
សម័យលង្វែក
សម័យលង្វែកគឺជាសម័យក្រោយពីរជ្ជកាលព្រះបាទពញាយ៉ាត ប្រទេសកម្ពុជាកើតមានចម្បាំងជាច្រើនលើកច្រើនសា។ រាជធានីត្រូវ បានផ្លាស់ប្តូរជាច្រើនកន្លែងវិលចុះវិលឡើងពីក្រុងអង្គរ ទួលបាសាន្ត (កំពង់ចាម) ភ្នំពេញ (ចតុមុខ) លង្វែក (កំពង់ឆ្នាំង)។ ក្នុងរាជ្យព្រះអង្គចន្ទទី១ រាជធានីតាំងនៅក្រុងមានជ័យ ខេត្តពោធិ៍សាត់ រួចប្តូរមកក្រុងលង្វែកវិញ។
ព្រះបាទចន្ទរាជា ឬ ព្រះអង្គចន្ទទី១ ជាអនុជពៅឝ្រីឝៅគន្ធបទ ឬជាបុត្រធម្មរាជា។ ពេលដែលស្តេចកន ធ្វើគត់ស្រីសុគន្ធបទនៅបន្ទាយស្ទឹងសែននៅឆ្នាំ ១៥១២ ពញាចន្ទនៅក្រុងអយុធ្យានៅឡើយ។ ក្នុងពេលធ្វើសង្គ្រាមជាមួយស្តេចកន មន្ត្រី និង រាស្រ្តសុំ អោយព្រះអង្គចន្ទឡើងសោយរាជ្យ ទ្រង់ក៏យល់ព្រម។ទ្រង់ជាស្តេចមួយអង្គដ៏ល្បីល្បាញដែលបានរំដោះដីខ្មែរភាគខាងលិចពីសៀម។
ក្រៅពីបន្ទាយលង្វែក ទ្រង់បានកសាងវត្តអារាមជាច្រើននៅ ខែត្រពោធិ៍សាត់ បរិបូណ៍ ជួសជុលវត្តនៅឧដុង្គមានវត្តលើភ្នំរាជទ្រព្យជាដើម (ព្រះពុទ្ធរូបចូលព្រះនិពា្វន) វត្តត្រឡែងកែងនៅក្នុងបន្ទាយលង្វែក ដែលស្ថិតនៅលើទួលមួយកន្លែង មានរាងជាជើងក្អែកក្នុងវិហារនេះតម្កល់ព្រះពុទ្ធរូបត្រឡែងកែងគឺ ព្រះពុទ្ធរូបបួនអង្គ គង់ឈរទល់ព្រះខ្នងនឹងគ្នា ហើយបែរព្រះភក្ត្រទៅទិសទាំងបួន ហើយនឹងបានកសាងបដិមា ត្រឡែងកែងរូបព្រះគោ។ ប្រមូលអ្នកប្រាជ្ញ បណ្ឌិត កវីអោយចងក្រង និងសរសេរគម្ពីរក្បួនច្បាប់គ្រប់ប្រភេទ សម្រាប់កូនខ្មែរជំនាន់ក្រោយ។ តែគួរអោយស្តាយនៅឆ្នាំ ១៥៦៦ ទ្រង់ក៏សោយទិវង្គត អដ្ឋិធាតុតម្កល់ទុកលើភ្នំព្រះរាជទ្រព្យ។
បញ្ហានយោបាយ
នយោបាយក្នុងប្រទេស៖
នៅសម័យលង្វែកមានវិបត្តិរាជវង្សជាញឹកញាប់។ ព្រះបាទសត្ថាទី១ ដាក់រាជ្យថ្វាយទៅបុត្រច្បងព្រះនាមជ័យជេដ្ឋាទី១ ដែលមានព្រះជន្មទើបតែ ១១ ព្រះវស្សាព្រោះខ្លាចព្រះអនុជព្រះនាមស្រីសុរិយោពណ៌ដណ្ដើមរាជសម្បត្តិ ដោយព្រះបាទស្រីសុរិយោពណ៌មានសមត្ថភាព និងប្រជាប្រិយភាព ជាងព្រះអង្គ។ ការបាត់បង់បន្ទាយលង្វែកធ្វើឲ្យខ្មែរអស់ឫទ្ធានុភាព អស់ក្បួនខ្នាត។ សត្រូវប្រមូលទ្រព្យសម្បត្តិ និងរបស់មានតម្លៃយកទៅស្រុកសៀមអស់។
