួយម៉ោង រួចបត់ឆ្វេងចូលតាមផ្លូវកៅសូ មានចំងាយ៥គ.ម ពីផ្លូវជាតិ។

បើធ្វើដំណើរពីទីរួមខេត្ត​មានចំងាយ២៧គ.ម។ ភ្នំជីសូរមានកំពស់ ១៣០ម។
គេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅ (នៅតាមផ្លូវជាតិលេខ២ ឆ្ពោះទៅទិសខាងត្បូង)​ ប៉ុន្តែភ្ញៀវទេសចរណ៍ត្រូវបន្តដំណើរប្រមាណ ២៥គ.ម ទើបទៅដល់ទីនោះ។

នៅលើភ្នំជីសូរ មានប្រាសាទបុរាណមួយ​ ថ្វីត្បិតតែមានសភាពបាក់បែកភាគច្រើន ប៉ុន្តែវាមានលក្ខណៈល្អផ្តាច់លើសប្រាសាទនានា នៅក្នុងតំបន់នេះ។ ពីលើកំពូលភ្នំនេះ គេគយគន់មើលទេសភាពវាលស្រែនៅក្នុងខេត្តតាកែវដ៏ល្អប្រណិតគ្រប់ទិសទី។

ប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកំពស់ ៣៨០ម៉ែត្រ នៅដើមសតវត្សរ៍ទី១១ (១០០២-១០៥០) ដោយព្រះបាទសូរ្យវរ្ម័នទី១ សំរាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះសាងសង់អំពីថ្មភក់ និងលីប៉ូនីត មានបណ្តោយ ៦០ម និងទទឹង ៥០ម និងមានថែវ២ជាន់ព័ទ្ធជុំវិញ។

ថែវទី២ មានទំហំតូចជាងថែវទី១ និងនៅចំកណ្តាល មានទីសក្តារៈមួយដ៏សំខាន់ ហើយមានទ្វារឆ្លាស់ពីរ ខាងក្នុងមានបដិមាករមួយធ្វើអំពីឈើ។ ម្យ៉ាងទៀត​ គេប្រទះឃើញក្បាច់ចំលាក់យ៉ាងល្អប្រណិតនៅផ្តែរ និងសរសរពេជ្រ។

See the source image

គេនិយមឡើងលើភ្នំជីសូរ តាមជណ្តើរថ្មខាងលិច​ដែលមានចំនួន៣៩០កាំហើយ ចុះតាមជណ្តើរខាងត្បូង ដែលមាន៤០៨កាំ។ នៅចំមុខប្រាសាទមានក្លោងទ្វារ និងមានជណ្តើរមួយទៀត សាងសង់តាំងពីសម័យកសាងប្រាសាទដែលភ្ជាប់ទៅប្រាសាទសែន និងប្រាសាទភូវាំង និងទន្លេអ៊ុំ ដែលជាបឹងកាលពីអតីតកាល ដែលគេចាត់ទុកជាបឹងដ៏ពិសិដ្ឋ សំរាប់ធ្វើពិធីងូតទឹក​លាងបាប​តាមលទ្ធិព្រាហ្មញ្ញសាសនា។ ក្រៅពីនេះ​នៅមានប្រាសាទជាច្រើនទៀតដ៏ទូលាយ បែរមុខទៅទិសខាងកើត និងពាយ័ព្យ មានបណ្តោយប្រវែង​១០០ម និង ទទឹង៨០ម។ មួយផ្នែកធំនៃប្រាសាទភ្នំជីសូរត្រូវបានខូចខាត។

នៅប៉ែកខាងត្បូងនៃប្រាសាទ មានព្រះវិហារពុទ្ធសាសនា​សង់ថ្មីមួយ និងនៅខាងក្រោយ មានសាលាធម្មសភាមួយខ្នង​ដែលមានកុដិព្រះសង្ឃ និងមានទីសក្ការៈតូចមួយទៀត ហើយ​មានអាងទឹកចំណាស់មួយធ្វើអំពីបេតុងជាថ្នាក់ៗ។

ភ្នំជីសូរ​ ជារមណីដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តរបស់ខេត្តតាកែវ។ មណ្ឌលនេះបាន និង​ កំពុងឆ្លុះបញ្ជាំងនូវប្រាសាទបុរាណដែលមានកេរ្តិ៍ដំណែល​វប្បធម៌ អរិយធម៌បេតិកភ័ណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ និងសមិទ្ធិផលសង្គមផ្សេងៗទៀតក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។ ក្រៅពីនោះគេឃើញមាន​ រូងវិមានច័ន្ទ ស្ថិតនៅ​ប្រមាណ១៥០ម ពីខាងត្បូង​ ប្រាសាទភ្នំជីសូរ។

