
ដាសម្ដេចសង្ឃ ដាឡៃឡាម៉ា ជាមេដឹកនាំនយោបាយទីបេបានខិតខំប្រឹងប្រែងធ្វើឱ្យទីបេក្លាយជារដ្ឋឯករាជ្យ និង ប្រជាធិបតេយ្យពីប្រទេសចិន។ ហើយព្រះអង្គ និង អ្នកគោរពដើរតាមព្រះអង្គត្រូវបានគេនិរទេសទៅរស់នៅប្រទេសឥណ្ឌា។
តើសម្ដេចសង្ឃ ដាឡៃ ឡាម៉ា ជាអ្នកណា?
សម្តេចសង្ឃ ដាឡៃឡាម៉ា បានប្រសូត្រនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ១៩៣៥ នៅក្រុងTaktser ប្រទេសចិន។ នៅព្រះជន្មវ័យ ១៥ឆ្នាំ សម្ដេចបានកាន់អំណាចនយោបាយទីបេ ក្នុងនាមជាសម្ដេច ដាឡៃឡាម៉ា។ នៅឆ្នាំដដែលនោះ សាធារណរដ្ឋប្រជាមានិតចិនបានចូលលុកលុយប្រទេសទីបេ។ ដោយខ្លាចការធ្វើឃាត និង ការធ្វើទុកបុកម្នេញដល់សម្ដេច និង អ្នកដើរតាមព្រះអង្គរាប់ពាន់នាក់បានភៀសខ្លួនទៅ Dharamshala នៅភាគខាងជើងប្រទេសឥណ្ឌា ដែលជាកន្លែងដែលពួកគេបានបង្កើតរដ្ឋាភិបាលនិរទេសក្រៅស្រុកមួយ។
ចាប់តាំងពីពេលនោះមកសម្តេចសង្ឃ ដាឡៃឡាម៉ា បានធ្វើសកម្មភាពជាច្រើនក្នុងក្តីសង្ឃឹមថានឹងបង្កើតរដ្ឋស្វ័យភាពទីបេមួយ នៅក្នុងប្រទេសសាធារណរដ្ឋប្រជាមានិតចិន។ ទោះបីជាយ៉ាងណារដ្ឋាភិបាលចិនមិនបានបង្ហាញសញ្ញាណាមួយនៃការឆ្ពោះទៅរកសន្តិភាព និង ការផ្សះផ្សាជាមួយទីបេទេ។
សម្តេចសង្ឃ ដាឡៃឡាម៉ា ក៏បានធ្វើសន្និសីទ ការបង្រៀន និង សិក្ខាសាលារាប់រយនៅទូទាំងពិភពលោកដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់ព្រះអង្គ។ ព្រះអង្គក៏បានទទួលពានរង្វាន់ណូបែលសន្តិភាព ក្នុងឆ្នាំ ១៩៨៩។ ហើយនៅខែធ្នូ ឆ្នាំ២០០៨ ដាឡៃឡាម៉ា បានប្រកាសចូលនិវត្តន៍របស់គាត់ព្រះអង្គ បន្ទាប់ពីបានធ្វើការវះកាត់គ្រួសក្នុងប្រមាត់។
ជីវិតព្រះអង្គក្នុងវ័យកុមារភាព
ព្រះអង្គ ដាឡៃ ឡាម៉ា ដំបូងត្រូវបានគេហៅថា Lhamo Thondup បានកើតនៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ១៩៣៥ នៅទីក្រុងTaktser ប្រទេសចិនភាគខាងជើងឈៀងខាងកើតនៃទីបេ នៅក្នុងគ្រួសារកសិករមួយ។ គាត់គឺជាប្រមុខដឹកនាំសាសនាទីបេ និង ជាមេដឹកនាំខាងស្មារតី នៃរដ្ឋាភិបាលនិរទេសទីបេ ដែលមានមូលដ្ឋាននៅដាហាំមឡា ប្រទេសឥណ្ឌា។
