
តាលីបង់ គឺជាក្រុមឧទ្ទាមអ៊ីស្លាមជ្រុលនិយម ដែលបច្ចុប្បន្នមានមូលដ្ឋានធំ នៅក្នុងតំបន់ភ្នំជាប់សងខាងព្រំដែនប្រទេសអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាន ហើយធ្វើសកម្មភាពវាយប្រហារបែបភេរវកម្ម បង្កបញ្ហាអសន្តិសុខ ទាំងនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន និងក្នុងប្រទេសប៉ាគីស្ថាន។
ក្រុមតាលីបង់មានដើមកំណើតដំបូងចេញពីក្រុមមូចាហ៊ីឌីន (Mujahideen) ដែលជាក្រុមឧទ្ទាមគាំទ្រដោយសហរដ្ឋអាមេរិក និង សម្ព័ន្ធមិត្ត ជាពិសេស ប៉ាគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត ក្នុងការប្រយុទ្ធតទល់នឹងកងកម្លាំងរបស់សូវៀត ដែលមានវត្តមានក្នុងប្រទេសអាហ្វហ្កានីស្ថាន នៅក្នុងចន្លោះ ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៩ ពោលគឺ ក្នុងអំឡុងសង្រ្គាមត្រជាក់។
នៅដើមទសវត្សរ៍ឆ្នាំ៩០ នៅក្រោយពេលដែលសូវៀតដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន ក្រុមឧទ្ទាមមូចាហ៊ីឌីនក៏ត្រូវបែកខ្ញែកជាក្រុមផ្សេងៗគ្នា ហើយក្រុមតាលីបង់ក៏លេចមុខឡើង ចេញពីក្រុមមូចាហ៊ីឌីន ដែលទទួលបានការហ្វឹកហ្វឺនពីសំណាក់ប៉ាគីស្ថាន ហើយមានមូលដ្ឋានធំ នៅតំបន់ប៉ែកខាងជើងប្រទេសប៉ាគីស្ថាន។
នៅពេលនោះ បើទោះបីជាសូវៀតដកកងទ័ពចេញពីអាហ្វហ្កានីស្ថានទៅហើយក៏ដោយ ក៏ប៉ុន្តែ ប៉ាគីស្ថាននៅតែបន្តជួយក្រុមតាលីបង់ដោយសម្ងាត់ ដោយផ្តល់គ្រឿងសព្វាវុធ និងការហ្វឹកហ្វឺន តាមរយៈទីភ្នាក់ងារចារកិច្ចប៉ាគីស្ថាន (ISI)។ គោលដៅរបស់ប៉ាគីស្ថាន គឺចង់យកពួកតាលីបង់ធ្វើជាកូនជឹង ដើម្បីគ្រប់គ្រងអាហ្វហ្កានីស្ថានបន្តពីសហភាពសូវៀត។
នៅឆ្នាំ១៩៩៤ ដោយទទួលបានការហ្វឹកហ្វឺនពីសំណាក់ទីភ្នាក់ងារចារកិច្ចប៉ាគីស្ថាន និង ជំនួយផ្នែកហិរញ្ញវត្ថុពីសំណាក់អារ៉ាប៊ីសាអ៊ូឌីត ព្រមទាំងឆ្លៀតក្នុងឱកាសដែលអាហ្វហ្កានីស្ថានកំពុងស្ថិតក្នុងភាពអនាធិបតេយ្យ ដោយរដ្ឋាភិបាលក្រុងកាប៊ុលក៏មិនអាចគ្រប់គ្រងប្រទេសបានពេញដៃពេញជើង ចំណែកឯអតីតក្រុមឧទ្ទាមមូចាហ៊ីឌីនក៏កំពុងតែប្រកាប់ប្រចាក់គ្នាឯង ក្រុមតាលីបង់ក៏បានក្លាយទៅជាកម្លាំងឧទ្ទាមដ៏ធំមួយ ដែលបានច្បាំងពង្រីកទឹកដីកាន់តែធំ ពីមួយថ្ងៃទៅមួយថ្ងៃ រហូតឈានទៅវាយដណ្តើមកាន់កាប់រដ្ឋធានីកាប៊ុល នៅឆ្នាំ១៩៩៦។
ក៏ប៉ុន្តែ រដ្ឋាភិបាលតាលីបង់មិនត្រូវសហគមន៍អន្តរជាតិទទួលស្គាល់នោះទេ ហើយប៉ាគីស្ថាន គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសតែ ៣គត់ ដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ថាជារដ្ឋាភិបាលស្របច្បាប់ នៅអាហ្វហ្កានីស្ថាន។ ប្រទេសពីរទៀត ដែលទទួលស្គាល់រដ្ឋាភិបាលតាលីបង់ គឺអារ៉ាប៊ីសាអ៊ូឌីត និង អារ៉ាប់រួម។
