ប្រវត្តិបុគ្គលល្បីៗ

លោក ចូសេហ្វ ហិនរី ជាអ្នកវិទ្យាសាស្ត្រអាមេរិក​ដ៏អស្ចារ្យបំផុត បន្ទាប់ពីលោក បេនចាមីន ហ្វ្រែងឃ្លីន

លោក ចូសេហ្វ ហិនរី (Joseph Henry) បានកើតនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៧៩៧ និង បានទទួលមរណភាពនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៨៧៨ ដែលលោកគឺជាអ្នកវិទ្យាសាស្ត្រអាមេរិក​ដែលបានធ្វើជាអគ្គលេខាធិការទី១នៃស្ថាប័នវិទ្យាស្ថាន Smithsonian។

នៅក្នុងឆាកជីវិតរបស់គាត់ គេតែងចាត់ទុកគាត់ជាអ្នកវិទ្យាសាស្ត្រអាមេរិក​ដ៏អស្ចារ្យបំផុត បន្ទាប់ពីបេនចាមីន ហ្វ្រែងឃ្លីន (Benjamin Franklin)។ នៅពេលកំពុងធ្វើអេឡិចត្រូមេដែក លោក ហិនរី បានរកឃើញបាតុភូតអូតូអាំងឌុចស្យុង។ គាត់ក៏បានរកឃើញ​បាតុភូតអាំងឌុចស្យុងមុយទុយអែល ដាច់ដោយឡែកពី លោក ម៉ៃឃើល ហ្វារ៉ាដេ។

ប៉ុន្តែលោក ហ្វារ៉ាដេ ជាអ្នកបោះផ្សាយលទ្ធផលរបស់គាត់មុន។ ស្នាដៃរបស់គាត់លើរ៉ឺឡេអេឡិចត្រូម៉ាញ៉េទិច បានក្លាយជាគ្រឹះរបស់ទូរសារអគ្គីសនីដែលក្រោយមកផលិតដោយលោក សាម៉ុយអែល ម៉កស៍ (Samuel Morse) និង លោក ឆាលស៍ វៀតស្តូន (Charles Wheatstone)។ ខ្នាតរបស់អាំងឌុចតង់នៅក្នុងSI គឺ ហង់រី ត្រូវបានដាក់ឈ្មោះជាកិត្តិយសដល់គាត់។

ជីវិតកុមារភាព

លោក ចូសេហ្វ ហិនរី បានចាប់កំណើតនៅថ្ងៃទី១៧ ធ្នូ ១៧៩៧ នៅ អាល់បានី ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ទៅក្នុងគ្រួសារ​មួយដែលបានធ្វើអន្តោរប្រវេសន៍មកពីប្រទេសស្កត់លែន។ ឪពុករបស់គាត់ឈ្មោះ វិល្លៀម ហិនរី (William Henry) និង ម្ដាយរបស់គាត់ឈ្មោះ អាន អាឡិចសេនដឺ ហិនរី(Ann Alexander Henry)។

ឪពុកម្ដាយរបស់គាត់ក្រណាស់ ហើយឪពុករបស់គាត់បានស្លាប់ចោល​តាំងពីគាត់នៅក្មេង។ ពេលនៅកុមារ ហិនរី រស់នៅជាមួយយាយរបស់គាត់នៅ ហ្គលវេយ ក្រុងញូយ៉ក។ គាត់បានចូលរៀននៅសាលាមួយ ដែលក្រោយមក​ដាក់ឈ្មោះជា «សាលាបឋមសិក្សាចូសេហ្វ ហិនរី» ដើម្បីជាកិត្តិយសដល់គាត់។ បន្ទាប់ពីសាលា គាត់ធ្វើការនៅហាងទំនិញលក់សព្វមុខមួយកន្លែង ហើយក្រោយមកគឺនៅអាយុ១៣ឆ្នាំ គាត់បានទៅធ្វើជាកូនជាងធ្វើនាឡិកា និង ជាងដែក។

ការអប់រំសិក្សា និង ការងារ

ចូសេហ្វ ហិនរី ចាប់ចិត្តដំបូងជាមួយនឹងរោងមហោស្រព​រហូតដល់គាត់គិតចង់ធ្វើជាតារាសំដែងអាជីព​ទៀតផង។ តែបន្ទាប់មកគាត់ក៏បានចាប់ផ្ដើមចាប់អារម្មណ៍នឹង​វិទ្យាសាស្ត្រនៅអាយុ១៦ឆ្នាំ ពេលដែលគាត់បានអានសៀវភៅ​សិក្សា​វិទ្យាសាស្ត្រមួយក្បាល​ មានចំនងជើងថា មេរៀនពេញនិយមស្ដីពីទស្សនវិជ្ជាបែបពិសោធ (Popular Lectures on Experimental Philosophy)។

នៅឆ្នាំ១៨១៩ គាត់បានចូលរៀននៅ បណ្ឌិត្យសភាអាល់បានី ដោយមិនចាំបាច់បង់ថ្លៃចូលរៀនឡើយ។ ទោះជាបែបនេះក្ដី គាត់ត្រូវតែរកប្រាក់ផ្គត់ផ្គង់ខ្លួនឯង​ដោយបង្រៀនជាឯកជន​​ ដោយសារតែគាត់ក្រពេក។ គាត់មានបំនងបន្តចូលវៀនផ្នែកវេជ្ជសាស្ត្រ ប៉ុន្តែនៅឆ្នា១៨២៤ គាត់ត្រូវគេចាត់អោយធ្វើជាវិស្វករជំនួយការ​ក្នុងការត្រួតពិនិត្យផ្លូវរដ្ឋ​ដែលកំពុងសាងសង់ពី Lake Erie។ ចាប់ពីពេលនោះមក គាត់បែរជាចាប់អារម្មណ៍នឹង វិស្វកម្មស៊ីវិល​ ឬ មេកានិចទៅវិញ។

