ប្រវត្តិសាស្រ្តពិភពលោក

ភាព​រុងរឿង​នៃ​ចក្រភពអារ៉ាប់ នៅក្រោយ​​ការ​បង្កើត​សាសនា​អ៊ីស្លាម ដោយ​ព្យាការី​មហាម៉ាត់ នៅ​សតវត្សរ៍​ទី៧

នៅសតវត្សរ៍​ទី៧ សាសនា​ថ្មីមួយ បាន​ចាប់កំណើតឡើង នៅ​ក្នុង​ឧបទ្វីប​អារ៉ាប់ (ក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បច្ចុប្បន្ន) គឺ​សាសនា​អ៊ីស្លាម ដោយមាន​មហាម៉ាត់​ជា​ព្យាការី។ សម្រាប់​អ្នក​មិន​កាន់សាសនា​អ៊ីស្លាម មហាម៉ាត់ គឺ​ជា​អ្នក​បង្កើត​សាសនា​អ៊ីស្លាម​ ក៏ប៉ុន្តែ អ្នក​កាន់​សាសនា​អ៊ីស្លាមវិញ​យល់ថា អ៊ីស្លាម​មាន​តាំង​ពីយូរណាស់មកហើយ ចំណែក​មហាម៉ាត់ គ្រាន់តែ​ជា​ព្យាការីចុងក្រោយ ដើម្បី​នាំសារ​របស់​ព្រះ​មក​ផ្សព្វផ្សាយ​ដល់​មនុស្ស​តែប៉ុណ្ណោះ។

ក៏ប៉ុន្តែ បើទោះជា​យ៉ាងណា​ក៏ដោយ ការលេចមុខ​របស់​មហាម៉ាត់ និង​សាសនា​អ៊ីស្លាម នៅ​ឧបទ្វីបអារ៉ាប់ គឺ​ជា​របត់ដ៏សំខាន់​មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ពិភព​អារ៉ាប់។

នៅមុន​មហាម៉ាត់ បណ្តាជន​អារ៉ាប់​នៅមិនទាន់​បង្កើត​ជា​រចនាសម្ព័ន្ធ​រដ្ឋ​ត្រឹមត្រូវ​នៅឡើយទេ ដោយពួកគេ​រស់នៅ​ជា​លក្ខណៈ​កុលសម្ព័ន្ធ​​ផ្សេងៗ​ដាច់ពី​គ្នា ហើយ​កុលសម្ព័ន្ធនីមួយៗ គោរព​បូជា​​ព្រះ​រៀងៗ​ខ្លួន​ផ្សេង​ពីគ្នា គឺ​ ព្រះ​ដែល​តំណាង​ដោយ​រូបសំណាក។

មហាម៉ាត់​បាន​នាំនូវ​សេចក្តីបង្រៀន​ថ្មីមួយ​ដល់​កុលសម្ព័ន្ធ​អារ៉ាប់ គឺថា ​ការ​ថ្វាយបង្គំរូបព្រះ​ជា​ការ​ខុសឆ្គង ពីព្រោះ​ថា ព្រះពិត​មិនត្រូវ​ការ​រូប​សំណាក​ជា​តំណាង ហើយ​ព្រះពិត​មាន​តែ​មួយអង្គគត់ ដែល​ជា​ព្រះ​របស់​មនុស្ស​គ្រប់គ្នា។ មនោគមន៍វិជ្ជា​សាសនា​ថ្មីនេះ គឺ​ជា​មូលដ្ឋាន​ដ៏សំខាន់មួយ ដែល​ឈាន​ទៅ​បង្រួបបង្រួម​ក្រុមកុលសម្ព័ន្ធ​អារ៉ាប់ ឲ្យ​ទៅ​ជា​សហគមន៍​តែមួយវិញ គឺ​សហគមន៍​អ៊ីស្លាម។ លើសពីនេះ​ទៅទៀត មហាម៉ាត់​បាន​​រៀបចំ​​ឲ្យ​សហគមន៍​អ៊ីស្លាម​នេះ​មាន​រចនាសម្ព័ន្ធដឹកនាំ​ត្រឹមត្រូវ ក្នុង​លក្ខណៈ​​​ជា​រដ្ឋ​មួយ។