នយោបាយក្រៅប្រទេស៖
កាលសម័យនោះពុំទាន់មានកង្វល់បញ្ហាព្រំដែនខាងកើតប៉ុន្មានទេ ព្រោះប្រទេសចម្ប៉ាកំពុងជាប់ដៃវាយជាមួយយួនដែលកំពុងលេបទឹកដីនេះបន្តិចម្តងៗ។ ប៉ុន្តែនៅព្រំដែនខាងលិច ព្រះរាជាខ្មែរបានព្យាយាមវាយរំដោះទឹកដីដែលបាត់បង់ទៅ តាំងពីសតវត្សទី១៣យកមកវិញ។
ព្រះបាទស្រីរាជា ចន្ទរាជា បរមរាជា និង សត្ថាទី១ បានលើកទ័ពទៅវាយលុករហូតដល់រាជធានីស្រីអយុធ្យា ហើយរំដោះយកបានអាណាខែត្រជាច្រើនមកវិញ។
មូលហេតុដែលនាំឲ្យទ័ពខ្មែរទទួលបានជោគជ័យយ៉ាងនេះ គឺបណ្ដាលមកពីព្រះរាជារឹងមាំ មានស្មារតីក្លាហានមោះមុត ប្រជារាស្ត្រក្នុង និង ក្រៅប្រទេសគាំទ្រ កងទ័ពជឿជាក់លើព្រះរាជា។ ម្យ៉ាងទៀត ទ័ពភូមាបានវាយសៀមជាញឹកញាប់ពីព្រំដែនសៀមភូមា។
ប៉ុន្តែក្រោយមកក្នុងរជ្ជកាលព្រះបាទបរមរាជា ព្រះអង្គបានចុះហត្ថលេខាលើសន្ធិសញ្ញាចំណងសម្ព័ន្ធមេត្រីភាពខ្មែរសៀមនាឆ្នាំ១៥៧៤។ ហើយសៀមបានថ្វាយចំពោះព្រះមហាក្សត្រខ្មែរនូវខែត្រនគររាជសីមា បស្ចិមបុរី ចន្ទបុរី។ ចាប់ពីរជ្ជកាលព្រះបាទសត្ថាទី១មក ព្រះរាជាខ្មែរតែទៅពឹងពួកអឺរ៉ុបដូចជា ប៉ទុយកាល់ និង អេស្ប៉ាញ … ។
ពួកនេះបានបញ្ជូនកងទ័ព និងអ្នកផ្សាយសាសនាមកប្រទេសខ្មែរ ជាហេតុធ្វើឲ្យសៀមកាន់តែក្ដៅក្រហាយ ព្រោះខ្មែរ និងសៀមកាន់សាសនាព្រះពុទ្ធដូចគ្នា ឯពួកអឺរ៉ុបកាន់សាសនាគ្រិស្ត ហើយចង់មកផ្សព្វផ្សាយនៅប្រទេសខ្មែរ។
នៅឆ្នាំ១៥៩៤ សៀមបានវាយលុកយកក្រុងលង្វែក។ វាបានប្រមូលរតនភ័ណ្ឌអស់ពីបន្ទាយលង្វែក ថែមទាំងចាប់ព្រះបាទស្រីសុរិយោពណ៌ និងអ្នកចេះដឹងខ្មែរជាច្រើនទៅស្រុកសៀមទៀត។ បើនរណារឹងទទឹង ពួកវានឹងសម្លាប់ចោលភ្លាម។
ការបាក់បែកបន្ទាយលង្វែក
នៅឆ្នាំ ១៥៨០ ភូមាបានវាយលុកចូលប្រទេសសៀមយ៉ាងខ្លាំង ពេលនោះស្ដេចសៀមបានផ្ញើររាជសារសុំជំនួយពីស្ដេចខ្មែរព្រះបាទសត្ថាទី១។ ព្រះបាទសត្ថាទី១ ក៏បញ្ជាឲ្យព្រះបាទស្រីសុរិយោពណ៌នាំទ័ពទៅជួយច្បាំងសៀមរហូតទទួលបានជ័យជំនះលើទ័ពភូមា ហើយបានបណ្ដេញទ័ពភូមាចេញពីទឹកដីសៀមទៀត។ ក្រោយពីបានជ័យជំនះលើភូមាហើយ សៀមរមិលគុណខ្មែរ បានលើកទ័ពមកវាយខ្មែរជាច្រើនលើកច្រើនសា។
