ប្រវត្តិសាស្រ្តពិភពលោក

​ហេតុអ្វីបានជាប្រទេស សហភាពសូវៀត ត្រូវបានដួលរលំ?

នៅ​ឆ្នាំ​១៩៨៩ ចលនា​បដិវត្តន៍​ប្រជាជន​បាន​ផ្ទុះឡើង​នៅ​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត រហូត​ធ្វើ​ឲ្យ​របបកុម្មុយនិស្ត​​រណបសូវៀត​ត្រូវ​ដួលរលំ​ជា​បន្តបន្ទាប់ រហូត​ធ្វើ​ឲ្យ​ប្លុក​កុម្មុយនិស្ត​នៅ​អឺរ៉ុប​ខាង​កើត​ត្រូវ​បាក់បែកខ្ចាត់ខ្ចាយ​ស្ទើរតែ​អស់​គ្មាន​សល់ ជំនួស​មកវិញ​ដោយ​របបប្រជាធិបតេយ្យ​តាមបែប​លោកខាងលិច។

​នយោបាយ​កំណែទម្រង់​របស់​លោក​ហ្គ័របាឆូវ គឺ​ជា​កត្តា​ដ៏ធំមួយ ដែល​ជួយជំរុញ​ឲ្យ​ចលនា​បដិវត្តន៍​នេះ​បាន​ទទួល​ជោគជ័យ។ ក៏ប៉ុន្តែ ​អ្វី​ដែល​លោក​ហ្គ័របាឆូវ​មិនបាន​រំពឹងទុក​នោះ គឺ​​បដិវត្តន៍​ឆ្នាំ​១៩៨៩​នេះ​មិនមែន​កើតមានឡើង​តែ​នៅ​អឺរ៉ុប​ខាង​កើត​នោះទេ តែ​បាន​រាលដាល​ទៅ​ដល់​សហភាព​សូវៀត​ខ្លួន​ឯងផ្ទាល់។

ដំណើរឆ្ពោះទៅរក​ការ​ដួលរលំ​នៃ​សហភាព​សូវៀត​បាន​ចាប់ផ្តើម​ឡើង​ពី​រដ្ឋ​ជាប់នឹង​សមុទ្រ​បាល់ទិក គឺ​អេស្តូនី ឡេតូនី និង​លីទុយអានី។ ប្រទេស​ទាំង៣នេះ​ធ្លាប់​ជា​ប្រទេស​ឯករាជ្យ ក៏ប៉ុន្តែ​ត្រូវ​បាន​សូវៀត​កាត់យក​មក​ដាក់​ជា​ទឹកដី​របស់ខ្លួន តាមរយៈ​កិច្ចព្រមព្រៀង រវាង​ស្តាលីន និង​ហ៊ីត្លែរ នៅ​ឆ្នាំ​១៩៣៩។ ហេតុដូច្នេះ​ហើយ​បាន​ជា​ប្រជាជន​នៅ​ក្នុង​ប្រទេស​ទាំង៣​នេះ តែងតែ​ចាត់ទុក​ខ្លួន​ឯង​ជា​ប្រទេស​ឯករាជ្យ តែ​ស្ថិត​ក្រោម​ការ​កាន់កាប់​ដោយ​ខុសច្បាប់​ពី​សំណាក់​សហភាព​សូវៀត។

នៅ​ខែ​សីហា ឆ្នាំ​១៩៨៩ នៅ​ក្នុង​ពេល​ដែល​ចលនា​បដិវត្តន៍​​កំពុងតែ​ផ្ទុះឡើង​យ៉ាង​ពេញ​ទំហឹង នៅ​​អឺរ៉ុប​ខាងកើត​ ហើយ​ឆ្លៀត​ក្នុង​ឱកាស​ខួប​ ៥០ឆ្នាំ នៃ​​កិច្ចព្រមព្រៀង​ស្តាលីន-ហ៊ីត្លែរ​ឆ្នាំ​១៩៣៩​ (តាមពិត​គឺ​កិច្ចព្រមព្រៀង​ម៉ូឡូតូវ-រីបេនត្រុប ដោយ​យក​តាម​ឈ្មោះ​រដ្ឋមន្រ្តី​ការបរទេស​​សូវៀត-អាល្លឺម៉ង់ ដែល​ជា​អ្នក​ចុះហត្ថលេខា) ប្រជាជន​​អេស្តូនី ឡេតូនី និង ​លីទុយអានី ប្រមាណ​ជា ១លាននាក់​​បាន​នាំគ្នា​ចេញ​ធ្វើ​បាតុកម្ម​ ដើម្បី​ប្រឆាំង​នឹង​អ្វី​ដែល​ពួកគេ​ហៅ​ថា​ជា​ការ​កាន់កាប់​ដោយ​ខុសច្បាប់​របស់​សូវៀត​។ មួយឆ្នាំក្រោយ​មក ប្រទេស​ទាំងបី​ក៏​បាន​ប្រកាស​ផ្តាច់ខ្លួន​ជា​ប្រទេស​ឯករាជ្យ​ពី​សហភាព​សូវៀត។

