ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិសាស្ត្រនៃប្រទេសលាវ

ប្រទេស​លាវ​បច្ចុប្បន្ន​មាន​ឫស​គល់​ពី​រាជាណាចក្រ​លានជាង (រាប់លានដំរី) ដែល​បាន​ក​កើត​ឡើង​នៅ​គ្រិស្តសតវត្សរ៍​ទី ១៤ ដោយ​ព្រះ​ចៅ​ ហ្វាងុម ដែល​មាន​ខ្សែ​ស្រឡាយ​​ត​ពី​ព្រះ​រាជា​លាវ​បុរាណ។ នគរ​លាន​ជាង ឬ ឡានសាង រីក​ចម្រើន​រហូត​មក​ទល់​គ្រិស្តសតវត្សរ៍​ទី ១៨ តែ​ក្រោយ​មក រាជាណាចក្រ​នេះ​ត្រូវ​បែក​បាក់​ជា ៣ ផ្នែក ដែល​ចុង​ក្រោយ​ត្រូវ​បាន​សៀម​ត្រួត​ត្រា។

See the source image

នៅ​គ្រិស្តសតវត្សរ៍​ទី ១៩ ហ្លួង​ព្រះ​បាង​បាន​ត្រូវ​ដាក់​បញ្ចូល​ក្នុង​អាណាព្យាបាល​បារាំងសែស​នៅ​ឥណ្ឌូចិន។ ក្រោយ​បន្តិច​មក តំបន់​ចំប៉ាសាក់​និង​វៀងច័ន្ទន៍​ ក៏​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​អាណាព្យាបាល​បារាំងសែស​ដែរ។ បារាំងសែស​សំឡឹង​ឃើញ​ប្រទេស​លាវ​ជា​រដ្ឋ​នៅ​ចន្លោះ​ការ​ប្រទាញ​ប្រទង់​រវាង​ចក្រភព​អង់គ្លេស​និង​ចក្រភព​បារាំងសែស។

នៅ​ក្រោម​អាណាព្យាបាល​បារាំងសែស វៀងច័ន្ទន៍​ ជា​ថ្មី​ម្ដង​ទៀត​ បាន​ក្លាយ​ជា​រដ្ឋធានី​របស់​រដ្ឋ​បង្រួប​បង្រួម​លាវ។ ឆ្លង​កាត់​ការ​កាន់​កាប់​មួយ​រយៈ​ខ្លី​ពី​សំណាក់​កង​ទ័ព​ជប៉ុន​ក្នុង​សង្គ្រាមលោកលើកទី ២ រួច​មក លាវ​បាន​ប្រកាស​ឯករាជ្យ​នៅ​ឆ្នាំ១៩៤៥។ ប៉ុន្តែ បារាំងសែស​បាន​ត្រឡប់​មក​កាន់​កាប់​វិញ​រហូត​ដល់​ឆ្នាំ ១៩៥០ គឺ​ពេល​ដែល​បារាំង​បាន​ផ្ដល់​ស្វ័យភាព​ពាក់​កណ្ដាល​ថា​ ជា​រដ្ឋ​ចំណុះ​ឲ្យ​សហព័ន្ឋ​បារាំងសែស។ លាវ​បាន​ទទួល​ឯករាជ្យ​បរិបូណ៌​នៅ​ឆ្នាំ ១៩៥៤ រួច​ក្លាយ​ជា​រដ្ឋ​កាន់​របប​រាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ។

See the source image

ក្រោម​ល័ក្ខ​ខ័ណ្ឌ​លើក​លែង​មួយ​ក្នុងសន្ឋិសញ្ញាទី​ក្រុង​ហ្សឺណែវ បេសកកម្ម​ហ្វឹក​ហ្វឺន​យោធា​បារាំង​បាន​ដើរ​តួ​នាទី​គាំ​ទ្រ​កង​យោធពល​ភូមិន្ទ​លាវ។ នៅ​ឆ្នាំ ១៩៥៥ ក្រសូង​ការ​ពារ​ជាតិ​អាមេរិក​បាន​មក​ជំនួស​កង​ទ័ព​បារាំង​ក្នុង​ការ​គាំ​ទ្រ​​កង​យោធពល​ភូមិន្ទ​លាវ​ប្រឆាំង​នឹង​ពួក​កុម្មុយនិស្តប៉ៈថេត​ឡាវ។

ប្រទេស​លាវ​ត្រូវ​បាន​អូស​ចូល​ទៅ​ក្នុង​សង្គ្រាម​វៀតណាម ហើយ​តំបន់​ភាគ​ខាង​កើត​របស់​លាវ​ត្រូវ​បាន​លុក​លុយ​កាន់​កាប់​ពី​សំណាក់​កង​ទ័ព​វៀតណាម​ខាង​ជើង​ដែល​ពួក​នេះ​បាន​ប្រើ​ប្រាស់​ដែន​ដី​ឡាវ​ជា​មូលដ្ឋាន​រៀប​ចំ​និង​ផ្លូវ​ដឹក​ជញ្ជូន​សព្វាវុធ​និង​​ស្បៀង​អាហារ​ ទៅ​ឲ្យ​កង​ទ័ព​ត​ទល់​នឹង​កងទ័ពវៀតណាម​ខាង​ត្បូង​។