See the source image

រូងធម្មជាតិនេះមានតាំងពីយូរយាណាស់មកហើយ។ វាជាទីស្ងាត់សំរាប់ពួកសមណៈព្រាហ្មណ៍តាំងសមាធិ​ឬសំរាប់អ្នកធ្វើធូតុង្គដើរចង្រ្គមភាវនាធម៌។ កាលពីសម័យសង្រ្គាមក្នុងឆ្នាំ១៩៧០​មានការទំលាក់គ្រាប់បែកយ៉ាងខ្លាំងបណ្តាលអោយរូងនេះ ត្រូវបិទជិតដោយដុំថ្មធំៗ​មិនអាចចេញចូលបានទៀតឡើយ។

ក្រៅពីប្រាសាទ​ គេឃើញមាន​ វត្តភ្នំជីសូរ​ បានកសាងក្នុង​ឆ្នាំ១៩១៧ ដែលមានចៅអធិការវត្តគ្រប់គ្រងតាំងពីដើមរៀងមកមាន​ចំនួន៥អង្គ។ វត្តនេះត្រួវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីរក្នុង​សង្គ្រាមឆ្នាំ​១៩៧០ ហើយចាប់ផ្តើមកសាងជាថ្មីក្នុង​ឆ្នាំ១៩៧៩​តរៀងមក។

តំបន់កសិទេសចរណ៍ ហ៊ុន សែន ភ្នំជីសូរ​ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកបាទី និងស្រុកព្រៃកប្បាស ដែលមានវាលស្រៃធំល្វឹងល្វើយ និង ប្រព័ន្ធធារាសាស្រ្តខ្វាត់ខ្វែង ក្នុងទំហំ៥១៣ហិចតា និង ស្រសេវស្សា ១៣៨៦ហិចតា ដែលមានអាងទឹកបីកន្លែងជាប់ៗគ្នា គឺធ្នស់តាគង់ ទួលលក និងសែនពារាម។

ប្រវត្តិសំណង់នៃប្រាង្គប្រាសាទបុរាណ​ ជាមរតកវប្បធម៌ខ្មែរដ៏មានតម្លៃដោយមិនអាច កាត់ថ្លៃបានឡើយ។ លក្ខណៈពិសេសនៃបុរាណដ្ឋាននេះគេតែងមានការកត់សំគាល់នូវប្រវត្តិនៃការកសាងពីរ បែបខុសគ្នា គឺតាមរយៈអ្នកបុរាណវិទ្យាធ្វើការសិក្សាស្រាវជ្រាវតាមរយៈសិលាចារឹកផង និងមួយបែបទៀតតាមរយៈរឿងព្រេងនិទានដែលប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញប្រាសាទមានការចេះចាំមាត់ហើយបាននិយាយតៗ គ្នាផង។

See the source image

តាមសិលាចារឹក ភ្នំជីសូរ មានឈ្មោះថា ស្រីសូរ្យបព៌ត ឫ សូរ្យបព៌ត ដែលមានន័យថា ភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី១។ នៅក្នុងប្រាសាទ​ ភ្នំជីសូរ​ មានសិលាចារឹកពីរ សិលាចារឹកទីមួយនិយាយពីការថ្វាយគ្រឿងសក្ការៈបូជានានា ចំពោះអាទិទេពនៅលើភ្នំដែលមានឈ្មោះថា នៅសូរ្យបព៌ត ដែលមានន័យថា ភ្នំសូរ្យ នៅក្នុងឆ្នាំ ១០១៩ នៃគ.ស។ ចំណែកឯសិលាចារឹកមួយទៀតគឺសិលាចារឹកទីពីរ បានអធិប្បាយពីរាជវង្សរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាអាយ្យកាអាយ្យកោរបស់ព្រះអង្គគឺជាកូនចៅរបស់ស្ដេចហិន្យវរ្ម័ន។

វិហាពុទ្ធសាសនានៅលើភ្នំជីសូរ

តាមសិលាចារឹកនៅ​ ប្រាសាទព្រះវិហារ​ ខេត្តព្រះវិហារ បានរៀបរាប់ពី ការធ្វើពិធីសេវលិង្គ ឈ្មោះ សូរ្យវិមេស្វរៈ នៅប្រាសាទសូរ្យទ្រី ឫ ជីសូរនៅក្នុងឆ្នាំ​​ ១០១៨ នៃគ.ស។ ចំណែកឯសិលាចារឹក​ អង្គ​ ខេត្តសៀមរាប បានហៅប្រាសាទភ្នំជីសូរថា​ ស្រីសូរ្យគីរី និងរៀបរាប់អំពីព្រះអាទិទេពដែលជាស្ដេចនៃចក្រវាល ដែលខ្មែរបុរាណហៅថា កម្រតេងជគត ដែលបានតម្កល់នៅប្រាសាទនេះ។

