
ភ្លាមៗបន្ទាប់ពីជ័យជំនះរបស់ខ្លួននៅឆ្នាំ១៩៧៥ បក្សកុម្មុយនិស្តកម្ពុជាបានបញ្ជាឲ្យមានការជម្លៀសប្រជាជនពីទីក្រុង និង ទីរួមខេត្តនានាទាំងអស់ ដោយបញ្ជូនប្រជាជនក្នុងក្រុងទាំងអស់ទៅទីជនបទ ដើម្បីធ្វើការជាកសិករ តាមរយៈបក្សកុម្មុយនិស្តកម្ពុជាកំពុងតែខិតខំព្យាយាម ដើម្បីកែទម្រង់សង្គមឡើងវិញទៅតាមគំរូដែល ប៉ុល-ពតបានផ្ដួចផ្ដើមឡើង។
ក្នុងការជម្លៀសនេះមានមនុស្សរាប់ពាន់នាក់បានអត់អាហារ ឬ ស្លាប់ដោយជំងឺកំឡុងពេលជម្លៀស ដែលជាផលវិបាកនៃការជម្លៀសដ៏អាក្រក់ព្រៃផ្សៃ។ ភាគច្រើននៃពួកអ្នកទាំងនោះត្រូវបានបង្ខំឲ្យចាកចេញពីទីក្រុង ឱ្យទៅតាំងទីលំនៅនៅក្នុងភូមិនានា ដែលបានបង្កើតថ្មី នៅទីនោះខ្វះអាហារ ឧបករណ៍កសិកម្ម និង តំហែទាំសុខភាព។
អ្នកធ្លាប់រស់នៅទីក្រុងខ្លះបានបាត់បង់មុខរបររកស៊ីចិញ្ចឹមជីវិត នៅក្នុងបរិស្ថានស្រុកស្រែចម្ការ។ មនុស្សរាប់ពាន់នាក់រងការអត់ឃ្លាន មុនពេលការប្រមូលផលលើកដំបូងមកដល់។ ភាពអត់ឃ្លាន និងកង្វះជីវជាតិ វាស្ទើរតែឈានដល់ការដាច់ពោះ ដលកើតមានជានិច្ចកំឡុងពេលប៉ុន្មានឆ្នាំនោះ។
ពួកមេដឹកនាំយោធា និង រដ្ឋការកណ្ដាលភាគច្រើននៃរបបមុនៗដែលបានបែកធ្លាយអាថ៌កំបាំងអំពីអតីតភាពផ្ទាល់ខ្លួនត្រូវបានគេយកទៅសម្លាប់ចោល។ នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា មេដឹកនាំដែលបានរៀនសូត្រនៅទីក្រុងប៉ារីស ប្រទេសបារាំង មានដូចជា៖ ប៉ុល ពត អៀង សារី នួន ជា និង ស៊ុន សេន ដោយពួកគេជាអ្នកក្ដោបក្ដាប់អំណាច។
រដ្ឋធម្មនុញ្ញថ្មីនៅខែ មករា ១៩៧៦ បានធ្វើឲ្យកម្ពុជាប្រជាធិបតេយ្យក្លាយជាសាធារណរដ្ឋប្រជាមានិតកុម្មុយនិស្ត និងសមាជិកសភា ២៥០ រូប ជាអ្នកតំណាងប្រជាជនកម្ពុជា ដែលត្រូវបានជ្រើសតាំងនៅខែ មីនា ដើម្បីជ្រើសរើសមេដឹកនាំសមូហភាពនៃគណៈប្រធានរដ្ឋ ដែលប្រធាននៃគណៈនេះបានក្លាយជាប្រមុខរដ្ឋ។

សម្ដេចព្រះបាទនរោត្តមសីហនុបានលាលែងពីតំណែងប្រមុខរដ្ឋនៅថ្ងៃទី ៤ មេសា។ ថ្ងៃ ១៤ មេសា បន្ទាប់ពីការប្រជុំលើកទីមួយ សភាប្រជាជនកម្ពុជា បានប្រកាសថា លោក ខៀវ សំផន នឹងកាន់តំណែងគណៈប្រធានរដ្ឋ សម្រាប់រយៈពេល៥ឆ្នាំ។ សភាបានជ្រើសសមាជិកគណៈរដ្ឋមន្ត្រី ១៥ រូប ដែលដឹកនាំដោយមានប៉ុល ពត ជានាយករដ្ឋមន្ត្រី ក្នុងការដឹកនាំប្រទេស។ ដូច្នោះហើយសម្ដេចព្រះបាទនរោត្តសីហនុប្រាកដជាត្រូវបានពួកមេដឹកនាំខ្មែរក្រហមចាប់ព្រះកាយដាក់ឃុំឃាំងក្នុងព្រះរាជដំណាក់ នៃព្រះបរមរាជវាំង។