ការប្រកាស​ផ្តាច់ខ្លួន​របស់​ប្រទេស​ទាំង៣​នេះ​មិន​ត្រូវ​បាន​​រដ្ឋាភិបាល​សហព័​ន្ធ​សូវៀត​ទទួល​ស្គាល់​នោះទេ ក៏ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក៏ដោយ បណ្តា​រដ្ឋ​មួយ​ចំនួន​ផ្សេងទៀត រួមមាន ហ្សកហ្ស៊ី អ៊ុយក្រែន អាមេនី និង​ម៉ុលដាវី ក៏​បាន​នាំគ្នា​ប្រកាស​ផ្តាច់ខ្លួន​ពី​សូវៀត​ជា​បន្តបន្ទាប់ ដោយ​យក​គំរូ​​តាម​ប្រទេស​នៅ​បាល់ទិក។

ចំណុចរបត់​ដ៏សំខាន់​ គឺ​ការ​ប្រកាស​ឯករាជ្យ​របស់​រុស្ស៊ី ដែល​ជា​រដ្ឋ​ធំជាងគេ មាន​ប្រជាជន​ច្រើន​ជាងគេ និង ​ជាពិសេស មាន​អំណាច​នយោបាយ​ខ្លាំងជាងគេ នៅ​ក្នុង​សហភាព​សូវៀត។ ការប្រកាស​ផ្តាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ​ពី​សភាព​សូវៀត​​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​រុស្ស៊ី បូរីស យែលស៊ីន នៅថ្ងៃ​ទី១២ ខែ​មិថុនា ឆ្នាំ​១៩៩០។

ប្រឈមមុខ​នឹង​ចលនា​ផ្តាច់ខ្លួន​នៃ​បណ្តា​រដ្ឋ​សមាជិក​ទាំង ១៥ របស់​សហភាព​សូវៀត លោក​ហ្គ័របាឆូវ​នៅតែ​ប្រកាន់​យក​នូវ​នយោបាយ​ដូច​ពីមុន គឺ​ជ្រើសរើស​យក​ការចរចា ជាជាង​ការ​ប្រើកម្លាំង​បង្រ្កាប។ នៅ​ក្នុងការ​ចរចា​នេះ លោក​ហ្គ័របាឆូវ​បាន​លើកឡើង​នូវ​សំណើ​​កំណែទម្រង់​ដ៏​សំខាន់​មួយ ដើម្បី​ផ្តល់​អំណាច​ដល់​រដ្ឋ​ជា​សមាជិក ក្នុងការ​ចាត់ចែងកិច្ចការ​ក្នុង​រដ្ឋ​របស់​ខ្លួន​ស្ទើរតែ​ដូច​ប្រទេស​ឯករាជ្យ ក៏ប៉ុន្តែ ត្រូវ​​ស្ថិត​នៅ​ជា​​រដ្ឋ​សមាជិក​​​សហភាព​សូវៀត​​ដូចពីមុន​ដដែល។

See the source image

ទោះជាយ៉ាងណា សំណើ​កំណែទម្រង់​របស់​លោក​ហ្គ័របាឆូវ​នេះ​ត្រូវ​ប្រឈមមុខ​នឹង​ការ​ប្រឆាំង​ពី​ចរន្ត​ធំៗ​ពីរ។ រដ្ឋ​​ចំនួន ៣ គឺ អេស្តូនី ឡេតូនី លីទុយអានី អាមេនី ហ្សកហ្ស៊ី និង​ម៉ុលដាវី ទាមទារ​ដាច់ខាត​ចង់​ផ្តាច់ខ្លួន​ជា​ប្រទេស​ឯករាជ្យ​ដាច់ចេញ​ទាំងស្រុង​ពី​សហភាព​សូវៀត។