ប្រជាជនទីបេជឿថាគាត់ជាអ្នកចាប់កំណើតចាប់ជាតិឡើងវិញ នៃអ្នកកាន់តំណែងជាមេដឹកនាំកាលពីជាតិមុនរបស់គាត់។ អស់រយៈពេលជិត ៥០ ឆ្នាំមកហើយដែលគាត់មានបំណងបង្កើតប្រទេសទីបេ អោយទៅជារដ្ឋគ្រប់គ្រងដោយខ្លួនឯង និង ប្រជាធិបតេយ្យពេញលេញ។
Lhamo Thondup គឺជាកូនទី ៥ ក្នុងចំណោមបងប្អូន១៦នាក់ ក្នុងនោះ ៧ នាក់បានស្លាប់តាំងពីនៅវ័យក្មេងមកម្លេះ។ បន្ទាប់ពីមានការស្វែងរកអ្នកស្នងបន្តសម្ដេចដាឡៃឡាម៉ា ទី ១៣ ហើយបានធ្វើតាមសញ្ញាណ ខាងវិញ្ញាណសំខាន់ៗជាច្រើននៃមន្រ្តីសាសនាបានកំណត់ទីតាំង Lhamo Thondup នៅអាយុ ២ឆ្នាំ។
ហើយបានកំណត់អត្តសញ្ញាណគាត់ថាជាការចាប់បដិសន្ធិឡើងវិញនៃសម្តេចដាឡៃឡាម៉ា ទី១៣ ។ យុវជនវ័យក្មេង Lhamo ត្រូវបានប្តូរឈ្មោះទៅជា Tenzin Gyatso ហើយត្រូវបានប្រកាសថាជាសម្ដេចសង្ឃ ដាឡៃឡាម៉ា ទី១៤។
សម្ដេច ដាឡៃឡាម៉ា ត្រូវបានគេជឿថាជាការចាប់បដិសន្ធិឡើងវិញនៃAvalokitesvara ដែលជាអាទិទេពព្រះពុទ្ធសាសនាដ៏សំខាន់និងជានិមិត្តរូបនៃការអាណិតអាសូរ។ ព្រះអង្គក៏ជាមនុស្សដែលបានបំភ្លឺដែលបានពន្យារពេលជីវិតរបស់ពួកគេ ហើយបានជ្រើសរើសយកការកើតជាថ្មី ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។
អត្ថន័យនៃឈ្មោះរបស់ព្រះអង្គគឺ “ដាឡៃ” មានន័យថា “មហាសមុទ្រ” នៅក្នុងភាសាម៉ុងហ្គោលី ហើយឈ្មោះ “ហ្គាយ៉ាសូ” មកពីពាក្យទីបេ មានន័យថា មហាសមុទ្រ។ រីឯ”ឡាម៉ា” គឺស្មើនឹងពាក្យសំស្ក្រឹត “ហ្គូរៀ” ឬ គ្រូបង្រៀនខាងវិញ្ញាណ។ ដោយដាក់បញ្ចូលគ្នាមានន័យថា “គ្រូខាងវិញ្ញាណដ៏ជ្រៅប្រដូចទៅនឹងមហាសមុទ្រ” ។
ការក្លាយជាសម្តេចសង្ឃដាឡៃឡាម៉ា
Tenzin បានចាប់ផ្តើមការអប់រំផ្នែកសាសនារបស់គាត់នៅអាយុ ៦ឆ្នាំ។ ការសិក្សារបស់គាត់មានសិល្បៈជាតិទីបេ ភាសាទីបេ សិល្បៈ សំស្ក្រឹត វេជ្ជសាស្ត្រ និង ទស្សនវិជ្ជាព្រះពុទ្ធសាសនាដែលត្រូវបានបែងចែកជា ៥ ប្រភេទផ្សេងទៀត ដែលទាក់ទងនឹងភាពល្អឥតខ្ចោះនៃប្រាជ្ញា វិន័យព្រះសង្ឃ ខាងវិទ្យាសាស្រ្តតក្កវិទ្យា និង វិទ្យាសាស្រ្ត រួមនឹងការសិក្សាចំណេះដឹងផ្សេងៗទៀត។