See the source image

គិតត្រឹមឆ្នាំ ៦៣២ ក្រោម​ការដឹកនាំ​របស់​មហាម៉ាត់ អារ៉ាប់​បាន​ពង្រីក​ទឹកដី​របស់​ខ្លួន​ រហូត​បាន​កាន់កាប់​ឧបទ្វីប​អារ៉ាប់​ទាំងមូល ពោលគឺ ទឹកដី​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត កូវ៉ែត បារ៉ែន អារ៉ាប់រួម អូម៉ង់ និង​យេមែន នៃ​សម័យកាល​បច្ចុប្បន្ន។

នៅក្រោយ​មរណភាព​របស់​មហាម៉ាត់ នៅ​ឆ្នាំ​៦៣២ ថ្វីដ្បិត​តែ​សហគមន៍​អ៊ីស្លាម​មាន​ការខ្វែងគំនិត​គ្នា​ ពីរឿង​អ្នក​ស្នងតំណែង​មហាម៉ាត់ ក៏ប៉ុន្តែ អារ៉ាប់​នៅតែ​មាន​កម្លាំង​ខ្លាំង ហើយ​បន្ត​ពង្រីក​ទឹកដី​របស់​ខ្លួនតទៅទៀត រហូត​ទៅដល់​ព្រំដែន​នៃ​ចក្រភព​ប៊ីហ្សង់តាំង (ចក្រភពរ៉ូម​ខាង​កើត)។

សង្រ្គាម​រវាង​អារ៉ាប់ និង​ចក្រភព​ប៊ីហ្សង់តាំង​ក៏​បាន​ផ្ទុះឡើង នៅ​ឆ្នាំ​៦៣៤។ នៅ​ក្នុង​សង្រ្គាម​នេះ ចក្រភព​អារ៉ាប់​បានវាយ​ដណ្តើម​កាន់កាប់​ខេត្តម្តងមួយៗ​របស់​ចក្រភព​ប៊ីហ្សង់តាំង គឺ​ ស៊ីរី (៦៣៧) អេហ្ស៊ីប និង​អារមេនី (៦៣៩) និង​តំបន់​អាហ្វ្រិក​ខាងជើង (៧០៩)។ នៅ​ឆ្នាំ​៧១២ កងទ័ព​អារ៉ាប់​បាន​ឆ្លង​ច្រកសមុទ្រ​ហ្ស៊ីប្រាល់តារ (Gibraltar) ហើយ​វាយលុក​ចូល​ទៅដល់​អេស្ប៉ាញ។ ក្រោយ​ពី​វាយយក​អេស្ប៉ាញ កងទ័ព​អារ៉ាប់​ក៏​បាន​ឆ្លង​ជួរភ្នំ​ពីរ៉េណេ (Pyrénées) ចូល​ទៅដល់​ប៉ែក​ខាង​ត្បូង​ហ្គោល (បារាំង​បច្ចុប្បន្ន)។

See the source image

នៅប៉ែកខាងកើត​ឯណោះវិញ កងទ័ព​អារ៉ាប់​បាន​វាយ​កាន់កាប់​អាណាចក្រ​ពែរស៍​បាន​យ៉ាង​ស្រួល។ ប្រជាជន​ពែរស៍​បាន​ទទួល​យក​សាសនា​អ៊ីស្លាម ក៏ប៉ុន្តែ ប្រកាន់​យក​និកាយ​ស្ហ៊ីអ៊ីត។ ប្រជាជន​អ៊ីរ៉ង់ ដែល​ជា​តំណងវង្ស​នេះ​អាណាចក្រ​ពែរស៍​សម័យបុរាណ នៅតែ​បន្ត​កាន់​សាសនា​អ៊ីស្លាម​ និកាយ​ស្ហ៊ីអ៊ីត រហូតមកទល់​នឹង​ពេល​សព្វថ្ងៃ​នេះ។