រដ្ឋាភិបាលថ្មីបានតម្រង់ទៅរកការបង្កើតរចនាសម្ព័ន្ធសង្គមកម្ពុជាឡើងវិញទាំងស្រុង។ ហើយកម្អែលសង្គមចាស់ដែលបន្សល់ពីរបបសាធារណរដ្ឋ ក្នុងការដឹកនាំដោយលោកសេនាប្រមុខ លន់ ណុល ត្រូវបានលុបបំបាត់ព្រមទាំងសាសនា ជាពិសេសព្រះពុទ្ធសាសនា និង សាសនាកាតូលិកត្រូវបានគាបសង្កត់។
កសិកម្មបានក្លាយជាសមូហភាព និង ផ្នែកឧស្សាហកម្មសំខាន់ៗត្រូវបានបោះបង់ចោល ឬក៏ត្រូវបានជំនួសវិញក្រោមការគ្រប់គ្រងរបស់រដ្ឋ។ កម្ពុជាក្នុងរបបមួយនេះគឺមិនមានរូបិយវត្ថុ ឬ ក៏ប្រព័ន្ធធនាគារនៅក្នុងប្រទេសឡើយ។
ទំនាក់ទំនងរបស់កម្ពុជាប្រជាធិបតេយ្យជាមួយវៀតណាម និង ថៃកាន់តែអាក្រក់ឡើងៗ ជាហេតុបណ្ដាលឱ្យមានការប៉ះទង្គិចគ្នាតាមព្រំដែន បូករួមទាំងការខុសគ្នាខាងមនោគមវិជ្ជាផងនោះ។ កាលណោះ ពួកអ្នកកុម្មុយនិស្តជាតិនិយមដ៏កាចសាហាវ បានបន្សុទ្ធកម្មពួកសមាជិកខ្លួនភាគច្រើនដែលធ្លាប់បានរស់នៅប្រទេសវៀតណាម។
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យបានបង្កើតចំណងជិតស្និទជាមួយសាធារណរដ្ឋប្រជាមានិតចិន ហើយការប៉ះទង្គិចរវាងកម្ពុជា និង វៀតណាមបានក្លាយជាផ្នែកនៃបដិវាដកម្មចិន និង សូវៀត ដែលមានមូស្គូនៅពីក្រោយខ្នងវៀតណាម។
ការប៉ះទង្គិចគ្នាតាមព្រំដែនកាន់តែអាក្រក់ឡើងៗ នៅពេលដែលកងទ័ពកម្ពុជាប្រជាធិបតេយ្យបានវាយប្រហារភូមិនានានៅវៀតណាម។ របបនេះបានផ្ដាច់ទំនាក់ទំនងជាមួយហាណូយនៅខែ ធ្នូ ១៩៧៧ ប្រឆាំងនឹងការប៉ុនប៉ងរបស់វៀតណាមដែលបានលើកឡើងថាចង់បង្កើតសហព័ន្ធឥណ្ឌូចិន។ នៅពាក់កណ្ដាលឆ្នាំ ១៩៧៨ កងកម្លាំងវៀតណាមបានលុកលុយកម្ពុជា កំពុងរុលចូលមកប្រហែល ៤៨ គម មុនពេលចូលរដូវវស្សា។
ជីវិតក្នុង របបកម្ពុជាប្រជាធិបតេយ្យ តឹងតែង ដាច់ខាត ហើយនិង កាចសាហាវ ឃោរឃៅ។ នៅក្នុងតំបន់មួយចំនួននៃប្រទេស ប្រជាជនត្រូវបានគេកៀងគរ និង យកទៅសម្លាប់ចោល ដោយសារតែការនិយាយភាសាបរទេស ពាក់វ៉ែនតា រកអាហារហូបចុក និង សូម្បីតែការយំសោកចំពោះសពអ្នកជាទីស្រលាញ់ក៏ដោយ។
អតីតអ្នកជំនួញ និង អ្នករដ្ឋការត្រូវបានដេញតាមចាប់ខ្លួន និង សម្លាប់រួមគ្នាជាមួយក្រុមគ្រួសាររបស់ពួកគេទាំងអស់ ពួកខ្មែរក្រហមភ័យខ្លាច ដោយសារពួកគេគិតថាពួកអ្នកទាំងនោះអាចនឹងដឹកនាំឲ្យមានការប្រឆាំងនឹងរបបរបស់ខ្លួន។ ពួកអ្នកស្មោះស្ម័គ្រនឹងខ្មែរក្រហមមួយចំនួនតូច ក៏ត្រូវបានគេកាប់សម្លាប់ដោយសារតែរកមិនឃើញអ្នកប្រឆាំងបដិវត្តន៍បានគ្រប់ចំនួន យកទៅប្រហារជីវិត។

