ប្រវត្តិបុគ្គលល្បីៗ

ជីវ​ប្រវត្តិ​សង្ខេប​របស់អតីតប្រធានាធិបតីអាមេរិក​លោក​ George H.W. Bush

តើ​លោក​ George H.W. Bush ជាអ្នកណា?

អតីតប្រធានាធិបតីអាមេរិក លោក George Bush គឺជាប្រធានាធិបតីអាមេរិកទី៤១ ដឹកនាំប្រទេសក្នុងចន្លោះឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣។ រឿងដ៏គួរឲ្យកត់សម្គាល់ផងដែរនោះគឺថា អាណត្តិគ្រប់គ្រងរដ្ឋរបស់លោកGeorge Bush គឺស្ថិតនៅចុងបញ្ចប់នៃសង្រ្គាមត្រជាក់ រវាងមនោគមន៍វិជ្ជាសេរីដឹកនាំដោយសហរដ្ឋអាមេរិក និង មនោគមន៍វិជ្ជាកុម្មុនីយរបស់សហភាពសូវៀត។

ជីវិតក្នុងកុមារភាព និង ការសិក្សា

លោកGeorge Bush កើតក្នុងថ្ងៃទី១២ ខែ មិថុនា ឆ្នាំ១៩២៤ ក្នុងរដ្ឋ Massachusetts។ ឪពុកម្តាយរបស់លោក George Bush ជាអ្នកមានជីវភាពធូរធារ ហើយឪពុករបស់លោកក៏ជាអ្នកនយោបាយមួយរូបផងដែរ ដោយមានតួនាទីជាសមាជិកព្រឹទ្ធសភាអាមេរិក នាសម័យនោះ។

នៅពេលដែលលោកចំរើនវ័យដល់អាយុ ១៨ ឆ្នាំ លោកត្រូវបានគេល្បីឈ្មោះ ដោយសារតែលោកជាប់ឈ្មោះជាមន្រ្តីវ័យក្មេងបំផុត របស់សហរដ្ឋអាមេរិក ដែលមានតួនាទី បញ្ជាការទម្លាក់គ្រាប់បែកពីលើយន្តហោះ។

លោកGeorge Bush រៀនផ្នែកសិល្បៈ ប៉ុន្តែលោកបានស្ម័គ្រចិត្តចូលបំរើជាកងទ័ពជើងទឹកអាមេរិក។ ទន្ទឹមគ្នានោះ លោកក៏បានហ្វឹកហាត់ ជាអ្នកបើកជិះយន្ដហោះផងដែរ។ មួយវិញទៀត ក្នុងពេលបំពេញបេសកកម្មនៅតំបន់ប៉ាស៊ីហ្វិក គឺលោកGeorge Bush នេះហើយ ដែលជាអ្នកបានរកឃើញ និងដឹងអំពីសកម្មភាពប្រឆាំងរបស់ជប៉ុនទៅនឹងអាមេរិក ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី២។ ក្នុងពេលនោះ លោកត្រូវបានជនមិនស្គាល់មុខ លបបាញ់សម្លាប់ ប៉ុន្តែជាសំណាងល្អលោកត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា។

នៅក្នុងឆ្នាំ១៩៤៥ លោកGeorge Bushបានរៀបចប់ថ្នាក់បរិញ្ញាប័ត្រសិល្បៈ។ ហើយនៅក្នុងឆ្នាំ ១៩៤៥ នេះដែរ លោកBush បានរៀបការជាមួយលោកស្រី Barbara Pierce ដែលកាលនោះមានវ័យ ១៨ ឆ្នាំ។

ជីវិតអាពាហ៍ពិពាហ៍របស់ពួកគាត់ជាជីវិតគូរដ៏រឹងមាំ គឺមានរយៈពេល ៧២ ឆ្នាំ ហើយមានចំណងដៃកូនចំនួនប្រាំមួយនាក់ ដែលក្នុងនោះក៏មានផងដែរអតីតប្រធានាធិបតីអាមេរិកលោកGeorge W. Bush ដែលជាប្រធានធិបតីអាមេរិកទី ៤៣ និងធ្លាប់បានដឹកនាំប្រទេសពីឆ្នាំ ២០០១ ដល់ ឆ្នាំ២០០៩។

