
ឆាលស៍ ដាវីន គឺជាជីវវិទូ និងធម្មជាតិវិទូ ដ៏ល្បីឈ្មោះបំផុត ហើយត្រូវបានគេចាត់បញ្ចូលទៅក្នុងចំណោមអ្នកប្រាជ្ញដ៏ចំណាន និងដ៏មានឥទ្ធិពលបំផុតខាងវិទ្យាសាស្រ្ត រួមជាមួយនឹង កាលីលេ ញូតុន និងអាញ់ស្តាញ់។ ស្នាដៃដ៏ល្បីល្បាញ និងដ៏មានឥទ្ធិពលរបស់ឆាលស៍ ដាវីន គឺទ្រឹស្តី អំពីការវិវឌ្ឍនៃពូជសត្វនិងមនុស្ស (Evolution) ទៅតាមយន្តការដែលគេឲ្យឈ្មោះថា “ជម្រើសដោយធម្មជាតិ” (Sélection naturelle/Natural selection)។
ទ្រឹស្តីនេះ ដែលគេឲ្យឈ្មោះថា “ដាវីនិស្ត” ត្រូវបានអ្នកវិទ្យាសាស្រ្តជាទូទៅចាត់ទុកថាជាចំណុចរបត់ដ៏សំខាន់បំផុតមួយនៃការយល់ដឹងរបស់មនុស្ស ទៅលើដើមកំណើត និងដំណើរវិវឌ្ឍនៃជីវិត ទាំងមនុស្សនិងសត្វ។ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នា ទ្រឹស្តីរបស់ដាវីនក៏បង្កើតឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងផងដែរ ជាពិសេស គឺការប្រឆាំងពីសំណាក់អ្នកកាន់សាសនាដែលយល់ថា មនុស្សគឺព្រះជាម្ចាស់ជាអ្នកបង្កើតមកឲ្យមានលក្ខណៈពិសេសខុសពីសត្វ ហើយមិនអាចមានតំណវង្សវិវឌ្ឍចេញពីពូជសត្វ ដូចជាទ្រឹស្តីរបស់ដាវីនបាននោះទេ។
រហូតមកទល់នឹងពេលបច្ចុប្បន្ន ភាពចម្រូងចម្រាសទៅលើទ្រឹស្តីរបស់ដាវីន នៅតែបន្តកើតមានយ៉ាងខ្លាំងនៅឡើយ។ ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ គេនៅតែចាត់ទុកឆាលស៍ ដាវីនថាជាអ្នកប្រាជ្ញខាងវិទ្យាសាស្រ្តដ៏អស្ចារ្យមួយរូប។
ឆាលស៍ ដាវីន កើតនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៨០៩ នៅក្នុងទីក្រុងតូចមួយ ក្នុងប្រទេសអង់គ្លេស។ ការចាប់កំណើត និងការធំដឹងក្តីនៅឯទីជនបទនេះហើយ ដែលជាកត្តាដ៏សំខាន់មួយ ដែលកំណត់ពីចំណង់ចំណូលចិត្តរបស់ដាវីនទៅលើធម្មជាតិ។
ដាវីនគឺជាកូនទី៥ នៅក្នុងចំណោមបងប្អូនទាំងអស់ ៦នាក់ ក្នុងគ្រួសារមួយដែលមានជីវភាពស្តុកស្តម្ភ ដោយមានឪពុកជាគ្រូពេទ្យ ហើយត្រកូលដាវីន ក៏សម្បូរទៅដោយអ្នកមានកេរ្តិ៍ឈ្មោះ និងខ្សែបណ្តាញយ៉ាងច្រើនផងដែរនៅក្នុងសង្គម។
ការណ៍ដែលកើតនៅក្នុងគ្រួសារដែលមានទ្រព្យធនបែបនេះហើយ ដែលធ្វើឲ្យដាវីនមិនសូវជាចាំបាច់ខ្វាយខ្វល់ច្រើន អំពីជីវភាព និងអនាគត ហើយអាចចំណាយពេលច្រើន ទៅលើចំណង់ចំណូលចិត្តផ្ទាល់ខ្លួន គឺអំពីធម្មជាតិ។