ការប៉ាន់ស្មានចំនួនអ្នកស្លាប់ពិតប្រាកដរវាង ឆ្នាំ ១៩៧៥ និង ១៩៧៩ អាចយកជាការបាន ប៉ុន្តែប្រហែលជារាប់រយពាន់នាក់ក្នុងចំណោមនោះត្រូវបានគេយកទៅសម្លាប់។ មនុស្សរាប់រយពាន់នាក់បានស្លាប់ដោយសារតែការអត់ឃ្លាន និង ជំងឺ ទាំងក្រោមការដឹកនាំរបស់បក្សកម្មុយនិស្តកម្ពុជា និង កំឡុងការលុកលុយឈ្លានពានរបស់វៀតណាមនៅឆ្នាំ ១៩៧៨។
ការប៉ាន់ប្រមាណនៃអត្រាមរណៈមួយចំនួន ថាមានចាប់ពី ១ ដល់ ៣ លាន នាក់ ដោយហេតុថាប្រជាជនឆ្នាំ ១៩៧៥ ដែលគេប៉ាន់ស្មានថានៅសល់ ៧,៣ លាន នាក់។ សេអ៊ីអា (CIA) បានប៉ាន់ស្មានថា ៥០០០០ ទៅ ១០០០០០ នាក់ ត្រូវបានសម្លាប់ដោយការបន្សុទ្ធកម្មតែមួយគត់ដោយរដ្ឋ និង ១,៥ លាន នាក់ (ពីចន្លោះ ១,២ ដល់១,៨ លាននាក់) ត្រូវបានសម្លាប់ដោយពួកខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩។
មូលហេតុដែលនាំឱ្យមានជំនួយរបស់ចិនមកលើបក្សកុម្មុយនិស្តកម្ពុជា គឺដើម្បីទប់ស្កាត់ចលនាឥណ្ឌូចិនតែមួយ និងរក្សាឧត្តមភាពកងទ័ពចិននៅក្នុងតំបន់។ សហភាពសូវៀតបានគាំទ្រវៀតណាមយ៉ាងខ្លាំង ដើម្បីទុកខ្សែត្រៀមជួរខាងមុខទីពីរប្រឆាំងនឹងចិនក្នុងករណីមានអរិភាព និង រារាំងការពង្រីកខ្លួនរបស់ចិនបន្តទៅទៀត។
ចាប់តាំងពីមរណៈភាពរបស់ស្តាលីនមក ទំនាក់ទំនងរវាងចិនដែលគ្រប់គ្រងដោយលោកម៉ៅ និង សហភាពសូវៀតមិនសូវកក់ក្ដៅទេ។ នៅខែ កុម្ភៈ ដល់ មីនា ១៩៧៩ ចិន និង វៀតណាមបានពើបប្រយុទ្ធគ្នាក្នុងសង្គ្រាមចិននិង វៀតណាមមួយរយៈខ្លីលើបញ្ហានេះផងដែរ។
នៅខែ ធ្នូ ១៩៧៨ វៀតណាមបានប្រកាសក្នុងការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច ហេង សំរិន អតីតមេបញ្ជាការកងពលធំរបស់កម្ពុជាប្រជាធិបតេយ្យ។ រដ្ឋនេះត្រូវបានបង្កើតឡើងដោយពួកកុម្មុយនិស្តខ្មែរ ដែលបាននៅសេសសល់នៅវៀតណាម បន្ទាប់ពីឆ្នាំ ១៩៧៥ និង មន្ត្រីរដ្ឋការមួយចំនួន មកពីភូមិភាគបូព៌ា ដូចជា សម្ដេច ហេង សំរិន និង សម្ដេច ហ៊ុន សែន ដែលជាអ្នកបានគេចខ្លួនពីកម្ពុជាទៅវៀតណាមក្នុងឆ្នាំ ១៩៧៨។
នៅចុងខែ ធ្នូ ១៩៧៨ កងកម្លាំងកងទ័ពរបស់វៀតណាមបានបើកការលុកលុយទាំងស្រុងលើកម្ពុជា ដោយកាន់កាប់បានទីក្រុងភ្នំពេញនៅថ្ងៃ ៧ មករា ១៩៧៩ ហើយក៏រុញច្រានកងទ័ពកម្ពុជាប្រជាធិបតេយ្យដែលនៅសេសសល់ ឱ្យធ្វើដំណើរឆ្ពោះទៅភាគខាងលិចទៅជិតព្រំដែននៃប្រទេសថៃ។