See the source image

រឿង​ព្រេង​និទាន​៖

កាលពី​ព្រេងនាយ​មាន​មហាក្សត្រ​មួយអង្គ​គង់នៅ​ព្រះ​រាជនិវេសន៍​​មួយកន្លែង​ឋិត​នៅ​ខាងកើត​ ភ្នំជីសូរ​ ​នៅជិត​ទន្លេ​មួយ​ឈ្មោះថា ទន្លេ​ឱម។ រាជនិវេសន៍​នោះ​ឈ្មោះ​ថា «សែន​ភូវាំង» ដែល​មានឈ្មោះ និង​ស្លាក​ស្នាមនៃ​ទីកន្លែង​មកទល់​នឹង​សព្វថ្ងៃនេះ។

កាលណោះ​មានការ​រៀបចំ​ពិធី​មួយ​ហៅថា​ ការ​កោរ​សក់​កូនស្តេច ​ដែលពាក្យ​រាជស័ព្ទ ហៅថា ពិធី​ចម្រើន​ ព្រះ​កេស ព្រះ​រាជឱរស។ ក្នុងគ្រា​នោះដែរ ក៏មាន​ពួក​ព្រាហ្មណ៍ ជាគ្រូ​អាចារ្យ​សំខាន់ៗ បាន​ជូនពរ​សព្ទ សាធុការ​ពរជ័យ​ដល់​ព្រះ​រាជ ឱរសនោះ។ ប៉ុន្តែគេ​បាន​ធ្វើការ​ចាប់អារម្មណ៍​ចំពោះ​ព្រាហ្មណ៍​ចុងក្រោយ​ដែល​បានជូន​ពរ​ជ័យ ដល់​ព្រះ​រាជ ឱរស​ថា សូម​ឲ្យ​ខ្លាំង​ដូច​ស្រមោច ឲ្យពូកែ​ដូច​ខ្មោច និង​មាន​ចិត្ត​មុត​ដូច​ស្រី។

គ្រា​នោះដែរ មជ្ឈដ្ឋាន​ភ្ញៀវ​ចូល​រួម​ទាំង​អស់​និង ព្រះ​មហាក្សត្រ​ផងដែរ បាន​ឆ្ងល់​ទៅ​នឹង​ខ្លឹមសារ​នៃពរជ័យនោះហើយ​សេ្តច​ក៏បាន​ឲ្យ​ព្រាហ្មណ៍​នោះធ្វើការ​ពន្យល់​ដើម្បី​ឲ្យ​អស់​សង្ស័យ។ ព្រាហ្មណ៍​នោះបាន​បកស្រាយ​ដូចតទៅៈ ពរទី១ ខ្លាំង​ដូចស្រមោច​ គឺសំដៅ​ទៅលើការ​កំណត់​ច្បាស់​ថា ស្រមោច​វាជា​សត្វ​មានកម្លាំង​ខ្លាំង។ ទន្ទឹមនេះ​ដែរ​ព្រាហ្មណ៍​បាន​បញ្ជាក់ថា ឲ្យយក​ដែក​ប៉ុនខ្លួនមនុស្ស​ហើយ​ឲ្យ​មនុស្ស​លើក​ម្នាក់ឯង។ ពេលនោះ​មនុស្ស​លើក​ដែក​នោះពុំរួច​ទេ។

ប៉ុន្តែ​បើគេ​យក​ម្ជុល​ទំហំ​ប៉ុនខ្លួន​ស្រមោច​ហើយ​មានការ​ប្រឡាក់​ទឹកឃ្មុំនោះ​ គេឃើញ​ស្រមោច​មួយពាំ​ទៅបាត់។ នេះ​ហើយ​ដែល​ហៅថា ខ្លាំង​ដូចស្រមោច។ ពរទី២ ពូកែ​ដូច​ខ្មោច​ គឺឲ្យ​យក​ខ្មោច​តៃ​​ហោង​ទាំង​៧ ទៅកប់​នៅផ្នូរជិតៗគ្នា​បរិវេណ​តែមួយ​មានរាង​ជា​រង្វង់​ហើយមាន​កប់​ផ្តិល​ប្រាក់​នៅ​ទី​កណ្តាល​នោះដែរ។ នៅ​ពេលយប់​គេ​មាន​រៀប​ចំ ពែអុជ​ធូប​សែន នៅទីនោះ​ដែល​គេសួរ​ថា តើមាន​នរណា​ហ៊ាន​ទៅជីកកកាយ​យកផ្តិល​ប្រាក់​ទាំង​យប់ ឬក៏អត់? គេថា មិន​មាន​នរណា​ហ៊ានទៅ​​ជីក​យកទេ។