លោក ហិនរី​ រៀនបានពូកែ រហូតដល់មានលទ្ធភាពជួយគ្រូគាត់បង្រៀនមុខវិជ្ជាវិទ្យាសាស្ត្រជាញឹកញាប់។ នៅឆ្នាំ១៨២៦ គាត់ត្រូវបានគេតែងតាំងអោយធ្វើជាសាស្ត្រាចារ្យគណិតវិទ្យា និង ទស្សនវិជ្ជាធម្មជាតិ​នៅបណ្ឌិត្យសភាអាល់បានី (The Albany Academy)។ គាត់ចាប់ផ្ដើមធ្វើការស្រាវជ្រាវ​ធំដុំតាំងពីពេលនោះមក។

ដោយសារតែចង់ដឹងពីម៉ាញ៉េទិចនៃផែនដី គាត់បានធ្វើការពិសោធតាំងពី​ម៉ាញ៉េទិចជាទូទៅ។ គាត់ជាមនុស្សទី១ ដែលបានរុំរបុំខ្សែចំលង រុំដោយអ៊ីសូឡង់ ជាប់ៗគ្នាជុំវិញរបារស្នូលដែកមួយ ដើម្បី​បង្កើតអេឡិចត្រូមេដែកដ៏ខ្លាំងក្លាមួយ។ គាត់បានបង្ហាញផងដែរថា ពេលគេផលិតអេឡិចត្រូមេដែក​ដោយប្រើអេឡិចត្រូត២​ភ្ជាប់ទៅនឹងបាត់តឺរី១ គេគួរតែរុំរបុំខ្សែចំលងយ៉ាងច្រើនស្របៗគ្នា ប៉ុន្តែផ្ទុយទៅវិញ បើគេប្រើបាត់តឺរីច្រើន គេគួរតែប្រើតែរបុំវែងមួយបានហើយ។ គំនិតចុងក្រោយនេះហើយដែលជួយអោយទូរសារដំនើរការបាន។

នៅឆ្នាំ១៨៣១ គាត់បានផលិតម៉ាស៊ីនដើរដោយអេឡិចត្រូម៉ាញ៉េទិច ដែលជាបុព្វបុរសរបស់​​ម៉ូទ័រចរន្តជាប់។ នៅពេលនេះដែរគាត់បានរកឃើញលក្ខណៈរបស់អូតូអាំងឌុចស្យុង ដំនាលគ្នានឹងអ្នកវិទ្យាសាស្ត្រអង់គ្លេស ម៉ៃឃើល ហ្វារ៉ាដេយ ដែរ។ ដោយសារហ្វារ៉ាដេយបានបោះផ្សាយលទ្ធផលនេះបានមុន ហ្វារ៉ាដេយ​ត្រូវគេទទួលស្គាល់ជាផ្លូវការថាបានរកឃើញបាតុភូតអូតូអាំងឌុចស្យុងនេះ។

នៅឆ្នាំ១៨៣២ ហិនរីបានចូលធ្វើជាសាស្ត្រាចារ្យទស្សនវិជ្ជាធម្មជាតិនៅសាកលវិទ្យាល័យព្រីនស្តុន។

នៅឆ្នាំ១៨៤២ ហិនរីបានរកឃើញលំយោលម៉ាញ៉េទិច​បង្កើតដោយក្រលឡៃដិន។

នៅឆ្នាំ១៨៤៨ ហិនរីបានធ្វើការជាមួយសាស្ត្រាចារ្យ ស្តេហ្វេន អាឡិចសេនដឺ (Stephen Alexander) ដើម្បីកំនត់ទំនាក់ទំនងរវាងសីតុណ្ហភាពធៀប​រវាងផ្នែកផ្សេងៗលើផ្ទៃព្រះអាទិត្យ។ ដោយប្រើថ្មពិលទែរម៉ូ ពួកគេទាំង២បានបញ្ជាក់ថាចំនុចខ្មៅលើផ្ទៃព្រះអាទិត្យ ត្រជាក់ជាងតំបន់ដែរនៅជុំវិញវា។

ក្នុងនាមជាអ្នកវិទ្យាសាស្ត្រ និង ជានាយកស្ថាប័ន វិទ្យាស្ថាន ​Smithsonian លោក ហិនរី តែងទទួលការមកលេងរបស់អ្នកវិទ្យាសាស្ត្រ និង អ្នកបង្កើតរបស់ថ្មី​ដទៃទៀត ដែលមករកដំបូន្មានពីគាត់។ លោក ហិនរី ជាមនុស្សមានការអត់ធ្មត់ ចិត្តល្អ ស្លូតបូត មានរបៀប និង កំប្លែង។ សូម្បីអ្នកបិតាទូរស័ព្ទ អេឡិចសេនដឺ ហ្គ្រាហាំ បែល (Alexander Graham Bell) ក៏បានមកសុំ ដំបូន្មានពីលោក ហិនរី នៅឆ្នាំ១៩៧៥ដែរ។

លោក ហិនរី បានទទួលមរភាពនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៨៧៨ នឹងត្រូវបានធ្វើការបញ្ចុះរបស់លោកនៅក្នុងឈាបនដ្ឋានអូកហ៊ីល (Oak Hill Cemetery) ខាងជើងឈៀងខាងលិចរដ្ឋធានី វ៉ាស៊ីងតោនឌីស៊ី។

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.