ជា​ការ​ឆ្លើយ​តប អាមរិក​បាន​បើក​យុទ្ឋនាការ​ទម្លាក់​គ្រាប់​បែក​ប្រឆាំង​នឹង​វៀតណាម​ខាង​ជើង ដើម្បី​គាំ​ទ្រ​កម្លាំង​ប្រឆាំង​កុម្មុយនិស្ត​ក្នុង​ប្រទេស​លាវ និង​គាំ​ទ្រ​វៀតណាម​ខាង​ត្បូង​ក្នុង​ការ​លុក​លុយ​ប្រទេស​លាវ។ សកម្មភាព​ទាំង​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ធ្វើ​រដ្ឋប្រហារ​ជា​បន្ត​បន្ទាប់ ហើយ​ទីបំផុត​សង្គ្រាម​ស៊ីវិល​លាវ រវាង​រាជរដ្ឋាភិបាល​លាវ និង​ចលនា​កុម្មុយនិស្ត​បប៉ៈថេត​ឡាវ បាន​ចាប់​ផ្ដើម។

នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​នេះ កង​ទ័ព​វៀតណាម​ខាង​ជើង​ដែល​មាន​អាវុធ​ទំនើបៗ និង​រថ​ក្រោះ ស្ថិត​នៅ​ពី​ក្រោយ​ខ្នង​ពួក​ប៉ៈថេត​ឡាវ។ នៅ​ឆ្នាំ ១៩៦៨ កង​ទ័ព​វៀតណាម​ខាង​ជើង​បាន​បើក​ការ​វាយ​ប្រហារ​ច្រើន​ភូមិភាគ​មក​លើ​កង​យោធពល​​ភូមិន្ទ​លាវ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ដាក់​ពង្រាយ​ទ័ព​ទ្រង់​ទ្រាយ​ធំ​មួយ។

បន្ត​មក មាន​ការ​ទម្លាក់​គ្រាប់​បែក​ទ្រង់​ទ្រាយ​ធំ​ពី​សំណាក់​អាមេរិក​ ដើម្បី​កម្ទេច​មូលដ្ឋាន​ទ័ព​វៀតណាម​ខាង​ជើង​ក្នុង​ប្រទេស​លាវ និង​ដើម្បី​កាត់​ផ្ដាច់​ផ្លូវលំ​ហូជីមិញ។ គេ​និយាយ​ថា គ្រាប់​បែក​អាមេរិក​ទម្លាក់​នៅ​ប្រទេស​លាវ​ពី​ឆ្នាំ​ ១៩៧១ ដល់ ១៩៧៣ ច្រើន​ជាង​ទម្លាក់​នៅ​ទូទាំង​ពិភព​លោក​ក្នុង​កំលុង​សង្គ្រាម​លោក​លើក​ទី ២ នៅចន្លោះនៅឆ្នាំ ១៩៣៩ ដល់ ១៩៤៥ ទៅទៀត។ ជា​សរុប មាន​គ្រាប់​បែក​ជាង ២ លាន​តោន​ត្រូវ​បាន​ទម្លាក់។

នៅ​ឆ្នាំ ១៩៧៥ កង​កម្លាំង​កុម្មុយនិស្ត​បប៉ៈថេត​ឡាវ ដែល​មាន​ការ​គាំ​ទ្រ​ពី​សហព័ន្ឋ​រុស្ស៊ី​និង​វៀតណាម​ខាង​ជើង បាន​ទទួល​ជ័យ​ជំនះ​លើ​រដ្ឋាភិបាល​រាជានិយម។ ការណ៍​នេះ​បង្ខំ​ឲ្យ​ព្រះ​ចៅ ស៊ីសៈវ៉ាង​វឌ្ឍនា (ស្រី​ស្វាង​វឌ្ឍនា) ដាក់​រាជ្យ រួច​ត្រូវ​បាន​គេ​​ធ្វើ​គត់​ក្រោយ​ពី​ចាប់​ព្រះ​អង្គ​បាន។ បន្ទាប់​ពី​កាន់​កាប់​ប្រទេស​ហើយ រដ្ឋាភិបាល​ប៉ៈថេត​ឡាវ​បាន​ដាក់​ឈ្មោះ​ថ្មី​ឲ្យ​ប្រទេស​លាវថា សាធារណរដ្ឋ​​ប្រជាធិបតេយ្យ​ប្រជាជន​ឡាវ (សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ) និង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ឲ្យ​វៀតណាម​ដាក់​ទ័ព​ក្នុង​ ធ្វើ​ជា​ទី​ប្រឹក្សា​មើល​ការ​ខុស​ត្រូវ​​ប្រទេស។

នៅ​ទសវត្សរ៍ ១៩៧០ ឡាវ​ត្រូវ​បាន​វៀតណាម​បញ្ជា​ឲ្យ​កាត់​ផ្ដាច់​ទំនាក់​ទំនង​ជា​មួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ដែល​កាត់​ផ្ដាច់​ពាណិជ្ជកម្ម​ឡាវ​ជា​មួយ​បណ្ដា​ប្រទេស​ទាំង​អស់​ លើក​លែង​តែ​វៀតណាម។ ការ​គ្រប់​គ្រង​ដោយ​វៀតណាម​និង​ការ​ធ្វើ​ជា​សង្គមនិយម បន្តិច​ម្ដងៗ បាន​ត្រូវ​ជំនួស​ដោយ​ការ​បន្ឋូរ​បន្ថយ​ការ​ដាក់​កំហិត​សេដ្ឋកិច្ច​នៅ​ទសវត្សរ៍ ១៩៨០ និង​ការ​អនុញ្ញាត​ឲ្យ​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ ១៩៩៧។

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ការឡើងកាន់អំណាចរបស់អ៊ីត្លែ និង វិបត្តិសេដ្ឋកិច្ចពិភពលោកឆ្នាំ១៩២៩ (The Great Depression)

ប្រវត្តិសាស្រ្តពិភពលោក

តើក្រុមឧទ្ទាមតាលីបង់ជាអ្នកណា នឹងមានប្រភពមកពីណា?

ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

Leave a Reply

Your email address will not be published.