
តើលោក អង់រីកូ ហ្វែរមី ជាអ្នកណា?
អង់រីកូ ហ្វែរមី (Enrico Fermi)ជាអ្នកប្រាជ្ញរូបវិទ្យាជនជាតិអ៊ីតាលី ដែលត្រូវបានគេស្គាល់តាមរយៈស្នាដៃរបស់លោកក្នុងការអភិវឌ្ឍន៍រេអាក់ទ័រនុយក្លេអ៊ែរដំបូងគេ។ លោកក៏បានរួមចំនែកក្នុងការអភិវឌ្ឍន៍ ទ្រឹស្ដីកង់ទិច រូបវិទ្យានុយក្លេអ៊ែរ រូបវិទ្យាអំពីភាគល្អិត មេកានិចស្ថិតិ ផងដែរ។
ហ្វែរមីត្រូវបានគេផ្ដល់រង្វាន់ណូបែលផ្នែករូបវិទ្យា នាឆ្នាំ១៩៣៨។ លោកត្រូវបានគេចាត់ទុកជាអ្នកវិទ្យាសាស្ត្រកំពូលម្នាក់នៅស.វទី២០។ គាត់ក៏ត្រូវបានគេទទួលស្គាល់ផថដែរថាជាអ្នករូបវិទ្យាតែម្នាក់គត់ដែលទទួលបានជោគជ័យត្រចះត្រចង់ទាំងផ្នែកទ្រឹស្ដីនិងផ្នែកពិសោធន៍។ ហ្វែរមីញ៉ូមជាធាតុគីមីបង្កើតឡើងនៅឆ្នាំ១៩៥២ ត្រូវបានដាក់ឈ្មោះតាមលោក។
ជីវិតក្នុងកុមារភាព
អង់រីកូ ហ្វែរមី ចាប់កំណើត២៩ កញ្ញា ១៩០១ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។ ឪពុករបស់លោកឈ្មោះ អាល់បែរតូ ហ្វែរមី ជាអគ្គស្នងការនៃក្រសួងទំនាក់ទំនង ឯម្ដាយរបស់លោកឈ្មោះ អ៊ីដា ដឺ ហ្គាតទីស ជាគ្រូបង្រៀននៅសាលាបឋម។ កាលពីក្មេង លោកចូលចិត្តរៀនរូបវិទ្យា និង គណិតវិទ្យា ដូចបងប្រុស របស់លោកដែរ។ ពេលដែលបងប្រុសរបស់លោកទទួលមរណភាពដោ យមិនបានរំពឹងទុកដោយជំងឺដុះសាច់ក្នុងបំពង់កនៅឆ្នាំ១៩១៥ អង់រីកូ មានការឈឺចាប់យ៉ាងខ្លាំង ហើយបានបូជាខ្លូនឯងទៅក្នុងការសិក្សាផ្នែកវិទ្យាសាស្ត្រ។

តាមកំនត់ត្រាផ្ទាល់ខ្លួនរបស់លោក ជារៀងរាល់ថ្ងៃលោកតែងដើរកាត់មុខមន្ទីរពេទ្យដែលបងប្រុសរបស់លោកទទួលមរណភាព រហូតដល់ស៊ាំនឹងសេចក្ដីឈឺចាប់។ សៀវភៅរូបវិទ្យាដំបូងគេរបស់លោក ត្រូវបានលោករកបាននៅក្នុងផ្សារមួយនៅរ៉ូម៉ា។ សៀវភៅនោះឈ្មោះថា រូបវិទ្យា និង គណិតវិទ្យាបឋម ដែលនិយាយអំពីមុខវិជ្ជាផ្សេងៗមាន គណិតវិទ្យា មេកានិចក្លាស់សិច តារាវិទ្យា អុបទិច និង អាគូស្ទិច។
សៀវភៅនោះមានចំនួន៩០០ទំព័រ សរសេរជាភាសាឡាតាំង ដោយលោកឪពុក អង់ឌ្រា ការ៉ាហ្វា (សាស្ត្រាចារ្យនៅមហាវិទ្យាល័យរ៉ូម៉ាណូ)។ ហ្វែរមីបានរៀនសូត្រយ៉ាងជ្រៅជ្រះពីក្នុងសៀវភៅនោះ។ ក្រោយមកទៀត លោក អងរីកូ ហ្វែរមី បានក្លាយជាមិត្តរបស់សិស្សវិទ្យាសាស្ត្រម្នាក់ទៀតឈ្មោះ អង់រីកូ ពែរស៊ីកូ ហើយពួកគេទាំង២នាក់បានរួមគ្នាធ្វើការលើគំរោងវិទ្យាសាស្ត្រជាច្រើន ដូចជា ការសាងសង់ហ្គីរ៉ូទស្សន៍ និង វាស់ដែនម៉ាញ៉េទិចរបស់ផែនដី។