នៅឆ្នាំ ១៥៨៨ សៀមបានលើកទ័ពចូលទន្ទ្រានខ្មែរយ៉ាងកម្រោល ហើយបានវាយយកបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ រហូតដល់ស្រុកបរិបូរណ៍ ព្រមទាំងហ៊ុមព័ទ្ធបន្ទាយលង្វែកទៀតផង។ ពួកវាព័ទ្ធបន្ទាយលង្វែកអស់រយៈពេល ៣ ខែតែត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយទៅវិញ ដោយសារខ្វះស្បៀង និង កើតជំងឺឆ្លង។
មុនទៅវិញសៀមបានប្រើល្បិចបាចប្រាក់ដួងជាច្រើនចូលក្នុងគុម្ពឫស្សីដែលជារបងការពារបន្ទាយលង្វែក (បើតាមឯកសារមហាបុរសខ្មែរភាគ៣ បានប្រាប់ថាសៀមយកប្រាក់ដួងចំនួន ៥០០០ ដួង ច្របល់និងគ្រាប់សំណច្រក ក្នុងកាំភ្លើងធំតូច បាញ់ចេញអស់វេលា ៣ ថ្ងៃ )។ប្រជារាស្ត្រខ្មែរនាំគ្នាកាប់ឆ្ការគុម្ពឫស្សី ដើម្បីយកប្រាក់ដួងទាល់តែរេចរឹលគុម្ពឫស្សីអស់។
នៅឆ្នាំ ១៥៩៤ ដោយដឹងថាគុម្ពឫស្សីរេចរឹលអស់ហើយ សៀមបានលើកទ័ពមកម្ដងទៀត ហើយនៅទីបំផុតបន្ទាយលង្វែកត្រូវសៀមយកបាន។
ពួកសៀមបានប្រមូលយកព្រះគោ ព្រះកែវ ទ្រព្យសម្បត្តិក្បួនខ្នាត និងឯកសារផ្សេងៗជាច្រើនយកទៅស្រុកសៀម។
ព្រះបាទសត្ថាទី១ និងបុត្រព្រះនាមជ័យជេដ្ឋាទី១ ភៀសព្រះកាយទៅនៅដែនដីលាវ ហើយក៏សោយទិវង្គតនៅទីនោះទៅ ក្នុងឆ្នាំ ១៥៩៦។ ឯព្រះបាទស្រីសុរិយោពណ៌ ត្រូវសៀមចាប់បាននាំយកទៅស្រុកសៀម។
ផលវិបាកនៃការបែកបាក់លង្វែក
ក្រោយពីបែកបន្ទាយលង្វែកមក ប្រទេសកម្ពុជាអស់ឫទ្ធានុភាព ហើយធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅតំបន់អាស៊ីអាគ្នេយ៍។ ខ្មែរបានបាត់បង់កេតនភណ្ឌជាតិ ក្បួនច្បាប់ អ្នកប្រាជ្ញ បណ្ឌិត ហើយវប្បធម៌ខ្មែរ ក៏ត្រូវសៀមឆក់ប្លន់យកទៅប្រទេសវាស្ទើរតែអស់រលីង។ ប្រទេសជាតិធ្លាក់ទៅក្នុងភាពអនាធិបតេយ្យ ហើយគ្រោះទុរភិក្សបានចូលមកយាយីប្រជារាស្ត្រខ្មែរពេញផ្ទៃប្រទេស។
ប្រទេសកម្ពុជាបានបាត់បង់អាណាខែត្រខាងលិច និងពាយព្យ ដូចជា ខែត្រចន្ទបុរី បស្ចិមបុរី នគររាជសីមា បាត់ដំបង សៀមរាប ពោធិ៍សាត់