ការ​វាតទី​ពង្រីក​ទឹកដី​របស់​ចក្រភព​អារ៉ាប់​ត្រូវបាន​ធ្វើឡើង ក្នុងល្បឿន​យ៉ាងលឿន​គួរ​ឲ្យ​កត់សម្គាល់ ប៉ុន្តែ ក៏​កងទ័ព​អារ៉ាប់​មិនចេះតែ​បាន​ទទួល​ជោគជ័យ​គ្រប់ពេលនោះដែរ។ កងទ័ព​អារ៉ាប់​ត្រូវ​ទទួលបរាជ័យ នៅ​កុងស្តង់ទីណូប នៅ​ឆ្នាំ​៧១៧ ដោយ​មិន​អាច​វាយកាន់កាប់​រាជធានី​នៃ​ចក្រភព​ប៊ីហ្សង់តាំង​បាន។ នៅអឺរ៉ុប​វិញ កងទ័ព​អារ៉ាប់​ត្រូវ​កងទ័ព​របស់​ពួក​​ហ្វ្រង់ ដឹកនាំ​ដោយ​ស្ហាល ម៉ារទែល (Charles Martel) ​វាយបំបាក់ នៅ​ម្តុំ​ព័រជេរ (Poitiers) នៅ​ឆ្នាំ​៧៣២។ ពួក​ហ្វ្រង់ គឺ​ជា​​ប្រជាជន​ចេញ​ពី​អម្បូរ​ហ្ស៊ែរម៉ានិក ហើយ​គ្រប់គ្រង​ដែនដី​ហ្គោល (ប្រទេស​បារាំង​បច្ចុប្បន្ន)។

ជោគជ័យ​របស់​ពួកហ្វ្រង់ នៅ​ព័រជេរ គឺ​ជា​រនាំង​ដ៏​ធំមួយ ដែល​រារាំង​មិន​ឲ្យ​កងទ័ព​អារ៉ាប់​ឈ្លានពាន​ចូលកាន់តែ​ជ្រៅ ក្នុង​តំបន់​អឺរ៉ុប។ ក៏ប៉ុន្តែ ទោះជាយ៉ាងណា គិតមក​ត្រឹមពាក់កណ្តាល​សតវត្សរ៍​ទី៨ ពោលគឺ ប្រើ​រយៈពេលតែ​មួយសតវត្សរ៍​ប៉ុណ្ណោះ ចក្រភពអារ៉ាប់​បាន​ពង្រីក​ទឹកដី​របស់​ខ្លួន​រហូត​ទៅដល់​អាហ្វហ្កានីស្ថាន នៅ​ទិស​ខាងកើត និង​អេស្ប៉ាញ នៅ​ទិស​ខាងលិច។ ដែនដី​ទាំងអស់​នៅឆ្នេរ​ប៉ែក​ខាង​ត្បូង​សមុទ្រ​មេឌីទែរ៉ាណេ ព្រមទាំង​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចក្រភព​អារ៉ាប់។

ក្នុងរយៈពេល​ប្រមាណ​ជា ៦សតវត្សរ៍ ចក្រភព​អារ៉ាប់​បាន​ស្គាល់​នូវ​ភាព​រុងរឿង​បំផុត ដោយ​ នៅ​ក្នុង​អំឡុង​ពេលនោះ អារ៉ាប់​​បាន​ពង្រីក​ផ្លូវ​ជំនួញ​របស់​ខ្លួន ទាំង​តាម​ផ្លូវគោក និង​ផ្លូវ​ទឹក ចាប់តាំង​ពី​តំបន់​អឺរ៉ុប រហូត​ដល់​អាស៊ី។ ខាង​ផ្នែក​ចំណេះ​ដឹង និង​ការ​ច្នៃប្រឌិត អ្នក​ប្រាជ្ញ​អារ៉ាប់​ក៏​មាន​ច្រើន​ដែរ រាប់ចាប់តាំង​ពី​ខាង​គណិតវិទ្យា រូបវិទ្យា និង​តារាវិទ្យា។