ចំនូលចិត្តលើផ្នែករូបវិទ្យារបស់ហ្វែរមី ត្រូវបានជំរុញដោយមិត្តម្នាក់របស់ឪពុកលោក ឈ្មោះ អាឌុលហ្វូ អាមីដេ ដែលតែងតែផ្ដល់ដល់លោកនូវសៀវភៅរូបវិទ្យា និង គណិតវិទ្យាជាច្រើន។ លោកអាចអាន និង ចងចាំខ្លឹមសារសៀវភៅទាំងនោះបានក្នុងរយៈពេលយ៉ាងខ្លី។
ការចូលរៀននៅសាលា Scuola Normale Superiore នៅទីក្រុង ពីសា រួមនឹងការងារ
នៅឆ្នាំ១៩១៨ ហ្វែរមីបានចុះឈ្មោះចូលរៀននៅសាលាដែលមានឈ្មោះល្បីមួយឈ្មោះ Scuola Normale Superiore នៅទីក្រុង ពីសា ដែលនៅទីនោះលោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ និង ថ្នាក់បណ្ឌិតរបស់លោក។ ដើម្បីចូលរៀននៅសាលានោះ បេក្ខជនត្រូវតែឆ្លងកាត់ការប្រលងចូលរៀនដែលតំរូវអោយសរសេរអត្ថបទសាកល្បងមួយ។
អត្ថបទសាកល្បងរបស់ហ្វែរមី សរសេរលើប្រធានបទ លក្ខណៈសំគាល់របស់សំលេង។ លោក ហ្វែរមី ដែលនៅពេលនោះទើបមានអាយុ១៧ឆ្នាំនៅឡើយ បានជ្រើសរើសទាញរក និង ដោះស្រាយសមីការឌីផេរ៉ង់ស្យែលដោយផ្នែក នៃរលកលើខ្សែ ដោយប្រើគណិតវិទ្យាវិភាគហ្វួរីយ៉េ។ មេប្រយោគដែលសំភាសលោក បានសរសើរពីអត្ថបទសាកល្បងរបស់លោក ហើយបានលើកតំកើងថាវាសឹងតែសក្តិសមសំរាប់ជាសារណាបញ្ចប់ថ្នាក់បណ្ឌិតផង។

លោក អង់រីកូ ហ្វែរមី បានឆ្លងកាត់ការប្រលងចូល ក្នុងលំដាប់ទី១។ នៅពេលសិក្សានៅសាលា Scuola Normale Superiore លោក ហ្វែរមី បានធ្វើជាមិត្តជាមួយសិស្សម្នាក់ទៀតឈ្មោះ ហ្វ្រង់កូ រ៉ាសិតទី (Franco Rasetti) ដែលជាមិត្តលេងសើចរបស់លោក។ ក្រោយមកពួកគេទាំង២បានក្លាយជាមិត្តស្និទ្ឋស្នាល និង ជាសហការីជាមួយគ្នា។
ក្រៅពីរៀននៅថ្នាក់ធម្មតាលោក អង់រីកូ ហ្វែរមី តែងឆ្លៀតពេលធ្វើការសិក្សាបន្ថែមលើកម្មវិធីសិក្សា ជាពិសេសដោយមានជំនួយពីមិត្តរបស់លោកឈ្មោះ អង់រីកូ ពែរស៊ីកូ (Enrico Persico) ដែលនៅរៀននៅសាកលវិទ្យាល័យមួយនៅរ៉ូម។
