
នៅឆ្នាំនេះ សម្តេចសង្ឃដាឡៃ ឡាម៉ា ប្រមុខដឹកនាំសាសនាទីបេបានប្រារព្ធខួប៣២ឆ្នាំដែលព្រះអង្គបានទទួលរង្វាន់ណូបែលសន្តិភាពឆ្នាំ ១៩៨៩។ រង្វាន់ណូបែលសន្តិភាពបានធ្វើឲ្យព្រះអង្គត្រូវគេទទួលស្គាល់ នៅលើឆាកអន្តរជាតិ ជាបុគ្គលដែលតស៊ូស្វិតស្វាញខាងប្រយុទ្ធទាមទារសេរីភាព និង ឯករាជ្យដើម្បីបុព្វហេតុប្រជាជនទីបេ។
ប៉ុន្តែ ជាង៣០ឆ្នាំចុងក្រោយនេះ ជ័យលាភីណូបែលសន្តិភាពត្រូវគេបំភ្លេចចោល ជាបន្តបន្ទាប់ ចាប់តាំងពីប្រទេសធំៗ ឬ សូម្បីប្រទេសន័រវែស ដែលជាម្ចាស់ប្រគល់រង្វាន់ណូបែល ដល់ព្រះអង្គ កាលពី៣០ឆ្នាំមុន។
សម្តេចសង្ឃទីបេ ដាឡៃ ឡាម៉ា បានទទួលរង្វាន់ណូបែលសន្តិភាព នៅឆ្នាំ ១៩៨៩ សម្រាប់សកម្មភាពតស៊ូមតិរបស់ព្រះអង្គដើម្បីបុព្វហេតុប្រជាជនទីបេ ពោលគឺបន្ទាប់ពីចលនាបាតុកម្មអហិង្សារបស់ប្រជាជនទីបេត្រូវបានអាជ្ញាធរបង្រ្កាបយ៉ាងព្រៃផ្សៃ នៅឆ្នាំដដែលនោះ។ នៅឆ្នាំ១៩៨៩ ទីក្រុងអូស្លូបានប្រគល់រង្វាន់ណូបែលសន្តិភាពទៅឲ្យសម្តេចសង្ឃដាឡៃ ឡាម៉ា បើទោះបីទីក្រុងប៉េកាំងបានប្រឆាំងយ៉ាងដាច់អហង្កាក៏ដោយ។
នៅក្នុងរយៈពេល១០ឆ្នាំដំបូង ជ័យលាភីណូបែលសន្តិភាពបានក្លាយជាបុគ្គលល្បីល្បាញបានការគោរពពីមេដឹកនាំរបស់ប្រទេសលោកខាងលិចជាច្រើន និងបានក្លាយជាមិត្តរបស់តារាភាពយន្តហូលីវូដ។ ព្រះអង្គបានចូលជួបផ្លាស់ប្តូរយោបល់ជាញឹកញយជាមួយប្រធានាធិបតីអាមេរិក។ នៅក្នុងរយៈពេលដ៏ត្រចះត្រចង់នោះ ព្រះអង្គបានធ្វើសកម្មភាព យុទ្ធនាការបរិហារនយោបាយរុកគួនរបស់ទីក្រុងប៉េកាំងទៅលើប្រជាជនទីបេ។
នៅរាល់គ្រប់ទីកន្លែងដែលព្រះអង្គទៅដល់ ឬ រាល់ជំនួបជាមួយមេដឹកនាំរបស់ប្រទេសនានា សម្តេចសង្ឃដាឡៃ ឡាម៉ាតែងតែលើកនិយាយពី ការជិះជាន់ផ្នែកសិទ្ធិមនុស្សរបស់អាជ្ញាធរចិនទៅលើប្រជាជនទីបេ។
ទីក្រុងប៉េកាំងតែងតែចេញមុខប្រឆាំង ជំទាស់មិនឲ្យមេដឹកនាំរបស់ប្រទេសទាំងឡាយយល់ព្រមជួបសម្តេចសង្ឃដាឡៃ ឡាម៉ា ដោយមកពី ចិនបានចោទព្រះអង្គថា ជាមេដឹកនាំទាមទារផ្តាច់ទឹកដីនិយម។ ប្រទេសលោកខាងលិច ជាពិសេស អាមេរិកហាក់មិនខ្វល់នឹងការទាមទាររបស់ទីក្រុងប៉េកាំងទេ។ ជាញឹកញយ បស្ចិមលោកតែងតែលើកយកបញ្ហាទីបេមកចោទប្រទេសចិន នៅក្នុងរឿងរំលោភសិទ្ធិមនុស្ស។
ដោយឃើញថា ការស្រែកទាមទាររបស់ខ្លួនមិនត្រូវគេខ្វល់ខ្វាយ ទីក្រុងប៉េកាំងបានបែរមកប្រើនយោបាយការទូត និងឥទ្ធិពលសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីដាក់គំនាបកុំឲ្យគេទទួលស្វាគមសម្តេចសង្ឃដាឡៃ ឡាម៉ា។ ប្រទេសមួយចំនួន ដែលមានទំនាក់ទំនងជិតស្និទ្ធិជាមួយចិន ធ្លាប់បានបដិសេធ មិនបើកទ្វារស្វាគមសម្តេចសង្ឃដាឡៃ ឡាម៉ា។