ក៏ប៉ុន្តែ បើទោះបីជាមានការទទួលស្គាល់ដោយប្រទេសតែ៣ក៏ដោយ ពួកតាលីបង់នៅតែអាចបន្តកាន់អំណាចបានជាង ១០ឆ្នាំ ដោយបានអនុវត្តច្បាប់អ៊ីស្លាមយ៉ាងតឹងរ៉ឹងបំផុត។ ទង្វើរបស់រដ្ឋាភិបាលតាលីបង់ ដែលនាំឲ្យសហគមន៍អន្តរជាតិថ្កោលទោសខ្លាំងក្លាបំផុតនោះ គឺការវាយកម្ទេចពុទ្ធរូបដ៏ធំៗចំនួនពីរ កាលពីដើមឆ្នាំ២០០១។ ពុទ្ធរូបដែលមានកម្ពស់ពី ៣៨ម៉ែត្រ ទៅ ៥៣ម៉ែត្រ និងមានចំណាស់រាប់ពាន់ឆ្នាំ។
ចំណុចដែលគួរឲ្យកត់សម្គាល់មួយទៀត គឺទំនាក់ទំនងដ៏ជិតស្និទ្ធ រវាងពួកតាលីបង់ និងអូសាម៉ា បិនឡាដិន មេដឹកនាំក្រុមភេរវជនអន្តរជាតិអាល់កៃដា។ នៅក្នុងអំឡុងពេលដែលពួកតាលីបង់កាន់អំណាច ទឹកដីអាហ្វហ្កានីស្ថានត្រូវបានពួកអាល់កៃដាយកមកធ្វើជាទីជម្រក កន្លែងហ្វឹកហាត់ និង រៀបចំផែនការវាយប្រហារនៅបរទេស។
ហេតុដូច្នេះហើយបានជា នៅក្រោយពីមានការវាយប្រហារភេរវកម្ម នៅថ្ងៃទី១១កញ្ញា ឆ្នាំ២០០១ សហរដ្ឋអាមេរិក និងអង្គការអូតង់ក៏បានលើកទ័ពចូលឈ្លានពានអាហ្វហ្កានីស្ថាន ហើយផ្តួលរំលំរដ្ឋាភិបាលតាលីបង់។
ក្រោយពីត្រូវបណ្តេញចេញពីអំណាច ពួកតាលីបង់ក៏បានរត់ទៅសម្ងំលាក់ខ្លួន នៅក្នុងតំបន់ភ្នំ ហើយរៀបចំពង្រឹងកម្លាំងឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងកងទ័ពជាតិ ក៏ដូចជាកម្លាំងអន្តរជាតិ ដែលឈរជើងនៅអាហ្វហ្កានីស្ថាន។
នៅក្នុងពេលបច្ចុប្បន្ននេះ ជាង ១៥ឆ្នាំមកនេះ ក្រោយពីកងទ័ពអាមេរិកចូលឈ្លានពាន និង កាន់កាប់អាហ្វហ្កានីស្ថាន ក្រុមឧទ្ទាមតាលីបង់ នៅតែអាចធ្វើព្យុះ ធ្វើភ្លៀង បង្កបញ្ហាអសន្តិសុខ នៅស្ទើរតែពាសពេញទឹកដីអាហ្វហ្កានីស្ថាន។ សូម្បីតែប៉ាគីស្ថាន ដែលធ្លាប់ជាអ្នកជួយហ្វឹកហ្វឺន និង ជ្រោមជ្រែងកាលពីមុននោះ ក៏ត្រូវពួកតាលីបង់ធ្វើការវាយប្រហារជាញឹកញាប់ដែរ ហើយជាទូទៅ រាល់សកម្មភាពវាយប្រហារនៅក្នុងទឹកដីប៉ាគីស្ថាន តែងតែត្រូវបានក្រុមតាលីបង់អះអាងថា ជាការសងសឹកទៅនឹងរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាត ដែលសហការជាមួយអាមេរិក ក្នុងការវាយប្រហារទៅលើទីតាំងរបស់ពួកគេ។
បច្ចុប្បន្ននេះ នៅពេលដែលអាមេរិកកំពុងត្រៀមដកកងទ័ពចេញពីប្រទេសអាហ្វហ្កានីស្ថាន អ្នកជំនាញជាច្រើនយល់ថា ការចរចាជាមួយនឹងពួកឧទ្ទាមតាលីបង់ គឺជាផ្លូវដែលមិនអាចចៀសរួច ដើម្បីឆ្ពោះទៅស្វែងរកដំណោះស្រាយសន្តិភាពនៅអាហ្វហ្កានីស្ថាន ក៏ដូចជា នៅប៉ាគីស្ថាន។