ពីឆ្នាំ១៩១៩ ដល់ឆ្នាំ១៩២៣ ហ្វែរមីបានសិក្សាពី រ៉ឺឡាទីវីតេទូទៅ មេកានិចកង់ទិច និង រូបវិទ្យាអាតូមិច។ ចំនេះដឹងស្ដីពីមេកានិចកង់ទិចរបស់លោក បានឡើងកំរិតខ្ពស់ រហូតដល់ប្រមុខវិទ្យាស្ថានរូបវិទ្យាគឺលោកសាស្ត្រាចារ្យ ល្វីហ្គី ពុសស្យានទី (Luigi Puccianti) បានហៅលោកអោយបើកសិក្ខាសាលាមួយអំពីប្រធានបទនេះ។
នៅក្នុងកំឡុងពេលនោះ លោកបានរៀនពី គណិតវិទ្យាវិភាគតង់ស័រ ដែលជាផ្នែកនៃគណិតវិទ្យាបង្កើតដោយ ហ្គ្រេហ្គូរ្យូ រីសស៊ី (Gregorio Ricci) និង ទុលល្យូ លេវី ស៊ីវីតា (Tullio Levi-Civita) ក្នុងការបកស្រាយពីគោលការណ៍នានាក្នុងរ៉ឺឡាទីវីតេទូទៅ។
នៅឆ្នាំ១៩២១ ពេលលោក ហ្វែរមី នៅជានិស្សិតឆ្នាំទី៣ លោកបានបោះពុម្ភស្នាដៃផ្នែកវិទ្យាសាស្ត្ររបស់លោកជាលើកដំបូង ក្នុងទស្សនាវដ្ដីអ៊ីតាលី ឈ្មោះ Nuovo Cimento។ អត្ថបទដំបូងរបស់លោកមានចំណងជើងថា ស្ដីអំពីឌីណាមិចនៃប្រព័ន្ឋសូលីដ នៃបន្ទុកអគ្គីសនីក្នុងលក្ខខណ្ឌអន្តរកាល។ អត្ថបទទី២មានចំណងជើងថា ស្ដីអំពីអេឡិចត្រូស្តាទិចនៃដែនទំនាញឯកសណ្ឋាននៃបន្ទុកអេឡិចត្រូម៉ាញ៉េទិច និង ស្ដីអំពីទំងន់របស់បន្ទុកអេឡិចត្រូម៉ាញ៉េទិច។
បើគេមើលតែមួយភ្លែត អត្ថបទទី១របស់លោកហាក់ដូចជាមានការមិនចុះសំរុងគ្នារវាងទ្រឹស្ដីអេឡិចត្រូឌីណាមិចនិង ទ្រឹស្ដីរ៉ឺឡាទីវីស ទាក់ទិននឹងការគណនាម៉ាស់អេឡិចត្រូម៉ាញ៉េទិច។ បន្ទាប់ពីរយៈពេលមួយឆ្នាំក្នុងការធ្វើការលើ កំនែលំអនៃភាពមិនចុះសំរុងគ្នារវាងទ្រឹស្ដីអេឡិចត្រូម៉ាញ៉េទិចនិង ទ្រីស្ដីរ៉ឺឡាទីវីសស្ដីពីបន្ទុកអេឡិចត្រូម៉ាញ៉េទិច។
និចលភាព និង ទំងន់អគ្គីសនី អង់រីកូ លោក ហ្វែរមី បានរកឃើញភាពត្រឹមត្រូវរបស់អត្ថបទមុនរបស់លោក។ អត្ថបទចុងក្រោយរបស់លោកបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ រហូតដល់ត្រូវបានគេបកប្រែជាភាសាអាល្លឺម៉ង់ និង ត្រូវបានគេបោះពុម្ភក្នុងទស្សនាវដ្ដីវិទ្យាសាស្ត្រអាល្លឺម៉ង់ដ៏ល្បីឈ្មោះ Physikalische Zeitschrift។

នៅឆ្នាំ១៩២២ ហ្វែរមីបានបោះពុម្ភអត្ថបទមួយមានចំនងជើងថា ស្ដីពីបាតុភូតកើតឡើងនៅក្បែរបន្ទាត់ពេលវេលា ដែលនៅក្នុងនោះលោកបានណែនាំពីអ្វីដែលគេហៅថា កូអរដោនេហ្វែរមី និងបានស្រាយបញ្ជាក់ថានៅក្បែរបន្ទាត់ពេលវេលា លំហមានលក្ខណៈជាលំហអឺគ្លីត។ នៅឆ្នាំ១៩២២ ហ្វែរមីបានបញ្ចប់ការសិក្សនៅ Scuola Normale Superiore។