ជាក់ស្តែង អាហ្រ្វិកខាងត្បូង ដែលបានបដិសេធជាលើកទី៣ មិនផ្តល់ទិដ្ឋាការដល់សម្តេចសង្ឃដាឡៃ ឡាម៉ា បានប្រកាសដោយមិនលាក់លៀមថា ខ្លួនមិនចង់មានបញ្ហាជាមួយចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំជាងគេរបស់អាហ្វ្រិកខាងត្បូង។
អាហ្វ្រិកខាងត្បូងមិនមែនជាប្រទេសទីមួយដែលខ្លាចខាតបង់ប្រយោជន៍សេដ្ឋកិច្ចជាមួយចិន ដោយសារទទួលសម្តេចសង្ឃ ដាឡៃ ឡាម៉ា។ ដោយសារផលប្រយោជន៍សេដ្ឋកិច្ច ជាពិសេស នៅក្នុងពេលដែលសេដ្ឋកិច្ចរបស់ខ្លួនកំពុងជួបការលំបាក ប្រទេសលោកខាងលិចមួយចំនួន ដែលធ្លាប់តែគាំទ្រ កោតសរសើរស្នាដៃរបស់ សម្តេចសង្ឃដាឡៃ ឡាម៉ា កាលពីជាង១០ឆ្នាំមុន ក៏ចាប់ផ្តើមបែរខ្នងដាក់ព្រះអង្គដែរ។ ប្រទេសន័រវែសផ្ទាល់ដែលធ្លាប់ជាម្ចាស់ផ្ទះផ្តល់រង្វាន់ណូបែលសន្តិភាពដល់សម្តេចសង្ឃ ដាឡៃ ឡាម៉ាផ្ទាល់ក៏លែងសូវរវីរវល់នឹងវត្តមានរបស់ព្រះអង្គទៀតដែរ។ ជាក់ស្តែង នៅក្នុងឱកាសប្រារព្ធខួប២៥ឆ្នាំដែលសម្តេចសង្ឃដាឡៃ ឡាម៉ាបានទទួលរង្វាន់ណូបែលសន្តិភាព រដ្ឋាភិបាលទីក្រុងអូស្លូ បានលើកឡើងពីសារៈសំខាន់ក្នុងការនិយាយចរចាជាមួយប្រទេសចិន។
តាមនាយរដ្ឋមន្រ្តីទីបេ ដែលនិរទេសខ្លួននៅប្រទេសឥណ្ឌា ដោយសារតែមើលឃើញកំណើនសេដ្ឋកិច្ចរបស់ចិន ប្រទេសមួយចំនួន ដែលនៅក្នុងនោះ មានប្រទេសអឺរ៉ុបផង បានរារែកមិនសូវលើកនិយាយពីបញ្ហាទីបេ ដែលជាប្រធានបទរសើប ជាមួយប្រទេសចិន។
សម្តេចសង្ឃដាឡៃ ឡាម៉ាវិញ បានឈ្វេងយល់ពីជំហរប្រួលប្រែរបស់មេដឹកនាំប្រទេសលោកខាងលិច។ ជាការពិត កត្តាសេដ្ឋកិច្ចបានធ្វើឲ្យជំហរនយោបាយរបស់ប្រទេសនៅក្នុងពិភពលោកប្រែប្រួល ដោយខានមិនបាន។
ដូច្នេះសម្រាប់ព្រះអង្គ ចលនាទាមទារសេរីភាពឲ្យប្រជាជនទីបេ នឹងមិនអាចនឹងធ្វើទៅបានទេ បើគេសង្ឃឹមលើប្រទេសខាងក្រៅឲ្យដាក់គំនាបទៅលើរដ្ឋាភិបាលចិន។ គឺមានតែការទាមទារពីខាងក្នុង ប្រទេសចិន ទើបអាចរំដោះប្រជាជនទីបេឲ្យចេញផុតពីការគាបសង្កត់របស់អាជ្ញាធរចិន។
ការទាមទារសម្រាប់បុព្វហេតុប្រជាជនទីបេ ដែលមិនត្រូវការប្រើអំពើហិង្សា ព្រោះព្រះអង្គផ្ទាល់ក៏ធ្លាប់មានសង្ឃដីកាដែរថា ព្រះអង្គមានសុទ្ធិដ្ឋិនិយមទៅលើប្រធានាធិបតីរបស់ចិន ដែលធ្លាប់លើកនិយាយពីសេរីភាពគោរពសាសនានៅក្នុងប្រទេសចិន។
សម្រាប់អ្នកជំនាញខ្លះ សម្តេចសង្ឃដាឡៃ ឡាម៉ា កំពុងដើរយុទ្ធសាស្រ្តជាមួយប្រទេសចិន ដោយនិយាយពីចំណុចវិជ្ជមានរបស់ប្រធានាធិបតីចិន។ វាជារឿងធម្មតាទេ ដើម្បីអាចនិយាយចរចានយោបាយ គេត្រូវតែចេះបន្ទន់ ផ្លាស់ប្តូរជំហររបស់ខ្លួនខ្លះអីចឹងហើយ៕