នេះ​ហើយដែលគេហៅថា មានឫទ្ធិ​ពូកែ​ដូចខ្មោចនោះ។ ពរទី៣ ចិត្ត​មុត​ដូចស្រី គឺមាន​ដំណើរ​រឿង​ជាក់ស្តែង​ដែលបាន​បង្ហាញ​ថា ស្រ្តី​មាន​ចិត្ត​ដាច់​ដោយ​ហ៊ាន​សម្លាប់​ប្តី ដើម្បី​បាន​ទ្រព្យ​សម្បត្តិ​ និងកិត្តិយស​។ ចំណែក​ឯប្តី វិញ​មិន​ហ៊ាន​សម្លាប់​ប្រពន្ធ​ដើម្បី​ទ្រព្យ​សម្បត្តិ​ និងបុណ្យសក្តិ​នោះឡើយ។ នេះ​ហើយ​ដែល​មាន​ការលើក​ឧទាហរណ៍ បញ្ជាក់​ឲ្យ​ឃើញជាក់ស្តែង​ថា ពិតជា​ស្រ្តីភាព​មានចិត្ត​មុត​មែន។

ចំណុចវិជ្ជមាន៖ ប្រាសាទភ្នំជីសូរជារមណីយដ្ឋានធម្មជាតិនិងប្រវត្តិសាស្រ្តដែលល្អដាច់គេ នៅក្នុងខេត្តតាកែវ នៅពេលនិយាយដល់ខេត្តតាកែវ ភ្ញៀវតែងតែគិតដល់ភ្នំជីសូរជានិច្ច ជាពិសេសប្រជាពលរដ្ឋដែលនៅក្នុងខេត្តនិងខេត្តក្បែរតំបន់នោះផងដែរ។ ប្រជាពលរដ្ឋខ្មែរ ចូលចិត្តនិយមទៅលេងកំសាន្តនៅតំបន់នៅពេលសម្រាកនិងពិធីបុណ្យជាតិនានាជាដើម។

ប្រាសាទភ្នំជីសូរ​ ត្រូវបានធ្វើការអភិរក្សនិងថែរក្សាពីសំណាក់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ម៉្យាងទៀតចម្លាក់នៅលើប្រាសាទមានលក្ខណៈល្អវិចិត្រ ដាច់គេនៅក្នងតំបន់។នៅលើកំពូលភ្នំ ភ្ញៀវទេសចរអាចមើលឃើញទេសភាពវាលស្រែពណ៌បៃតង និងទទួលខ្យល់ បរិសុទ្ឋបំផុត។ ភ្នំជីសូរ​ សម្បូរទៅដោយទីសក្ការៈនានា ដែលជាការគោរពពីសំណាក់ភ្ញៀវទេសចរជាតិ ក្នុងការបន់ស្រន់សូមសេចក្ដីសុខពីទីកន្លែងគោរពបូជា ម៉្យាងទៀតភ្នំជីសូរក៏ជាកន្លែងសម្រាប់សិស្សនិសិ្សតក្នុងការសិក្សាស្រាវជ្រាវអំពីតំបន់ប្រវត្តិសាស្រ្ត ដែលបន្សល់ទុកតាំងសម័យអង្គរមកម្លេះ។

សុខសុវត្តិភាពនៅតំបន់ មានលក្ខណៈល្អប្រសើរ ដោយមានការចូលរួមពីអាជ្ញាធរមានសមត្តកិច្ច ក្នុងការថែរក្សាសណ្ដាប់ធ្នាប់ក្នុងតំបន់។ រមណីយដ្ឋានភ្នំជីសូរបានផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋ ក្នុងតំបន់នោះតាមរយៈការលក់ម្ហូបអាហារនៅក្នុងតំបន់ វាបានធ្វើឳ្យជីវភាពរបស់ប្រជាជនមានលក្ខណៈធូរធាសមរម្យជាងមុន។

See the source image
See the source image
See the source image
Related posts
ប្រវត្តិសាស្រ្តខ្មែរ

បើ​តាមកំណត់ត្រា​លោក ជីវ តាក្វាន់ ខ្មែរ​ប្រារព្ធពិធីចូលឆ្នាំយ៉ាង​ដូចម្ដេច?​

ប្រវត្តិសាស្រ្តខ្មែរ

មកដឹងពីប្រវត្តិរបាំព្រះរាជទ្រព្យដែលជាបេតិកភ័ណ្ឌមរតជាតិខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

រឿងដំណាលនៃរឿង «កូរសមុទ្រទឹកដោះ» ដែលជាទីពេញនិយមឆ្លាក់នៅលើជញ្ជាំងប្រសាទបុរាណខ្មែរ

ប្រវត្តិសាស្រ្តខ្មែរ

ហេតុអ្វីបានជាបញ្ហាព្រំដែន បានក្លាយជាទំនាស់ជាតិសាសន៍?

Leave a Reply

Your email address will not be published.