នៅឆ្នាំ១៩២៣ ពេលកំពុងសរសេរសេចក្ដីបន្ថែមអោយសៀវភៅបោះពុម្ភជាភាសាអ៊ីតាលី ចំនងជើងថា កំនរកំនើតរ៉ឺឡាទីវីតេរបស់អែងស្តែង សរសេរដោយ A. Kopff, អង់រីកូ ហ្វែរមី បានរកឃើញជាលើកដំបូងនូវ ភាពពិតដែលថាក្រៅពីសមីការអែងស្តែងដ៏ល្បី ({\displaystyle E=mc^{2}\;}{\displaystyle E=mc^{2}\;}) នៅមានបរិមាណថាមពលដ៏មហិមា (ថាមពលនុយក្លេអែរ) ដែលគួរតែយកជាប្រយោជន៍បាន។
អ្នកប្រឹក្សាថ្នាក់បណ្ឌិតរបស់ហ្វែរមីគឺ បណ្ឌិត ល្វីហ្គី ពុសស្យានទី។ នៅឆ្នាំ១៩២៤ ហ្វែរមីបានចំណាយពេលមួយឆមាសនៅហ្គឺតថីនហ្គេន ហើយបានស្នាក់នៅប៉ុន្មានខែនៅឡៃដេន ជាមួលលោក ផោល អេរេនហ្វេស្ត (Paul Ehrenfest)។

ចាប់ពីខែមករាឆ្នាំ១៩២៥ ដល់រដូវស្លឹកឈើជ្រុះឆ្នាំ១៩២៦ លោកស្នាក់នៅសាកលវិទ្យាល័យហ្វ្លូរ៉ង់។ នៅក្នុងកំឡុងពេលនោះ លោកបានធ្វើការលើ ស្ថិតិហ្វែរមី-ឌីរ៉ាក់។ នៅពេលលោកមានអាយុ២៤ឆ្នាំ លោកបានទទួលឋានៈជាសាស្ត្រចារ្យនៅសាកលវិទ្យាល័យរ៉ូម (នាំមុខគេផ្នែករូបវិទ្យាអាតូមិចនៅអ៊ីតាលី) ដែលនៅទីនោះលោកបានឈ្នះការប្រកូតមួយដែលរៀបចំដោយលោកសាស្ត្រាចារ្យ អរសូ ម៉ារីយ៉ូ ករប៊ីណូ (Orso Mario Corbino) នាយកវិទ្យាស្ថានរូបវិទ្យា។
លោក ករប៊ីណូ បានជួយលោក ហ្វែរមី ក្នុងការជ្រើសរើសក្រុមការងារ ដែលប្រមូលផ្ដុំដោយមនុស្សពូកែៗមាន អេដូអារដូ អាម៉ាល់ឌី (Edoardo Amaldi), ប៊្រុយណូ ប៉ុងតេករវ៉ូ (Bruno Pontecorvo), ហ្វ្រង់កូ រ៉ាសិតទី (Franco Rasetti) និង អេមីល្យូ សេហ្គ្រែ (Emilio Segrè)។ ចំពោះការសិក្សាផ្នែកទ្រឹស្ដី មានការចូលរួមផងដែរពី អេតូរ៉េ ម៉ាចូរ៉ាណា (Ettore Majorana)។ ក្រុមការងារនេះធ្វើការលើការពិសោធន៍ល្បីៗរបស់ខ្លួន ប៉ុន្តែនៅឆ្នាំ១៩៣៣ រ៉ាសិតទី បានចាកចោលអ៊ីតាលីទៅនៅកាណាដានិងអាមេរិកបាត់ ចំនែកប៉ុងតេករវ៉ូ បានចេញទៅបារាំង ហើយសេហ្គ្រែបានចេញទៅបង្រៀននៅប៉ាឡែម៉ូ។