តាមការពិត តាំងពីក្មេងមក ឆាលស៍ ដាវីន មិនសូវជាចូលចិត្តរៀនសូត្រនោះទេ ដោយជារឿយៗតែងតែគេចមិនចូលរៀន ដើម្បីទៅដើរលេង ស្ទូចត្រី បាញ់សត្វ ឬដើររើសសម្បកខ្ចៅខ្យង ជាដើម រហូតធ្វើឲ្យឪពុកមានការបារម្ភខ្លាចកូនអាងគ្រួសារមានទ្រព្យសម្បត្តិ គិតតែដើរលេង ហើយក្លាយជាមនុស្សចោលម្សៀត។
ឪពុករបស់ដាវីនចង់ឲ្យកូនចាប់អាជីពជាគ្រូពេទ្យដូចខ្លួន ក៏បានបញ្ជូនកូនប្រុសទាំងពីរឲ្យទៅរៀនសាលាពេទ្យ។ បងប្រុសរបស់ដាវីនខិតខំរៀនសូត្រទៅតាមបំណងរបស់ឪពុក។ ចំណែកដាវីនវិញមិនចូលចិត្តទាល់តែសោះនូវមុខវិជ្ជាពេទ្យ ហើយលើសពីនេះទៅទៀត ដាវីនខ្លាចឈាម ហើយតែងតែគេចមិនចូលរៀនម៉ោងដែលមានការពិសោធន៍ជាក់ស្តែងទៅលើរូបកាយរបស់មនុស្ស។
ផ្ទុយទៅវិញ ដាវីនបានចំណាយពេលភាគច្រើនដើរលេង សង្កេត និងសិក្សាអំពីធម្មជាតិ ហើយបានចុះឈ្មោះចូលរៀនមុខវិជ្ជា ស្តីអំពីសត្វ និងភូគព្ភសាស្រ្ត ព្រមទាំងចូលរួមជាសមាជិកក្រុមនិស្សិត ដែលសិក្សា និងជជែកពិភាក្សា អំពីប្រវត្តិនៃធម្មជាតិ។
មិនយូរប៉ុន្មាន រឿងអស់ទាំងនេះបានលេចឮទៅដល់ឪពុករបស់ដាវីន។ ឪពុករបស់ដាវីនមិនសប្បាយចិត្ត ក៏បានបញ្ឈប់ដាវីនពីសាលាពេទ្យ ហើយបញ្ជូនដាវីនឲ្យទៅរៀននៅសកលវិទ្យាល័យខេមប៊្រិច ដោយសិក្សាខាងផ្នែកទេវសាស្រ្ត ដើម្បីក្លាយជាបុព្វជិតគ្រិស្តសាសនា។
ជារឿងដែលគួរឲ្យហួសចិត្ត! គឺនៅក្នុងអំឡុងពេលរៀនអំពីគ្រិស្តសាសនា នៅឯសកលវិទ្យាល័យខេមប៊្រិចនោះហើយ ដែលដាវីន បានរកឃើញនូវគោលដៅនៃជីវិតពិតប្រាកដទៅថ្ងៃអនាគត គឺដាវីន សម្រេចចិត្តចាប់អាជីពជាធម្មជាតិវិទូ ហើយដែលនឹងនាំទៅរកការបង្កើតទ្រឹស្តីដ៏សំខាន់មួយ ដែលបញ្ច្រាស់គ្នាទាំងស្រុងទៅនឹងជំនឿក្នុងគ្រិស្តសាសនា។
នៅខេមប៊្រិច ដាវីនមានការយកចិត្តទុកដាក់លើការរៀនសូត្រច្រើនជាងមុន។ ថ្វីដ្បិតតែមិនចូលចិត្តមុខវិជ្ជាផ្នែកទេវសាស្រ្ត តែដាវីនបានខិតខំរៀនសូត្រ យ៉ាងហោចណាស់ ទៅលើមុខវិជ្ជាគោលមួយចំនួន ដែលចាំបាច់សម្រាប់ការប្រឡង។ និយាយជារួម ដាវីនខំរៀនល្មមឲ្យបានត្រឹមតែឲ្យបានប្រឡងជាប់ ចំណែកឯពេលសល់ពីនោះ ដាវីនយកទៅចំណាយទៅលើការសិក្សាពីធម្មជាតិដូចពីមុន។
នៅខេមប៊្រិចនោះ ដាវីនបានស្គាល់សាស្រ្តាចារ្យមួយចំនួន ដែលជំនាញខាងការសិក្សាពីសត្វ រុក្ខជាតិ និងដី (សត្វសាស្រ្ត, រុក្ខសាស្រ្ត និងភូគព្ភសាស្រ្ត) ក្នុងចំណោមនោះ សាស្រ្តាចារ្យ ចន ស្ទីវិន ហិនស្លូ (John Stevens Henslow) គឺជាអ្នកដែលបានដើរតួនាទីដ៏សំខាន់បំផុត នៅក្នុងការត្រួសត្រាយផ្លូវឲ្យដាវីន ក្លាយទៅជាអ្នកវិទ្យាសាស្រ្ត។