See the source image

ចក្រភព​អារ៉ាប់​បាន​ចាប់ផ្តើម​ធ្លាក់ចុះ នៅ​សតវត្សរ៍ទី១៣ ដោយសារ​តែ​មាន​សង្រ្គាម​សាសនា​ជាមួយ​នឹង​កាតូលិក នៅ​ចន្លោះ​សតវត្សរ៍​ទី១១ និង​ទី១២​ផង និង​ជាពិសេស ដោយសារ​តែ​មាន​ការឈ្លានពាន ពី​សំណាក់​​ពួកម៉ុងហ្គោល របស់​ហ្សិនហ្គីស ខាន់ (Genghis Khan) នៅ​សតវត្សរ៍​ទី១៣។ កងទ័ព​ម៉ុងហ្គោល​បាន​វាយលុក​ចូលឈ្លាន​ពាន​ចក្រភព​អារ៉ាប់ ហើយ​បាន​វាយកម្ទេច​ទីក្រុង​បាកដាដ នៅ​ឆ្នាំ​១២៥៨។ បើទោះបីជា​ចក្រភព​អារ៉ាប់ មិនទាន់​ដួលរលំ​ ក៏ប៉ុន្តែ ការវាយកម្ទេច​ក្រុងបាកដាដ ដោយ​កងទ័ព​ម៉ុងហ្គោល​​នៅ​ឆ្នាំ​១២៥៨នោះ​​ ​ត្រូវបាន​អ្នក​ប្រវត្តិសាស្រ្ត​ទូទៅ​ចាត់ទុក​ថា ជា​ចំណុច​បញ្ចប់​នៃ​ភាពរុងរឿង​របស់​ចក្រភព​អារ៉ាប់។

បើ​យើងពិនិត្យ​មើលទៅលើ​ស្ថានភាព​ភូមិសាស្រ្ត នយោបាយ ភាសា និង​សាសនា នៅ​ជុំវិញ​សមុទ្រ​មេឌីទែរ៉ាណេ នាសម័យកាលបច្ចុប្បន្ន​នេះ យើងឃើញ​ថា ​ស្លាកស្នាម​នៃ​ការបែងចែក​ រវាង​អរិយធម៌​ចក្រភព​រ៉ូម ប៊ីហ្សង់តាំង និង​​អារ៉ាប់ នៅតែ​បន្ត​បន្សល់​ទុក​រហូតមកទល់​នឹង​សព្វថ្ងៃ​នេះ។

នៅ​ប៉ែក​ខាង​ជើង​សមុទ្រ​មេឌីទែរ៉ាណេ អឺរ៉ុប​ខាង​លិច​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​អរិយធម៌​​ នៃ​ចក្រភព​រ៉ូម ដោយ​និយាយ​ភាសា​ឡាតាំង និង​កាន់សាសនា​គ្រឹស្ត​និកាយ​កាតូលិក។ អឺរ៉ុប​ខាងកើត រហូត​ដល់​ព្រំប្រទល់​នៃ​តំបន់​ដើមបូព៌ា ស្ថិត​ក្រោម​ឥទ្ធិពល​នៃ ចក្រភព​ប៊ីហ្សង់តាំង ដែល​កាន់គ្រឹស្តសាសនា​និកាយ​អរតូដុក្ស៍ (Orthodox)។ ចំណែក​នៅ​ប៉ែក​ខាង​ត្បូង​សមុទ្រ​មេឌីទែរ៉ាណេវិញ ចាប់តាំង​ពី​តំបន់​អាហ្វ្រិក​ខាង​ជើង កាត់តាម​មជ្ឈិមបូព៌ា​រហូតដល់​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន គឺ​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម ចេញពី​ឥទ្ធិពល​របស់​ចក្រភព​អារ៉ាប់៕

Related posts
ប្រវត្តិសាស្រ្តពិភពលោក

ព្រុយណេ៖ ដំណើរក្នុងការទទួលឯករាជ្យពីអង់គ្លេស

ប្រវត្តិសាស្រ្តពិភពលោក

តើវីរុសកូរ៉ូណា អាចធ្វើអោយអស្ថេរភាពនៅក្នុងប្រទេសកូរ៉េខាងជើងបានដែរឬទេ?

ប្រវត្តិសាស្រ្តពិភពលោក

ហេតុអ្វីបានជាអ៊ីស្រាអ៊ែលក្លាយជាប្រទេសអ្នកមានដ៏អស្ចារ្យក្នុងពិភពលោក?

ប្រវត្តិសាស្រ្តពិភពលោក

ការផ្ដួលរំលំរបបរាជានិយម ស្ដេចត្សារក្នុងប្រទេសរុស្សនាឆ្នាំ១៩១៧

Leave a Reply

Your email address will not be published. Required fields are marked *