នៅក្នុងកំឡុងពេលដែលពួកគេនៅជុំគ្នានៅរ៉ូម ក្រុមការងារនេះបានរួមចំនែកយ៉ាងសំខាន់ក្នុងរូបវិទ្យាទ្រឹស្ដី និង អនុវត្តន៍។ នៅក្នុងនោះមាន ទ្រឹស្ដីបទបំពុកបេតា និងរបកគំឃើញណឺត្រុងយឺត ដែលគេអាចប្រើជាស្នូលក្នុងរ៉េអាក់ទ័រនុយក្លេអ៊ែរ។ ពួកគេបានបំផ្ទុះជាច្រវាក់នូវធាតុគីមីនានាដោយប្រើណឺត្រុងយឺត ហើយក្នុងការពិសោធន៍ជាមួយអ៊ុយរ៉ានីញ៉ូម ពួកគេបានរកឃើញប្រតិកម្មបន្ទុះនុយក្លេអ៊ែរ។
នៅពេលនោះបន្ទុះនុយក្លេអ៊ែរត្រូវបានគេគិតថាមិនអាចធ្វើទៅបានទេ បើយោងតាមទ្រឹស្ដី។ ខណៈមនុស្សគ្រប់គ្នាគិតថាធាតុដែលមានលេខអាតូមខ្ពស់ជាងកើតឡើងពីបំផ្ទុះណឺត្រុងនៃធាតុស្រាលជាងនោះ គ្មាននរណារម្នាក់ជឿថាណឺត្រុងអាចមានថាមពលគ្រប់គ្រាន់ក្នុងការបំបែកអាតូមធ្ងន់ៗជា២ចំនែកបានទេ។

លោក ហ្វែរមី ល្បីខាងដោះស្រាយបញ្ហាតាមរបៀបសាមញ្ញ។ គាត់ចាប់ផ្ដើមការបកស្រាយដោយឃ្លាគណិតវិទ្យាងាយៗ និង ទាញទៅរកចំលើយទាំងស្រុង។ សមត្ថភាពរបស់លោកក្នុងនាមជាអ្នកវិទ្យាសាស្ត្រដ៏មហិមា ក្នុងការច្របាច់បញ្ចូលគ្នានូវរូបវិទ្យាទ្រឹស្ដី និង រូបវិទ្យានុយក្លេអ៊ែរអនុវត្ត ត្រូវបានគេគ្រប់គ្នាទទួលស្គាល់។ លោកមានឥទ្ឋិពលទៅលើអ្នករូបវិទ្យាជាច្រើនដែលបានធ្វើការជាមួយលោក តួយ៉ាងដូចជាលោក ហាន់ស៍ បេតេ ( Hans Bethe) ដែលបានចំនាយពេល២ឆមាសធ្វើការជាមួយលោក។ តាំងពីកុមារភាព ហ្វែរមី កត់ចូលយ៉ាងល្អិតល្អន់នូវរាល់ការគណនារបស់លោកចូលទៅក្នុងសៀវភៅសរសេរ។ លោកថែមទាំងបានដោះស្រាយចំនោទថ្មីៗដែលលោកជួបប្រទះ ដោយប្រើចំលើយពីចំនោទមុនៗ។
នៅពេលដែលលោក ហ្វែរមី បានដាក់សារណាដ៏ល្បីរបស់លោកស្ដីពី បំពុកបេតេ ទៅទស្សនាវដ្ដីដ៏ល្បីឈ្មោះ Nature, និពន្ឋនាយករបស់ទស្សនាវដ្ដីនោះបានបដិសេដមិនបោះផ្សាយព្រោះ សារណានោះមានទ្រឹស្ដីជាច្រើនដែលស្ថិតនៅឆ្ងាយពេកពីការពិត។ ហេតុនេះគេឃើញទ្រឹស្ដីនេះត្រូវបានបោះពុម្ភផ្សាយជាភាសាអ៊ីតាលីនិងភាសាអាល្លឺម៉ង់មុនភាសាអង់គ្លេស។ ទីបំផុត Nature បានសំរេចបោះពុម្ភរបាយការណ៍របស់ហ្វែរមីស្ដីពីបំពុកបេតានៅថ្ងៃទី១៦ មករា ១៩៣៩។
អំពីគ្រួសារ និង ការទទួលមរតក