នៅអាយុ ១១ ឆ្នាំ Tenzin បានជួបជាមួយ Heinrich Harrer ជាអ្នកឡើងភ្នំ ជនជាតិអូទ្រីសដែលបានក្លាយជាគ្រូម្នាក់របស់គាត់បង្រៀនគាត់អំពីជីវិតនៃពិភពខាងក្រៅ។ អ្នកទាំងពីរនៅតែជាមិត្ដភក្ដិរហូតដល់មរណភាពរបស់ Harrer នៅឆ្នាំ ២០០៦។

នៅឆ្នាំ១៩៥០ នៅអាយុ ១៥ឆ្នាំ Tenzin បានកាន់អំណាចនយោបាយពេញលេញក្នុងនាមជាសម្ដេចសង្ឃ ដាឡៃឡាម៉ា។ ទោះយ៉ាងណាការគ្រប់គ្រងរបស់គាត់គឺមានរយះពេលខ្លីណាស់ ដោយសារនៅខែតុលា ឆ្នាំនោះ សាធារណរដ្ឋប្រជាមានិតចិនបានលុកលុយទីបេប្រឆាំងនឹងការតស៊ូរបស់ពួកគេ។
នៅឆ្នាំ ១៩៥៤ ដាឡៃឡាម៉ា បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីពិភាក្សាសន្តិភាពជាមួយលោក ម៉ៅ សេទុង និង មេដឹកនាំចិនដទៃទៀត។ តែទោះជាយ៉ាងណានៅឆ្នាំ ១៩៥៩ ការបន្តបង្ក្រាបជនជាតិទីបេដោយកងទ័ពចិនបាននាំឱ្យមានការបះបោររបស់ពួកជនជាតិទីបេជាបន្ដទៀត។

សម្តេច ដាឡៃឡាម៉ា និង ទីប្រឹក្សាជិតស្និទ្ធរបស់ព្រះអង្គជឿថារដ្ឋាភិបាលចិនគ្រោងនឹងធ្វើឃាតពូកគេ។ ដូច្នេះព្រះអង្គ និង សហការីរាប់ពាន់នាក់បានភៀសខ្លួនទៅកាន់ទីក្រុង ដាំរា សាឡា នៅភាគខាងជើងប្រទេសឥណ្ឌាហើយបានបង្កើតរដ្ឋាភិបាលនិរទេសទីបេនៅទីនោះ។ នៅពេលនោះសាធារណរដ្ឋប្រជាមានិតចិនបានចាត់ទុកសម្តេចសង្ឃ ដាឡៃឡាម៉ា ជានិមិត្តរូបនៃចលនាសាសនាដែលលែងប្រើមិនស្របតាមទស្សនវិជ្ជាកុម្មុយនិស្ត។
នាពេលថ្មីៗនេះរដ្ឋាភិបាលចិនបានចោទប្រកាន់ថាព្រះអង្គថាជាជនផ្ដាច់ខ្លួនដែលចង់គ្រប់គ្រងខ្លួនឯងនៅទីបេ និង ជាភេរវករដែលញុះញង់អោយមានការបះបោរទីបេ។
មេរៀនអប់រំរបស់សម្ដេចសង្ឃដាឡៃឡាម៉ា អំពីជីវិត
ព្រះសង្ឃ ដាឡៃឡាម៉ា គឺជាមនុស្សមានប្រាជ្ញា និងមានគោលការណ៍ជីវិតដែលងាយស្រួលយល់។ មនុស្សរាប់ពាន់នាក់ បានបញ្ជាក់អំពីតម្លៃជីវិតរបស់ពួកគេ ហើយចាប់ផ្តើមជឿជាក់លើខ្លួនឯងតាមរយៈការរៀនសូត្រពីមេរៀនរបស់ព្រះសង្ឃអង្គនេះ។ ថ្វីបើមានការប្រើប្រាស់ភាសាខុសគ្នាក៏ដោយ ពាក្យសម្ដីរបស់ព្រះអង្គ គឺមានភាពច្បាស់លាស់សម្រាប់មនុស្សគ្រប់គ្នា ដោយសារព្រះអង្គនិយាយភាសានៃសេចក្ដីសប្បុរស។ ខាងក្រោមនេះ គឺជាមេរៀនទាំង ១៥ ពីព្រះសង្ឃដាឡៃ ឡាម៉ា ដើម្បីកាន់តែយល់ច្បាស់ពីជីវិត៖
