
អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល មិនមែនជាអ្នកដែលបានរៀនសូត្រជ្រៅជ្រះនោះទេ ដោយលោករៀនមិនបានចប់ថ្នាក់សកលវិទ្យាល័យផង ហើយមានអាជីពដើមត្រឹមតែជាគ្រូបង្រៀនភាសាដល់អ្នកថ្លង់ត្រចៀកតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ចំណង់ចំណូលចិត្តខាងវិទ្យាសាស្រ្ត ការស្វះស្វែងចង់ដឹង ចង់យល់ដោយខ្លួនឯង បាននាំឲ្យលោករកឃើញនូវឧបករណ៍ដ៏សំខាន់មួយ ដែលនៅតែបន្តមានឥទ្ធិពលបំផុតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់គ្នារហូតមកទល់នឹងពេលបច្ចុប្បន្ននេះ។
អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល កើតនៅថ្ងៃទី៣ ខែមីនា ឆ្នាំ១៨៤៧ នៅក្នុងទីក្រុងអេឌីនប៊ើក (Edinburgh) ប្រទេសស្កុតឡែនដ៍។ “អាឡិច” (Aleck) ដែលជាឈ្មោះក្រៅនៅផ្ទះ មានម្តាយដែលថ្លង់ត្រចៀកទាំងសងខាងស្ទើរតែស្តាប់អ្វីមិនឮទាល់តែសោះ ចំណែកឪពុកវិញ គឺជាគ្រូបង្រៀនភាសាដល់អ្នកគថ្លង់ ឬអ្នកដែលមានបញ្ហាក្នុងការនិយាយ។ ជីតាខាងឪពុកក៏ជាគ្រូបង្រៀនភាសាគថ្លង់នេះដែរ ដែលទាំងនេះទំនងជាកត្តាដ៏សំខាន់មួយ ដែលជះឥទ្ធិពលទៅដល់ការជ្រើសរើសអាជីពរបស់ “អាឡិច” នៅពេលធំឡើង។
កាលពីក្មេង អាឡិច មិនសូវជាយកចិត្តទុកដាក់រៀនសូត្រប៉ុន្មាននោះទេ ដោយសារតែមិនចូលចិត្តមុខវិជ្ជាដែលគ្រូបង្រៀន ហើយនៅទីបំផុត អាឡិចក៏ឈប់រៀន នៅអាយុ ១៥ឆ្នាំ ដោយនៅពេលនោះ អាឡិចទើបនឹងរៀនត្រឹមថ្នាក់វិទ្យាល័យតែប៉ុណ្ណោះ។ ក៏ប៉ុន្តែ អាឡិចចាប់ផ្តើមផ្លាស់ប្តូរគំនិត នៅក្រោយពេលដែលត្រូវឪពុកបញ្ជូនឲ្យទៅរស់នៅជាមួយជីតា នៅឯទីក្រុងឡុងដ៍។
នៅទីនោះ អាឡិចចាប់ផ្តើមងាកមកចាប់អារម្មណ៍លើការរៀនសូត្រឡើងវិញ រហូតក្រោយមក បានប្រឡងជាប់ចូលរៀននៅសកលវិទ្យាល័ដ៏ល្បីមួយនៅក្នុងទីក្រុងឡុងដ៍ ឈ្មោះថា University College of London។ ក៏ប៉ុន្តែ នៅទីនោះ អាឡិចក៏រៀនមិនបានចប់ចុងចប់ដើមនោះដែរ ដោយសារតែត្រូវចាកចេញពីអង់គ្លេសជាមួយក្រុមគ្រួសារ ទៅរស់នៅក្នុងប្រទេសកាណាដា នៅឆ្នាំ១៨៧០ ហើយមួយឆ្នាំក្រោយមកទៀត ចាកចេញពីកាណាដា ទៅរស់នៅក្នុងទីក្រុងបូស្តុន សហរដ្ឋអាមេរិក។
នៅបូស្តុននោះ អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល ចាប់អាជីពជាគ្រូបង្រៀនភាសាដល់អ្នកថ្លង់ត្រចៀក នៅឯសកលវិទ្យាល័យក្រុងបូស្តុន (Boston University) ក៏ប៉ុន្តែ ថ្វីដ្បិតតែមានមុខរបរជាគ្រូបង្រៀនក៏ពិតមែន តែប៊ែលមានចំណាប់អារម្មណ៍ និងមានការយល់ដឹងច្រើន អំពីប្រព័ន្ធផ្ញើសារតាមតេឡេក្រាហ្វ។