ម្ដាយរបស់លោកអង់រីកូ ហ្វែរមី បានធ្វើចង្ក្រានសំពាធដោយខ្លួនឯង ហើយប្រហែលជាដោយសារប្រការនេះហើយដែលបណ្ដុះគំនិតលោក អង់រីកូ អោយសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរលើកទី១ នៅឆ្នាំ១៩៤២។ ចង្ក្រានសំពាធជាលោហៈដែលមានផ្ទុកចំហាយសំពាធ ចំនែកថ្មពិលនុយក្លេអ៊ែររបស់លោក ហ្វែរមី ជាក្រាហ្វីតផ្ទុកអ៊ុយរ៉ានីញ៉ូមពីបន្ទុះ។

នៅឆ្នាំ១៩២៨ លោក ហ្វែរមី បានរៀបការជាមួយ ឡូរ៉ា កាប៉ុង (Laura Capon)។ ពួកគេមានកូន២នាក់ពេលរស់នៅអ៊ីតាលីគឺ កូនស្រីឈ្មោះ ណែលឡា ហ្វែរមី វេណឺ (Nella Fermi Weiner) ជាបណ្ឌិតបណ្ឌិត) ដែលបានកើតនៅឆ្នាំ១៩៣១ និងបានស្លាប់នៅឆ្នាំ១៩៩៥ ហើយក៏ជាវិចិត្រករស្ត្រីនិយម និង កូនប្រុសឈ្មោះ ហ្គុល្យូ ហ្វែរមី (Giulio Fermi) លោកក៏ជាបណ្ឌិតដែរ ដែលបានកើតនៅឆ្នាំ១៩៣៦ និងបានស្លាប់ឆ្នាំ១៩៩៧។ ឡូរ៉ា និង ហ្គុល្យូ ធ្វើការជាមួយជ័យលាភីណូបែលលោក ម៉ាក ប៉េរូត (Max Perutz) លើទំរង់អេម៉ូគ្លូប៊ីន។
នៅចុងជីវិតរបស់លោក ហ្វែរមីបានដឹងថាភក្ដីភាពរបស់លោកចំពោះសង្គមក្នុងការធ្វើជំរើសប្រកបដោយគតិបណ្ឌិត ស្ដីពីបច្ចេកវិទ្យានុយក្លេអ៊ែរ ត្រូវបានគេសង្ស័យ។ ហ្វែរមីបានមានប្រសាសន៍ថា៖
“មានអ្នកខ្លះអាចគិតថា តើវាមានប្រយោជន៍អ្វីទៅក្នុងការធ្វើការងារយ៉ាងលំបាកគ្រាន់តែដើម្បីប្រមូលបានការពិតមួយចំនួនដែលមិនផ្ដល់នូវសេចក្ដីរីករាយ តែផ្ដល់នូវសាស្ត្រាចារ្យសក់វែងប៉ុន្មាននាក់ដែលចូលចិត្តប្រមូលទុករបស់បែបហ្នឹង ដែលនឹងគ្មានប្រយោជន៍សំរាប់អ្នកដទៃ លើកលែងតែទុកសំរាប់អោយអ្នកឯកទេសដ៏ពូកែប៉ុន្មាននាក់ស្វែងយល់នោះ? ចំពោះសំនួរបែបនេះ ខ្ញុំអាចប្រថុយឆ្លើយដោយទុកចិត្តដូចតទៅ។ ប្រវត្តិសាស្ត្ររបស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបានបង្រៀនយើងថាការរីកចំរើនផ្នែកវិទ្យាសាស្ត្រនៅកំរិតដំបូង មិនយូរមិនឆាប់នឹងនាំទៅដល់ការអនុវត្តន៍ក្នុងបច្ចេកទេសនិងឧស្សាហកម្ម ដែលបានធ្វើបដិវដ្ដន៍ជីវភាពរស់នៅរបស់យើង។ ចំពោះខ្ញុំ វាទំនងជាមិនអាចទេដែលថា កិច្ចប្រឹងប្រែងរបស់ខ្ញុំក្នុងការស្វែងយល់ពីទំរង់រូបធាតុ ជាករណីលើកលែងនោះ។ អ្វីដែលមិនសូវប្រាកដ ហើយអ្វីដែលយើងប៉ងនោះគឺថា មនុស្សជាតិនិងក្លាយជាមនុស្សចាស់ទុំគ្រប់គ្រាន់ដើម្បីប្រើប្រាស់ថាមពលពីធម្មជាតិក្នុងផ្លូវល្អ។”