១. ចូររស់នៅជីវិតដែលល្អគាប់ប្រសើរ និងមានកិត្តិយស ដូច្នេះនៅពេលអ្នកចាស់ហើយត្រឡប់មកគិតពីវាម្ដងទៀត អ្នកនឹងមានក្ដីសោមនស្សជាមួយវាជាលើកទី២មិនខាន។
២. បរិយាកាសដែលពោរពេញទៅដោយក្ដីស្រឡាញ់នៅក្នុងផ្ទះអ្នក គឺជាមូលដ្ឋានគ្រឹះដែលទ្រទ្រង់ជីវិតរបស់អ្នក។
៣. នៅពេលមិនចុះសម្រុងគ្នាជាមួយអ្នកជាទីស្រឡាញ់របស់អ្នក ចូរដោះស្រាយតែជាមួយរឿងក្នុងពេលបច្ចុប្បន្នបានហើយ កុំលើកឡើងពីរឿងក្នុងពេលអតីតកាលមកឱ្យសោះ។
៤. ចែករំលែកនូវចំណេះដឹងរបស់អ្នក ព្រោះវាជាវិធីមួយដើម្បីសម្រេចបាននូវភាពអមតនៃជីវិត។
៥. ចូរអ្នកមាននូវសេចក្ដីទន់ភ្លន់ជាមួយពិភពលោកទាំងមូល។
៦. រយៈពេលមួយឆ្នាំម្ដង អ្នកគួរទៅទីកន្លែងណាដែលអ្នកមិនធ្លាប់ទៅពីមុនមក។
៧. ចូរចងចាំថា ទំនាក់ទំនងមួយដែលល្អបំផុត គឺនៅពេលដែលក្ដីស្រឡាញ់ដែលអ្នកមានចំពោះគ្នាមានលើសពីសេចក្ដីត្រូវការដែលអ្នកមានចំពោះគ្នា។
៨. ចូរវាយតម្លៃទៅលើភាពជោគជ័យរបស់អ្នកដោយផ្អែកលើអ្វីដែលអ្នកត្រូវលះបង់ដើម្បីសម្រេចវាឱ្យបាន។
៩. ប្រសិនជាអ្នកចង់ឱ្យអ្នកដទៃមានក្ដីសុខ ត្រូវសម្ដែងនូវក្ដីមេត្តាអាណិតអាសូរ។
១០. ប្រសិនបើអ្នកចង់បានក្ដីសុខ ត្រូវសម្ដែងនូវក្ដីមេត្តាអាណិតអាសូរដូចគ្នា។
១១. គោលបំណងនៃជីវិត គឺការសប្បាយ។ យើងមិនដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃអនាគតទេ តែដួងចិត្តយើងត្រូវការសេចក្តីសង្ឃឹម។ នេះគឺជាអ្វីដែលជំរុញឱ្យយើងបន្តទៅមុខទៀត។
១២. ជម្លោះកើតឡើង នៅពេលដែលយើងចាប់អារម្មណ៍លើភាពខុសគ្នារវាងមនុស្សយើងដូចជា សញ្ជាតិ សាសនា ការអប់រំ និងទ្រព្យសម្បត្តិ។ វាជាការសំខាន់ណាស់ ក្នុងការចងចាំថា យើងទាំងអស់គ្នា សុទ្ធតែជាមនុស្ស ដែលធ្វើឱ្យយើងមានលក្ខណៈដូចគ្នានៅក្នុងទស្សនៈនេះ។