ហេតុដូច្នេះហើយបានជាក្រៅពីការបង្រៀន ប៊ែលបានចំណាយពេលជាច្រើនផ្តោតទៅលើការសិក្សាស្រាវជ្រាវ និងធ្វើពិសោធន៍ អំពីបច្ចេកវិទ្យាតេឡេក្រាហ្វនេះ។ លើសពីនេះទៅទៀត ប៊ែលក៏មានចំណាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ទៅលើប្រធានបទទាក់ទងនឹងសំឡេង។

នៅបូស្តុន ក្រៅពីការបង្រៀននៅឯសកលវិទ្យាល័យ អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែលក៏មានទទួលបង្រៀនសិស្សជាលក្ខណៈឯកជនផងដែរ ហើយនៅក្នុងចំណោមសិស្សឯកជនទាំងនោះ មានពីរនាក់គឺជាកូនអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ គឺលោក ហ្កាឌីន័រ ហាប់បាដ (Gardiner Greene Hubbard) និងលោក ថូម៉ាស់ ស៊ែនឌ័រ (Thomas Sanders) ដែលជាអ្នកវិនិយោគមានចំណាប់អារម្មណ៍ខ្លាំងលើមុខជំនួញខាងតេឡេក្រាហ្វ។
នៅក្នុងអំឡុងពេលនោះ មុខជំនួញខាងតេឡេក្រាហ្វត្រូវបានគ្រប់គ្រងផ្តាច់មុខ ដោយក្រុមហ៊ុនវេសធើនយូញៀន (Western Union) ហើយដោយសារតែជាក្រុមហ៊ុនគ្រប់គ្រងទីផ្សារផ្តាច់មុខគ្មានគូប្រជែងបែបនេះ ក្រុមហ៊ុនវេសធើនយូញៀនអាចធ្វើការកំណត់តម្លៃតាមតែអំពើចិត្ត ដែលជាហេតុធ្វើឲ្យតម្លៃនៃការបញ្ជូនតេឡេក្រាមមានកម្រិតខ្ពស់។
ហេតុដូច្នេះហើយបានជាលោក ហ្កាឌីន័រ ហាប់បាដ និងលោក ថូម៉ាស់ ស៊ែនឌ័រ បានចាប់ផ្តើមសហការជាមួយនឹងអាឡិចសាន់ឌ័រ ហ្ក្រាហាំ ប៊ែល ដោយផ្តល់លុយកាក់ និងទីតាំង ឲ្យប៊ែលធ្វើការសិក្សាស្រាវជ្រាវ និងពិសោធន៍ ដើម្បីធ្វើយ៉ាងណារកវិធីកែលម្អប្រព័ន្ធតេឡេក្រាហ្វឲ្យបានល្អជាង និងមានតម្លៃថោកជាងបច្ចេកវិទ្យាដែលប្រើដោយក្រុមហ៊ុនវេសធើនយូញៀន។
ចំណុចសំខាន់នៃការប្រកួតប្រជែងគ្នានៅពេលនោះ គឺការស្វែងរកវិធីធ្វើយ៉ាងណាអាចផ្ញើតេឡេក្រាមឲ្យបានច្រើនក្នុងពេលតែមួយ និងនៅលើខ្សែតែមួយ។ មកទល់នឹងពេលនោះ ក្រុមហ៊ុនវេសធើនយូញៀនមានបច្ចេកវិទ្យាដែលអាចផ្ញើតេឡេក្រាមបានដល់ទៅបួនរួចទៅហើយក្នុងពេលតែមួយ ដោយប្រើបច្ចេកវិទ្យារបស់ថូម៉ាស់ អេឌីសុន។

ដូច្នេះ ដើម្បីប្រកួតប្រជែងជាមួយនឹងវេសធើនយូញៀនបាន គេចាំបាច់ត្រូវតែរកវិធីធ្វើយ៉ាងណាអាចផ្ញើសារឲ្យបានលើសពីបួនក្នុងពេលតែមួយ។ នេះហើយគឺជាប្រធានបទចម្បងបំផុតនៃការសិក្សាស្រាវជ្រាវរបស់អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល។
