
ប្រទេសអៀរ៉ង់ចាប់ផ្តើមឡើងដៃនិងមានមហិទ្ធិឫទ្ធិនៅក្នុងភូមិភាគដើមបូព៌ា ចាប់ពីឆ្នាំ២០០៣មក គឺក្រោយពេលដែលអាមេរិកបានរំលំរបបតាលីបង់ក្នុងឆ្នាំ២០០១ នៅអាហ្វហ្កានីស្តង់ និងរបបSaddam Hussein នៅអៀរ៉ាក់ក្នុងឆ្នាំ២០០៣។ ការដែលអាមេរិកបានផ្តួលរំលំរបបតាលីបង់និងរបបSaddam Husseinដែលជាសត្រូវសួពូជរបស់អៀរ៉ង់ បានធ្វើឲ្យសាធារណរដ្ឋអ៊ីស្លាមមួយនេះ ក្លាយជាស្វ័យប្រវត្តិ ទៅជាប្រទេសខ្លាំងមួយនៅក្នុងតំបន់។
ការពិត នៅថ្ងៃទី២៩មករាឆ្នាំ២០០២ នៅពេលដែលប្រធានាធិបតីអាមេរិកាំងBush បានផ្តើមនិយាយពីបក្សសម្ព័ន្ធនៃសុភាវៈអាក្រក់ អៀរ៉ង់ក៏ជាផ្ទាំងCible របស់សហរដ្ឋអាមេរិកដែរ។ កាលនោះ លោកBush បានចាត់ទុកប្រទេសចំនួនបីថាជា តំណាងនៃសុភាវៈអាក្រក់ នោះគឺអៀរ៉ាក់ អៀរ៉ង់ និងកូរ៉េខាងជើង។
ក្រោយពីកងទ័ពអាមេរិកាំងបានចូលកាន់កាប់អាហ្វហ្កានីស្តង់និងអៀរ៉ាក់ហើយ ប្រទេសអៀរ៉ង់បានបន្ទន់គោលជំហរ នៅចំពោះមុខសហរដ្ឋអាមេរិក និងបានទាំងស្នើអាមេរិកឲ្យបើកកិច្ចចរចាជាកញ្ចប់តែមួយទៀតផង ចរចាដើម្បីកំចាត់អាវុធប្រល័យលោក ដើម្បីទប់ទល់នឹងភេរវកម្ម និងដើម្បីសហប្រតិបត្តិការសេដ្ឋកិច្ច។
មិនតែប៉ុណ្ណោះ អៀរ៉ង់ក៏ថែមទាំងបានយល់ព្រមជួយអាមេរិកនិងបណ្តាប្រទេសអារ៉ាប់ ក្នុងការស្វែងរកសន្តិភាព សម្រាប់ភូមិភាគដើមបូព៌ាទៀតផង។ ក៏ប៉ុន្តែ អាមេរិកមិនព្រមទទួលសំណើនេះរបស់អៀរ៉ង់ ពីព្រោះ កាលណោះ រដ្ឋការលោកBushក៏ប្រហែលជាមានបំណងចង់រំលំរបបអៀរ៉ង់ដែរ។
តាំងពីពេលនោះមក និយាយឲ្យចំ គឺតាំងពីខែឧសភាឆ្នាំ២០០៣មក អៀរ៉ង់បានបង្កើតកម្មវិធីនុយក្លេអ៊ែរឡើង ដោយអះអាងថា ខ្លួនចង់ផលិតថាមពលនុយក្លេអ៊ែរ ដើម្បីត្រៀមប្រឈមមុខនឹងកង្វះថាមពល នាអនាគតខាងមុខ គឺនៅពេលណាដែលប្រេងកាតនៅក្នុងពិភពលោកនឹងត្រូវអស់។
ក៏ប៉ុន្តែ បស្ចិមលោក ជាពិសេសសហរដ្ឋអាមេរិកមិនព្រម ពីព្រោះបណ្តាប្រទេសទាំងនេះបារម្ភខ្លាចអៀរ៉ង់ប្រើបា្រស់សារជាតិUraniumចម្រើនធាតុ ដើម្បីផលិតគ្រាប់បែកបរមាណូ។
សួរថា តើអៀរ៉ង់មានមហិច្ឆតាបង្កើតអាវុធនុយក្លេអ៊ែរមែនដែរឬទេ?