លោក ហិនស្លូ គឺជាអ្នកដែលបានបញ្ចុះបញ្ចូលដាវីនឲ្យបង្វែរការសិក្សាលើធម្មជាតិពីត្រឹមជាការកំសាន្ត ឲ្យទៅជាការសិក្សាពិតប្រាកដ ដើម្បីចាប់យកអាជីពជាធម្មជាតិវិទូ។ លើសពីនេះទៅទៀត លោក ហិនស្លូ គឺជាអ្នកដែលបានជួយឲ្យដាវីនបានធ្វើជាធម្មជាតិវិទូ នៅក្នុងដំណើរបេសកកម្មដ៏សំខាន់មួយ គឺបេសកកម្មជុំវិញពិភពលោក តាមនាវាប៊ីហ្គ័ល (Beagle) នៅឆ្នាំ១៨៣១។
នៅក្នុងអំឡុងពេលនោះ ចក្រភពអង់គ្លេសគឺជាមហាអំណាចពិភពលោកលំដាប់ទីមួយ ហើយអំណាចទ័ពដ៏កំពូលរបស់អង់គ្លេសនៅពេលនោះ គឺទ័ពជើងទឹក។ នៅក្នុងការវាតទីពង្រីកអំណាចរបស់ខ្លួន ទាំងខាងយោធា និងពាណិជ្ជកម្ម កងទ័ពជើងទឹកអង់គ្លេសតែងតែរៀបចំបេសកម្មទៅស្វែងយល់ពីទីតាំងភូមិសាស្រ្ត នៅតាមបណ្តាតំបន់នានានៅទូទាំងពិភពលោក ហើយនៅឆ្នាំ១៨៣១ បេសកកម្មដ៏ចម្បងរបស់នាវាចម្បាំងប៊ីហ្គ័ល គឺទៅធ្វើការសិក្សា អំពីតំបន់អាមេរិកឡាទីន មុននឹងបន្តដំណើរមួយជុំផែនដី ដោយឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកទៅអូស្រ្តាលី កាត់តាមមហាសមុទ្រឥណ្ឌាទៅអាហ្វ្រិកខាងត្បូង មុននឹងវិលត្រឡប់មកកាន់ប្រទេសអង់គ្លេសវិញ។
ជាទូទៅ នៅក្នុងបេសកកម្មសិក្សាពីទីតាំងភូមិសាស្រ្តនេះ កងទ័ពជើងទឹកអង់គ្លេសក៏ឆ្លៀតឱកាសផងដែរ ធ្វើការសិក្សា អំពីសក្តានុពលនៃធនធានធម្មជាតិ នៅតាមតំបន់ដែលខ្លួនទៅដល់។ ហេតុដូច្នេះហើយបានជាគេត្រូវការអ្នកជំនាញខាងធម្មជាតិឲ្យធ្វើដំណើរជាមួយ។
នៅឆ្នាំ១៨៣១នោះ ដាវីនទើបនឹងបញ្ចប់ការសិក្សាពីសកលវិទ្យាល័យខេមប៊្រិច តែសញ្ញាបត្រដែលដាវីនទទួលបាននៅពេលនោះ គឺបរិញ្ញាបត្រខាងទេវសាស្រ្ត ដោយផ្តោតទៅលើគ្រិស្តសាសនា។ ចំណែកឯជំនាញខាងធម្មជាតិវិញ ដាវីនមិនទាន់រៀនបានសញ្ញាបត្រណាមួយនៅឡើយនោះទេ។
ក៏ប៉ុន្តែ បើទោះបីជាយ៉ាងនេះក៏ដោយ លោក ហិនស្លូ ដែលជាគ្រូយល់ឃើញថា ដាវីនមានចំណេះដឹងជាមូលដ្ឋានល្មមអាចប្រើការបាន ហើយជាពិសេសជាងនេះទៅទៀត ដាវីនមានចំណង់ចំណូលចិត្តខ្លាំងទៅលើធម្មជាតិ និងមានទេពកោសល្យខាងសង្កេត។ ហេតុដូច្នេះហើយបានជាលោក ហិនស្លូ សម្រេចបញ្ជូនឈ្មោះឆាលស៍ ដាវីន ទៅឲ្យមេបញ្ជាការនាវាប៊ីហ្គ័ល ដើម្បីយកធ្វើជាធម្មជាតិវិទូអមដំណើរក្នុងបេសកកម្មជុំវិញពិភពលោកនេះ។