ចំណែក​ឯ​ក្រុម​អ្នកនយោបាយ​ប្រកាន់​តឹង​នៅ​ក្នុង​បក្ស​កុម្មុយនិស្ត​សូវៀត ដែល​ក្នុង​ចំណោម​នោះ​​ក៏​មាន​មន្រ្តី​កាន់អំណាច​ធំៗ​ជាច្រើន​ផងដែរ គឺ​រួមមាន អនុប្រធានាធិបតី​ នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ និង ​ប្រមុខក្រសួង​ចារកិច្ច (KGB) ​នាំគ្នា​ប្រឆាំង​នឹង​ជំហរ​សម្រុះសម្រួល​របស់​លោក​ហ្គ័របាឆូវ ដោយ​ទាមទារ​ឲ្យ​ចាត់វិធានការ​ក្តៅ​បង្រ្កាប​ទៅលើ​ចលនា​ផ្តាច់ខ្លួន ដើម្បី​រក្សា​អំណាច​សហភាព​សូវៀត​ឲ្យ​នៅ​ខ្លាំង​ដូច​កាល​ពីមុន។ ដើម្បី​សម្រេច​តាម​បំណង​របស់​ខ្លួន ក្រុម​នេះ​ក៏​បាន​នាំគ្នា​រៀបចំ​គម្រោងការណ៍​ ដើម្បី​ច្បាម​យក​អំណាច​ពី​លោក​ហ្គ័របាឆូវ តាមរយៈ​រដ្ឋប្រហារ។

ថ្ងៃ​ទី១៨ ខែ​សីហា ឆ្នាំ​១៩៩១ ក្រុម​មេដឹកនាំ​រដ្ឋប្រហារ​បាន​បញ្ជូន​មនុស្ស​ពី​ម៉ូស្គូ ​ឲ្យ​ទៅ​ជួប​លោក​ហ្គ័របាឆូវ​ដែល​​​កំពុង​សម្រាកលំហែរកាយ​នៅ​ឯ​តំបន់​គ្រីមេ ដោយ​បាន​ទាមទារ​ឲ្យ​លោក​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ដើម្បី​ដាក់ពង្រាយ​កម្លាំង​ទ័ព​ទៅ​បង្រ្កាប​ក្រុម​អ្នក​ទាមទារ​ផ្តាច់ទឹកដី។ លោក​ហ្គ័របាឆូវ​បដិសេធ​ ពួកមេដឹកនាំ​រដ្ឋប្រហារ​ក៏​បាន​ចាប់លោក​ដាក់ឃុំ​នៅ​ក្នុង​ផ្ទះ ដោយ​កាត់ផ្តាច់​រាល់​បណ្តាញ​ទាក់ទង​ទៅ​ពិភព​ខាង​ក្រៅ ហើយ​មួយថ្ងៃ​ក្រោយ​មក មេដឹកនាំ​រដ្ឋប្រហារ​បាន​ប្រកាសថា លោក​ហ្គ័របាឆូវ​មាន​ជំងឺ ហើយ​បាន​ប្រគល់​អំណាច​ទៅ​ឲ្យ​គណៈកម្មាធិការ​មួយ ដែល​មាន​សមាជិក ៨រូប ជា​អ្នក​គ្រប់គ្រង​ជា​បណ្តោះអាសន្ន ហើយ​ក្នុងពេល​ជាមួយគ្នា​គណៈក​ម្មាធិការ​នេះ​បាន​ប្រកាស​ដាក់​សហភាព​សូវៀត​ទាំងមូល​ឲ្យ​ស្ថិត​ក្រោម​ច្បាប់​អាជ្ញាសឹក ព្រមទាំង​បញ្ជូន​កម្លាំង​ឲ្យ​ទៅ​បង្រ្កាប​ពួក​អ្នក​ទាមទារ​ផ្តាច់ខ្លួន​ជា​រដ្ឋ​ឯករាជ្យ។

See the source image

មកត្រឹម​ពេលនោះ អ្នកណា​ក៏ដឹង​ដែរ​ថា អ្វី​ដែល​កំពុង​កើតឡើង គឺ​ជា​រដ្ឋប្រហារ​ទម្លាក់​លោក​ហ្គ័របាឆូវ​ពី​តំណែង។ ក៏ប៉ុន្តែ រដ្ឋប្រហារ​នេះ​មានអាយុកាល​តែ៣ថ្ងៃ​ប៉ុណ្ណោះ ក៏​ត្រូវ​ទទួល​បរាជ័យ​ទៅវិញ។ បរាជ័យ​នៃ​រដ្ឋប្រហារ​នេះ​កើតឡើង​ដោយ​សារ​តែ​​មូលហេតុធំៗ​ពីរ គឺ​ការ​ខ្វះគាំទ្រ​ពី​សំណាក់​មន្រ្តី​ថ្នាក់​ក្រោម​ទាំង​នៅ​ក្នុង​ជួរកងទ័ព និង​ក្នុង​ក្រសួង​ចារកិច្ច KGB ហើយ​កាន់តែ​សំខាន់​ជាងនេះ​ទៅទៀត គឺ​ដោយសារ​តែ​ក្រុមរដ្ឋប្រហារ​​​មិន​អាច​ចាប់ខ្លួន​ ​លោក​បូរីស យែលស៊ីន ប្រធានាធិបតី​រុស្ស៊ី ដែល​ជារដ្ឋ​ដ៏មាន​អំណាច​បំផុត​ក្នុង​សហភាព​សូវៀត។