ចម្លើយ គឺពិតប្រាកដមែន។ មានមូលហេតុបីយ៉ាងតិច ដែលជម្រុញឲ្យអៀរ៉ង់ចង់បង្កើតគ្រាប់បែកបរមាណូ។ ម្យ៉ាង នៅក្នុងទសវត្សរ៍ទី៨០ កាលសម័យសង្គ្រាមរវាងអៀរ៉ង់និងអៀរ៉ាក់ កងទ័ពរបស់Saddam Hussein បានប្រើអាវុធគីមីប្រល័យជនជាតិKurdes នៅក្នុងតំបន់Halabja ជាហេតុបានធ្វើឲ្យប្រជាជននិងថ្នាក់ដឹកនាំអៀរ៉ង់សម័យនោះ ភ័យខ្លាចមែនទែន ភ័យក្រែងSaddam Hussein ប្រើអាវុធប្រល័យលោកប្រឆាំងនឹងប្រទេសអៀរ៉ង់។
ម្យ៉ាងទៀត វត្តមាននៃកងទ័ពអាមេរិកាំង ក្នុងពេលបច្ចុប្បន្ននៅអាហ្វហ្កានីស្តង់និងនៅអៀរ៉ាក់ ធ្វើឲ្យអៀរ៉ង់បារម្ភ ហើយថ្នាក់ដឹកនាំអៀរ៉ង់នៅតែបន្តភ័យខ្លាចអាមេរិកមករំលំ អំណាចរបស់ពួកគេ។ មានមូលហេតុមួយទៀត ដែលជម្រុញអៀរ៉ង់ឲ្យបង្កើតអាវុធនុយក្លេអ៊ែដែរ នោះគឺប្រទេសជិតខាងរបស់ខ្លួន ដូចជាប៉ាគីស្តង់ដែលមិនមែនជាមិត្រពិតប្រាកដ និងអ៊ីស្រាអែលដែលជាសត្រូវសួពូជ សុទ្ធតែជាមហាអំណាចបរមាណូ។
*
រហូតមកដល់ឆ្នាំ២០០៩ គឺមកទល់ពេលដែលលោកBarak Obamaឡើងគ្រប់គ្រងសហរដ្ឋអាមេរិក វិបត្តិនុយក្លេអ៊ែរអៀរ៉ង់ ប្រៀបបានដូចជារឿងល្ខោនសោកនាដកម្មមួយ
ដែលមានតួឯកពីរ គឺអៀរ៉ង់និងសហរដ្ឋអាមេរិក ព្រមទាំងតួរងជាច្រើន រួមមានជាអាទិ៍សហភាពអឺរ៉ុប រុស្ស៊ី ចិន និងអ៊ីស្រាអែល។ ល្ខោនសោកនាដកម្មនេះប្រព្រឹត្តទៅនៅប្រទេសអៀរ៉ង់ នៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ AIEA និងនៅអង្គការសហប្រជាជាតិ។
គឺជាល្ខោនសោកនាដកម្ម ពីព្រោះបណ្តាប្រទេសមហាអំណាចមិនចុះសម្រុងគ្នា ក្នុងការប្រកាន់គោលជំហរនយោបាយតែមួយ នៅចំពោះមុខអៀរ៉ង់ ជាហេតុធ្វើឲ្យអៀរ៉ង់ឡើងដៃ
និងចំណេញពេលក្នុងការលួចបន្តសកម្មភាពនុយក្លេអ៊ែរតទៅទៀត។
មានជាបឋម សហរដ្ឋអាមេរិករបស់លោកBush ដែលចង់ប្រើធម៌ក្តៅប្រដៅអៀរ៉ង់ ក៏ប៉ុន្តែមិនដាច់ចិត្តធ្វើ ពីព្រោះកងទ័ពអាមេរិកាំងជាប់ផុងជើង រើខ្លួនចេញមិនរួចពីសង្គ្រាមនៅអាហ្វហ្កានិស្តង់និងនៅអៀរ៉ាក់។
បន្ទាប់មក មានសហភាពអឺរ៉ុប អ្នកពូកែអនុវត្តការទូតត្រជាក់។ បារាំង អង់គ្លេស និង អាល្លឺម៉ង់ បានចរចាអស់រយៈពេលបីឆ្នាំជាមួយអៀរ៉ង់ ពីឆ្នាំ២០០៣ដល់ឆ្នាំ២០០៦ តែមិនបានផលអ្វីទេ។
បន្ទាប់មកទៀត មានរុស្សីនិងចិន ដែលមិនព្រមឲ្យដាក់ទណ្ឌកម្មទៅលើអៀរ៉ង់។
ម៉្លោះហើយបានជាមកទល់ឆ្នាំ២០០៩ អង្គការសហប្រជាជាតិ មិនអាចធ្វើអ្វីបានទេ ដើម្បីប្រឆាំងនឹងអៀរ៉ង់។
មកទល់ពេលថ្មីៗនេះ សហគមន៍អន្តរជាតិបារម្ភខ្លាចតែម្យ៉ាងគត់ នោះគឺប្រតិកម្មរបស់អ៊ីស្រាអែល ពីព្រោះអ៊ីស្រាអែលមិនដែលរារែកនឹងធ្វើសង្គ្រាមឡើយ នៅពេលណាដែលមានការគំរាមកំហែង ទៅលើសន្តិសុខនៃប្រទេសគេ។ ហើយបើសិនជាអ៊ីស្រាអែលហ៊ានវាយប្រហារទៅលើអៀរ៉ង់មែន ភ្លើងសង្គ្រាមនឹងអាចឆាបឆេះរីករាលដាលពេញតំបន់ភូមិភាគដើមបូព៌ា។