ក៏ប៉ុន្តែ នៅក្នុងការសិក្សា និងពិសោធន៍លើប្រព័ន្ធផ្ញើសារតាមតេឡេក្រាហ្វនេះ ប៊ែលបានបែកគំនិតទៅចាប់អារម្មណ៍លើប្រធានបទថ្មីមួយទៀត គឺបង្វែរបច្ចេកវិទ្យាតេឡេក្រាហ្វ ដែលគិតមកទល់នឹងត្រឹមពេលនោះ អាចផ្ញើសារបានត្រឹមតែជាអក្សរ ទៅជាប្រព័ន្ធដែលអាចផ្ញើសារជាសំឡេង គឺទូរស័ព្ទ ដែលអាចឲ្យគេនិយាយឆ្លើយឆ្លងគ្នាដោយផ្ទាល់បាន។
ប៊ែលបានចំណាយពេលយ៉ាងច្រើនសិក្សានិងពិសោធន៍ទៅលើប្រព័ន្ធផ្ញើសារជាសំឡេងនេះ ក៏ប៉ុន្តែ ក្រុមអ្នកវិនិយោគ ដែលដឹកនាំដោយលោក ហ្កាឌីន័រ ហាប់បាដ មិនមានទំនុកចិត្តទៅលើបច្ចេកវិទ្យាថ្មីនេះ ក៏បានទាមទារឲ្យប៊ែលផ្តោតការសិក្សាតែទៅលើប្រព័ន្ធតេឡេក្រាហ្វ ដែលនៅពេលនោះត្រូវបានគេមើលឃើញថាជាបច្ចេកវិទ្យាដែលគេអាចយកទៅប្រើប្រាស់ជាក់ស្តែង និងអាចឲ្យគេរកប្រាក់ចំណេញបាន។
នៅទីបំផុត លោកហាប់បាដ និងប៊ែល បានរកឃើញនូវដំណោះស្រាយកណ្តាលមួយ គឺប៊ែលអាចចំណាយពេលខ្លះ ធ្វើការសិក្សានិងពិសោធន៍អំពីការបង្កើតប្រព័ន្ធទូរស័ព្ទបានទៅតាមចំណង់ចំណូលចិត្តរបស់លោក ក៏ប៉ុន្តែ ត្រូវចំណាយពេលភាគច្រើន ផ្តោតអាទិភាពទៅលើការសិក្សាអំពីប្រព័ន្ធតេឡេក្រាហ្វ ដែលជាគោលដៅរបស់អ្នកវិនិយោគ។
ការសិក្សា និងពិសោធន៍របស់ប៊ែល គឺពិតជាទទួលបានលទ្ធផលស្របទៅតាមការចង់បានរបស់អ្នកវិនិយោគមែន ដោយប៊ែលបានរកឃើញវិធីបញ្ជូនតេឡេក្រាមរហូតដល់ទៅ ១០ ក្នុងពេលតែមួយ និងនៅលើខ្សែតែមួយ ពោលគឺ កើនលើសពីបច្ចេកវិទ្យារបស់ថូម៉ាស់ អេឌីសុន និងក្រុមហ៊ុនវេសធើនយូញៀន កាលពីមុន ដែលបញ្ជូនសារបានតែបួនក្នុងពេលតែមួយ។
ក្នុងពេលជាមួយគ្នា ប៊ែលក៏អាចសម្រេចបានតាមបំណងរបស់ខ្លួនឯងផងដែរ ដោយលោកបានរកឃើញវិធីបញ្ជូនសំឡេងតាមប្រព័ន្ធតេឡេក្រាហ្វ ហើយបង្កើតទៅជាប្រព័ន្ធទូរស័ព្ទ ព្រមទាំងអាចចុះបញ្ជីប្រកាសនីយបត្រតកក្កម្មជាម្ចាស់ស្នាដៃ នៅឆ្នាំ១៨៧៦។ មួយឆ្នាំក្រោយមកទៀត អាឡិចសាន់ដ័រ ហ្ក្រាហាំ ប៊ែល រួមជាមួយនឹង ហ្កាឌីន័រ ហាប់បាដ និង ថូម៉ាស់ ស៊ែន ក៏បានរួមដៃគ្នាបង្កើតជាក្រុមហ៊ុនទូរស័ព្ទថ្មីមួយផ្ទាល់ខ្លួនឯង ដោយដាក់ឈ្មោះថា Bell Telephone Company។
ក្រុមហ៊ុន Bell Telephone Company នេះហើយ ដែលជាប្រភពដើមរបស់ក្រុមហ៊ុន American Telephone & Telegraph ហៅកាត់ថា AT&T ដែលនៅបន្តមានដំណើរការមកទល់នឹងពេលបច្ចុប្បន្ន នៅសហរដ្ឋអាមេរិក ហើយត្រូវបានគេចាត់ទុកថាជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំជាងបង្អស់នៅលើពិភពលោក។