
គន្លឹះមួយដើម្បីទទួលបានជោគជ័យក្នុងអាជីវកម្មគឺការស្វែងរកបាន និងជួលបុគ្គលិក“ ល្អឬឆ្នើម” មិនមែនមនុស្សដែលយើងចូលចិត្តទេ។ រួមទាំងការវិនិច្ឆ័យសម្គាល់បុគ្គលិកឆ្នើម តាមពិតអាចផ្អែកលើកត្តាសំខាន់ៗទាំង៧ចំណុចខាងក្រោមនេះ៖
១. មានជំនាញដែលសមនឹងការងាររបស់ពួកគេកំពុងធ្វើ
កុំយកមកព្រោះយើងចូលចិត្ត ព្រោះឃើញចរិតល្អឬព្រោះគាំទ្រសម្ដីយើង ។ អាចកំណត់បានថាតើបេក្ខជនមានជំនាញត្រឹមត្រូវតាមរយៈសំណួរបើកចំហនិងឆ្លើយបាននូវរាល់លំហាត់ដោះស្រាយបញ្ហាការនិងបញ្ហាប្រឈមផ្សេងទៀតក្នុងពេលសម្ភាសន៍ទេ? ប្រសិនបើនិយោជិកមិនអាចបំពេញការងារដែលពួកគេត្រូវបានជួលឲ្យធ្វើនោះ នឹងជះឥទ្ធិពលមិនល្អដល់គ្រប់គ្នាផ្សេងទៀត ដែលយើងកំពុងជួលមកធ្វើការដែរ ហើយសំខាន់បំផុតអាជីវកម្មនឹងរងផលប៉ះពាល់អវិជ្ជមាន។
២. សុទិដ្ឋិនិយម និងឥរិយាបថវិជ្ជមាន
និយោជិកមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរយើងអាចរកឃើញពេលសម្ភាសន៍តាមរយៈសម្ដីគេនិងកាយវិការនានា ។ មនុស្សមានគំនិតទុទ្ទិដ្ឋិនិយមអាចដុតក្រុមហ៊ុនយើងចោលបានដើម្បីស្ងោរពងមាន់មួយហូប។ មនុស្សដែលឃើញអ្វីក៏ជាការសម្ដែង និងមិនជឿទុកចិត្តអ្វីទាំងអស់គាត់ត្រូវទទួលការព្យាបាលចិត្តសិន មុនពេលពេលអាចកាន់កាប់តួនាទីណាមួយបាន។
៣. សុចរិតភាពនិងមានក្រមសីលធម៌ការងារ
កុំជួលឲ្យសោះមនុស្សក្បត់កន្លែងចាស់ ដើរនិយាយដើមហុយដី ។ យកមនុស្សមានចិត្តស្មោះត្រង់ដែលមានសីលធម៌និងគំនិតចំហ។ កេរ្តិ៍ឈ្មោះល្អរបស់អាជីវកម្មអាចត្រូវបានបំផ្លាញត្រឹមតែមួយយប់ដោយសារតែបុគ្គលិកមិនស្មោះត្រង់ឬគ្មានសីលធម៌វិជ្ជាជីវៈ ជាពិសេសយន្តការអ៊ីនធឺណិត។ លើសពីនេះនិយោជិកដែលលេងអ៊ីនធឺណិតប្រើអារម្មណ៍ខ្លាំងនឹងបំផ្លាញរូបភាពឬស្លាកយីហោយើងបានព្រោះគំនិតអវិជ្ជមានរបស់គេលើបណ្ដាញសង្គម។
៤. ធ្វើការបានល្អជាមួយអ្នកដទៃ
បុគ្គលិកដែលមិនចុះសម្រុងព្រមទាំងខ្សោយសុជីវធម៌ទៅកាន់មនុស្សគ្រប់គ្នា ពូកែយ៉ាងណាក៏ឥតប្រយោជន៍។ ក្នុងអំឡុងពេលនៃដំណើរការសម្ភាសន៍គេនោះ សូមព្យាយាមកំណត់ថា តើនិយោជិកថ្មីដែលមានសក្ដានុពលម្នាក់ហ្នឹង មានចរិតងាយចុះសម្រុងជាមួយអ្នកដទៃដែរទេ។
៥. លទ្ធផលការងារខ្ពស់
និយោជិកល្អគួរតែជាអ្នកបំពេញការងារផ្ដោតលើលទ្ធផលខ្ពស់ចំពោះមុខការដែលបានត្រូវកំណត់ ពួកគេមិនលំៗ និងមិនរាយការណ៍យករួចខ្លួនទេ។ បុគ្គលិកប្រភេទរាយការណ៍ច្រើនព្រោះគាត់មិនសូវធ្វើការហើយខ្លាចមេដឹកនាំចាប់ថ្នាក់។
៦. ទេពកោសល្យ
បុគ្គលដែលមានសមត្ថភាពធម្មជាតិក្នុងការគិត ដោះស្រាយបញ្ហាក្នុងស្ថានភាពស្មុគស្មាញពេលបំពេញការងារ ពួកគេច្រើនតែជាអ្នកដែលអាចបង្កើតវិធីច្នៃប្រឌិតកែលំអស្ថានភាពការងារបានជាជាងមកបង្កបញ្ហា។ យើងត្រូវពឹងផ្អែកលើនិយោជិកដែលមានទេពកោសល្យដើម្បីជួយជំរុញអាជីវកម្មទៅមុខបើប្រតិបត្តិការ មិនលឿន យើងនឹងបរាជ័យ។
៧. មានគំនិតផ្ដួចផ្ដើម
សម័យនេះទៅហើយ និយោជិកម្នាក់ៗគួរតែខិតខំធ្វើការដោយឯករាជ្យ។ និយោជិកដែលត្រូវការការត្រួតពិនិត្យ ការណែនាំ ស្ដីថា ជាប្រចាំនឹងមករារាំងល្បឿននៃផលិតកម្មនិងប្រសិទ្ធភាព។