បន្ទាប់មកទៀត នៅក្នុងឆ្នាំ ១៩៦៧ លោក George Bush បានបោះជំហានចូលប្រលូកក្នុងវិស័យនយោបាយ ដោយបម្រើការជាសមាជិកគណបក្សសាធារណរដ្ឋនៃសភាតំណាងរាស្ត្រអាមេរិកនៅរដ្ឋតិចសាស់រយៈពេលពីរអាណត្តិ។ មិនតែប៉ុណ្ណោះ លោកមានបទពិសោធន៍ធ្វើការជាច្រើន ក្នុងឆាកនយោបាយអាមេរិក ហើយរឿងដែលគេកត់សម្គាល់ជាងគេនោះគឺ នៅចន្លោះឆ្នាំ ១៩៨១-១៩៨៩ លោកបានធ្វើជាអនុប្រធានសហរដ្ឋអាមេរិករយៈពេលពីរអាណត្តិ ក្រោមការដឹកនាំប្រទេសរបស់ លោករ៉ូណាល់រីហ្គិន។

ហើយនៅទីបំផុតទៅ លោក George Bush ក៏បានឡើងកាន់ដំឡែងជាប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ១៩៨៩ ដល់ឆ្នំា ១៩៩៣។

ស្នាដៃក្នុងការដឹកនាំរបស់លោកGeorge Bush

តាមពិតទៅ លោកGeorge Bushជាចំណែកមួយដ៏សំខាន់ ជួយឲ្យលោកសេរីដឹកនាំដោយសហរដ្ឋអាមេរិក យកឈ្នះទៅលើលោកកុម្មុយនីសដឹកនាំដោយសហភាពសូវៀតក្នុងឆ្នាំ១៩៩១។ មួយវិញទៀត លោកត្រូវបានគេកោតសរសើរស្ញប់ស្ញែងជាពិសេសផងដែរ ពីព្រោះថាដោយសារក្រោមការដឹកនាំរបស់លោក សង្គ្រាមត្រជាក់ដែលបានអូសបន្លាយរហូតដល់ទៅប្រមាណជា ៤៥ ឆ្នាំ ត្រូវបានបញ្ចប់នៅទីបំផុតទៅនាឆ្នាំ ១៩៩១ ដោយគ្មានការបង្ហូរឈាម។

ជាមួយគ្នានេះ សមិទ្ធិផលដ៏សំខាន់ដែលប្រសូតចេញពីការដឹកនាំរបស់លោក George Bush គឺនៅក្នុងខែសីហា ឆ្នាំ ១៩៩០ លោកបានដឹកនាំក្រុមសម្ព័ន្ធអន្តរជាតិចម្រុះចំនួន៣២ប្រទេស ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសអ៊ីរ៉ាក់ នៃរបបលោកសាដាមហ៊ូសេន ទៅលើប្រទេសគូវ៉ែត។ ហើយដែលកាលណោះ ក្រោមការដឹកនាំរបស់លោក ក្រុមសម្ព័ន្ធអន្តរជាតិចម្រុះដឹកមុខដោយសហរដ្ឋអាមេរិក បានជួយរំដោះប្រទេសគូវ៉ែតនៅខែកុម្ភៈ ឆ្នាំ ១៩៩១។

គួរជ្រាបទៀតថា ទោះបីជាលែងកាន់តំណែងជាប្រធានាធិបតីយ៉ាងណាក្តី ក៏លោកGeorge Bush នៅតែបន្តបេសកកម្មជួយសង្គម និងពិភពលោកជាច្រើន។ ជាក់សែ្តង លោកបានចូលរួមជួយក្នុងសកម្មភាពសប្បុរសធម៌ ជាមួយអតីតប្រធានាធិតីអាមេរិកលោក Bill Clinton ដើម្បីរៃអង្គាសមូលនិធិសម្រាប់ជួយដល់ជនរងគ្រោះ ដោយសារ រលកយក្សស៊ូណាមិនៅអាស៊ីក្នុងឆ្នាំ ២០០៤ និងគ្រោះរញ្ជួយដីនៅហៃទីនាឆ្នាំ២០១០។

ដោយសារតែ ទឹកចិត្តសប្បុរសរបស់លោកGeorge Bush មានច្រើនដូច្នោះហើយ ទើបនៅឆ្នាំ ២០១១ លោកអូបាម៉ាដែលកាលនោះនៅកាន់តួនាទីជាប្រធានាធិបតីអាមេរិក បានប្រគល់ពាន់រង្វាន់មេដាយនៃសេរីភាពរបស់ប្រធានាធិបតី ដល់លោក Bush។