នៅថ្ងៃ​ទី១៩​សីហា លោក​បូរីស យែលស៊ីន បាន​ចេញមុខប្រកាស​បដិសេធ​មិន​ទទួលស្គាល់​មេដឹកនាំ​ថ្មី ដែល​កើតចេញ​ពី​អ្វី ដែល​លោក​ហៅថា​ជា​រដ្ឋប្រហារ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាជន ព្រមទាំង​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់​ស្តាប់​តាមតែ​បទបញ្ជា​ចេញដោយ​រដ្ឋាភិបាល​របស់​លោក។ សេចក្តីប្រកាស​របស់​លោក​បូរីស យែលស៊ីន បាន​ទទួល​នូវការ​គាំទ្រ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​សំណាក់​ប្រជាជន ក៏ដូចជា ពី​សំណាក់​សហគមន៍​អន្តរជាតិ ជាពិសេស ពី​សំណាក់​មេដឹកនាំ​ប្រទេស​មហាអំណាច ដូចជា លោក​ប៊ូស ប្រធានាធិបតី​អាមេរិក លោក​ហ្វ្រង់ស័រ មីតេរ៉ង់ ប្រធានាធិបតី​បារាំង លោក​ចន មេជ័រ នាយករដ្ឋមន្រ្តី​អង់គ្លេស និង​លោក​អេលមូត កូល អធិកាបតី​អាល្លឺម៉ង់។

នៅទីបំផុត មេដឹកនាំ​រដ្ឋប្រហារ​ក៏​ត្រូវ​បង្ខំចិត្តដោះលែង​លោក​ហ្គ័របាឆូវ​ពី​គ្រីមេ​ឲ្យ​ត្រឡប់​មក​កាន់​អំណាចវិញ។ ក៏ប៉ុន្តែ ទោះជា​ត្រូវ​បរាជ័យ​ក៏ដោយ រដ្ឋប្រហារ​នៅ​ខែ​សីហា ឆ្នាំ​១៩៩១​នោះ បាន​ធ្វើ​ឲ្យ​អំណាច​នយោបាយ​របស់​​លោក​ហ្គ័របាឆូវ​ត្រូវ​ធ្លាក់​ចុះខ្សោយ​យ៉ាង​ខ្លាំង ដោយ​លោក​មាន​តែ​តំណែង ចំណែក​ឯ​អំណាច​ពិតប្រាកដ​ត្រូវ​ស្ថិត​ក្នុងដៃ​លោក​បូរីស យែលស៊ីន។

៤ខែ​ក្រោយ​រដ្ឋប្រហារ នៅថ្ងៃ​ទី៨​ខែ​ធ្នូ រដ្ឋទាំង ១៥ ក្នុង​សហភាព​សូវៀត​ក៏​បាន​ប្រកាស​ឯករាជ្យ​រៀងៗខ្លួន ហើយ​នៅថ្ងៃ​ទី​២៤​ធ្នូ​ រុស្ស៊ី ដោយ​មាន​ការ​គាំទ្រ​ពី​អតីត​រដ្ឋ​សូវៀត​ផ្សេងទៀត បាន​ជូន​ដំណឹង​ទៅ​អ.ស.ប​​ថា ចាប់ពីពេលនោះទៅ រុស្ស៊ី​នឹង​​កាន់កាប់​អាសនៈ​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប ជំនួស​សហភាព​សូវៀត។

មួយថ្ងៃ​ក្រោយមក នៅថ្ងៃ​ទី២៥​ធ្នូ ដែល​ចំថ្ងៃ​បុណ្យណូអែល លោក​ហ្គ័របាឆូវ​បាន​ប្រកាស​លាឈប់​ពីមុខតំណែង​ជា​ប្រធានាធិបតី​នៃ​សហភាព​​សូវៀត ហើយ​​នៅថ្ងៃ​ទី២៦ធ្នូ ទង់​ក្រហម​ ដែល​មាន​កណ្ដៀវ​និង​ញញួរ​ត្រូវ​បាន​គេ​បង្ហូតចុះ​ពី​វិមានក្រេមឡាំង ជំនួស​មកវិញ​ដោយ​ទង់ជាតិ​រុស្ស៊ី។

​សហភាព​សាធារណរដ្ឋ​សង្គមនិយម​សូវៀត ដែល​បាន​បង្កើតឡើង​តាំង​​ពីឆ្នាំ​១៩២២ ក៏​ត្រូវ​រំលាយ​ជាផ្លូវការ ជំនួសមកវិញ​ដោយ​ប្រទេស​ឯករាជ្យ​ចំនួន ១៥ គឺ​ រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី អាមេនី អេស្តូនី ឡេតូនី លីទុយអានី អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និង​តួកម៉េនីស្ថាន។

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.