ប្រតិកកម្មជុំវិញមរណភាពរបស់លោកBush

អតីត​ប្រធានាធិបតី​អាមេរិក​លោក George Herbert Walker Bush បាន​ទទួល​មរណភាព​នៅក្នុង​វ័យ​៩៤ ឆ្នាំ កាលពី​យប់ថ្ងៃសុក្រ​ ទី៣០​ ខែវិច្ឆិកា​ ឆ្នាំ២០១៨​។ ដំណឹង​នៃ​មរណភាព​របស់​លោក​ George​ Bush​ ដែល​ជាបុគ្គល​ធ្លាប់​កសាង​ស្នាដៃ​ជាច្រើន​ សម្រាប់ប្រទេស​​អាមេរិក​រូប​នេះ​ បាន​ធ្វើឲ្យ​ប្រជាជន​ ជា​ពិសេស​អ្នកនយោបាយ​អាមេរិក​ និង ​មេដឹកនាំ​នៃ​បណ្តាប្រទេស​ដ៏ទៃទៀត​ក្នុងពិភពលោក​ មានការ​សោកស្តាយ​ជាខ្លាំង​។

ជាក់ស្តែង ថ្លែងចេញពីប្រទេសអាហ្សង់ទីន ជាទីដែលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កំពុងចូលរួមក្នុងកិច្ចប្រជុំកំពូល G20 ក្នុងឆ្នាំ២០១៨ លោកអតិតប្រធានាធិបតី ដូណាល់ត្រាំ បានលើកសរសើរអំពី ភាពជាមេដឹកនាំល្អប្រកបដោយការវិនិច្ឆ័យខ្ពស់របស់លោក Bush ដែលជាគំរូល្អសម្រាប់សង្គមអាមេរិក។

ជាមួយគ្នានេះដែរ អតីតប្រធានាធិបតីអាមេរិកលោកអូបាម៉ា និងភរិយាលោកស្រី មីឆែល អូបាម៉ា ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែរថា អាមេរិកបានបាត់បង់ អ្នកស្នេហាជាតិ និង អ្នកបំរើជាតិដ៏ស្មោះស័្មគ្រម្នាក់ ដូចជាលោក George Bush ។ លោកអូបាម៉ា និងភរិយា សង្កត់ធ្ងន់ថា ពួកគាត់ពិតជាស្លុតចិត្ត នៅពេលបានឮដំណឹងនៃមរណភាពរបស់លោក George Bush ហើយថានឹងចងចាំក្នុងចិត្តជានិច្ចចំពោះ ការពលីទាំងឡាយដែលលោក Bush បានធ្វើសម្រាប់ប្រជាជាតិអាមេរិក នាពេលកន្លងមក។

ដូចគ្នានេះដែរ អតីតមេដឹកនាំសូវៀតលោកមីខាលហ្គោបាឆូវ បាននិយាយថារូបលោក មានឱកាសធ្វើការជាមួយលោក Bush ក្នុងកំឡុងពេលនៃការផ្លាស់ប្តូរដ៏ធំមួយក្នុងពិភពលោក ហើយនោះគឺជា លទ្ធផលនៃការបញ្ចប់សង្គ្រាមត្រជាក់ និងការប្រណាំងប្រជែងសព្វាវុធ។ អតីតមេដឹកនាំសូវៀតរូបនេះបន្តថា លោក Bush គឺជាដៃគូកាងារដ៏ល្អមួយរូប។

ក្នុងកាលៈទេសៈនោះដែរ អតិតប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង បានលើកឡើងថាលោកBush គឺជាមេដឹកនាំពិភពលោកម្នាក់ ដែលបានគាំទ្រយ៉ាងខ្លាំងចំពោះសម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក ជាមួយបណ្តាប្រទេសនៃសហគមន៍អឺរ៉ុប។ លោកម៉ាក្រុង ក៏បានចូលរួមសោកស្តាយផងដែរចំពោះការបាត់បង់ លោក Bush ដែលជាអតីតប្រធានាធិបតីដ៏ល្អមួយរូបរបស់ប្រទេសអាមេរិក។

Related posts
ប្រវត្តិបុគ្គលល្បីៗ

មកដឹងពីប្រវត្តិបុរស់ខ្លាំងរុស្សី លោក វ្លាឌីមៀរ ពូទីន​

ប្រវត្តិបុគ្គលល្បីៗ

ប្រវត្តិក្រុមហ៊ុនរថយន្តតូយូតាដ៏ល្បីល្បាញ ក្រោមការដឹកនាំ លោក អីជី តូយូដា(Eiji Toyoda)

ប្រវត្តិបុគ្គលល្បីៗ

ពីក្មេងដែលយាយីដោយជំងឺតស៊ូរហូតក្លាយជាប្រធានាធិបតីអាមេរិកទី២៨

ប្រវត្តិបុគ្គលល្បីៗ

តើអ្នកណាដែលជាអ្នកបង្កើតមុខងារ Copy Paste និង ​Cut ងាយស្រួលប្រើដល់សព្វថ្ងៃ?

Leave a Reply

Your email address will not be published.